Jump to content

រាហុ

ពីវិគីភីឌា
​​​ ព្រះ​រាហុ
(ព្រះ​រាហូ)
សាសនា ហិណ្ឌូសាសនា
ព្រហ្មញ្ញ សាសនា
ព្រះភរិយា ព្រះនាងស៊ីមហ៊ី ( Simhi )
យាន្តជំនិះ សិង្ហ(តោ)
ទេវរូបព្រះរាហុ និង ព្រះទេពជាយា ព្រះនាងស៊ីមហ៊ី សិល្បៈឥណ្ឌា.
ទេវរូបព្រះរាហុ សិល្បៈឥណ្ឌា.

​ព្រះរាហុ ឬ អាចហៅថា រាហូ (សំស្ក្រឹត: राहु Rāhu,អង់គ្លេស: Lord Rahu ) គឺជា ទេវតាទេពទេពនព្វគ្រោះនៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា. ,ឈ្មោះ​របស់​អសុរម្នាក់ ដែលជាបុត្ររបស់​វេបចិត្តអសុរិន្ទ និង​នាង​សិង្ហិកា។., តាមប្រវត្តិរឿងរ៉ាវ​ក្នុង​ហិណ្ឌូសាសនា រឿងរាមាយណៈ បញ្ជាក់ថា រាហុនេះ មានខ្លួនដាច់​ពាក់កណ្តាល ដោយសារ​ត្រូវ​ចក្រ​របស់​ព្រះវិស្ណុ (ព្រះនារាយណ៍ ) ក្នុងកាលដែល រាហូនេះបាន​កាឡាខ្លួន​ជាទេវតា ចូលទៅ​លួច​ទឹក​អម្រឹត​ផឹក។ ខ្លួនពាក់កណ្តាលខាងលើមិនស្លាប់ ដោយសារ​ទឹកអម្រឹត​ចូលជ្រាប​បានពាក់កណ្តាលខ្លួននេះឯង។. , ក្នុងហោរាសាស្ត្រ រាហូ គឺជា​ទេវតាព្រះគ្រោះទី៨ ក្នុងពួកទេព្តានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ។. , ខ្មែរយើង​ច្រើន​ហៅថា រាហុ៍ រាហូ ឬ រាហុអសុរិន្ទ។ សត្រូវរបស់រាហុគឺ ព្រះអាទិត្យ ព្រះចន្ទ និង​ព្រះវិស្ណុ.។ []


ព័ត៌មានលម្អិត

[កែប្រែ]

រាហូចាប់ចន្ទ្រ

[កែប្រែ]

រាហូចាប់ចន្ទ គឺជារឿង​និទានមួយ ដែល​ចាស់បូរាណ​តែង​និយាយ ដោយយោងទៅតាម​ជំនឿ​ សាសនា​របស់ខ្លួន ដូចជា ​សាសនាព្រះពុទ្ធ សាសនាហិណ្ឌូ សាសនាអាំងកា ជាដើម។ គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែ​មាន​ការ​បកស្រាយ​រឿង​រាហូចាប់ចន្ទ​នេះផ្សេងៗគ្នា និងបង្កើតជាផ្ទៃរឿងឡើង​ សម្រាប់ពន្យល់​ពីអ្វីដែល​ពួកគេមើលឃើញ។ ដោយយោងតាម​ការ​សិក្សាក្នុង​គម្ពីររបស់ខ្លួន ពួកអ្នកទាំងនោះ បានទាញភ្ជាប់ព្រឹត្តិការណ៍ចន្ទ្រគ្រាស ថាជារាហុចាប់ចន្ទ្រ

ក្នុងព្រះពុទ្ធសាសនា

[កែប្រែ]

ដោយមានការច្រណែននឹង​ពន្លឺ​ព្រះចន្ទ្រ ព្រះអាទិត្យ រាហុអសុរិន្ទ ក៏ទៅចាប់ន្ទិមទេវបុត្រ ឬសូរិយទេវបុត្រ ដើម្បីលេប។ នៅក្នុងគម្ពីរព្រះត្រៃបិដក សំយុត្តនិកាយ សគាថវគ្គ ក្នុងចន្ទិមសូត្រ មានសំដែងថា រាហុអសុរិន្ទ បានចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត ក៏នមស្ការចំពោះព្រះសម្មាសម្ពុទ្ធ ហើយសូមព្រះអង្គជាទីពឹងរបស់ខ្លួន។ ព្រះមានព្រះភាគ ក៏បាន​ប្រារព្ធ​ចន្ទិមទេវបុត្ត ក៏ត្រាស់នឹង​រាហុអសុរិន្ទ ឲ្យលែង​ចន្ទិមទេវបុត្ត ដែលដល់​ហើយ​នូវ​ព្រះតថាគត ជាទីពឹង។ រាហុអសុរិន្ទ ក៏លែង​ចន្ទិមទេវបុត្ត ដោយសេចក្តីសង្វេគ ព្រឺរោមព្រឺស្បែក ភ័យខ្លាចថា បើខ្លួន​មិនលែងចន្ទិមទេវបុត្តទេ ក្បាលរបស់​ខ្លួន​នឹង​បែកជា​៧ភាគ។

