Jump to content

សូយ៌្យវម៌្មទី២

ពីវិគីភីឌា
សូយ៌្យវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
វ្រះបាទសូយ៌្យវម៌្មទី២ ពិពណ៌នាក្នុងចំលាក់លៀនរាក់
នៅលើជញ្ជាំងអង្គរវត្ត
រជ្ជកាល១១១៣-១១៤៥/១១៥០
អង្គមុនធរណីន្ទ្រវម៌្មទី១ ន្ឫបតីន្ទ្រវម៌្មទី២
អង្គក្រោយធរណីន្ទ្រវម៌្មទី២
ប្រសូតគ.ស សតវត្សទី ១១
អង្គរ
សុគត១១៤៥/១១៥០
អង្គរ
រាជពន្ធភាពបងស្រីនៃហរិទេវ
ព្រះនាម
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីសូយ៌្យវម៌្មទេវ
បច្ឆាមរណនាម
វ្រះបាទបរមវិឝ្ណុលោក
វង្សកៅណ្ឌិន្យ, មហិធរបុរ
បិតាក្សិតេន្ទ្រាទិត្យ
មាតានរេន្ទ្រលក្ឝ្មី
សាសនាវៃឝនិយម

វ្រះបាទសូយ៌្យវម៌្មទី២ រជ្ជកាល (គ.ស ១១១៣-១១៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីសូយ្យ៌វម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីសូរ្យពម៌ទេព)។ បច្ឆាមរណនាម វ្រះបាទបរមវិឝ្ណុលោក។ ព្រះអង្គសោយរាជ្យនៅទីក្រុងយឝោធបុរ និងបានកសាងប្រាសាទអង្គរវត្ត បូជនីយដ្ឋានសាសនាធំបំផុតលើលោកដែលព្រះអង្គសង់ឧទ្ទិសដល់បរមទេវៈវិស្ណុ ប្រាសាទភ្នំព្រះវិហារ និងស្ថាបនាបង្ហើយនូវសំណង់ប្រាសាទភ្នំជីសូយ៌្យ។ ស្ថាបត្យកម្មបូជនីយដ្ឋាន យុទ្ធនាការយោធាជាច្រើន និងការស្ដាររាជការឱ្យខ្លាំងឡើងវិញក្នុងរជ្ជកាលរបស់ទ្រង់បាននាំឱ្យពួកប្រវត្តិវិទូចាត់ទុកសូយ៌្យវម៌្មជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដ៏អស្ចារ្យបំផុតនៃចក្រភពនេះ។

ប៉ុន្មានឆ្នាំដំបូង

[កែប្រែ]
វ្រះបាទសូយ៌្យវម៌្មទី២

វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គ​ជាអនុវង្សមួយ​អង្គ​ក្នុង​រាជវង្សមហិធរបុរ។ ព្រះអង្គ​ត្រូវ​ជាព្រះនត្តាបិតុលា​របស់​វ្រះបាទជយវម៌្មទី៦។ បិតា​ព្រះអង្គ​ព្រះនាម​ ក្សត្រេន្ទ្រាទិត្យ ត្រូវ​ជា​ព្រះនត្តារបស់​ព្រះហិរណ្យវម៌្ម និង ​មហេសី​ផ្សេង​មួយ​ទៀត។ មាតា​ព្រះអង្គ​ព្រះនាម​ នរេន្ទ្រលក្ឝ្មី (បុត្រីនៃរាជបុត្រទី៣ នៃហិរណ្យវម៌្ម) ត្រូវជា​នត្តាក្សត្រី​របស់​ព្រះហិរណ្យវម៌្ម និង​ព្រះនាង​ហិរណ្យលក្ឝ្មី និង​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​វ្រះបាទ​ជយវម៌្ម​ទី​៦ វ្រះបាទ​យុវរាជ និង​វ្រះបាទ​ធរណីន្ទ្រវម៌្មទី១។ ដូច្នេះ​អយ្យកោ​ព្រះអង្គ​ខាងបិតា និង​អយ្យកា​ព្រះអង្គ​ខាង​មាតា​សុទ្ធ​សឹងតែ​ជា​កូន​របស់​ព្រះហិរណ្យវម៌្ម​ទាំងអស់។

សូយ៌្យវម៌្មលេចឡើងដោយធំធាត់ក្នុងទឹកដីខេត្ត នៅពេលអំណាចកណ្ដាលកំពុងចុះខ្សោយនៅក្នុងចក្រភពខ្មែរ។ ជាព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ទ្រង់បានប្រើកលល្បិចដណ្ដើមអំណាច ដោយការប្រយុទ្ធតស៊ូរបស់ទ្រង់ ទ្រង់មានសិទ្ធិស្របច្បាប់ដើម្បីសោយរាជ្យ។ “នៅទីបញ្ចប់នៃការឈ្វេងយល់របស់ទ្រង់” ថ្លែងក្នុងសិលាចារឹកមួយផ្ទាំង “ទ្រង់បានជំរុញចិត្តដោយសារតែមានព្រះកិត្តិនាមនៃព្រះរាជវង្សរបស់ទ្រង់។” ទ្រង់បង្ហាញថាមានទំនាក់ទំនងជាមួយអភិមានិកខាងសត្រូវមកពីខាងខ្សែហឝ៌វម៌្មទី៣ ប្រហែលជាន្ឫបតីន្ទ្រវម៌្មទី២ ដែលមានឥទ្ធិពលនៅខាងត្បូង ក្រោយមកក៏បង្វែរទៅរកវ្រះបាទធរណីន្ទ្រវម៌្មទី១ដែលមានវ័យជរា និងមិនសូវមានឥទ្ធិពល ដែលជាអយ្យការបស់ទ្រង់។ “ដោយបន្សល់ទុកលើសមរភូមិនូវ មហាសាគរនៃកងទ័ពរបស់ទ្រង់ ទ្រង់បានបង្កើតឱ្យមានការប្រយុទ្ធយ៉ាងខ្លាំងក្លា” ថ្លែងក្នុងសិលាចារឹកមួយ។ “លោតឡើងលើក្បាលដំរីនៃរាជសត្រូវ ទ្រង់បានសំលាប់សត្រូវ ដូចជាគ្រុឌនៅជាយភ្នំអាចនឹងសំលាប់នាគរាជមួយក្បាល។”[] ពួកអ្នកប្រាជ្ញមិនបានយល់ស្របថាតើសំដីទាំងនោះសំដៅលើអភិមានិកភាគខាងត្បូង រឺ វ្រះបាទធរណីន្ទ្រវម៌្មទី១ឡើយ។ សូយ៌្យវម៌្មទី២ ក៏បានបញ្ជូនគណៈប្រតិភូទៅកានរាជវង្សចោឡៈនៃឥណ្ឌាខាងត្បូង និង ថ្វាយថ្មមានតំលៃទៅកាន់ចក្រវរ្តិនចោឡៈ កុលោត្តុង្គចោឡៈទី១ នៅគ.ស ១១១៤។[]

