មហាធម៌រាជាធិរាជ
មហាធម៌រាជាធិរាជ มหาธรรมราชาธิราช | |||||
---|---|---|---|---|---|
ព្រះមហាក្សត្រនៃរាជអាណាចក្រអយុធ្យា | |||||
ព្រះមហាក្សត្រស្យាម | |||||
រជ្ជកាល | ១៥៦៩–១៥៩០ | ||||
អង្គមុន | មហាចក្រពត្តិ | ||||
អង្គក្រោយ | នរេឝ្វរ | ||||
ប្រសូត | ១៥០៩ | ||||
សុគត | ១៥៩០ | ||||
រាជពន្ធភាព | ព្រះវិសុទ្ធិក្ឞត្រីយ៍ | ||||
រាជបច្ឆាញាតិ | ព្រះសុពណ៌កល្យា ព្រះនរេឝ្វរ ព្រះឯកទឝរថ | ||||
| |||||
វង្ស | រាជវង្សសុខោទ័យ |
មហាធម៌រាជាធិរាជ (ថៃ: มหาธรรมราชาธิราช) រឺ សព៌េជ្ញទី១ (ថៃ: สรรเพชญ์ที่ 1), រឺ មហាធម៌រាជា, មុនពេលឡើងសោយរាជ្យមានងារជា ឃុនពិរេន្ទ្រទេព (ថៃ: ขุนพิเรนทรเทพ) រឺ ឃុនពិរេន្ទ្រ ជាព្រះមហាក្សត្រទីមួយនៃរាជអាណាចក្រអយុធ្យាមកពីរាជវង្សសុខោទ័យដែលសោយរាជ្យចាប់ពីឆ្នាំ១៥៦៩ ដល់ ១៥៩០។ ជាអភិជនសុខោទ័យដ៏មានអំណាចមួយរូប ពិរេន្ទ្រទេពក៏ចាប់ផ្ដើមមានអំណាចឥទ្ធិពលបន្តិចម្ដងៗ។ បន្ទាប់ពីការដើរតួក្នុងរបត់នយោបាយជាច្រើនលើកច្រើនសាមក ព្រះអង្គនៅទីបំផុតត្រូវបានអភិសេកជាព្រះមហាក្សត្រនៃប្រទេសស្យាម។
អភិជននៅសុខោទ័យ
[កែប្រែ]
ទោះបីជារាជអាណាចក្រសុខោទ័យបានស្ថិតនៅក្រោមសហភាពបុគ្គលជាមួយនិងអយុធ្យាតាំងពីឆ្នាំ១៤៤៨ក៏ដោយ ក៏រាជត្រកូលនៃសុខោទ័យនៅតែបានកាន់អំណាចនៅមូលដ្ឋានរបស់ពួកទ្រង់ឯ ពិឞ្ណុលោក និងត្រូវចាត់ចូលជារាជវង្សមួយក្នុងចំណោមរាជវង្សនយោបាយទាំងបួននៅអយុធ្យាក្នុងសតវត្សទី១៦ (សុពណ៌ភូមិ ឧទង សុខោទ័យ និង ឝ្រីធម៌នគរ)។ ជ័យរាជា យ៉ាងណាក៏ដោយ បានខិតខំកាត់បន្ថយអំណាចពួកអភិជនសុខោទ័យ។ ព្រះអង្គបានបញ្ឈប់ការតែងតាំង ឧបរាជ ឱ្យធ្វើជាស្ដេចនៅសុខោទ័យ ហើយបានកោះហៅពួកអភិជនសុខោទ័យទាំងនោះឱ្យចូលមកអយុធ្យាដើម្បរំលាយមូលដ្ឋានគ្រឹះនៃអំណាចរបស់ពួកគេនៅពិឞ្ណុលោក។[១]
