ចន្ទរាជា
ចន្ទរាជា | ||||
រជ្ជកាល | ១៥១៦-១៥៦៦ | |||
គ្រងរាជ | លើកទី១ - ១៥១៦ លើកទី២ - ១៥៣៩ | |||
រាជសម័យ | សម័យកាលលង្វែក | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា | |||
មរណៈនាម | ព្រះបរមចន្ទរាជា | |||
ក្សត្រមុន | ស្រីជេដ្ឋា | |||
រាជបន្ត | បរមរាជាទី២ | |||
សន្តិវង្ស | រាជវង្សចតុមុខ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | បរមរាជាទី២ | |||
ចូលទីវង្គត់ | ១៥៦៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ជំនឿលើពពួកទេវតា |
ចន្ទរាជា ឬ ចៅពញ្ញាចន្ទ (អង់គ្លេស: Chan Reachea or Chao Ponhea Chan) (ប្រ.ស|គ.ស ០០០០-១៥៦៦) រជ្ជកាលគ្រងរាជ (គ.ស ១៥១៦-១៥៦៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីលង្វែក ក្នុងឆ្នាំកុរ ឯកស័ក ព.សករាជ ២០៨៣ ត្រូវនិង គ.សករាជ ១៥៣៩ ត្រូវនិង មហាសករាជ ១៤៦២ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ដែលពិធីរាជាភិសេកលើកទី២នេះ បានធ្វើឡើងអំឡុងពេលដែល ឥសីភ័ត្តសួស បានរកឃើញព្រះខ័នរាជ ក្នុងដើមចម្បក់មួយ នាស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ដែលព្រះខ័នរាជនេះ ត្រូវបានលាក់ទុក ក្នុងរាជ ស្រីសុគន្ធបទ អំឡុងពេលទ្រង់ភៀសខ្លួនពីរាជធានីទួលបាសាន ។[១]
ជីវិតចាប់ផ្ដើម
[កែប្រែ]Early Life
ចន្ទរាជា ព្រះអង្គ គឺជាព្រះបុត្រាទី២ នៃព្រះបាទ ធម្មរាជាទី២ ដែលត្រូវជាប្អូនប្រុសបង្កើត ម្ដាយទីទៃជាមួយ ស្រីសុគន្ធបទ ដែលបានសោយរាជ្យនៅរាជធានីទួលបាសាន (បច្ចុប្បន្ន: កំពង់ចាម) ។ ព្រះចន្ទរាជា មាននាមជា ចៅពញ្ញាចន្ទ ជាចៅហ្វាយស្រុកចតុមុខ នៅវ័យ ២៤ ឆ្នាំ ព្រះអង្គត្រូវបង្ខំចិត្តចាកចេញពីចតុមុខ ដោយ ស្រីជេដ្ឋា ដាក់ទោសនិរទេសព្រះអង្គ ក្នុងឆ្នាំ ១៥០៤ នៃគ.សករាជ ទៅកាន់តំបន់ព្រំដែនខ្មែរ-សៀម ជីវិតរស់នៅប្រចាំថ្ងៃ របស់ទ្រង់ នៅតំបន់ព្រំដែនខ្មែរ-សៀម ព្រះអង្គ ចូលធ្វើជាក្រមការខាងទាក់ដំរីថ្វាយ "ពញ្ញាអង្គធម្មខាត់" ដែលជាបុត្រ "ស្រីរាជា" និង ត្រូវជាបុត្រធម៌របស់ស្ដេចសៀមផងដែរ ។ គ.សករាជ ១៥១២ ហ្លួងព្រះស្ដេចកន បានលើកទ័ពវាយយករាជធានី ទួលបាសាន និងបានជ័យជំនះបណ្ដេញ ស្រីសុគន្ធបទ ចេញពីរាជធានី ទៅបោះបន្ទាយនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) ។ ស្រីសុគន្ធបទ បានផ្ញើចុតហ្មាយ (សំបុត្រ) ប្រាប់ដំណឹងពីការបះបោររបស់ ស្ដេចកន ទៅកាន់ចន្ទរាជា និងបានប្រកាសរាជសារតែងតាំង ចន្ទរាជា ជាមហាឧបរាជ (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) ឱ្យយាងត្រឡប់ពីនគរសៀម មកជួយសង្គ្រោះដល់ព្រះអង្គវិញ ។ ការយាងត្រឡប់មកវិញរបស់ចន្ទរាជា ទ្រង់បានខ្ចីទ័ពសៀមចំនួន ៥,០០០ (៥ពាន់នាក់) ជាមួយនិងការចរចារប្រគល់ព្រះដង្វាយ ដោយការថ្វាយដំរីចំនួន ១០០ ក្បាល និង ពលទ័ព ៥,០០០ នាក់ទៅឱ្យ ពញ្ញាអង្គ វិញ ។ អំឡុងពេលដែល ចន្ទរាជា លើកពលសេនា ចូលមក នគរខ្មែរវិញ បានដឹងទៅដល់ ស្ដេចសៀម ព្រះនាម "បរមរាមាធិបតីទី២" (Barom Ramathipti II) បានចាត់ ឃុនតារាវិចិត្រ ឱ្យឃាត់ដំណើរ ស្ទាក់ចន្ទរាជា មិនឱ្យលើកពលចូលមកនគរខ្មែរនោះទេ តែដោយសារ ចន្ទរាជា មានដាវអាជ្ញាសឹកពី ពញ្ញាអង្គ ដែលប្រទានផ្ទាល់ពីស្ដេចសៀម ដូចនេះ ឃុនតារាវិចិត្រ មិនអាចឃាត់ចន្ទរាជា បាននោះទេ ។ ទ័ពចន្ទរាជា បានធ្វើដំណើរមកដល់ បាត់ដំបង ចៅហ្វាយស្រុក នាមពញ្ញានោ បានថ្វាយពលចំនួន ១០,០០០ (១មុឺននាក់) និងស្បៀងអាហារចំនួន ១០០ រទេះ ដល់ទ្រង់ ហើយទ្រង់បន្តដំណើរមកដល់ ស្រុកបាកាន (បច្ចុប្បន្ន: ពោធិសាត់) និងបានជួបពិភាក្សា ជាមួយចៅហ្វាយស្រុកឈ្មោះ ពញ្ញាមុឺនពេជ្រ ដែលកាន់សិទ្ធទ័ព ចំនួន ៤០,០០០ (៤មុឺននាក់) នៅ "បន្ទាយមានជ័យ" ។ ពេលវេលាមកដល់របស់ ចន្ទរាជា ជាមួយនិងការរៀបចំយុទ្ធសាស្ត្រទ័ព ដើម្បីទៅជួយសង្គ្រោះ ស្រីសុគន្ធបទ ចេញពីការឡោមព័ទ្ធ របស់ស្ដេចកន បានអូសបន្លាយដល់ ២ឆ្នាំ ដោយមើលឃើញពីការរៀបចំទ័ពយឺតយ៉ាវរបស់ ចន្ទរាជា ពោលក្នុងឆ្នាំ ១៥១៤ នៃគ.