អរិយដ្ឋង្គិកមគ្គ
ភិក្ខុឃឹម សាលីម
អរិយដ្ឋង្គិកមគ្គ គឺជាផ្នែកចំបងសំខាន់មួយក្នុងចំណោមផ្នែកទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀនដើម្បីការអស់ទៅនៃទុក្ខទាំងពួង ជាផ្លូវដំណើរទៅកាន់អមតៈ។
អរិយដ្ឋង្គិកមគ្គ (អរិយៈ ប្រសើរ, អដ្ឋ ៨, អង្គៈ អង្គ, មគ្គៈ ផ្លូវ) ប្រែថា ផ្លូវមានអង្គ៨ដ៏ប្រសើរគឺ៖ សម្មាទិដ្ឋិ សេចក្តីយល់ត្រូវ១, សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ១, សម្មាវាចា ពោលពាក្យត្រូវ១, សម្មាកម្មន្តៈ ការងារត្រូវ១, សម្មាវាយាមៈ សេចក្តីព្យាយាមត្រូវ១, សម្មាអាជីវៈ សេចក្តីចិញ្ចឹមជីវិតត្រូវ១, សម្មាសតិ សេចក្តីមានរឭកត្រូវ១, សម្មាសមាធិ សេចក្តីតាំងចិត្តមាំត្រូវ១។ ផ្លូវទាំង៨នេះជាមាគ៌ានាំទៅរកព្រះនិព្វាន។
- សម្មាទិដ្ឋិ សេចក្តីយល់ត្រូវ សេចក្តីដឹងក្នុងអរិយសច្ចៈ៤ គឺសេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរំលត់នៃទុក្ខ សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់នៃទុក្ខ។
- សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ គឺសេចក្តីត្រិះរិះក្នុងការចេញចាកកាម សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ មិនបៀតបៀនសត្វដទៃ ។
- សម្មាវាចា ពោលពាក្យត្រូវ គឺចេតនាវៀរចាកការនិយាយកុហក ការនិយាយញុះញង់គេ ការនិយាយទ្រគោះ ការនិយាយរោយរាយឥតប្រយោជន៍។
- សម្មាកម្មន្តៈ ការងារត្រូវ គឺចេតនាវៀរចាកការសម្លាប់សត្វ ការលួចទ្រព្យអ្នកដទៃ ការប្រព្រឹត្តធម៌មិនប្រសើរទាំងពួង។
- សម្មាអាជីវៈ សេចក្តីចិញ្ចឹមជីវិតត្រូវ គឺការលះបង់នូវការចិញ្ចឹមជីវិតខុស (មានដូចជា ជំនួញ៥ប្រការ គឺ ជួញគ្រឿងស្រវឹង ជួញគ្រឿងញៀន ជួញមនុស្ស ជួញសត្វ ជួញសាស្ត្រាវុធនានា ។ល។) ហើយសម្រេចការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ។
- សម្មាវាយាមៈ សេចក្តីព្យាយាមត្រូវ គឺព្យាយាមញុំាងឆន្ទៈអោយកើតឡើង ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមកដែលមិនទាន់កើត មិនអោយកើតឡើងបាន ញុំាងឆន្ទៈដើម្បីលះបង់នូវពួកអកុសលធម៌ដែលកើតឡើងហើយ ព្យាយាមញុំាងកុសលធម៌ទាំងឡាយដែលមិនទាន់កើត អោយកើតឡើង ញុំាងពួកអកុសលធម៌ដែលកើតឡើងហើយ អោយតាំងនៅមិនអោយភ្លេចភ្លាំងទៅវិញ អោយចម្រើនធំទូលាយពេញបរិបូរណ៌។
- សម្មាសតិ សេចក្តីមានរឭកត្រូវ គឺការពិចារណារឿយៗនូវសតិប្បដ្ឋាន៤ គឺពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈានិងទោមនស្សក្នុងលោកចេញ ពិចារណារឿយៗនូវវេទនាក្នុងវេទនា នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ។
- សម្មាសមាធិ សេចក្តីតាំងចិត្តមាំត្រូវ គឺការស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវឈានទាំងឡាយមានបឋមជ្ឈានជាដើម។
បុគ្គលដែលមិនប្រមាថហើយនៅក្នុងធម្មវិន័យ ដើរតាមផ្លូវប្រកបដោយអង្គ៨ប្រការដ៏ប្រសើរ បុគ្គលនោះនឹងអាចលះបង់ជាតិសង្សារ ហើយធ្វើនូបរិនិព្វាន ជាទីបំផុតនៃកងទុក្ខបាន។
[កែប្រែ] យោង
គហដ្ឋសីល ដោយ មុនីកោសល្យ នៅ ហៃឡុង