រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា Gouvernement royal d'union nationale du Kampuchéa
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៧០–១៩៧៦ | |||||||||
ធានី | មូលដ្ឋាននៅទីក្រុងប៉េកាំង De jure ភ្នំពេញ | ||||||||
ភាសាទូទៅ | ភាសាខ្មែរ | ||||||||
ប្រមុខរដ្ឋ | |||||||||
▪ ១៩៧០–១៩៧៦ | នរោត្តម សីហនុ | ||||||||
នាយករដ្ឋមន្រ្តី | |||||||||
▪ ១៩៧០–១៩៧៦ | ប៉ែន នុត | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ សង្គ្រាមវៀតណាម | ||||||||
|
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, សរសេរកាត់ថា ររជក (ភាសាបារាំង៖ Gouvernement royal d'union nationale du Kampuchéa, GRUNK) គឺជារដ្ឋាភិបាលនិរទេសកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ រដ្ឋាភិបាលនេះមានអត្ថិភាពពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីគឺនៅក្នុងឆ្នាំ១៩៧៥។
ររជក បានបង្កើតឡើងដោយការចងសម្ព័ន្ធភាពរវាងអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តម សីហនុ និងពួកខ្មែរក្រហម។ រដ្ឋាភិបាលនេះត្រូវបានគាំទ្រដោយចិនហើយវាក៏បង្កើតឡើងបន្ទាប់ពីពួកស្តាំនិយមបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។
និម្មិតកម្ម
[កែប្រែ]នៅខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់សីហនុត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារដែលដឹកនាំដោយសមាជិកស្ដាំនៃរដ្ឋាភិបាលរបស់ព្រះអង្គផ្ទាល់គឺលោកនាយករដ្ឋមន្ត្រីលន់ នល់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ និងលោកអ៊ិន តាំ។ សីហនុដែលកាលនុះកំពុងតែនៅក្រៅប្រទេស ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងើបបះបោរឡើងប្រឆាំងនឹងរដ្ឋប្រហារតាមរយៈវិទ្យុក្រុងប៉េកាំងនៅថ្ងៃទី២៣ ខែមីនា ហើយបានប្រកាសបង្កើតរដ្ឋាភិបាលសហភាពជាតិមួយ។
ព្រះអង្គបានបញ្ជាក់ថាទ្រង់បានសម្រេចចិត្តបង្កើតរដ្ឋាភិបាលសហភាពជាតិភ្លាមៗខណៈពេលកំពុងធ្វើដំណើរតាមយន្តហោះពីទីក្រុងមូស្គូមកប៉េកាំង ហើយព្រះអង្គបានធូរព្រះទ័យបន្តិចនៅពេលទទួលបានសារមួយដែលចុះកាលបរិច្ឆេទបីថ្ងៃបន្ទាប់ពីការផ្សាយតាមវិទ្យុរបស់ទ្រង់។ សារនោះគឺបានផ្ញើដោយបញ្ញវន្តដ៏ឆ្នើមរបស់ព្រះអង្គ អ្នកទាំងនោះគឺលោកហ៊ូ យន់ ហ៊ូ នឹម និងខៀវ សំផន អ្នកទាំងបីបានដើរតួយ៉ាងសំខាន់នៅក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុនៅអំឡុងទស្សវត្តឆ្នាំ១៩៦០ ហើយសារនោះបានសរសេរថាពួកគេគឺកំពុងដឹកនាំក្រុមខ្មែរក្រហម។[១]