សករាជ ហ្លួងព្រះស្ដេចកន បានលើកទ័ពជើងទឹក ជាមួយកាំភ្លើងធំ វាយចូលបន្ទាយស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) ពីយប់អធ្រាត និងបានធ្វើឃាត ស្រីសុគន្ធបទ នាពេលនោះ ។ ក្រោយពេល ហ្លួងព្រះស្ដេចកន ធ្វើឃាត ស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែន រួចមក គ្រឿងសោយរាជ្យទាំង៥ បានបាត់នាពេលនោះផងដែរ ទើបការឡើងសោយរាជ្យផ្លូវការណ៍ របស់ស្ដេចកន ត្រូវពន្យាពេល ២ឆ្នាំ ដើម្បីរងចាំ គ្រឿងសោយរាជ្យទាំង៥ ថ្មីធ្វើរួច ។ នៅទីបំផុត ហ្លួងព្រះស្ដេចកន បានប្រកាសសោយរាជ្យជាផ្លូវការណ៍ ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដែលមានព្រះនាមក្នុងរាជ្យថា "ព្រះស្រីជេដ្ឋា ធិរាជរាមាធិបតី" ហើយវាជាពេលដែលនាគពីរ ត្រូវមកប្រជែងឥទ្ធិពលគ្នា មួយជា ព្រះចន្ទរាជា ជាស្ដេចនៃអាណាចក្រខាងលិច ដែលប្រកាសឡើងសោយរាជក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ និង ហ្លួងព្រះស្ដេចកន ជាស្ដេចនៃអាណាចក្រខាងកើត ដែលបានយក ទន្លេមេគង្គ ខ័នបែងចែកទឹកដីជា២ចំណែក តាមបណ្ដោយខ្សែរទឹកហូរ ដែលបានអូសបន្លាយសង្គ្រាមអស់ពេលជិត ១ទស្សវតន៍ (ជិត១០ឆ្នាំ) ។[២]
ចម្បាំងនៅ ទួលបានសាន
[កែប្រែ]Battle at Tuol Basan
គ.សករាជ ១៥១៦ ក្រោយពេល ស្រីជេដ្ឋា ឡើងសោយរាជ្យនៅ រាជធានីទួលបាសាន បានរយៈពេល ៣ខែ ព្រះចន្ទរាជា បានលើកទ័ព ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ស្រីជេដ្ឋា ចេញពី រាជធានីទួលបាសាន ។ ស្រីជេដ្ឋា និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ដូនតី ពិជ័យព្រៃនគរ" ។ មួយឆ្នាំបន្ទាប់ពី ស្រីជេដ្ឋា វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន ក្នុងឆ្នាំ ១៥១៧ នៃគ.សករាជ ហើយព្រះចន្ទរាជា និង កងទ័ពបានដកត្រឡប់ទៅបន្ទាយមានជ័យ នា ពោធិសាត់ វិញ ក្នុងឆ្នាំដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាមនិងគ្នា នោះទេ ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្រីជេដ្ឋា បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។[៣]
ចម្បាំងនៅកំពង់ឆ្នាំង
[កែប្រែ]Battle at Kampong Chhnang
ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ស្រីជេដ្ឋា បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ស្រីជេដ្ឋា នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពស្រីជេដ្ឋា ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញា លំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់សមរភូមិ វាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ាវង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ព្រះចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមទាំង ដំរីសឹកចម្បាំង ចំនួន ១៤០ក្បាល ដឹកនាំដោយមេទ័ពធំ របស់ចន្ទរាជា គឺ ពញ្ញាមុឺនពេជ្រ ដែលនៅពីខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" បានសំរុកចេញមកវាយគាបទ័ពព្រះស្រីជេដ្ឋា ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ក្រុងចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ) ។[៤]
ចម្បាំងនៅចតុមុខ
[កែប្រែ]Battle at Chaktomuk
មួយឆ្នាំបន្ទាប់ពីសង្គ្រាមនៅសមរភូមិវាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ព្រះចន្ទរាជា ត្រាសបង្គាប់ ឱ្យមេទ័ពចំនួន ២រូប គឺមេទ័ព "ឧកញាចក្រីកែវ" និង "ឧកញ៉ាវង្សាអគ្គរាជ" ឱ្យដឹកនាំទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយយកបន្ទាយចតុមុខ ដែលមានកងទ័ព របស់ព្រះស្រីជេដ្ឋា ចំនួន ១០,០០០ (១មុឺននាក់) នៅឈរជើងចាំការពារតំបន់នេះ ដែលដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ។ ចំនួនកងទ័ព របស់ព្រះចន្ទរាជា ដែលលើស ២ដង នៃចំនួនទ័ពព្រះស្រីជេដ្ឋា បានវាយបែកសមរភូមិចតុមុខ (Chaktomuk Battlefield) ក្នុងឆ្នាំ ១៥២១ នៃគ.សករាជ ហើយកងទ័ពព្រះចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសរាជសារ ឱ្យចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេព្រះអង្គនិងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ។[៥]
ចម្បាំងនៅទន្លេមុខបួន
[កែប្រែ]Battle on the Four Rivers
(ហេតុដែលនាំឱ្យហៅទន្លេច្រាបឈាម!)
