អាណាចក្ររតនកោសិន្ទ្រ៍
អាណាចក្ររតនកោសិន្ទ្រ៍ อาณาจักรรัตนโกสินทร์
| |||||||||
---|---|---|---|---|---|---|---|---|---|
១៧៨២–១៩៣២ | |||||||||
![]() វិសាលភាពទឹកដីអាណាចក្ររតនកោសិន្ទ្រ៍ | |||||||||
រាជធានី | ក្រុងទេពមហានគរ | ||||||||
ភាសាទូទៅ | ភាសាសៀម | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្តាច់ការ (១៧៨២–១៩៣២) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (១៩៣២) | ||||||||
ព្រះមហាក្សត្រ | |||||||||
▪ ១៧៨២–១៨០៩ | ព្រះបាទពុទ្ធយ៉តហ្វាចុឡាលោក | ||||||||
▪ ១៨៦៨–១៩១០ | ព្រះបាទចុល្លាង្ករណ៍ | ||||||||
▪ ១៩២៥–១៩៣៥ | ព្រះបាទប្រជាធិផុក | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ ប្រកាសបង្កើតឡើង | ៦ មេសា ១៧៨២ | ||||||||
២៤ មិថុនា ១៩៣២ | |||||||||
រូបិយវត្ថុ | បាត (ពីរជ្ជកាលរាមាទី៧) | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ |
អាណាចក្ររតនកោសិន្ទ្រ៍ (សៀម៖ อาณาจักรรัตนโกสินทร์) (ប្រកប៖ អាណាចាក់ក្រៈ រ័តតាណាក់កូស៊ីន) ឬ រាជអាណាចក្រសៀម (ราชอาณาจักรสยาม) ឬហៅសាមញ្ញថា សៀម គឺជានគរទីបួនរបស់សៀមបើយោងទៅតាមប្រវត្តិសាស្ត្រថៃ។ អាណាចក្រនេះបានបង្កើតឡើងនៅឆ្នាំ១៧៨២ បន្ទាប់ពីបឋមក្សត្រនៃរាជវង្សចក្រីគឺព្រះបាទសម្តេចព្រះពុទ្ធយ៉តហ្វាចុឡាលោកបានស្ថាបនាក្រុងរតនកោសិន្ទ្រ៍ជារាជធានីរបស់ខ្លួន។
អាណាចក្ររតនកោសិន្ទ្រ៍មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយដោយបានគ្របដណ្តប់លើប្រទេសកម្ពុជា ឡាវ និងនគរម៉ាឡេមួយចំនួន។ អាណាចក្រនេះត្រូវបានស្ថាបនាដោយព្រះបាទរាមាទី១ នៃរាជវង្សចក្រី។ ដំណាក់កាលដំបូងនៃសម័យនេះរួមមាន ការបង្រួបបង្រួមអំណាចរបស់អាណាចក្រ និងជម្លោះសង្គ្រាមសាមាយិកជាមួយមីយ៉ាន់ម៉ា វៀតណាម និងនគរលាវ។ ដំណាក់កាលបន្ទាប់ គឺការធ្វើទំនាក់ទំនងជាមួយមហាអំណាចអាណានិគមអង់គ្លេសនិងបារាំង ដែលជាហេតុនាំឱ្យសៀមក្លាយជារដ្ឋប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនធ្លាប់នៅក្រោមអាណានិគមពួកអឺរ៉ុប។[១]
សម្រាប់រឿងផ្ទៃក្នុងវិញ នគរនេះបានវិវត្តទៅជារដ្ឋប្រទេសដ៏ទំនើបមួយដោយសារការធ្វើអន្តរកម្មឥតឈប់ឥតឈរជាមួយមហាអំណាចលោកខាងលិចនៅតាមព្រំដែនរបស់ខ្លួន។ នៅក្នុងសម័យកាលរតនកោសិន្ទ្រ៍នេះ ប្រទេសសៀមបានទទួលការអភិវឌ្ឍន៍ជាច្រើនដូចជា វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមត្រូវបានសម្រេច ភាពលូតលាស់នៃពាណិជ្ជកម្មក្រៅប្រទេស ការលុបបំបាត់ចោលនូវទាសូបនិយភាព និងផ្តល់ការអប់រំជាផ្លូវការដល់អ្នកវណ្ណៈកណ្តាល។ ក៏ប៉ុន្តែភាពបរាជ័យក្នុងការធ្វើកំណែទម្រង់នយោបាយសំខាន់ៗបាននាំឱ្យមានបដិវត្តន៍កើតឡើងដែលជាលទ្ធផល សៀមត្រូវបោះបង់ចោលនូវរបបរាជាធិបតេយ្យផ្តាច់ការហើយមកប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិញ។
ផ្ទៃរឿង[កែប្រែ]



បន្ទាប់ពីបានត្រួតត្រាលើទឹកដីមួយផ្នែកធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោកអស់រយៈពេលជិតបួនសតវត្ស នគរអយុធ្យាក៏ត្រូវបានលុកលុយកាន់កាប់ដោយកងទ័ពភូមានៅក្នុងឆ្នាំ១៧៦៧។[២]
ទោះបីជាត្រូវទទួលបរាជ័យទាំងស្រុងនិងត្រូវស្ថិតនៅក្រោមការកាន់កាប់ដោយរាជវង្សតោនងុរបស់ភូមាក្តី សៀមនូវតែបន្តតស៊ូងើបបម្រះតបទល់វិញជានិច្ច។ ចលនាតស៊ូប្រឆាំងនឹងការកាន់កាប់របស់ភូមាគឺត្រូវបានដឹកនាំដោយមេទ័ពម្នាក់ឈ្មោះតាកស៊ីន។ ដោយមានមូលដ្ឋានទ័ពដំបូងនៅក្រុងចន្ទបុរីហើយត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ តាកស៊ីនបានកម្ចាត់ទ័ពឈ្លានពានរបស់ភូមាចេញរួចបង្កើតជារដ្ឋសៀមឯករាជ្យឡើងវិញដោយតាំងរាជធានីនៅធនបុរីដែលមានចម្ងាយ ២០ គម ពីឈូងសមុទ្រថៃ។ នៅក្នុងឆ្នាំ១៧៦៨ តាកស៊ីនក៏បានប្រកាសខ្លួនជាស្តេចនៃនគរសៀមថ្មី។ លោក/ព្រះអង្គ បានបង្រួបបង្រួមតំបន់ភាគកណ្តាលនៃប្រទេសថៃឱ្យឋិតនៅក្រោមការកាន់កាប់របស់ទ្រង់ ហើយថែមទាំងបានកាន់កាប់តំបន់ភាគខាងលិចប្រទេសកម្ពុជាទៀតផងនៅក្នុងឆ្នាំ១៧៦៩។[៣]
បន្ទាប់មក តាកស៊ីនក៏បន្តលើកទ័ពទៅភាគខាងត្បូងដើម្បីបង្កើតការគ្រប់គ្រងឡើងវិញនៅតំបន់ប៉េណាំងនិងតេរេងហ្កានូនៃឧបទ្វីបម៉ាឡេ។ បន្ទាប់ពីបង្រួបបង្រួមទឹកដីភាគខាងត្បូងនិងកណ្តាលនៃប្រទេសសៀមបានសម្រេច តាកស៊ីនក៏បង្វែរទ័ពទៅភាគខាងជើងដើម្បីបន្តវាយបណ្តេញពួកភូមាចេញនៅក្នុងឆ្នាំ១៧៧៤ ហើយនៅឆ្នាំ១៧៧៦ ក៏បានដណ្តើមកាន់កាប់ក្រុងឆៀងម៉ៃ និងព្រមទាំងដាក់បញ្ចូលនគរលាននាជាទឹកដីរបស់ខ្លួន។ មហាសេនាផ្តាច់មុខគេរបស់តាកស៊ីនគឺមានឈ្មោះថាថង ដួងដែលត្រូវបានគេស្គាល់ជាទូទៅថា ចៅពញាចក្រីដួង។ នៅឆ្នាំ១៧៧៨ ចក្រីបានលើកទ័ពទៅវាយកាន់កាប់នគរវៀងច័ន្ទន៍ និងនគរហ្លួងព្រះបាំងនៃប្រទេសលាវហើយទីបំផុតក៏បានបង្កើតការត្រួតត្រាលើនគរលាវទាំងពីរនេះ។
ទោះជាបានទទួលភាពជោគជ័យទាំងនេះមែន តែនៅក្នុងឆ្នាំ១៧៧៩ តាកស៊ីនក៏ជួបនឹងវិបត្តិនយោបាយនៅឯរាជដំណាក់។ តាកស៊ីនបានក្លាយជាបុគ្គលដែលមានជំនឿម៉ុតម៉ាំយ៉ាងខ្លាំងក្នុងព្រះពុទ្ធសាសនា រហូតដល់ថ្នាក់តាំងខ្លួនឯងជាព្រះពុទ្ធដោយបង្គាប់ឱ្យព្រះសង្ឃ និងប្រជាជនទូទៅគោរពបូជាខ្លួន។ នៅឆ្នាំ១៧៨២ តាកស៊ីនបានបញ្ជាឱ្យចក្រីបញ្ជូនកងទ័ពមកវាយលុកប្រទេសកម្ពុជា។ ខណៈពេលចក្រីកំពុងដង្ហែរទ័ពមកកម្ពុជា ការបះបោរដ៏ធំបានផ្ទុះឡើងនៅជុំវិញរាជធានី។ ប្រជាជនបះបោរទាំងនោះបានគាំទ្រ'មហាសេនាកំពូល'ចក្រី ហើយចង់ឱ្យចក្រីឡើងលើរាជបល្ល័ង្កជំនួស។ ពេលឮដូច្នេះ ចៅពញាចក្រីដែលកំពុងជាប់ដៃវាយកាន់កាប់ខេត្តខ្មែរ ក៏បានធ្វើដំណើរមករាជធានីវិញហើយបានធ្វើរដ្ឋប្រហារទម្លាក់តាកស៊ីនចេញពីអំណាចរួចចាប់យកទៅប្រហារជីវិត។
ចៅពញាចក្រីក៏ឡើងសោយរាជ្យជាស្តេចថ្មីនៃរាជអាណាចក្រសៀមក្រោមព្រះនាមថា'ពុទ្ធយ៉តហ្វាចុឡាលោក' (សៀម៖ พระพุทธยอดฟ้าจุฬาโลก) តែជាទូទៅគេច្រើនហៅទ្រង់ថា ព្រះបាទរាមាទី១, មហាក្សត្រទីមួយនៃរាជវង្សចក្រី។ ក្រោយពីឡើងសោយរាជ្យ ព្រះអង្គបានសម្រេចព្រះទ័យផ្លាស់រាជធានីពីតំបន់ធនបុរីមកលើកោះរតនកោសិន្ទ្រ៍។ រាជធានីថ្មីនេះគឺព័ទ្ធជុំវិញដោយខ្សែទឹក ភាគខាងលិចគឺជាប់នឹងទន្លេ ឯភាគខាងជើង កើត និងត្បូងគឺជាប់នឹងប្រឡាយដ៏វែងមួយ, ខ្សែទឹកនេះនឹងធ្វើឱ្យសត្រូវមានភាពលំបាកក្នុងការវាយប្រហារមកលើ។ សព្វថ្ងៃ ក្រុងរតនកោសិន្ទ្រ៍បានពង្រីកក្លាយជាទីក្រុងបាងកក ចំណែកឯរាជវង្សចក្រីគឺនូវតែបន្តក្លាយជារាជវង្សដឹកនាំនៃរាជអាណាចក្រថៃ។[៤]
ប្រវត្តិសាស្រ្ត[កែប្រែ]
ស្ថាបនា (១៧៨២–១៨០៩)[កែប្រែ]
រាមាទី១ គឺមានដើមកំណើតពីជនជាតិមន ថៃ និងចិន។[៥][៦] ក្នុងរជ្ជកាលដំបូង ព្រះអង្គបានស្តារឡើងវិញនូវប្រព័ន្ធនយោបាយនិងសង្គមដូចកាលពីសម័យក្រុងអយុធ្យា ប្រកាសឱ្យប្រើក្រមច្បាប់ថ្មី រៀបចំប្រព័ន្ធតុលាការឡើងវិញ[៧] និងវិន័យសម្រាប់ព្រះសង្ឃពុទ្ធសាសនា។ កងទ័ពគឺត្រូវទទួលបញ្ជាការពីប្អូនប្រុសរបស់ព្រះអង្គដែលកាលនោះមានឋានៈជាសម្តេចព្រះឧបរាជ។
ពួកភូមាកាលណាដឹងឮថាតាកស៊ីនត្រូវទម្លាក់ចេញពីតំណែង ក៏លើកទ័ពមកលុកលុយសៀមម្តងទៀតនៅក្នុងឆ្នាំ១៧៨៥។ ស្តេចរាមាបានបណ្តោយឱ្យភូមាចូលកាន់កាប់ភាគខាងជើងនិងភាគខាងត្បូង ប៉ុន្តែព្រះឧបរាជរបស់ព្រះអង្គ (ប្អូនប្រុស) បានលើកទ័ពទៅភាគខាងលិចប្រទេសសៀម ហើយក៏យកឈ្នះលើពួកភូមាបានយ៉ាងងាយនៅក្នុងទីលានប្រយុទ្ធមួយក្បែរកានចាណាបុរី។ នេះគឺជាការឈ្លានពានដ៏ធំចុងក្រោយបង្អស់របស់ភូមាមកលើរាជអាណាចក្រសៀម។ នៅក្នុងឆ្នាំ១៧៩២ សៀមបានសម្រេចកាន់កាប់ក្រុងហ្លួងព្រះបាំងដែលជាហេតុនាំឱ្យទឹកដីឡាវភាគច្រើនធ្លាក់មកនៅក្រោមការកាន់កាប់របស់សៀមដោយប្រយោលសម្បីតែទឹកដីខ្មែរក៏ដូចគ្នា។ មុនពេលចូលទិវង្គត ព្រះរាមាទី១ បានគូសបញ្ជាក់ពីតំបន់ដែលសៀមគួរកាន់កាប់ដោយផ្ទាល់ហើយតំបន់ដែលទ្រង់បានគូសនោះគឺមានទំហំធំជាងប្រទេសថៃសព្វថ្ងៃទៅទៀត។[៨]
ការឈ្លានពានប្រទេសវៀតណាម[កែប្រែ]
នៅក្នុងឆ្នាំ១៧៧៦ ក្រុមបះបោរតៃសឺនបានចូលមកកាន់កាប់ខេត្តយ៉ាឌិញរួចប្រហារជីវិតត្រកូលគ្រួសាររាជវង្សង្វៀនទាំងមូលរួមទាំងប្រជាជនមួយចំនួនធំដែលរស់នៅក្បែរៗនោះផងដែរ។ ង្វៀន អាញ់ដែលជាសមាជិករាជវង្សង្វៀនតែមួយគត់ដែលគេចផុតពីសេចក្តីស្លាប់រួចបានរត់ឆ្លងទន្លេចូលមកក្នុងប្រទេសសៀម។ ខណៈពេលកំពុងរស់នៅដោយនិរទេសនៅសៀម ង្វៀន-អាញ់មានបំណងប្រាថ្នាចង់ដណ្តើយយកខេត្តយ៉ាឌិញមកវិញនិងរុញច្រានក្រុមតៃសឺនចេញឱ្យអស់។ ដូច្នេះ ង្វៀន-អាញ់ក៏ទៅបញ្ចុះបញ្ចូលស្តេចពុទ្ធយ៉តហ្វាចុឡាលោកនៃសៀមឱ្យជួយប្រទានកងទ័ពនិងកងកម្លាំងឈ្លានពានតូចមួយដើម្បីដណ្តើមខេត្តយ៉ាឌិញមកវិញ។
នៅពាក់កណ្តាលឆ្នាំ១៧៨៤ ង្វៀន-អាញ់ជាមួយនឹងទ័ពសៀមចំនួន ៥០,០០០ នាក់និងសំពៅចំនួន ៣០០ គ្រឿងបានធ្វើដំណើរឆ្លងកាត់ទឹកដីកម្ពុជារួចបន្តទៅភាគខាងកើតទន្លេសាបហើយក៏បើកការវាយលុកចូលទៅក្នុងខេត្តនៃតំបន់អាណ្ណាម។ ទ័ពសៀមប្រមាណ ២០,០០០ នាក់បានចូលដល់តំបន់គានយ៉ា និង ៣០,០០០ នាក់ទៀតនៅឆាបឡាប ហើយរួមបម្រុងឆ្ពោះទៅក្រុងកឹងធើ។ នៅចុងឆ្នាំដដែរនោះ សៀមបានដណ្តើមកាន់កាប់ខេត្តយ៉ាឌិញដែលជាអតីតខេត្តរបស់ខ្មែរហើយមានគេអះអាងថាពួកសៀមបានប្រព្រឹត្តិអំពើយ៉ាងឃោរឃៅមកលើជនជាតិវៀតណាមដែលបានតាំងទីលំនៅនៅលើខេត្តនោះ។
ង្វៀន ហ៊ូដែលមើលដឹងពីការចល័តទ័ពរបស់សៀម ក៏បានដាក់ពង្រាយទ័ពខ្លួននៅតាមដងទន្លេទៀន (សព្វថ្ងៃនៅជិតក្រុងម៉ីថូ) នៅលើដីកោះតូចៗនៅកណ្តាលទន្លេ ដោយមានកងកម្លាំងជើងទឹកបម្រុងបន្ថែមទៀត។
នៅវេលាព្រឹកប្រលឹមនៃថ្ងៃទី១៩ ខែមករា, ង្វៀន-ហ៊ូបានបញ្ជូនកងនាវាតូចមួយដោយមានទង់ជាតិសនៅពីលើតំណាងឱ្យការចុះចាញ់ដើម្បីទាក់សៀមឱ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន។ ដោយទទួលបានជ័យជម្នះជាច្រើនលើកច្រើនសារ សៀមគិតថាវាគឺជាការសូមទទួលចុះចាញ់ពិតប្រាកដ ក៏ចូលទៅធ្វើកិច្ចចរចាក្នុងកូននាវានោះ។ ក្រោយមក កងទ័ពរបស់ហ៊ូក៏នាំគ្នាបើកការវាយប្រហារមកលើទ័ពរបស់សៀមដោយដំបូងបានសម្លាប់បេសកជនសៀមនៅក្នុងនាវាតូចនោះចោល រួចហើយបានបោះសញ្ញាឱ្យទ័ពបម្រុងចេញមកវាយទ័ពសៀមដោយទ័ពសៀមម្នាក់ៗមិននឹកស្មាន់ថាវាគឺជាអន្ទាក់របស់ហ៊ូសោះ។ ជាលទ្ធផល សៀមត្រូវបាត់បង់ទ័ពជាច្រើន សំពៅទាំងប៉ុន្មានរបស់ខ្លួនត្រូវកំទេចខូចខាត ហើយមានកងទ័ពតែ ១,០០០ នាក់ប៉ុណ្ណោះដែលបានរត់គេចខ្លួនមកដល់សៀមវិញរួច។
សង្គ្រាមជាមួយភូមា[កែប្រែ]
មិនយូរប៉ុន្មាន ស្តេចបុឌផឹយ៉ានៃភូមាក៏ចាប់ផ្តើមធ្វើយុទ្ធនាការមួយប្រកបដោយមហិច្ឆតាខ្លាំងដោយចង់ពង្រីកអំណាចរបស់ព្រះអង្គមកលើសៀម។ សង្គ្រាមភូមា–សៀម ពីឆ្នាំ១៧៨៥ រហូតដល់ឆ្នាំ១៧៨៦ ឬសៀមចំណាំហៅថា"សង្គ្រាមទ័ពប្រាំបួន" ក៏បានផ្ទុះឡើង ហើយមូលហេតុដែលសៀមហៅវាថា"សង្គ្រាមទ័ពប្រាំបួន" ព្រោះភូមាបានបែកចែងជួរ (ហ្វូង) ទ័ពរបស់ខ្លួនជា ៩ ក្រុម។ ទ័ពមីយ៉ាន់ម៉ាជាច្រើនបានសម្រុកចូលតំបន់លាននានិងតំបន់ភាគខាងជើងប្រទេសថៃ។ កងកម្លាំងសៀមនៅលាននាដែលទទួលបញ្ជាពីព្រះចៅកាវីឡាបានទប់ទល់ប្រយុទ្ធនឹងទ័ពមីយ៉ាន់ម៉ាយ៉ាងអស់ពីសមត្ថិភាពខណៈពេលកំពុងចាំទ័ពជំនួយបន្ថែមពីរាជធានីបាងកក។ នៅពេលក្រុងភិស្សានុលោកត្រូវធ្លាក់ក្រោមការកាន់កាប់របស់ភូមា ស្តេចរាមាទី១ និងអនុក្សត្រទ្រង់ព្រះនាមថុង–អ៊ីនបានចាត់ដឹកនាំទ័ពសៀមឆ្ពោះទៅភាគខាងជើង។ ទ័ពរបស់ព្រះអង្គបានរំដោះក្រុងឡាំប៉ាងពីការឡោមព័ទ្ធរបស់ភូមាក្នុងដំណើរនេះ។
ស្តេចបុឌផឹយ៉ារបស់ភូមាបានកំពុងរងចាំការវាយប្រហារនៅដែនសាំអុង។ ព្រះបាទរាមាទី១ បានបញ្ជាទ័ពទៅភាគខាងត្បូងវិញហើយក៏បានវាយប្រហារលើទ័ពមីយ៉ាន់ម៉ាដែលកំពុងធ្វើដំណើរមកក្រុងរៈនងតាមណៈខុនស្រីតាម្មារាជ។ ព្រះអង្គបាននាំទ័ពភូមាទាំងប៉ុន្មាននោះទៅប្រយុទ្ធគ្នានៅក្បែរក្រុងកានចាណាបុរី។ ពួកមីយ៉ាន់ម៉ាក៏បានបើកការវាយប្រហារមកលើក្រុងថាឡាង (ភូកេត) បន្ទាប់ពីដឹងឮថាអភិបាលក្រុងនោះទើបតែស្លាប់ថ្មីៗ។ ព្រះមហេសីរបស់រាមាទី១ ព្រះនាមថាចន្ទនិងប្អូនស្រីរបស់ព្រះនាងឈ្មោះម៉ុកបានប្រមូលផ្តុំអ្នកដែលរស់នៅទីនោះឱ្យរួមគ្នាការពារថាឡាងពីការឈ្លានពានរបស់ភូមា។ ជាលទ្ធផល ទ័ពភូមាក៏បានដកថយចេញពីថាឡាង ហើយសព្វថ្ងៃ នាងទាំងពីរត្រូវបានប្រជាជនថៃគោរពចាត់ទុកជាវីរនារីជាតិរបស់ពួកគេ។
ទោះជាយ៉ាងណា ភូមានូវតែបន្តការឈ្លានពានរបស់ពួកគេដោយលើកនេះបម្រុងនឹងវាយយកក្រុងស្ទឹងបុរៈ។ ដោយឮដំណឹងបែបនេះ អភិបាលក្រុងព័ទ្លុងបានរត់គេចខ្លួនបាត់ ប៉ុន្តែមានព្រះសង្ឃមួយអង្គឈ្មោះព្រះមហាបានជម្រុញឱ្យប្រជាជននៅទីនោះរួមគ្នាលើកអាវុធប្រឆាំងនឹងការលុកលុយរបស់ភូមាហើយជាលទ្ធផល ក៏ទទួលបានជោគជ័យ។ ក្រោយសង្គ្រាម ព្រះសង្ឃមួយអង្គនេះក៏ត្រូវស្តេចរាមាទី១ តម្លើងឋានៈជាអភិជន។
ដោយសារការទទួលបរាជ័យបែបនេះ ស្តេចបុឌផឹយ៉ារបស់ភូមាក៏ចាត់ទ័ពដែលនៅសល់ហើយដកថយទៅទឹកដីខ្លួនវិញ។ ប៉ុន្តែនៅឆ្នាំបន្ទាប់ បុឌផឹយ៉ាបានវាយលុកម្តងទៀតដោយលើកនេះតម្រៀបទ័ពជាក្រុមមួយធំ។ កងទ័ពភូមាបានធ្វើដំណើរឆ្លងហួសដែនវត្តបីបន្តិចហើយក៏តាំងទីជំរុំនៅតាឌិញដាំង។ រាមាទី១ ក៏ត្រូវដឹកនាំទ័ពពីរាជធានីម្តងទៀតដើម្បីទៅប្រយុទ្ធជាមួយទ័ពបុឌផឹយ៉ាជាថ្មី។ ការប្រយុទ្ធគ្នាលើកនេះគឺមានរយៈពេលខ្លីហើយមិនយូរប៉ុន្មានស្តេចភូមាក៏សុំទទួលចុះចាញ់។
សេដ្ឋកិច្ច វប្បធម៌ និងសាសនា[កែប្រែ]