គាថាដែលចន្ទិមទេវបុត្តពោលនេះ ត្រូវបានបញ្ចូលក្នុងវិធីព្រះពុទ្ធសាសនា ព្រះសង្ឃស្វាធ្យាយនៅពេលចម្រើនព្រះបរិត្ត ដើម្បីបញ្ចៀសនូវ​ភយន្តរាយពីសត្រូវ។

ចន្ទបរិត្តបាឋោ

[កែប្រែ]

ឯវមេ្ម សុតំ។ ឯកំ​ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេ ន ចន្ទិមា ទេវបុត្តោ រាហុនា អសុរិន្ទេន គហិតោ ហោតិ។ អថខោ ចន្ទិមា ទេវបុត្តោ ភគវន្តំ អនុស្សរមានោ តាយំ វេលាយំ ឥមំ គាថំ អភាសិ។

នមោ តេ ពុទ្ធវីរត្ថុ វិប្បមុត្តោសិ សព្វធិ
សម្ពាធប្បដិបន្នោស្មិ តស្ស មេ សរណំ ភវាតិ។

អថខោ ភគវា ចន្ទិមំ ទេវបុត្តំ អារព្ភ រាហុំ អសុវិន្ទំ គាថាយ អជ្ឈភាសិ

តថាគតំ អរហន្តំ ចន្ទិមា សរណំ គតោ
រាហុ ចន្ទំ បមុញ្ចស្សុ ពុទ្ធា លោកានុកម្បកាតិ។

អថខោ រាហុ អសុរិន្ទោ ចន្ទិមំ ទេវបុត្តំ មុញ្ចិត្វា តរមានរូបោ យេន វេបចិត្តិ អសុរិន្ទោ តេនុបសង្កមិ ឧបសង្កមិត្វា សំវិគ្គោ លោមហដ្ឋជាតោ ឯកមន្តំ អដ្ឋាសិ។ ឯកមន្តំ ឋិតំ ខោ រាហុំ អសុរិន្ទំ វេបចិត្តិ អសុរិន្ទោ គាថាយ អជ្ឈភាសិ

កិន្នុ សន្តរមានោ វ រាហុ ចន្ទំ បមុញ្ចសិ
សំវិគ្គរូបោ អាគម្ម កិន្នុ ភីតោ វ តិដ្ឋសីតិ។
សត្តធា មេ ផលេ មុទ្ធា ជីវន្តោ ន សុខំ លតេ
ពុទ្ធគាថាភិគីតោម្ហិ នោ ចេ មុញ្ចេយ្យ ចន្ទិមន្តិ។

[២៤៣] ព្រះមានព្រះភាគ​ទ្រង់គង់​ជិត​ក្រុង​សាវត្ថី... សម័យនោះឯង រាហុអសុរិន្ទ​ចាប់​​ចន្ទិម​ទេវបុត្ត ។ លំដាប់នោះ ចន្ទិមទេវបុត្ត រឭកដល់ព្រះមាន​ព្រះភាគ បានពោល​គាថានេះ ​ក្នុង​វេលា​នោះ​ថា ៖ "បពិត្រ​ព្រះពុទ្ធ​​អ្នក​មាន​ព្យាយាម កិរិយា​នមស្ការ​ថ្វាយ​បង្គំ (របស់ខ្ញុំ) ចូរ​មាន​ដល់​ព្រះអង្គ ព្រះអង្គ​រួច​ស្រឡះ​​ចាក​ធម៌​ទាំង​ពួង​មាន​ខន្ធ និង​អាយតនៈ​ជា​ដើម ខ្ញុំ​ព្រះអង្គ​​ដល់នូវ​គ្រោះ​ថ្នាក់​ដ៏​ចង្អៀត​ហើយ សូម​ព្រះអង្គ​ជា​ទីពឹង​របស់ខ្ញុំ ។