(Reasons to call the bloods river! )
ក្រោយពេលដែល ស្រីជេដ្ឋា បានលឺតំណឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ពព្រះចន្ទរាជា ព្រះអង្គទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ ខេត្តកណ្ដាល ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញាស្រាល" និង "ជហ៊្វាវាំង" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជានៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វារ) (Chroy Changvar) កងទ័ពជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ព្រះចន្ទរាជា ដែលដឹកនាំដោយ មេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ព្រះចន្ទរាជា នាម "ពញ្ញាមុឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ព "វិបុលរាជ" និង "ប្រទសរាជ" ។ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បីឱ្យ "ពញ្ញាមុឺនពេជ្រ" មកដេញតាមកងទ័ពខ្លួន ។ "ពញ្ញាស្រាល" និង "ជហ៊្វាវាំង" ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទ័ពទៅវាយគាបទ័ព "ពញ្ញាមុឺនពេជ្រ" ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញាមុឺនពេជ្រ បាននៅពេលនោះ (បច្ចុប្បន្នបូជនីដ្ឋាន ពញ្ញាមុឺនពេជ្រ ឬ ហៅតាពេជ្រ នៅជាប់និង បូជនីយដ្ឋាន ព្រះអង្គដង្កើរ មុខព្រះបរមរាជវាំង សព្វថ្ងៃនេះ) ហើយទន្លេមុខបួន ដែលពោពេញទៅដោយការបង្ហូរឈាម ត្រូវបានអ្នកស្រុកទីនោះហៅថា "ទន្លេច្រាបឈាម" ។ [៦]
សមរភូមិកំពង់ចាម (គ.ស ១៥២៣)
[កែប្រែ]Kampong Cham Battlefield (AD 1523)
ក្រោយពេលដែល "ពញ្ញាកៅ" ទទួលជ័យជំនះនៅទន្លេមុខបួន ទ័ពរបស់ខ្លួន បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០០ (១មុឺននាក់) ប៉ុនណោះ ។ ចំណែកឯខាង ព្រះចន្ទរាជា ដែលទទួលបានដំណឹងពីការមរណៈភាពលោក "ពញ្ញាហ្មឺនពេជ្រ" មានភាពតក់ស្លុត និង ឈឺព្រះទ័យជាខ្លាំង ព្រះអង្គបានថ្វាយមរណៈនាមទៅលោកថា "ចៅពញ្ញាសួគ៌ាលោក" ។ បន្ទាប់មក ព្រះចន្ទរាជា បានប្រកាសរាជសារតែងតាំងលោក "ឧកញ៉ា ឃ្លាំងមឿង" ជាប្រមុខមេទ័ពធំជំនួសវិញ លោកឧកញ៉ា ឃ្លាំងមឿង ល្បីខាងយុត្តិសាស្ត្រសឹកសង្គ្រាម និងការដឹកនាំទ័ព ។ ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ព្រះចន្ទរាជា បានចាត់កងទ័ពជាពីរកង កងទី១ ដឹកនាំដោយព្រះអង្គផ្ទាល់ បានយាងចេញជិះទូកចម្បាំងទីនាំង ឈ្មោះ "សារ៉ាយអណ្ដែត" និងទូកចម្បាំង ចំនួន៣០០ គ្រឿងទៀត ទៅប្រមូលផ្ដុំទ័ពនៅខេតអាសន្ទុក (បច្ចុប្បន្នជា ខេត្តកំពង់ធំ) ដែលមានចំនួន ៥៥,០០០ (៥មុឺន ៥ពាន់នាក់) រីឯកងទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ទៀតដឹកនាំដោយ "ឧកញ៉ា ឃ្លាំងមឿង" ចេញទៅវាយបន្ទាយទ័ព "ពញ្ញាកៅ" នៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមគ្នាតែម្ដង ។ ដំណឹងប្រកាសសង្គ្រាម របស់ព្រះចន្ទរាជា បានជ្រាបទៅដល់ ស្រីជេដ្ឋា ទ្រង់បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញាព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញាពេញ" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញានួន" មានចំនួន ១០,០០០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯព្រះស្ដេចកនកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ពធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះកងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ព្រះស្រីជេដ្ឋា មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) នៅទីបំផុតកងទ័ពជាង ១សែននាក់ របស់ព្រះចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម នៃសមរភូមិកំពង់ចាម ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ។[៧]
ចន្ទរាជា និង ស្រីជេដ្ឋា នៃសង្គ្រាមចុងក្រោយ
[កែប្រែ]Chan Reachea & Srei Chedtha of Final War