ជនអន្តោប្រវេសន៍ចិនបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលព្រះបាទរាមាទី១ ដោយព្រះអង្គបានរក្សានូវគោលនយោបាយរបស់តាកស៊ីនក្នុងការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។ ជនជាតិចិនត្រូវអាចគេរកឃើញជាចម្បងនៅក្នុងវិស័យពាណិជ្ជកម្មនិងអាជីវកម្មហើយនៅក្នុងរជ្ជកាលរបស់បុត្រនិងចៅរបស់ទ្រង់ គេបានឃើញថាផ្លូវទឹកទីក្រុងបាងកកគឺពោរពេញទៅដោយសំពៅចិនគ្រប់ទំហំនិងខ្នាត។[៩]

រាមាទី១ បានផ្លាស់រាជធានីពីធនបុរីមកត្រើយមួយខាងទៀតនៃទន្លេហើយក៏បានវិវត្តមកក្លាយជាទីក្រុងបាងកកសព្វថ្ងៃ។ ក្នុងរយៈពេលពីរបីឆ្នាំដំបូងបន្ទាប់ពីផ្លាស់រាជធានីមកបាងកក ព្រះអង្គបានចំណាយពេលវេលាត្រួតពិនិត្យមើលដំណើរនៃការសាងសង់ព្រះបរមរាជវាំងរបស់ទ្រង់ ជាពិសេសគឺវត្តព្រះកែវនោះឯងដែលត្រូវជាទីកន្លែងដែលរូបបដិមាព្រះកែវមរកតតម្កល់ទុក។ ក្រោយពីបានកសាងក្រុងរួចហើយ ព្រះអង្គក៏ចាប់ប្រារព្ធពិធីដាក់នាមឱ្យរាជធានីថ្មីរបស់ទ្រង់។[១០]
ក្នុងឆ្នាំ១៨០៤ ព្រះបាទរាមាទី១ បានចាប់ផ្តើមចងក្រង'ច្បាប់ត្រាទាំង ៣' ដែលក្នុងនោះរួមមានច្បាប់ចាស់ៗដែលបានបន្សល់ទុកតាំងពីសម័យអយុធ្យាមកម្លេះ។[១១]:9, 30) ព្រះអង្គក៏បានចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋាភិបាល និងបែបផែននៃភាពជាក្សត្រផងដែរ។
រាមាទី១ ទ្រង់បានធ្វើកំណែទម្រង់សំខាន់ៗខាងសាសនាមានដូចជា ការស្តារនូវវិន័យសីលធម៌សម្រាប់ព្រះសង្ឃឡើងវិញព្រោះថាចាប់តាំងពីនគរអយុធ្យាបានដួលរលំមក វិន័យសីលធម៌របស់ព្រះសង្ឃបានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ។ ពេលដែលទ្រង់បានឡើងសោយរាជ្យ ព្រះសង្ឃថៃភាគច្រើនគឺមិនសូវមានស្មារតីជឿលើជំនឿអ្វីទៀតឡើយ។ ដូច្នេះ ព្រះបាទរាមាទី១ បានបង្កើតច្បាប់មួយដែលតម្រូវឱ្យព្រះសង្ឃណាដែលមានបំណងចង់និមន្តទៅរៀនបន្ថែមនៅក្រុងបុរីផ្សេង ព្រះសង្ឃនោះនឹងត្រូវមានវិញ្ញាបនប័ត្រផ្ទាល់របស់ខ្លួនដើម្បីបញ្ជាក់ថាពួកគេបានបួសត្រឹមត្រូវនិងនៅមានជំនឿដិតជាប់ជាមួយនឹងសាសនាព្រះពុទ្ធ។[១២]:221-222
ព្រះរាជាទ្រង់បានតែងតាំងសម្តេចសង្ឃរាជដំបូងបង្អស់សម្រាប់សាសនាព្រះពុទ្ធហើយសម្តេចមានទំនួលខុសត្រូវដូចជា ធានាថាច្បាប់របស់ព្រះមហាក្សត្រនឹងរក្សាជាប់ជាមួយនឹងព្រះសង្ឃពុទ្ធសាសនា។[១២]:222 រាមាទី១ គឺជាអ្នកដែលជម្រុញឱ្យមានការបកប្រែភាសាបាលីបុរាណនិងគម្ពីរព្រះត្រៃបិដកទាំងប៉ុន្មានដែលបានបាត់បង់ទៅដោយសារការលុកលុយរបស់ភូមាមកជាភាសាសៀមឡើងវិញ។ ព្រះអង្គក៏បាននិពន្ធរឿងរាមកេរ្តិ៍តាមទៅបែបវប្បធម៌និងប្រពៃណីថៃផងដែរ។[១២]:221
រាមាទី១ បានបង្កើតទំនាក់ទំនងសារជាថ្មីជាមួយនឹងពួកវ៉ាទីកង់និងគ្រិស្តសាសនិក។ អ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានគេបណ្តេញចេញនៅក្នុងរជ្ជកាលតាកស៊ីនត្រូវបានគេអញ្ជើញឱ្យត្រឡប់មកប្រទេសសៀមវិញ ហើយសកម្មភាពអ្នកឃោសនាសាសនាកាតូលិកក៏បានបន្តនៅប្រទេសថៃ។ ចំនួនអ្នកកាន់សាសនាកាតូលិកក្នុងតំបន់បានកើនឡើងជាលំដាប់រហូតដល់រាប់ពាន់នាក់បន្ទាប់ពីព្រះវិហាររបស់ពួកគេបានទទួលការការពារនិងសេរីភាពនៅក្នុងការផ្សព្វផ្សាយជំនឿម្តងទៀត។[១៣]
សន្តិភាព (១៨០៩–១៨២៤)[កែប្រែ]

នៅក្នុងរជ្ជកាលរបស់ព្រះបាទពុទ្ធលើសឡានភាល័យ (រាមាទី២) ដែលទ្រង់ត្រូវជាបុត្ររបស់រាមាទី១ គឺមិនសូវមានព្រឹត្តិការណ៍អ្វីធំដុំកើតឡើងនោះទេ។ ក្នុងពេលនោះ គ្រួសាររាជវង្សចក្រីគឺមានអំណាចគ្រប់គ្រងលើគ្រប់វិស័យដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល — ទាំងអស់នេះគឺដោយសារតែព្រះបាទរាមាទី១ មានរាជបច្ឆាញាតិរហូតដល់ទៅ ៤២ អង្គហើយប្អូនប្រុសរបស់ទ្រង់ (ព្រះឧបរាជ) មាន ៤៣ អង្គ ចំណែកឯរាមាទី២ វិញគឺមានរហូតដល់ទៅ ៧៣ អង្គ។ រាជបច្ឆាញាតិភាគច្រើនគឺត្រូវជាកូនចៅរបស់ស្រីស្នំព្រះរាជា (ពោលគឺគ្មានឈាមរាជវង្ស) ដែលជាហេតុនាំឱ្យពួកគេគ្មានសិទ្ធិទទួលមរតករាជបល្ល័ង្ក ដូច្នេះ ព្រះរាជាក៏ចាត់ឱ្យពួកគេចូលធ្វើការក្នុងវិស័យរដ្ឋាភិបាល។ ក្នុងរជ្ជកាលរបស់សម្តេចព្រះរាមាទី២ នេះដែរ ប្រទេសសៀមក៏ចាប់កើតមានជម្លោះបន្តិចបន្តួចជាមួយនឹងវៀតណាមក្រោយពីវៀតណាមបានលេបត្របាក់ទឹកដីមួយផ្នែកធំនៃកម្ពុជាហើយលេចឡើងជាមហាអំណាចថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈកាលនេះ ឥទ្ធិពលលោកខាងលិចក៏ជ្រាបចូលបន្តិចម្តងៗចូលក្នុងប្រទេសសៀមដែរ។
នៅក្នុងឆ្នាំ១៧៨៦ ក្រុមហ៊ុនឥណ្ឌាខាងលិចប្រឺតាញបានសម្រេចកាន់កាប់តំបន់ប៉េណាំង (ភាគខាងត្បូងប្រទេសសៀម) ហើយក្នុងឆ្នាំ១៨១៩ ពួកគេក៏ស្ថាបនាក្រុងសិង្ហបុរី។ មិនយូរប៉ុន្មាន ពួកអង់គ្លេសក៏ក្លាយមហាអំណាចលោកខាងលិចថ្មីដែលមានឥទ្ធិពលច្រើនជាគេនៅប្រទេសសៀមជំនួសឱ្យពួកព័រទុយកាល់និងហុល្លង់។ អង់គ្លេសក៏ចាប់ប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់សៀមដែលក្នុងនោះ៖ អាជីវកម្មផ្តាច់មុខត្រូវបានកាន់កាប់ដោយសមាជិកគ្រួសាររាជវង្សនិងមុខជំនួញនានាត្រូវស្ថិតក្រោមការយកពន្ធតាមអំពើចិត្ត។ នៅឆ្នាំ១៨២១ ក្រុមហ៊ុនឥណ្ឌាខាងលិចបានបញ្ជូនអ្នកតំណាងម្នាក់ឈ្មោះចន ក្រលហ្វឺតទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹងប្រទេសសៀម។[១៤]
សិល្បៈ និងអក្សរសាស្ត្រ[កែប្រែ]
រាមាទី២ គឺជាអង្គក្សត្រដែលស្រឡាញ់វិជ្ជាសិល្បៈនិងអក្សរសាស្ត្រ។ ព្រះអង្គគឺជាកវីដ៏ឆ្នើមមួយរូបហើយមានសមត្ថភាពសរសេរកំណាព្យល្អៗជាច្រើន។ ដូច្នេះហើយបានជាគេដាក់រហសនាមឱ្យព្រះអង្គថា"ស្តេចកំណាព្យ"។ ដោយសារតែបរិបាលភាពរបស់រាមាទី២ កវីដ៏ពូកែម្នាក់ឈ្មោះស៊ុនថន ភូក៏ត្រូវព្រះអង្គតែងតាំងពីឋានៈជា"ឃុន"ទៅ"ព្រះ" (ប្រា ឬ បូជាចារ្យ (พระ))។ ស៊ុនថនគឺជាអ្នកដែលនិពន្ធកំណាព្យថៃដ៏ប្រជាប្រិយមួយចំណងជើងថាព្រះអភ័យមនី (พระอภัยมณี)។
រាមាទី២ បាននិពន្ធឡើងវិញនូវអក្សរសិល្ប៍ប្រជាប្រិយជាច្រើនពីរជ្ជកាលព្រះបាទរាមាទី១។ ស្នាដៃនិពន្ធរបស់ព្រះអង្គត្រូវបានប្រជាជនថៃជាច្រើនកោតសរសើរ ឧទាហរណ៍៖ រឿងរាមកេរ្តិ៍ (ថៃ) និងរបាំល្ខោនមួយចំនួន...។ ព្រះអង្គក៏ជាវាទកៈ (អ្នកលេងភ្លេង) ដ៏ប្រពៃម្នាក់ផងដែរ ជាពិសេសគឺឧបករណ៍ភ្លេងដែលមានខ្សែ (ឧទាហរណ៍៖ ទ្រ)។ មិនតែប៉ុណ្ណោះ ទ្រង់ថែមទាំងមានវិជ្ជាជាអ្នកចម្លាក់ទៀតផង រូបសំណាក់ព្រះពុទ្ធមួយអង្គនៅវត្តអរុណ (ផ្នែកមុខ) គឺត្រូវបានឆ្លាក់ដោយព្រះបាទរាមាទី២ ផ្ទាល់។ ដោយសារតែស្នាព្រះហស្ថខាងផ្នែកសិល្បៈដ៏អស្ចារ្យរបស់ទ្រង់ គេក៏បានចាត់ទុកថ្ងៃចម្រើនជន្មាយុព្រះអង្គជា"ទិវាសិល្បៈជាតិ" ដែលប្រារព្ធធ្វើឡើងដើម្បីជាការគោរពរំលឹកដល់សិល្បករទាំងឡាយដែលបានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌នៃរាជអាណាចក្រថៃ។
