នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា | |
---|---|
ទីស្ដីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា ការិយាល័យនៃនាយករដ្ឋមន្ត្រីកម្ពុជា | |
បែបបទ | សម្ដេចនាយក (ក្រៅផ្លូវការ) សម្ដេចមហាបវរធិបតី ឬសម្ដេចធិបតី (ផ្លូវការ និងការទូត) |
ស្ថានភាព | ប្រមុខរាជរដ្ឋាភិបាល |
សមាជិកនៃ | គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សារាជបល្ល័ង្ក |
សេចក្ដីរាយការណ៍ចំពោះ | រដ្ឋសភា |
និវេសនដ្ឋាន | វិមានសន្តិភាព |
អាសនៈ | ភ្នំពេញ |
អ្នកតែងតាំង | ព្រះមហាក្សត្រនៃកម្ពុជាតាមព្រះរាជក្រឹត្យ |
អ្នកចាត់តាំង | គណបក្សនយោបាយធំបំផុតនៅក្នុងសភា |
រយៈពេល | ៥ ឆ្នាំ (អាចបន្តបាន គ្មានកំណត់) |
Constituting instrument | សភាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា |
និម្មិតកម្ម | ១៨ មីនា ១៩៤៥ |
អ្នកកាន់តំណែងដំបូង | នរោត្តម សីហនុ |
ប្រាក់ខែ | ១០,០០០,០០០ ៛/២,៤៦៥ ដុល្លារ ក្នុងមួយខែ[១] |
គេហទំព័រ | hunmanet.kh |
នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីក៏ជាប្រធានគណៈរដ្ឋមន្ត្រី និងជាអ្នកដឹកនាំផ្នែកនីតិប្រតិបត្តិនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីគឺជាសមាជិកសភា ហើយត្រូវតែងតាំងដោយព្រះមហាក្សត្រសម្រាប់រយៈពេលប្រាំឆ្នាំ។ ចាប់តាំងពីឆ្នាំ១៩៤៥ មក មានបុគ្គលចំនួន ៣៧ រូប បានបម្រើការជានាយករដ្ឋមន្ត្រីដែលក្នុងនោះមាន ៣៣ រូបជានាយករដ្ឋមន្រ្តីផ្លូវការ និងបួនរូបទៀតជានាយករដ្ឋមន្រ្តីស្តីទី (ជំនួស)។[២] នាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែងបច្ចុប្បន្នគឺ ឯកឧត្ដមហ៊ុន ម៉ាណែត មកពីគណបក្សប្រជាជនកម្ពុជា ដែលលោកបានចូលកាន់តំណែងនេះតាំងពីឆ្នាំ២០២៣។
ប្រវត្តិសាស្រ្ត
[កែប្រែ]មុខតំណែងនេះដំបូងត្រូវបានកាន់កាប់ដោយព្រះបាទនរោត្តម សីហនុនៅខែមីនា ឆ្នាំ១៩៤៥ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមអាណានិគមបារាំង។[៣] នៅថ្ងៃទី១២ មីនា ឆ្នាំ១៩៤៥ ព្រះបាទសីហនុបានសហការជាមួយចក្រភពជប៉ុនហើយបានប្រកាសកម្ពុជាជារដ្ឋឯករាជ្យផ្តាច់ចេញពីបារាំង។ នៅថ្ងៃទី១៨ ខែមីនា ព្រះអង្គបានប្រកាសខ្លួនជានាយករដ្ឋមន្ត្រីនិងបានបង្កើតរដ្ឋាភិបាលដំបូងដែលមានអត្ថិភាពរហូតដល់ខែសីហា ឆ្នាំ១៩៤៥។[៤]
នៅឆ្នាំ១៩៤៦ បារាំងបានណែនាំនូវកំណែទម្រង់ថ្មីទៅឱ្យអាណានិគមរបស់ខ្លួននៅឥណ្ឌូចិនហើយបានអនុញ្ញាតឱ្យមានគណបក្សនយោបាយនិងការបោះឆ្នោតសភាជាលើកដំបូងបង្អស់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកដំបូងនៅកម្ពុជាត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦។ គណបក្សប្រជាធិបតេយ្យគឺជាគណបក្សនយោបាយលិចធ្លោជាងគេនៅកម្ពុជាពេញមួយទសវត្សឆ្នាំ១៩៤០ រហូតទាល់តែពេលសង្គមរាស្រ្តនិយមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ សង្គមរាស្ត្រនិយមគឺជាគណបក្សស្របច្បាប់តែមួយគត់នៅកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ បន្ទាប់ពីសេនាប្រមុខលន់ នល់បានធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចសីហនុចេញពីអំណាច។
នៅឆ្នាំ១៩៩៣ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញនៅប្រទេសកម្ពុជា។ តួនាទីរបស់នាយករដ្ឋមន្រ្តីត្រូវបានកំណត់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញនាឆ្នាំនោះ។ កិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩៣ បានសម្គាល់នូវរយៈពេលដ៏ខ្លីមួយដែលប្រទេសកម្ពុជាត្រូវមាននាយករដ្ឋមន្រ្តីចំនួនពីររូបគឺសម្តេចតេជោហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ នៅឆ្នាំ១៩៩៧ សហនាយករដ្ឋមន្រ្តីហ៊ុន សែនបានធ្វើរដ្ឋប្រហារដកព្រះអង្គរណឫទ្ធិចេញពីតំណែង។ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោកអ៊ឹង ហួតឱ្យឡើងកាន់តំណែងជំនួសរណឫទ្ធិ។ សម្តេចហ៊ុន សែននិងគណបក្សប្រជាជនក៏ក្លាយជាអ្នកកាន់អំណាចចាប់តាំងពីការបោះឆ្នោត ឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃ។
ការតែងតាំង