ក្រោយពេល ព្រះចន្ទរាជា និង ព្រះស្រីជេដ្ឋា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ពទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាងឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីបម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦) ។ ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជាក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ព្រះចន្ទរាជា ដូចនេះខាង ព្រះស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។[៨] [៩]
សមរភូមិទន្លេបិទ (គ.ស ១៥២៤)
[កែប្រែ]Tonle Bet Battlefield (AD 1524)
ក្នុងឆ្នាំ ១៥២៤ នៃគ.សករាជ ព្រះចន្ទរាជា បានលើកទ័ព ១៣៥,០០០ (ជាង១៣មុឺននាក់) ចែកចេញជា បួនកងពល កងពលទី១ ដឹកនាំដោយ "ពញ្ញាភក្ដី" លើកទ័ព ៥០,០០០ (៥មុឺននាក់) លើកទៅស្ទាក់កងទ័ព "ពញ្ញាកំហែង" ដែលជាឪពុកក្មេកព្រះស្រីជេដ្ឋា ដែលកាន់ទ័ពនៅស្រុក សៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលមាន ចំនួន ៤០,០០០ (៤មុឺននាក់) កុំឱ្យលើកមកជួយ ស្រីជេដ្ឋាបាន ។ កងទី២ ដឹកនាំដោយ "ពញ្ញាទេព" លើកទ័ព ចំនួន ៤០,០០០ (៤មុឺននាក់) វាយចូលសមរភូមិទន្លេបិទ ចំពីមុខផ្លូវទៅបន្ទាយ "ស្រឡបដូនតី" កងទី ៣ ដឹកនាំដោយ "ព្រះចន្ទរាជា" ផ្ទាល់ ចំនួន ៤០,០០០ (៤មុឺននាក់) ជាទ័ពជំនួយបោះនៅស្រុកកំពង់សៀម កងទី៤ ដឹកនាំដោយ "ឧកញ៉ាមហាមន្ត្រី" ចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបង្កប់នៅ ខេត្តព្រៃវែង ។ កងទ័ព "ពញ្ញាទេព" ចំនួន ៤មុឺននាក់ ក៏ប្រទះនិងទ័ព ព្រះស្រីជេដ្ឋា ចំនួន ២០,០០០ (២មុឺននាក់) ដែលបោះបន្ទាយនៅ ទន្លេបិទ ទ័ពទាំងពីរ បានច្បាំងគ្នាពេលវេលាព្រឹក រហូតដល់ថ្ងៃរសៀល ទ័ព "ពញ្ញាទេព" ក៏ឡោមព័ទ ទ័ពព្រះស្ដេចកនជាប់ ពេលនោះ ដំណឹងច្បាំងគ្នានៅសរមភូមិទន្លេបិទបានទៅដល់ "ពញ្ញាកៅ" ដែលកំពង់យាមការក្នុងបន្ទាយ ដឹងដំណឹងដូចនេះ "ពញ្ញាកៅ" ប្រញាប់ដកទ័ព ៥០,០០០ (៥មុឺននាក់) ពីក្នុងបន្ទាយចេញទៅជួយព្រះស្រីជេដ្ឋា យ៉ាងប្រញាប់ ទុកឱ្យ "ជហ៊្វាវាំងជុំ" ដែលមានទ័ព ១០,០០០ (១មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ពិជ័យ ។ កងទ័ព "ពញ្ញាកៅ" បានទៅជួយរំដោះ ព្រះស្រីជេដ្ឋា ទាន់ពេល ដោយកងទ័ព "ពញ្ញាទេព" បិទផ្លូវខាងក្រោយជាប់ ព្រះស្រីជេដ្ឋា និង ពញ្ញាកៅ បានវាយសម្រុកចេញទៅមុខមកដល់ ខេត្តព្រៃវែង ក៏ប្រទះនិងទ័ពបង្កប់ ៥,០០០ (៥ពាន់នាក់) របស់ "ឧកញ៉ាមហាមន្ត្រីបែន" វាយស្ទាក់ពីមុខ ពញ្ញាកៅឃើញដូចនេះ ក៏ឱ្យព្រះស្រីជេដ្ឋា ស្រូតទៅបន្ទាយស្រឡប់ដូនតីមុន ខ្លួននៅចាំច្បាំងការពារជាមួយ "ឧកញ៉ាបែន" ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ "ឧកញ៉ាបែន" ស្លាប់ក្នុងពេលនោះ ទើបកងទ័ពត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ដូនតីវិញ ចំណែកឯ ទ័ពឪពុកក្មេក ព្រះស្រីជេដ្ឋា នាម "ពញ្ញាកំហែង" ត្រូវទ័ព "ពញ្ញាភក្ដី" របស់ចន្ទរាជា វាយធ្វើឃាតបាននៅពេលនោះទៅ ។[១០]
ជ័យជំនះព្រះចន្ទរាជា (គ.ស ១៥២៥)
[កែប្រែ]Victory of Chan Reachea (AD 1525)
ក្នុងឆ្នាំ ១៥២៥ នៃគ.សករាជ ព្រះចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ពិជ័យ" របស់ ព្រះស្រីជេដ្ឋា ដែលមានកងទ័ពយាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ព្រះចន្ទរាជា បានឡោមព័ទ្ធ បន្ទាយស្រឡប់ដូនតី អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ព្រះចន្ទរាជា បានចាត់ពលសេនា ឱ្យប្រកាសរាជសារ ដោយមានពំនោលថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និង មានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយពលសេនា ប្រកាសរាជសារនៅមុខបន្ទាយ ស្រីជេដ្ឋា ចប់ ប៉ុន្មានថ្ងៃក្រោយមក ព្រះស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួន នាម "មន្ត្រីដូនកែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង២៥នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រីដូនកែវ" ជាពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ចំណែកឯក្បាលព្រះស្ដេចកន និងបក្សពួកទាំង២៥នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ដូនតីនេះតែម្ដងទុកជាបម្រាម ។[១១]
