សហភាពអឺរ៉ុប
(ឈ្មោះជាភាសាផ្លូវការផ្សេងទៀត) ក្រិក៖ Ευρωπαϊκή Ένωση ក្រូអាស៊ី៖ Europska unija ឆែក៖ Evropská unie ដាណឺម៉ាក៖ Den Europæiske Union ប៉ូឡូញ៖ Unia Europejska ប៊ុលហ្ការី៖ Европейски съюз បារាំង៖ Union européenne ព័រទុយហ្កាល់៖ União Europeia ម៉ាល់តា៖ Unjoni Ewropea រូម៉ានី៖ Uniunea Europeană លីទុយអានី៖ Europos Sąjunga ស៊ុយអែត៖ Europeiska unionen ស្លូវ៉ាគី៖Európska únia ស្លូវេនី៖ Evropska unija ហុងគ្រី៖ Európai Unió ហុល្លង់៖ Europese Unie ហ្វាំងឡង់៖ Euroopan unioni ឡេតូនី៖ Eiropas Savienība អង់គ្លេស៖ European Union អ៊ីតាលី៖ Unione europea អាល្លឺម៉ង់៖ Europäische Union អៀរឡង់៖ An tAontas Eorpach អេស្តូនី៖ Euroopa Liit អេស្ប៉ាញ៖ Unión Europea | |
---|---|
ទីតាំងនៃសហភាពអឺរ៉ុប (ក្រហម) នៅលើភូគោល | |
ធានី | ព្រុចសែល |
មណ្ឌលរដ្ឋបាល | ព្រុចសែល
|
ម៉េត្រូប៉ូលធំបំផុត | ប៉ារីស |
ភាសាផ្លូវការ | ២៤ ភាសា ភាសាចម្បងបី អង់គ្លេស • បារាំង • អាល្លឺម៉ង់ |
អក្សរផ្លូវការ | ឡាតាំង • ក្រិក • គីរីឡុស |
សាសនា (ឆ្នាំ ២០១៥)[១] |
|
ប្រភេទ | សហភាពទ្វីប |
សមាជិកភាព | |
រដ្ឋាភិបាល | សហព័ន្ធអាស្រ័យសភានិយមគណៈដឹកនាំអន្តររដ្ឋាភិបាលចម្រុះ |
ឆាលស៍ មីឆែល | |
អួរស៊ូឡា វ៉ន ឌែរ ឡេយ៉េន | |
នីតិបញ្ញត្តិ | សភា និងក្រុមប្រឹក្សាអឺរ៉ុប |
ក្រុមប្រឹក្សាសហភាពអឺរ៉ុប | |
សភាអឺរ៉ុប | |
និម្មិតកម្ម[២] | |
១៧ មីនា ១៩៤៨ | |
១៨ មេសា ១៩៥១ | |
១ មករា ១៩៥៨ | |
១ កក្កដា ១៩៨៧ | |
១ វិច្ឆិកា ១៩៩៣ | |
១ ធ្នូ ២០០៩ | |
ក្រឡាផ្ទៃ | |
- សរុប | ៤,២៣៣,២៦២ គ.ម២ |
- ផ្ទៃទឹក (%) | ៣.០៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៤៤៦,៨២៨,៨០៣[៣] |
- ដង់ស៊ីតេ | ១០៦ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២៥,៣៩៩ ទ្រីលានដុល្លារ[៤] |
- ក្នុងម្នាក់ | ៥៦,៩២៨ ដុល្លារ[៤] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១៧,៨១៨ ទ្រីលានដុល្លារ[៤] |
- ក្នុងម្នាក់ | ៣៩,៩៤០ ដុល្លារ[៤] |
ជីនី (២០២០) | ៣០.០[៥] មធ្យម |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) រូបិយវត្ថុដទៃទៀត
|
ល្វែងម៉ោង | UTCទៅ UTC+២ (WET, CET, EET) |
- រដូវក្តៅ (DST) | UTC+១ ទៅ UTC+៣ (WEST, CEST, EEST) |