ក្រោយ​ដែល​វ្រះ​បាទធរណីន្ទ្រវម៌្មទី១ សោយ​ទិវង្គត​ហើយ ប្រទេស​កម្ពុជា​បែក​ជា ២ ដោយ​មាន​ព្រះ​រាជវង្ស ២ អង្គ ឬ ២ ពួកវិវាទ​ដណ្ដើម​រាជ​សម្បត្តិ​គ្នា តែ​មិន​ប្រាកដ​ព្រះ​នាម​ដូចម្ដេច។ គ្រា​នោះ ​ព្រះសូយ៌្យវម៌្មទី២ទ្រង់​នៅ​ក្នុង​បឋមវ័យ (កំលោះ) តែ​ជា​អ្នក​មាន​ព្រះ​ប្រីជា​ឆ្លាត​វាងវៃ ទ្រង់​យល់​ហេតុ​ផល​បាន​វែង​ឆ្ងាយ ទ្រង់​ព្រះ​ចិន្ដា​ថា បើ​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម​កើត​នៅ​ក្នុង​ព្រះ​នគរ​ដូច្នេះ​ទៅ មិន​យូរ​ប៉ុន្មាន​ទេ​មុខ​ជា​នឹង​មាន​ប្រទេស​ដទៃ ដែល​មាន​ឥទ្ធិពល​ដូច​យ៉ាង​ចាម្ប៍​ជាដើម លើក​ទ័ព​មក​សង្គ្រប​វាយ​ផ្ទួន​ទៀត​ជា​មិន​ខាន ដូច​ដែល​ធ្លាប់​ប្រាកដ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មុនៗ នេះ​មក​ហើយ។

សូយ៌្យវម៌្មត្រូវបានអភិសេកនៅឆ្នាំគ.ស ១១១៣។ ឫសីព្រាហ្មណ៍ព្រឹទ្ធិនាម ទិវាករបណ្ឌិតបានរៀបពិធី នេះគឺជាលើកទីបីដែលព្រាហ្មណ៍រូបនេះបានធ្វើរាជាភិសេកដល់ស្ដេច។ សិលាចារឹកជាច្រើនកត់ត្រាថាក្សត្រថ្មីបានរៀនសូត្រក្បួនពិសិដ្ឋជាច្រើន បានប្រារព្ធពិធីបុណ្យបែបសាសនានិងបានព្រះរាជទានដល់ព្រាហ្មណ៍នោះដូចជា គ្រែស្នែង ផ្លិត ម្កុដ អាសនៈមូល និងចិញ្ចៀនកែវកង។ ព្រាហ្មណ៍រូបនេះបានធ្វើដំណើរវែងឆ្ងាយទៅកាន់ប្រាសាទនានាក្នុងចក្រភពនេះ រួមមានកំពូលភ្នំព្រះវិហារ ដែលលោកបានថ្វាយជារូបចំលាក់ព្រះសិវៈរាំធ្វើពីមាស។[] រាជាភិសេកផ្លូវការរបស់ព្រះមហាក្សត្របានប្រារព្ធធ្វើឡើងនៅឆ្នាំ គ.ស ១១១៩ ដែលមានទិវាករបណ្ឌិតបានប្រារព្ធពិធីតាមក្បួនម្ដងទៀត។

ព្រះរាជជីវភាព និង រជ្ជកាល

[កែប្រែ]

ព្រះអង្គ​បាន​យក​ ជ័យជំនះ​លើ​កង​យោធា​របស់​វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ ហើយ​ដណ្ដើម​យក​បាន​មហានគរ។ វ្រះបាទ​ន្ឫបតីន្ទ្រវម៌្មទី២ ដែល​ជា​ព្រះមហាក្សត្រ​ខ្មែរ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រះអង្គ​បាន​អស់​ព្រះជន្ម​ក្នុង​ពេល​ធ្វើ​ចំបាំង​នោះ គឺ​នៅ​ក្នុង​គ.ស ​១១១៣។

ការ​ផែនដី វ្រះបាទ​សូយ៌្យវម៌្មទី២​ក្រោយ​ដែល​ទ្រង់​បាន​ឡើង​គ្រង​ពិភព​ហើយ​ក្នុង​រវាង ៣-៤ ឆ្នាំ​នោះ ទ្រង់​ក៏​បាន​ចាត់​ការ​គ្រប់គ្រង​ផ្នែក​មធ្យម​រដ្ឋ​ឲ្យ​បាន​រៀបរយ​តាម​ដើម នឹង​ទ្រង់​ចាត់​ការ​កសាង​គ្រឿង​អាវុធ​យុទ្ធភណ្ឌ នឹង​បង្ហាត់​សេនា​ទាហាន​ទុក​ជា​យ៉ាង​ច្រើន​សំរាប់​ការពារ​ប្រទេស​កុំ​ឲ្យ​មាន​ការណ៍​បះបោរ​ដូច​ក្នុង​រជ្ជកាល​មុនៗ នេះ​ទៀត។ កំឡុងពេលប៉ុន្មានទសវត្សក្នុងអំណាច ព្រះអង្គបានបង្រួបបង្រួមចក្រភពនេះឡើងវិញ ផ្ទុយខុសពីនយោបាយមេត្តាករុណាជាច្រើននៃក្សត្រអង្គមុនព្រះអង្គ អ្នកប្រវត្តិវិទូមានជំនឿដូច្នោះ។ បាន ​ឡើង​គ្រងរាជសម្បត្តិ​កាលណា វ្រះបាទ​សូយ៌្យវម៌្មទី​២ ក៏​រៀប​ចំ​ចាត់​ចែង ធ្វើ​សឹក​សង្គ្រាម​វាយ​ប្រយុទ្ធ​បង្ក្រាប​នគរ​ចំណុះ​ជិត​ឆ្ងាយ ដើម្បី​បញ្ចូល​ទឹក​ដី​នគរ​កម្ពុជា​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​មាន​ឯកភាព​រួម​ ចូល​តែ​មួយ​វិញ។ នគរចំណុះជាច្រើនបាននាំសួយសារអាករថ្វាយទ្រង់។ នៅខាងលិចនិងខាងជើង ពួកទាហានទ្រង់បានពង្រីកព្រំសីមាដែលគ្របដណ្ដប់ប៉ែកថ្មីៗនៃប្រទេសថៃ លាវ និង ទៀបកោះម៉ាឡេស៊ីសម័យបច្ចុប្បន្ន។ ទ្រង់បានបង្កើតប្រតិបត្តិការយោធាដ៏ធំនៅភាគខាងកើតដូចគ្នា ប៉ុន្តែប្រតិបត្តិការទាំងនេះមិនបានជោគជ័យភាគច្រើនទេ យ៉ាងហោចណាស់ក៏តាមរយៈការរៀបរាប់របស់រាជសត្រូវនៃចក្រភពរបស់ព្រះអង្គ។ តាមធម្មតាក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរឡើងវិញ មានបន្ទប់ជាច្រើនដើម្បីការពិភាក្សានូវព្រឹត្តិការណ៍ត្រឹមត្រូវនិងដោយឡែកៗអស់ទាំងនេះ។ សិលាចារឹកខ្មែរ ជាប្រភពព័ត៌មានដ៏សំខាន់ ប្រហែលបំផ្លើសនៅខាងចុងនៃចក្រភពខ្មែរ គ្រាដែលការរ៉ាយរ៉ាប់ពីរដ្ឋសត្រូវក៏អាចធ្វើបានដូចគ្នាជាមួយភាពខុសឆ្គងដូចគ្នា។