ឃុនពិរេន្ទ្រទេព គឺជាអភិជនម្នាក់ក្នុងចំណោមពួកអភិជនសុខោទ័យនៅឯព្រះរាជវាំងអយុធ្យា។ នៅឆ្នាំ១៥៤៨ រាជអាណាចក្របានដួលរលំស្ថិតក្រោមការគ្រប់គ្រងនៃព្រះបាទវរវង្ឝាធិរាជ និង ឝ្រីសុតាចន្ទ្រនៃរាជវង្សឧទង។ រាជវង្សឧទងបានបង្កើនអំណាចដើម្បីគ្របដណ្ដប់លើរាជវង្សដទៃទៀត។[១] ឃុនពិរេន្ទ្រទេពក្រោយមកបានស្វះស្វែងចងសម្ព័ន្ធភាពជាមួយរាជវង្សឝ្រីធម៌នគរដែលដឹកនាំដោយឃុនឥន្ទ្រវង្ឝ ហើយក៏បង្កើតឆាករាជ្យប្រហារមួយប្រឆាំងនឹងវរវង្ឝាធិរាជ និង ឝ្រីសុតាចន្ទ្រក្នុងឆ្នាំ១៥៤៨ ដោយស្ដាររាជបល្លង្កមកវិញថ្វាយទៅដល់រាជវង្សសុពណ៌ភូមិវិញ។
មហាចក្រពត្តិបានតែងតាំងឃុនពិរេន្ទ្រទេព (អ្នកដែលបានបង្កើតឆាករាជ្យប្រហារ ហើយលើកទ្រង់ឱ្យឡើងសោយរាជ្យ)[២]:៣៧–៣៩ ជាមហាធម៌រាជាធិរាជ។ ព្រះនាម មហាធម៌រាជាធិរាជ គឺជាព្រះនាមសំរាប់រាជ្យនៃព្រះមហាក្សត្រសុខោទ័យក្នុងសតវត្សទី១៤។ មហាធម៌រាជាធិរាជបានពេញព្រះរាជហឫទ័យនឹងអំណាចដ៏ធំធេងនេះណាស់។ ព្រះអង្គបានរៀបអភិសេកនឹងព្រះរាជបុត្រីនៃព្រះបាទមហាចក្រពត្តិ ព្រះស្វស្តិរាជធីតា ជាសម្ដេចព្រះភគវតីរបស់ទ្រង់ដែលមានព្រះនាមជាម្ចាស់ក្សត្រីថា វិសុទ្ធក្សត្រីយ៍។[៣]:៧៣
ស្ដេចនៃពិឞ្ណុលោក
[កែប្រែ]នៅឆ្នាំ១៥៤៨ ឌ្បិនឝ្វេធិនៃបារគូបានដឹកនាំកងទ័ពភូមា ហើយបានលុកលុយអយុធ្យាក្នុងសង្គ្រាមភូមាសៀម១៥៤៨។ សៀមបានរៀបចំកងទ័ពដើម្បីបង្ខំឱ្យពួកភូមាដកទ័ពថយ។ យ៉ាងណាមិញ កងទ័ពសៀមក្រោមការដឹកនាំនៃព្រះរាមេឝ្វរ ដែលជាឧបរាជ និងព្រះចៅមហាធម៌រាជាធិរាជត្រូវបានគេលួចវាយឆ្មក់និងចាប់ព្រះកាយបាន។ ព្រះអង្គត្រូវបានគេដោះលែងវិញនៅពេលព្រះមហាចក្រពត្តិបានលោះដោយដំរីសឹកឈ្មោលពីរក្បាល។[៣]:១៤–២១
នៅឆ្នាំ១៥៦៣ អ្នកស្នងរាជ្យរបស់ព្រះបាទឌ្បិនឝ្វេធិ ព្រះរៀមអង្គ បានដឹកនាំកងទ័ពភូមាដ៏ច្រើនសន្ធឹកសន្ធាប់ចូលមកលុកលុយសៀម។ ព្រះអង្គបានឡោមព័ទ្ធពិឞ្ណុលោក។ មហាធម៌រាជាធិរាជបានធ្វើ "ការតស៊ូយ៉ាងរបឹងរឹងរូស" ប៉ុន្តែបានចុះចាញ់ ហើយចុះចូលទ្រង់បន្ទាប់ពីស្បៀងអស់រលីង និង ជំងឺអុតធំបានឆ្លងរាតត្បាត។[៣]:៣៦
មហាធម៌រាជាធិរាជត្រូវតែបញ្ជូនព្រះរាជបុត្ររបស់ទ្រង់ ព្រះនរេឝ្វរ ទៅបារគូជាឈ្លើយ។ ដោយមានព្រះរាជបុត្ររបស់ទ្រង់ជាប់ជាឈ្លើយរបស់ភូមា មហាធម៌រាជាធិរាជត្រូវបានបង្ខំឱ្យចងសម្ព័ន្ធជាមួយព្រះរៀមអង្គ។[៣]:៦៧