កូដ ISO 3166 | EU |
ដែនកម្រិតខ្ពស់ | .eu[ស ១] |
គេហទំព័រ europa.eu |
សហភាពអឺរ៉ុប (ភាសាអង់គ្លេស៖ European Union ឬជាភាសាបារាំង៖ Union Européenne) គឺជាសហភាពនយោបាយ និងសេដ្ឋកិច្ចមួយដែលមានប្រទេសជាសមាជិកចំនួន ២៧ ដោយមានទីតាំងចម្បងនៅទ្វីបអឺរ៉ុប។[៦][៧] សហភាពមួយនេះមានផ្ទៃដីសរុប ៤,២៣៣,២៥៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជិត ៤៤៧ លាននាក់។ សហភាពអឺរ៉ុបត្រូវបានគេចាត់ទុកថាជាអង្គភាពនយោបាយ (ដោយផ្អែកតាម sui generis) បែបសហព័ន្ធនិយម។[៨][៩]
សហភាពអឺរ៉ុបមានចំនួនប្រជាជនទាំងអស់ស្មើនឹង ៥.៨ ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក (គិតត្រឹមឆ្នាំ២០២០)[ស ២] ហើយមានផលិតផលក្នុងស្រុកសរុបជាមធ្យម (GDP) ប្រហែល ១៦.៦ ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០២២ ដែលស្មើនឹងមួយភាគប្រាំមួយនៃផលិតផលក្នុងស្រុកសរុប (មធ្យម) នៃពិភពលោក និងជាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទីបីបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។[១១] បន្ថែមពីនេះ បណ្ដារដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសប៊ុលហ្ការី សុទ្ធតែមានសន្ទស្សន៍អភិវឌ្ឍមនុស្សខ្ពស់ខ្លាំង បើយោងទៅតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។
សហភាពអឺរ៉ុបត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ១៩៩៣ ។ វាគឺជាស្ថាប័នសហប្រតិបត្តិការចុងក្រោយបំផុត នៅទ្វីបអឺរ៉ុប ដែលមានកំណើតចេញពីសហគមន៍ធ្យូងថ្មនិងដែកថែបអឺរ៉ុប (European Coal and SteelCommunity- ECSC) នាឆ្នាំ ១៩៥១ ហើយក្រោយមកនៅឆ្នាំ ១៩៦៧ វាក្លាយជាសហគមន៍អឺរ៉ុប (the European Community- EC) ។ ប្រទេសដែលជាសមាជិកស្ថាបនិកមាន ៦ ប្រទេស ដូចជា បែលហ្ស៊ីក បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី លុចហ្សំបួរ និងហូឡង់ ។ ហើយក្រោយមកមានប្រទេសមួយចំនួនទៀតបានចូលរួមដូចជា ដាណឺម៉ាក អៀរឡង់, ចក្រភពអង់គ្លេស ក្រិច ព័រទុយហ្គាល់ និង អេស្ប៉ាញ។ នៅឆ្នាំ ១៩៩១ រដ្ឋាភិបាលនៃរដ្ឋជាសមាជិកទាំង ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអឺរ៉ុប ដែលគេស្គាល់ថាជាទូទៅថា សន្ធិសញ្ញាម៉ាសស្ត្រីក (Maastricht Treaty) ។ សន្ធិសញ្ញានេះបន្ទាប់មកត្រូវបានអនុម័តដោយសភាថ្នាក់ជាតិនៃរដ្ឋជាសមាជិកទាំងអស់។