ព្រះមហាក្សត្រ ​នគរ​ចាម្ប៉ា​ដែល​សង្កេត​ឃើញ​ប្រទេស​កម្ពុជា​កំពុង​តែ​ជាប់​ដៃ​វាយ​ប្រយុទ្ធ​ កាប់​សំលាប់​ផ្ទៃ​ក្នុង បាន​ឆ្លៀត​ឱកាស​យ៉ាង​ល្អ​កម្រ​រក​មាន​នេះ លើក​កង​ទ័ព​ពល​សេនា​មក​វាយ​ប្រហារ​ដណ្ដើម​យក​ទឹក​ដី​ខ្មែរ។

វ្រះបាទសូយ៌្យវម៌្ម​ទី​២ ដោយ​មាន​ទ័ព​ចាម​នគរ​វិជ័យ​រួម​កំលាំង​ផង បាន​លើក​ទ័ព​ទៅ​ទប់ទល់​ទ័ព​ចាម វាយ​ប្រហារ​ចូល​លុក​ទៅ​ដល់​នគរ​ចាម្ប៉ា ហើយ​ដណ្ដើម​យក​បាន​រាជធានី​វិជ័យ។ នេះ​ជា​សេចក្ដី​ដែល​សិលាចារឹក​ចាម្ប៉ា​នៅ​ពោធិ៍នគរ បាន​ចារ​ទុក​មក​ជា​ប្រវត្តិសាស្ត្រ។ សិលាចារឹក​ចាម្ប៉ា​ដដែល​បាន​បញ្ជាក់​ទៀត​ថា វ្រះបាទ​សូយ៌្យវម៌្ម​ទី​២ បាន​តែងតាំង​ប្អូន​ថ្លៃ​ព្រះអង្គ​ព្រះនាម​ហរិទេវ ជា​ឧបរាជ​សោយរាជ្យ​នគរ​ចាម្ប៉ា។ ព្រឹត្តិការណ៍​ត្រង់​នេះ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ជំនាន់​ដើម ក៏​បាន​កត់​សំគាល់​ថា ព្រះអង្គ​បាន​បញ្ចូល​នគរ​ចាម្ប៉ា​មក​ក្នុង​នគរ​កម្ពុជា​ធ្វើ​ជា​នគរ​តែ​មួយ​ដែរ។ កាល​ទៅ​វាយ​ប្រទេស​ចាម្ប៉ា ជា​ការ​សងសឹក​ចាម្ប៍ ដែល​មាន​គំនិត​ខូច បាន​លើក​ទ័ព​ជើង​ទឹក​មក​លុក​ក្រុង​ឝ្រី​យឝោធរបុរ ក្នុង​កាល​ចុង​រជ្ជកាល​វ្រះ​បាទ​ហឝ៌វម៌្ម​ទី៣ ដែល​ក្នុង​ពេល​នោះ​ប្រទេស​កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ ដោយ​ត្រូវ​ទឹក​ធំ​លិច​យ៉ាង​ខ្លាំង ដូច​មាន​ពោល​ហើយ។ កងទ័ព​ខ្មែរ​វាយ​​លុក​ចូល​ដល់​ក្រុង​វិជ័យ ចាប់​ព្រះ​រាជា​ចាម្ប៍ ទ្រង់​ព្រះ​នាម​ឝ្រីជយឥន្ទ្រវម៌្មបាន។ តែ​ក្នុង​ទី​ខ្លះ​ថា ព្រះ​រាជា​អង្គ​នេះ​រត់​ចោល​ព្រះ​នគរ​បាត់​ទៅ។ ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​នេះ មាន​ព្រំប្រទល់​ដ៏​ធំ​ទូលាយ​យ៉ាង​អស្ចារ្យ​ម្ដង​ទៀត។ វាសនា​របស់​ខ្មែរ​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត។

មេទ័ព​ចាម និង​ខ្មែរ​ជាច្រើន​ដែល​ជា​ជនក្បត់​ព្រះអង្គ ឬ​ប្រឆាំង​នឹង​ខ្មែរ​បាន​នាំ​គ្នា​រត់​ទៅ​សុំ​ស្ដេច​យួន​ជ្រកកោន​រស់​នៅ​តុងកឹង។ ប្រទេស​យួន ដែល​បាន​អនុញ្ញាត​ឲ្យ​ជន​ខុស​ច្បាប់​ទាំងនេះ​ជ្រកកោន យក​ធ្វើ​ជា​ជំរំ ត្រូវ​បាន​វ្រះបាទ​សូយ៌្យវម៌្មទី២ វាយ​ប្រហារ​បង្ក្រាប​ចាញ់​បរាជ័យ​អស់​គ្មាន​សល់។ ស្ដេច​ចិន​ដែល​បាន​ស្គាល់​នូវ​ថ្វីដៃ​ធ្វើ​សឹក​សង្គ្រាម​យ៉ាង​ក្លាហាន​ អង់អាច​អស្ចារ្យ​របស់​ព្រះអង្គ បាន​កោត​សរសើរ និង​ផ្ដល់​កិត្តិយស​ឧត្ដុង្គឧត្ដម​ដល់​ព្រះអង្គ។ អគ្គរាជទូត​ប្រទេស​ទាំង​ពីរ​តែងតែ​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​ជា​ប្រក្រតី។