តាមពិត ពេលព្រះអង្គម្ចាស់សីហនុបានយាងមកដល់ក្រុងប៉េកាំង ទ្រង់គឺមិនដឹងថាតើគួរតែធ្វើអ្វីបន្ទាប់នោះទេ។ នៅថ្ងៃទី២១ ខែមីនា សីហនុក៏បានចូលរួមការប្រជុំជាសម្ងាត់មួយរវាងនាយករដ្ឋមន្រ្តីវៀតណាមខាងជើងលោកប៉ាម វ៉ាន់ដុង និងនាយករដ្ឋមន្រ្តីចិនលោកជូ អេងឡាយ–ដែលអ្នកទាំងពីរគឺជាអ្នកគាំទ្រសីហនុជាយូរណាស់មកហើយ– ជាលទ្ធផល សីហនុក៏សម្រេចចិត្តចងសម្ព័ន្ធភាពជាមួយក្រុមកុម្មុយនិស្តខ្មែរដែលទ្រង់ធ្លាប់ជ្លោះជាមួយអស់រយៈពេលជាងមួយទស្សវត្តមកហើយ។ គេគិតថា មូលហេតុដែលធ្វើឱ្យសីហនុសម្រេចចិត្តបែបនេះគឺព្រោះតែ ការចង់សងសឹកនឹងលន់-នល់ មោទនភាព និងការសង្ស័យថាអាមេរិកបានចាក់ទ្រង់នៅពីក្រោយ–ពោលគឺជួយគាំទ្ររដ្ឋប្រហាររបស់លន់ នល់។[២] ក្រោយមកទៀត ព្រះអង្គបានមានព្រះបន្ទូលថា "ខ្ញុំគឺមិនចង់ជ្រើសរើសរវាងអាមេរិក ឬពួកកុម្មុយនិស្តអ្វីនោះទេ [...] តែសកម្មភាពរបស់លន់-នល់បានតម្រូវឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសរវាងពួកគេ។[២]
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (ររជក) ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែឧសភា និងត្រូវទទួលស្គាល់មុនគេដោយប្រទេសចិន។
ការបង្កើត ររជក ក្រោមការដឹកនាំរបស់សីហនុ បានផ្តល់ឱ្យថ្នាក់ដឹកនាំខ្មែរក្រហមនូវការទទួលស្គាល់ជាអន្តរជាតិនិងក្នុងជាតិដោយទទួលបានការគាំទ្រឥតឈប់ឥតឈរពីប្រជាកសិការខ្មែរដែលភាគច្រើនជាអ្នកប្រកាន់រាជានិយមនិងអភិរក្សនិយមហើយបង្វែរទិសមកប្រឆាំងនឹងរបបសាធារណរដ្ឋរបស់លន់-នល់វិញ។ កងកម្លាំងកុម្មុយនិស្តខ្មែរក៏ចាប់រីកធំឡើងៗនៅតាមទីជនបទដោយទាក់ទាញអ្នកគាំទ្រតាមរយៈឈ្មោះរបស់សីហនុនិងការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជាភាគខាងកើត។ ចំពោះសីហនុ ការគាំទ្រដោយក្រុមកុម្មុយនិស្តបានជួយឱ្យព្រះអង្គបន្តការខិតខំដើម្បីទទួលបាននូវអំណាចឡើងវិញនិងដើម្បីទទួលបានការគាំទ្រពីវៀតណាមខាងជើង (ដែលកងកម្លាំងរបស់ពួកវាកំពុងកាន់កាប់តំបន់ជនបទនៃប្រទេសកម្ពុជា) និងប្រទេសចិន។ ប៉ុន្តែ ព្រះអង្គសីហនុដឹងថាពួកកុម្មុយនិស្តខ្មែរគឺជាក្រពើរមិលគុណ ហើយមិនយូរប៉ុន្មាន ពួកវានឹងដកព្រះអង្គចេញពីអំណាច ដូច្នេះ ព្រះអង្គទ្រង់មានផែនការមួយទៀតគឺទាក់ទាញអាមេរិកឱ្យបង្វែរក្បាលមកគាំទ្រចលនា'រួបរួមជាតិ'របស់ព្រះអង្គ។ ក៏ប៉ុន្តែ រដ្ឋបាលអាមេរិកបានសម្រេចគាំទ្ររដ្ឋាភិបាលលន់-នល់ទៅហើយ អញ្ជឹងផែនការរបស់ព្រះអង្គមួយនេះមានលក្ខណៈប្រថុយខ្លាំង។