ការកសាងរាជវាំងលង្វែក
[កែប្រែ]Construction of Longvek Palace
ក្រោយពេល ព្រះចន្ទរាជា ទទួលបានជ័យជំនះលើ ស្រីជេដ្ឋា ទ្រង់បានយាងត្រឡប់មកបន្ទាយមានជ័យ នា ខេត្តពោធិសាត់ វិញ និងបានបង្គាប់ឱ្យសព្វមុខមន្ត្រី សាងសង់បន្ទាយរាជវាំងថ្មី នៅលង្វែក នា ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំច គ.សករាជ ១៥២៦ ដើម្បីគេចចេញពីការគំរាមកំហែងរបស់កងទ័ពសៀម ក្រុមមេការ បានទទួលការសាងសង់រាជវាំង ដោយជីកបុកគ្រឹះ រៀបថ្ម ៦ហត្ថ ស្មើជម្រៅ ៣ម៉ែត្រ ជុំវិញបន្ទាយជា ៣ជ្រុង ហើយលើកដីច្រោះក្ដារ ធ្វើជាបន្ទាយខាងលើនោះតម្កល់ ១៧ហត្ថ ស្មើនិងកម្ពស់ ៨.៥ ម៉ែត្រ កម្រាស់ខាងលិច ១០ហត្ថ ស្មើនិងកម្រាស ៥ម៉ែត្រ ជើងទេរក្រោម ២២ហត្ថ ស្មើនិងកម្រាសជើងទេរ ១១ម៉ែត្រ ជុំវិញទាំង ៣ជ្រុង "ព្រោះជ្រុងទី៤ នោះគឺទន្លេ កំពែងបន្ទាយមាន ៥ជាន់ និងមានទ្វារធំ៨ ទ្វារនីមួយៗ មានសើនមួយ កំពស់ ២២ ហត្ថ ស្មើនិងកម្ពស់១១ម៉ែត្រ សម្រាប់ដាក់កាំភ្លើងធំ ទាំង៨សើន រីឯជ្រុងទាំង៤ មានប៉មកម្ពស់ ២៥ហត្ថ ស្មើនិងកម្ពស់ ១២.៥ម៉ែត្រ សម្រាប់ឆ្មាំយាម និងដាក់កាំភ្លើងធំដូចគ្នា រីឯលើកំពែងបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងវែងបាញ់ច្រូងជុំវិញទាំង ៥ជាន់ ។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងសម្រាប់ដាក់ទ័ព ដំរី និងទ័ពសេះ ក្នុងកំពែងជាន់ទី១ ដដែរនេះ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងធំ ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងតូច និងធ្វើសាលាជំនុំក្ដី ដាក់សាលាដំបូងខាងឆ្វេង សាលាឧទ្ធរណ៍ខាងស្ដាំ ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហ៊ានកងដាវ កងផ្គាក់ ជាសេនាអាវុធខ្លី ។ ខាងកំពែងជាន់ទី៤ សាងដំណាក់រោងល្ខោន និង ព្រះពន្លាទតល្ខោន ។ នៅខាងក្នុងកំពែងទី៥ សាងដំណាក់ដាក់ព្រះបញ្ចក្សេត្រ គ្រឿងសោយរាជ្យទាំង៥ និង ដំណាក់សំរិទ្ធ សម្រាប់ដាក់ព្រះរាជទ្រព្យ មានវិមានសម្រាន្តភិរម្យ សម្រាប់ក្រុមបារគូ ក្រុមបុរោហិត និងក្រុមមហាត្លិក នៅក្នុងកំពែងជាន់ទី៥ ដដែរ នៅទ្វារយាម តាំងថែវឱ្យកំពូល ៥ មានជហ៊្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស មានសោភោណភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល៥ ជាប្រាសាទសម្រាប់ព្រះមហាក្សត្រ ទ្រង់ផ្ទំសម្រាក មានសាងព្រះរាជមន្ទីរធំមួយ សម្រាប់ព្រះស្នំក្រមការប្រចាំយាម រាជមន្ទីរមួយទៀតមានកំពូល៣ជាន់ សម្រាប់ព្រះរាជបុត្រី មានសាងព្រះដំណាក់៥ខ្នង សម្រាប់ព្រះស្នំ និង ព្រះដំណាក់៥ខ្នងទៀត សម្រាប់ពួកអ្នកម្នាង រីឯព្រះដំណាក់២ខ្នងទៀត សម្រាប់អ្នកអង្គម្ចាស់ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រីសាច់ ១៥ខ្នង ខាងត្បូងនិងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ១០ខ្នង ខាកើតព្រះរាជវាំង ឱ្យតាំង ឃ្លាំងសម្រាប់ដាក់ ព្រួញស្នារ ទុកការពារផ្នែកខាងក្រោយ ។ នៅគ្រប់ដំណាក់មានជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះរាជវាំង ដែលបានសាងសង់រួចក្នុងរយៈពេល ២ឆ្នាំ ត្រូវបញ្ចប់ក្នុង គ.ស ១៥២៨ ។ បន្ទាយព្រះរាជវាំងថ្មីសាងបញ្ចប់រួចរាល់ហើយ ព្រះចន្ទរាជា ត្រាសបង្គាប់ឱ្យរើបន្ទាយចេញពី ពោធិ៍សាត់ មកតាំងនៅរាជធានីលង្វែក និងបង្គាប់ឱ្យដាំដើមឬស្សីព័ទ្ធជុំវិញបន្ទាយកម្រាស ២សិន ដោយស្មើនិងកម្រាស ៨០ម៉ែត្រ ដើម្បីការពារបន្ទាយ ហើយព្រះអង្គឡើងប្រកាសជាស្ដេចផែនដីលើកទី២ រាជសម័យលង្វែក នៃអាណាចក្រលង្វែក ក្នុងឆ្នាំ ១៥៣៩ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ។[១២]