មហេន្ទ្រាធិរាជ ព្រះរាជបុត្រនៃព្រះបាទមហាចក្រពរ្តិ ដែលក្រោយមកទ្រង់បានស្វះស្វែងធ្វើការចងសម្ព័ន្ធជាមួយព្រះបាទជេឞ្ឋាធិរាជនៃលានជាងដើម្បីប្រយុទ្ធតស៊ូនឹងព្រះរៀមអង្គ និង មហាធម៌រាជាធិរាជ។ នៅឆ្នាំ១៥៦៦ កំឡុងពេលអវត្តមានរបស់មហាធម៌រាជាធិរាជពីពិឞ្ណុលោកទៅបារគូ មហេន្ទ្រាធិរាជបាននាំយកព្រះម្ចាស់ក្សត្រីវិសុទ្ធក្ឞត្រីយ៍ និងព្រះរាជបុត្រាបុត្រីរបស់ព្រះនាងទៅកាន់អយុធ្យា។ មហាធម៌រាជាធិរាជក៏ស្វះស្វែងរកជំនួយពីព្រះរៀមអង្គ។[៣]:៤៧–៥០
នៅឆ្នាំ១៥៦៨ ព្រះរៀមអង្គបានបររេហ៍ពលកងទ័ពភូមាដ៏ច្រើនសំបើមទៅកាន់អយុធ្យាជាមួយការជួយពីមហាធម៌រាជាធិរាជ។ អយុធ្យានៅចុងក្រោយបំផុតបានដួលរលំនៅឆ្នាំ១៥៦៩ និង មហាធម៌រាជាធិរាជត្រូវបានលើកជាព្រះមហាក្សត្រនៃអយុធ្យា។[២]:៤៣ ព្រះរៀមអង្គបានប្រទានព្រះនាមសំរាប់រាជ្យឱ្យទ្រង់ជា សព៌េជ្ញទី១។
ព្រះមហាក្សត្រនៃអយុធ្យា
[កែប្រែ]មហាធម៌រាជាធិរាជបានទូលសុំព្រះរៀមអង្គឱ្យប្រគល់ព្រះរាជបុត្រារបស់ទ្រង់ ព្រះនរេឝ្វរ និង ព្រះឯកទឝរថមកកាន់អយុធ្យាវិញដោយដោះដូរនឹងព្រះរាជបុត្រីរបស់ទ្រង់សុពណ៌កល្យាឱ្យធ្វើជាព្រះមហេសីទីពីររបស់ព្រះរៀមអង្គក្នុងឆ្នាំ១៥៧១។ មហាធម៌រាជាធិរាជបានតែងតាំងព្រះនរេឝ្វរជាព្រះចៅនៃពិឞ្ណុលោក និងជា ឧបរាជ នៅឆ្នាំ១៥៦៩។ រាជអាណាចក្រអយុធ្យាក្រោមការគ្រប់គ្រងរបស់ព្រះបាទមហាធម៌រាជាធិរាជគឺជារដ្ឋសួយនៃប្រទេសភូមា។
ការលុកលុយរបស់កម្ពុជាធិបតី
[កែប្រែ]
គេមិនបានដឹងប្រវត្តិរបស់ព្រះវង្សធំចម្បាធិរាជពិស្ដារទេ គេត្រឹមតែដឹងក្នុងពង្សាវតារដូចតទៅនេះថា៖ ក្រោយពីសវនាការចប់ហើយ ព្រះករុណាស្ដេចទ្រង់ឱ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឱ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុកនៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចម្បាធិរាជជាមេទ័ពមុខឱ្យមុខមន្ត្រីក្រុមទាហានរៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។ លុះដល់ថ្ងៃ ១ កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស.២១១៤, គ.