ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប
ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប
[កែប្រែ]ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប
[កែប្រែ]ភាគ១
[កែប្រែ]នៅក្រោយសង្គ្រាមលោកលើកទីពីរ ទ្វីបអឺរ៉ុបទាំងមូលខូចខាតខ្ទេចខ្ទី សហភាពសូវៀត គិតតែពីវាតទី ពង្រីកទឹកដី និងបង្កើនឥទ្ធិពល ជាហេតុធ្វើឲ្យអឺរ៉ុបខាងលិចអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យភិតភ័យ។
គឺ នៅក្នុងបរិបទបែបនេះហើយ ដែលបណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យ ផ្តើមមានគំនិតចង់រួបរួមគ្នា ដើម្បីការពារខ្លួន ដើម្បីកសាងអឺរ៉ុបខាងលិចឡើងវិញ និងជាពិសេសដើម្បីបង្កើតសន្តិភាព ចៀសវាងកុំឲ្យសង្គ្រាម ដូចសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ កើតឡើងទៀត។ បានន័យថា កាលនោះ នៅសម័យឆ្នាំ១៩៤៥ មូលហេតុសំខាន់ៗដែលជម្រុញឲ្យបណ្តាប្រទេសអឺរ៉ុបខាងលិច ចង់ប្រមូលផ្តុំគ្នាជ្រកក្រោមដំបូលតែមួយ គឺសុទ្ធសឹងជាមូលហេតុនយោបាយ។
ប៉ុន្តែ នៅទីបំផុត នៅឆ្នាំ១៩៤៨ នាពេលដែលបណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យចំនួន១៩ រួមប្រជុំគ្នា នៅទីក្រុងឡា ហាយ៉េ(La Haye)ប្រទេសហូឡង់(Hollande) ដើម្បីជជែកគ្នាអំពីការផ្តួចផ្តើមបង្កើតអង្គការតំបន់រួមមួយ ស្រាប់តែបដិវាទកម្មកើតឡើង។ គឺការប្រឈមមុខដាក់គ្នារវាងចក្ខុនិមិត្តពីរ។
នៅម្ខាង ប្រទេសអឺរ៉ុបមួយក្រុម ដឹកមុខដោយប្រទេសអង់គ្លេស ចង់បានត្រឹមតែសហប្រតិបត្តិការរវាងគ្នា និងចង់បានតែអង្គការអឺរ៉ុបមួយដែលមិនធ្វើឲ្យបាត់បង់សោះ ឡើយអធិបតេយ្យនៃប្រទេសសមាជិកនីមួយៗ។ នៅម្ខាងទៀត មានប្រទេសអឺរ៉ុបមួយចំនួនផ្សេង ដឹកនាំដោយប្រទេសបារាំង និងប្រទេសបេហ្ស៊ិក(Belgique) ដែលចង់ឲ្យអភិក្រមនៃការបង្រួបបង្រួមអឺរ៉ុបនេះ បោះជំហានទៅរកសហព័ន្ធន៍មួយ តាមគំរូនៃសហរដ្ឋអាមេរិក ដូចអ្វីដែលអ្នកនិពន្ធបារាំងសម័យសតវត្សរ៍ទី១៩ វិចទ័រ ហ៊ូហ្គោ(Victor Hugo)ដាក់នាមឲ្យថា Les Etats-Unis d’Europe ឬសហរដ្ឋអឺរ៉ុប។
ចក្ខុនិមិត្តទាំងពីរខុសគ្នានេះ មួយជាចក្ខុនិមិត្តអឺរ៉ុបសមាគមប្រជាជាតិ(Europe des Nations) និងមួយទៀតជាចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ (Europe fédérale) បន្តប្រឆាំងគ្នាមកទល់សព្វថ្ងៃ ជាង៦០បា្លយឆ្នាំក្រោយមក។
នៅឆ្នាំ១៩៥០ លោក ហ្រូបឺត ស្ឈូម៉ាំង(Robert Schuman) រដ្ឋមន្រ្តីការបរទេសបារាំងសម័យនោះ មានគំនិតល្អមួយ នោះគឺឈប់និយាយពីអឺរ៉ុបនយោបាយ តែនិយាយពីអឺរ៉ុបសេដ្ឋកិច្ចវិញម្តង។ លោកស្នើឲ្យដាក់ចូលជាសមូហភាពអឺរ៉ុប ធ្យូងថ្មនិងដែកថែប។ ពីព្រោះ ធ្យូងថ្ម ជាថាមពលចាំបាច់ សម្រាប់ឧស្សាហកម្ម និងការកសាងអឺរ៉ុបឡើងវិញ រីឯដែកថែបវិញ ជាលោហធាតុ យុទ្ធសាស្រ្ត សម្រាប់ផលិតអាវុធ។ នៅក្នុងស្មារតីរបស់លោកស្ឈូម៉ាំង(Schuman) ការដាក់ធ្យូងថ្ម និង ដែកថែប នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអឺរ៉ុបតែមួយរួមគ្នា មានគោលដៅនយោបាយ និងសន្តិភាព ពីព្រោះ ធ្វើបែបនេះ វត្ថុធាតុទាំងពីរមុខនេះ នឹងមិនអាចត្រូវគេយកទៅផលិត អាវុធអ្វីផ្តេសផ្តាស ដើម្បីធ្វើសង្គ្រាមបានទៀតឡើយ។ អ៊ីចឹងហើយ បានជានៅឆ្នាំ១៩៥១ បណ្តាប្រទេសអឺរ៉ុបចំនួន៦ គឺបារាំង អាល្លឺម៉ង់ខាងលិច ប៊ែលហ្ស៊ិក(Belgique), លុចហ្សាំប៊ិក(Luxembourg), ហូឡង់(Hollande) និង អ៊ីតាលី(Italie) សុខចិត្តបង្កើតសហគមន៍ធ្យូងថ្មនិងដែកថែបអឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅកាត់ថាCECA។
តាមរយៈសហគមន៍CECA នេះ អឺរ៉ុបរួមចាប់បដិសន្ធិកើតចេញជារូបរាងឡើង នៅតូចកូនង៉ែតមែនពិត តែនឹងរីកធំធាត់ម្តងបន្តិចៗ ចាប់ពីដើមទសវត្សរ៍ទី៥០ទៅ។
នៅក្នុងសម័យទសវត្សរ៍ទី៥០ ទ្វីបអឺរ៉ុបជាទីកន្លែងដែលសង្គ្រាមត្រជាក់រវាង ប្លុកខាងកើតកុម្មុយនីស្ត និងប្លុកខាងលិចសេរី បង្កឲ្យមានភាពតានតឹងខ្លាំងជាងគេ។
នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសបារាំងមានគំនិតស្នើឲ្យបង្កើត កងទ័ពអឺរ៉ុបរួមមួយ រវាងបណ្តាប្រទេសសមាជិកទាំង៦។ គំនិតនេះលិចចេញជារូបរាងឡើង តាមរយៈ សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៥២ តែរលត់សាបសូន្យទៅវិញ នៅឆ្នាំ១៩៥៤។ ពីព្រោះ កាលនោះ រដ្ឋសភាបារាំងដែលខ្លាចប្រទេសបារាំងបាត់បង់អធិបតេយ្យរបស់ខ្លួន មិនព្រម ឲ្យសច្ចាប័នទៅលើសន្ធិសញ្ញានេះទេ ខុសផ្ទុយពីរដ្ឋសភាប៊ែលហ្ស៊ិក(Belgique) អាល្លឺម៉ង់ខាងលិច ហូឡង់(Hollande) លុចហ្សាំប៊ិក(Luxembourg) និងអ៊ីតាលី(Italie)។
សព្វថ្ងៃនេះ ៦០ប្លាយឆ្នាំក្រោយមក ក្រុមប្រវត្តិវិទូ នៅតែបន្តអះអាងថា បើសិនជារដ្ឋសភា បារាំង មិនច្រានចោលសន្ធិសញ្ញាបង្កើតកងទ័ពអឺរ៉ុបរួមនៅឆ្នាំ១៩៥៤នោះទេ ប្រហែលជាមានសហរដ្ឋអឺរ៉ុបមួយរួចស្រេចបាត់ទៅហើយ នៅថ្ងៃនេះ។ នៅត្រង់នេះ គេគួរបើកវង់ក្រចកពិនិត្យមើលឥរិយាបថរបស់ប្រទេសបារាំងបន្តិចសិន។ ពីព្រោះ នៅក្នុងអភិក្រមនៃការកសាងអឺរ៉ុប ម្តងជាពីរដង បារាំងអស់ពីក្លាហានក្លាយជាកំសាក អស់ពីជម្រុញឲ្យទៅមុខ ក្លាយជាអ្នកយកជើងរាទឹក។ ជាក់ស្តែងជាងគេ គឺនៅឆ្នាំ២០០៥ ជាថ្មីម្តងទៀត ប្រទេសបារាំងច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប ដែលខ្លួនជាអ្នកផ្តួចផ្តើមជម្រុញឲ្យតុបតែងឡើង។
យ៉ាងណាក៏ដោយ នៅក្នុងទសវត្សរ៍ទី៥០ ប្រទេសសមាជិកទាំង៦នៃសហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប បន្តជម្រុញឲ្យទៅមុខកាន់តែលឿន គំនិតដែលថាត្រូវតែដើរ ទៅឲ្យដល់ គោលដៅអឺរ៉ុបនយោបាយ។ នៅក្នុងន័យនេះ នៅឆ្នាំ១៩៥៧ បណ្តាប្រទេសអឺរ៉ុបទាំង៦ មូលមតិគ្នា បង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប La Communauté Economique Européenne ហៅកាត់ថា CEE តាមរយៈសន្ធិសញ្ញាទីក្រុងរ៉ូម(Rome)។ គោលដៅនៃសន្ធិសញ្ញានេះ គឺបង្កើតឲ្យមានទីផ្សាររួមមួយ និងអនុញ្ញាតឲ្យមានដោយសេរី ចរាចរណ៍មនុស្ស ចរាចរណ៍ផលិតផល និងចរាចរណ៍មូលធន នៅក្នុងព្រំដែននៃបណ្តាប្រទេសសមាជិកទាំង៦ របស់សហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE។ ដោយសារតែសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ការផ្តោះប្តូរពាណិជ្ជកម្មរវាងបណ្តាប្រទេសសមាជិកទាំង៦ កើនឡើងខ្លាំង កើនមួយជាប្រាំ ក្នុងចន្លោះឆ្នាំ១៩៥៧ និងឆ្នាំ១៩៧០។ រីឯផលិតផលដែលសហគមន៍លក់ចេញទៅក្រៅវិញក៏កើនឡើងបានមួយជាបី។ និយាយរួម សហគមន៍សេដ្ឋកិច្ចអឺរ៉ុប គឺជាជ័យជំនះសេដ្ឋកិច្ចមួយប្រកែកមិនបាន៕
ភាគ២
[កែប្រែ]ជាមួយនឹងការបង្កើតឡើងនៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុបCEE នៅឆ្នាំ១៩៥៧ អឺរ៉ុបនយោបាយហាក់ដូចជាស្លាប់ កប់ចោលនិងគ្របបាត់ដោយអឺរ៉ុបសេដ្ឋកិច្ច។ គឺជាជ័យជំនះនៃចក្ខុនិមិត្តអឺរ៉ុបសមាគមប្រជាជាតិ (Europe des Nations) ទៅលើចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ (Europe fédérale) ។
ពី ឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៩ ក្នុងរយៈពេល១២ឆ្នាំ អឺរ៉ុបរួមគ្នានៅលើតែវិស័យសេដ្ឋកិច្ចនេះបោះជំហានទៅមុខ យ៉ាងយឺតជាទីបំផុត។ ពីព្រោះ ឧត្តមសេនីយ៍ ដឺ ហ្គោល(de Gaulle) ដែលបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ ១៩៥៨ នៅប្រទេសបារាំង មិនសូវរវល់ពីការកសាងអឺរ៉ុបទេ គិតតែពីធ្វើឲ្យប្រទេសបារាំងខ្លាំង ឯករាជ្យនិងក្លាយជាមហាអំណាចបរមាណូ។
ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ សហគមន៍CEE ក្លាយជាអង្គការសេដ្ឋកិច្ចមួយមាំ ប្រកបដោយឥទ្ធិពលខ្លាំង រហូតដល់ជម្រុញប្រទេសអង់គ្លេស ឲ្យសុំចូលជាសមាជិកនៅឆ្នាំ ១៩៦៨។
តែ ឧត្តមសេនីយ៍ ដឺ ហ្គោល(de Gaulle) មិនព្រម ពីព្រោះអង់គ្លេសស្និទ្ធនឹងសហរដ្ឋអាមេរិកខ្លាំងពេក។
គេត្រូវ រង់ចាំដល់ឆ្នាំ ១៩៦៩ ក្រោយពេលដែល ដឺ ហ្គោល(de Gaulle) បានលាចេញពីអំណាច ទើបឃើញប្រទេសបារាំងយល់ព្រមផ្តល់សន្ទុះថ្មីដល់អឺរ៉ុបនយោបាយ។ គឺជាការវិលត្រឡប់មកវិញនៃចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ (Europe fédérale)។ នៅក្នុងន័យនេះ ប្រទេសសមាជិកទាំង៦នៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE ដែលរួមប្រជុំគ្នាក្នុងទីក្រុង ឡា ហាយ៉េ(La Haye) ប្រទេសហូឡង់(Hollande) នៅឆ្នាំ១៩៦៩ ប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅបីនាអនាគតកាល។
ទីមួយ បង្កើតរូបិយវត្ថុរួមមួយ ទីពីរ ធ្វើការចរចាដើម្បីបើកផ្លូវឲ្យប្រទេសអង់គ្លេស( Anglais) ដាណឺម៉ាក(Danemark) អៀកឡង់(Irlande) ហើយនិង ណ័រវ៉េ(Norvège) ចូលជាសមាជិក និងទីបី រិះរកមធ្យោបាយដែលនាំទៅរកអឺរ៉ុបនយោបាយ ឲ្យបានលឿនរហ័ស។
ហេតុអ្វី បានជានៅទីបំផុត បារាំងព្រមឲ្យអង់គ្លេសចូលជាសមាជិករបស់សហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE?