ការផ្ដាច់ចំណងការទូត ជាមួយនគរសៀម គ.ស ១៥៣០
[កែប្រែ]The severance of diplomatic ties with the kingdom of Siam, 1530 AD
ព.សករាជ ២០៧៤, គ.សករាជ ១៥៣០, ម.សករាជ ១៤៥៣, ចុ.សករាជ ៨៩៧ ត្រូវនិងឆ្នាំឆ្នាំកុរ ឯកស័ក ក្រោយសៀមបានបញ្ចប់ជម្លោះរាជវង្ស ស្ដេចសៀមគ្រងរាជ្យថ្មីព្រះនាម ព្រះចៅចក្រព័ត រាជាធិរាជ ឬ ហៅតាមសំនៀងសៀមថា "ចក្រាផាត់" (Chakkraphat) បានចាត់បេសកជន ៣នាក់ ជាតំណាងទូត ឱ្យមកទារសួយសារអាករ ព្រះដង្វាយពី ព្រះចន្ទរាជា នាពេលនោះ ។ ព្រះចន្ទរាជា បានបញ្ជារឱ្យក្រមការរាជវាំង ទទួលបេសកជន នគរសៀម នៅខាងក្រៅរាជវាំង ព្រះអង្គបានមានបន្ទូលឆ្លើយតបថា នគរកម្ពុជានាពេលនេះលែងចំណុះ ឱ្យនគរសៀមទៀតហើយ មិនមានការថ្វាយសួយសារអាករ និង ព្រះដង្វាយ ថ្វាយទៅកាន់ព្រះរាជាសៀមទៀតនោះទេ បើព្រះរាជាសៀមមិនសុខចិត្ត អាចមកសាកកម្លាំងនិង នគរយើងបាន ខ្លឹមសារ ឆ្លងឆ្លើយនៃទំនាក់ទំនងនគរទាំងពីរ បានកាត់ផ្ដាច់នៅចំណងការទូតទាំងស្រុង ក្រោយពេល ព្រះរាជាខ្មែរ បានដឹងតំណឹងថា កងទ័ពសៀម ជាប់ដៃធ្វើសង្គ្រាមជាមួយ នគរភូមា (បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា) ដែលបានបើកការវាយលុកទៅនគរសៀម ជាបន្តបន្ទាប់ ។
សៀមឈ្លានពាន តំបន់អង្គរ គ.ស ១៥៤០
[កែប្រែ]Siam invades Angkor 1540 AD
ព.សករាជ ២០៨៤, គ.សករាជ ១៥៤០, ម.សករាជ ១៤៦៣, ចុ.សករាជ ៩០៧ ត្រូវនិងឆ្នាំជូតទោស័ក សៀមបានលើកទ័ព ៥០,០០០ (៥មុឺននាក់) កាត់តាម នគររាជសីម៉ា មកដល់ព្រំប្រទល់ខេត្ត មហានគរ (បច្ចុប្បន្នជាខេត្ត សៀមរាប) ទ័ពសៀម ចែកចេញជា ៣កងពល កងពលទី១ ជាទ័ពដំរី កងពលទី២ ជាទ័ពសេះ កងពលទី៣ ជាទ័ពថ្មើជើង ទ័ពទាំង៣កង បានវាយសម្រុកចូលតំបន់អង្គរ ពេលនោះ ព្រះចន្ទរាជា បានលើកទ័ពលង្វែកទៅដោយផ្ទាល់ មានចំនួន ៥០,០០០ (៥មុឺននាក់) បូករួមនិង ទ័ពនៅមហានគរ មានចំនួន ២០,០០០ (២មុឺននាក់) សរុបទាំងអស់មានចំនួន ៧០,០០០ (៧មុឺននាក់) បានវាយបកត្រឡប់យ៉ាងខ្លាំងក្លាទៅកាន់កងទ័ពសៀម នៅត្រង់សមរភូមិស្ទឹងអង្គរ ហើយទីបំផុត កងទ័ពសៀមបានបរាជ័យ ដោយការបាក់ទ័ពរាបទាបអស់ ក្នុងជ័យជំនះដ៏អស្ចារ្យនេះ ព្រះចន្ទរាជា បានផ្លាសប្ដូរឈ្មោះខេត្ត មហានគរ ទៅជាឈ្មោះ ខេត្តសៀមរាប មកដល់ពេល បច្ចុប្បន្ននេះ ហើយក៏ជាជ័យជំនះទី១ របស់ព្រះចន្ទរាជាផងដែរ ដែលធ្វើសង្គ្រាមឈ្នះពួកសៀម ។[១៣]
ចម្បាំងខ្មែរសៀម គ.ស ១៥៥៥
[កែប្រែ]Khmer-Siamese war, 1555 AD
- មរណភាពលោក ឧកញ៉ា ឃ្លាំងមឿង
ព.សករាជ ២០៩៨, គ.សករាជ ១៥៥៥, ម.សករាជ ១៤៧៧, សៀមបានលើកទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) ចូលមកឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ កងទ័ពសៀមបានបែងចែកជាពីរកងពល កងពលទី១ មានចំនួន ៩០,០០០ (៩មុឺននាក់) ដឹកនាំដោយ ពញ្ញាអង្គ ជាបុត្រ ស្រីរាជា និង ត្រូវជាបុត្រធម៌ស្ដេចសៀម ដែលស្ដេចសៀមបានសន្យាថា បើពញ្ញាអង្គ ឈ្នះក្នុងសង្គ្រាមនេះ ទ្រង់និងដាក់ ឱ្យ ពញ្ញាអង្គ បានសោយរាជ្យ នៅនគរខ្មែរ តែម្ដង ។ ទ័ពសៀមបានចូលមកឈ្លានពានយក ខេត្តបាត់ដំបង និង បង្ហួសវាយយក ខេត្ត ពោធិ៍សាត់ កងពលទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹក ដឹកនាំដោយ ពញ្ញាវាំងសាន វាយចូល ខេត្តកំពត ។ ព្រះចន្ទរាជា ទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ា ក្រឡាហោមកែវ កេណ្ឌរេហ៍ពល នាខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បានចំនួន ៦០,០០០ (៦មុឺននាក់) ទៅច្បាំងតទល់ជាមួយទ័ពសៀមនៅសមរភូមិខេត្តកំពត ។
សមរភូមិ ពោធិ៍សាត់
[កែប្រែ]Pursat Battlefield