ការបង្រួបបង្រួម
[កែប្រែ]ព្រះអង្គម្ចាស់សីហនុគឺជាប្រមុខរដ្ឋនិងជាអ្នកដឹកនាំនៃរដ្ឋាភិបាលនេះ។ លោកប៉ែន នុតដែលជាអតីតមេធាវីនិងជាអ្នកនយោបាយជើងចាស់បានបម្រើការជានាយករដ្ឋមន្រ្តីឱ្យរដ្ឋាភិបាល។ លោកខៀវ សំផនបានបម្រើការជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រមុខដឹកនាំកងកម្លាំងប្រដាប់អាវុធរបស់ ររជក។ លោកហ៊ូ-យន់ដែលជាឥស្សរជនដ៏មានប្រជាប្រិយភាពនិងសេរីម្នាក់ក្នុងចំណោមពួកកុម្មុយនិស្តទាំងអស់ ត្រូវបានទទួលតំណែងជារដ្ឋមន្រ្តីនៃក្រសួងសហប្រតិបត្តិការ ចំណែកឯលោកហ៊ូ នឹមវិញគឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។[៣] នុត សំផន យន់ និងនឹមសុទ្ធតែជាមនុស្សដែលល្បីនិងមានប្រជាប្រិយភាពខ្ពស់ចំពោះប្រជាជនខ្មែរ ជាពិសេសគឺពីរនាក់ចុងក្រោយនេះដែលតែងតែចេញមុខការពារសឹទ្ធិឱ្យប្រជាកសិករជនបទ។
ក៏ប៉ុន្តែតាមការពិត អ្នកដែលត្រូវជាមេបញ្ជាការយោធាពិតប្រាកដនោះគឺ សាឡុត ស។ សាឡុត សគឺជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងឋានៈខ្ពស់បំផុតក្នុងជួរខ្មែរក្រហម ក៏ប៉ុន្តែវត្តមានរបស់គាត់ត្រូវបានរក្សាទុកជាសម្ងាត់។ កម្លាំងយោធាគឺមានឈ្មោះថា កងកម្លាំងរំដោះជាតិប្រជាជនកម្ពុជា (ករជបក), កងកម្លាំងនេះដំបូងឡើយគឺមានលក្ខណៈតូចទេ ហើយការប្រយុទ្ធគ្នាដំបូងៗនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជាតាមពិតគឺអនុវត្តដោយកងកម្លាំងវៀតណាមខាងជើងដោយមាន ករជបក ជាជំនួយ។
ទំនាក់ទំនងរបស់សីហនុជាមួយនឹងខ្មែរក្រហមតែងតែមានភាពតានតឹងជានិច្ច។ ខណៈដែលយន់ នឹម និងខៀវ-សំផនធ្លាប់ត្រូវបានប្រមាថម៉ាកងាយកាលនៅជាសមាជិកនៃសង្គមរាស្រ្តនិយមក្តី តែសីហនុមិនបានឃើញអ្នកទាំងបីជាសត្រូវចំនោះទេ ដោយទ្រង់មានការសង្ស័យនិងមិនពេញចិត្តផ្ទាល់នឹងអៀង សារី ព្រោះថានៅឆ្នាំ១៩៧១ សារីត្រូវបានចាត់តាំងពីក្រុងហាណូយដោយមានបេសកកម្មរក្សាព្រះអង្គសីហនុឱ្យនៅក្រោម"ការគ្រប់គ្រង"។ សីហនុបានចោតប្រកាន់មកសារីម្តងហើយម្តងទៀតថាលោកសារីគឺជាភ្នាក់ងារស៊ើបការរបស់វៀតណាមខាងជើង។[៤] សម្រាប់សារីវិញ លោកបានខិតខំព្យាយាមផ្សព្វផ្សាយការខ្វែងគំនិតគ្នារវាងពួកវវជន និងព្រះអង្គនរោត្តម សីហនុហើយលោកប៉ែន នុត។