ការបង្រួបបង្រួម (១៨២៤–១៨៥១)[កែប្រែ]

ព្រះរាមាទី២ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨២៤ ហើយត្រូវបុត្ររបស់ព្រះអង្គនាម'ចេស្ដាបតិន្ទ្រ'ឡើងស្នងរាជ្យសម្បត្តិបន្តក្រោមព្រះនាមថ្មីថា'សម្តេចព្រះណាង់ក្លៅ' ឬអាចហៅជាទូទៅបានថា'ព្រះរាមាទី៣'។ ចំណែកឯប្អូនរបស់ចេស្តាបតិន្ទ្រព្រះនាមមង្កុដត្រូវបាន"ជម្រុញ"ឱ្យបួសជាព្រះសង្ឃដែលជាហេតុនាំឱ្យព្រះអង្គលែងមានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ។
នៅឆ្នាំ១៨២៥ ពួកអង់គ្លេសនៅឥណ្ឌាបានបញ្ជូនបេសកជនមួយរូបទៀតឈ្មោះហិនរី ប៊ឺនីមកទីក្រុងបាងកក។ អង់គ្លេសនាពេលនោះបានដាក់បញ្ចូលភូមាក្រោមអាណានិគមរបស់ខ្លួនរួចទៅហើយ និងកំពុងពង្រីកការគ្រប់គ្រងរបស់ពួកគេនៅតំបន់ម៉ាឡេ។ ព្រះរាជាសៀមមានភាពស្ទាក់ស្ទើរជាខ្លាំងក្នុងការទទួលយកសេចក្តីទាមទាររបស់អង់គ្លេសអំពីរឿងពាណិជ្ជកម្ម ប៉ុន្តែឱវាទរបស់ព្រះអង្គបានទូន្មានប្រាប់ទ្រង់ថា ព្រះអង្គត្រូវតែទទួលនិងធ្វើម្តេចឱ្យពួកអង់គ្លេសវាពេញចិត្ត បើមិនអញ្ចឹងទេនោះ អាណាចក្រសៀមនឹងមានវាសនាដូចគ្នានឹងប្រទេសភូមាដែរ។ ដូច្នេះហើយ នៅក្នុងឆ្នាំ១៨២៦ សៀមបានចុះលើសន្ធិសញ្ញាពាណិជ្ជកម្មដំបូងបង្អស់ជាមួយនឹងមហាអំណាចលោកខាងលិចដែលគេតែងហៅថាសន្ធិសញ្ញាប៊ឺនី។ នៅក្រោមសន្ធិសញ្ញាប៊ឺនីនេះ សៀមបានយល់ព្រមបង្កើតប្រព័ន្ធពន្ធដារដូចលោកខាងលិច កាត់បន្ថយពន្ធលើពាណិជ្ជកម្មបរទេស និងលុបចោលនូវឯកាធិភាពមួយចំនួនរបស់គ្រួសាររាជវង្ស។ ជាលទ្ធផល វិស័យពាណិជ្ជកម្មរបស់សៀមបានកើនឡើងយ៉ាងឆាប់រហ័សហើយជនបរទេសជាច្រើនបានមកតាំងទីលំនៅថ្មីនៅទីក្រុងបាងកក ចំណែកឯឥទ្ធិពលវប្បធម៌លោកខាងលិចក៏កើនរាលដាលជាលំដាប់ផងដែរ។ អាណាចក្រសៀមក៏ក្លាយជារដ្ឋដ៏ទំនើបមួយនៅអាស៊ីអាគ្នេយ៍ ហើយបានទទួលនូវគ្រឿងសព្វាវុធទាន់សម័យច្រើនជាងមុន។
ការបះបោរមួយនៅឡាវដែលដឹកនាំដោយចៅអនុវង្សត្រូវសៀមបង្ក្រាបនៅក្នុងឆ្នាំ១៨២៧ ដែលជាដើមហេតុបណ្តាលឱ្យសៀមចូលវាយបំផ្លាញនគរវៀងចន្ទន៍។ មិនតែប៉ុណ្ណោះ សៀមបានបង្ខំប្រជាជននៅនគរវៀងចន្ទន៍ឱ្យផ្លាស់ទីលំនៅមកតំបន់ឥសាន្ត ហើយបានបែងចែកមឿង (ស្រុក) ឡាវជាក្រុមតូចៗដើម្បីកុំឱ្យកើតមានឧទ្ទាមកម្មនៅពេលខាងមុខទៀត។ ពីឆ្នាំ១៨៤២ ដល់ឆ្នាំ១៨៤៥ សៀមបានយកឈ្នះនៅក្នុងសង្គ្រាមមួយជាមួយនឹងវៀតណាមដែលធ្វើឱ្យការគ្រប់គ្រងរបស់សៀមនៅកម្ពុជាកាន់តែតឹងណែនបន្ថែម។ ស្នាព្រះហស្ថដ៏មានតម្លៃអស្ចារ្យរបស់ព្រះរាមាទី៣ នៅទីក្រុងបាងកក គឺការពង្រីកបរិវេណវត្តផូ និងទុកជាទីសក្ការៈថ្មី។
ព្រះរាមាទី៣ តែងចាត់ទុកប្អូនប្រុសរបស់ព្រះអង្គព្រះនាម'មង្កុដ'ជាអ្នកឡើងស្នងរាជសម្បត្តិបន្តទោះបីជាដឹងថាព្រះសង្ឃមិនអាចកាន់តំណែងជាស្តេចបានក៏ដោយ ហើយម៉្យាងទៀតនោះ មង្កុដគឺមានប្រជាប្រិយភាពខ្លាំងចំពោះពួកអង់គ្លេស។ ព្រះអង្គមង្កុដបានប្រើការសំចតជាព្រះសង្ឃរបស់ទ្រង់ដើម្បីទទួលចំណេះដឹងបែបលោកខាងលិចពីអ្នកផ្សព្វផ្សាយសាសនាជនជាតិបារាំងនិងអាមេរិក ហើយនិងអ្នកជំនួញអង់គ្លេស។ មង្កុដត្រូវបានគេចាត់ទុកថាជាជនជាតិសៀមដំបូងបង្អស់ដែលទទួលការអប់រំពីលោកខាងលិច។ ព្រះអង្គបានរៀនភាសាអង់គ្លេសនិងអក្សរឡាតាំង ហើយខាងវិជ្ជាវិញគឺព្រះអង្គបានសិក្សាពីវិទ្យាសាស្ត្រនិងគណិតសាស្ត្រ។ អ្នកផ្សព្វផ្សាយសាសនាដែលបង្រៀនព្រះអង្គទាំងនោះបានសង្ឃឹមថាទ្រង់នឹងបរិវត្តទៅជាគ្រិស្តសាសនិកប៉ុន្តែបានទទួលបរាជ័យព្រោះថាមង្កុដគឺជាបុគ្គលដែលប្រកាន់សាសនាព្រះពុទ្ធយ៉ាងតឹងរឹងនិងជាអ្នកជាតិនិយមសៀមមួយរូប។ មង្កុដបានប្រើប្រាស់ចំណេះដឹងដែលរៀនសូត្រពីលោកខាងលិចមកដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជាតិសៀមនៅពេលដែលព្រះអង្គមានឱកាសបានឡើងគ្រងរាជ្យ។
វាពិតជាច្បាស់ណាស់ថាឯករាជ្យភាពរបស់សៀមនៅអំឡុងទស្សវត្តឆ្នាំ១៨៤០ គឺកំពុងតែសាបទៅៗ៖ ទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសង្គ្រាមអាភៀនលើកទី១ រវាងអង់គ្លេសនឹងចិនដែលបានចាប់ផ្ទុះឡើងនៅឆ្នាំ១៨៣៩ ហើយបញ្ចប់ទៅវិញក្នុងឆ្នាំ១៨៤២។ នៅឆ្នាំ១៨៥០ អង់គ្លេសនិងអាមេរិកបានបញ្ជូនបេសកជនមកទីក្រុងបាងកកម្តងទៀតដោយលើកនេះបានទាមទារឱ្យមានការបញ្ឈប់រាល់លក្ខខណ្ឌតឹងរឹងទាំងប៉ុន្មានលើវិស័យពាណិជ្ជកម្មរបស់សៀម ការបង្កើតរដ្ឋាភិបាលបែបបស្ចឹមប្រទេស (លោកខាងលិច) និងជួយរំដោះប្រជាជនរបស់ពួកគេឱ្យរួចផុតពីច្បាប់នៃអាណាចក្រសៀម។ រដ្ឋាភិបាលរបស់សម្តេចព្រះរាមាទី៣ បានបដិសេដនូវការទាមទារនេះដែលធ្វើឱ្យអ្នកស្នងតំណែងបន្តពីទ្រង់អាចស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់។ គេបានឱ្យដឹងថា ខណៈពេលដែលព្រះអង្គជិតចូលព្រះទិវង្គត ទ្រង់បានមានព្រះបន្ទូលថា៖"សង្គ្រាមជាមួយនឹងភូមាហើយវៀតណាមគឺលែងមានទៀតហើយ ព្រោះពួកវាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចបស្ចឹមប្រទេសរួចទៅហើយ។"[១៥]
តាំងពីបានស្ថាបនាចេញមក សេដ្ឋកិច្ចនៃអាណាចក្ររតនកោសិន្ទ្រ៍បានទទួលបានការរីកចម្រើនយ៉ាងខ្លាំងដោយសារតែគោលនយោបាយដំបូងរបស់តាកស៊ីនដែលអនុញ្ញាត្តឱ្យពួកឈ្មួញចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។[៦] ក្រៅពីឈ្មួញ កសិករចិនក៏បានធ្វើដំណើរមកប្រទេសសៀមដើម្បីបន្តប្រកបរបរកសិកម្មរបស់ពួកគេផងដែរ អ្នកដឹកនាំប្រទេសសៀមគ្រប់ជាន់ថ្នាក់គឺតែងតែស្វាគមន៍ជនអន្តោប្រវេសន៍ចិនជានិច្ច។ ឈ្មួញចិនមួយចំនួនត្រូវបានតែងតាំងឋានៈជាមន្រ្តីតុលាការសៀមក៏មានផង វប្បធម៌ចិនត្រូវបានទទួលស្គាល់និងផ្សព្វផ្សាយ ស្នាដៃរបស់ជនជាតិចិនជាច្រើនត្រូវបានបកប្រែដោយឥស្សរជនតុលាការជាប់សញ្ជាតិចិន។ ទំនាក់ទំនងរវាងសៀមនឹងចិនគឺមានសភាពល្អប្រសើរខ្លាំង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តរហូតដល់រជ្ជកាលព្រះរាមាទី៤។
សម័យត្រាស់ដឹង (បំភ្លឺ) (១៨៥១–១៨៦៨)[កែប្រែ]

មង្កុដបានឡើងសោយរាជ្យជាព្រះបាទរាមាទី៤ នៅក្នុងឆ្នាំ១៨៥១។ ព្រះអង្គបានប្តេជ្ញាចិត្តថានឹងការពារសៀមកុំឱ្យធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមមហាអំណាចអាណានិគមអឺរ៉ុបដោយបង្ខំធ្វើទំនើបកម្មខាងវិជ្ជានិងវិស័យទាំងឡាយណាដែលសៀមខ្សោយខ្លាំង។ ក្រោមទ្រឹស្តី មង្កុដគឺត្រូវជាព្រះមហាក្សត្រផ្តាច់ការ ក៏ប៉ុន្តែអំណាចរបស់ព្រះអង្គគឺមានការកំណត់។ សកម្មភាពដំបូងរបស់ព្រះអង្គក្នុងនាមជាព្រះមហាក្សត្រគឺការប៉ុនប៉ងធ្វើកំណែទម្រង់បង្កើតប្រព័ន្ធរដ្ឋបាលទំនើបនិងលើកតម្កើងជីវភាពទាសករបំណុល ប៉ុន្តែលទ្ធផលគឺមិនបានដូចការំពឹងទុកឡើយ។