គ.សករាជ ១៥៥៥ កងទ័ពសៀមចំនួន ៩០,០០០ (៩មុឺននាក់) បានវាយចូល ខេត្តពោធិ៍សាត់ ខណៈ ដែលលោក ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ទៅច្បាំងតទល់ជាមួយនិងទ័ពសៀម អស់ពេលជាច្រើនយាម ដោយចំនួនកងទ័ព និង គ្រឿងសឹកចម្បាំងរបស់សៀម ច្រើនជាងភាគីខាងលោក ឧកញ៉ា ឃ្លាំងមឿង ពេកណាស់ បើច្បាំងបន្តទៀត កងទ័ពខ្មែរ និងស្លាប់គ្មានសល់ ដូចនេះ លោកមឿង ក៏សម្រេចចិត្តដកកងទ័ពថយ ទៅក្នុងបន្ទាយមានជ័យវិញ រីឯកងទ័ពស្លាប់អស់ប្រមាណ ២០,០០០ (២មុឺននាក់) ដូចនេះកងទ័ពក្នុងបន្ទាយនៅសល់តែ ២០,០០០ (២មុឺននាក់) ប៉ុនណោះ កំពុងតែដាច់ស្បៀងនិងត្រូវបានកងទ័ពសៀមឡោមព័ទ្ធ ចំណែកឯកងទ័ពជំនួយរបស់ ព្រះចន្ទរាជា ២ថ្ងៃទៀតទើបមកដល់ ខេត្តពោធិ៍សាត់ ។ ឧកញ៉ា ឃ្លាំងមឿង បានមើលមកកងទ័ពរបស់ខ្លួន ឃើញទឹកមុខបាក់ស្បាតរបស់កងទ័ព បានគិតយ៉ាងល្អិតល្អន់អំពីក្បួនសឹកនេះ បើសង្គ្រាមលើកនេះសៀមឈ្នះ ហើយយកបានតំបន់ ពោធិ៍សាត់នេះ សៀមនិង គម្រាមកំហែង ដល់អាណាចក្រលង្វែក ដូចនេះលោកផ្ទាល់និងពលីកម្ម ក្នុងសង្គ្រាមនេះ ។ លោកមឿង បានរៀបចំគម្រោងការមួយ ដោយឱ្យទាហ៊ានជំនិតៗ របស់លោក ដកកូនទាហាន ៤,០០០ (៤ពាន់នាក់) ចេញពីជួរទ័ព រួចឱ្យទៅបង្កប់ខ្លួនក្នុងព្រៃ ជិតជំរំុស្បៀងកងទ័ពសៀម រួចលោកឱ្យទាហ៊ានសេះសល់ ប្រមាណជា ១៦,០០០ (ជាង១មុឺននាក់) ចាកចេញពីជំរុំទ័ព ត្រៀមជាមួយកាំភ្លើងធំ និង ព្រួញភ្លើង បង្កប់នៅក្រៅជំរុំ បន្ទាប់មកលោកឱ្យរៀបចំ មនុស្សចំបើងដែលជាទីងមោង ពាក់នៅសំលៀកបំពាក់កងទ័ពវិញ ហើយដាក់ទីងមោង ដែលស្លៀកពាក់ទាហ៊ានទាំងអស់នោះ ទៅក្នុងបន្ទាយវិញ ។ ដើម្បីពន្យាពេលកងទ័ពសៀម ពីការវាយលុកចូលជំរុំកងទ័ព នាពេលថ្ងៃរសៀលនេះ លោកមឿង បានប្រើល្បិចមួយ គឺពិធីពលីជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោច នៅពេលយប់ ដើម្បីឱ្យល្បិចនេះក្លាយជាការពិតទៅបាន និង ដើម្បីឱ្យពួកសៀមជឿផងដែរនោះ មានតែការសម្លាប់ខ្លួនរបស់លោកទេ ទើបល្បិចនេះអាចពិត និង ជាក់ស្ដែង ។ ដោយលោកមឿង បានចាត់កូនទាហានឱ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុង ដោយស្មើនិង ៤ម៉ែត្រ ៤ជ្រុង ដាក់នៅចម្រូងលំពែង រួចឱ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឱ្យធ្វើរាជព័ទ្ធ របងជុំវិញ និង លេងភ្លេងថ្វាយទាំង៨ទិស ហើយលោក បាននាំគ្រួសាររបស់លោក ស្លៀកសម្លៀកបំពាក់ពណ៌ស ដោយពោលថា ខ្លួននិងសម្លាប់ខ្លួន ដើម្បីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងរយៈពេល ៧យាមទៀត ហើយប្រាប់ ឱ្យកងទ័ពខ្មែរទាំងអស់ត្រូវច្បាំងស្លាប់រស់ជាមួយកងទ័ពសៀម ពេលដែលលោកនិងគ្រួសារលោតសម្លាប់ខ្លួនរួច ។ ចំណែកឯកងទ័ពសៀមត្រូវលើកទ័ពមកច្បាំងនូវរសៀលនេះ តែដោយសារ តែលោក ឧកញ៉ា ឃ្លាំងមឿង ធ្វើពិធីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងយប់នេះ ទើបភាគីទ័ពសៀម បានរងចាំដល់វេលាយប់ ទើបនាំទ័ពវាយសម្រុកចូលមក ព្រោះពួកសៀមមិនជឿថាមានកងទ័ពខ្មោចមកជួយនោះទេ ហើយពួកសៀមមិនបានដឹងថានេះជាការពន្យាពេលរបស់លោកមឿងនោះទេ ។ នៅវេលាយប់បានមកដល់ សៀមបានលើកទ័ពចូលជំរំុកងទ័ពលោកមឿង តែមិនមានកងទ័ពខ្មែរនោះទេ មានតែមនុស្សចំបើងដែលបន្លំស្លៀកពាក់ជាកងទ័ព យល់សេចក្ដីដូចនេះ មេទ័ពរងខ្មែរ ឧកញ៉ាចក្រីសុខ បញ្ជារឱ្យបាញ់ព្រួញភ្លើង និង កាំភ្លើងធំ ពីក្រៅជំរុំ ដុតសម្លាប់កងទ័ពសៀម ឆេះស្លាប់អស់ជាច្រើន ច្បាំងគ្នារហូតដល់យប់អាធ្រាត កងទ័ពខ្មែរដែលបង្កប់ក្នុងព្រៃ ចំនួន ៤,០០០ នាក់ ចូលទៅវាយដុតជុំរំស្បៀងកងទ័ពសៀម ភ្លើងឆាបឆេះទាំងមុខទាំងក្រោយ កងទ័ពសៀម ស្មានតែភាគីខ្មែរមានទ័ពជំនួយក៏ចាប់ផ្ដើមជ្រួច្របល់បែកទ័ព ឧកញ៉ាចក្រីសុខ ក៏ប្រកាសឱ្យកងទ័ពទាំងអស់កាប់សម្លាប់កងទ័ពសៀមដល់ អូរស្វាយដូនកែវ ខេត្តបាត់ដំបង ហើយកងទ័ពសៀមក៏បានបោះជុំរំនៅទីនោះ ២ថ្ងៃបន្ទាប់ពី កងទ័ព ២០០,០០០ (២សែននាក់) បូករួមទាំង ដំរីសឹក ៥០០ និង សេះចម្បាំង ៥,០០០ ដែលដឹកនាំដោយ ព្រះចន្ទរាជា ផ្ទាល់បានមកដល់ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមធ្វើសង្គ្រាមបណ្ដេញកងទ័ពសៀម ។[១៤]
សមរភូមិ បាត់ដំបង (បរាជ័យកងទ័ពសៀម)