តំណែង | នាម | ពេលកាន់តំណែង | ពេលចេញពីតំណែង | ក្រុមនយោបាយ | កំណត់សម្គាល់ | |
---|---|---|---|---|---|---|
ប្រមុខរដ្ឋ | នរោត្តម សីហនុ | ៥ ឧសភា ១៩៧០ | មេសា ១៩៧៦ | នៅប៉េកាំង | ||
នាយករដ្ឋមន្រ្តី | ប៉ែន នុត | ៥ ឧសភា ១៩៧០ | មេសា ១៩៧៦ | នៅប៉េកាំង | ||
ជំនួយការរដ្ឋមន្រ្តី | គាត ឈន់ | ១៩៧០ | នៅប៉េកាំង | |||
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ | ខៀវ សំផន | ៥ ឧសភា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា ជាឧបនាយករដ្ឋមន្រ្តីពីខែសីហា ឆ្នាំ១៩៧០ | ||
រដ្ឋមន្រ្តីក្រសួងការបរទេស | សារិន ឆាក | ៥ ឧសភា ១៩៧០ | នៅប៉េកាំង | |||
អនុរដ្ឋមន្រ្តីក្រសួងការបរទេស | Pok Deuskomar | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងព័ត៌មាន | ហូ នឹម | ៥ ឧសភា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងឃោសនា | ទាវ អុល | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការ | ហ៊ូ យន់ | ៥ ឧសភា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងសន្តិសុខជាតិ | សុក ធួក | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ | ជួន មុំ | ៥ ឧសភា ១៩៧០ | នៅប៉េកាំង | |||
អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | កុយ ធួន | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងបេសកកម្មពិសេស | ចៅ សេង | ៥ ឧសភា ១៩៧០ | ||||
រដ្ឋមន្ត្រីសម្របសម្រួល | ជួន ប្រសិទ្ធិ | ១៩៧០ | ||||
រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាសនា និងសង្គមកិច្ច | បណ្ឌិត. ង៉ូ ហ៊ូ | ៥ ឧសភា ១៩៧០ | ? | |||
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល សាសនា និងសង្គមកិច្ច | ជូ ជេត | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងអប់រំរាស្រ្ត និងយុវជន | ចាន់ យូរ៉ាន | ៥ ឧសភា ១៩៧០ | ||||
អនុរដ្ឋមន្រ្តីក្រសួងអប់រំរាស្រ្ត និងយុវជន | អៀង ធីរិទ្ធ | សីហា ១៩៧០ | ខ្មែរក្រហម | នៅកម្ពុជា | ||
រដ្ឋមន្រ្តីក្រសួងសុព្វាវុធ | ដួង សាំអុល | ៥ ឧសភា ១៩៧០ | កងទ័ពជើងគោកកម្ពុជា | ឧត្តមសេនីយ៍ទោ | ||
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ | ជា សាន | ៥ ឧសភា ១៩៧០ | ? | ជំនួសដោយភូរីស្សរ៉ា | ||