សិលាចារឹកមួយចំនួននៅក្នុងរដ្ឋឥណ្ឌូបនីយកម្មជិតខាងចាម្ប៉ា និងរឿងរ៉ាវបានបន្សល់ដោយស្មេរនៅមហាវៀត រដ្ឋមុនវៀតណាម និយាយថាសូយ៌្យវម៌្មបានធ្វើប្រតិបត្តិការសឹកសំខាន់បីលើកតែមិនបានជោគជ័យ វាយប្រហារទៅលើមហាវៀត ជួនកាលដោយមានជំនួយពីចាម្ប៉ា។ ក្នុង​ឆ្នាំ ព. ស. ១៦៦០ ក្រោយ​ដែល​ទ្រង់​សោយរាជ្យ​បាន ៤ ឆ្នាំ​បាន​ស្ដេច​តែង​រាជទូត ឲ្យ​នាំ​រាជសារ​ទៅ​សូម​ចង​សម្ព័ន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន ហើយ​នឹង​ប្រទេស​ចាម្ប៍ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ផ្លូវ​រដ្ឋបសាសនោបាយ។ ប្រទេស​ទាំង​ពីរ​នេះ ក៏​ព្រម​ទទួល​សម្ព័ន្ធ​មេត្រីភាព​ផង​ដោយ​រីករាយ ហើយ​តែង​រាជទូត​ឲ្យ​នាំ​រាជសារ​មក​វិញ​តាម​សមគួរ។ ប្រទេស​កម្ពុជា​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​នឹង​ប្រទេស​ចិន រាប់​ជា​គ្រា​ទី ៧ ក្នុង​រជ្ជកាល​នេះ។ ស្ដេច​ចិន​ដែល​បាន​ស្គាល់​នូវ​ថ្វីដៃ​ធ្វើ​សឹក​សង្គ្រាម​យ៉ាង​ក្លាហាន​ អង់អាច​អស្ចារ្យ​របស់​ព្រះអង្គ បាន​កោត​សរសើរ និង​ផ្ដល់​កិត្តិយស​ឧត្ដុង្គឧត្ដម​ដល់​ព្រះអង្គ។ អគ្គរាជទូត​ប្រទេស​ទាំង​ពីរ​តែងតែ​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​ជា​ប្រក្រតី។ ចំណែក​ឯ​ប្រទេស​ចាម្ប៍ សូម្បី​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​ប្រទេស​កម្ពុជា​យ៉ាង​វែង តែ​ក៏​មិន​បាន​ជា​មិត្រ​ជិត​ដិត​គ្នា​ប៉ុន្មាន ច្រើន​តែ​ជា​អរិ​នឹង​គ្នា​តាំង​អំពី​ដើម​មក ទើប​តែ​នឹង​មក​ប្រាកដ​ក្នុង​រជ្ជកាល​នេះ​ថា បាន​ចង​មេត្រីភាព​នឹង​គ្នា តែ​នេះ​ក៏​ដោយ​កុសលោបាយ​របស់​វ្រះ​បាទ​សូយ៌្យវម៌្ម​ដូចជា​នឹង​មាន​ប្រាកដ​ទៅ​ខាង​ក្រោយ។ កាល​ចង​សម្ព័ន្ធ​មេត្រីភាព​ហើយ ទ្រង់​បាន​លើក​ទ័ព​ហ្លួង សឹង​មាន​សេនា​ដំរី​ជា​យ៉ាង​ច្រើន ទៅ​វាយ​ប្រទេសកាវជី (ចិន:ជាំវជឺ) ដែល​ចេះ​តែ​រុករាន​ទន្ទ្រាន​យក​ជាយ​ព្រះ​រាជ​អាណាខែត្រ​ខ្មែរ ប៉ែក​ខាង​លើ​ជា​ញឹកញយ។ កាល​កងទ័ព​ខ្មែរ​លើក​ទៅ​ដល់ ទ័ព​យួន​ក៏​លើក​ចេញ​មក​ច្បាំង​ត​ទល់ តែ​ទប់​ឥទ្ធិពល​កងទ័ព​ខ្មែរ​ពុំ​បាន កងទ័ព​ខ្មែរ​បាន​វាយ​លុក​រហូត​ទៅ​ដល់​ស្រុក​ង៉ែអាន ទើប​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរ​វិញ។ កន្លង​មក ៤ ឆ្នាំ ទ្រង់​លើក​ទ័ព​ទៅ​វា​យម្ដង​ទៀត ដោយ​ហេតុ​កាវជី​មិន​រៀង​ចាល។ សង្គ្រាម​គ្រា​នេះ​ទ្រង់​វាយ​រហូត​ដល់​ស្រុក​តាន់ហួ ទ្រង់​ប្រកាស​ឲ្យ​ស្រុក​ដែល​វាយ​បាន​ទាំង​ប៉ុន្មាន ជា​ចំណុះ​កម្វុជទេឝ ហើយ​ស្ដេច​លើក​ទ័ព​ត្រឡប់​មក​ព្រះ​នគរវិញ។ ក្នុង​វេលា​នោះ ដែនដី​ដែល​ជា​ប្រទេស​លាវ ដូច​យ៉ាង​ហ្លួងព្រះបាំង​នឹងវាំងច័ន្ទន៍​ជាដើម ក៏​ជា​អាណាខែត្រ​របស់​ខ្មែរ​ដែរ។ នៅឆ្នាំគ.ស ១១២៨ ទ្រង់ត្រូវបានគេនិយាយថាបានដឹកនាំទាហាន ២០ ០០០ នាក់ទល់នឹងមហាវៀត ប៉ុន្តែកងទ័ពទាំងនោះត្រូវបានគេបង្ក្រាបបាន និង ត្រូវបានគេបណ្ដេញចេញពីមហាវៀត។ ឆ្នាំបន្ទាប់មកទ្រង់បានបញ្ជូនកងសំពៅមួយកងមាន ៧០០ សំពៅដើម្បីវាយប្រហារតាមឆ្នេររបស់មហាវៀត។ នៅឆ្នាំគ.ស ១១៣២ កងទ័ពចំរុះខ្មែរ-ចាមបានលុកលុយម្ដងទៀត មិនបានជោគជ័យឡើយ។ ក្រោយមក ស្ដេចចាមជយឥន្ទ្រវម៌្មទី៣ បានធ្វើឱ្យមានសន្តិភាពជាមួយមហាវៀត និង បដិសេធនឹងជួយការវាយប្រហារតទៅទៀត។ នៅគ.ស ១១៤៥ សូយ៌្យវម៌្មបានលុកលុយចាម្ប៉ា បានកម្រាបស្ដេចចាម និងបានបំផ្លិចបំផ្លាញរាជធានីវិជយ។ នៅលើរាជបល្លង្កចាម ទ្រង់បានដាក់ក្សត្រថ្មី ហរិទេវ ជាប្អូនប្រុសនៃមហេសីស្ដេចខ្មែរ។ ការប្រយុទ្ធជាបន្តបន្ទាប់ កងទ័ពចាមបានកាន់កាប់រាជធានីរបស់ខ្លួនជាថ្មីវិញ និងបានសម្លាប់ហរិទេវ។[]