[២៤៤] លំដាប់នោះឯង ព្រះមានព្រះភាគ ​ទ្រង់ប្រារព្ធ​ចន្ទិមទេវបុត្ត ក៏ត្រាស់​នឹង​រាហុអសុរិន្ទ ដោយគាថា ថា ៖ "ចន្ទិមទេវបុត្ត​ ដល់​នូវ​តថាគត​ជា​អរហន្ត ជា​ទីពឹង​ហើយ ម្នាល​រាហុ អ្នក​ចូរ​លែង​ចន្ទទេវបុត្ត​ចេញ ព្រះពុទ្ធ​ទាំងឡាយ​តែង​ទ្រង់​អនុគ្រោះ​សត្វលោក ។"

[២៤៥] គ្រានោះឯង រាហុអសុរិន្ទ​​លែង​ចន្ទិម​ទេវបុត្ត​ហើយ ក៏ប្រញាប់​ប្រញាល់​ចូលទៅរក​វេបចិត្តិ​អសុរិន្ទ លុះចូល​ទៅដល់ ក៏មាន​សេចក្តី​សង្វេគ​ព្រឺរោម​ព្រឺស្បែក ឋិតនៅ​ក្នុងទី​សមគួរ ។

[២៤៦] វេបចិត្តិអសុរិន្ទ បានពោល​នឹង​រាហុអសុរិន្ទ ដែលឋិត​នៅក្នុងទី​សមគួរ​ដោយ​គាថា ថា ៖ "ម្នាល​រាហុ ហេតុ​ដូចម្តេច​បានជា​អ្នក​ប្រញាប់​លែង​ចន្ទទេវបុត្ត ហើយ​មាន​សភាព​ស្រពោន​ស្រពាប់ ហេតុដូច​ម្តេច​បាន​ជា​អ្នក​ភ័យ​ដល់ម្ល៉េះ ?"
[២៤៧] រាហុអសុរិន្ទ​ បាន​ពោលគាថា​ ថា "ខ្ញុំជា​បុគ្គល​ត្រូវ​ចន្ទិមទេវបុត្ត​ពោលគាថា​ចំពោះ​ព្រះពុទ្ធ​ហើយ បើខ្ញុំ​មិនលែង​ចន្ទិមទេវបុត្ត​ទេ ក្បាលខ្ញុំ​មុខ​ជា​នឹង​បែក​ជា ​៧ ភាគ ទោះបី​ខ្ញុំរស់នៅ ក៏​មិនបាន​សេចក្តីសុខ ។"[]

(យោងសុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គលេខ ២៩ ចន្ទិមសូត្រ ទំព័រ​ទី ១៣១ សុរិយសូត្រ​ ទំព័រ​ទី ១៣៣)

ក្នុងសាសនាហិណ្ឌូ

[កែប្រែ]

នៅក្នុងសាសនាហិណ្ឌូ ក្នុងរឿងរាមាយណៈ រាហុ គឺជាអសុរ ធ្លាប់កាឡាខ្លួន​ជាទេវតា ចូល​ទៅ​លួច​ផឹកទឹកអម្រឹតរបស់ទេវតា។ ចន្ទិមទេវបុត្រ និងសុរិយទេវបុត្រ ក៏ទៅប្រាប់ដល់ព្រះវិស្ណុ ៗ ក៏​យក​ចក្រ​ទៅកាត់រាហុដាច់ខ្លួនពាក់កណ្តាល។ ខ្លួនពាក់កណ្តាលខាងលើ នៅដដែល ព្រោះ​បានផឹកទឹកអម្រឹត ខ្លួនពាក់កណ្តាលខាងក្រោម បានក្លាយជាពស់ ឈ្មោះកេតុ ព្រោះទឹកអម្រឹតនោះ មិនទាន់​ជ្រាប​សព្វ​សរពាង្គកាយ។ រាហុ មានគ្រឿងអម្ពរពណ៌ខ្មៅ មានរថទឹកដោយសេះ៨ សុទ្ធតែពណ៌ខ្មៅ ព្រោះ​ហេតុនោះ អ្នកថ្វាយ​គ្រឿងសក្ការ​បូជា​​ ដល់​ព្រះរាហូ ក៏ថ្វាយ​របស់ដែលមានពណ៌ខ្មៅ។ ពេល​ដែល​រាហុ លេបព្រះចន្ទ័ ឬព្រះអាទិត្យ រាហុត្រូវខ្ជាក់មកវិញ ព្រោះតែខ្លួនដាច់ពាក់កណ្តាល។

ក្នុងសាសនាអាំងកា

[កែប្រែ]