សន្ធិសញ្ញាម៉ាសស្ត្រីក បានប្តូរសហគមន៍អឺរ៉ុប (EC) ទៅជាសហភាពអឺរ៉ុប (EU) ។ នៅឆ្នាំ ១៩៩៥ ប្រទេស [[ករបស់សហភាពអឺរ៉ុប។ នៅខែឧសភា ឆ្នាំ ២០០៤ ប្រទេសចំនួន ១០ ទៀត មានដូចជាប្រទេស ស៊ីប សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី លីតូនី លីទុយអានី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និង ស្លូវ៉ានី។ ប្រទេសបានចូលរួម នាំឲ្យសហភាពអឹរ៉ុបមានសមាជិកទាំងអស់ចំនួន ២៥។ នៅថ្ងៃទី១ ខែមករាឆ្នាំ២០០៧ ប្រទេសចំនួនពីរផ្សេងទៀតគឺ រ៉ូម៉ានី និង ប៊ុលហ្គារី បានចូលរួមសហភាពអឺរ៉ុប។ ចុងក្រោយ ប្រទេសកូនពៅ ក្រូអាត ចូលនៅឆ្នាំ ២០១៣ សរុបទាំងអស់ សហភាពអឺរ៉ុប នៅមានសមាជិក ២៨ ប្រទេសនៅឡើយ ។
សហភាពអឺរ៉ុប មានគោលដៅសំខាន់ៗមួយចំនួន។ គោលដៅធំបំផុតគឺសំដៅពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាសង្គម គោលនយោបាយការបរទេស, សន្តិសុខ និងការការពារសុវត្តិភាព, និងវិស័យយុត្តិធម៌។យោងតាមសន្ធិសញ្ញាម៉ាសស្ត្រីក, ពលរដ្ឋអឺរ៉ុប ត្រូវបានគេផ្តល់សិទ្ធិជាពលរដ្ឋនៃបណ្តារដ្ឋជាសមាជិកទាំងអស់។ លើសពីនេះទៀត ការត្រួតពិនិត្យព្រំដែនមិនសូវមានសភាពតឹងតែងទៀតទេ។ កិច្ចព្រមព្រៀងផ្នែកពន្ធគយ និងអន្តោរប្រវេសន៍ត្រូវបានគេតាក់តែងបន្ថែមទៀតដើម្បីអនុញ្ញាតឲ្យពលរដ្ឋអឺរ៉ុបមានសិទ្ធិសេរីភាពកាន់តែច្រើនក្នុងការរស់នៅធ្វើការងារ និងសិក្សានៅក្នុងប្រទេសជាសមាជិកណាមួយក៏បាន។
គោលដៅធំមួយទៀតនៃសហភាពអឺរ៉ុប គឺការអនុតវត្តសហភាពរូបិយវត្ថុ និងសេដ្ឋកិច្ច (Economic and Monetary Union- EMU) ដែលដាក់ឲ្យសមាជិកសហភាពអឺរ៉ុបទាំងអស់ប្រើប្រាស់នូវរូបិយវត្ថុរួមតែមួយគឺ អឺរ៉ូ (the euro) ។ នៅខែមករា ឆ្នាំ ២០០២ ប្រទេសជាសមាជិកចំនួន១២ បានចាប់ផ្តើមចរាចរណ៍ប្រាក់អឺរ៉ូ។ សមាជិក១៤ដែលមិនទាន់ទទួលចរាចរណ៍ប្រាក់អឺរ៉ូ ជាអាទ៌មានដូចជា ប្រទេសដាណឺម៉ាក, ស៊ុយអែត, ចក្រភពអង់គ្លេស និងរដ្ឋទាំង ៩ ក្នុងចំនោមរដ្ឋទាំង១០ ដែលចូលជាសមាជិកសហភាពអឺរ៉ុបរួមនឹងប្រទេសប៊ុលហ្គារី និងរ៉ូម៉ានី។ ប្រទេសស្លូវ៉ានី បានប្រើប្រាក់អឺរ៉ូនៅខែមករាឆ្នាំ ២០០៧ ។គួរកត់សំគាល់ថាប្រទេសនេះជាប្រទេសទីមួយក្នុងចំណោមប្រទេសចូលជាសមាជិកក្នុងឆ្នាំ ២០០៤ ដែលបំពេញលក្ខ័ខ័ណ្ឌចាំបាច់ផ្នែកសេដ្ឋកិច្ច (របស់សហភាពអឺរ៉ុប)។ បច្ចុប្បន្ន តំបន់ចាយប្រាក់អឺរ៉ូ មាន ១៩ ប្រទស ដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក កោះស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ ។