សម្តេច នរោត្ដម ភូរីស្សរ៉ា | ? | ជំនួសលោកជា សាន | ||||
រដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍ | ហួត សម្បត្តិ | ៥ ឧសភា ១៩៧០ | ? | ជំនួសដោយលោកតូច ភឿន | ||
តូច ភឿន | ? | ខ្មែរក្រហម | ជំនួសហួត សម្បត្តិ | |||
រដ្ឋមន្រ្តីក្រសួងសុខាភិបាល | ជួន ជឿន | ? | ខ្មែរក្រហម | នៅកម្ពុជា |
ការឡើងគ្រប់គ្រងរបស់ខ្មែរក្រហម
[កែប្រែ]ខណៈពេល ករជបក កំពុងតែទទួលជោគជ័យខាងផ្នែកយោធានៅអំឡុងខែមីនា ឆ្នាំ១៩៧៣ ព្រះអង្គសីហនុក៏បានធ្វើទស្សនកិច្ចទៅ"តំបន់រំដោះ" ហើយក៏ថតរូបបានមួយសន្លឹកដោយនៅក្នុងនោះគឺមានព្រះអង្គ លោកសំផន យន់ និងនឹម។ ដំបូងឡើយ អាមេរិកបានច្រានចោលនូវរូបថតនោះហើយថាវាជារូបថតក្លែងក្លាយនិងបន្តអះអាងថា កម្មាភិបាលជាន់ខ្ពស់ទាំងបីរូបដែលមានក្នុងរូបថតនោះត្រូវបានបាត់ខ្លួនតាំងពីចុងទស្សវត្តឆ្នាំ១៩៦០ មកម្លេះហើយពួកគេទាំងបីត្រូវបានសន្មតថាស្លាប់ដោយសារតែកងប៉ូលីសរបស់សីហនុធ្វើឃាត។ ចាប់តាំងពីបាត់ខ្លួនមក មនុស្សជាច្រើនបានឱ្យរហសនាមអ្នកទាំងបីនោះថា"ខ្មោចទាំងបី"។[៧] ក្រោយមក ភាពយន្តនៃដំណើរទស្សនកិច្ចរបស់សីហនុទៅតំបន់រំដោះក៏បានចាក់ផ្សាយដែលបញ្ជាក់ថា"ខ្មោចទាំងបី"នោះគឺនៅមានជីវិតពិតមែន។
នៅក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំខ្មែរក្រហមបានមានចេតនារក្សាសីហនុឱ្យនៅឱ្យឆ្ងាយពីប្រជាកសិករ ប៉ុន្តែក៏ចាប់មានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាប្រជាកសិករមួយចំនួនធំនៅតំបន់នោះចេះតែចេញមកទទួលស្វាគមន៍ព្រះអង្គ។ នៅអំឡុងឆ្នាំ១៩៧៣ មន្រ្តីមូលដ្ឋាននិងមេបញ្ជាការយោធាដែលជាពួកសីហនុនិយមឬជាប់ទាក់ទងជាមួយវៀតណាមគឺត្រូវបាន"ដកចេញ"ពីតំបន់រំដោះដោយសម្ងាត់ៗ៖ ខ្មែរក្រហមក៏បានចាប់ផ្តើមរិះគុណពីក្រោយសីហនុម្តងទៀតថាជា"បុគ្គលសក្តិភូមិ" ហើយនៅឆ្នាំ១៩៧៤ កងកម្លាំងនៅផ្នែកខាងត្បូងនៃតំបន់ភាគខាងជើងប្រទេសកម្ពុជាក៏ចាប់ផ្តើមបង្ហាញមុខមាត់ខ្លួនថាជាបក្សពួកក្រុមខ្មែរក្រហម មិនមែនជាក្រុមខ្មែររំដោះអ្វីនោះទេ។[៨] ការគាបសង្កត់និងសមូហនិយមក៏ចាប់អនុវត្តឡើងនៅតាម"តំបន់រំដោះ" ជាពិសេសគឺនៅភាគខាងលិចនៃប្រទេសដែលជាកន្លែងដែលគ្រប់គ្រងដោយពួកប្រឆាំងនឹងវៀតណាមនិងពួកជាតិនិយមខ្មែរក្រហម។ ពាក្យថា"រាជ"ដែលមាននៅក្នុងឈ្មោះរដ្ឋាភិបាលក៏ចាប់ផ្តើមដកឈប់ប្រើបន្តិចម្តងៗ។