បារាំងដឹង ដឹងជាមុនថា អង់គ្លេសដែលស្និទ្ធនឹងអាមេរិក និងដែលប្រឆាំងនឹងចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ ច្បាស់ជាខ្ទប់នៅថ្ងៃមុខ មិនឲ្យអឺរ៉ុបនយោបាយ រីកលូតលាស់ទៅមុខបាន។
តែបារាំងអត់ជម្រើស ពីព្រោះប្រទេសសមាជិកអឺរ៉ុបដទៃដាក់សម្ពាធមកលើខ្លួនខ្លាំងពេក ទាមទារឲ្យទីក្រុង ប៉ារីស(Paris) ដកវេតូ(Veto) បើកទ្វារឲ្យអង់គ្លេសចូលមកក្នុងសហគមន៍ CEE។
អ៊ីចឹងហើយបាន ជាសហគមន៍សេដ្ឋកិច្ចអឺរ៉ុបរីកធំ ចាប់ពីឆ្នាំ១៩៧៣ទៅ ដោយមានសមាជិកបីបន្ថែម នោះគឺ អង់គ្លេស(Anglais) អៀកឡង់(Irlande) និង ដាណឺម៉ាក(Danemark)។ ប្រទេសក្រិច (Grèce) ក្លាយជាសមាជិក នៅឆ្នាំ ១៩៨១ អេស្ប៉ាញ(Espagne) និង ប៉ទុយហ្កាល់(Portugal) នៅឆ្នាំ ១៩៨៦។ ទន្ទឹមនឹងនេះ នៅឆ្នាំ ១៩៧៩ សហគមន៍ CEE សម្រេចឲ្យរៀបចំបោះឆ្នោតសភាអឺរ៉ុបជាសាកល ជាលើកទីមួយបង្អស់ និងឲ្យបង្កើតប្រព័ន្ធរូបិយវត្ថុរួមមួយ ដែលជាប្រភពដើមនៃប្រាក់អឺរ៉ូ សព្វថ្ងៃ។
នៅឆ្នាំ ១៩៨៦ សន្ធិសញ្ញាមួយថ្មីដែលភាសាបារាំងគេហៅថា អាខ់តេ អ៊ុយនិក(Acte Unique) គ្រោងលុបបំបាត់ចោលទាំងស្រុង ឧបសគ្គនៅសេសសល់ទាំងប៉ុន្មាន ដែលបង្កជាបញ្ហាមិនឲ្យទីផ្សាររួមតែមួយកើតចេញជារូបរាងបាន។
តែ អ្វីដែលសំខាន់ គឺការមូលមតិគ្នារវាងបណ្តាប្រទេសសមាជិកទាំងអស់ ថានឹងធ្វើឲ្យសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ក្លាយទៅជាសហភាពអឺរ៉ុប នាពេលខាងមុខ។ គោលដៅ នៃឯកសារ អាខ់តេ អ៊ុយនិក(Acte unique)នេះ គឺធ្វើឲ្យអឺរ៉ុបរួមដើរតួនាទីកាន់តែសំខាន់ នៅលើឆាកអន្តរជាតិ ដើម្បីជួយសម្រួលឲ្យពិភពលោកមានតុល្យភាពភូមិសាស្រ្តនយោបាយល្អ។
អ៊ីចឹង ហើយបានជាចាប់ពីឆ្នាំ ១៩៨៦មក បណ្តាប្រមុខរដ្ឋ និងបណ្តាប្រមុខរដ្ឋាភិបាលសមាជិកអឺរ៉ុបទាំងអស់ ចាប់ផ្តើមរួមប្រជុំគ្នាជាច្រើនដង ក្នុងមួយឆ្នាំៗ។ គឺជាការចាប់កំណើតឡើងនៃ ស្ថាប័នក្រុមប្រឹក្សាអឺរ៉ុប(Le Conseil d’Europe )ដែលគេអាចចាត់ទុកថា ជាអំណាចនីតិប្រតិបត្តិរបស់អឺរ៉ុប។ តាមរយៈស្ថាប័នក្រុមប្រឹក្សាអឺរ៉ុប បណ្តាប្រទេសសមាជិក ត្រួតពិនិត្យនិងក្តាប់យ៉ាងជាប់អភិក្រមនៃការបន្តកសាងអឺរ៉ុប ឲ្យក្លាយទៅដូចអ្វីដែលពួកគេចង់បាន ពោលគឺទុកឲ្យនៅជាអឺរ៉ុបសមាគមប្រជាជាតិ(Europe des Nations) សិន។
ក៏ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ វត្តមាននៃស្ថាប័នសហភាពអឺរ៉ុប ដែលប្រជាពលរដ្ឋអឺរ៉ុប នៅតាមប្រទេសសមាជិកនីមួយៗ ជាអ្នកបោះឆ្នោតតែងតាំងពួកអ្នកតំណាងរាស្រ្ត ជាសញ្ញាមួយដែលស្តែងឲ្យឃើញថា អឺរ៉ុបសហព័ន្ធន៍ ក៏កំពុងបោះជំហានទៅមុខសន្សឹមៗដែរ។ បានន័យថា ចាប់ពីឆ្នាំ ១៩៧៩ទៅ អឺរ៉ុបរួមមិនមែនជាអង្គការសេដ្ឋកិច្ចមួយសុទ្ធសាធ ដូចពីពេលមុនទៀតទេ។ ពីអំណើះតទៅ អឺរ៉ុបរួម មានលក្ខណៈនយោបាយកាន់តែច្បាស់ឡើងៗ ជាលំដាប់។
យ៉ាងណាក៏ដោយ នៅឆ្នាំ ១៩៨៩ អឺរ៉ុបរួមដើរមកដល់របត់មួយថ្មី។ ឆ្នាំ ១៩៨៩ ជាឆ្នាំដែលសេរីភាពបោកបក់ខ្លាំងទៅលើសហភាពសូវៀត និងទៅលើបណ្តាប្រទេស រណបសហភាពសូវៀត នៅអឺរ៉ុបខាងកើត។ រដ្ឋអំណាចនៅ មូសស្គូ(Moscou) បន្តអនុវត្តនយោបាយកែទម្រង់ប៉េរ៉េស្ត្រយកា (Perestroïka) បក្សប្រឆាំងឈ្នះឆ្នោតនៅ ប៉ូឡូញ(Pologne) ហុងគ្រី(Hongrie) បើកច្រកព្រំដែននៅខាងលិចប្រទេស។
តែហេតុការណ៍សំខាន់ គឺការដួលរលំនៃជញ្ជាំង ប៊ែរឡាំង(Berlin)។ ជញ្ជាំងប៊ែរឡាំង(Berlin) រលំ សង្គ្រាមត្រជាក់ត្រូវចប់ មនោគមវិជ្ជាកុម្មុយនិស្តរលាយ សហភាពសូវៀត ចាប់ផ្តើមត្រដរខ្យល់។
ព្រឹត្តិការណ៍លោតប្លោះលឿនរហ័សទាំងនេះ បង្កជាបញ្ហាដល់ការកសាងអឺរ៉ុប។ ជញ្ជាំងប៊ែរឡាំង (Berlin) រលំ បានន័យថា មិនយូរមិនឆាប់ អាល្លឺម៉ង់ខាងលិចនិងអាល្លឺម៉ង់ខាងកើត ត្រូវតែរួបរួមគ្នាជាប្រទេសតែមួយវិញ។ ប្រធានាធិបតីបារាំង ផ្វ្រង់សូ មីទែរហ្រង់(François Mitterrand) យល់ដឹងភ្លាមថា ប្រទេសអាល្លឺម៉ង់តែមួយ ធំជាងមុន និងខ្លាំងជាងមុន អាចធ្វើឲ្យអឺរ៉ុបរួមបាត់បង់តុល្យភាព និងអាចធ្វើឲ្យការកសាងអឺរ៉ុបគាំងដំណើរ នៅមួយកន្លែង។
នៅ ក្នុងបរិបទនេះ បារាំងនិងអាល្លឺម៉ង់យល់ឃើញថា មានតែការបង្កើនល្បឿនសមាហរ័ណកម្មនយោបាយទេ ដែលអាចជួយស្រោចស្រង់អឺរ៉ុបរួមឲ្យរួចពីគ្រោះថ្នាក់បាន។ គឺចាប់ពីឆ្នាំ ១៩៨៩នោះហើយ ដែលថ្នាក់ដឹកនាំអឺរ៉ុប ផ្តើមគិតគូរអំពីការបង្កើតប្រាក់អឺរ៉ូរួមមួយ។ គំនិតនេះក្លាយចេញជារូបរាង តាមរយៈសន្ធិសញ្ញា ម៉ាសទ្រិច(Maastricht) នៅឆ្នាំ១៩៩២ ។ គឺជាសន្ធិសញ្ញាដែលចែងពីសហភាពអឺរ៉ុបក្នុងនាមជាអឺរ៉ុបរួមនយោបាយ សេដ្ឋកិច្ច និង រូបិយវត្ថុ៕
ភាគ៣
[កែប្រែ]ជញ្ជាំងប៊ែរឡាំង(Berlin) រលំ បានន័យថា មិនយូរមិនឆាប់ អាល្លឺម៉ង់ខាងលិច និង អាល្លឺម៉ង់ខាងកើត គង់តែរួបរួមគ្នាជាប្រទេសតែមួយវិញ។ ម្ល៉ោះហើយ បានជាអឺរ៉ុប ពិសេសបារាំងភ័យខ្លាចប្រទេសអាល្លឺម៉ង់តែមួយ ធំជាងមុន និងខ្លាំងជាងមុន ធ្វើឲ្យអឺរ៉ុបរួមបាត់បង់តុល្យភាព។ ក៏ប៉ុន្តែផ្ទុយទៅវិញ នៅទីបំផុត ព្រឹត្តិការណ៍ជញ្ជាំងប៊ែរឡាំង(Berlin) រលំ បែរជាជួយផ្តល់សន្ទុះថ្មីដល់ការបន្តកសាងអឺរ៉ុបទៅវិញទេ។ ក្រោយពីសង្គ្រាមត្រជាក់បានរលត់បាត់ទៅ ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ ដែលជាក្បាលរទេះភ្លើងនៃអឺរ៉ុប សម្រេចបង្កើនល្បឿនសមាហរ័ណកម្ម ដើម្បីស្រោចស្រង់អឺរ៉ុបរួមឲ្យរួចពីគ្រោះថ្នាក់។ នៅក្នុងន័យនេះ តាមរយៈសន្ធិសញ្ញាម៉ាសទ្រិច(Maastricht) ឆ្នាំ១៩៩២ សហគមន៍សេដ្ឋកិច្ចអឺរ៉ុបCEE ដូរឈ្មោះជាសហភាពអឺរ៉ុប។
