Jump to content

ភទ្ទាកាបិលានី

ពីវិគីភីឌា

ព្រះ​នាង​ភទ្ទាកាបិលានីថេរី ជា​ភិក្ខុនី​កំពូល​ជាង​ភិក្ខុ​នី​ទាំង​ឡាយ​ផ្នែក​ខាង​រលឹក​ជាតិ​​​ដឹង​កម្ម​របស់​សត្វទាំងឡាយ។

បច្ចុប្បន្នជាតិ

[កែប្រែ]

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

នាង​ភទ្ទាកាបិលានី ជា​ស្រី្ត​ស្អាត​ដាច់​គេ​ ក្នុងសាគលនគរ រក​ស្រី​ណា​ប្រៀប​នឹង​នាង​មិន​បាន​ឡើយ។ នាង​មាន​លក្ខណៈ​ពិសេស​នៅ​ក្នុង​ខ្លួន គឺ​ពេល​នាង​អង្គុយ​ក្នុង​បន្ទប់​ដែល​ទូលាយ ១២ហត្ថ ក្នុង​យប់​ងងឹត​ឈឹង មិន​បាច់​ដុត​ប្រទីប​ទេ ពន្លឺ​ដែល​ចេញ​អំ​ពី​កាយ​របស់​នាង​ធ្វើអោយ​ភ្លឺ​ទូទៅ​ពេញ​បន្ទប់។ នាង​ភទ្ទាកាបិលានី​ជា​ធីតា​របស់​ព្រាហ្មណ៍ កោសិយ្យគោត្រ ដែល​ជា​ត្រកូល​ព្រាហ្មណ៍​មាន​ឋានៈ​ល្អ​មួយ​ក្នុង​នគរ​នេះ។

អាពាហ៍​ពិពាហ៍

[កែប្រែ]

នាង​បាន​រៀប​មង្គលការ​ជា​មួយ​បិប្ផលិមាណព ជា​កូន​របស់​កបិលព្រាហ្មណ៍ និង​សុមនទេវីព្រាហ្មណី។ ក្រោយ​រៀប​អាពាហ៍​ពិពាហ៍ អ្នក​ទាំង​ពីរ​មិន​បាន​រួម​រស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ឡើយ គឺ​គ្រាន់​តែ​ក្នុង​នាម​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​នឿយ​ណាយ​ចំពោះ​កាម​អារម្មណ៍នេះ។ សូម្បី​តែ​ការ​ប៉ះ​កាយ ឬ​គ្រាន់​តែ​ញញឹម​ដោយ​រាគៈ ក៏​គ្មាន​ក្នុង​ចិត្ត​អ្នក​ទាំង​ពីរ​ឡើយ។

ចេញបួស

[កែប្រែ]

ក្រោយពេល​មាតា​បិតា​ទាំង​សង​ខាង​​អស់​អាយុ ពួក​គេ​ទាំង​ពី​របាន​ពិចារណា​ឃើញ​​ក្នុង​ភព​បី​នេះ ប្រាកដ​ដូច​ជា​ខ្ទម​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ក៏​សម្រេច​ចិត្ត​ដោះ​ខ្ញុំ​បម្រើ​ទាំង​ឡាយ​អោយ​ទៅ​ជា​អ្នក​ជា​ទាំង​អស់ អ្នក​ទាំង​ពីរ​ក៏​ចុះ​ចេញ​ពី​ផ្ទះ​មាន​ភេទ​ជា​បព្វជិត​ធើ្វ​ដំណើរ​តទៅ។ ដោយ​ការពារ​ការ​យល់​ខុស និង​ពាក្យ​តិះដៀល​និន្ទា​របស់​អ្នក​ដទៃ (ព្រោះ​បើ​អ្នក​ណា​និន្ទា​បព្វជិត ដោយ​ពាក្យ​មិន​ពិត អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ) ពួក​គេ​ទាំង​ពីរ​ក៏​ដើរ​បែក​គ្នា​ទៅ​តាម​ទិស​រៀង​ខ្លួន។ ព្រះ​នាង​បាន​ជ្រើស​រើស​ផ្លូវ​ខាង​ឆ្វេង​សំរាប់​ដើរ។ នាង​បាន​បួស​ក្នុង​សម្នាក់អ្នកបួស​ក្រៅ​ពុទ្ធសាសនា។ ព្រោះ​ក្នុង​ពេល​នោះ​ ព្រះ​សម្ពុទ្ធ​នៅ​មិន​ទាន់​ស្ថាបនា​ភិក្ខុនី​សង្ឃ​នៅ​ឡើង។ រហូត​ដល់​ពេល​ដែល​ព្រះ​នាង​បជាបតិគោតមី សុំ​ព្រះ​អង្គ​បួស​ជា​ភិក្ខុនី ព្រះ​នាង​ភទ្ទាកាបិលានី​ ក៏​ចូល​បួស​ក្នុង​សម្នាក់ព្រះភិក្ខុនីនោះ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​នាង​ក៏​បាន​សម្រេច​ជា​ព្រះ​អរហន្តីមួយ​អង្គ មាន​ជំនាញ​ផ្នែក​ខាង​​រលឹក​ជាតិខ្លួន​ឯង​ និង​អ្នក​ដទៃ។