ចំណែកសីហនុវិញ ទ្រង់មានស្មារតីប្រកបទៅដោយសុទិដ្ឋិនិយមចំពោះ ររជក ដោយមានបន្ទូល (ដើម្បីជាប្រយោជន៍ដល់អ្នកគាំទ្រលោកខាងលិច) ថា ខៀវ-សំផនគឺជា"អ្នកប្រកាន់លទ្ធិសង្គមនិយមដែលមានគ្រឹះមនោគមវិជ្ជាដូចនឹងនាយករដ្ឋមន្រ្តីស៊ុយអែតដែរ។[៩] តែទោះជាយ៉ាងណា រដ្ឋាភិបាលអាមេរិកនូវតែបន្តបដិសេដមិនចង់ធ្វើការទាក់ទងជាមួយសីហនុ។ នៅក្នុងបទសម្ភាសន៍ឯកជនមួយ ព្រះអង្គសីហនុបានមានព្រះបន្ទូលប្រាប់ទៅអ្នកកាសែតជនជាតិអ៊ីតាលីម្នាក់ថា"ពេលពួកវាឡើងកាន់អំណាច វានឹងខ្ជាក់ខ្ញុំចោលដូចគ្រាប់ផ្លែសេរីអញ្ជឹង"។ នាយករដ្ឋមន្រ្តីចិនលោកជូ អេងឡាយបានប្រមានឯកអង្គរដ្ឋទូតបារាំងថា បើអាមេរិកមិនព្រមស្តាប់តាមសីហនុហើយបន្តទម្លាក់គ្រាប់បែកមកលើកម្ពុជាទៀត សង្គ្រាមនោះនឹងបញ្ចប់ដោយមានការកាប់សម្លាប់បង្ហូរឈាមគ្នាច្រើន។[១០] ទោះបីជាបានទទួលការប្រមានបែបនេះក្តី ក៏អាមេរិកនូវតែមានភាពរឹងរូសមិនព្រមស្តាប់តាមសីហនុនិងចិនហើយក៏ចាប់ផ្តើមគាំទ្រពួកខ្មែរក្រហមដោយម្នាក់ឯង។
ក្រោយការដួលរលំនៃក្រុងភ្នំពេញ
[កែប្រែ]នៅពេលដែលពួកខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ររជក គឺកំពុងនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនិស្តយ៉ាងម៉ាំ ហើយទំនាក់ទំនងរវាងសមាជិក ររជក ទាំងក្នុងនិងក្រៅប្រទេសត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ចំណែកឯព្រះអង្គសីហនុវិញគឺមិនបាននរណាឱ្យដំណឹងអ្វីពីការដួលរលំនៃរាជធានីភ្នំពេញមកឱ្យទ្រង់ឡើយ ខណៈពេលដែលព្រះអង្គកំពុងធ្វើទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង លោកជូ អេងឡាយក៏បានបញ្ចុះបញ្ចូលទ្រង់ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឋានៈជាប្រមុខរដ្ឋ។
ព្រះអង្គក៏បានវិញត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីមនុស្សមួយចំនួន ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺទិដ្ឋភាពនៅក្រៅអាកាសយានដ្ឋាន, គ្មានប្រជាពលរដ្ឋណាមកអបអរស្វាគមន៍ព្រះអង្គនៅតាមដងផ្លូវដូចពេលមុនៗនោះទេ គឺទីក្រុងមានសភាពស្ងាត់ជ្រងុំទាំងពេលបើកថ្ងៃ។ ឥទ្ធិពលនិងតួនាទីរបស់ព្រះអង្គម្ចាស់សីហនុក៏ចុះខ្សោយបន្ថែមបន្ទាប់ពីអ្នកការពារព្រះអង្គគឺនាយករដ្ឋមន្រ្តីជូ អេងឡាយបានទទួលមរណភាពនៅខែមករា ឆ្នាំ១៩៧៦៖ បន្ទាប់ពីបានស្តាប់ឮការរំលោភសឹទ្ធិមនុស្សរបស់ពួកខ្មែរក្រហមនៅតាមវិទ្យុបរទេស សីហនុក៏សម្រេចចិត្តចូលនិវត្តន៍នៅអំឡុងខែមេសា ឆ្នាំ១៩៧៦។ បើយោងទៅតាមគណនីរបស់ព្រះអង្គផ្ទាល់បានឱ្យដឹងថា ដំបូង