ព្រះរាមាទី៤ គឺជាក្សត្រដែលតែងតែស្វាគមន៍ពួកលោកខាងលិចជានិច្ច ជាពិសេសគឺពួកអង់គ្លេស។ ការណ៍នេះត្រូវបានបញ្ជាក់យ៉ាងស្តែងនៅឆ្នាំ១៨៥៥៖ នៅពេលដែលអភិបាលទឹកដីហុងកុងលោកចន បោរីងជាមួយនឹងកងកម្លាំងជើកទឹកបានមកដល់ក្រុងបាងកកហើយទាមទារឱ្យមានការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មសៀមភ្លាមៗ។ ព្រះរាជាសៀមបានយល់ព្រមទៅនឹងការទាមទាររបស់អង់គ្លេសភ្លាមដោយចុះព្រះហត្ថលេខាលើសន្ធិសញ្ញាមួយហៅថាសន្ធិសញ្ញាបោរីង។ សន្ធិសញ្ញានេះបានបន្តឹងពន្ធនាំចូលឱ្យឡើងចំនួន ៣ ភាគរយ លុបចោលនូវភាពផ្តាច់មុខរបស់គ្រួសាររាជវង្សលើវិស័យពាណិជ្ជកម្ម និងផ្តល់ទឹកដីមួយភាគតូចទៅអង់គ្លេស។ ដោយឃើញបែបនេះ មហាអំណាចលោកខាងលិចផ្សេងៗទៀតក៏បានយកត្រាប់តាមអង់គ្លេសហើយទទួលបាននូវលទ្ធផលស្រដៀងៗគ្នា។
មង្កុដក៏ចាប់ផ្តើមយល់ឃើញថាសត្រូវដែលចង់ឆក់យកទឹកដីខ្លួនពិតប្រាកដនោះគឺបារាំង មិនមែនពួកអង់គ្លេសទេ។ ព្រោះថា ពួកអង់គ្លេសគឺមានចំណាប់អារម្មណ៍មកលើប្រយោជន៍ពាណិជ្ជកម្មច្រើនជាជាងការដាក់អាណានិគមចំណែកឯបារាំងវិញគឺកំពុងតែដើរពង្រីកទឹកដីអាណានិគមរបស់ខ្លួន។ បារាំងបានចូលកាន់កាប់ទីក្រុងព្រៃនគរនៅក្នុងឆ្នាំ១៨៥៩ ហើយនៅឆ្នាំ១៨៦៧ បារាំងបានសម្រេចកាន់កាប់ភាគខាងត្បូងប្រទេសវៀតណាមនិងភាគខាងកើតប្រទេសកម្ពុជា។ ព្រះរាមាទី៤ សង្ឃឹមថាអង់គ្លេសនឹងជួយប្រទេសជាតិរបស់ទ្រង់ឱ្យគេចផុតពីអាណានិគមបារាំងប្រសិនបើព្រះអង្គបន្តផ្តល់សម្បទានពាណិជ្ជកម្មដែលត្រូវនឹងអ្វីដែលពួកអង់គ្លេសបានទាមទារ។ ជាលទ្ធផលវាមានរាងស្មុគស្មាញបន្តិចនៅក្រោមរជ្ជកាលស្តេចបន្ទាប់តែទោះជាយ៉ាងណាអង់គ្លេសនូវតែចុះជួយសៀមដោយមើលឃើញថាសៀមអាចជារដ្ឋទ្រនាប់ដែលបំបែកទឹកដីអង់គ្លេសភូមានិងទឹកដីឥណ្ឌូចិនរបស់បារាំង។
អ្នកកំណែទម្រង់ (១៨៦៨–១៩១០)[កែប្រែ]

ព្រះរាមាទី៤ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨៦៨ ហើយត្រូវបានស្នងរាជ្យបន្តដោយបុត្រាវ័យ ១៥ វស្សារបស់ទ្រង់ព្រះនាមថាស្តេចចុល្លាង្ករណ៍ (ព្រះរាមាទី៥)។ ព្រះរាមាទី៥ គឺជាអង្គក្សត្រសៀមដំបូងបង្អស់ដែលទទួលបានការអប់រំពេញលេញបែបលោកខាងលិច ព្រះអង្គត្រូវបានបង្រៀនដោយទេសាភិបាលជនជាតិអង់គ្លេសម្នាក់គឺលោកស្រីអែនណា លីអូណូវេន។ ក្នុងរជ្ជកាលដំបូងរបស់ព្រះអង្គ កិច្ចការទាំងឡាយត្រូវបានកាន់កាប់ជំនួសដោយរាជានុសិទ្ធិមួយរូបឈ្មោះស្រីសុរិយ៉ាវង្សស៍។ នៅឆ្នាំ១៨៧៣ កិច្ចការទាំងនោះក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់ព្រះចុល្លាង្ករណ៍វិញ។ ពេលបានកាន់អំណាចពេញលេញ ព្រះរាមាទី៥ ក៏ចាប់បង្កើតក្រុមប្រឹក្សាឯកជននិងក្រុមប្រឹក្សារដ្ឋ ប្រព័ន្ធតុលាការផ្លូវការ ហើយនិងការិយាល័យសមុច្ច័យ។ ព្រះអង្គបានប្រកាសលុបបំបាត់ចោលជាបណ្តើរៗនូវទាសភាពនិងលក្ខខ័ណ្ឌបន្តឹងបំណុល។
ដំបូងឡើយ អង្គក្សត្រសៀមនិងអ្នកអភិរក្សនិយមជើងចាស់ទាំងឡាយបានសម្រេចក្នុងការហាមឃាត់ព្រះរាជាដ៏វ័យក្មេងពីការធ្វើកំណែទម្រង់ទាំងនោះ ប៉ុន្តែយូរៗទៅ អ្នកទាំងអស់នោះត្រូវបានជំនួសដោយអ្នកថ្មីដែលសុទ្ធតែទទួលបានការអប់រំតាមលោកខាងលិច។ ដោយមានអ្នកថ្មីអមសងខាងព្រះអង្គបែបនេះ កំណែទម្រង់របស់ទ្រង់ក៏ប្រព្រឹត្តិទៅបានសម្រេចដូចបំណងប្រាថ្នា។ នៅឆ្នាំ១៨៨៧ បងប្អូនសាច់ថ្លៃព្រះអង្គព្រះនាមតេវ៉ាវង្ស៍បានធ្វើទស្សនកិច្ចទៅសិក្សាប្រព័ន្ធរដ្ឋាភិបាលនៅអឺរ៉ុប។ តាមអនុសាសន៍របស់តេវ៉ាវង្ស៍ ព្រះរាជាក៏យល់ព្រមបង្កើតគណៈរដ្ឋមន្រ្តីរដ្ឋាភិបាល ការិយាល័យសវនកម្ម និងនាយកដ្ឋានអប់រំ។ តំបន់ឈៀងម៉ៃត្រូវបានដាក់បញ្ចូលជាទឹកដីថៃជាផ្លូវការ វិស័យយោធាត្រូវបានរៀបចំឡើងវិញនិងធ្វើទំនើបកម្ម។
នៅឆ្នាំ១៨៩៣ អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានប្រើជម្លោះព្រំដែនខ្នាតតូចដើម្បីបង្កឱ្យមានវិបត្តិធំកើតឡើង។ នាវាចម្បាំងរបស់បារាំងក៏លេចខ្លួនឡើងនៅទីក្រុងបាងកកដោយទាមទារឱ្យសៀមចូលប្រគល់ទឹកដីឡាវនៅខាងកើតនៃទន្លេមេគង្គ។ ព្រះរាមាទី៥ បានទៅអំពាវនាវដល់ចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋមន្រ្តីអង់គ្លេសបានប្រាប់ព្រះអង្គឱ្យដោះស្រាយរឿងនោះទៅតាមលក្ខខ័ណ្ឌអ្វីដែលទ្រង់មាន។ កាលណាគ្មានជម្រើស ព្រះរាមាទី៥ ក៏ទទួលយល់ព្រម។ វីរកម្មតែមួយគត់របស់អង់គ្លេសគឺកិច្ចព្រមព្រៀងជាមួយបារាំងក្នុងការរក្សានូវទឹកដីដើមរបស់ថៃ។ ជាលទ្ធផល សៀមត្រូវបោះបង់តំបន់សានដែលស្ថិតនៅភាគឥសាន្តនៃប្រទេសភូមាសព្វថ្ងៃទៅឱ្យចក្រភពអង់គ្លេស។
ទោះជាយ៉ាងណាក្តី បារាំងនូវតែបន្តដាក់សម្ពាធមកលើសៀមហើយនៅរវាងឆ្នាំ១៩០៦–១៩០៧ បារាំងក៏បានបង្កើតជម្លោះវិបត្តិទឹកដីម្តងទៀត។ លើកនេះ សៀមត្រូវប្រគល់តំបន់ច្រាំងខាងលិចទន្លេមេគង្គ តំបន់ចម្ប៉ាសាក់នៅភាគខាងត្បូងប្រទេសឡាវ និងភាគខាងលិចប្រទេសកម្ពុជាមកឱ្យបារាំង។ ចក្រភពអង់គ្លេសក៏ចូលធ្វើអន្តរាគមន៍ដើម្បីកុំឱ្យបារាំងដាក់សម្ពាធបន្ថែមទៀតមកលើសៀមប៉ុន្តែជាការតបស្នងគុណអង់គ្លេសវិញ សៀមត្រូវប្រគល់តំបន់កេដា ភឺលីស កេឡានតាន និងតេរេងហ្កានូមកឱ្យអង់គ្លេសនៅក្រោមសន្ធិសញ្ញាអង់គ្លេស–សៀម ឆ្នាំ១៩០៩។ ទឹកដីដែលបានបាត់បង់ទាំងអស់នេះគឺសុទ្ធតែស្ថិតនៅជាយដែននៃឥទ្ធិពលរបស់អាណាចក្រសៀមនិងមិនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេផ្ទាល់នោះទេ។ ការបង្ខំឱ្យបោះបង់ចោលទឹកដីទាំងអស់នោះដោយមហាអំណាចអាណានិគមគឺជារឿងដ៏គួរឱ្យអាម៉ាស់បំផុតសម្រាប់ព្រះមហាក្សត្រនិងប្រជាជាតិថៃទាំងមូល។
ទន្ទឹមនឹងនេះដែរ ការធ្វើកំណែទម្រង់ប្រទេសជាតិនូវតែបន្តឥតឈប់ឥតឈរដែលជាហេតុនាំឱ្យសៀមដែលធ្លាប់ជារដ្ឋពឹងផ្អែកលើរបបរាជាធិបតេយ្យផ្តាច់ការទាំងស្រុងទៅជាប្រទេសជាតិទំនើបទាន់សម័យមួយ។ ដំណើរនេះបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលបុត្រារបស់ព្រះរាមាទី៥។ ផ្លូវដែកនិងប្រព័ន្ធគមនាគមន៍ត្រូវបានភ្ជាប់ទៅគ្រប់ទិសទីនៃប្រទេសថៃ។ ដុំមាសត្រូវបានដាក់ឱ្យប្រើជារូបិយវត្ថុ ហើយការប្រើកម្លាំងពលកម្មជាទម្ងន់ត្រូវបានជំនួសមកវិញនូវប្រព័ន្ធពន្ធដារសម័យ។ បញ្ហាដ៏ធំបំផុតគឺកង្វះមន្រ្តីរាជការដែលប្រកបដោយសីលធម៌និងចំណេះដឹងទូទៅ ដោយហេតុនេះហើយទើបសៀមត្រូវប្រគល់តំណែងទាំងនោះទៅជនបរទេសជាបណ្តោះអាសន្នសិន។ សៀមក៏ចាប់កសាងវិទ្យាស្ថានអប់រំនិងសាលារៀននៅទូទាំងផ្ទៃប្រទេសហើយបន្ទាប់មកត្រូវរងចាំនិស្សិតពួកគេរៀនចប់អស់សិនទើបនិស្សិតទាំងនោះអាចឡើងបន្តជាមន្រ្តីរាជការជំនួសឱ្យបរទេសបាន។ ត្រឹមឆ្នាំ១៩១០ និងជាឆ្នាំដែលព្រះរាមាទី៥ ត្រូវចូលព្រះទិវង្គត ប្រទេសសៀមក៏បានក្លាយជាប្រទេសជាតិដ៏ទំនើបមួយនៅក្នុងចំណោមរដ្ឋប្រទេសអធិបតេយ្យទាំងប៉ុន្មាននៅលើពិភពលោក។