អតីតជាតិ

[កែប្រែ]

ចន្លោះ​ព្រះ​ពុទ្ធ​ពីរ​ព្រះអង្គ

[កែប្រែ]

នៅ​ចន្លោះ​កាល​របស់​ព្រះ​កោនាគមន​សម្ពុទ្ធ​ និង​ព្រះ​កស្សប​សម្ពុទ្ធ ជាតិ​មួយ នាង​ភទ្ទាកាបិលានី បាន​កើត​ជា​ភរិយារបស់​សុមិត្ត​កុដុម្ពីក៍(អតីត​ជាតិ​របស់​ព្រះ​កស្សបៈ)។ ថ្ងៃ​មួយ​នាង​កំពុង​ឈ្លោះ​ជា​មួយ​ប្អូន​ថ្លៃ​នៅ​ក្នុង​ផ្ទះ ខណៈ​នោះ​មាន​ព្រះបច្ចេកពុទ្ធ​មួយ​អង្គ​មក​បិណ្ឌបាត​ ប្អូន​ស្រី​របស់​សុមិត្ត​ក៏​ប្រញាប់​ចាត់​ចែង​អាហារ​មក​ដាក់​បាត្រ​ព្រះ​បច្ចេកពុទ្ធ ហើយ​តាំង​សេច​ក្តី​ប្រាថ្នា​ថា សូម​អោយ​ខ្ញុំ​ឆ្ងាយ​ចាក​មនុស្ស​ពាល​ដូច្នេះ​ទាំង​រយ​យោជន៍ ភរិយា​សុមិត្ត​ឈរ​នៅ​បរិវេណ​ផ្ទះ​មិន​ឆ្ងាយ​ប៉ុន្មាន លុះឮ​ពាក្យ​ប្អូន​ថ្លៃ​ដូច្នោះ ក៏​ក្រោធ​ឡើង​ភ្លាម រហូត​មិន​អាច​ហាម​ឃាត់​បាន នាង​គិត​បែប​ជា​មនុស្ស​ពាល​ថា កុំ​អោយ​លោក​បាន​ឆាន់​អាហារ​ដែល​ស្រី​នេះ​ប្រគេន​ឡើយ នាង​ដើរ​សំដៅចូល​ទៅ​ដណ្តើម​បាត្រ​ពី​ព្រះ​បច្ចេកពុទ្ធមក ហើយ​ចាក់​បាយ​ចោល​អស់ យក​ភក់​ដាក់​ក្នុង​បាត្រ​រហូត​ពេញ​ជំនួស​បាយ ឯ​ប្អូន​ស្រី​កុដុម្ពីក៍​ឃើញ​ដូច្នោះទើប​ស្រែក​ឡើង​ថា "មេ​មនុស្ស​ពាល នាង​ជេរ​ថា​យើង​ល្អ​ជាង នាង​ចាក់​បាយ​អំ​ពី​បាត្រ​របស់​លោក​អ្នក​បំពេញ​បារមី​មក​យូរ​រាប់​​២​អសង្ខេយ្យ ហើយ​ដាក់​ភក់​ប្រគេន​មិន​សម​គួរ​ឡើយ នាង​ជា​មនុស្ស​បាប​ធ្ងន់​ណាស់។ ភរិយា​កុដុម្ពីក៍ ស្តាប់​ពាក្យ​ប្អូន​ថ្លៃ​ស្រែក​ដូច្នេះ ក៍​ដឹង​ខ្លួន​ទាន់ថា បាន​ធ្វើ​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ ទើប​រត់​ចុះ​តាម​ព្រះ​បច្ចេក​ពុទ្ធ​ទៅ សូម​យក​បាត្រ​មក​ចាក់​ភក់​ចោល លាង​អោយ​ស្អាត ដុសខាត់​ដោយ​គ្រឿង​ក្រអូប ដាក់​អាហារ​ដែល​មាន​រសឆ្ងាញ់​៤​ប្រការចូល​ទៅ និង​ដាក់​បាយ​លាយ​ទឹក​ដោះ​ថ្លា ដែល​មាន​ពណ៌​ដូច​ជា​ពណ៌​ត្របក​ផ្កា​ឈូក​ខាង​លើ ហើយ​នាំ​ទៅ​ប្រគេន​ព្រះ​បច្ចេកពុទ្ធ និង​តាំង​សេចក្តី​ប្រាថ្នា​ថា "ផ្កា​ដែល​ខ្ញុំ​ម្ចាស់​ប្រគេន​មាន​ពណ៌​ស្អាត​យ៉ាង​ណា សូម​អោយ​រាង​កាយ​ខ្ញុំ​ម្ចាស់​មាន​ពណ៌​ស្អាត​យ៉ាង​នោះ" ព្រះ​បច្ចេកពុទ្ធ​ធ្វើ​ការ​អនុមោទនាហើយ ហោះ​ត្រឡប់​ទៅ​កាន់​ទី​នៅ​របស់​លោក។ លុះ​នាង​ជា​ភរិយា​អស់​អាយុ ក៏​ទៅ​កើត​ក្នុង​ទេវលោក។