ក៏ប៉ុន្តែ ជញ្ជាំងប៊ែរឡាំង(Berlin)ដែលបានរលំ និងពីរឆ្នាំក្រោយមក សហភាពសូវៀតដែលបានរលាយក៏នាំបញ្ហាពីក្រៅមកបញ្ឆេះនៅខាងក្នុង សហភាពអឺរ៉ុបដែរ។ បញ្ហាពីក្រៅនេះ គឺសង្រ្គាមនៅយូហ្គោស្លាវី(Yougoslavie)។ អាល្លឺម៉ង់កាន់ជើងពួកក្រូអាត(Croates) រីឯបារាំងវិញមិនព្រមគាបសង្កត់ពួកសឺប(Serbes) តាមការស្នើសុំរបស់អាល្លឺម៉ង់។ មែនទែនទៅ អឺរ៉ុបរួមគ្មានជំហររួម នៅចំពោះមុខវិបត្តិយូហ្គោស្លាវី(Yougoslavie)។ ធ្ងន់ធ្ងរជាងនេះទៅទៀត អឺរ៉ុបរួមគ្មានទ័ពធ្វើអន្តរាគមន៍នៅក្នុងសង្រ្គាមមួយ ដែលកើតឡើង នៅចំមាត់ទ្វារផ្ទះរបស់ខ្លួនតែម្តង។ ហើយជាថ្មីម្តងទៀត គឺសហរដ្ឋអាមេរិកទេតើ ដែលនៅទីបំផុត បានមកពន្លត់ភ្លើងសង្រ្គាមយូហ្គោស្លាវី(Yougoslavie)នេះ។
គឺនៅក្នុងបរិបទ បែបនេះហើយ បានជាចាប់ពីដើមទសវត្សរ៍ទី៩០ទៅ ចាប់ផ្តើមមាន នៅក្នុងសហភាពអឺរ៉ុប អ្នកដែលមិនទុកចិត្ត មិនគាំទ្រ និងមាក់ងាយសហភាពអឺរ៉ុបច្រើនឡើងៗ ជាភាសាបារាំងគេហៅថា ពួកយូហ្រូសឺបទិក(Eurosceptiques)។
នៅក្រៅព្រំដែននៃសហភាពអឺរ៉ុបវិញ អ្វីៗក៏ផ្តើមប្រែប្រួលអស់រលីង៖ សហភាពសូវៀតរលាយ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចផ្តាច់មុខ ប្រទេសចិនអនុវត្តសេដ្ឋកិច្ចទីផ្សារដែលសឹងមានលក្ខណៈជាមូលធននិយម ព្រៃផ្សៃ។ បណ្តាប្រទេសអឺរ៉ុបខាងកើតដែលទើបបានរួចខ្លួនពីក្រញាំកុម្មុយនិស្ត និងពីឥទ្ធិពលសូវៀត មើលឃើញតែគំរូសហរដ្ឋអាមេរិក និងស្រឡាញ់តែសេរីនិយមរបៀបអាមេរិកាំង។ សេដ្ឋកិច្ចសង្គមទីផ្សារ Economie sociale du marché របស់សហភាពអឺរ៉ុបមិនទាក់ទាញចិត្តរបស់ពួកគេឡើយ។
ក៏ប៉ុន្តែ សហរដ្ឋអាមេរិកនៅឆ្ងាយពេក ជាហេតុធ្វើឲ្យបណ្តាប្រទេសអឺរ៉ុបខាងកើតអត់ជម្រើស ត្រូវតែមកគោះទ្វារសហភាពអឺរ៉ុប ដើម្បីសុំចូលជាសមាជិក។ អឺរ៉ុបខាងកើតដែលមកគោះទ្វារអឺរ៉ុបខាងលិច ជាប្អូនជីដូនមួយក្រីក្រ មានប្រវត្តិផ្សេងនិងចិត្តគំនិតផ្សេង។ សូម្បីតែអាល្លឺម៉ង់ខាងកើតក៏ប្លែកដែរ មិនដូចអាល្លឺម៉ង់ខាងលិចទេ។
យ៉ាងម៉េចក៏ដោយ សហភាពអឺរ៉ុបគ្មានជម្រើសអ្វីក្រៅពីបើកទ្វារ និងបើកដៃទទួលបណ្តាប្រទេសទាំងនេះតែប៉ុណ្ណោះ។ ពីព្រោះម្យ៉ាង សហភាពអឺរ៉ុបមិនស្រួលចិត្ត មានអារម្មណ៍មិនល្អ ដោយបានបោះបង់ចោលបណ្តាប្រទេសអឺរ៉ុបខាងកើតទាំងនេះឲ្យនៅរងទុក្ខ ក្រោមនឹមកុម្មុយនិស្តរបស់សហភាពសូវៀត ជិតកន្លះសតវត្សរ៍។ ពីព្រោះម្យ៉ាងទៀត សន្ធិសញ្ញាទាំងប៉ុន្មានដែលស្តីពីការកសាងអឺរ៉ុបរួម សុទ្ធតែបានគ្រោងទុកកន្លែងរង់ចាំទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត ពេលណាដែលប្រទេសទាំងអស់នេះរើបម្រះចេញរួចពីរបបផ្តាច់ការ។ និងពីព្រោះម្យ៉ាងចុងក្រោយ ដើម្បីសន្តិភាពនៅក្នុងទ្វីបអឺរ៉ុប សហភាពអឺរ៉ុបត្រូវតែដាច់ចិត្តទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត មកធ្វើជាសមាជិក។
អឺរ៉ុបខាងកើត ជាពិសេសអឺរ៉ុបកណ្តាល ជាតំបន់ពោរពេញទៅដោយអស្ថិរភាព ពីព្រោះព្រំដែននៃប្រទេសទាំងនេះ ត្រូវបានកាត់បែងចែកដោយសន្ធិសញ្ញាវ៉ាសៃ(Versailles) ក្រោយសង្គ្រាមលោកលើកទីមួយ ត្រូវបានសើរើមើលឡើងវិញ ដោយកតិកាសញ្ញាអាល្លឺម៉ង់-រុស្ស៊ី នៅសម័យដើមដំបូងនៃសង្រ្គាមលោកលើកទីពីរ និងក្រោយមក ត្រូវបានទុកឲ្យនៅជាស្តាទូ កូ(Statu quo) តាំងពីចប់សង្រ្គាមលោកលើកទីពីរមកម្ល៉េះ។ បានន័យថា សង្គ្រាម ដូចជាសង្គ្រាមនៅ យូហ្គោស្លាវី(Yougoslavie)ជាដើម អាចនឹងផ្ទុះឡើងគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងក្នុងតំបន់អឺរ៉ុបខាងកើត។ ម៉្លោះហើយ តាមរយៈការទទួលបណ្តាប្រទេសទាំងនេះឲ្យចូលជាសមាជិក សហភាពអឺរ៉ុបមានបំណងចង់ខ្ទប់កុំឲ្យសង្រ្គាមជាយថាហេតុ កើតឡើងទៀតបាន។
ក៏ប៉ុន្តែ ជាមួយនឹងបណ្តាសមាជិកថ្មីមកពីអឺរ៉ុបខាងកើត បញ្ហាថ្មីក៏កើតមានដែរនៅក្នុងសហភាពអឺរ៉ុប។ ទីមួយ ដូចបានលើកឡើងអំបាញ់មិញរួចហើយថា ប្រទេសទាំងនេះដែលទើបតែបានឈានជើងចេញពីរបបកុម្មុយនិស្ត ចង់បានណាស់សេដ្ឋកិច្ចសេរីនិយមបែបអាមេរិកាំង មិនយកទេ មិនចង់បានទេសេដ្ឋកិច្ចសង្គមទីផ្សារបែបសហភាពអឺរ៉ុប។ ទីពីរ ប្រទេសទាំងនេះ មិនចង់បានទេអឺរ៉ុបរួមនយោបាយ ពីព្រោះ ពួកគេដែលទើបតែបានចេញរួចពីកុម្មុយនិស្ត មានស្មារតីជាតិនិយមខ្លាំង ស្រឡាញ់បូរណភាពទឹកដី និងមិនចង់បាត់បង់អធិបតេយ្យ សោះឡើយ។ ទីបី ប្រទេសទាំងនេះនៅភ័យ នៅខ្លាចរុស្ស៊ី ត្រូវការឲ្យសហរដ្ឋអាមេរិកការពារ ចង់ឋិតនៅក្រោមឆត្រសន្តិសុខអាមេរិកាំង ពីព្រោះសហភាពអឺរ៉ុបគ្មានកងទ័ពរួម គ្មានក្រសួងការពារអឺរ៉ុបរួម។
ម៉្លោះ ហើយ សមាជិកថ្មីមកពីអឺរ៉ុបខាងកើតនាំគ្នាងាកទៅរក[[អង្គការសន្ធិសញ្ញាអាត្លង់ទិច( Atlantique) ខាងជើង ហៅកាត់ថាអូតង់(OTAN)។
គឺនៅក្នុងបរិបទនៃបញ្ហា ទាំងបីខាងលើនេះហើយ ដែលសហភាពអឺរ៉ុបបង្កើនចំនួនប្រទេសសមាជិក ពង្រីកព្រំដែនសំដៅទៅទិសខាងកើត៕
ភាគ៤
[កែប្រែ]ជញ្ជាំងប៊ែរឡាំង (Berlin) រលំ និងសហភាពសូវៀតរលាយ នាំមកនូវបញ្ហាជាច្រើនដល់ការកសាងអឺរ៉ុបរួម ធ្វើឲ្យថ្នាក់ដឹកនាំអឺរ៉ុប ជាពិសេសថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់ល្វីងមុខ។ ក៏ប៉ុន្តែ នៅទីបំផុត ព្រឹត្តិការណ៍ធំៗទាំងនេះ បែរជាជួយផ្តល់សន្ទុះថ្មីដល់ដំណើរសមាហរ័ណកម្មនយោបាយអឺរ៉ុប ទៅវិញ។ សន្ធិសញ្ញាចំនួនពីរបន្ថែម គឺសន្ធិសញ្ញាម៉ាសទ្រិច(Maastricht) នៅឆ្នាំ ១៩៩២ និងសន្ធិសញ្ញាអាមស្តឺដាម(Amsterdam) នៅឆ្នាំ១៩៩៧ ជម្រុញអឺរ៉ុបរួម ឲ្យបោះជើងដើរទៅមុខយ៉ាងលឿន។ សហគមន៍សេដ្ឋកិច្ចអឺរ៉ុប ដូរឈ្មោះជាសហភាពអឺរ៉ុប។
មិនតែប៉ុណ្ណោះ ពីអំណើះតទៅ សហភាពអឺរ៉ុបទទួលស្គាល់លក្ខន្តិកៈរបស់ពលរដ្ឋអឺរ៉ុប។ បានន័យថា ពលរដ្ឋអឺរ៉ុបគ្រប់រូបមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអឺរ៉ុបនិងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងប្រទេសអឺរ៉ុបណាដែលខ្លួនរស់នៅ។ ឧទាហរណ៍ ជនជាតិអង់គ្លេសដែលរស់នៅក្នុងប្រទេសបារាំង មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសរើសអ្នកតំណាងរាស្ត្រអឺរ៉ុប នៅលើទឹកដីបារាំងផ្ទាល់តែម្តង។