ដំណាក់កាលក្លាយជារដ្ឋទាន់សម័យ (១៩១០–១៩២៥)[កែប្រែ]

កំណែទម្រង់មួយរបស់ព្រះរាមាទី៥ គឺការណែនាំនូវច្បាប់ឡើងស្នងរាជ្យតាមបែបបស្ចិមប្រទេស ដូច្នេះនៅឆ្នាំ១៩១០ ព្រះអង្គត្រូវបានបុត្រារបស់ទ្រង់ឡើងស្នងរាជ្យជាសន្តិវិធីដោយមាននាមថាសម្តេចព្រះបាទរាមាទី៦។ រជិរាវុធ ឬរាមាទី៦ បានទទួលការអប់រំនៅឯសាលាយោធាសានហឺសត៍ និងនៅសកលវិទ្យាល័យអកស៍ហ្វត។ គេបានចាត់ទុកព្រះអង្គគឺជាសភាពបុរសម្នាក់នៅសម័យអែដវើដនៃចក្រភពអង់គ្លេស។
នៅក្នុងរជ្ជកាលព្រះរាមាទី៦ ក៏មានកំណែទម្រង់ខ្លះៗផងដែរក៏ប៉ុន្តែ ទ្រង់គឺនូវតែជាព្រះមហាក្សត្រផ្តាច់ការដែលដើរតួជាប្រមុខគណៈរដ្ឋមន្រ្តីនិងកាន់កាប់ទីភ្នាក់ងារទាំងអស់របស់រដ្ឋជាមួយនឹងសាច់ញាតិរបស់ព្រះអង្គ។ ដោយទទួលបានការអប់រំនិងចំណេះដឹងពីលោកខាងលិច រជិរាវុធដឹងថាប្រទេសជាតិ"ថ្មី"របស់ទ្រង់គឺមិនអាចគម្លៀតចេញពីអំណាចរដ្ឋាភិបាលទាំងស្រុងបានទេ ហើយព្រះអង្គមានជំនឿថា ប្រទេសសៀមគឺនឹងមិនងាយទទួលបាននូវលទ្ធិប្រជាធិបតេយ្យពេញលេញស្រួលៗនោះទេ។ តែទោះជាយ៉ាងណា ទ្រង់នូវតែធ្វើទំនើបកម្មជាតិបន្តពីព្រះបិតា។
ទីក្រុងបាងកកក៏ក្លាយជារាជធានីផ្លូវការនៃប្រជាជាតិថ្មីរបស់រជិរាវុធ។ រដ្ឋាភិបាលរបស់ទ្រង់បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើននៅទូទាំងប្រទេសទោះបីជាមានបញ្ហាខាងហិរញ្ញវត្ថុជាតិក្តី។ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក មន្ទីរពេទ្យ និងសាលារៀនត្រូវបានលេចចេញឡើងនៅគ្រប់ជ្រង់ជ្រោយនៃប្រទេសថៃ។
ព្រះរាជាទ្រង់បានបង្កើតកងអង្គទ័ពខ្លាព្រៃ (กองเสือป่า) ដែលជាយោធាប្រតិព័ន្ធមួយរបស់សៀមក្នុងគោលបំណងចង់ដោះស្រាយបុព្វហេតុជាតិ។ ព្រះអង្គថែមទាំងបានបង្កើតអង្គការកាយរិទ្ធជាតិថៃទៀតផងដែលនៅមានអត្ថិភាពរហូតមកដល់សព្វថ្ងៃ។ ព្រះរាជាបានចំណាយពេលភាគច្រើនធ្វើកិច្ចការទាំងនេះព្រោះទ្រង់ដឹងថាវាជាឱកាសតែមួយគត់ដែលទ្រង់អាចបង្កើតចំណងរវាងខ្លួនព្រះអង្គនឹងពលរដ្ឋដ៏ស្មោះត្រង់របស់ទ្រង់ផ្ទាល់។
ចលនាយោធាប្រតិព័ន្ធរបស់រជិរាវុធបានបាត់ឥទ្ធិពលបន្តិចម្តងៗនៅត្រឹមឆ្នាំ១៩២៧ ប៉ុន្តែត្រូវលើកឡើងមកវិញហើយវិវត្តទៅជាកងអង្គទ័ពអ្នកស្ម័គ្រចិត្តការពារ ឬអាចហៅថា"កាយរិទ្ធភូមិ" (ลูกเสือบ้าน)។[១៦]

របៀបរបបដឹកនាំរបស់រជិរាវុធគឺមានលក្ខណៈខុសគ្នាពីព្រះបិតារបស់ទ្រង់។ ជាជាងលើកឡើងនូវក្រុមដឹកនាំថ្មី រជិរាវុធនូវតែបន្តសហការណ៍ជាមួយក្រុមអ្នកដឹកនាំចាស់ៗ (ពោលក្រុមដឹកនាំរបស់ព្រះបិតាទ្រង់) នៅក្នុងរជ្ជកាលដំបូងៗរបស់ព្រះអង្គ។ កិច្ចការងារប្រចាំថ្ងៃភាគច្រើនគឺបានចាត់ឱ្យអ្នកមានបទពិសោធន៍និងអ្នកមានសមត្ថភាពធ្វើ។ សម្រាប់អ្នកទាំងនោះនិងព្រះរាជាផ្ទាល់ សៀមនូវមានកង្វះការអភិវឌ្ឍន៍ផែនការជាតិដូចជាផ្តល់នូវការអប់រំជូនប្រជាជនទាំងមូល ការបង្កើតគ្លីនិកដើម្បីផ្តាល់ថ្នាំវ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីបង្ការជំងឺអុតធំ និងការពង្រីកប្រព័ន្ធផ្លូវដែក។
មិនយូរប៉ុន្មាន អ្នកដែលកាន់តំណែងជាន់ខ្ពស់ជើងចាស់ទាំងនោះក៏ត្រូវជំនួសមកវិញដោយសមាជិកថ្មីៗ ហើយគិតត្រឹមឆ្នាំ១៩១៥ សមាជិកគណៈរដ្ឋមន្រ្តីជាងពាក់កណ្តាលគឺសុទ្ធតែជាអ្នកមកថ្មីទាំងអស់។
កំណែទម្រង់វិស័យអប់រំ[កែប្រែ]
ព្រះរាមាទី៦ គឺជាស្តេចសៀមដំបូងគេបង្អស់ដែលបានបង្កើតនូវគំរូរដ្ឋធម្មនុញ្ញ។ ព្រះអង្គចង់ដឹងថាតើប្រទេសសៀមនឹងដើរទៅមុខដូចម្តេចនៅក្រោមប្រព័ន្ធគ្រប់គ្រងបែបបស្ចឹមលោក។ ព្រះអង្គក៏បានប្រទះឃើញនូវគុណសម្បត្តិនៅក្នុងប្រព័ន្ធនោះហើយគិតថាសៀមអាចឈានទៅមុខបន្តិចម្តងៗបាន ប៉ុន្តែមិនអាចទទួលយកបានភ្លាមៗនោះទេ ព្រោះថាប្រជាជនខ្លួនភាគច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីយល់ពីបម្លាស់ប្តូរបែបនេះនោះឡើយ។ នៅក្នុងឆ្នាំ១៩១៦ វិស័យអប់រំជាន់ខ្ពស់ក៏ចាប់ដំណើរការនៅប្រទេសសៀម។ ព្រះរាមាទី៦ បានបើកមហាវិទ្យាល័យរជិរាវុធ ហើយនិងសកលវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសថៃគឺសកលវិទ្យាល័យចុល្លាង្ករណ៍។[១៧]
អាគារវិជ្ជារៈមង្កុដ, មហាវិទ្យាល័យរជិរាវុធ។
អាគារមហាចុល្លាង្ករណ៍, សាកលវិទ្យាល័យចុល្លាង្ករណ៍។
សង្គ្រាមលោកលើកទី១[កែប្រែ]
![]() |
![]() |
ព្រះបាទរាមាទី៦ នៃសៀម បានចេញព្រះរាជបញ្ជានៅក្នុងឆ្នាំ១៩១៧ ថាឱ្យផ្លាស់ប្តូរទង់ជាតិថៃពីទង់ក្រហមដែលមានដំរីសនៅពីលើទៅទង់ដែលមានឆ្នូតពណ៌។ |
ដើម្បីធ្វើឱ្យទំនាក់ទំនងសៀមនឹងអង់គ្លេសកាន់តែជិតស្និទ, នៅក្នុងឆ្នាំ១៩១៧ ប្រទេសសៀមក៏បានប្រកាសសង្គ្រាមលើប្រទេសអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី។ ការចូលរួមរបស់សៀមនៅក្នុងសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យសៀមទទួលបានអាសនៈមួយនៅឯសន្និសីទសន្តិភាពទីក្រុងវែសៃ។ រដ្ឋមន្រ្តីការបរទេសរបស់សៀមឈ្មោះតេវ៉ាវង្ស៍បានប្រើឱកាសនេះដើម្បីបដិសេដទៅនឹងសន្ធិសញ្ញាទាំងប៉ុន្មានដែលសៀមបានចុះនាសតវត្សទី១៩ និងការស្តារអធិបតេយ្យភាពរបស់សៀមទាំងស្រុងឡើងវិញ។ សហរដ្ឋអាមេរិកក៏បានយល់ស្របទៅនឹងសំណើរបស់សៀមនៅឆ្នាំ១៩២០ ហើយក្រោយមក បារាំងនិងអង់គ្លេសនៅឆ្នាំ១៩២៥។ ជ័យជម្នះរបស់សៀមនៅក្នុងសង្គ្រាមលោកនោះបានផ្តល់នូវប្រជាប្រិយភាពជាខ្លាំងដល់ព្រះរាជា ប៉ុន្តែមិនយូរប៉ុន្មាន វាក៏រំសាយទៅវិញដោយសារតែបញ្ហាផ្សេងៗទៀតមានដូចជា ការចំណាយប្រាក់ចំណូលជាតិហួសប្រមាណទៅលើសង្គ្រាមលោកដែលជាហេតុនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ១៩១៩។ ជាតិសៀមក៏កើតមានការព្រួយបារម្ភមួយទៀតបន្ទាប់ពីបានដឹងឮថាព្រះរាជាគឺពុំមានបុត្រាស្នងតំណែង។ រឿងនេះបានបណ្តាលឱ្យមានអស្ថេរភាពដល់រាជាធិបតេយ្យសៀមនាពេលនោះព្រោះតែអវត្តមាននៃរជ្ជទាយាទ។
រជារិវុធ (ព្រះរាមាទី៦) ក៏ចូលព្រះទិវង្គតនៅឆ្នាំ១៩២៥ ក្នុងព្រះជន្មាយុត្រឹម ៤៤ ព្រះវស្សា។ ការចូលទិវង្គតរបស់ព្រះអង្គបានធ្វើឱ្យរាជាធិបតេយ្យនៅប្រទេសសៀមមានភាពចុះខ្សោយជាខ្លាំង។ តែទោះបីជាយ៉ាងណា រជារិវុធត្រូវបានប្អូនប្រុសរបស់ព្រះអង្គ ព្រះនាមប្រជាធិផុកឡើងស្នងរាជ្យសម្បត្តិបន្តពីទ្រង់។
ទីបញ្ចប់នៃរាជាធិបតេយ្យផ្តាច់ការ (១៩២៥–១៩៣២)[កែប្រែ]

ទោះជាមិនបានត្រៀមខ្លួនឡើងសោយរាជ្យជាមុនមែន តែព្រះបាទប្រជាធិផុកទ្រង់មានគុណសម្បត្តិច្រើនដូចជា៖ មានប្រាជ្ញាឈ្លាសវៃ មានភាពប៉ិនប្រសប់ខាងការទូតទំនាក់ទំនងជាមួយនឹងបរទេស មានភាពរម្យទមនិងមានឆន្ទៈឧស្សាហ៍ព្យាយាមរៀនសូត្រ។