[កែប្រែ]នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកសភា។ ដំបូង លោក/នាង ត្រូវជ្រើសតាំងដោយសភាសម្លេងភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាច។ ពិធីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីត្រូវប្រព្រឹត្តិធ្វើឡើងនៅឯព្រះបរមរាជវាំង។ នាយករដ្ឋមន្រ្តីដែលបានតែងតាំងត្រូវតែធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ បន្ទាប់មកគណៈរដ្ឋមន្រ្តីនឹងត្រូវបានបង្ហាញ។ ការបង្កើតរដ្ឋាភិបាលថ្មីធ្វើឡើងមិនលើសពី ៦០ ថ្ងៃនោះទេបន្ទាប់ពីការបោះឆ្នោតហើយ ដូចដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកដែលជួយណែនាំ និងនៅពីក្រោយនាយករដ្ឋមន្រ្តីគឺ'ឧបនាយករដ្ឋមន្រ្តី'។
មាត្រា ១២៥ នៃច្បាប់រដ្ឋធម្មនុញ្ញ[៥]បានចែងថា បើតំណែងនាយករដ្ឋមន្រ្តីត្រូវទំនេរនោះ នាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន) នឹងឡើងកាន់ជំនួស។
ការិយាល័យ
[កែប្រែ]វិមានសន្តិភាពកំពុងដំណើរការជាកន្លែងប្រតិបត្តិការងាររបស់នាយករដ្ឋមន្រ្តី។[៦] ទីកន្លែងនេះត្រូវបានបើកសម្ពោធដោយព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ នាយករដ្ឋមន្រ្តីគឺមិនអាចស្នាក់នៅទីនេះបានទេ។
អំណាចរដ្ឋធម្មនុញ្ញ
[កែប្រែ]អំណាចនាយករដ្ឋមន្រ្តីត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាមអនុម័តឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយធ្វើវិសោធនកម្មនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩។[៧] ច្បាប់អំណាចទាំងនេះត្រូវបានកំណត់ដោយមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញមានដូចជា:
- មាត្រា ១១: ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានជាព្រះរាជានុសិទ្ធិ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
- មាត្រា ១៣: ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្ដេចព្រះសង្ឃរាជគណមហានិកាយ និងគណធម្មយុត្តិកនិកាយ - អនុប្រធានទី និងអនុប្រធានទី ២ ; ព្រឹទ្ធសភា - អនុប្រធានទី ១ និងអនុប្រធានទី ២, រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
- មាត្រា ១៩: ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០។
- មាត្រា ២០: ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែអោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
- មាត្រា ២២: នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
- មាត្រា ៧៨: នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈ ១២ ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាម ឫក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាល របស់រដ្ឋសភាត្រូវសម្រចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៨៣: រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឫ សេចក្តីស្នើរសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។ ក្នុងករណីនេះ របៀបវរៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
- មាត្រា ៨៨: ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។ រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើរសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឫពីនាយករដ្ឋមន្ត្រី។ ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល។
- មាត្រា ៩១: សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ តំណាងរាស្ត្រមានសិទ្ធិស្នើរធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឫបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
- មាត្រា ៩៦: តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឫច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឫច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឫសរសេរជាលាយល័ក្ខអក្សរ។ ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឫមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឫរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្តង ។ បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធឫនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។ រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពេះមានការបោះឆ្នោតប្រភេទណាមួយបានឡើយ ។
