Jump to content

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ពីវិគីភីឌា
ការិយាល័យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
អក្សរ​កាត់UNSC (អង់គ្លេស)
ស្ថាបនា២៤ តុលា ១៩៤៥
ប្រភេទស្ថាប័នកំពូល
ឋានៈ​តាម​ផ្លូវ​ច្បាប់សកម្ម
សមាជិកភាព
១៥ ប្រទេស
ប្រធាន
អេមីរ៉ាតអារ៉ាប់រួម[]
គេហទំព័រun.org/securitycouncil/

     រដ្ឋអាហ្វ្រិក (៣)      រដ្ឋអាស៊ីប៉ាស៊ីហ្វិក (៣)      រដ្ឋអឺរ៉ុបខាងកើត (២)      រដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីប (២)

     រដ្ឋអឺរ៉ុបខាងលិច និងរដ្ឋដទៃទៀត (៥)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំងប្រាំមួយនៃអង្គការសហប្រជាជាតិ (អសប)[] ហើយស្ថាប័ននេះមានទំនួលខុសត្រូវលើការធានានូវសន្តិភាព និងសន្តិសុខអន្តរជាតិ[] ផ្តល់អនុសាសន៍ឱ្យទទួលយកសមាជិកថ្មីនៃ អសប ទៅកាន់មហាសន្និបាត[] និងអនុម័តបម្លាស់ប្តូរណាមួយចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ[] អំណាចរបស់ស្ថាប័ននេះរួមមាន៖ ការបង្កើតប្រតិបត្តិការរក្សាសន្តិភាព ការដាក់ទណ្ឌកម្មអន្តរជាតិ និងការអនុញ្ញាតសកម្មភាពយោធា។ ក្រុមប្រឹក្សាសន្តិសុខគឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចដែលមានចំណងលើរដ្ឋជាសមាជិក។

ដូចអង្គការសហប្រជាជាតិដែរ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដើម្បីជំនួសឱ្យសង្គមប្រជាជាតិ និងមានមុខងារចម្បងក្នុងការថែរក្សាសន្តិភាពពិភពលោក។ វាបានបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤៦ ប៉ុន្តែត្រូវបានខកខាននៅក្នុងឆ្នាំបន្តបន្ទាប់ដោយសារតែជម្លោះសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត (និងសម្ព័ន្ធមិត្តរបស់មហាអំណាចទាំងពីរ)។ ទោះយ៉ាងណា អង្គការមួយនេះបានលូកដៃចូលធ្វើអន្តរាគមន៍យោធានៅក្នុងសង្គ្រាមកូរ៉េ និងវិបត្តិកុងហ្គោ និងបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសស៊ីប ប៉ាពួនូវែលគីនេខាងលិច និងឧបទ្វីបស៊ីណៃ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានកើនឡើងជាលំដាប់ ដោយក្រុមប្រឹក្សាសន្តិសុខបានចុះធ្វើបេសកកម្មយោធា និងរក្សាសន្តិភាពធំៗនៅក្នុងប្រទេសកម្ពុជា គុយវ៉ែត ណាមីប៊ី បូស្នី-អ៊ែរសេកូវីន រ្វ៉ាន់ដា សូម៉ាលី ស៊ូដង់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ក្រុមប្រឹក្សាសន្តិសុខមានសមាជិកសរុបទាំងអស់ចំនួន ១៥ រដ្ឋដែលក្នុងនោះមានរដ្ឋចំនួន ៥ ជាសមាជិកអចិន្ត្រៃយ៍[]គឺ៖ ចិន បារាំង រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិក។ បណ្ដារដ្ឋទាំងប្រាំនេះគឺជាមហាអំណាចដែលបានទទួលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ (ឬរដ្ឋស្នងបន្ត)។ រដ្ឋសមាជិកអចិន្ត្រៃយ៍នីមួយៗមានអំណាចវេតូ ដែលអាចបិទបង្ខាំងដំណោះស្រាយ ឬសេចក្ដីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយក្នុងនោះក៏រួមបញ្ចូលទាំងការទទួលស្គាល់រដ្ឋសមាជិកថ្មីទៅកាន់អង្គការសហប្រជាជាតិ ឬបេក្ខជនឈរឈ្មោះសម្រាប់តំណែងអគ្គលេខាធិការជាដើមផងដែរ។ សិទ្ធិវេតូនេះមិនអាចប៉ះពាល់ដល់មហាសន្និបាត ឬសម័យប្រជុំពិសេសបន្ទាន់នៃមហាសន្និបាត[ត្រូវការអំណះអំណាង]ស្ដីពីបញ្ហា ឬការបោះឆ្នោតណាមួយឡើយ។ សមាជិកចំនួនដប់ផ្សេងទៀតត្រូវបានបោះឆ្នោតជ្រើសរើសទៅតាមតំបន់សម្រាប់រយៈពេលពីរឆ្នាំ។ ប្រធាននៃស្ថាប័ននេះគឺត្រូវឆ្លាស់វិលជុំប្រចាំខែក្នុងចំណោមសមាជិករបស់ខ្លួន។

ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខជាធម្មតាត្រូវបានអនុវត្តដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានកងកម្លាំងយោធាស្ម័គ្រចិត្តផ្ដល់ដោយរដ្ឋជាសមាជិក និងទទួលបានមូលនិធិដោយឯករាជ្យផ្ដាច់ចេញពីថវិកាចម្បងរបស់អង្គការសហប្រជាជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ បេសកកម្មរក្សាសន្តិភាពមានចំនួន ១២ ដែលមានបុគ្គលិកយោធាជាង ៨៧,០០០ នាក់មកពីប្រទេសចំនួន ១២១ ជាមួយនឹងថវិកាចំណាយសរុបប្រមាណ ៦.៣ ពាន់លានដុល្លារ។[]

ឯកសារយោង

[កែប្រែ]
  1. "Security Council Presidency | United Nations Security Council". www.un.org. Archived from the original on 22 March 2022. Retrieved 2022-08-02.
  2. "Article 7 (1) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
  3. "Article 24 (1) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
  4. "Article 4 (2) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
  5. "Article 108 of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
  6. "Article 23 (1) of the Charter of the United Nations". www.un.org. United Nations. 26 June 1945. Archived from the original on 10 April 2019. Retrieved 7 April 2023.
  7. "Data for November 2021" (PDF). United Nations Peacekeeping. Archived (PDF) from the original on 11 July 2022. Retrieved 2023-04-07.