យក្ស
យក្ស (អង់គ្លេស: Yakshaហិណ្ឌី: यक्ष ) [១]
តើយក្សមានកំណើតមកពីណា
[កែប្រែ]កាលនៅពីជំនាន់ មុនព្រាហ្មញ្ញ សាសនា ប្រទេសខ្មែរ យើងមាន ជំនឿវិញ្ញាណនិយម(សាសនាស្រុក)(Animism) គឺការមានជំនឿលើ វិញ្ញាណក្ខន្ខ័សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែ វិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹក និងសត្វដែលរស់នៅ អាស្រ័យទឹកជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារលំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែលមិនអាច ជួយខ្លួនឯងបាន ដូចជា អ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃ ព្រលឹងសៅម៉ាន ទាំងឡាយ) ព្រាយ អាប(ដែលជាសេនាទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជា បានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួល ឥទ្ធិពលបន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។
(នៅក្នុងប៉ែកមួយ នៃប្រទេសឥណ្ឌា មានកុលសម្ពន្ធ័ ឬជនជាតិភាគតិច មួយក្រុម មានឈ្មោះថា យក្ស ដែលមានមាឌដំបងធំៗជង្គ្រង ហើយពួកនេះ មិនមានប្រកាន់ ជំនឿលទ្ធិព្រហ្មញ្ញសាសនាទេ ទើបជនជាតិឥណ្ឌាទូទៅ តែងហៅជនណា ដែលមិនជឿលើព្រះព្រហ្ម ថាជាពួកយក្ស។ ក្រោយពីជំនឿនេះ បានវាតទីមកដល់កម្ពុជា យើងក៏នាំគ្នា កត់សំគាល់តាមថា អោយតែយក្ស គឺជាមនុស្ស ប្រឆាំងនឹងព្រះ ឬប្រឆាំងនឹងអំពើល្អ)។
នាសម័យកាលបុរាណនោះទៀតសោត ខ្មែរយើងមានជំនឿថា ពិភពលោក មានតែស្ថានពីរទេ គឺស្ថានមនុស្សសត្វ និងស្ថានបាតាល ( នៅសម័យនោះ គេសំដៅថា ជាស្ថាននរក គឹស្ថាននៅពីក្រោម បាតទឹកទៅទៀត) ដែលជាមណ្ឌល ដាក់ទណ្ឌកម្ម ព្រលឹងមនុស្ស ដែលធ្លាប់បាន ប្រព្រឹត្តអំពើអាក្រក់ កាលខ្លួនគេនៅរស់នៅឡើយ។ ដូច្នេះហើយ ទើបពេលណា មានមនុស្សស្លាប់ អ្នកស្រុកត្រូវ កាប់សត្វជាច្រើន ដើម្បីរំដោះយកព្រលឹងសត្វ មកជួយដង្ហែ ព្រលឹងមនុស្សដែលស្លាប់នោះ អោយបានទៅដល់ ស្ថាននរក អោយបំពេញ កម្មរបស់ខ្លួន គ្រប់ចំនួនហើយ ទើបអាចវិល មកចាប់កំណើត សាជាថ្មី លើភពមនុស្ស ម្តងទៀត។ នៅសម័យនោះ យក្ស ឬបិសាច គឺត្រូវគេចាត់ទុកថា ជាប្រភេទ វិញ្ញាណអប្រិយ តំណាងអោយអ្នកមានចិត្តអាក្រក់ ចូលចិត្តប្រទុស្តយាយី មនុស្សសត្វ មិនអោយរស់នៅ សុខសប្បាយឡើយ។ គេច្រើននិយមហៅ មនុស្សទាំងឡាយ ដែលមានចិត្តព្រៃផ្សៃ ថាជាយក្ស ព្រោះពេលណាមនុស្ស បញ្ចេញហឹង្សា និងភាពព្រៃផ្សៃរបស់ខ្លួនម្តងៗ មនុស្សនោះ ច្រើនសម្តែង ទឹកមុខ និងអាកប្បកិរិយា យង់ឃ្នង គួរអោយ ព្រឺខ្លាចក្រៃលែង មិនដូចមនុស្សល្អ ជានាធម្មតាឡើយ។
នៅពេលអ្នកស្រុក មិនអាចផ្ចាញ់ផ្ចាល វិញ្ញាណចិត្តអាក្រក់ (យក្ស បិសាច ព្រាយ អាប ធ្មប់) បានដោយកម្លាំងមនុស្ស ពួកគេក៏នាំគ្នានិយម សូនរូប ធ្វើអំពីដីអិដ្ឋ លាបពណ៌ ផាត់មុខក្រវេមក្រវ៉ាម ហើយសន្មតថា ជារូបយក្ស ឬរូបបិសាច អាប់ធ្មប់ទាំងឡាយ ហើយប្រារព្វ ធ្វើពិធីឧបកិច្ច យកកាំបិត ចាក់ក ចាក់ខ្លួន ដោតលំពែង លើរូបសូន ទាំងនោះ ដើម្បី សម្លាប់ព្រលឹង របស់ យក្ស ឬបិសាច (មនុស្សអាក្រក់) ទាំងឡាយនោះឯង។ ជួនកាលទៀត ដើម្បីសម្លុតកម្លាច ពញ្ញាក់ កំញើញ មនុស្សអាក្រក់ កុំអោយធ្វើអំពើអាក្រក់ តទៅទៀត អ្នកស្រុក តែងយករូបសូន ដែលមានមុខផាត់ពណ៌ ក្រវេមក្រវាម សន្មតថា ជាយក្ស ជាព្រាយបិសាច ត្រូវកាំបិត ឬដាវលំពែង ចាក់ក ចាក់ទ្រូង នោះ មកដាក់តាំងមុខផ្ទះ មុខទីស្ថានផ្សេង ជាគម្រូសញ្ញាបង្ហាញ ដល់អ្នកស្រុក ទាំងឡាយថា បើនរណាប្រព្រឹត្តអាក្រក់ នឹងទទួលទោសអាក្រក់ បែបហ្នឹង។ ក្រោយៗមក ជំនឿតាំងរូប យក្សធ្លាយពោះ យក្សត្រូវកំាបិតចាក់ក ក៏នៅមានបន្សល់ រហូតមកដល់ សព្វថ្ងៃនេះដែរ នៅភាគខ្លះ នៃប្រទេសខ្មែរ។ ឯជំនឿអារក្សអ្នកតានេះ ក៏នៅបន្ត ការផ្សព្វផ្សាយ ឥទ្ធិពល ពាសពេញ ទឹកដីហ្វូណន ចេនឡា រហូតមកដល់ បច្ចុប្បន្ននេះដែរ ដោយមានរួមទាំង ប្រទេសខ្មែរ លាវ ថៃ និង វៀតណាមខាងត្បូងផង។
លុះព្រាហ្មញ្ញសាសនា ចូលមកវាតឥទិ្ធពលនៅកម្ពុជា តាមរយៈព្រះបាទហ៊ុនទៀន ព្រះនាងសោមា រឿងរាមកេរ្តិ៍ បានបង្កឥទ្ធិពលថ្មី ដល់ប្រជាពលរដ្ឋចេនឡា ដោយមានតួក្រុងរាពណ៍ ជាតួអាក្រក់ ចិត្តអាក្រក់ ដណ្តើមយក ភរិយារបស់គេ មកជារបស់ខ្លួន ហើយបានធ្វើសឹកសង្គ្រាម ជាមួយ រាមនិងលក្សណ៍ រហូតស្លាប់ពល អស់ទាំងនគរ។ ក្បាច់ចម្លាក់ យក្សរាពណ៍ របស់ ប្រទេសឥណ្ឌា បានហូរចូលមកកម្ពុជា ហើយត្រូវបាន អ្នកស្រុកចេនឡា ត្រងយក ក្បាច់យក្សឥណ្ឌាខ្លះ ផ្សំលាយនឹង ក្បាច់យក្សសូន ជំនាន់ជំនឿអ្នកតា រួមបញ្ចូលគ្នា កើតបានជារូបយក្ស មួយទៀត ដែលមានលក្ខណៈ ជាខ្មែរខ្លះ ឥណ្ឌាខ្លះ។