ប្រវត្តិសហភាពអឺរ៉ុប
[កែប្រែ]សុបិន្តដែលចង់ឲ្យអឺរ៉ុបរួមគ្នាតែមួយបានលេចឡើងតាំងពីយូរណាស់មកហើយពោលគឺវាចាប់លេចឡើងទន្ទឹមគ្នានឹងការកកើតអឺរ៉ុប។ ចក្រភពរបស់អធិរាជសាលឡឺម៉ាញ កាលពីដើមសតវត្សទី ៩ គ្របដណ្តប់លើផ្ទៃដីដ៏ធំធេងនៃទ្វីបអឺរ៉ុប។ នៅដើមសតវត្សទី១៩ ចក្រភពបារាំងសម័យអធិរាជណាប៉ូលេអុងទី១ ក៏បានគ្របដណ្តប់លើផ្ទៃដីដ៏ធំធេងនៃទ្វីបអឺរ៉ុបផងដែរ។ កំឡុងពេលសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) មេដឹកនាំអាឡឺម៉ង់ អាឌុលអ៊ីត្លែរ (Adolf Hitler) ហៀបនឹងបានជោគជ័យក្នុងការបង្រួបបង្រួមអឺរ៉ុបក្រោមការគ្រប់គ្រងរបស់ពួកណាហ្ស៊ី ។ ការខំប្រឹងប្រែងទាំងអស់នេះត្រូវទទួលបរាជ័យដោយសារពួកគេគាបយកប្រទេសជាតិដទៃដោយការបង្ខិតបង្ខំជាជាងការពង្រីកកិច្ចសហប្រតិបត្តិការរវាងជាតិទាំងនោះ ។
កិច្ចខំប្រឹងប្រែងបង្កើតស្ថាប័នសហប្រតិបត្តិការមិនសូវមានរូបរាងទេទើបតែផុសផុលឡើងវិញក្រោយសង្គ្រាមលោកលើកទី២។ រហូតដល់ពេលនោះ ប្រជាជាតិទាំងឡាយប្រឆាំងដាច់អហង្ការរាល់ការព្យាយាមទាំងឡាយណា ដែលចង់រំលោភអំណាចជាតិរបស់គេនិងហើយគេមិនចង់បាត់បង់សិទ្ធិក្នុងការធ្វើគោលនយោបាយឡើយ។ ការផ្សងព្រេងក្នុងការធ្វើកិច្ចសហប្រតិបត្តិការដំបូងៗមានដូចជាអង្គការអន្តរជាតិ (international organization) ឬអង្គការអន្តររដ្ឋាភិបាល (intergovernmental organization) ដែលឈរលើគោលការណ៍ស្ម័គ្រចិត្រក្នុងការសហប្រតិបត្តិការពីសមាជិករបស់ពួកគេ។ ដូចច្នេះហើយ អង្គការទាំងនោះមិនមានអំណាចដោយផ្ទាល់សំរាប់បង្គាប់បញ្ជាឲ្យគេអនុវត្តន៍ច្បាប់ទេ។ ប្រភេទអង្គការមួយទៀតហៅថាអង្គការ Supranational (supranational organizations) ដែលជាប្រភេទអង្គការតំរូវឲ្យរដ្ឋជាសមាជិកផ្តល់អំណាច និងសិទ្ធិសំរេចគោលនយោបាយលើវិស័យមួយចំនួន និងបង្ខំឲ្យសមាជិកយល់ព្រមតាមដីការ (ការសំរេចចិត្ត) របស់គេ។ ក្រោយពេលសង្គ្រាមលោកលើកទី២ គេសង្កេតឃើញថាមានការអំពាវនាវឲ្យមានរដ្ឋាភិបាលបែបនេះនៅអឺរ៉ុប កាន់តែច្រើនឡើងៗ។
សហប្រតិបត្តិការដំបូងៗ