ស.១៥៧០, មស.១៤៩២, ចស. ៩៣២ ព្រះអង្គនាំទាំងអស់ចេញទៅទិសបស្ចិម។ ឯព្រះចម្បាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួចរត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឱ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយវាយស្រុកតូចៗរៀងតាមផ្លូវទៅរហូតឥតឈប់ឈរឡើយហើយចាប់បានឈ្លើយសៀមជាច្រើនទៀត។ ឯទ័ពហ្លួងក៏ស្ដេចតាមលំដាប់ទ័ពមុខរៀងៗទៅ។ ចៅហ្វាយស្រុក និងក្រមការខេត្តខាងសៀមដែលបរាជ័យ ចាញ់ដៃព្រះចម្បាធិរាជ ហើយដែលរត់ចូលទៅនោះក៏ខំស្រូតទៅដល់ក្រុងស្រីអយុធ្យា រួចក៏នាំគ្នាចូលទៅក្រាបបង្គំទូលសម្ដេចព្រះមហាព្រះចៅធម៌រាជា ស្ដេចសៀមឱ្យទ្រង់ជ្រាបគ្រប់ប្រការ។
ស្ដេចសៀមជ្រាបហើយទ្រង់ភ័យបារម្ភណាស់ ទ្រង់ប្រជុំអស់សេនាបតីធំតូចប្រឹក្សាគ្នាថា : ទ័ពខ្មែរលើកមកម្ដងនេះ យើងនឹងគិតដូចម្ដេច ខណៈនោះ ចៅពញាឥន្ទ្រានគរបាល និងសេនាបតីមន្ត្រីសៀមក្រាបទូលព្រះចៅមហាធម៌រាជាធិរាជថា : ព្រះមហានគរស្រីអយុធ្យា យើងនេះទើបនឹងខូចខាតអន្តរាយថ្មីៗ។ មនុស្សទាំងឡាយនិងកាំភ្លើងតូចធំគ្រឿងសាស្ត្រាវុធនោះសម្ដេច ព្រះចៅហង្សាវតីស្ដេចយកអស់ទៅហើយ យើងគង់នៅឡើយតែមនុស្សសំណល់គ្រួមួយម៉ឺន និង មនុស្សដែលសេសសល់នៅស្រុកក្រៅក៏ច្រើនមែន តែបើយើងនឹងកេណ្ឌឱ្យចូលមកក្នុងពេលឥឡូវនេះក៏ពុំបាន។ មួយវិញទៀតកាំភ្លើង គ្រាប់រំសេវ យើងក៏មានតិចឃើញថា យើងតទល់នឹងទ័ពខ្មែរពុំបានឡើយ។ ដូច្នេះសូមអញ្ជើញព្រះចៅយូហួ ស្ដេចគេចថយទៅស្រុកពិស្ណុលោកឱ្យផុតពីទ័ពខ្មែរសិនចុះ។ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់សណ្ដាប់ហើយទ្រង់ព្រមនឹងរៀបចំព្រះរាជដំណើរនិងរត់ទៅស្រុកពិស្ណុលោកតាមសេចក្ដីអញ្ជើញពីអង្គប្រជុំហើយប៉ុន្តែកាលនោះមានមន្ត្រីម្នាក់ឈ្មោះពង្សពេជ្ររ័ត្ន ជាចៅហ្វាយស្រុកពេជ្របូរីខុស នឹង សម្ដេចព្រះចៅសៀម។ មន្ត្រីនេះគិតក្បត់លើកទ័ពមកវាយស្ដេចក្រុងសៀមកុំឱ្យស្ដេចសៀមរត់ទៅបាន។ ព្រះចៅមហាធម៌រាជា ជ្រាបថាទ័ពខ្មែរកាន់តែមកជិតណាស់ហើយខាងមន្ត្រីសៀម ឯណេះក៏ក្បត់រាំងផ្លូវរកយាងទៅមិនរួចទ្រង់វិតក្កពុំដឹងជាថា