អង្គរវត្តបានកសាងដោយសូយ៌្យវម៌្មទី២

និយាយ​ពី​ពួក​សៀម​ដែល​មាន​ព្រះ​ព្រហ្មរាជ​ជា​ប្រមុខ​នោះ មក​ក្នុង​ឆ្នាំ ព.ស. ១៦៦០ ប្រហែល​ជា​គិត​ថា វ្រះ​បាទ​សូយ៌្យវម៌្ម​ទី២ ដែល​ទើប​សោយរាជ្យ​ថ្មី គង់​ទន់ខ្សោយ​បែប​យ៉ាង​វ្រះ​បាទ​ធរណីន្ទ្រវម៌្ម​ទី១ ទើប​រួបរួម​ទ័ព​បាន​ប្រហែល ៨០០០០ នាក់ លើក​ចុះ​មក​សង្កត់​សង្កិន​ពួក​រាស្ត្រ​ខ្មែ​នៅ​តាម​ជាយ​ព្រះ​រាជអាណាចក្រ​ភាគ​ខាង​លិច ហើយ​លុក​ចូល​មក​ដល់​នគរ​កំពែង​ពេជ្រ ដែល​មាន​មហា​ឧបរាជ​ខ្មែរ​ព្រះ​នាម "ព្រះ​រាមរាជ" ឈរ​គ្រប់គ្រង​នៅ​ទី​នោះ ដោយ​ព្រះ​រាមរាជ​មិន​ដឹង​ខ្លួន​ជា​មុន។ កាល​លើក​ទ័ព​ទៅ​ដល់​ជាយ​ក្រុង​កំពែង​ពេជ្រ ព្រះ​ព្រហ្មរាជ​ ក៏​ចូល​ទៅ​ជួប​នឹង​ព្រះ​រាមរាជ ទទួល​ក្រឡេក​ទៅ​ឃើញ​ព្រះ​កែវមរកត​នៅ​ក្នុង​ព្រះ​វិហារ​ក្នុង​ក្រុង​នោះ​ក៏​ទូល​សុំ​យក​ទៅ ព្រះ​រាមរាជ​ទើប​ទាល់ ក៏​លើក​ឲ្យ​ទៅ​តាំង​មិន​ស្ម័គ្រ។ ព្រះ​ព្រហ្មរាជ​កាល​បាន​ព្រះ​កែវ​​មរកត​ទៅ​ហើយ ក៏​គិត​ព្រួយ​​បារម្ភ​ក្រែង​ខ្មែរ​លើក​ទ័ព​ទៅ​ដណ្ដើម​យក​មក​វិញ ទើប​គិត​ធ្វើ​ឧបាយ​ក្រឡៃ​ព្រះ​កែវ​មរកត​បំបាត់​ដាន​កុំ​​ឲ្យ​ខ្មែរ​រក​ឃើញ គឺ​យក​បាយអ​មក​បូក​ស្រោប​ព្រះ​កែវមរកត ឲ្យ​មើល​ឃើញ​ហាក់​ដូចជា​ព្រះ​ពុទ្ធរូប​ធម្មតា ហើយ​យក​ទៅ​លាក់​ទុក​យ៉ាង​គត់មត់។ រឿង​សៀម​តាំង​ឥស្សរភាព​នៅ​ក្នុង​ខែត្រ​ខណ្ឌ​នៃ​ព្រះ​រាជ​អាណាចក្រ​នោះ មិន​បាន​ផុត​ទៅ​អំពី​ព្រះ​ការណ៍​របស់​វ្រះបាទ​សូយ៌្យវម៌្ម​ទេ កាល​ទ្រង់​ជ្រាប​ហើយ ក៏​ត្រាស់​ឲ្យ​កងទ័ព​លើក​ទៅ​កម្រាប់​ពួក​សៀម​នោះ ឲ្យ​ត្រឡប់​នៅ​ក្រោម​ម្លប់​ព្រះ​​បរម​ពោធិសម្ភារ​ដូច​ដើម​វិញ។ សៀម​តោង​នៅ​ក្រោម​អារក្ខា​ខ្មែរ​ត​មក​ទៀត ដរាប​ដល់​សតវត្ស​ទី ១៤ ទើប​អាច​តាំង​ឥស្សរភាព​បាន ដូចជា​នឹង​មាន​ពោល​ក្នុង​រយៈ​តទៅ។ ឯ​ព្រះ​កែវមរកត​មិន​បាន​ត្រឡប់​មក​នគរ​វិញ នៅ​កប់​បាត់​ក្នុង​ស្រុក​យោនកជៀងសែន​ត​រៀងមក។ ការ​ដែល​មិន​បាន​ត្រឡប់​មក​វិញ ប្រហែល​ជា​ដោយ​ហេតុ​វ្រះ​បាទ​សូយ៌្យវម៌្ម​ទី២ ទ្រង់​និយម​រាប់អាន​លទ្ធិ​វៃឝ្ណវ។ រឿង​ព្រះ​កែវមរកត ទើប​មិន​បាន​មក​ជំពាក់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ប៉ុន្មាន​មុខ គួរ​ឲ្យ​ស្ដាយ។

ក្រៅពីការធ្វើសឹក សូយ៌្យវម៌្មបានអនុវត្តនយោបាយការទូត ដោយការបន្តទំនាក់ទំនងផ្លូវការជាមួយចិននៅគ.ស ១១១៦។ ការរៀបរាប់របស់ចិននៅសតវត្សទី១៣ បាននិយាយថាគណៈរាជទូតខ្មែរមាន ១៤ នាក់ ដែលបន្ទាប់ពីមកដល់ដីចិនត្រូវបានព្រះរាជទានជាសំពត់ព្រែក្នុងព្រះរាជវាំងជាពិសេស។ “ដោយក្ដីកំរណាស់ ដែលយើងខ្ញុំបានមកដល់ព្រោះយើងខ្ញុំបានមើលឃើញនូវកិត្តិសព្ទរបស់ព្រះអង្គច្រើនជាងយើងខ្ញុំត្រូវបានទទួលផលប្រយោជន៍ពីព្រះអង្គ” ម្នាក់ក្នុងចំណោមរាជទូតបានពោលប្រាប់ទៅកាន់អធិរាជចិន។ គណៈរាជទូតបានត្រឡប់ទៅស្រុកវិញនៅឆ្នាំបន្តបន្ទាប់។ គណៈរាជទូតផ្សេងមួយទៀតបានទៅទស្សនកិច្ចនៅឆ្នាំគ.ស ១១២០ នៅគ.ស ១១២៨ អធិរាជដដែលបានប្រៀបធៀបព្រះកិត្តិយសដ៏ខ្ពស់ខ្ពស់ចំពោះព្រះមហាក្សត្រខ្មែរ ដោយចាត់ទុកថា “មហាប្រទេសរាជនៃចក្រភពព្រះអង្គ។” បញ្ហាជាច្រើនផ្ដោតលើពាណិជ្ជកម្មរវាងរដ្ឋទាំងពីរត្រូវបានគេពិនិត្យនិងរៀបចំឡើងវិញ។[]