នៅក្នុងព្រាហ្មញ្ញសាសនា ខ្មែរយើងមានជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត (ដោយមានយក រូបលឹង្គឥសូរ ឆ្លាក់បញ្ឈរ ពីលើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ រវាងបុរសនិងស្រ្តី) ហើយមានជំនឿទៅលើ ព្រះបួនអង្គទៀត គឺ ដីទឹកភ្លើងខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា) ជាគោល។ នៅក្នុងជំនឿនេះ យក្ស ជាតួតំណាង មនុស្សអាក្រក់ ទេវតាជាតំណាងមនុស្សល្អ មាននាគ គ្រុឌ កិន្នរ ហង្ស ដំរី ជាសេនាជំនួយ ក្នុងការប្រយុទ្ធ ទប់ទល់ នឹងការយាយី ប្រទុស្តបំផ្លាញ របស់ពពួកយក្ស មកលើពពួកទេវតា ជាដើម។ ដូច្នេះហើយ ទើបយើងឃើញមាន ចម្លាក់យក្ស ប្រយុទ្ធនឹងពពួកទេវតា នៅស្ទើរគ្រប់ប្រាសាទខ្មែរ លើទឹកដីចេនឡា។
នៅសម័យព្រះពុទ្ធសាសនា ខ្មែររិតតែមានជំនឿ លើអំពើបុណ្យ អំពើបាប រិតតែច្រើន ហើយបានត្រងយក ឥទ្ធិពល ជំនឿអារក្សអ្នកតា និងព្រាហ្មញ្ញសាសនា មកលាយឡំបញ្ចូលគ្នា ជាមួយនឹង ពុទ្ធសាសនា ដូចដែលយើងបានឃើញ សព្វថ្ងៃនេះ ដូចជា យករូបសូន ជាយក្ស តំណាងមនុស្សចិត្តអាក្រក់ មានមុខអាក្រក់ តែមានសម្លៀករចនាស្អាត ដូចស្តេច ដាក់អោយឈរយាមទ្វារ គ្រប់ក្លោងទ្វារទាំងឡាយ ក្នុងគោលបំណង ពីរយ៉ាង។ ទីមួយ ជាតំណាងសំណល់ ជំនឿអារក្សអ្នកតា អំពី ការតាំងរូបយក្សសូន ត្រូវគេចាក់ក ដើម្បីគម្រាម សម្លុត កម្លាច កំញើញមនុស្សអាក្រក់។ ប៉ុន្តែ ដោយរូបនោះ មានសភាពយង់ឃ្នង សាហាវ អាក្រក់មើលពេក ជាពិសេស នៅមុខវត្តអារាម ដែលជាទីប្រជុំធម្មធរ គេក៏កើតមាន គោលបំណងទីពីរ ដោយធ្វើប្រារព្ធ ពិធីប្រោសយក្ស អោយក្លាយ ជាយក្សមានចិត្តធម៌ ដើម្បីជួយថែរក្សាវត្តអារាម ហើយ កែឆ្នៃរូបយក្ស ជំនាន់អារក្សអ្នកតា អោយមកជាយក្ស ដែលមានក្បាច់សម្លៀក ជាក្រុងរាពណ៍ តែមានឋានៈត្រឹមតែអ្នកយាមទ្វារ ខាងក្រៅរបងវត្ត។ រូបយក្សនោះ តែងឈរកាន់ដំបងធំមួយ ដើម្បីការពារ ឬ ដឹកនាំ យក្សបិសាចទាំងឡាយ អោយលុះដោយធម៌ មិនអោយចូលមកយាយី អ្នកស្រុក ដែលនាំគ្នាចូលមកវត្ត ដើម្បីទទួលធម៌ ឬមកធ្វើបុណ្យ គឹការប្រព្រឹត្តល្អ ចំពោះមនុស្សដូចគ្នា។ ដំបងគឺជាតំណាងអាវុធ សម្រាប់ យក្សឆ្មាំក្លោងទ្វារ ដេញវាយយក្សដទៃទៀត ដែលមិនស្តាប់បង្គាប់ ឬយក្សដែលចូលមក រំខានអ្នកស្រុក កំពុងធ្វើបុណ្យក្នុងវត្ត។
