ប្រភពអ្នកតាក្នុងសង្គមខ្មែរ
អ្នកតាខ្មែរ | ||||
រូបចំលាក់យាយ ម៉ៅ ភ្នំបូកគោ ក្រុងកំពត ខេត្តកំពត ស្រុកកំពង់បាយ. | ||||
សាសនា | សាសនាប្រជាប្រិយខ្មែរ វិញ្ញាណនិយម ព្រះពុទ្ធសាសនាកម្ពុជា ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា |
អ្នកតាខ្មែរ (អង់គ្លេស: Neak ta ) រូបសំណាកអ្នកតាដំបងដែក ដែលត្រូវបានស្ថាបនាឡើង នៅឯតុលាការកូនកាត់សំរាប់កាត់ទោសខ្មែរក្រហម ។ បច្ចុប្បន្នប្រជាជនខ្មែរចំនួនដ៏ច្រើនលើសលប់មានជំនឿលើព្រះពុទ្ធសាសនា ។ ប៉ុន្តែមុននឹងសាសនាព្រះពុទ្ធចូលមកក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរធ្លាប់មានជំនឿលើសាសនាព្រាហ្មណ៍ ហើយនៅសម័យដើមមុននឹងទទួលយកសាសនាព្រាហ្មណ៍ដែលនាំចូលដោយជនជាតិឥណ្ឌានោះ ជនជាតិខ្មែរដើមជាម្ចាស់ស្រុកមានអរិយធម៌និងជំនឿផ្ទាល់ខ្លួនរួចទៅហើយ ដូចជាការជឿលើកម្លាំងធម្មជាតិ, កម្លាំងក្រៅខ្លួនដែលហៅថា “ជំនឿជីវចលនិយម” ។ តាមឯកសារខ្លះសរសេរថា៖ ប្រពៃណីអ្នកកាន់សាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌាតែងចាត់ទុកវត្ថុបីយ៉ាងគឺ ព្រះព្រហ្ម, ព្រះសិវៈ (ឥសូរ), ព្រះវិស្ណុ (នារាយណ៍) ថាជាព្រះអម្ចាស់របស់ពួកគេ ប្រហែលគ្នានឹងអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងចាត់ទុកវត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួកព្រាហ្មណ៍ទុកព្រះព្រហ្មជាព្រះកសាងលោក, ព្រះសិវៈជាព្រះបង្កើតលោក និងបំផ្លាញលោក, ព្រះវិស្ណុជាព្រះរក្សាលោក គឺពុំឃើញមានទុកព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា ខ្លះហៅថា អ្នកតាព្រះនារាយណ៍ និងទុកព្រះកាឡី(នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថាអ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ ។ ដូចនេះយើង ឃើញថាពាក្យ “អ្នកតា” គ្មាននៅក្នុងសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ ។ តាមសៀវភៅ “ព្រះរាជពិធីទ្វារទសមាស” បានបង្ហាញថា ពាក្យ “អ្នកតា” ពុំមានក្នុងសិលាចារិក ឬរឿងបុរាណផ្សេងៗឡើយ ។ គេឃើញមានពាក្យនេះតែក្នុងរឿងរ៉ាវ ដែលតាក់តែងឡើងក្នុងសម័យក្រោយៗ ប៉ុណ្ណោះ ។ ពាក្យ“អ្នកតា”គូគ្នានឹងពាក្យ “អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ “អ្នកដូន” គេពុំសូវយកមកប្រើប្រាស់ឡើយ ។ ទោះបីជាអ្នកតាភេទប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ “អ្នកតា”ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា “អ្នកតាជំទាវម៉ៅ” ។
តើអ្នកតាមានប្រភពមកពីណា? អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នកខ្លាំងពូកែ)ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា” ក្លាយចេញមកពីពាក្យថា “ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ “អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ ។
ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច, អារក្ស, បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។
អ្នកតាមានពីរប្រភេទ
[កែប្រែ]១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ នៅក្រុងភ្នំពេញមានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។
២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ, ស្រុក, ខេត្តដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញទៅក្រុងព្រះសីហនុ) ជាដើម ។ អាស្រ័យដោយមានអ្នកតាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមានរៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ ។ ចំពោះរូបតំណាងអ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេ គឺគេគ្រាន់តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀតមានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។
យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានចុះទៅឃើញនិងសាកសួរផ្ទាល់ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយដែលបាក់បែកស្ទើរបាត់បង់រូបរាងទៅហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា “ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុងប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យដោយមានជំនឿបែបនេះ ទើបអ្នកភូមិតែងប្រារឰធ្វើការសែន ព្រេនអ្នកតាតៗគ្នារហូតមកដល់បច្ចុប្បន្ន ។ ការសែនព្រេននោះមានលក្ខណៈសាមញ្ញជាទីបំផុត គឺជារៀងរាល់ថៃ្ងសៅរ៍ គេតែងនាំគ្នាសែនព្រេនអ្នកតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ដល់អ្នកភូមិទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះដូចជាមាននរណាម្នាក់ឈឺ ឬមានគ្រោះធម្មជាតិផ្សេងៗក្នុងភូមិ គេក៏មានការសែនព្រេនអ្នកតាខុសពីវេលាថៃ្ងសៅរ៍នោះដែរ ។ រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនយ៉ាងណាក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រពុំអាចប្រឆាំងឬធ្វើការបកស្រាយអំពីជំនឿក្រៅខ្លួនរបស់ប្រជាជននៃប្រទេសនីមួយៗឱ្យបានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា “អ្នកតា” ជាដើម ព្រោះថាវិទ្យាសាស្ត្រត្រូវការទិន្នន័យពិតឬបាតុភូតដែលកើតឡើងពិតប្រាកដតាមច្បាប់ធម្មជាតិដើម្បីយកទៅពិសោធន៍ម្តងហើយម្តងទៀតមុននឹងទទួលយកឬបដិសេធចោលទ្រឹស្តីឬសម្មតិកម្មណាមួយ ។ ជំនឿលើអ្នកតា លើព្រលឹងខ្មោច លើព្រះអាទិទេព លើទេវតា រឿងចាប់ជាតិជាថ្មី មិនមែនជាបាតុភូតកើតឡើងតាមច្បាប់ធម្មជាតិទេ ហេតុនេះហើយវាក៏គ្មានទិន្នន័យសំរាប់អ្នកវិទ្យាសាស្ត្រត្រូវចំណាយពេលសិក្សាស្រាវជ្រាវដែរ ព្រោះពួកគេមិនអាចសិក្សាលើវត្ថុដែលគ្មានការពិតក្នុងធម្មជាតិ ។
ជាការសន្និដ្ឋាន អ្នកវិទ្យាសាស្ត្របានទាត់ចោលជំនឿសាសនាឬអរូបិយជំនឿទាំងអស់នៅលើពិភពលោក ដោយប្រើពាក្យថា វាជារឿងគ្មានប្រយោជន៍អ្វីដល់សង្គមមនុស្សទេ ។ ទោះជាយ៉ាងនោះក្តី ជំនឿលើអ្នកតានៅតែស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែនអ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតាដោយឧទានអំពាវនាវថា “អ្នកតា អ្នកដូនអើយ! ជួយខ្ញុំផង” បើទោះពួកគេដឹងក្នុងចិត្តថាការធ្វើដូច្នេះវាគ្មានបានផលអ្វីបន្តិចបន្តួចក៏ដោយ ប្រៀបដូចជាពួកគ្រិស្តបរិស័ទដែលខំបន់ស្រន់បួងសួង ឬអធិដ្ឋានទៅដល់ព្រះអាទិទេពឬព្រះជាម្ចាស់របស់ពួកគេដូច្នោះដែរ ។ កិច្ចពិធី ឬការនិយាយជាមួយអ្នកតា ឬព្រះអាទិទេពគឺគ្រាន់តែជាកិច្ចធ្វើឲ្យរួចពីដៃដើម្បីអស់ចិត្តប៉ុណ្ណោះ ព្រោះរាប់ពាន់ឆ្នាំបានកន្លងផុតទៅ គ្មានមនុស្សណាម្នាក់អាចអះអាងបញ្ជាក់បានថាមានអ្នកតាឬព្រះអាទិទេពអ្វីជួយពួកគេឲ្យសម្រេចបំណងពិតប្រាកដណាមួយក្រៅពីការបន្លែបន្លប់ខួរក្បាលខ្លួនឲ្យមានសេចក្តីជឿជាក់គ្រាន់បើជាមុនបន្តិចនោះ ។
កំណត់
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ប្រភពអ្នកតាក្នុងសង្គមខ្មែរ |
មើលផងដែរ
[កែប្រែ]- ចូលឆ្នាំខ្មែរ ឬ សង្ក្រាន្តខ្មែរ
- រឿងរាមកេរ្តិ៍
- របាំព្រះរាជទ្រព្យ
- ព្រះនាងហ្គ៉ាយ៉ាទ្រី
- នាគខ្មែរ និង នាគសាសនា
- ក្រុងរាពណ៍
- នាងមណ្ឌោលគីរី
- នាងអគ្គីនាគ
- នាគក្បាលប្រាំបួន
- វត្តព្រះកែវមរកត
- ព្រហ្មញ្ញ សាសនា
- ហិណ្ឌូសាសនា
- នាគ
- ប្រាសាទខ្មែរនៅលើទឹកដីថៃ
- ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
- រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- ព្រះម៉ែនាគចិន
- ព្រះម៉ែនាគឥណ្ឌា
- រាយព្រះនាមទេវតាចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
- រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
- រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
- ភុជង្គនាគ
- ព្រះថោង
- សាសនាស្រុក
- ព្រះបាទវិរូបក្ខ