រជ្ជកាលរបស់ស្ដេចអង្គនេះបានមើលឃើញនូវនវានុវត្តន៍ជាច្រើនខាងសិល្បៈនិងស្ថាបត្យកម្ម។ ទ្រង់បានធ្វើជាធិបតីលើសំណង់នៃអង្គរវត្ត ប្រាសាទធំបំផុតដែលបានសាងសង់នៅក្នុងរាជធានី និងនៅក្នុងគំនិតសម័យទំនើបជាច្រើនថាជា ស្នាដៃនៃស្ថាបត្យកម្មចុងក្រោយបង្អស់។ ប្រាង្គកណ្ដាលទាំងប្រាំរបស់ប្រាសាទរំលឹកដល់កំពូលភ្នំព្រះសុមេរុ លំនៅនៃទេវបែបព្រហ្មញ្ញសាសនា។ វាបានលំអដោយអប្សរាឆ្លាក់ច្រើនជាង ១៨៦០ អង្គ រឺ បវរកញ្ញានៅស្ថានសួគ៌ និងរាប់រយមាត្រនៃចំលាក់លៀនរាក់យ៉ាងល្អវិចិត្រដែលរៀបរាប់ពីទេវកថាហិណ្ឌូ និងទស្សនីយភាពពីជីវភាពសហសម័យ។ ប្រាសាទផ្សេងជាច្រើនទៀតដែលកំណត់កាលត្រូវនឹងរជ្ជកាលរបស់ព្រះអង្គរួមមាន បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និង នៅខាងកើតរាជធានី សំណង់អគារបឹងមាលា

សូយ៌្យវម៌្មបានរៀបអភិសេក ប៉ុន្តែគ្មានកំណត់ត្រាណាមួយសេសសល់រំលឹកដល់ព្រះនាមមហេសីរបស់ទ្រង់មួយអង្គណាឡើយ។ សូយ៌្យវម៌្មទី២ជាធម្មតាក្នុងចំណោមក្សត្រខ្មែរជាច្រើនអង្គ ទ្រង់ជាក្សត្រកាន់សាសនាវិស្ណុ ខុសពីព្រះរាជាផ្សេងកាន់សាសនព្រះសិវៈ ដោយផ្ដោតលើជីវភាពសាសនាក្នុងរាជវាំងរបស់ព្រះអង្គ។ ហេតុផលជាច្រើនចំពោះការកាន់បែបនេះមិនត្រូវបានគេដឹងឡើយ។ ពួកអ្នកប្រាជ្ញបានពិភាក្សាតទល់គ្នាថាតើការកាន់របស់ព្រះអង្គជាមួយសាសនាវិស្ណុជួយពន្យល់ថាតើហេតុអ្វីអង្គរវត្តបែរមុខទៅទិសខាងលិច ទិសភាគនៃព្រះវិស្ណុត្រូវបានគេប្រកាន់យក ខុសពីទិសធម្មតារបស់ប្រាសាទខ្មែរដែលបែរទៅទិសខាងកើត។

សូយ៌្យវម៌្មទី២គឺក្សត្រខ្មែរទីមួយដែលត្រូវបានគេពិពណ៌នាក្នុងសិល្បៈ។ ចំលាក់លៀនរាក់នៅថែវខាងត្បូងនៃអង្គរវត្តបង្ហាញរូបទ្រង់គង់លើព្រះទែនធ្វើពីឈើយ៉ាងល្អវិចិត្រ ដែលវ្រះបាទទាំងពីរនិងរបាំងព្រះទែនរបស់ព្រះអង្គត្រូវបានគេឆ្លាក់ជារូបនាគរាជ។ នៅលើព្រះសិរសារបស់ទ្រង់គឺជាក្បាំងស្រួច និង ព្រះសោតាទាំងគូមានរយ៉ាសងខាង។ ទ្រង់ពាក់កងជើង កងដើមដៃ និង កងកដៃ។ ព្រះហស្ថស្ដាំកាន់ អ្វីម្យ៉ាងដូចជាពស់ងាប់មួយក្បាលតូចអត្ថន័យនៅតែមិនដឹង។ ដងព្រះកាយរបស់ទ្រង់ឆ្លាក់យ៉ាងសមសួន វ្រះបាទរបស់ព្រះអង្គបត់ខាងក្រោមព្រះកាយទ្រង់។ រូបភាពជាទូទៅឆ្លុះបញ្ចាំងនូវភាពស្ងប់ស្ងៀម និងភាពសុខក្សេមក្សាន្តស្រួលបួលជាមួយអំណាច និងតួនាទី។

ព្រះឆាយាលក្ខ័ណរបស់ទ្រង់គឺផ្នែកនៃគំនូរលំអិតអំពីជីវភាពក្នុងរាជវាំងនៅសម័យអង្គរ។ បរិយាកាសទស្សនីយភាពនេះបង្ហាញថានៅខាងក្រៅ កណ្ដាលព្រៃមួយ។ បរិវារលុតជង្គង់កាន់ផ្លិត អំបក់រុយ និងក្លស់តំណាងអោយឋានៈជាច្រើនពីលើព្រះករុណារបស់ពួកគេ។ ព្រះនាងជាច្រើនត្រូវបានគេលើកដាក់លើស្នែងឆ្លាក់យ៉ាងល្អល្អះ។ ព្រាហ្មណ៍ដែលមានពុកចង្កាឈរមើល ភាគខ្លះនៃអ្នកទាំងនោះកំពុងរៀបចំគ្រឿងប្រដាប់សំរាប់ធ្វើពិធីជាក់ប្រាកដមួយ។ នៅខាងស្ដាំព្រះករុណា អ្នកបំរើក្នុងវាំងលុតជង្គង់ បង្ហាញអការៈអ្វីម្យ៉ាង។ ទីប្រឹក្សាជាច្រើនអង្គុយមើល ដោយលុតជង្គង់ ខ្លះទៀតមានដៃដាក់លើទ្រូងក្នុងកាយវិការអោនលំទោន។ ទៅខាងស្ដាំយើងឃើញមានក្រុមសិល្បៈមួយ ជាមួយអ្នកហែហមប្រគំស័ង្ខ ស្គរ និង គង។ ហិបមួយបំពក់ព្រះភ្លើង សញ្ញានៃឫទ្ធានុភាព ត្រូវបានគេលើកដាក់លើស្មា។

បន្ថែមពីនោះក្នុងថែវគឺជាការបង្ហាញនូវអនុភាពយោធារបស់សូយ៌្យវម៌្ម។ ពួកមេបញ្ជាការដែលមានអាវក្រោះ និងសាស្ត្រាវុធឈរលើដំរីសង្គ្រាមដ៏កាចសាហាវ ដែលមានទាហានថ្មើរជើងជាច្រើនជួរនៅខាងក្រោម ទាហាននីមួួយៗកាន់លំពែងនិងខែល។ ម្នាក់ក្នុងចំណោមមេបញ្ជាការទាំងនោះគឺជាព្រះមហាក្សត្រអង្គឯងតែម្ដងមើលពីលើស្មាស្ដាំរបស់ទ្រង់ ព្រះកាយរបស់ទ្រង់បំពាក់ដោយអាវក្រោះ អាវុធមុតស្រួចក្នុងព្រហស្ថស្ដាំ។