ម៉្យាងទៀត ជំនឿព្រះពុទ្ធសាសនា បាននាំអោយពលរដ្ឋខ្មែរដឹកនាំខ្លួន ជាមនុស្សប្រកបដោយ ចិត្តមេត្តាសណ្តោស ចំពោះគ្រប់គ្នា ដែលមានកំហុស ដើម្បីអោយមានឧិកាសកែប្រែខ្លួន អោយល្អមកវិញ។ រីឯការកែប្រែ មនុស្សអាក្រក់ខ្លះ កើតឡើងដោយ ការរៀបការយក្ស ជាមួយនឹងស្រ្តីល្អ ឬអោយយក្ស សេពគប់ រៀនសូត្រពីមនុស្សល្អ ហើយទទួលឥទ្ធិពល នៃអំពើល្អនោះមក។ នៅក្នុងរឿងព្រេងខ្មែរខ្លះ បញ្ជាក់អំពីរឿងនេះ ដូចជាការអោយមាន យក្ស(មនុស្សអាក្រក់) រៀបការនឹងមនុស្ស (មនុស្សល្អ) ប្រសិនបើយក្សមានប្រពន្ធ ច្រើនប្រពន្ធល្អ ជួយអោយយក្សកែប្រែខ្លួន មកជាល្អវិញ ហើយកូនយក្ស កើតមក ក៏បានជាកូនល្អ (កូនមនុស្ស) ផងដែរ។
បន្ថែមពីលើនេះ ព្រះពុទ្ធសាសនា បានអប់រំប្រដៅ មនុស្ស ទទួលការប្រៀនខ្លួន ប្រកបដោយធម៌ ហើយដើរចាក អំពីឥទ្ធិពល នៃទោសៈ មោហៈ និងការគុំគួនឬស្យា នៅក្នុងចិត្ត ព្រោះថា នរជនណា ដែលបណ្តោយ អោយទោសៈមោហៈ និងកំហឹងគុំគួនឬស្យា ដណ្តប់ក្នុងចិត្តបានហើយ គេទាំងឡាយនោះ ច្រើនមានជីវិត ប្រកបដោយសភាវៈយង់ឃ្នង មិនខុសពីយក្សនោះឡើយ។
ដូច្នេះបើសិនជាយើងរៀនចំណាំ អោយជាក់លាក់ យើងនឹងឃើញ ច្បាស់ប្រាកដមែនថា ពេលមនុស្ស មានចិត្តអាក្រក់ គិតអាក្រក់ មានគំនុំ កំហឹង ទោសៈមោហៈ ច្រើនមានសំដី និង អាកប្បកិរិយា កាចឃោរឃៅ មានទឹកមុខប្រែពណ៌ ក្រហមងាំង ឬខៀវស្វាយ ទៅតាម ដំណើរឈាមរត់ តាមអារម្មណ៍ដែលមាន នៅក្នុងខ្លួន។ រីឯសំដីនិយាយទៀតសោត ក៏មិនប្រពៃ ហើយឭខ្លាំងៗ ខ្ទរខ្ទារ ទន្រ្ទាំជើង គោះដៃ វាយតុ កៅអីក្តុងក្តាំង ផ្អើលអស់មនុស្សទាំងភូមិ គឺមិនធម្មតាឡើយ។ ដូច្នេះហើយ បានគេចំណាំហៅ មនុស្សដែលពុំអាច បង្ក្រាប កំហឹងទោសៈមោហៈ នៅក្នុងខ្លួនបាន ថាជាមនុស្ស ចិត្តយក្ស កិរិយាយក្ស កាចដូចយក្ស ជាដើម។