នឹងដោះដៃទៅខាងណាឱ្យរួចបាន។ ខណៈនោះទើប ព្រះចៅទ្រង់ត្រាស់សួរ ឃុនទេវរៈជូនថា : ទ័ពខ្មែរម្ដងនេះយើងទៅ រឺ នៅ។ ឃុនទេវរៈជូនក្រាបទូលថា : សូមព្រះមេត្តាប្រោស ទ័ពខ្មែរនេះជាបុណ្យព្រះបារមីនៃព្រះករុណាជាអង្គម្ចាស់ណាស់ហើយ ព្រោះខ្មែរមិនបានកេណ្ឌពលមកច្រើនទេ ព្រោះនគរយើងសោត ក៏មានទឹកទន្លេព័ទ្ធជុំវិញ បើពលខ្មែរតិចសូមស្ដេចកុំចេញពីបន្ទាយឡើយ។ បើពលយើងតិចមិនពេញបន្ទាយទេ ពលខាងខ្មែរក៏តិចដែរ គួរតែស្ដេចគង់នៅទើបល្អពុំគួរស្ដេចទៅចោលព្រះនគរឡើយ បើកាលណាព្រះអង្គស្ដេចយាងទៅ ហើយការណ៍នេះ ជ្រាបដល់ព្រះចៅក្រុងហង្សាវតីហើយ ព្រះចៅទ្រង់ នឹងនិន្ទាបានជាមិនខាន។ ព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ព្រះសណ្ដាប់ឮដូច្នោះហើយទ្រង់យល់ថា: សេចក្ដីដែលឃុនទេវរៈជូនទូលនេះត្រូវ ទើបទ្រង់ឱ្យចាត់ពល រាយពលរក្សាការពារព្រះនគរគ្រប់ជ្រុងគ្រប់ទិស។ ទីណាដែលមានទឹកព្រែកតូច ពុំបានធំជាទន្លេនោះឱ្យពលបនហង្សាវតីរក្សាទីនោះ។
សម្ដេចព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់ជីវិតតំកល់លើត្បូង ស្ដេចព្រះរាជដំណើរទ័ពហ្លួងទៅដល់ក្រុងស្រីអយុធ្យានៅក្នុងខាងខ្នើតខែមាឃ។ ទ្រង់ដាក់ទ័ពនៅភូមិមួយធំ ហើយទ្រង់ឱ្យតែងព្រះរាជសារប្រគល់ឱ្យឈ្លើយសៀមនាំយកទៅថ្វាយព្រះចៅក្រុងស្រីអយុធ្យា។ ក្នុងរាជសារបានសូមឱ្យស្ដេចសៀមប្រគល់ស្រុក នគររាជសីមាជួរខាងកើតទៅដល់ បស្ចឹមរហូតទៅដល់សមុទ្រ ជាដែនដីខ្មែរពីដើមដែលសៀម លើកទ័ព ត្រឡប់ទៅវិញមួយរំពេច។ ស្ដេចសៀមបានបដិសេធដោយយកលេសថា ខ្លួនជាស្រុកនៅចំណុះព្រះចៅហង្សាវតីដែរ មិនអាចប្រគល់ស្រុកទាំងនោះមកឱ្យខ្មែរបានឡើយ។
លុះវេលាព្រឹកព្រាងភ្លឺច្បាស់ ព្រះអរុណោទ័យ ទ្រង់ត្រាស់ឱ្យព្រះចម្បាធិរាជជិះដំរីចំលងសឹកឃុំទ័ព ៧០០០ នាក់ ជាមេទ័ពមុខ ឱ្យព្រះបរិនាយក នឹងនាយរងលើកព្យូហចតុរង្គសេនា រៀបតាមក្បួនពិជ័យសង្គ្រាមស្រេច ទើបស្ដេចរៀបព្រះរាជដំណើរ ចេញក្បួនទ័ពចូលវាយក្រុងស្រីអយុធ្យាមហានគរ។ កាលទ័ពលើកទៅដល់ហើយស្ដេចទ្រង់ បញ្ឈរព្រះទីនាំងនៅ វត្តសាមវិហារ។ ទ្រង់ឱ្យរាយដំរីសឹករៀងទៅដល់ តុត្ថីថោងហួសចូលទៅវត្តឆោង។ ទ្រង់ត្រាស់ឱ្យ ព្រះចម្បាធិរាជយកទូកដែលចាប់បានប្រមាណជា ១៥ ចំលងសឹកទៅមុខវត្តមេរុរាជ្ជីការាមឱ្យពល ៤០០០ នាក់ទៀតជិះ ទូកចូលទៅច្បាំងវាយបន្ទាយនគរនៅជ្រុងចៅសនុក រួចឱ្យទ័ពខាងជើងគោក បាញ់កាំភ្លើងធំ តូចជាកោលាហល។ សម្ដេចព្រះធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឡើងគង់ព្រះរាជយានលើកពលទាហានឡើងក្បាលបន្ទាយទទួលច្បាំងបាញ់គ្នាដោយកាំភ្លើងធំតូចការពារនគរ។ លុះច្បាំងគ្នាដល់ថ្ងៃប្អូនត្រង់សៀមបាញ់ត្រូវទូកខ្មែរលិចអស់ច្រើន។ កងទ័ពខ្មែរជើងគោកដែលទៅជាមួយគ្នាក៏ទៅជួយពុំរួចព្រោះទើសនឹងទឹក ទ័ពទាំង ៤០០០ នាក់ក៏ថយវិលមកវិញ។ ព្រះចម្បាធិរាជ ខឹងណាស់ក៏បរដំរីដេញពល ទៅបញ្ឈរនៅមាត់ច្រាំង តាំងបាញ់ចំរុះ។ លុះព្រឹកឡើងព្រះចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជឱង្ការ ត្រាស់ឱ្យកេស្សធិកាបុស្សរាជ ដែលជាជំនួយព្រះចម្បាធិរាជ នោះជាមេទ័ពមុខ ជំនួសព្រះចម្បាធិរាជ។ ស្ដេចឱ្យកេណ្ឌពលធ្វើស្ពានចងក្បូនចំលងទ័ពចូលទៅវាយសៀមម្ដងទៀត។ ខាងសៀម ក៏បាញ់កាំភ្លើងធំតូចមកលើក្បូន លើស្ពានទ័ពស្រុកខ្មែរយើង ទ័ពខ្មែរយើងឆ្លងពុំបាន។ លុះដល់ថ្ងៃ ក្រោយមកទ្រង់ត្រាស់ ឱ្យលើកទ័ពធំទៅកជាប៉មដាក់កាំភ្លើងធំបាញ់តំរង់ទ្វារបន្ទាយ ហើយទ្រង់ឱ្យចងក្បូនធ្វើស្ពាន កេណ្ឌទូកចំលងទ័ពចូលច្បាំងទៀតតែសៀមវារក្សាបន្ទាយយ៉ាងមាំមួនវាយពុំបាន។ ទ័ពខ្មែរ ក៏ថយមកបន្ទាយវិញ។ ខណៈនោះ ព្រះរាជាអ្នកជាអម្ចាស់ផែនដីកម្ពុជា មានព្រះរាជឱង្ការ និងអស់នាម៉ឺនមុខមន្ត្រីថា: នគរសៀមមានទឹកព័ទ្ធជុំវិញ ហើយយើងលើកទ័ពជើងគោកមកនេះមានពលក៏តិចយើងបន្តសង្គ្រាមទៅទៀតពុំបាន។ ដូច្នេះទ្រង់ត្រាស់ឱ្យកងទ័ពមួយម៉ឺននាក់លើកទ័ពចេញហើយបំបែកគ្នាចូលទៅក្នុងស្រុកតូច-ធំ និគមជនបទចាប់កៀរគ្រួសៀមចាប់ដំរីសេះ យកអស់សម្បត្តិទ្រព្យ ស្បៀងអាហារបានមកជាឈ្លើយច្រើនណាស់។ ទ្រង់មាន ព្រះរាជឱង្ការឱ្យទ័ពក្រោយ ផាត់កៀរគ្រួមក មុនទ័ពហ្លួង ១៥ ថ្ងៃ។ លុះដល់ខ្នើត ខែផល្គុន ស្ដេចលើកទ័ពវិលចូល