- មាត្រា ១០៧: ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ ឫសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រី ឫពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។
- មាត្រា ១១១: ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។ ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន ឫពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រីឫពីប្រធានរដ្ឋសភា។ ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
- មាត្រា ១១៨: គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការជាសមាជិក។
- មាត្រា ១១៩: តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត អោយបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឫជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងអោយកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងអុបសម្ព័ន្ធ ៦ ។
- មាត្រា ១២១: សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
- មាត្រា ១២៣: គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឫជាប្រជុំពិនិត្យស្រាវជ្រាវ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។ កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
- មាត្រា ១២៤: នាយករដ្ឋមន្ត្រី អាចរំលែកអំណាចរបស់ខ្លួនអោយទៅឧបនាយករដ្ឋមន្ត្រី ឫសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
- មាត្រា ១២៥: បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។
- មាត្រា ១៤០: ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, តំនាងរាស្ត្រចំនួនមួយភាគដប់, ប្រធានព្រឹទ្ធសភា ឫសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅអោយ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសអោយប្រើ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសអោយប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេច ក្នុងរយពេលសាមសិប (៣០ ) ថ្ងៃយ៉ាងយូរថា តើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឫមិនស្របនឹងរដ្ឋធម្មនុញ្ញ។
- មាត្រា ១៤១: ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនតំណាងរាស្ត្រចំនួនមួយភាគដប់ ឫតុលាការអាចសុំអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយតំណាងរាស្ត្រឫ ប្រធានរដ្ឋសភា ឫសមាជិកព្រឹទ្ធសភា ឫប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
- មាត្រា ១៤៨: សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
- មាត្រា ១៥១: ការផ្តើមគំនិតសើរើ ឫការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឫវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
[កែប្រែ]ឧបនាយករដ្ឋមន្រ្តីមានតួនាទីជានាយករដ្ឋមន្រ្តីរង ឬជំនួយណែនាំដល់នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាតំណែងខ្ពស់បំផុតទីពីរនៅក្នុងគណៈរដ្ឋមន្រ្តី។ គិតត្រឹមខែសីហា នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាមានឧបនាយករដ្ឋមន្រ្តីទាំងអស់សរុបចំនួន ១០ រូប។
នាម | កាន់តំណែងតាំងពី | តំណែងរដ្ឋមន្ត្រី | គណបក្ស |
---|---|---|---|
អូន ព័ន្ធមុនីរ័ត្ន | ៦ កញ្ញា ២០១៨ | រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
វង្សី វិស្សុត | ២២ សីហា ២០២៣ | រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
ទៀ សីហា | ២២ សីហា ២០២៣ | រដ្ឋមន្រ្តីក្រសួងការពារជាតិ (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
ស សុខា | ២២ សីហា ២០២៣ | រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
ហង់ជួន ណារ៉ុន | ២២ សីហា ២០២៣ | រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (២០១៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