នៅក្នុងបទឆាយាំ ដែលយើងចំណាំស្រែកថា យក្សអ៎! គឹ កាលដើមឡើយ ការស្រែក យក្សអ៎ បន្ទរ ដោយសម្លេងស្គរ វាយរន្ថើនគ្នា ជាការទូង ស្រែកហៅប្រមូលគ្នា មកធ្វើពិធីប្រារព្ធពិធីឧបកិច្ច សម្លាប់ព្រលឹងយក្ស ដែលមាននៅក្នុងមនុស្ស ដែលមានសន្តានចិត្តអាក្រក់ និងការប្រព្រឹត្តអាក្រក់ ចំពោះមនុស្សដូចគ្នា។ ហើយប្រពៃណី នៃការស្រែកហៅគ្នានេះ នៅមានសល់បន្ត រហូតមកដល់ សព្វថ្ងៃនេះដែរ តែគេច្រើន យកការស្រែកហៅនេះ អមជាមួយ ស្គរឆាយាំ ទូងប្រកូក ដើម្បីហៅមនុស្ស មកចូលរួមពិធីបុណ្យ សប្បាយៗ អ្វីមួយ ប្រចាំភូមិ ជាជំនួសពិធីឧបកិច្ច សម្លាប់ព្រលឹងយក្សនោះ ជាជំនួសវិញ។
កំណត់
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: យក្ស |
- ↑ Antara istilah-istilah sama makna dalam bahasa-bahasa lain: ភាសាបាលី: यक्ख yakkha, (Untuk yakkha sebagai "rare use in Pali" rujuk Franklin Edgerton, Buddhist Hybrid Sanskrit Grammar and Dictionary, vol. 2., Motilal Banarsidass, First Edition, 1953, p. 442.) ទមិឡ: யக்கர், ទំព័រគំរូ:Lang-kn, ថៃ: ยักษ์ yak, Vietnamese: dạ xoa, ចិន: 夜叉 yèchā atau 藥叉 yàochā, កូរ៉េ: 야차/夜叉 yacha, ជប៉ុន: 夜叉 yasha, ភូមា: ဘီလူး [bìlú], Standard Tibetan: གནོད་སྦྱིན་ gnod sbyin
មើលផងដែរ
[កែប្រែ]- សាសនាអ្នកស្រុកចិន
- អ៉ីហ្វួងទី
- បព្វជិតសាសនាតៅ
- លោកយាយម៉ៅ
- ប្រភពអ្នកតាក្នុងសង្គមខ្មែរ
- សាសនាខ្មោច
- ព្រះម៉ែនាងបក់
- ព្រះម៉ែជំនាងទូក
- ព្រះមេស្រូវ
- ព្រះភូមិទេវតា
- រានទេវតា
- ព្រះមហាជ័យពៃរស្រព
- រុក្ខទេវតា
- យ័ន្ត
- ឃុនឆាង ឃុនផែន នាងភឹម
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- តួអង្គនៅក្នុងរឿងឃុនឆាង ឃុនផែន
- ព្រះរាជពិធីត្រីយម្ពវាយ ត្រីបវាយ
- ព្រះម៉ែស៊ីវ៉ាងម៉ូ
- ព្រះសិវៈនាដរាជ
- បូជនីយដ្ឋានដែនកោះលង្កា
- កួន អ៊ី
- អរុណមិកុល ស្រីមហាមារីអ័ម័ន កូយិល(ទីក្រុងព្រៃនគរ)
- មីនាឈី សុនទរេសូរ មនឌៀរ
- សក្តិនិកាយ
- ព្រះក័តតាវះរាយ័ន
- ព្រះម៉ែប៉្ររិយាចី
- ភារតៈនាដយ័ម
- វត្តព្រះស្រីមហាអុម៉ាទេវី
- ទេវស្ថាន
- យមុណូត្រី
- គ័ងគូត្រី
- ព្រះម៉ែពះហុឆរា
- ព្រះម៉ែកូទិយារ៍
- នគរបី (សាមកុក)
- ពិធីហែអ្នកតា
- យ៉ាបយុម
- តាណទាវះ
- សាសនប្រវត្តិ