ផ្នែក​គ្រប់គ្រង: វ្រះបាទ​សូយ៌្យវម៌្ម​ទី២ ទ្រង់​ចាត់​តាំង​ព្រះ​មហា​ឧបរាជ​ឲ្យ​ទៅ​គ្រប់គ្រង​បច្ចន្តរដ្ឋ ដូច​ក្នុង​រជ្ជកាល​មុនៗ តែ​ក្នុង​រជ្ជកាល​នេះ ព្រះ​មហា​ឧបរាជ​មាន​ដល់​ទៅ ៧ អង្គ គឺ​នៅ​ឝ្រីធម៌​នគរ ១ អង្គ នៅ​កំពែង​ពេជ្រកោសម្ពី ១ អង្គ, នៅ​លវបុរឝ្រីអយុធ្យា ១ អង្គ, ​ហរិបុញ្ជយ ១ អង្គ, នៅ​នគរវ្នំ ភាគ​ខាង​លើ ១ អង្គ, នៅ​ឃ្លាំង​ក្នុង​ដែន​កម្ពុជាក្រោម ក្នុង​បច្ចុប្បន្ន​នេះ ១ អង្គ, នៅ​វិជ័យ ក្នុង​ចាម្ប៉ា​រដ្ឋ ១ អង្គ។ សង្គ្រាម ​មិន​មែន​មាន​តែ​ជាមួយ​នឹង​នគរ​ចាម្ប៉ា​មួយ​ប៉ុណ្ណោះ​ទេ។ វ្រះបាទ​សូយ៌្យវម៌្ម​ទី​២ ព្រះអង្គ​បាន​ធ្វើ​ចំបាំង​រហូត​ទៅ​ដល់​នគរមន​នៃ​រដ្ឋ​ហរិបុញ្ជយ និង​នគរសៀម ដែល​ស្ថិត​នៅ​ខាង​ជើង​ទន្លេ​មេទឹក​ជិត​ជាប់​នឹង​ប្រទេស​ចិន

ក្នុងរជ្ជកាល​ព្រះអង្គ​ ទឹកដី​ខ្មែរ​មាន​ទំហំ​ធំ​ទូលំទូលាយ​ណាស់។ ខាងជើង ព្រំដែន​ដី​ខ្មែរ​ជាប់​នឹង​ប្រទេស​ចិន។ ខាងត្បូងទឹកដី​ខ្មែរ​លាត​សន្ធឹង​ទៅ​ដល់​សមុទ្រ ជាប់​ជិត​ជាមួយ​នគរ​ជ្វា នៅ​ទិស​ខាងលិច ជាមួយ​នឹង​ប្រទេស​ភូមា ហើយ​និង​ខាងកើត​ ជាមួយ​ប្រទេស​ចាម

វ្រះបាទ​សូយ៌្យវម៌្មទី២ ព្រះអង្គ​មិន​មែន​ពូកែ​តែ​ខាង​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​ពូកែ​ឈ្លាសវៃ​ក្នុង​ការ​រៀប​ចំ​កសាង​នគរ​ឲ្យ​បាន​សុខ​សន្តិភាព និងចម្រើនលូតលាស់​ដែរ។ ព្រះអង្គ​ខំ​រិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បំបាត់​កុំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មាន ​ប្រេះ​ឆា បែក​សាមគ្គីភាព​ក្នុង​សង្គម​ជាតិ។ ដូច្នេះ​ហើយ ទោះបី​ជា​ព្រះអង្គ​និយម​ចូល​ចិត្ត​គោរព​បូជា​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍​ក៏​ដោយ ក៏​ព្រះអង្គ​អនុញ្ញាត​ឲ្យ​សាសនា​ទាំង​បី ព្រះពុទ្ធសាសនា ព្រះសិវៈ និង​ព្រះវិស្ណុ មាន​សិទ្ធិ​សេរីភាព​ស្មើ​ដូច​គ្នា។ ព្រះអង្គ​គោរពបូជា នឹង​ការពារ​ថែរក្សា​ទំនុក​បំរុង​សាសនា​ទាំង​បី។ ព្រះអង្គ​បាន​បរិច្ចាគ​ផ្ដល់​នូវ​ព្រះរាជទ្រព្យ និង​កសាង​ផ្គត់ផ្គង់​កន្លែង​សក្ការៈបូជា​ជាច្រើន។

នគរវត្ត ជា​ស្នាដៃ​ដ៏​ធំ​ចំបង​អស្ចារ្យ​របស់​វ្រះបាទ​សូយ៌្យវម៌្ម​ទី​២ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​រន្ទឺ​សុះសាយ​ទៅ​គ្រប់​ទិសទី​លើ​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ ប្រាសាទ​នគរវត្ត​ក៏​ជា​រូបភាព​តំណាង​ប្រទេស​ជាតិ​ខ្មែរ​ដែរ។ នគរវត្ត​មាន​កសិណ ឬ​គូទឹក​ព័ទ្ធ​ជុំវិញ​ប្រហែល​ ១៦ ​គ.ម។ ចំណែក​កសិណ​ពិត​ប្រាកដ​របស់​ប្រាសាទ​មាន​បណ្ដោយ​ប្រវែង​ ១៥០០ ​ម x ១៣០០ ​ម និង​ទទឹង​ប្រវែង​ជា ​២០០ ​ម។ ផ្លូវ​ធំ​ចូល​ពី​ទិស​ខាងលិច​ទៅ​ដល់​ប្រាសាទ​កណ្ដាល​មាន​ប្រវែង ​២៥០ ​ម។ ឯ​កំពូល​កណ្ដាល​ខ្ពស់​ធំ​ជាង​គេ​បំផុត​របស់​នគរវត្ត​មាន​កំពស់ ​៦៥ ​ម។ នេះ​យើង​មិន​រាប់​រៀប​អំពី​រូប​ចំលាក់​យ៉ាង​ញឹក​ស្អេក​ដែល​មាន​លើ​ផ្ទាំង​ ជញ្ជាំង​ថ្ម​ផង។ល។

វ្រះបាទ​សូយ៌្យវម៌្ម​ទី​២ បាន​កសាង​ប្រាសាទ​នគរវត្ត​ដើម្បី​ថ្វាយ​បូជា​ដល់​ព្រះវិស្ណុ។ ព្រះអង្គ​ក៏​បាន​ទុក​ស្លាក​ស្នាម ព្រះភក្ត្រ​រូបរាងកាយ​ព្រះអង្គ​ជា​ភស្តុតាង​ដែរ​នៅ​លើ​ផ្ទាំង​សិលា​នគរវត្ត។ អ្នក​ស្រាវជ្រាវ​បរទេស​ខ្លះ​មាន​ជំនឿ​ថា បដិមា​ព្រះវិស្ណុ​នៅ​ចំ​កណ្ដាល​កំពូល​ធំ​នគរវត្ត​ ជា​រូប​ព្រះសូយ៌្យវម៌្មទី​២។ ហើយ​ព្រះមហាក្សត្រ​គង់​លើ​រាជបល្លង្ក​អម​ទៅ​ដោយ​បរិវារ និង​នាម៉ឺន​មុខ​មន្ត្រី ដែល​សិល្បករ​ខ្មែរ​បាន​ឆ្លាក់​ជាប់​លើ​ជញ្ជាំង​ថែវ​ខាងត្បូង​ជាន់​ទី​២ ក៏​ជា​វ្រះបាទ​សូយ៌្យវម៌្មទី​២​ដែរ។