ខុសពីអង្គក្សត្រមុនៗ ព្រះរាមាទី៧ គឺតែងតែអានរាល់ឯកសាររដ្ឋដែលបញ្ជូនមកទ្រង់ ទាំងសេចក្តីប្រតិបាទន៍របស់រដ្ឋមន្រ្តីនិងបដ្ឋាលិខិតរបស់ប្រជាពលរដ្ឋ។ ត្រឹមតែរយៈពេលកន្លះឆ្នាំចូលក្នុងរជ្ជកាលរបស់ព្រះអង្គប៉ុណ្ណោះ រដ្ឋមន្រ្តីរបស់អតីតអង្គក្សត្រវជិរាវុធតែចំនួន ៣ នាក់ទេដែលនូវរក្សាតំណែងរបស់ពួកគេបាន ចំណែកឯ ៩ រូបទៀតត្រូវបានជំនួសដោយសមាជិកគ្រួសាររាជវង្សទាំងអស់។ សកម្មភាពនេះបានផ្តល់ទាំងផលប្រយោជន៍និងគុណប្រយោជន៍។ សម្រាប់ផលប្រយោជន៍ កិច្ចការរបស់រដ្ឋាភិបាលនឹងត្រូវអនុវត្តដោយបុគ្គលដែលមានសមត្ថភាពខ្ពស់និងបទពិសោធន៍ច្រើន តែសម្រាប់គុណប្រយោជន៍វិញ វាគឺជាសញ្ញាបង្ហាញពីការវិលត្រឡប់មកវិញនៃអប្បជនាធិបតេយ្យ។ វាពិតជាច្បាស់ណាស់ថា ព្រះបាទប្រជាធិផុកមានគោលបំណងចង់បណ្តេញសមាជិករដ្ឋាភិបាលរបស់វជិរាវុធទាំងអស់ចោលហើយបុគ្គលដែលត្រូវជំនួសតំណែងរបស់អ្នកទាំងនោះវិញគឺជាក្រុមសមាជិកនៃគ្រួសាររាជវង្សចក្រី ពោលគឺព្រះបាទប្រជាធិផុក ទ្រង់ចង់ឱ្យរដ្ឋាភិបាលរបស់ព្រះអង្គមានលក្ខណៈដូចនឹងរដ្ឋាភិបាលរបស់ព្រះបាទចុល្លាង្ករណ៍ (ព្រះរាមាទី៥)។
រាល់បញ្ហានៅក្នុងរជ្ជកាលរបស់បងប្រុសព្រះអង្គត្រូវបានធ្លាក់មកនៅក្នុងដៃទ្រង់ទាំងស្រុង។ វិបត្តិបញ្ហាដែលអាក្រក់ជាងគេបំផុតគឺវិបត្តិសេដ្ឋកិច្ច៖ ហិរញ្ញវត្ថុរបស់រដ្ឋគឺកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បំផុត ឱនភាពថវិការជាតិត្រូវបានកើនឡើងជាលំដាប់ ហើយដោយមានសមាជិកគ្រួសាររាជវង្សគ្រប់គ្រងប្រទេសបែបនេះ ប្រជាជនថៃរឹតតែមានភាពព្រួយបារម្ភខ្លាំងទៅទៀត។ មិនយូរប៉ុន្មាន សម័យមហាឱនភាពក៏បានមកដល់ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែចុះខ្សោយបន្ថែម។
យ៉ាងជាក់ស្តែង សកម្មភាពដំបូងរបស់ព្រះបាទប្រជាធិផុកក្នុងនាមជាព្រះមហាក្សត្រគឺការបង្កើតនូវឧត្តមក្រុមប្រឹក្សានៃរដ្ឋដើម្បីស្តារទំនុកចិត្តទៅលើរាជាធិបតេយ្យ។ ក្រុមប្រឹក្សាឯកជនមួយនេះរួមមានសមាជិកដែលមានបទពិសោធន៍និងមានសមត្ថភាពខ្ពស់បំផុតនៃគ្រួសាររាជវង្សដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏ចំណានម្នាក់ (និងត្រូវជាដៃស្តាំរបស់ព្រះបាទចុល្លាង្ករណ៍) គឺព្រះអង្គម្ចាស់ដំរង។ បន្តិចម្តងៗ អង្គក្សត្រទាំងនោះក៏កំណត់តំណែងរដ្ឋមន្រ្តីសំខាន់ៗទាំងអស់ឱ្យស្ថិតនៅក្រោមការកាន់កាប់ផ្តាច់មុខរបស់ពួកគេ។ អង្គក្សត្រទាំងនោះភាគច្រើនយល់ឃើញថាវាគឺជាកាតព្វកិច្ចរបស់ពួកគេនីមួយៗក្នុងការធ្វើកំណែតម្រូវចំពោះកំហុសដែលបន្សល់ពីរជ្ជកាលមុនៗ ប៉ុន្តែសកម្មភាពទាំងអស់នេះមិនសូវជាបានទទួលស្គាល់ដោយប្រជាជនថៃទូទៅនោះទេ។
ដោយមានជំនួយពីក្រុមប្រឹក្សានោះ ព្រះមហាក្សត្រក៏ទទួលបានសម្រេចក្នុងការស្តារស្ថេរភាពសេដ្ឋកិច្ចជាតិឡើងវិញ ប៉ុន្តែក្នុងដំណើរនេះ មន្រ្តីស៊ីវិលមួយចំនួនធំត្រូវបានដកចេញពីតំណែងហើយចំណែកឯអ្នកដែលនៅសល់គឺត្រូវបានរដ្ឋាភិបាលកាត់ប្រាក់ខែអស់ជាច្រើន។ សកម្មភាពនេះគឺទទួលបាននូវការមិនពេញចិត្តជាខ្លាំងពីសំណាក់ក្រុមមន្រ្តីទាំងនោះហើយវាគឺជាកត្តាមួយដែលបង្កឱ្យមានរដ្ឋប្រហារនៃឆ្នាំ១៩៣២ កើតឡើង។
ក្រោយមក សម្តេចប្រជាធិផុកក៏បានបង្វែរចំណាប់អារម្មណ៍របស់ទ្រង់មកលើសំណួរនយោបាយនាពេលអនាគតនៅក្នុងប្រទេសសៀម។ ដោយយកគំរូតាមចក្រភពអង់គ្លេស ព្រះអង្គចង់ឱ្យប្រជាជនសាមញ្ញៗមានសម្លេងនៅក្នុងកិច្ចការប្រទេសជាតិ ដូច្នេះទ្រង់ក៏បានរៀបគម្រោងបង្កើតសភាឡើង។ រដ្ឋធម្មនុញ្ញដែលបានស្នើឡើងត្រូវបានព្រះរាជាបញ្ជាឱ្យមានការត្រួតពិនិត្យមើលយ៉ាងផ្ទៀងផ្ទាត់ ប៉ុន្តែវាត្រូវបានបដិសេដដោយទីប្រឹក្សារបស់ព្រះអង្គផ្ទាល់ដោយគេយល់ឃើញថាប្រជាជនថៃគឺមិនទាន់បានត្រៀមខ្លួនសម្រាប់លទ្ធិប្រជាធិបតេយ្យនៅឡើយទេ។
បដិវត្តន៍[កែប្រែ]

នៅក្នុងឆ្នាំ១៩៣២ ដោយសារតែប្រទេសសៀមកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឧត្តមក្រុមប្រឹក្សាក៏ចេញសេចក្តីសម្រេចកាត់បន្ថយការចំណាយរបស់ជាតិហើយក្នុងនោះរួមមានទាំងថវិកាយោធាផងដែរ។ ប្រជាធិផុកទ្រង់ដឹងថាការប្រកាន់គោលនយោបាយបែបនេះនឹងបង្កើតការមិនពេញចិត្តច្រើន ជាពិសេសគឺនៅក្នុងជួរកងទ័ព។ ដូច្នេះហើយបានជាព្រះអង្គបានកោះប្រជុំក្រុមមន្រ្តីពិសេសដើម្បីពន្យល់ពិភាក្សាអំពីមូលហេតុអ្វីបានជាការកាត់បន្ថយការចំណាយនោះគឺជារឿងចាំបាច់និងសំខាន់។ នៅក្នុងសុន្ទរកថារបស់ព្រះអង្គ ទ្រង់បានថ្លែងថា៖ "ខ្លួនខ្ញុំនេះផ្ទាល់គឺមិនដឹងអ្វីអំពីរឿងហិរញ្ញវត្ថុនោះទេ ខ្ញុំគ្រាន់តែស្តាប់តាមយោបល់របស់អ្នកដទៃហើយជ្រើសយកជម្រើសដែលខ្ញុំគិតថាល្អជាងគេប៉ុណ្ណោះ...ប្រសិនបើខ្ញុំរើសជម្រើសណាខុសនោះ ខ្ញុំពិតជាសមនឹងទទួលបានការលើកលែងទោសពីប្រជាជនសៀមណាស់។"
គ្មានស្តេចសៀមអង្គណាដែលធ្លាប់ថ្លែងសេចក្តីចេញមកបែបនេះនោះទេតាំងពីរដ្ឋសៀមទំនើបកើតចេញមក។ មនុស្សមួយចំនួនបាននាំគ្នាបកស្រាយថា សុន្ទរកថាដែលបានថ្លែងដោយប្រជាធិផុកនោះគឺមិនដូចអ្វីដែលទ្រង់ស្មាន់នោះទេ វាគឺជាការអំពាវនាវត្រង់ៗឱ្យប្រជាជនថៃមានការយោគយល់និងចូលធ្វើសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលទ្រង់។ ពួកអ្នកទាំងនោះយល់ឃើញវាថាជាសញ្ញានៃភាពទន់ខ្សោយនិងជាភ័ស្តុតាងបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងរបស់សៀមក្រោមព្រះបាទប្រជាធិផុកដែលនូវតែបន្តរក្សារបបអត្ថាធិបតេយ្យនេះគួរតែលុបបំបាត់ចោលភ្លាម។ ភាពចលាចលផ្នែកនយោបាយនៅឯរាជធានីក៏កើតមានឡើងហើយនៅក្នុងខែមេសា ព្រះរាជាក៏បានយល់ព្រមក្នុងការណែនាំនូវរដ្ឋធម្មនុញ្ញមួយដែលតម្រូវឱ្យទ្រង់ចែករំលែកអំណាចជាមួយនឹងនាយករដ្ឋមន្ត្រី។ តែទោះបីជាយ៉ាងណា វាគឺនូវតែមិនគ្រប់គ្រាន់សម្រាប់ពួកមូលវិវដ្តនៅក្នុងជួរយោធា។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ខណៈពេលដែលព្រះរាជាយាងទៅលេងមាត់សមុទ្រ កងពលទីក្រុងបាងកកក៏ចាប់ផ្តើមធ្វើការបះបោរហើយក៏ដណ្តើមអំណាចបានពីព្រះរាជា។ ការបះបោរនោះគឺបានដឹកនាំដោយក្រុមមន្រ្តីចំនួន ៤៩ រូបដែលត្រូវបានគេស្គាល់ថា"គណរដ្ឋសាដន" (ឬបកប្រែមកថា គណបក្សប្រជាជន)។ រាជាធិបតេយ្យផ្តាច់ការនៅថៃដែលមានអាយុកាលជាង ៨០០ ឆ្នាំក៏ត្រូវបានបញ្ចប់នៅថ្ងៃនោះ។
វប្បធម៌[កែប្រែ]
សម្លៀកបំពាក់[កែប្រែ]
ដើមរតនកោសិន្ទ្រ៍[កែប្រែ]