នៅក្នុងអរិយធម៌អាំងកា ព្រះអាទិត្យគឺជាព្រះដ៏បំផុត តែក៏មាន​ព្រះដទៃៗជាច្រើនទៀតដែរ។ ពួកអាំងកា ធ្លាប់បានកសាងអារាម ឧទ្ទិស​ដល់ព្រះរបស់ពួកគេ ហើយក៏មានធម៌បទ ដើម្បី​សូត្រ​គោរពបូជាព្រះនោះដែរ។ ហេតុនេះ នៅពេលដែលមានចន្ទ្រគ្រាស ឬសូរ្យគ្រាសម្តងៗ ពួកគេ​ព្រួយ​បារម្ភជាខ្លាំង។ តាមជំនឿរបស់ពួកគេ ពេលដែលមានចន្ទគ្រាស គឺព្រះចន្ទ្រដេកលង់លក់យូរ​ពេក មមើរដើរខុសដំណើរផ្លូវ អាចវង្វេង ឬធ្លាក់ចុះមកក្រោម ឬអាច​យក្ខស្រេកឃ្លាន ចាប់យកទៅ​ស៊ី។ ដូច្នេះ ដើម្បីកុំឲ្យកើតគ្រោះអន្តរាយដល់ព្រះចន្ទ្រ ពួកអាំងកា ក៏វាយស្គរ វាយឆ្នាំង ស្រែកហ៊ោ​ខ្លាំង​ៗ ដើម្បីដាស់ព្រះចន្ទ្រ។
ពេលដែលមានសូរ្យគ្រាស គឺព្រះអាទិត្យត្រូវព្រះពូម៉ាលេប។ តាមជំនឿរបស់ពួកអាំងកា ខ្លាពូម៉ា ជាព្រះមួយ អាស្រ័យនៅតាមតំបន់ភ្នំ មានកម្លាំងធំមហិមា និងសេចក្តីអង់អាច។ ពួកអាំងកា ជឿ​ថា ព្យុះកើតឡើង ដោយសារការក្រោធរបស់ព្រះពូម៉ា ផ្គរលាន់កើតឡើង ដោយសារការគ្រហឹម​របស់​ព្រះពូម៉ា ហើយផ្លេកបន្ទោរកើតឡើង ដោយសារ​ពន្លឺចាំងចេញពីភ្នែករបស់ព្រះពូម៉ា។ ដើម្បីកុំ​ឲ្យ​ព្រះពូម៉ាលេបព្រះអាទិត្យ ពួកអាំងកា ក៏បញ្ចេញសំឡេងស្គរ សំឡេងឆ្នាំង និងស្រែក​ដើម្បី​បង្អើល​ព្រះពូម៉ា។

ជំនឿរបស់ខ្មែរបូរាណ

[កែប្រែ]

កាលពីជំនាន់ដើម នៅពេលមានហេតុការណ៍ចន្ទ្រគ្រាស ឬសូរ្យគ្រាស ប្រជាជនខ្មែរ តែងវាយឆ្នាំង គោះចាន ជាដើម នេះប្រហែលជាមានឥទ្ធិពលពីសាសនាអាំងកា។
ជំនឿតៗគ្នាថា បើរាហុលេបព្រះចន្ទ្រ ហើយខ្ជាក់មកវិញ បានន័យថា ស្រុកប្រទេស បាន​សុខ​ចម្រើន តែបើលេបទៅហើយ ធ្លាយតាមពោះ ស្រុកប្រទេស នឹងជួបតែទុក្ខវេទនា។
អ្នកខ្លះទៀតនិយាយថា រាហុ ព្រះចន្ទ្រ និងព្រះអាទិត្យ ជាបងប្អូននឹងគ្នា។ ដោយមាន​ការ​នឹក​រលឹក ស្រឡាញ់ ប្អូនៗខ្លាំងពេក ពេលបានជួបព្រះចន្ទ្រ ឬព្រះអាទិត្យ រាហុ ក៏លេបអ្នកទាំងពីរនោះ។

និមិត្តរូបសម្រាប់ខ្មែរកម្ពុជាក្រោម

[កែប្រែ]

នៅក្នុងទឹកដីកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមបានយករូបរាហូ ដែលមាន​ដៃទាំងពីរ​ចាប់​ព្រះចន្ទ្រ​ដាក់ចូលទៅ​ក្នុងមាត់ ជានិមិត្តរូប​តំណាងខ្មែរ​កម្ពុជាក្រោម ។ អង្គការសមាគម​ខ្មែរក្រោម​មួយចំនួន នៅក្នុងទឹកដី​កម្ពុជាក្រោម ក៏ដូចជា​នៅ​ប្រទេស​ដទៃ បានយក​រូបសញ្ញា​រាហុចាប់​ចន្ទ្រនេះ ធ្វើ​ជា​រូបសញ្ញារបស់សមាគមពួកគេ ។