ពុទ្ធ​កាល​ព្រះ​កស្សបសម្ពុទ្ធ

[កែប្រែ]

លុះ​ច្យុត​ចាក​ទេវលោក នាង​ក៏​បាន​កើតជា​ធីតា​របស់​សេដ្ឋី។ លុះ​ចម្រើន​វ័យ​ហើយ ក៏​បាន​ជា​ស្វាមី​ភរិយា​ជា​មួយ​នឹង​ព្រះ​មហាកស្សបៈ​ទៀត។ តែ​មុន​នឹង​បាន​ជា​ស្វាមី​ភរិយា មាន​រឿង​ដែល​នាំ​អោយ​ដាច់​ទំនាក់​ទំនង​គ្នា​ដល់​៧​ដង។ កាល​ព្រឹទ្ធាចារ្យ​មក​កាន់​ត្រកូល សុំ​នាំ​នាង​ទៅ​កាន់​ត្រកូល​ខាង​ស្វាមី ពេល​នាង​ឈាន​ជើង​ចូល​ក្នុង​ទ្វារ​ផ្ទះ​ខាង​ស្វាមី រាង​កាយ​របស់​នាង​គ្រប់​ចំណែក​មាន​ក្លិន​ស្អុយ​ភាយ​ឡើង​ដូច​ជា​បង្គន់ ដែល​គេ​បើត​មាត់​រណ្តៅ​ទុក​ចោល សេដ្ឋី​បុត្រ​ធុំ​ក្លិន​ស្អុយ​ទ្រាំ​មិន​បាន ទើប​សួរ​ថា នេះ​ជា​ក្លិន​អ្វី មក​ពីណា លុះ​ជ្រាប​ថា ជា​ក្លិន​ដែល​កើត​ពី​សេដ្ឋី​ធីតា គេ​ក៏​បញ្ជូន​នាង​ត្រឡប់​ទៅ​ខាង​មាតា​បិតា​វិញ ក្រោយ​មក​សេដ្ឋីបុត្រ​រឭក​នាង​ ក៏​អោយ​គេ​នាំ​មក​ម្តង​ទៀត តែ​ហេតុការដូច​ពេល​មុន​អស់​ចំនួន​៧​លើក។ នេះ​គឺ​ព្រោះ​អំណាច​បាបកម្ម​​ដែល​នាង​ខឹង​ក្រោធ​នឹង​ប្អូន​ថ្លៃ ហើយ​យក​ភក់​ដាក់​បាត្រ​ព្រះ​បច្ចេកពុទ្ធ​ក្នុង​ជាតិ​មុន។
កាល​តមក ព្រះ​កស្សបសម្ពុទ្ធ​បាន​រំលត់​ខន្ធ​ចូល​និព្វាន មហា​ជន​នាំ​គ្នា​កសាង​ចេតីយ៍​កំពស់​មួយ​យោជន៍ ដោយ​ឥដ្ឋ​មាស តម្លៃ​មួយ​ដុំ​មួយ​សែន​តម្លឹង ដើម្បី​បញ្ចុះ​ព្រះ​សារី​រិក​ធាតុរបស់​ព្រះ​កស្សប​សម្មា​សម្ពុទ្ធ ខណៈ​នោះ សេដ្ឋី​ធីតា​គិត​ថា យើង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​អស់​៧​លើក​ហើយ យើង​នឹង​ត្រូវ​ការ​អ្វី​ដោយ​ជីវិត​របស់​យើង គិត​ហើយ នាង​បញ្ជារ​អោយ​អ្នក​បម្រើ​យក​អលង្ការ​មាស​របស់​នាង​ទាំង​អស់​ទៅ​រំលាយ​ធ្វើ​ជា​ឥដ្ឋ​មាស​ប្រវែង​មួយ​ហត្ថ កំពស់​មួយ​ចង្អាម​បួន​ធ្នាប់ កាន់​ផ្កាឈូក​៨​ក្តាប់​ទៅ​កាន់​ទី​សាង​ព្រះ​ចេតីយ៍​នោះ នាង​បាន​យក​ឥដ្ឋ​នោះ​ទៅ​​បំពេញ​ព្រះ​ចេតីយ៍(ដែល​ខ្វះ​មួយ​ដុំ​ល្មម)។ ក្រោយ​ពេល​ដាក់​ហើយ នាង​បាន​បូជា​ផ្កាឈូក​៨​ក្តាប់​ ហើយ​នាង​លើក​ដៃ​ថ្វាយ​បង្គំ​តាំង​សេចក្តី​ប្រាថ្នា "​មិន​ថា​ខ្ញុំ​កើត​ក្នុង​ទី​ណាៗ​ឡើយ ចូរ​អោយ​ក្លិន​កាយ​របស់​ខ្ញុំ​ក្រអូប​ដូច​ក្លិន​ចន្ទន៍ ក្លិន​មាត់​ក្រអូប​ដូច​ក្លិនផ្កាឈូក កាល​នាង​ប្រាថ្នា​ដូច្នោះ​ហើយ ទើប​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ចេតីយ៍​ដើរ​ប្រទក្សិណ​៣​ជុំ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ។
ខណៈ​នោះ សេដ្ឋី​បុត្រក៏​អោយ​គេ​នាំ​នាង​មក​ម្តង​ទៀត។ លុះ​សេដ្ឋី​ធីតា​ចូល​មក​ដល់​គ្រឹះ​ស្ថាន​របស់​សេដ្ឋី​បុត្រ និម្មិត​ដែល​ជា​មង្គល​ក៏​កើត​ឡើង គឺ​គ្រប់​ផ្ទះ​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ​ដោយ​ក្លិន​ចន្ទន៍ និង​ក្លិន​ផ្កាឈូក។ សេដ្ឋី​បុត្រ​ក៏​សួរ​ថា "​ម្នាល​នាង​ជា​ទី​ស្រឡាញ់ គ្រា​ដំបូង​នាង​មក​ទីនេះ​ក្លិន​កាយ​នាង​ស្អុយ​ណាស់ តែ​លើក​នេះ​ហេតុអ្វី​កាយ​នាង​មាន​ក្លិន​​ក្រអូប​ឈ្ងុយ​ដូច​នេះ?" សេដ្ឋីធីតា​ក៏​ប្រាប់​នូវ​ការ​ធ្វើបុណ្យ​កសាង​ព្រះ​ចេតីយ៍ ហើយ​តាំង​ប្រាថ្នា​ទុក​ដូច្នេះ។ សេដ្ឋី​បុត្រ​កើត​ជ្រះ​ថ្លា និង​ជឿ​ថា ព្រះ​ពុទ្ធ​សាសនា​ជា​បូជនីយដ្ឋាន​ដ៏​ប្រសើរ​ក្រៃ​លែង ទើប​លះ​បង់​វត្ថុ​មាន​តម្លៃ​បូជា​ព្រះ​ចេតីយ៍​នោះ ដូច​ជា​ហ៊ុម​ពទ្ធ​ព្រះ​ចេតីយ៍មាស ដោយ​សម្ពល់​កម្ពល និង​ប្រដាប់​ដោយ​ផ្កា​មាស ជា​ដើម។ អ្នក​ទាំង​ពីរ​បាន​ធ្វើ​បុណ្យ​រួម​គ្នា​រហូត​អស់​ជីវិត។

ព្រះត្រៃបិដក
សៀវភៅ ព្រះអសីតិមហាសាវ័ក
http://www.budsas.org/ebud/rdbud/rdbud-03.htm

មើល​ផងដែរ

[កែប្រែ]

សាវ័កព្រះពុទ្ធ