ខៀវ សំផន
ខៀវ សំផន | ||
---|---|---|
ប្រវត្តិរូបសង្ខេប | ||
ឈ្មោះ | ខៀវ សំផន | |
ហៅក្រៅ | តាឈុន ឬតាហុង | |
ថ្ងៃកំណេីត | ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ | |
ទីកន្លែងកំនើត | ឃុំរំចេក ស្រុករំដួល ខេត្តស្វាយរៀង | |
ឪពុកឈ្មោះ | ខៀវ ឡុង | |
ម្តាយឈ្មោះ | ប៉ោ គង់ | |
មុខងារ | ប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ ។ |
លោក ខៀវ-សំផន គឺជាអតីតអ្នកមានឥទ្ធិពលម្នាក់របស់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ លោកធ្លាប់បម្រើជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃរបបនេះ។
ជីវប្រវត្តិ
[កែប្រែ]លោកជាអ្នកកាត់ចិន កើតនៅខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ ត្រូវនឹងឆ្នាំមមែ នៅឃុំរំចេក ស្រុករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ានៃប្រទេសកម្ពុជា។ ឳពុកឈ្មោះ ខៀវ-ឡុង ជាមេធាវី ម្តាយឈ្មោះ ប៉ោ-គង់។ លោក ខៀវ-សំផន មានប្អូនម្នាក់ឈ្មោះ ខៀវ-សេងគីម មានប្រពន្ធឈ្មោះ សូ-សុជាតិ និងមានកូន ៤នាក់។ លោក ខៀវ-សំផន មានឈ្មោះបដិវត្តន៍ថា សមមិត្ត ហែម ហើយឈ្មោះហៅក្រៅថា តាឈុន ឬតាហុង។
ប្រវត្តិសិក្សា
[កែប្រែ]លោក ខៀវ សំផន បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយនៅ ទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ ១៩៥៩ ព្រោះ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្យបន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបប សង្គមរាស្រ្តនិយម និងបាន បង្កើតកាសែតមួយឈ្មោះថា “ ឡុបស៊ែរវ៉ាទ័រ” ដែលមានទិសដៅឆ្លុះបញ្ចាំងមតិរបស់បញ្ញាជន គ្រូបង្រៀន និងមន្រ្តីរាជការមួយចំនួនធំ ដែលគាំទ្រនយោបាយអព្យាក្រឹតរបស់សម្តេចព្រះបាទនរោត្ដម សីហនុ ពេលនោះស្រុកខ្មែរគ្មាន មហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឡើយទេ ដូច្នេះ រៀន មហាវិទ្យាល័យ ៤ ឆ្នាំ បានថ្នាក់ បណ្ឌិត សមឬទេ ?
ស្ថានភាពការងារ
[កែប្រែ]នៅឆ្នាំ១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើជាមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ដែលកាលនោះលោកមានឋានៈជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមហាជនជាច្រើនសរសើរថាជាមន្រ្តីស្អាតស្អំម្នាក់។ នៅឆ្នាំ១៩៦០ លោក ខៀវ សំផន ប្រកាសឲ្យមានការតស៊ូមួយ ដើម្បីរំដោះទឹកដីកម្ពុជាក្រោមមកវិញ។ ឆ្នាំ១៩៦២ លោក ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកណ្តាល ហើយនៅឆ្នាំ១៩៦៦ លោកបានជាប់ឆ្នោតជាតំណាងរាស្រ្តម្តងទៀត។ ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ គាត់ ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុលពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។
ការចូលរួមជាមួយខ្មែរក្រហម