ក្រុងកម្ពុជាធិបតីវិញ។ ព្រះចៅ ក្រុងស្រីអយុធ្យា កាលបើបានឃើញទ័ពខ្មែរដកថយត្រឡប់មក ក្រុងកម្ពុជាវិញហើយក៏ឱ្យចៅហ្វាយស្រុកប្រមូលរាស្ត្រដែលនៅសេសសល់នោះឱ្យចូលមកនៅតាមស្រុកដើមវិញ។ ឯអម្ចាស់ផែនដី ព្រះនគរក្រុងកម្ពុជា ទ្រង់ត្រាស់ឱ្យផាត់កៀរគ្រួសៀម ដែលនៅខេត្តខាងជើង ខេត្តខាងកើតនាំវិលត្រឡប់ចូលមកប្រទេសកម្ពុជាបានចំនួនច្រើនណាស់។ ទ្រង់ត្រាស់ឱ្យរំសាយកងទ័ព ឱ្យចេញទៅនៅតាមទីលំនៅ រៀងៗខ្លួន ហើយទ្រង់មានព្រះរាជកំណត់ឱ្យត្រួតត្រៀមពល អាហារសាស្ត្រាវុធដាក់កំណត់ពេលថា: ដល់ពេលចេញវស្សា ឆ្នាំក្រោយ ទ្រង់នឹងលើកទ័ពចូលទៅវាយក្រុងស្រីអយុធ្យាម្ដងទៀត។
នៅឆ្នាំ១៥៧៤ ក្រោមសំណើរបស់បារគូ មហាធម៌រាជាធិរាជក៏បានដឹកនាំទ័ពសៀមទៅបង្ក្រាបព្រះចៅក្រុងវៀងចន្ទន៍។ ខ្មែរបានឆ្លៀតឱកាសនេះចូលលុកលុយសៀម ក្រោយមកក៏បានដកទៅវិញដោយសារតែមានសត្យសញ្ញាដោយសៀមបានកាត់ទឹកដីចាស់របស់ខ្មែរដែលខណ្ឌក្នុងជំនាន់ពញារោងមកឱ្យខ្មែរវិញនៅត្រង់រអាងសិលា ក្នុងសត្យសញ្ញានេះខ្មែរនិងសៀមត្រូវរាប់ជាប្រទេសបងប្អូន ក្នុងកាលណាមួយបើសិនជាមានសឹកសង្គ្រាមណាមួយប្រទេសមួយទៀតនឹងលើកទៅជួយជាបន្ទាន់។
ក្នុងឆ្នាំ១៥៧៨ ខ្មែរបានចូលលុកលុយគោរាជ[អសង្ស័យកម្មត្រូវការ] និងបានរុលចូលមកទៀតដល់ស្រះបុរី។ នរេឝ្វរក៏បានបញ្ជូនកងទ័ពសៀមឱ្យលួចវាយឆ្មក់ខ្មែរនៅជ័យបាតាល ដោយបញ្ឈប់ពួកអ្នកឈ្លានចូលមកដល់អយុធ្យា។ សង្គ្រាមនេះកើតឡើងដោយព្រះនរេឝ្វរបានមើលងាយព្រះមហាឧបរាជខ្មែរស្រីសុរិយោពណ៌ ដោយបញ្ជាឱ្យសេនាកាត់ក្បាលពួកភូមាមន ដោតនៅមុខបន្ទាយព្រះឧបរាជខ្មែរ។
បែកបាក់ចេញពីបារគូ
[កែប្រែ]ក្នុងឆ្នាំ១៥៨១ ព្រះរៀមអង្គបានសោយទិវង្គត ព្រះអង្គត្រូវបានឡើងសោយរាជ្យដោយព្រះរាជបុត្រារបស់ព្រះអង្គ នន្ទព្រះរៀម។ ក្នុងឆ្នាំ១៥៨៣ ព្រះចៅអវៈ និងពួកឝានបានបង្កជាការបះបោរប្រឆាំងនឹងបារគូ។ នន្ទព្រះរៀមក្រោយមកបានសុំជំនួយកងទ័ពពីអយុធ្យា។ កងទ័ពសៀមបានធ្វើដណ្ដើរយឺតៗទៅកាន់អវៈក្រោមការដឹកនាំទ័ពរបស់ព្រះនរេឝ្វរ។ នន្ទព្រះរៀមក្រោយមកបានមានមន្ទិលសង្ស័យនូវភក្ដីភាពរបស់សៀមក៏បានចេញរាជបញ្ជាដោយសំងាត់ឱ្យព្រះរាជបុត្រារបស់ទ្រង់ ម៉ុងគ្រីឝ្វា ដែលជា ឧបរាជ ឱ្យបង្ក្រាបកងទ័ពព្រះនរេឝ្វរ និង ប្រហារព្រះអង្គតាមផ្លូវទៅកាន់បារគូ។ យ៉ាងណាក៏ដោយ ព្រះនរេឝ្វរបានដឹងព្រះកាយមុន ហើយបានប្រកាសលែងជាចំណុះភូមានៅឆ្នាំ១៥៨៣តទៅ។