ប្រាសាទ​បឹងមាលា ក៏​ជា​ស្នាដៃ​ព្រះអង្គ​ដែរ។ ប្រាសាទ​បឹងមាលា​ដែល​មាន​លំនាំ​ប្រហាក់​ប្រហែល​នឹង​នគរវត្ត ស្ថិត​នៅ​ប្រមាណ​ជា​ ៤០​ គ.ម ខាងកើត​នគរធំ ឬ​មហានគរ។ មាន​ទំហំ​ប្រវែង​ ១៨១ ​ម x ១៥២ ​ម។ ប៉ុន្តែ​ប្រាសាទ​នេះ​គ្មាន​លក្ខណៈ​ខ្ពស់​លេច​ចេញ​ត្រដែត​ដូច​នគរវត្ត​ទេ។ បន្ទាយសំរែ ត្រូវ​បាន​កសាង​នៅ​ក្នុង​រជ្ជកាល​ព្រះអង្គ​ដែរ។ ទោះបី​ជា​មិន​សូវ​ល្បីល្បាញ​ដូច​ប្រាង្គ​ប្រាសាទ​ឯ​ទៀត ហើយ​មាន​ទំហំ​មិន​អស្ចារ្យ​ក៏​ដោយ​ ក៏​គេ​អាច​ចាត់​ទុក​ជា​ស្នាដៃ​មួយ​យ៉ាង​ល្អ​ប្រណិត​ដែរ។

ប្រាសាទ​ព្រះវិហារ នៅ​លើ​ជួរ​ភ្នំ​ដងរែក ដែល​ចាប់​ផ្ដើម​កសាង​តាំង​តែ​ពីរ​រជ្ជកាល​ព្រះមហាក្សត្រ​ខ្មែរ​វ្រះបាទ​យឝោវម៌្មទី​១ ត្រូវ​បាន​ព្រះអង្គ​សង់​បន្ត​រហូត​ដល់​ហើយ​ជា​ស្ថាពរ។ វ្រះបាទ​សូយ៌្យវម៌្មទី២ បាន​ទុក​ជា​កេរ្តិ៍មរតក​នូវ​ទឹក​ដី​ធំ​ទូលំ​ទូលាយ​នូវ​ប្រាង្គ​ប្រាសាទ​ នគរវត្ត​ដ៏​ល្អ​ប្រណិត​គ្មាន​ពីរ និង​កិត្យានុភាព​ខ្មែរ​ជា​មហាអំណាច​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ព្រះអង្គ​បាន​ចូល​ទិវង្គត​ក្នុង​ គ.ស​ ១១៥០។[]

ពង្សាវលី

[កែប្រែ]

ការសោយទិវង្គត និង ការស្នងរាជ្យបន្ត

[កែប្រែ]

ភស្តុតាងសិលាចារឹកលើកឡើងថាសូយ៌្យវម៌្មទី២បានសោយទិវង្គតនៅចន្លោះ គ.ស ១១៤៥ និង ១១៥០ ប្រហែលកំឡុងយុទ្ធនាការយោធាតទល់នឹងចាម្ប៉ា។ ទ្រង់ត្រូវបានសោយរាជ្យបន្តដោយធរណីន្ទ្រវម៌្មទី២ ព្រះភាតាអយ្យកាមួយ រាជបុត្រនៃព្រះភាតា?នៃព្រះមាតារបស់ទ្រង់។ សម័យកាលនៃការគ្រប់គ្រងទន់ខ្សោយនិងជំលោះបានចាប់ផ្ដើម។

សូយ៌្យវម៌្មត្រូវបានគេថ្វាយបច្ឆាមរណនាមថា វ្រះបាទបរមវិឝ្ណុលោក ទ្រង់បានយាងទៅកាន់ស្ថាននៃព្រះវិឝ្ណុ។ អង្គរវត្តបានបញ្ចប់បង្ហើយលុះត្រាទាល់តែទ្រង់សោយទិវង្គតសិន។ រូបចំលាក់ទំនើបដែលយកលំនាំតាមព្រះឆាយាលក្ខ័ណ៍ក្នុងរាជវាំងរបស់ទ្រង់ជាចំលាក់លៀនរាក់ៗ អង្គរវត្តនាពេលសព្វថ្ងៃនេះ ស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ជាច្រើននៅឯព្រលានយន្តហោះសៀមរាប។ ក្លស់ជាច្រើនបានបាំងព្រះឆាយាលក្ខ័ណនៃព្រះមហាក្សត្រអង្គនេះ ពេលនោះពួកគេបានធ្វើតាមរូបពិតសូយ៌្យវម៌្មអស់ជិតជាងប្រាំបួនសតវត្សកន្លងមកហើយ។

វប្បធម៌សម័យនិយម

[កែប្រែ]

សូយ៌្យវម៌្មទី២គឺជាមេដឹកនាំអារ្យធម៌ក្នុងល្បែងកំសាន្តគណនូបករណ៍ ២០០៧ PC Civilization IV: Beyond the Sword។ ក្នុងល្បែងនេះ សូយ៌្យវម៌្មគឺជាមេដឹកនាំចក្រភពខ្មែរនិងមានលក្ខណៈដឹកនាំ "បង្កើត" និង "វាតទី" (លក្ខណៈទាំងនេះត្រូវបានប្រើពីមុនដោយគូរុសនៃពែរ្សនៅក្នុងល្បែង Civilization IV ដើម)។

កំណត់

[កែប្រែ]
  1. Briggs, "The Ancient Khmer Empire," p. 187.
  2. A History of India Hermann Kulke, Dietmar Rothermund: p.125
  3. Higham, "The Civilization of Angkor," p. 113.
  4. Briggs, "The Ancient Khmer Empire," p. 192.
  5. Briggs, "The Ancient Khmer Empire," p. 189.
  6. http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-ngor/[តំណភ្ជាប់ខូច]

ឯកសារយោង

[កែប្រែ]
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society, Volume 41, Part 1. 1951
  • Higham, Charles. The Civilization of Angkor. University of California Press. 2001
  • Vickery, Michael, The Reign of Suryavarman I and Royal Factionalism at Angkor. Journal of Southeast Asian Studies, 16 (1985) 2: 226-244.
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ធរណីន្ទ្រវម៌្មទី២, ន្ឫបតីន្ទ្រវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១១១៣–១១៤៥ រឺ ១១៥០
តដោយ
ធរណីន្ទ្រវម៌្មទី៣