កើត រិទ្ធ | ២២ សីហា ២០២៣ | រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (២០២០–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
នេត សាវឿន | ១២ មីនា ២០០៩ | គ្មាន | គណបក្សប្រជាជនកម្ពុជា |
សុខ ចិន្តាសោភា | ៦ កញ្ញា ២០១៨ | រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
សាយ សំអាល់ | ២២ សីហា ២០២៣ | រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០២៣–បច្ចុប្បន្ន) | គណបក្សប្រជាជនកម្ពុជា |
ស៊ុន ចាន់ថុល | ២២ សីហា ២០២៣ | គ្មាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (២០០៤–២០០៨, ២០១៦–២០២៣) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (២០១៣–២០១៦) |
គណបក្សប្រជាជនកម្ពុជា |
នាយករដ្ឋមន្រ្តីកម្ពុជា (១៩៩៣–បច្ចុប្បន្ន)
[កែប្រែ]ល.រ. | រូបភាព | នាម | រយៈពេលកាន់តំណែង | គណបក្សនយោបាយ | អាណត្តិ | ព្រះមហាក្សត្រ (រជ្ជកាល) | |||
---|---|---|---|---|---|---|---|---|---|
កាន់តំណែង | ចោលតំណែង | រយៈពេល | |||||||
១ | នាយករដ្ឋមន្រ្តីទីមួយ នរោត្តម រណឫទ្ធិ (១៩៤៤– ២០២១) |
២ កក្កដា ១៩៩៣ | ៦ សីហា ១៩៩៧ | ៤ ឆ្នាំ, ៣៥ ថ្ងៃ | ហ៊្វុនស៊ិនប៉ិច | ១ (១៩៩៣) | សម្ដេច នរោត្តម សីហនុ (១៩៩៣–២០០៤) | ||
២ | នាយករដ្ឋមន្រ្តីទីពីរ ហ៊ុន សែន (១៩៥២–) |
២៤ កញ្ញា ១៩៩៣ | ៣០ វិច្ឆិកា ១៩៩៨ | ៥ ឆ្នាំ, ៦៧ ថ្ងៃ | គណបក្សប្រជាជនកម្ពុជា | ||||
៣ | នាយករដ្ឋមន្រ្តីទីមួយ អ៊ឹង ហួត (១៩៤៥–) |
៦ សីហា ១៩៩៧ | ៣០ វិច្ឆិកា ១៩៩៨ | ១ ឆ្នាំ, ១១៦ ថ្ងៃ | ហ៊្វុនស៊ិនប៉ិច | ||||
(២) | ហ៊ុន សែន (១៩៥២–) |
៣០ វិច្ឆិកា ១៩៩៨ | ២២ សីហា ២០២៣ | ២៤ ឆ្នាំ, ២៦៥ ថ្ងៃ | គណបក្សប្រជាជនកម្ពុជា | ២ (១៩៩៨) | |||
៣ (២០០៣) | |||||||||
៤ (២០០៨) | |||||||||
សម្ដេច នរោត្តម សីហមុនី (២០០៤–បច្ចុប្បន្ន) | |||||||||
៥ (២០១៣) | |||||||||
៦ (២០១៨) | |||||||||
៤ | ហ៊ុន ម៉ាណែត (១៩៧៧–) |
២២ សីហា ២០២៣ |
កំពុងកាន់តំណែង | 1 year, 103 days | គណបក្សប្រជាជនកម្ពុជា | ៧ (២០២៣) |
អតីតនាយករដ្ឋមន្រ្តីដែលកំពុងនៅមានជីវិត
[កែប្រែ]គិតត្រឹម ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាមានអតីតនាយករដ្ឋមន្ត្រីពីររូបដែលនៅរស់រានជីវិត។ មរណភាពរបស់អតីតនាយករដ្ឋមន្ត្រីថ្មីបំផុតគឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិដោយព្រះអង្គបានសោយទិវង្គតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ ព្រះវស្សា។[៨]
|
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ Taing, Rinith (3 April 2020). "(អង់គ្លេស) Several ministers and officials pledge to donate salaries to fight coronavirus". ខ្មែរថែមស៍. Retrieved 27 មករា 2022.
- ↑ "36 Cambodian Prime Ministers since 1945". ខ្មែរថែមស៍. 21 August 2014.
- ↑ http://rulers.org/rulc1.html Retrieved 7 September 2014.
- ↑ "សៀវភៅប្រវត្តិវិទ្យា (សម័យអាណាព្យាបាលបារាំង–ព្រះរាជាណាចក្រកម្ពុជាទី២)". ក្រសួងអប់រំ យុវជន និងកីឡា. 1 November 2017. Archived from the original on 29 កក្កដា 2020. Retrieved 18 កក្កដា 2020.
- ↑ (ជាភាសាបារាំង) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Cambodia's proud history of building art". The Phnom Penh Post. 13 July 2012. Retrieved 5 September 2014.
- ↑ (ជាភាសាបារាំង) Ambassade royale du Cambodge en France - Constitution Archived 2 April 2012 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Former Cambodian premier Prince Norodom Ranariddh dies at 77". Reuters. 28 November 2021. https://www.reuters.com/world/asia-pacific/former-cambodian-prime-minister-prince-norodom-ranariddh-has-died-information-2021-11-28/។ បានយកមក 29 វិច្ឆិកា 2021.
អានបន្ថែម
[កែប្រែ]- Strangio, Sebastian. Cambodia: From Pol Pot to Hun Sen and Beyond (2020) ួន