តែអ្វីដែលមានលក្ខណៈ បដិវត្តន៍ខ្លាំងនោះ គឺសហភាពអឺរ៉ុប ជាអឺរ៉ុបរួមសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយ។ នៅក្នុងន័យនេះ នៅថ្ងៃទី១មករាឆ្នាំ២០០២ សមាជិកអឺរ៉ុបចំនួន១២ប្រទេស មូលមតិគ្នាទទួលយកប្រាក់អឺរ៉ូមកប្រើប្រាស់។ ទន្ទឹមជាមួយគ្នានេះ សហភាពអឺរ៉ុបក៏ផ្តើមចាក់គ្រឹះនយោបាយការបរទេសរួមមួយ និងផ្តើមពង្រីកអំណាចរបស់ខ្លួនដែរ។
សហភាពក៏ត្រូវការសើរើមើល ឡើងវិញដែរ បែបបទនៃដំណើរការស្ថាប័នអឺរ៉ុប ពីព្រោះជាមួយការបើកទ្វារទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត ចំនួនសមាជិករបស់សហភាពកើនឡើងពី១៥ ទៅ២៥ និង រួចហើយ ពី២៥ទៅ២៧។ អ៊ីចឹងហើយ បានជានៅខែកុម្ភៈឆ្នាំ ២០០១ បារាំងរៀបចំសន្និសីទអន្តររដ្ឋាភិបាលមួយនៅទីក្រុង នីស(Nice) និងតុបតែងសន្ធិសញ្ញាមួយឡើង ដែលនៅទីបំផុតត្រូវសមាជិកសំខាន់ៗច្រានចោល។ មូលហេតុគឺ មកពីសន្ធិសញ្ញាទីក្រុង នីស(Nice) ផ្តល់អំណាចខ្លាំងពេកដល់ប្រទេសសមាជិកមួយចំនួនដែលមានទំហំធំ និងប្រជាជនច្រើនដូចយ៉ាង ប៉ូឡូញ(Pologne) និង អេស្ប៉ាញ(Espagne)។ នៅពេលនោះហើយ ដែលជាលើកទីមួយបង្អស់ សភាអឺរ៉ុបចេញមុខស្នើ រដ្ឋាភិបាលប្រទេសសមាជិកទាំងអស់ ឲ្យស្រុះស្រួលគ្នាបង្កើតក្រុមការងារមួយទទួលបន្ទុកខាងតាក់តែង រដ្ឋធម្មនុញ្ញអឺរ៉ុប រដ្ឋធម្មនុញ្ញអឺរ៉ុបដែលនឹងត្រូវអនុញ្ញាតឲ្យសហភាពមានដំណើររលូនទៅ មុខល្អ។
ឆ្នាំ ២០០៥ ជាឆ្នាំនៃការតស៊ូមតិយ៉ាងផុសផុលនៅក្នុងសហភាពអឺរ៉ុប ជុំវិញរដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយពីបានតាក់តែងរួចហើយ រដ្ឋធម្មនុញ្ញនេះត្រូវទទួលសច្ចាប័នពីសំណាក់ប្រទេសសមាជិកនីមួយៗសិន មុននឹងអាចចូលជាធរមានបាន។ ប្រទេសបារាំងស្នើឲ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើសច្ចាប័ន តាមរយៈការបោះឆ្នោតប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់តែនៅខែឧសភាឆ្នាំ២០០៥ ប្រជាពលរដ្ឋបារាំងច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប ជាហេតុធ្វើឲ្យអភិក្រមនៃការបន្តកសាងសហភាពអឺរ៉ុបគាំងដំណើរនៅមួយ កន្លែង សាជាថ្មីម្តងទៀត។
ជារួម ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប តាំងពីចប់សង្គ្រាមលោកលើកទីពីរ មកទល់ពេលនេះ គឺជាប្រវត្តិនៃការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រចក្ខុនិមិត្ត នៃអឺរ៉ុបសហព័ន្ធ Europe fédérale និងអ្នកគាំទ្រចក្ខុនិមិត្តនៃអឺរ៉ុបសមាគមប្រជាជាតិ Europe des Nations។ នៅត្រង់នេះ គេអាចនិយាយបានថា ៥០ឆ្នាំក្រោយសន្ធិសញ្ញាទីក្រុងរ៉ូម (Rome) សហភាពអឺរ៉ុបមិនមែនជាសហរដ្ឋអឺរ៉ុប ដូចគំរូនៃសហរដ្ឋអាមេរិកនៅឡើយទេ។ ហើយវាក៏មិនមែនជាសហព័ន្ធន៍មួយ ដូចសហព័ន្ធន៍ ស្វ៊ីសសេ(Suisse) ឯណា។ សហភាពអឺរ៉ុប គ្រាន់តែជាសហភាពនៃបណ្តារដ្ឋឯករាជ្យចំនួន ២៧ ដែលមកទល់ពេលនេះ នៅមិនទាន់ដាច់ចិត្តបង្កើតអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យរួម គ្នាមួយនៅឡើយ។
គេក៏មិនត្រូវបំភ្លេចទេ មូលហេតុដើមដែលបានជម្រុញថ្នាក់ដឹកនាំទាំងអស់ ឲ្យចាប់ដៃគ្នាបង្កើតអឺរ៉ុបរួម។ មូលហេតុនោះ គឺចៀសវាងកុំឲ្យសង្គ្រាម ដូចសង្គ្រាមលោកលើកទីមួយ និងសង្រ្គាមលោកលើកទីពីរកើតឡើង នៅទ្វីបអឺរ៉ុបទៀត។ ចំណុចមួយទៀត ដែលគួរចងចាំ គឺបារាំងនិងអាល្លឺម៉ង់ ជាក្បាលរទេះភ្លើងដែលអូសទាញឲ្យអភិក្រមនៃការកសាងសហភាពអឺរ៉ុប បោះពួយទៅមុខ។
តទៅថ្ងៃមុខ សហភាពអឺរ៉ុប ប្រហែលជាគ្មានជម្រើសអ្វីក្រៅពីបង្កើនល្បឿនសមាហរ័ណកម្ម ផ្នែកនយោបាយរួមនិងផ្នែកការពារអឺរ៉ុបរួមនោះទេ។ ពីព្រោះប្រទេសអឺរ៉ុបមួយណាក៏ដោយដែលនៅដាច់តែឯង ទោះជាបារាំង អង់គ្លេសឬអាល្លឺម៉ង់ក៏ដោយ គ្មានទម្ងន់ទេ ទឹកមាត់មិនប្រៃទេ នៅចំពោះមុខសហរដ្ឋអាមេរិកឬប្រទេសចិន។ ក៏ប៉ុន្តែ គេក៏ត្រូវដឹងដែរថា ចាប់ពីពេលនេះទៅ ការបន្តកសាងអឺរ៉ុបរួម ជាការមួយពិបាកឡើងៗ។ពីព្រោះ ពី៦ប្រទេសនៅក្នុងអតីតកាល អឺរ៉ុបបានកើនដល់ទៅ២៧ប្រទេស ក្នុងបច្ចុប្បន្នកាលនិងប្រហែលដល់ទៅ៣០ប្លាយប្រទេស នៅអនាគតកាល។
សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការយល់ព្រមជាឯកច្ឆ័ន្ទពីសំណាក់សមាជិកទាំងអស់ ។ ឲ្យតែមាន វេតូ(Veto) ប្រឆាំងពីប្រទេសណាមួយបរាជយ័នឹងមកដល់ភ្លាម៕
ភាគ៥
[កែប្រែ]ឆ្នាំ២០០៧ ជាឆ្នាំដែលអភិក្រមនៃការកសាងអឺរ៉ុបរួម ត្រូវរាំងស្ទះនៅមួយកន្លែង។ ក៏ប៉ុន្តែ ផ្ទៃមេឃនៃសហភាពអឺរ៉ុបចាប់ផ្តើមស្រឡះឡើងវិញ បន្តិចម្តងៗ តាំងពីឆ្នាំ២០០៨មក។ តើហេតុអ្វី? ឆ្នាំ២០០៧ ជាឆ្នាំមួយសែនពិបាកសម្រាប់សហភាពអឺរ៉ុប ដែលត្រូវគាំងដំណើរ នៅមួយកន្លែង។ រដ្ឋធម្មនុញ្ញអឺរ៉ុបមិនអាចចូលជាធរមានបាន ពីព្រោះមិនបានទទួលសច្ចាប័ន ពីសំណាក់បណ្តាសមាជិកទាំងអស់។ ១៥ប្រទេសបានទទួលច្បាប់កំពូលនេះ ប្រទេស ២បានច្រានចោល រីឯសមាជិកដទៃទៀតមិនបានចាត់ចែងកោះប្រជុំសភា ឬរៀបចំធ្វើប្រជាមតិដើម្បីឲ្យសច្ចាប័នអ្វីឡើយ ពីព្រោះចង់ឬមិនចង់ រដ្ឋធម្មនុញ្ញអឺរ៉ុបបានស្លាប់បាត់ទៅហើយ។
ក៏ ប៉ុន្តែ យ៉ាងណាក៏ដោយសហភាពអឺរ៉ុបបន្តត្រដររស់។ រ៉ូម៉ានី(Roumanie) និង ប៊ុលហ្ការី(Bulgarie) បានចូលជាសមាជិក ធ្វើឲ្យអឺរ៉ុប ២៥ប្រទេសក្លាយជាអឺរ៉ុប ២៧ប្រទេស។ អឺរ៉ុបបន្តរស់ តែដើរអូសជើងតាំងពីឆ្នាំ ២០០៥មកម្ល៉េះ។ ពីព្រោះ ក្បាលរទេះភ្លើងអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់និងប្រទេស បារាំងឈប់ដំណើរការ។