នៅឆ្នាំ១៥៨៤ នន្ទព្រះរៀមព្រះអង្គឯងក៏បានដឹកនាំកងទ័ពបារគូចូលទៅប្រទេសៀម ប៉ុន្តែត្រូវបានបង្ក្រាបដោយព្រះនរេឝ្វរ។[៤] អស់រយៈពេលជាច្រើនឆ្នាំ កងទ័ពភូមាក៏បានពោរពាសពេញចូលអយុធ្យា ប៉ុន្តែត្រូវបានរុញច្រានទៅវិញ។ មហាធម៌រាជាធិរាជបានសោយទិវង្គតនៅឆ្នាំ១៥៩០។ ព្រះអង្គត្រូវបានឡើងសោយរាជ្យដោយព្រះនរេឝ្វរ។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ประวัติศาสตร์ สุริโยไท บทสนทนาอันไม่รู้จบระหว่างปัจจุบันกับอดีต
- ↑ ២,០ ២,១ Chakrabongse, C., 1960, Lords of Life, London: Alvin Redman Limited
- ↑ ៣,០ ៣,១ ៣,២ ៣,៣ ៣,៤ Rajanubhab, D., 2001, Our Wars With the Burmese, Bangkok: White Lotus Co. Ltd., ISBN 9747534584
- ↑ "Myanmar History - King Nanda". Archived from the original on 2009-06-03. Retrieved 2016-04-10.
មហាធម៌រាជាធិរាជ ប្រសូត/កើត: ១៥០៩ សុគត/ស្លាប់: ១៥៩០
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មហេន្ទ្រាធិរាជ |
ព្រះមហាក្សត្រអយុធ្យា ១៥៦៩–១៥៩០ |
តដោយ នរេឝ្វរ |
មុនដោយ ជ័យរាជា |
ព្រះមហាក្សត្រនៃសុខោទ័យ ១៥៤៨–១៥៦៩ |
តដោយ នរេឝ្វរ |
|
|
- Pages with script errors
- Pages using ISBN magic links
- អត្ថបទ with short description
- Short description is different from Wikidata
- Pages using infobox royalty with unknown parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទមានតំណត្រូវការអសង្ស័យកម្មពីខែវិច្ឆិកា ២០១៥
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- ព្រះមហាក្សត្រថៃ
- រាជវង្សសុខោទ័យ
- ក្សត្រអយុធ្យា
- ក្សត្រសតវត្សទី១៦នៅអាស៊ី