សញ្ញា “រាហ៊ូចាប់ច័ន្ទ” របស់ខ្មែរក្រោមមានអត្ថន័យ តំណាងសាមគ្គីភាពដែលកើតចេញ ពីសេចក្ដីស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើត របស់ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភព លោក ។ ព្រោះថា រាហ៊ូ តំណាងខ្មែរក្រោមនៅក្រៅស្រុក និង ច័ន្ទ តំណាងខ្មែរក្រោម នៅ ក្នុងស្រុក ដែលព្រាត់ពីគ្នា ហើយយូរៗបានជួបគ្នាម្ដង ក៏ចាប់គ្នាឱបគ្នា ស្រឡាញ់គ្នារហូត ដល់ចង់លេបទុក ជាដើម ។ អត្ថន័យនេះ ត្រូវបានទទួលស្គាល់ដោយ មហាសន្និបាតសមាគមខ្មែរកម្ពុជាក្រោមនៅអាមេរិក កាលពី ថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៤ ហើយបានចុះផ្សាយនៅលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១ ខែធ្នូ ឆ្នាំ ១៩៨៤ ។

"រូបសញ្ញានេះ យកតាមខ្លោងទ្វារចូលទៅកាន់ទីស្នាក់ការ មិត្តសមាគមខ្មែរកម្ពុជាក្រោម    ប្រចាំខេត្តឃ្លាំង ។

រឿងព្រេងខ្មែរដំណាលថា រាហ៊ូនិងច័ន្ទ ជាបងប្អូនបង្កើត  តែត្រូវរស់នៅឆ្ងាយពីគ្នា ។ តាម ការព្រាងទុក រាហ៊ូនិងច័ន្ទ ត្រូវវិលជួបគ្នាក្នុងមួយឆ្នាំម្ដង ។ ពេលជួបគ្នាម្ដងៗ រាហ៊ូតែងតែ ចាប់ច័ន្ទមកញាំញីឱបរឹត ដើម្បីឲ្យស្បើយនូវការអាឡោះអាល័យ ហើយពេលខ្លួះរហូតដល់ ចង់ចាប់ច័ន្ទមកលេបទុកទៀតផង ដោយហេតុមិនចង់ឲ្យបែកគ្នាតទៅទៀត ។

អធិប្បាយ៖

ច័ន្ទ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោមទាំងមូលដែលមានរូបសម្ផស្សឆោមល្អភ្លឺត្រចះត្រចង់ ខ្ពស់ត្រដែត ធ្វើឲ្យជាតិសាសន៍ដទៃគោរពរាប់អាន ។

រាហ៊ូ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅបរទេសទាំងអស់ ហើយក៏ជា       និមិត្តរូប នៃកម្លាំងសាមគ្គីមួយយ៉ាងមាំរបស់ខ្មែរកម្ពុជាក្រោមទូទៅ  ហើយកំពុងចាប់ច័ន្ទ យកមកឱបថ្នាក់ថ្នមរក្សា តរៀងទៅ ។

រាហ៊ូចាប់ចន្ទ៖ គឺជានិមិត្តរូបនៃការស្រឡាញ់រាប់អានគ្នា ជិតស្និទនឹងគ្នា ស្គាល់ធុរៈគ្នា លើកស្ទួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាមានអាសន្ន ហាក់បីដូចជាបងប្អូន បង្កើត ។"[]

រូបភាពទេវរូបព្រះរាហុ

[កែប្រែ]

កំណត់

[កែប្រែ]
  1. Roshen Dalal (2010). Hinduism: An Alphabetical Guide. Penguin Books. p. 324. ល.ស.ប.អ. 978-0-14-341421-6. https://books.google.com/books?id=DH0vmD8ghdMC. 
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2022-08-09. Retrieved 2022-06-05.
  3. https://www.quora.com/Does-Rahu-have-his-own-wife
  4. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2022-08-13. Retrieved 2022-06-05.
  5. ចន្ទិមសូត្រ. សំយុត្តនិកាយ សគាថវគ្គ សៀវភៅលេខ ២៩. ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ. 1963. p. 131. 
  6. សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក, (១៩៨៤), ព្រឹត្តិប័ត្រ កម្ពុជាក្រោម, លេខ ១, ទំព័រ ៨ ។

មើលផងដែរ

[កែប្រែ]