[កែប្រែ]Battambang Battlefield (Defeat of Siamese army)
ក្នុង គ.សករាជ ១៥៥៥ ដដែល កងទ័ព ២០០,០០០ (២សែននាក់) របស់ ព្រះចន្ទរាជា បានវាយសម្រុកទៅកាន់កងទ័ពសៀមនៅសមរភូមិ បាត់ដំបង ដំរីចម្បាំងរបស់ ព្រះចន្ទរាជា បានទៅប្រជល់ និង ដំរីចម្បាំងរបស់ ពញ្ញាអង្គ ហើយព្រះចន្ទរាជា បានកាប់ ពញ្ញាអង្គ ចំស្មាពីចំហៀង ដោយសែងដាវដងវែង ហើយកាប់ទម្លាក់ធ្លាក់ស្លាប់ពីលើខ្នងដំរី បរាជ័យកងទ័ពសៀម សមរភូមិបាត់ដំបង កងទ័ពលង្វែក បានរឹបអូសយក ដំរីសឹក ៩០ក្បាល បានសេះ ៤៥០ក្បាល បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ រទេះចម្បាំងជាច្រើន ហើយចាប់បានកងទ័ពសៀមជាឈ្លើយសឹកប្រមាណ ១០,០០០ (១មុឺននាក់) កងទ័ពសៀមសរុប ១៤០,០០០ (១៤មុឺននាក់) ដែលលើកមកឈ្លានពានអាណាចក្រលង្វែក ទាំងជើងគោក និង ជើងទឹក បានបាត់បង់អស់ ៩០,០០០ (៩មុឺននាក់) ហើយសៀមសល់កងទ័ព ប្រមាណជា ៥០,០០០ (៥មុឺននាក់) ប៉ុនណោះបានដកទ័ពទៅដល់ អាងសិលា នាព្រំប្រទល់ខ្មែរសៀម បរាជ័យដ៏ធ្ងន់ធ្ងរនេះ កងទ័ពសៀមមិនបានលើកមកឈ្លានពានកម្ពុជាទៀតនោះទេ ផ្ទុយទៅវិញ វាជាពេលវេលា ដែលកងទ័ពលង្វែក បានវាតទីដណ្ដើមទឹកដីខ្លួនមកវិញ ហើយវាយយកបាន បណ្ដារស្រុកទាំង ១៣ ពីសៀមផងដែរ ជ័យជំនះដ៏ធំធេងនេះ ប្រជានុរាស្ត្រ បានដាក់រហ័សនាមទ្រង់ថា៖ ស្ដេចនៃសឹកសង្គ្រាម ។[១៥]
កំណត់ត្រាសង្គ្រាមរវាង ខ្មែរ និង សៀម
[កែប្រែ]Record of the war between Khmer and Siam
- គ.សករាជ ១៥៤០ ចម្បាំងអង្គរ
- គ.សករាជ ១៥៥៥ សៀមឈ្លានពាន បាត់ដំបង និង ពោធិ៍សាត់ សៀមប្រើទ័ពសរុប ១៤មុឺននាក់ ច្បាំងនិង ទ័ពលង្វែក ២០មុឺននាក់
- គ.សករាជ ១៥៥៦ - ១៥៥៩ - ១៥៦២ ១៥៦៣ - ១៥៦៤ ចន្ទរាជា ដឹកនាំទ័ពលង្វែក ឈ្លានពាន អាណាចក្រអាយុធ្យា យកបានបណ្ដារស្រុកភាគខាងលិច ទាំង ១៣ ត្រឡប់មកវិញ ហើយជាឆ្នាំរវាងកងទ័ព កម្ពុជា និង ភូមា លើកទ័ពច្បាំងគៀបប្រទេសសៀមផងដែរ ។
ចំណារពន្យល់
[កែប្រែ]នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មើលផងដែរ
[កែប្រែ]តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]ចន្ទរាជា (គ.ស ១៤៨៦-១៥៦៧)
| ||
មុនដោយ ស្រីជេដ្ឋា |
អាណាចក្រលង្វែក ១៥១៦-១៥៦៦ |
តដោយ បរមរាជាទី២ |
ឯកសារយោង
[កែប្រែ]- ↑ Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Bhun Khol (1994) Pravatti vidyā saṃrâp pathamsiksā, Publisher: Griḥsthān Poḥbumb Phsāy Qâpraṃ, Original from University of California, Berkeley p.138
- ↑ Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
- ↑ Eng Suth (1991) Mohaboros Khmer Documents Volume 2, Publisher: Member of the Committee on History and Culture p.78
- ↑ Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
- ↑ Mamitua Saber, Dionisio G. Orellana (1977) Comparative Notes on Museum Exhibits in Singapore, Malaysia, Indonesia, Brunei, Macao, and the Philippines: A Report to the Ford Foundation on Travelling Symposium for Southeast Asia Museum Development, April-May, 1971, Publisher: Aga Khan Museum, Mindanao State University, Original from the University of Michigan p.354
- ↑ Contributor: James Richardson Logan (1851) The Journal of the Indian Archipelago and Eastern Asia, Volume 5, Publisher: Kraus Reprint, Original from Cornell University.
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
- ↑ Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Société asiatique (1871) Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux, Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali)
- ↑ Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917