នៅអាល្លឺម៉ង់ លោកស្រីអេនជេឡា មែរឃែល](Angela Merkel) ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ជាប់រវល់សម្រួលទំនាក់់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្រោយពីប្រទេសទាំងពីរបានបែរខ្នងដាក់គ្នាអស់ពីរ បីឆ្នាំ ព្រោះតែសង្រ្គាមអ៊ីរ៉ាក់(Irak)។ បារាំងវិញ ក្រពុលមុខខ្លាំង ដោយហេតុតែប្រជាពលរដ្ឋរបស់ខ្លួនបានច្រានចោលរដ្ឋធមនុញ្ញអឺរ៉ុប នៅឆ្នាំ២០០៥ ហើយដោយហេតុតែនៅឆ្នាំ២០០៧ ប្រទេសបារាំងត្រូវជាប់រវល់បោះឆ្នោត[ប្រធានាធិបតី]]ថែមទៀត ម្ល៉ោះហើយគ្មានពេលគិតគូរពីសហភាពអឺរ៉ុបឡើយ។
នៅឆ្នាំ២០០៧ ដដែលនោះ ក៏មានដែរបញ្ហានៅក្នុងបណ្តាប្រទេសសមាជិកដែលចេញពីអឺរ៉ុបខាងកើត។ ប្រទេសប៉ូឡូញ(Pologne) ដែលដឹកនាំដោយបងប្អូនបង្កើតពីរនាក់ ម្នាក់ជាប្រធានាធិបតី ម្នាក់ទៀតជានាយករដ្ឋមន្រ្តី ខ្លាចរុស្ស៊ី(Russie) និងមិនទុកចិត្តអាល្លឺម៉ង់(Allemand )ហើយចង់ស្និតស្នាល
ជាមួយសហរដ្ឋ អាមេរិក។ ប្រទេសឆិក(Tchèque)វិញ ក៏មានជំហរដូចប្រទេសប៉ូឡូញ(Pologne)អ៊ីចឹងដែរ។ ការពិតប្រទេសទាំងពីរនេះប្រកាន់ឫកពាជាអ្នកជាតិនិយម មិនចង់បានទេសមាហរ័ណកម្មខ្លាំងពេកទៅក្នុងសហភាពអឺរ៉ុប។ ក្រៅពីនេះកិច្ចចរចាជាមួយប្រទេសតួគី(Turquie) ដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុបចោទជាបញ្ហា ពីព្រោះមានការប្រឆាំងពីសំណាក់សមាជិកខ្លះ និងការគាំទ្រពីសំណាក់សមាជិកខ្លះទៀត។ ទន្ទឹមជាមួយគ្នានេះ ប៉ូឡូញ(Pologne) និង លីតួនី(Lituanie) ចេះតែជម្រុញឲ្យសហភាពអឺរ៉ុបទទួលប្រទេសអ៊ុយក្រែន](Ukraine)មកធ្វើជាសមាជិក។ ក៏ប៉ុន្តែ សហភាពអឺរ៉ុបស្ទាក់ស្ទើរ ព្រោះខ្លាចរុស្ស៊ី(Russie) អន់ចិត្ត។ ប្រទេសអ៊ុយក្រែន(Ukraine)ខ្លួនឯង ក៏អល់អែកដែរ ម្តងចង់ម្តងមិនចង់ចូលជ្រកក្រោមដំបូលអឺរ៉ុបរួម។ ទាំងនេះ ស្តែងឲ្យឃើញថា ពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៧ សហភាពអឺរ៉ុបទៅមុខមិនរួច គ្មានជំហររួម និងអត់ទម្ងន់នៅលើឆាកអន្តរជាតិ។
យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំចុងឆ្នាំ២០០៨ទៅ ផ្ទៃមេឃនៃសហភាពអឺរ៉ុបចាប់ផ្តើមស្រឡះឡើងវិញបន្តិចម្តងៗ ដោយសារតែប្រទេសបារាំង។ ប្រទេសបារាំង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីថ្មីនីកូឡា សាកកូហ្ស៊ី(Nicolas Sarkozy) ផ្តួចផ្តើមតាក់តែងសន្ធិសញ្ញាមួយថ្មី ដើម្បីជំនួសរដ្ឋធម្មនុញ្ញអឺរ៉ុបឆ្នាំ២០០៥ដែលត្រូវបានបោះបង់ចោល ដោយហេតុតែពលរដ្ឋ ឬសភានៃប្រទេសសមាជិកខ្លះមិនព្រមឲ្យសច្ចាប័ន។
សន្ធិសញ្ញា ថ្មីនេះ អនុម័តនៅទីក្រុងលីស្ប៊ន(Lisbonne) នៅថ្ងៃទី១៣ធ្នូឆ្នាំ២០០៧ និងចូលជាធរមាននៅថ្ងៃទី១ធ្នូឆ្នាំ២០០៩ មានគោលដៅផ្តល់សន្ទុះថ្មីដល់ការបន្តកសាងអឺរ៉ុបរួម។ ជាក់ស្តែង សិទ្ធិប្រើសំលេងគាំទ្រ(Véto) ពីសំណាក់បណ្តាប្រទេសសមាជិកដើម្បីខ្ទប់សេចក្តីសម្រេចចិត្តរួម ផ្សេងៗត្រូវបានកាត់បន្ថយ ហើយពីអំណើះតទៅប្រទេសមួយណាក៏ដោយមានសិទ្ធិដកខ្លួនគ្រប់ពេលវេលា ចេញពីសហភាពអឺរ៉ុប។
សន្ធិសញ្ញាទីក្រុងលីស្ប៊ន(Lisbonne) ក៏មានគោលដៅពង្រឹងអំណាចរបស់សហភាពអឺរ៉ុប នៅលើឆាកអន្តរជាតិដែរ ដោយចង់ឲ្យអឺរ៉ុបមានសំឡេងរួមគ្នាតែមួយនៅក្នុងពិភពលោក តាមរយៈការបង្កើតតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប និងការបង្កើតតំណែងឧត្តមតំណាងនៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការ បរទេស និងសន្តិសុខ។
ក៏ប៉ុន្តែ តាំងពីចុងឆ្នាំ២០០៨មកទល់ត្រីមាសទី១នៃឆ្នាំ២០១០នេះ ពួកអ្នកមិនទុកចិត្ត និងមើលស្រាលអឺរ៉ុប គឺពួកយូហ្រូសេបទិក(Eurosceptiques) ចាប់ផ្តើមស្តីបន្ទោសសហភាពអឺរ៉ុបជាថ្មីឡើងវិញ។ ម្យ៉ាង គឺមកអំពីក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងកូផេនហាខ(Copenhague) ក្នុងខែធ្នូឆ្នាំ២០០៩ទឹកមាត់របស់អឺរ៉ុបមិនប្រៃ នៅចំពោះមុខសហរដ្ឋអាមេរិក និងប្រទេសចិន។ ម្យ៉ាងទៀត គឺមកអំពីតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុបត្រូវបាន ប្រគល់ទៅឲ្យជនជាតិប៊ែលហ្ស៊ិក(Belgique) ហឺម៉ាន់ វ៉ាន់ រ៉ូមភុយ(Herman Van Rompuy) ដែលគ្មានបុគ្គលិកលក្ខណៈខ្លាំង និងដែលគ្មានកិត្តិនាម នៅលើឆាកអន្តរជាតិ។ រីឯមូលហេតុចុងក្រោយដែលធ្វើឲ្យគេពិបាកជឿទៅលើឥទ្ធិពលរបស់អឺរ៉ុប គឺអវត្តមាននៃសកម្មភាពរួមរបស់អឺរ៉ុប ដើម្បីជួយសង្គ្រោះប្រជាជនហៃទី(Haïti) ក្រោយគ្រោះរញ្ជួយដី នៅខែមករាកន្លងទៅនេះ។
ចង់ឬមិនចង់ ទ្វីបអឺរ៉ុបទាំងមូល និងសហភាពអឺរ៉ុបដាច់ដោយឡែក លែងជាដង្ហើមនៃពិភពលោកទៀតហើយ។ ពាក្យស្លោកដែលថា អ្នកណាក្តាប់អឺរ៉ុប អ្នកនោះក្តាប់ពិភពលោក មានន័យត្រឹមត្រូវល្អ រហូតដល់សម័យសង្រ្គាមលោកលើកទីពីរ។ វាក៏នៅមានន័យដែរ ក្នុងសម័យសង្រ្គាមត្រជាក់ នាពេលដែលសហរដ្ឋអាមេរិក និងសហភាពសូវៀត ដណ្តើមឥទ្ធិពលគ្នានៅគ្រប់ជ្រុងជ្រោយក្នុងពិភពលោក ពិសេសនៅលើទ្វីបអឺរ៉ុបតែម្តង។
ក៏ប៉ុន្តែ ក្រោយសង្រ្គាមត្រជាក់ ពិភពលោកបែកចេញជាច្រើនពូល(Pôles) មិនមែនមាន(Pôles)ភូមិសាស្រ្តនយោបាយតែពីរ ដូចពីពេលមុនទៀតទេ។ នៅក្នុងបរិបទនេះ សហភាពអឺរ៉ុបចោទសួរខ្លួនឯងថា តើត្រូវបន្តពឹងពាក់ឲ្យអាមេរិកជួយការពារខ្លួន ដូចក្នុងសម័យសង្រ្គាមត្រជាក់ ឬក៏ត្រូវគិតគូរបង្កើតកងទ័ពអឺរ៉ុបរួមមួយ ដើម្បីការពារខ្លួនឯង និងដើម្បីចេញទៅធ្វើអន្តរាគមន៍នៅលើទីសមរភូមិនាៗ ក្នុងពិភពលោក ក្នុងនាមជាមហាអំណាច]មួយនឹងគេដែរឬទេ?
តើត្រូវបង្កើតអឺរ៉ុប សហព័ន្ធន៍Europe fédérale ឬអឺរ៉ុបសមាគមប្រជាជាតិ Europe des Nations?
ចក្ខុនិមិត្ត ទាំងពីរនេះ នាំមកនូវការយល់ឃើញផ្សេងគ្នាអំពីតួនាទីរបស់សហភាពអឺរ៉ុប នៅក្នុងលោក។ នៅម្ខាង អឺរ៉ុបសហព័ន្ធន៍ មានមហិច្ឆតាក្លាយជាមហាប្រទេសអឺរ៉ុបតែមួយ ដែលចាំបាច់ត្រូវតែដើតួនាទីជាមហាអំណាច ដូចសហរដ្ឋអាមេរិក ឬក៏ប្រទេសចិនសព្វថ្ងៃ។ នៅម្ខាងទៀត អឺរ៉ុបសមាគមប្រជាជាតិ គ្រាន់តែចង់ឲ្យបណ្តាប្រទេសសមាជិកសាមគ្គីគ្នាដើម្បីការពារ អារ្យធម៌អឺរ៉ុប ការពារគំរូអភិឌ្ឍន៍មួយ ដោយមិនចាំបាច់យកចិត្តទុកដាក់ ទៅលើការប្រែប្រួលនយោបាយឬភូមិសាស្រ្តនយោបាយនៅក្នុងពិភពលោកអ្វីទេ ពីព្រោះគិតគូរអំពីរឿងទាំងអស់នេះ គឺជាភារកិច្ចផ្ទាល់របស់ប្រទេសសមាជិកនីមួយៗរៀងៗខ្លួន។
អឺរ៉ុបកំពុងស្វែងរកចក្ខុនិមិត្តភូមិសាស្រ្តនយោបាយរួមគ្នាមួយ
[កែប្រែ]តើនៅក្នុងពិភពលោកសព្វថ្ងៃ ផលប្រយោជន៍របស់សហភាពអឺរ៉ុបឋិតនៅទីណា? តើសហភាពអឺរ៉ុប ត្រូវប្រកាន់ឥរិយាបថបែបណា នៅចំពោះមុខអាមេរិក អាស៊ី អាហ្វ្រិក ឬភូមិភាគដើមបូព៌ា?
សហភាពអឺរ៉ុប គ្មានចក្ខុនិមិត្តភូមិសាស្រ្តនយោបាយរួមគ្នាមួយទេ។ ពីព្រោះ ប្រទេសអឺរ៉ុបធំៗនីមួយៗ ដូចយ៉ាងអាល្លឺម៉ង់បារាំងនិងអង់គ្លេសមានចក្ខុនិមិត្ត ភូមិសាស្រ្តនយោបាយរៀងៗខ្លួនរបស់គេ ដែលបន្សល់មកពីអតីតកាល។ អង់គ្លេសជាមហាអំណាចជើងទឹក អាល្លឺម៉ង់ជាមហាអំណាចជើងគោក បារាំងវិញមានមហិច្ឆតាពិភពលោក។
ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបធូរចិត្ត ដោយសារតែសង្គ្រាមត្រជាក់បានចប់ និងដោយសារតែអស់មានការប្រទាញប្រទង់គ្នានៅក្នុងទ្វីបអឺរ៉ុប។ អ៊ីចឹងហើយ បានជាសហភាពអឺរ៉ុបគេងសុបិន សុបិនចង់បានពិភពលោកមួយដែលមានក្តីសុខ សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ សុបិនដ៏ល្អនេះបានរលាយបាត់ទៅតាំងពីមានមហា]]ភេរវកម្ម]]ថ្ងៃទី១១ កញ្ញាឆ្នាំ២០០១ និង តាំងពីសង្គ្រាមអាមេរិកាំងនៅអៀរ៉ាក់បានផ្ទុះឡើងនៅឆ្នាំ២០០៣ សង្រ្គាមដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ។
ម្ល៉ោះហើយ បានជាចាប់ពីឆ្នាំ២០០៣នោះមក ស្រាប់តែមានការប្រឈមមុខគ្នាខ្លាំង នៅក្នុងសហភាពរ៉ុប រវាងចក្ខុនិមិត្តពីរ។ នៅម្ខាង មានបណ្តាប្រទេសអឺរ៉ុបដែលចង់បានពិភពលោកមួយពហុប៉ូល(multipolaire)។ គឺជាចក្ខុនិមិត្តដែលលើកស្ទួយជាអាទិ៍ដោយប្រទេសបារាំង។ នៅម្ខាងទៀត មានបណ្តាប្រទេសអឺរ៉ុបដែលចង់បានពិភពលោកមួយឯកតោប៉ូល(Unipolaire)ដឹក មុខដោយបស្ចិមលោក ពោលគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ គឺជាចក្ខុនិមិត្តដែលគាំទ្រដោយប្រទេសអង់គ្លេស។
យ៉ាងណាក៏ដោយ សង្គ្រាមអៀរ៉ាក់បានបំផុសឲ្យមានការតស៊ូមតិមួយយ៉ាងស្វិតស្វាញ នៅក្នុងសហភាពអឺរ៉ុប ជុំវិញទំនាក់ទំនងរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិក ជុំវិញតួនាទីនិងផលប្រយោជន៍របស់សហភាពអឺរ៉ុប នៅក្នុងពិភពលោក។
អឺរ៉ុប និងអាមេរិក មានគោលការណ៍ដូចគ្នា នោះគឺការធានាការពារលទ្ធិប្រជាធិបតេយ្យសេរី និង [[[សិទ្ធិមនុស្ស]]។ អឺរ៉ុបនិងសហរដ្ឋអាមរិក ក៏មានប្រវត្តិសាស្រ្តប្រទាក់គ្នាយ៉ាងស្និទ្ធដែរ។
គួរនិយាយ ថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក បានប្រសូតចេញពីគោលគំនិតដើមរបស់ទស្សនវិទូអឺរ៉ុប។ គួរនិយាយទៀតថា ក្រោយមកអាមេរិកបានមកជួយស្រោចស្រង់បណ្តាប្រទេសអឺរ៉ុបប្រជាធិបតេយ្យ ឲ្យរួចពីក្រញាំរបស់បណ្តាចក្រភពអំណាចផ្តាច់ការនៅអឺរ៉ុបកណ្តាល ឲ្យរួចផុតពីក្រញាំរបស់អាល្លឺម៉ង់ណាហ្ស៊ី(nazi) និងឲ្យរួចផុតពីក្រញាំរបស់សូវៀតកុម្មុយនិស្ត។
ក៏ប៉ុន្តែ សម្រាប់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសប្រទេសបារាំង កត្តានិងទិន្នន័យប្រវត្តិសាស្រ្តទាំងនេះ មិនអាចបង្ខំសហភាពអឺរ៉ុប ឲ្យចេះតែដើរតាមនិងចេះតែស្តាប់បង្គាប់សហរដ្ឋអាមេរិកនោះទេ។ បារាំងអះអាងថា អឺរ៉ុបត្រូវចេះស្និទ្ធស្នាលជាមួយអាមេរិក ហើយក៏ត្រូវចេះឃ្លាតចេញពីប្រទេសរៀមច្បងមួយនេះដែរ ពេលណាដែលកាលៈទេសៈទាមទារ។
សហភាពអឺរ៉ុប ត្រូវគិតគូរជាបឋមដល់ប្រយោជន៍របស់ខ្លួនដែលជួនកាល ផ្ទុយគ្នាស្រឡះពីប្រយោជន៍របស់អាមេរិក។ នេះជាការយល់ឃើញរបស់ប្រទេសបារាំង។ ជាក់ស្តែង សហភាពអឺរ៉ុបក៏ត្រូវយកចិត្តទុកដាក់ទៅលើប្រទេសរុស្ស៊ីដែរ។ ពីព្រោះស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ជាកត្តាចាំបាច់សម្រាប់ស្ថិរភាពរបស់បណ្តាប្រទេសអឺរ៉ុបខាងកើតដែលជា សមាជិកថ្មីថ្មោងរបស់សហភាពអឺរ៉ុប។
អឺរ៉ុបក៏ត្រូវចាប់អារម្មណ៍ ដែរ ទៅលើតំបន់[[]](Balkan) និងទៅលើបណ្តាអតីតសាធារណរដ្ឋសូវៀត ដូចជាម៉ូលដាវី(Moldavie) អ៊ុយក្រែន(Ukraine) បេឡារុស(Biélorussie)។ល។ ដែលសុទ្ធសឹងជាចំណុចរសើប អាចបង្កើតជាបញ្ហា រាលដាលចូលមកដល់ផ្ទៃក្នុងនៃសហភាពអឺរ៉ុបតែម្តង។
អាស៊ី ពិតមែនតែនៅឆ្ងាយពីអឺរ៉ុប ក៏ជាទ្វីបដែលសហភាពអឺរ៉ុបត្រូវខ្វល់ខ្វាយដែរដោយហេតុតែការប្រកួត ប្រជែងបំពាក់សព្វាវុធ និងការមើលមុខគ្នាមិនចំរវាងបណ្តាប្រទេសមហាអំណាចអាស៊ីមួយចំនួន។ ការលេចត្រដែតឡើងនៃប្រទេសចិន ការមិនចុះសម្រុងគ្នារវាងឥណ្ឌា និង ប៉ាគីស្តង់ មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង…ទាំងនេះសុទ្ធសឹងជារងើកភ្លើង ដែលអាចបង្កជាអគ្គិភ័យ ធ្វើឲ្យទ្វីបអាស៊ីឆេះសន្ធោសន្ធៅឡើង។
នៅ ចំពោះមុខការគំរាមកំហែងទាំងអស់នេះ សហភាពអឺរ៉ុបគ្មានមធ្យោបាយច្រើន និងឥទ្ធិពលខ្លាំងទេ តែអាចធ្វើសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក អាចជួយតម្រែតម្រង់អាមេរិកកុំឲ្យធ្វើខុសដូចនៅអៀរ៉ាក់ទៀត។
ភូមិភាគ ដើមបូព៌ាក៏ដូចគ្នាអ៊ីចឹងដែរ គឺជាតំបន់រសើប និងយុទ្ធសាស្រ្ត សម្រាប់សហភាពអឺរ៉ុប ពីព្រោះអឺរ៉ុបត្រូវការប្រេងកាតរបស់ភូមិភាគដើមបូព៌ា។ អឺរ៉ុបក៏ត្រូវឃ្លាំមើលតំបន់នេះឲ្យបានដិតដល់ដែរ ដោយហេតុតែបញ្ហាភេរវកម្ម និងដោយហេតុតែបញ្ហាដែលចោទឡើងដោយសហគមន៍អ៊ីស្លាម នៅក្នុងបណ្តាប្រទេសសមាជិកអឺរ៉ុបជាច្រើន ដូចនៅប្រទេសបារាំងជាដើម។ គោលដៅសំខាន់ គឺធ្វើឲ្យភូមិភាគដើមបូព៌ាមានស្ថិរភាពនិងស្គាល់លទ្ធិប្រជាធិបតេយ្យ។ នៅក្នុងតំបន់នេះ តួនាទីរបស់អឺរ៉ុបចាំបាច់ណាស់ តែវាក៏អាស្រ័យទៅលើសកម្មភាពទូតនិងយោធារបស់សហរដ្ឋអាមរិកដែរ។
ទ្វីប អាហ្វ្រិកវិញ ក៏ជាតំបន់យុទ្ធសាស្ត្រមួយដែរសម្រាប់អឺរ៉ុប។ អឺរ៉ុប មិនអាចបណ្តោយឲ្យអាហ្វ្រិកក្ររហាមអ៊ីចឹងតទៅទៀតបានទេ ដោយហេតុតែបញ្ហាមនុស្សធម៌ និងបញ្ហាអន្តោប្រវេសន៍។ ម្យ៉ាងវិញទៀត អាហ្រ្វិកក៏អាចនាំប្រយោជន៍មកឲ្យអឺរ៉ុបដែរ។ ចូរកុំភ្លេចថានយោបាយបារាំងនៅចំពោះមុខទ្វីបអាហ្រ្វិក បានផ្តល់ផលមិនតិចទេ ក្នុងនោះមានជាអាទិ៍ការគាំទ្រប្រទេសបារាំងពីសំណាក់បណ្តាប្រទេស អាហ្វ្រិក នៅលើវេទិការបស់អង្គការសហប្រជាជាតិ និងសារៈសំខាន់នៃភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក។ បើសិនជាអាហ្វ្រិកលូតលាស់ ភូមិភាគដើមបូព៌ាមានស្ថិរភាព រុស្ស៊ីនិងតំបន់បាល់កង់(Balkan)ឋិតថេរ