[កែប្រែ]ក្រោយព្រឹត្តិការណ៍បះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង មានការគំរាមចាប់ខ្លួនលោកបញ្ជូនទៅតុលាការសឹក ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៦៧ លោក ខៀវ សំផន បានបង្ខំចិត្តរត់ពីភ្នំពេញទៅលាក់ខ្លួននៅព្រៃក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលមានចលនាតស៊ូខ្មែរក្រហមនៅទីនោះ រួមទាំងលោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅខែកក្កដា ឆ្នាំ១៩៧១ ខៀវ សំផន បានធ្វើជាប្រធានអង្គប្រជុំរយៈពេលពីរសប្តាហ៍ រៀបចំឡើងនៅទីស្នាក់របស់ប៉ុលពតនៅភូមិភាគឧត្តរ ដើម្បីពិភាក្សាថា តើត្រូវអនុញ្ញាតឲ្យសម្តេចព្រះ នរោត្តម សីហនុ ចូលរួមក្នុងចលនាតស៊ូដែរឬទេ។ នៅក្នុងពេលតស៊ូ ក៏ដូចក្នុងសម័យកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន បានដើរតួនាទីជាអ្នកទំនាក់ទំនងដ៏សំខាន់ម្នាក់រវាងសម្តេចព្រះ នរោត្តម សីហនុ និងក្រុមខ្មែរក្រហម ប៉ុល ពត។ នៅឆ្នាំ១៩៧១ ដដែល ខៀវ សំផន បានចូលជាសមាជិកត្រៀមនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ហើយនៅពាក់កណ្តាលឆ្នាំ ១៩៧៦ បានត្រូវគណៈមជ្ឈិមបក្សទទួលជាសមាជិកពេញសិទ្ធិ។ នៅឆ្នាំ១៩៧៤ លោក ខៀវ សំផន គាំទ្រឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ខៀវ សំផន បានចូលប្រជុំគណៈអចិន្ត្រៃយ៍ ស្តីពីការបែងចែកការងារ ហើយអង្គប្រជុំនោះ បានចាត់តាំងឲ្យលោកទទួលបន្ទុកផ្នែករណសិរ្ស និងរាជរដ្ឋាភិបាលពាណិជ្ជកម្មខាងបញ្ជី និងតម្លៃ។ ថ្ងៃទី៨ ខែមីនា ១៩៧៦ ខៀវ សំផន បានចូលរួមក្នុងអង្គប្រជុំការងារមូលដ្ឋាន ស្តីពីបញ្ហាបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ និងអំពីសភាពការណ៍នៅតំបន់ ១០៣ និង ១០៦ នៃភូមិភាគឧត្តរ។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា លោក ខៀវ សំផន ត្រូវបានជ្រើសតាំងឲ្យធើ្វជាប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ នៅពាក់កណ្តាល ឆ្នាំ១៩៧៦ ខៀវ សំផន ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃបក្ស កុម្មុយនីស្តកម្ពុជា ដែលជាគោលការណ៍កិច្ចការសំខាន់ៗ ក៏ដូចជាគោលនយោបាយរដ្ឋាភិបាល សុទ្ធតែត្រូវបានសម្រេចដោយគណៈកម្មាធិការមួយនេះ។ យោងតាមសម្តីរបស់លោក អៀង សារី នៅដើមឆ្នាំ១៩៧៧ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានមន្ទីរ ៨៧០ ដែលជាមន្ទីររបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា ជំនួសកន្លែងរបស់សមមិត្ត ឌឿន។ ប៉ុន្តែលោក ខៀវ សំផន បានបដិសេធនៅក្នុងលិខិតចំហរបស់លោកថា ការអះអាងនេះ មិនមែនជាការពិតទេ ហើយលោកបន្ថែមថា លោកគ្រាន់តែជាសមាជិកសាមញ្ញមួយរូបប៉ុណ្ណោះ នៅក្នុងមន្ទីរនេះ។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដួលរលំពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ លោក ខៀវ សំផន នៅតែជាតំណាងជាន់ខ្ពស់របស់ភាគីខ្មែរក្រហម នៅក្នុងរដ្ឋាភិបាលត្រីភាគីរបស់អ្នកតស៊ូប្រឆាំងវត្តមានរបស់វៀតណាម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២។
ស្ថានភាពករណី
[កែប្រែ]បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។
ចំណុចចោទប្រកាន់
[កែប្រែ]ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
- ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម។
- ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
- អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាសនា ដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ ទាំងអស់មកលើគាត់។
ដំណើការកាត់ក្តី
[កែប្រែ]ឯកសារយោង
[កែប្រែ]- សាលាក្ដីខ្មែរក្រហម - ខៀវ សំផន Archived 2011-11-25 at the វេយប៊ែខ ម៉ាស៊ីន.
|