ព្រះនាងយសោធរា
ព្រះនាង យសោធរា (Yashodharā) មានព្រះនាមហៅច្រើនយ៉ាង ដូចជា ១) ពិម្ពា (Bimbā), ២) ពិម្ពាយសោធរា (Bimbā Yashodharā), ៣) ភទ្ទកច្ចានា (Bhaddakaccānā), ៤) រាហុលមាតា (Rāhula Mātā)។
ជីវប្រវត្តិ
[កែប្រែ]ព្រះនាង យសោធរា (កនិដ្ឋាព្រះទេវទត្ត) ជាបុត្រីព្រះបាទ សុប្បពុទ្ធ នៃកោលិយវង្ស (Koliya) និង ព្រះនាងបមិត្តា នៃសាក្យវង្ស ដែលជាកនិដ្ឋា (ប្អូន) របស់ព្រះបាទ សុទ្ធោទនៈ នៃសាក្យ ឬ សក្កវង្ស (Shākya, Sokyā, Sakka, ឬ Sākiyā) ។ ពេលចម្រើនវ័យ ព្រះជន្មបាន ១៦ វស្សា ព្រះនាង យសោធរា បានរៀបអភិសេកជាអគ្គមហេសីរបស់ព្រះអង្គ សិទ្ធត្ថ គោតម (ជាបងប្អូនជីដូនមួយ និង មានអាយុស្មើគ្នា) ដែលជាបុត្ររបស់ព្រះបាទ សុទ្ធោទនមហារាជ ។ កាលព្រះនាងមានព្រះជន្ម ២៩ ព្រះវស្សា ព្រះនាងបានប្រសូត្របុត្រាមួយព្រះអង្គ ដែលត្រូវបានដាក់ព្រះនាមថា រាហុលកុមារ។ ក្នុងថ្ងៃដែលព្រះនាងប្រសូត្របុត្រនោះ ព្រះអង្គ សិទ្ធត្ថ ក៏បានយាងចេញពីព្រះនគរ កបិលពស្តុ ដើម្បីសាងផ្នួស ។ ក្រោយពីបានឮដំណឹងថា ព្រះអង្គ សិទ្ធត្ថ ទ្រង់ចាកចេញពីព្រះនគរ ចាកចេញពីការសោយសុខនៅក្នុងព្រះរាជវាំង ព្រះនាងក៏សម្រេចចិត្តធ្វើតាមព្រះអង្គ ដោយមិនពាក់គ្រឿងអលង្ការ ស្លៀកសំពត់កាសាវពស្រ្ត (ស្បង់) ផ្ទុំផ្ទាល់នឹងកម្រាល សោយអាហារតែមួយពេល ។ ព្រះអង្គម្ចាស់ដែលជាបុត្ររបស់ស្តេចនៅនគរដទៃៗ បានសុំដណ្តឹងព្រះនាងជាមហេសី តែព្រះនាងបានបដិសេធ ។
សាងផ្នួស
[កែប្រែ]ក្រោយពេលបានត្រាស់ដឹង ព្រះអង្គ សិទ្ធត្ថ ក៏យាងត្រឡប់មកព្រះនគរដើម្បីបង្រៀនព្រះញាតិវង្សរបស់ព្រះអង្គ ឲ្យយល់ច្បាស់នូវគោលលទ្ធិថ្មីរបស់ព្រះអង្គ ។ ដោយសារការនឹករលឹក និង ការអន់ចិត្តខ្លាំងពេក ព្រះនាង យសោធរា មិនព្រមយាងចេញមកជួបនឹងព្រះអង្គ សិទ្ធត្ថ ឡើយ ។ ព្រះពុទ្ធទ្រង់ពិចារណាឃើញថា បើព្រះអង្គមិនយាងទៅរកព្រះនាង យសោធរា ទេ ច្បាស់ជាព្រះនាងនឹងបែកហឫទ័យ ក្ស័យព្រះជន្មក្នុងថ្ងៃនេះមិនខាន ។ ព្រះពុទ្ធទ្រង់ក៏យាងទៅសម្តែងព្រះធម្មទេសនាអំពីអតីតជាតិកាល ដែលព្រះអង្គ និង ព្រះនាង មានកំណើតជាសត្វកិន្នរ កិន្នរី ។ ក្រោយពេលសម្តែងព្រះធម្មទេសនានេះចប់ ព្រះនាងក៏បានសម្រេចសោតាបត្តិផល ។ ក្រោយពេលព្រះនន្ទបួសបាន ៧ ថ្ងៃ ព្រះនាង យសោធរា មានបំណងឲ្យព្រះរាហុលដែលជាបុត្ររបស់ព្រះនាង ទៅសុំកំណប់ទ្រព្យពីព្រះពុទ្ធ ។ ព្រះពុទ្ធទ្រង់ក៏ប្រទានអរិយទ្រព្យ ៧ ប្រការឲ្យដល់ រាហុលកុមារ ។ ពេលសម្តែងអំពី អរិយទ្រព្យ នេះចប់ ព្រះពុទ្ធបង្គាប់ឲ្យ ព្រះសារីបុត្រ បំបួសព្រះ រាហុល កុមារ ។ ក្រោយពេល ព្រះរាហុល បានបព្វជ្ជាហើយ ព្រះនាង យសោធរា ក៏យាងសាងផ្នួសព្រមជាមួយនឹងព្រះនាង មហាបជាបតិគោតមី ។ បន្ទាប់ពីបួសជាភិក្ខុនីហើយ ព្រះនាង យសោធរា បានសម្រេចជាព្រះអរហន្តីមួយរូបមានឈ្មោះថ្មីថាភទ្ទាកច្ចានាភិក្ខុនី ដែលជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងរឭកជាតិបាន ។
យោង
[កែប្រែ]- សៀវភៅ ព្រះផ្លូវនិព្វាន ដោយ យិនគឹមវាណ ព.ស.២៥៥៣
សុតន្តបិដក ខុទ្ទកនិកាយ លេខ៦០