សម្បូណ៌សប្បាយ នោះសហភាពអឺរ៉ុបដែលឋិតនៅចំកណ្តាលដើមទ្រូងនៃដែនដីដ៏ធំល្វឹងល្វើយ នេះ នឹងច្បាស់ជាអាចទាញយកបានផលប្រយោជន៍មិនតិចទេ៕
ចំណុចខ្លាំង និងចំណុចខ្សោយរបស់សហភាពអឺរ៉ុបនៅលើពិភពលោក
[កែប្រែ]ឆ្នាំ២០០៣ ជាឆ្នាំដែលសហភាពអឺរ៉ុប ចាប់ផ្តើមជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរ។ សង្គ្រាមអាមេរិកាំងនៅអ៊ីរ៉ាក់(Irak) ធ្វើឲ្យអឺរ៉ុបរួមប្រេះឆា។ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី គាំទ្រអន្តរាគមន៍យោធារបស់អាមេរិក។ រីឯបារាំង និងអាល្លឺម៉ង់វិញប្រឆាំង។ ម្យ៉ាងវិញទៀត គឺនៅឆ្នាំ ២០០៣នោះហើយ ដែលសហភាពអឺរ៉ុបចាប់ផ្តើមទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត ជាហេតុធ្វើឲ្យចំនួនសមាជិកកើនពី ១៥ ទៅ២៥ប្រទេស នៅឆ្នាំ២០០៤ និងក្រោយមកទៀតពី ២៥ទៅ ២៧ប្រទេស។
វត្តមាននៃសមាជិកថ្មីទាំង អស់នេះ ធ្វើឲ្យសហភាពអឺរ៉ុបបែកបាក់គ្នា កាន់តែខ្លាំង នៅចំពោះមុខសង្គ្រាមអ៊ីរ៉ាក់(Irak) ពីព្រោះបណ្តាសមាជិកថ្មីចេញពីអឺរ៉ុបខាងកើតទាំងនេះ ដែលបានឋិត នៅក្នុងក្រញាំរបស់សហភាពសូវៀតជាច្រើនទសវត្សរ៍ បែរភ្លាមភ្លែតទៅស្និទ្ធស្នាលជាមួយអាមេរិក ដោយហេតុតែពួកគេនៅខ្លាចរុស្ស៊ី និងនៅមិនទុកចិត្តអាល្លឺម៉ង់។
អ៊ីចឹង ហើយ បានជាចាប់ពីឆ្នាំ២០០៣នោះមក សហភាពអឺរ៉ុបចោទសួរខ្លួនឯងខ្លាំងឡើងៗ ថា តើអ្វីទៅតួនាទីរបស់ខ្លួននៅក្នុងពិភពលោក។
មែនទែនទៅ សហភាពអឺរ៉ុបជាមហាអំណាចពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ មានប្រជាជនប្រមាណតែ ៥០០លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែ សហភាពអឺរ៉ុបបង្កើតបាន២៥%នៃផលិតផលក្នុងដុលរបស់ពិភពលោកទាំងមូល និងតំណាង២០%នៃពាណិជ្ជកម្មពិភពលោក។ មិនតែប៉ុណ្ណោះ តាំងពីឆ្នាំ២០០២មក ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបថ្លៃជាងប្រាក់ដុល្លាររបស់អាមេរិក។ ម្ល៉ោះហើយ ក៏ដូចសហរដ្ឋអាមរិកដែរ សហភាពអឺរ៉ុបមានមធ្យោបាយគ្រប់គ្រាន់ក្នុងការអនុវត្តមហិច្ឆតានយោបាយ ធំធេងនៅក្នុងពិភពលោក ឬយ៉ាងហោចណាស់ ក៏នៅក្នុងតំបន់បាល់កង់(Balkan) និងនៅក្នុងតំបន់ជុំវិញសមុទ្រមេឌីទែរនេ(Méditerranée)ដែរ។
ប្រសើរជាងនេះ ទៅទៀត មតិអន្តរជាតិចង់ឃើញសហភាពអឺរ៉ុបដើរតួនាទីកាន់តែសំខាន់ នៅក្នុងពិភពលោក ពីព្រោះសហភាពអឺរ៉ុបមានរូបភាពល្អ ត្រូវគេចាត់ទុកជាមហាអំណាចត្រជាក់ Soft power ដែលការពារពហុភាគីនិយម នៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ និងដែលឲ្យតម្លៃទៅលើសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសាមគ្គីធម៌ ព្រមទាំងអភិក្រមនៃការចរចា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
សហភាពអឺរ៉ុបមិនខ្វះទេ សមត្ថភាព និងមធ្យោបាយ តែខ្វះឆន្ទៈនយោបាយ។ បានន័យថា បណ្តាសមាជិក នៅតែគិតពីប្រយោជន៍របស់ប្រទេសគេរៀងៗខ្លួន ខ្លាំងជាងប្រយោជន៍របស់អឺរ៉ុបរួម។ ម្ល៉ោះហើយ នៅក្នុងសហភាពអឺរ៉ុប មិនទាន់អាចមានទៅកើតទេ ទីបញ្ជាការរួមតែមួយ។ ប្រទេសសមាជិកនីមួយៗ ជាអ្នកសម្រេចកិច្ចការនយោបាយរៀងៗខ្លួន ហើយរដ្ឋធានីបី មានទឹកមាត់ប្រៃជាងគេ និងទម្ងន់ខ្លាំងជាងគេ គឺទីក្រុងប៉ារីស(Paris)នៃប្រទេសបារាំង ទីក្រុងឡុង(Londres)នៃប្រទេសអង់គ្លេសនិងទីក្រុងប៊ែរឡាំង(Berlin)នៃប្រទេស អាល្លឺម៉ង់។
កង្វះឆន្ទៈនយោបាយរួម បណ្តាលឲ្យសហភាពអឺរ៉ុបខ្វះយុទ្ធសាស្ត្ររួម។ ជាច្រើនទសវត្សរ៍កន្លងមកហើយ ដែលគេបាន និងកំពុងបន្តនិយាយពីការបង្កើតកងទ័ពអឺរ៉ុបរួមមួយដែលអាចខ្លាំង ស្មើនឹងទ័ពអាមេរិកាំង។ ក៏ប៉ុន្តែ ដរាបណា បណ្តាប្រទេសសមាជិកទាំងអស់ នៅតែមិនទាន់ដាច់ចិត្តបោះបង់ចោលអធិបតេយ្យរៀងៗខ្លួនរបស់គេទេ ដរាបនោះនឹងនៅតែមិនអាចមានទៅកើតទេកងទ័ពអឺរ៉ុបរួម។ មិនតែប៉ុណ្ណោះ ប្រទេសសមាជិកអឺរ៉ុបនីមួយៗ ចាយប្រាក់តិចជាងសហរដ្ឋអាមេរិក នៅក្នុងវិស័យការពារជាតិ គឺប្រមាណ២,៥% នៃផលិតផលដុលក្នុងស្រុកសម្រាប់ប្រទេសបារាំង ក៏ដូចសម្រាប់ប្រទេសអង់គ្លេស និង១,៥%នៃផលិតផលដុលក្នុងស្រុកសម្រាប់ប្រទេសអាល្លឺម៉ង់ ទល់នឹង៤%នៃផលិតផលដុលក្នុងស្រុកសម្រាប់សហរដ្ឋអាមេរិក។
គ្មាន កងទ័ពរួម សហភាពអឺរ៉ុបគ្មានអំណាចនៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយ ដើម្បីមានទឹកមាត់ប្រៃនៅក្នុងពិភពលោក សហភាពអឺរ៉ុបក៏សម្រេចបង្កើតមុខតំណែងពីរសែនសំខាន់ តាមរយៈសន្ធិសញ្ញាទីក្រុងលីស្ប៊ន(Lisbonne) ឆ្នាំ២០០៧ នោះគឺតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប និងតំណែងឧត្តមតំណាងអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ។
ក៏ ប៉ុន្តែសម្រេចសម្រួចទៅ ស្រាប់តែបណ្តាប្រទេសសមាជិកអឺរ៉ុបទាំង២៧ ត្រូវរ៉ូវគ្នាតែងតាំងជាប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប ជនជាតិប៊ែលហ្ស៊ិក(Belgique)ម្នាក់ គឺលោក វ៉ាន់ រ៉ូមភុយ(Van Rompuy)។ គាត់មិនគ្រាន់តែជាមនុស្សម្នាក់ដែលគ្មានបុគ្គលិកលក្ខណៈប៉ុណ្ណោះ ទេ ដើម្បីអាចអង្គុយចរចាបានជាមួយលោកប្រធានាធិបតីអាមេរិកាំង ឬលោកប្រមុខរដ្ឋចិន ជាងនេះទៅទៀត គាត់ជាមនុស្សម្នាក់ដែលគ្មានអ្នកណាស្គាល់ឈ្មោះទៅទៀត នៅលើឆាកអន្តរជាតិ។ បានន័យថា នៅទីបំផុត បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអឺរ៉ុបនៅតែមិនព្រមប្រគល់អំណាចទៅឲ្យអ្នកណា ម្នាក់ដើម្បីនិយាយជំនួស ឬចរចាជំនួសពួកគេទេ នៅលើឆាកអន្តរជាតិ។
ចំណុច ខ្សោយមួយទៀតរបស់សហភាពអឺរ៉ុប គឺសន្ទុះសេដ្ឋកិច្ចមិនខ្លាំងនិងមិនលឿនរហ័សតាំងពីទសវត្សរ៍ទី៩០ មកម៉្លេះ បើប្រៀបធៀបទៅនឹងសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងរបស់ចិន។ សេដ្ឋកិច្ចរបស់អឺរ៉ុបរឹងរឹតតែខ្សោយ តាំងពីមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០០៨មក។
បើនិយាយ ពីប្រជាសាស្រ្តវិញ ប្រជាជនអឺរ៉ុបដែលមានវ័យកាន់តែចាស់ ចោទជាបញ្ហាជុំវិញការរកប្រាក់មកចិញ្ចឹមអ្នកចូលនិវត្តន៍ ចោទជាបញ្ហាជុំវិញតុល្យភាពនៅក្នុងសង្គម និងអាចធ្វើឲ្យគ្រឹះនៃភាពចំរុងចំរើន ព្រមទាំងគ្រឹះនៃអារ្យធម៌អឺរ៉ុបរង្គោះរង្គើ។
និយាយសរុបមកវិញ ដើម្បីពង្រឹងពង្រីកសមត្ថភាព និងសកម្មភាពរួមរបស់ខ្លួន នៅលើឆាកអន្តរជាតិទៅបាន អឺរ៉ុបត្រូវកំណត់ឲ្យច្បាស់លាស់ជាមុនសិនមហិច្ឆតារួមរបស់ខ្លួន។ តើបណ្តាប្រទេសអឺរ៉ុបចង់ក្លាយជាសហព័ន្ធន៍ ក្នុងគោលដៅដើរតួនាទីជាមហាអំណាចនយោបាយ និងយោធាដូចសហរដ្ឋអាមេរិកដែរឬទេ ឬមួយក៏គ្រាន់តែចង់រួបរួមគ្នាជាសមាគមប្រជាជាតិមួយដើម្បីបង្កើន ប្រយោជន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ?
ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក
[កែប្រែ]ដូចដែលធ្លាប់បានលើកឡើងរួចហើយថានៅឆ្នាំ២០០៣ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក មើលមុខគ្នាមិនចំ។ មូលហេតុ គឺមកពីអាមេរិកធ្វើសង្គ្រាមនៅអ៊ីរ៉ាក់(Irak) ហើយធ្វើឲ្យអឺរ៉ុបប្រេះឆាគ្នា។ អង់គ្លេស(Anglais) អេស្ប៉ាញ(Espagne) និង អ៊ីតាលី(Italie) គាំទ្រអន្តរាគមន៍យោធារបស់អាមេរិក រីឯបារាំងនិងអាល្លឺម៉ង់(Allemand) វិញប្រឆាំង។ ម្យ៉ាងវិញទៀត គឺនៅឆ្នាំ២០០៣នោះហើយ ដែលសហភាពអឺរ៉ុប ត្រៀមខ្លួនទទួលបណ្តាប្រទេសអឺរ៉ុបខាងកើតឲ្យចូលជាសមាជិក។ បណ្តាប្រទេសសមាជិកថ្មីថ្មោងទាំងនេះ ដែលបានឋិតនៅក្រោមក្រញាំសហភាពសូវៀតជាច្រើនទសវត្សរ៍ នៅមិនទុកចិត្តរុស្ស៊ី ត្រូវការឲ្យអាមេរិកការពារពួកគេ ម្ល៉ោះហើយពួកគេនាំគ្នាទៅគាំទ្រភ្លាមភ្លែតសង្រ្គាមអាមេរិកនៅ អ៊ីរ៉ាក់(Irak)។ ទាំងនេះធ្វើឲ្យសហភាពអឺរ៉ុបបែកបាក់ប្រេះឆាគ្នាកាន់តែខ្លាំងនិង ធ្វើឲ្យអឺរ៉ុបនិងអាមេរិក កាន់តែមិនចុះសម្រុងគ្នា។
ប៉ុន្មាន ឆ្នាំក្រោយមក គឺនៅចុងឆ្នាំ២០០៨ សហរដ្ឋអាមេរិករបស់លោក ប៊ុស្ឆ(Bush) លែងអុងអាត់ លែងប្រកាន់យកជំហរឯកតោភាគីនិយម នៅលើឆាកអន្តរជាតិដូចពេលមុន ទៀតហើយ។ ពីព្រោះស្ថានភាពនៅអ៊ីរ៉ាក់(Irak) មិនប្រព្រឹត្តទៅ ដូចទីក្រុងវ៉ាស៊ីនតោន(Washington) បានគ្រោងទុកទេ ពីព្រោះជ័យជំនះ តាមរយៈការបោះឆ្នោតប្រជាធិបតេយ្យរបស់ចលនាអ៊ីស្លាមជ្រុលនិយមហាម៉ាស(Hamas) នៅដែនដីប៉ាឡេស្ទីន(Palestine) បានបើកភ្នែកលោក ប៊ុស្ឆ(Bush) ឲ្យយល់ថា គេមិនអាចបង្ខំភូមិភាគដើមបូព៌ាឲ្យទទួលយកលទ្ធិប្រជាធិបតេយ្យងាយៗ បានទេ។ អ៊ីចឹងហើយ បានជាអាមេរិករបស់លោក ប៊ុស្ឆ(Bush) មានចរិតស្លូតវិញ ស្លូតជាងនៅឆ្នាំ២០០៣ ដោយបានងាកមកឲ្យតម្លៃដល់ អ.ស.ប ជាអាទិ៍ក្នុងសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងរបស់អ៊ីរ៉ង់(Iran)។ នៅក្នុងបរិបទបែបនេះ អឺរ៉ុបនិងអាមេរិកក៏ខិតចូលជិតគ្នាវិញ។
ប៉ុន្តែ នៅឆ្នាំ២០០៨ ឆ្នាំដែលលោក ប៊ុស្ឆ(Bush)ជិតអស់អាណត្តិប្រធានាធិបតី ទោះជាទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបល្អប្រសើរជាងមុនក្តី ក៏នៅមានសល់ច្រើនណាស់មូលហេតុស្មុគស្មាញដែលបន្តធ្វើឲ្យភាគីទាំង ពីរមិនអាចស្និទ្ធស្នាលគ្នាបាន ដូចកាលសម័យសង្គ្រាមត្រជាក់បានឡើយ។ ជាបឋម នៅខាងសហភាពអឺរ៉ុប អឺរ៉ុបមិនយល់ឃើញនិងមិនធ្វើតាមអាមេរិកទេ នៅចំពោះមុខចលនាភេរវនិយម។ រដ្ឋការលោក ប៊ុស្ឆ(Bush) ធ្វើសង្រ្គាមប្រឆាំងភេរវកម្ម ដូចខ្លួនបានធ្វើសង្រ្គាមកំចាត់ពួកណាស៊ីអាល្លឺម៉ង់(Nazi Allemand) កាលសម័យសង្រ្គាមលោកលើកទីពីរ។ បានន័យថា ចំពោះអាមេរិករបស់លោក(Bush) ឲ្យតែជាភេរវជន គឺសុទ្ធតែជាពួកតំណាងសភាវៈអាក្រក់ទាំងអស់ ទោះជាអ្នកនោះជាអ្នកទាមទារផ្តាច់ទឹកដីនិយម ដូចពួកឆិចឆិចនី(Tchéchènes) ឬក៏ជាពួកសកម្មជនអាល់កៃដា(Al-Qaïda) តាងនាមឲ្យសាសនាអ៊ីស្លាមជ្រុលនិយមក៏ដោយ។ ម្យ៉ាងវិញទៀត អឺរ៉ុបក្តៅចិត្ត ដោយហេតុតែអាមេរិក ដែលជាជើងឯកនៃពិភពភាវូបនីយកម្ម ចេះតែបង្ខិតបង្ខំគេឯង ឲ្យទទួលចក្ខុនិមិត្តនៃទីផ្សារសេរីរបស់ខ្លួន ជាពិសេស នៅពេលចរចាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អូអឹមស៊ី(OMC)ម្តងៗ។
ចំណុច មួយទៀត ដែលអឺរ៉ុបមិនចុះសម្រុងជាមួយអាមេរិក គឺសុបិនរបស់លោក ប៊ុស្ឆ(Bush)ក្នុងការធ្វើឲ្យសន្តិភាពកើតឡើង នៅក្នុងភូមិភាគដើមបូព៌ា តាមរយៈការដាក់បន្តុបលទ្ធិប្រជាធិបតេយ្យឲ្យបណ្តាប្រទេសក្នុងតំបន់ នេះយកទៅអនុវត្ត គឺថាធ្វើហាក់បីដូចជាប្រទេសប្រជាធិបតេយ្យមិនចេះធ្វើសង្គ្រាម និងមានតែប្រទេសកាន់អំណាចផ្តាច់ការទេដែលចេះឈ្លោះប្រកែកគ្នា។
ក្រោយ មកទៀត អាមេរិករបស់លោក អូបាម៉ា(Obama) ចាប់ពីខែមករាឆ្នាំ២០០៩មក និងអឺរ៉ុបក៏នៅតែមិនអាចវិលមកស្និទ្ធស្នាលគ្នាខ្លាំងវិញ ដូចសម័យសង្គ្រាមត្រជាក់បានឡើយ។ ពីព្រោះ អាមេរិកនៅសតវត្សរ៍ទី២១នេះ លែងចាត់ទុកអឺរ៉ុបថា ជាតំបន់ភូមិសាស្រ្តនយោបាយមួយសំខាន់ទៀតហើយ។ រហូតមកដល់ឆ្នាំ១៩៩១ ឆ្នាំដែលសហភាពសូវៀតរលាយនិងសង្គ្រាមត្រជាក់ត្រូវចប់ អឺរ៉ុបជាដង្ហើមរបស់អាមេរិក។ ចូរកុំភ្លេចថា អាមេរិកបានមកជួយស្រោចស្រង់អឺរ៉ុបប្រជាធិបតេយ្យឲ្យរួចពីអំណាច ផ្តាច់ការនៃចក្រភពអឺរ៉ុបកណ្តាល មកជួយរំដោះអឺរ៉ុបឲ្យរួចពីក្រញាំអាល្លឺម៉ង់ណាស៊ី(Allemand nazi) និងមកជួយការពារអឺរ៉ុបប្រជាធិបតេយ្យប្រឆាំងនឹងសហភាពសូវៀត កុម្មុយនិស្ត។
ឥឡូវនេះ នៅឆ្នាំ២០១០ អាមេរិករបស់លោក អូបាម៉ា(Obama) បែរជាឲ្យតម្លៃទៅលើភូមិភាគដើមបូព៌ា និងអាស៊ី ជាងទៅលើអឺរ៉ុបទៅវិញ។ ឲ្យតម្លៃទៅលើអាស៊ី ដោយហេតុតែការលេចត្រដែតឡើងលឿនរហ័សនៃប្រទេសចិន។ ឲ្យតម្លៃទៅលើភូមិភាគដើមបូព៌ា ដោយហេតុតែជាជង្រុកនៃភេរវកម្ម និងជាចំណុចក្តៅគគុកជាងគេ នៃអស្ថិរភាពពិភពលោកសព្វថ្ងៃ។ ម្យ៉ាងវិញទៀត អាមេរិករបស់អូបាម៉ា(Obama) បែបមិនសង្ឃឹម មិនសង្ឃឹមថា សហភាពអឺរ៉ុបអាចក្លាយទៅជាមហាប្រទេសរួមគ្នាតែមួយ ដែលមានឥទ្ធិពលនយោបាយខ្លាំងក្លា អាចក្លាយជាគូប្រជែងឬជាដៃគូរបស់ខ្លួនបាន។
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
- http://www.khmer.rfi.fr/europe/history-creation-european-union-1 Archived 2011-08-14 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.khmer.rfi.fr/europe/history-creation-european-union-2
- http://www.khmer.rfi.fr/europe/history-creation-european-union-3
- http://www.khmer.rfi.fr/europe/history-creation-european-union-4
- http://www.khmer.rfi.fr/europe/history-creation-european-union-5
- http://www.khmer.rfi.fr/europe/eu-members-search-common-geopolitical-vision
- http://www.khmer.rfi.fr/europe/strength-weakness-eu-world
- http://www.khmer.rfi.fr/europe/relationship-usa-eu