ដូចនឹងសម័យអយុធ្យាដែរ ទាំងប្រុសទាំងស្រីគឺស្លៀកសំពត់ចងចង្កេះដែរគេតែងហៅថាសំពត់ចងក្បិន។ សម្រាប់បុរសៗសំពត់ចងក្បិនគឺគេពាក់វាពីត្រឹមចង្កេះរហូតទៅដល់ភ្លៅហើយចំណែកឯស្រ្តីវិញគឺពាក់វាបិតបាំងពីដើមទ្រូងហូរទៅដល់ក្រោមជង្គង់។[១៨] ការស្លៀកពាក់បង្ហាញទ្រូងឬជើងក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាផ្នែកមួយនៃច្បាប់នៃការស្លៀកពាក់ផ្លូវការរបស់ថៃ។[១៨] ក្រោយពីនគរអយុធ្យាត្រូវបានដួលរលំទាំងស្រុង ស្ត្រីជនជាតិថៃក៏បាននាំគ្នាកាត់សក់ខ្លីហើយក្រោយមកវាក៏ក្លាយជាម៉ូដសក់ដ៏និយមមួយសម្រាប់ស្ត្រីៗរហូតដល់សតវត្សទី២០។[១៩] មុនសតវត្សទី២០ ដើម្បីមើលសម្គាល់មនុស្សទៅតាមវណ្ណៈ គឺគេមើលតាមស្បែកក្រណាត់នៃសម្លៀកបំពាក់មានដូចជា ក្រណាត់កប្បាស និងក្រណាត់សូត្រជាដើម។[២០]
រតនកោសិន្ទ្រ៍សម័យ[កែប្រែ]
នៅកំឡុងទស្សវត្តឆ្នាំ១៨៦០ សមាជិករាជវង្សសៀមក៏ជ្រើសយកម៉ូតសម្លៀកបំពាក់តាមជនជាតិអង់គ្លេស។"[២០] សម្លៀកបំពាក់ដែលពាក់នៅក្នុងរាជវាំងនិងឯកសណ្ឋានសម្រាប់ពាក់នៅក្នុងពិធីបុណ្យផ្សេងៗគឺសុទ្ធតែច្នៃបង្កើតឡើងនៅក្នុងរជ្ជកាលព្រះបាទចុល្លាង្ករណ៍ទាំងអស់។[២០] ការស្លៀកពាក់បែបពួកបស្ចឹមបូព៌ាក៏ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នករស់នៅឯទីក្រុងបាងកក។[២០] នៅដើមទស្សវត្តឆ្នាំ១៩០០ ស្តេចវជិរាវុធបានចេញយុទ្ធនាការជម្រុញឱ្យនារីថៃចូលទុកសក់ឱ្យវែងហើយស្លៀកសារ៉ុងជំនួសឱ្យសំពត់ចងក្បិនវិញ។[២១]
ស្ថាបត្យកម្ម[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ "Rattanakosin Period (1782 -present)". GlobalSecurity.org. Archived from the original on 7 ខែវិច្ឆិកា 2015. Retrieved 1 ខែវិច្ឆិកា 2015.
- ↑ "Historic City of Ayutthaya". © UNESCO World Heritage Center. Archived from the original on 23 ខែតុលា 2015. Retrieved 21 ខែវិច្ឆិកា 2015.
- ↑ "The Thon Buri and Early Bangkok periods". Encyclopædia Britannica. Archived from the original on 21 ខែវិច្ឆិកា 2015. Retrieved 21 ខែវិច្ឆិកា 2015.
- ↑ "THE EARLY CHAKRI KINGS AND A RESURGENT SIAM". Encyclopædia Britannica. Archived from the original on 21 ខែវិច្ឆិកា 2015. Retrieved 21 ខែវិច្ឆិកា 2015.
- ↑ "Prominent Mon Lineages from Late Ayutthaya to Early Bangkok" (PDF). Siamese-heritage.org. Archived from the original (PDF) on 4 ខែមីនា 2016. Retrieved 27 ខែកញ្ញា 2015.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៦,០ ៦,១ Dilokwanich, Malinee. "A STUDY OF SAMKOK: The First Thai Translation of a Chinese Novel" (PDF). Siamese Heritage. p. 78. Archived from the original (PDF) on 29 ខែមីនា 2017. Retrieved 12 ខែមករា 2018.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Wales, H. G. Quaritch (14 April 2005) [First published in 1931]. Siamese state ceremonies. London: Bernard Quaritch. https://archive.org/details/siamesestatecere030661mbp។ បានយកមក 25 April 2012.
- ↑ Nolan, Cathal J. (2002). The Greenwood Encyclopedia of International Relations: S-Z by Cathal J. Nolan. ល.ស.ប.អ. 9780313323836. https://books.google.com/?id=FMJ8KP8i3v0C&pg=PA1653&lpg=PA1653&dq=invaded+Siam+again+in+1785#v=onepage។ បានយកមក 21 November 2015.
- ↑ Chris Baker, Pasuk Phongpaichit (2005). A History of Thailand. Cambridge University Press. pp. 32–33. ល.ស.ប.អ. 0-521-81615-7. https://archive.org/details/historyofthailan00bake/page/32.
- ↑ Urban Council. Sculptures from Thailand: 16.10.82–12.12.82, Hong Kong Museum. University of California. pp. 33.
- ↑ (1955). "The Reconstruction of Rama I of the Chakri Dynasty". Journal of the Siam Society 43 (1). Retrieved on 17 January 2013.
- ↑ ១២,០ ១២,១ ១២,២ Nicholas Tarling (1999). The Cambridge History of Southeast Asia. Cambridge University Press. ល.ស.ប.អ. 0-521-35505-2. https://archive.org/details/chronologyorigi01munsgoog.
- ↑ "Archived copy". Archived from the original on 6 ខែឧសភា 2017. Retrieved 17 ខែមេសា 2017.
{{cite web}}
: CS1 maint: archived copy as title (link) - ↑ "The Crawford Papers — A Collection of Official Records relating to the Mission of Dr. John Crawfurd sent to Siam by the Government of India in the year 1821". Cambridge.org. Cambridge Journals Online. 1971. p. 285. Archived from the original on 27 ខែកញ្ញា 2015. Retrieved 27 ខែកញ្ញា 2015.
- ↑ David K. Wyatt (2004). Thailand: A Short History (2nd រ.រ.). Silkworm Books. p. 165.
- ↑ "Southern Thailand: The Problem with Paramilitaries" (PDF). Asia Report. 23 ខែតុលា 2007. Archived from the original (PDF) on 29 ខែកុម្ភៈ 2012. Retrieved 27 ខែកញ្ញា 2015.
- ↑ Bing Soravij BhiromBhakdi. "Rama VI of the Chakri Dynasty". The Siamese Collection. Archived from the original on 27 ខែតុលា 2016. Retrieved 18 ខែមេសា 2017.
- ↑ ១៨,០ ១៨,១ Terwiel, Barend Jan (2007). "The Body and Sexuality in Siam: A First Exploration in Early Sources". Manusya: Journal of Humanities 10 (14): 42–55. DOI:10.1163/26659077-01004003.
- ↑ Jotisalikorn, Chami (2013) (ជាen). Thailand's Luxury Spas: Pampering Yourself in Paradise. Tuttle Publishing. pp. 183.
- ↑ ២០,០ ២០,១ ២០,២ ២០,៣ Peleggi, Maurizio (2010). Mina Roces. រៀ. The Politics of Dress in Asia and the Americas. Sussex Academic Press. ល.ស.ប.អ. 9781845193997.
- ↑ Sarutta (10 ខែកញ្ញា 2002). "Women's Status in Thai Society". Thaiways Magazine. Archived from the original on 31 ខែតុលា 2016. Retrieved 7 ខែវិច្ឆិកា 2016.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
- CS1 errors: redundant parameter
- CS1 maint: archived copy as title
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles with hatnote templates targeting a nonexistent page
- អាណាចក្ររតនកោសិន្ទ្រ៍
- ប្រវត្តិសាស្ត្រខ្មែរ
- ប្រវត្តិសាស្ត្រថៃ
- ប្រវត្តិសាស្ត្រឡាវ
- ប្រវត្តិសាស្ត្រម៉ាឡេស៊ី