ខ្មែរក្រហមបានបញ្ជូនអៀង-សារីឱ្យមកបញ្ចុះបញ្ចូលព្រះអង្គឱ្យនៅកាន់តំណែងបន្តជាប្រមុខរដ្ឋ ក៏ប៉ុន្តែទ្រង់បានបដិសេដហើយក្រោយមក ព្រះអង្គក៏ត្រូវខ្មែរក្រហមចាប់ដាក់ឃុំក្នុងរាជវាំងលែងឱ្យចេញក្រៅដោយមានលោកខៀវ សំផនឡើងកាន់តំណែងជាប្រមុខរដ្ឋជំនួស។[១១] មិនយូរប៉ុន្មាន លោកប៉ែន នុតក៏ត្រូវបានខ្មែរក្រហមដកចេញពីតំណែងភ្លាមៗ, កិច្ចប្រជុំពេញអង្គលើកទី១ នៃសភាតំណាងរាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានធ្វើឡើងនៅថ្ងៃទី១១–១៣ ខែមេសា ឆ្នាំ១៩៧៦ បានបញ្ជាក់ថា"កម្មករចម្ការកៅស៊ូ"ម្នាក់ដែលមានឈ្មោះថាប៉ុល-ពតនឹងឡើងក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្តពីនុត។ ក្រោយមក បុគ្គលឈ្មោះថាប៉ុល-ពតនេះក៏ត្រូវគេស្គាល់ឈ្មោះពិតថាសាឡុត ស ដែលត្រូវជាអតីតអ្នកកាសែតនិងជាកម្មាភិបាលខ្មែរក្រហមម្នាក់។
អ្នកសីហនុនិយមទាំងប៉ុន្មានដែលមាននៅសេសសល់ក្នុងជួរ ររជក ក៏ត្រូវបានខ្មែរក្រហមចាប់ប្រមូលទៅប្រហារជីវិតភ្លាមៗ ក្នុងនោះមាន បងជីដូនមួយសីហនុគឺព្រះអង្គម្ចាស់នរោត្តម ភូរីស្សរ៉ា ដែលគេគិតថា ទ្រង់ត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្មនិងសម្លាប់នៅឯមណ្ឌលអប់រំមួយកន្លែងក្នុងឆ្នាំ១៩៧៦, លោកជា សាន ដែលជាអតីតមន្រ្តីក្រសួងយុត្តិធម៌របស់ ររជក ត្រូវបានសម្លាប់នៅឯមណ្ឌលទួលស្លែង។ មានតែលោកប៉ែន នុតដែលបានគេចខ្លួនផុតពីវាសនាដូចអ្នកទាំងនោះ។ នៅក្នុងចំណោមសមាជិកខ្មែរក្រហមដែលសំខាន់បំផុតរបស់ ររជក គឺលោកហ៊ូ យន់ ត្រូវគេរាយការណ៍ថាបានបាត់ខ្លួននៅឆ្នាំ១៩៧៥ ហើយនៅឆ្នាំ១៩៧៦ ក៏គេសន្មតថាលោកបានស្លាប់ជាយូរណាស់មកហើយ។[១២] បញ្ញវន្តកុម្មុយនិស្តពីររូបផ្សេងទៀតគឺលោកហ៊ូ នឹម និងចៅ សេងត្រូវបានគេយកទៅ'អប់រំ' និងសម្លាប់ចោលនៅឯមណ្ឌលទួលស្លែងក្នុងឆ្នាំ១៩៧៧។ មានតែខៀវ សំផនទេដែលនៅរស់រានមានជីវិតហើយបានបន្តធ្វើជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ, មូលហេតុដែលសំផននៅបាននៅយូរក៏ព្រោះតែគាត់មានភាពស្មោះត្រង់ខ្លាំងចំពោះប៉ុល-ពត បើទោះបីជាតួនាទីរបស់គាត់គ្រាន់តែជានិមិត្តរូបក៏ដោយ។
ព្រឹត្តិការណ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម
[កែប្រែ]ក្រោយពីការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាប្រជាធិបតេយ្យ ហើយនិងការបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី មេដឹកនាំខ្មែរក្រហមក៏បានបកមកសីហនុឱ្យបង្ហាញពីករណីកម្ពុជាប្រជាធិបតេយ្យនៅលើឆាកអង្គការសហប្រជាជាតិ។ ក្រោយមក សីហនុក៏បានបែកពីខ្មែរក្រហមជាសាធារណៈហើយទាមទារឱ្យអង្គការសហប្រជាជាតិលុបឈ្មោះពួកគេចេញនិងឱ្យមេដឹកនាំខ្មែរក្រហមទទួលស្គាល់ខ្លួនថាជាឃាតករសម្លាប់ពូជសាសន៍ឯង។[១៣] ដូច្នេះ ពួកខ្មែរក្រហមក៏បានបន្តទៅបង្កើតរណសិរ្សថ្មីមួយដែលមានឈ្មោះថា រណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា ក្នុងគោលបំណងសង្គ្រោះកេរ្តិ៍ឈ្មោះរបបរបស់ពួកគេ។
នៅខែមិថុនា ឆ្នាំ១៩៨២ សីហនុនិងអង្គការហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ដែលទើបនឹងបង្កើតថ្មីត្រូវបង្ខំចិត្តចូលសហការណ៍ជាមួយខ្មែរក្រហមម្តងទៀតហើយក៏បង្កើតបានជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែលើកនេះគឺមានដៃគូទីបីចូលរួមគឺ រណសិរ្សរំដោះជាតិប្រជាជនខ្មែរដែលដឹកនាំដោយលោកសឺន សាន។
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ នរោត្តម សីហនុ, សង្គ្រាមរបស់ខ្ញុំជាមួយសេអ៊ីអា, Random House, 1973, p.62
- ↑ ២,០ ២,១ Shawcross, W. Sideshow: Kissinger, Nixon, and the Destruction of Cambodia, Simon & Schuster, 1979, p.125
- ↑ Tyner, J. The killing of Cambodia, Ashgate, 2008, p.73
- ↑ Shawcross, pp.255-256
- ↑ Philip Short (2004). Pol Pot: Anatomy of a Nightmare. Henry Holt and Company. pp. 200–202. https://books.google.com/books?id=XW24koscGMkC&printsec=frontcover&hl=zh-TW#v=onepage&q&f=false.
- ↑ "GRUNK - Place de Barcelone" (PDF).
- ↑ Shawcross, p.280
- ↑ Kiernan, B. How Pol Pot Came to Power, Yale UP, 2004, p.335
- ↑ Marlay, R and Neher, C. Patriots and Tyrants, 1999, p.167
- ↑ Shawcross, p.282
- ↑ Dommen, A. The Indochinese Experience of the French and the Americans, IUP, p.967
- ↑ រឿងរ៉ាវដែលត្រូវបានគេទទួលយកជាទូទៅគឺថា លោកត្រូវបានបាញ់សម្លាប់ដោយទាហានខ្មែរក្រហមព្រោះតែបាននិយាយមកកាន់ក្រុមជនភៀសខ្លួនពីទីក្រុងភ្នំពេញដោយក្តីអាណិតអាសូរ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកអាចប្រហែលជាបានស្លាប់នៅក្នុងជំរុំការងារនៅអំឡុងឆ្នាំ១៩៧៦។
- ↑ Coalition Government of Democratic Kampuchea, Library of Congress Country Studies