[កែប្រែ]សេចក្ដីប្រាថ្នាចង់បានអង្គការបែប supranational សម្រាប់អឺរ៉ុបក្រោយសម័យសង្គ្រាមលោកមានទាំងការជំរុញផ្នែកនយោបាយផង និងផ្នែកសេដ្ឋកិច្ចផង។ ការជំរុញផ្នែកនយោបាយត្រូវផ្អែកលើទស្សនៈដែលថាមានតែអង្គការនយោបាយបែប supranational ប៉ុណ្ណោះដែលអាចលុបបំបាត់ការគំរាមកំហែងដោយសង្គ្រាមរវាងប្រទេសនៅអឺរ៉ុប។ បណ្ដាអ្នកគាំទ្រការបង្រួបបង្រួមនយោបាយអឺរ៉ុបដូចជារដ្ឋបុរសបារាំងលោក ហ្សង់ ម៉ូណេ ជឿជាក់ថាប្រសិនបើប្រជាជាតិអឺរ៉ុបប្រាថ្នាចង់មានតួនាទីសំខាន់ខ្លាំងក្នុងកិច្ចការពិភពលោកឡើងវិញ, ពួកគេត្រូវតែបញ្ចេញមតិរួមគ្នា និងទាមទារយកធនធានឲ្យបានច្រើនដូចសហរដ្ឋអាមេរិក។
ការជំរុញផ្នែកសេដ្ឋកិច្ចផ្អែកលើជំនឿដែលថាទីផ្សារកាន់តែធំនឹងនាំឲ្យមានការប្រកួតប្រកួតប្រជែង និងបណ្ដាលឲ្យមានកំណើនផលិតកម្មកាន់តែច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរដែរ។ ទស្សនៈផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយទស្សន៍ទាយថាកម្លាំងសេដ្ឋកិច្ចគឺជាមូលដ្ឋាននៃអំណាចនយោបាយ និងយោធា ហើយថាសេដ្ឋកិច្ចអឺរ៉ុប ដែលត្រូវបានធ្វើសមាហរណកម្មទាំងស្រុងអាចនឹងកាត់បន្ថយជម្លោះរវាងប្រជាជាតិនៅអឺរ៉ុប។ ដោយសារតែប្រទេសនីមួយៗ មានការស្ទាក់ស្ទើរក្នុងការចែករំលែកអំណាចគ្រប់គ្រងកិច្ចការប្រទេសជាតិ, សំណើភាគច្រើនបំផុត ដែលប្រាថ្នាចង់ឲ្យមានអង្គការបែប supranational ព្យាករណ៍ថាសមាហរណកម្មសេដ្ឋកិច្ចនឹងកើតមុនការបង្រួបបង្រួមនយោបាយ។
សហភាពពន្ធគយ ប៊ែលណឺលុច្ស
[កែប្រែ]សហភាពពន្ធគយប៊ែលណឺលុច្ស (Benelux Customs Union) ដែលឥឡូវក្លាយជាសហភាពសេដ្ឋកិច្ចប៊ែលណឺលុច្ស (Benelux Economic Union) គឺជាឧទាហរណ៍ដំបូងមួយនៃស្ថាប័នសេដ្ឋកិច្ចបែប supranational ។ សហភាពនេះអនុញ្ញាតឲ្យមានតំបន់ពាណិជ្ជកម្មសេរី ដែលក្នុងនោះរួមមានដូចជាប្រទេសបែលហ្សិក, ណឺឌ័រឡែន (ឬ ហុឡង់ដ៍), និង លុច្សសំប៊ួរ ។ លើសពីនេះទៅទៀត វាក៏អនុញ្ញាតឲ្យមាន តារាងពន្ធគយរួមសម្រាប់ទំនិញមកពីប្រទេសនៅក្រៅសហភាពផងដែរ។ ដោយមានកំណើតនៅឆ្នាំ ១៩៤៨, សហភាពនេះបានកើតឡើងនិងរីកធំធាត់ក៏ដោយសារគំនិត ដែលទទួលស្គាល់ថាសេដ្ឋកិច្ចនៃរដ្ឋទោលនីមួយៗមិនមានទំហំធំល្មម សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារសកលលោកទេ។ តាមការពិត ប្រទេសបែលហ្សិក និងលុច្សសំប៊ួរបានរួមគ្នាជាសហភាពសេដ្ឋកិច្ចតាំងពីឆ្នាំ ១៩២១ មកម្លេះ ហើយចំណែករដ្ឋាភិបាលនៃប្រទេសបែលហ្សិក និងហុឡង់ដ៍ បានព្រមព្រៀងគ្នាលើគោលការណ៍ស្ដីពីសហភាពពន្ធគយ តាំងពីកំឡុងសង្គ្រាមលោកលើកទី២ផងដែរ។ ប្រទេសទាំងបីនេះបានក្លាយជារដ្ឋដ៏សកម្មក្នុងដំណើរការសហប្រតិបត្តិការក្នុងអឺរ៉ុប ហើយពួកគេបានបន្តប្រឹងប្រែង ដើម្បីធ្វើឲ្យប្រទេសពួកគេមានសមាហរណកម្មកាន់តែខិតជិតចូលគ្នាថែមទៀតក្នុងក្របខ័ណ្ឌមួយឯករាជ្យពីការអភិវឌ្ឍនៅក្នុងទី្វបអឺរ៉ុបទាំងមូល។
សហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប (ECSC)
[កែប្រែ]ពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក រ៉ូប៊ឺត ហ្សូម៉ាន ដែលមានលោកហ្សង់ ម៉ូណេជាទីប្រឹក្សា បានស្នើឲ្យមានការធ្វើសមាហរណកម្មលើវិស័យឧស្សាហកម្មធ្យូងថ្ម និងដែកថែបរបស់បារាំង និងអាល្លឺម៉ង់ និងអំពាវនាវឲ្យប្រជាជាតិដទៃទៀតចូលរួម។ ការជំរុញ និងផ្ដួចផ្ដើមរបស់លោកហ្សូម៉ាន មានទាំងចរិតនយោបាយ និងចរិតសេដ្ឋកិច្ច ។ ជនអឺរ៉ុបជាច្រើនមានអារម្មណ៍ថាឧស្សាហកម្មអាល្លឺម៉ង់ដែលកំពុងតែចាប់កំណើតឡើងវិញយ៉ាងរហ័ស ចាំបាច់ត្រូវតែមានការគ្រប់គ្រងដោយវិធីណាមួយ។ សហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុបគឺជាយន្តការឬវិធីដ៏សមស្របមួយព្រោះថាធ្យូងថ្ម និងដែកថែប គឺជាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មទំនើបៗជាច្រើនជាពិសេសផ្នែកសព្វាវុធ។
ផែនការហ្សូម៉ាន បង្កើតនូវភ្នាក់ងារបែប supranationa សម្រាប់ត្រួតពិនិត្យលើទិដ្ឋភាព ឬផ្នែកនៃគោលនយោបាយធ្យូងថ្ម និងដែកថែបជាតិ ដូចជាកម្រិតផលិតកម្ម និងតម្លៃ។ មិនមែនជាការចៃដន្យទេ ដែលការសម្រេចចិត្តនេះអនុញ្ញាតឲ្យមានភ្នាក់ងារត្រួតពិនិត្យ និងគ្រប់គ្រងឧស្សាហកម្មអាល្លឺម៉ង់។ ដោយមានការប្ដេជ្ញាចិត្តក្នុងការបន្សាបការបារម្ភពីកម្លាំងយោធាអាល្លឺម៉ង់ អាល្លឺម៉ង់ខាងលិច បានចុះហត្ថលេខាយល់ព្រមយ៉ាងរហ័ស។ បន្ទាប់ពីនោះភ្លាម ប្រជាជាតិប៊ែលណឺលុច្ស និងអ៊ីតាលី ក៏បានចូលរួមផងដែរ។ ចក្រភពអង់គ្លេសមិនបានចូលរួមទេព្រោះបារម្ភពីការបាត់បង់ការគ្រប់គ្រងលើឧស្សាហកម្មរបស់ខ្លួន។
សន្ធិសញ្ញាបង្កើត ECSC ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៥១ និងចាប់អនុវត្តន៍នៅដើមឆ្នាំបន្ទាប់។ វាអនុញ្ញាតឲ្យមានការលុបបំបាត់ពន្ធគយ និងកំណត់នូវកូតាសម្រាប់ពាណិជ្ជកម្មរ៉ែដែក, ធ្យូងថ្ម, និងដែកថែបនៅក្នុងរង្វង់សហគមន៍។ ទន្ទឹមនឹងនោះវាក៏កំណត់នូវតារាងពន្ធរួមមួយសម្រាប់ការនាំចូលពីខាងក្រៅ ដែលទាក់ទងនឹងឧស្សាហកម្មធ្យូងថ្ម និងដែកថែបពីប្រទេសផ្សេងៗ និងត្រួតពិនិត្យកម្រិតផលិតកម្ម និងលក់ចេញ។ ដើម្បីត្រួតពិនិត្យការប្រតិបត្តិការនៃ ECSC សន្ធិសញ្ញានេះបានបង្កើតស្ថាប័នបែប supranational មួយចំនួនទៀតដូចជាអាជ្ញាធរជាន់ខ្ពស់មួយដែលមានអំណាចប្រតិបត្តិ, ក្រុមប្រឹក្សារដ្ឋមន្ត្រីមួយសម្រាប់ការពារផលប្រយោជន៍រដ្ឋជាសមាជិក, សភារួមដែលមានអំណាចប្រឹក្សាតែប៉ុណ្ណោះ, និងតុលាការយុត្តិធម៌សម្រាប់ដោះស្រាយវិវាទ។ជំហានធំដំបូងគេ ដែលឈានទៅរកការសមាហរណកម្មអឺរ៉ុបកើតឡើងក្នុងឆ្នាំ ១៩៥០ ។ នៅ
សហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC)
[កែប្រែ]នៅឆ្នាំ ១៩៥៧ ភាគីនៃ ECSC បានចុះសន្ធិសញ្ញាពីរទៀត ដែលគេស្គាល់ថាជា សន្ធិសញ្ញាក្រុងរ៉ូម។ សន្ធិសញ្ញាទាំងពីរនេះ បង្កើតនូវសហគមន៍ឋាមពលអាតូមិចអឺរ៉ុប (Euratom) សម្រាប់ការអភិវឌ្ឍ ការប្រើប្រាស់ឋាមពលអាតូមិចដោយសន្តិភាព។ ហើយអ្វីដែលសំខាន់បំផុតគឺវាបង្កើតនូវសហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC) ដែលជារឿយៗត្រូវបានគេស្គាល់ថាជាទីផ្សាររួម (Common Market) ។
សន្ធិសញ្ញាស្ដីពីសហគមន៍សេដ្ឋកិច្ចអឺរ៉ុប មានគោលដៅលុបបំបាត់ជាបន្តបន្ទាប់នូវពន្ធនាំចូល និងកំណត់កូតាសម្រាប់ពាណិជ្ជកម្មទាំងអស់ក្នុងចំណោមប្រទេសជាសមាជិក និងបង្កើតឡើងនូវស្ថាប័នពន្ធគយរួម (សម្រាប់ទំនិញចូលពីក្រៅ)។ ប្រទេសជាសមាជិកយល់ព្រមអនុវត្តន៍គោលនយោបាយរួមលើវិស័យដឹកជញ្ជូន, វិស័យកសិកម្ម, និងការធានាផ្នែកសង្គមក៏ដូចជាយល់ព្រមអនុញ្ញាតឲ្យពលរដ្ឋអាចធ្វើដំណើរ និងចលនាធនធានហិរញ្ញវត្ថុ ដោយសេរីក្នុងព្រំដែនសហគមន៍។ វិសាលភាពមួយដ៏សំខាន់បំផុតរបស់សន្ធិសញ្ញានេះ គឺថាវាមិនអាចប្រកាសជាមោឃៈ ដោយរដ្ឋជាសមាជិកណាមួយនោះទេ ហើយអំណឹះកាលទៅមុខទៀត ការសម្រេចចិត្តរបស់សហគមន៍ នឹងត្រូវសម្រេចដោយសំឡេងភាគច្រើននៃការបោះឆ្នោត មិនមែនដោយសំឡេងឯកច្ឆន្ទទេ។
ទាំងសន្ធិសញ្ញាស្ដីពីសហគមន៍សេដ្ឋកិច្ចអឺរ៉ុប និងទាំងសន្ធិសញ្ញាស្ដីពីសហគមន៍ឋាមពលអាតូមិចអឺរ៉ុប បានបង្កើតនូវគណៈកម្មការជាន់ខ្ពស់ ដោយឡែកពីគ្នា ដើម្បីត្រួតពិនិត្យលើការប្រតិបត្តិការរបស់ពួកគេ។ យ៉ាងណាមិញ ពួកគេព្រមព្រៀងគ្នាថា នឹងមានក្រុមប្រឹក្សារដ្ឋមន្ត្រី, សភាតំណាង, និងតុលាការយុត្តិធម៌តែមួយរួមគ្នាសម្រាប់ដំណើរការឲ្យសហគមន៍ទាំងបី (ECSC, EEC និង Euratom) ។
នៅពេលមុនការចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងរ៉ូមនាឆ្នាំ ១៩៥៧ ប្រជាជាតិផ្សេងទៀតត្រូវបានគេអញ្ជើញឲ្យចូលជាសមាជិក EEC ផងដែរ។ ចក្រភពអង់គ្លេសដោយខ្លាចបាត់បង់សិទ្ធិសម្រេចគោលនយោបាយជាតិ បានថ្លែងបញ្ឆិតបញ្ឆៀង ដល់ការធ្វើសមាហរណកម្មអឺរ៉ុបនិងបានខិតខំបញ្ចុះបញ្ចូលឲ្យប្រជាជាតិអឺរ៉ុបបង្កើតតំបន់ពាណិជ្ជកម្មសេរីជំនួសវិញ។ ក្រោយពេលសន្ធិសញ្ញាEEC ត្រូវបានអនុម័ត, ចក្រភពអង់គ្លេស, ណ័រវ៉េ, ស្វីតដែន (ស៊ុយអ៊ែត), ដាណឺម៉ាក, ស្វីស (ស្វីតហ្សឺឡែន), អូទ្រីស, និងព័រទុយហ្គាល់បាននាំគ្នាបង្កើតសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (European Free Trade Association- EFTA) ។ សន្ធិសញ្ញា EFTA មានគោលដៅគ្រាន់តែបំបាត់ពន្ធគយលើទំនិញឧស្សាហកម្មក្នុងចំណោមប្រទេសជាសមាជិកប៉ុណ្ណោះ។ វាមិនបានឈានទៅដល់បំបាត់ពន្ធគយលើផ្នែកទំនិញកសិកម្មទេ ហើយក៏មិនបានកំណត់ពន្ធរួមលើទំនិញមកពីប្រទេសខាងក្រៅដែរលើសពីនេះទៅទៀត រដ្ឋជាសមាជិកណាមួយអាចដកខ្លួនចេញពីសន្ធិសញ្ញាក្នុងពេលណាក៏បានដែរ។ ដូច្នេះ EFTA គឺជាសហភាពមួយទន់ខ្សោយជាងទីផ្សាររួម (Common Market) របស់ EEC ឆ្ងាយណាស់។
នៅឆ្នាំ ១៩៦១ ដោយទំនងជាមើលឃើញពីភាពជោគជ័យសេដ្ឋកិច្ចរបស់ EEC ចក្រភពអង់គ្លេសបានផ្លាស់ប្ដូរទស្សនវិស័យ និងចាប់ផ្ដើមការចរចាចូលជាសមាជិក EEC ។ ដោយឡែកនៅខែមករា ឆ្នាំ១៩៦៣ ប្រធានាធិបតីបារាំងហ្សាលឌឺហ្គោល បានបោះឆ្នោតប្រឆាំងសមាជិកភាពរបស់ចក្រភពអង់គ្លេស ដោយហេតុផលចម្បងថាចក្រភពអង់គ្លេស មានចំណងជិតស្និទ្ធនឹងសហរដ្ឋអាមេរិក។ លោកហ្សាលឌឺហ្គោល បានបោះឆ្នោតប្រឆាំងសមាជិកភាពរបស់ចក្រភពអង់គ្លេស ជាលើកទីពីរនៅឆ្នាំ ១៩៦៧។
សហគមន៍អឺរ៉ុប (EC)
[កែប្រែ]នៅឆ្នាំ១៩៦៧ ស្ថាប័នទាំងបី (ECSC, EEC និង Euratom) បានកើតចេញជាសហគមន៍អឺរ៉ុប (European Community) ។ ទម្រង់សេដ្ឋកិច្ចសំខាន់ៗ ត្រូវបានគេអនុវត្តន៍ជាបន្តបន្ទាប់ ហើយនៅឆ្នាំ១៩៦៨ របាំងពន្ធគយទាំងអស់ក្នុងប្រទេសជាសមាជិកត្រូវបានលុបបំបាត់។ តែមិនទាន់មានការពង្រីកវិសាលភាព របស់សហគមន៍ ឬសំណើថ្មីនៅឡើយទេរហូតក្រោយពេលលោកហ្សាលឌឺហ្គោល ចាកចេញពីតំណែងប្រធានាធិបតីបារាំងនៅខែឧសភាឆ្នាំ ១៩៦៩។ ប្រធានាធិបតីបារាំងបន្ទាប់លោកហ្សកប៉ុមពីឌូ (Georges Pompidou) មានទស្សនៈបើកទូលាយសម្រាប់ការផ្ដួចផ្ដើមថ្មីមួយសម្រាប់សហគមន៍អឺរ៉ុប។
តាមការផ្ដល់យោបល់ពីលោកហ្សកប៉ុមពីឌូ ជំនួបមេដឹកនាំនៃបណ្ដារដ្ឋជាសមាជិកមួយត្រូវបានប្រារព្ធឡើងនៅទីក្រុងហេគ (The Hague) ប្រទេសហុឡង់ដ៍នាខែធ្នូឆ្នាំ ១៩៦៩។ជំនួបនេះបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុអចិន្ត្រៃយ៍មួយសម្រាប់សហគមន៍អឺរ៉ុប ដោយផ្អែកលើការចូលរួមពីរដ្ឋជាសមាជិក។ ដំណាលពេលនោះដែរវាក៏ផ្ដល់ផលឲ្យមានការអភិវឌ្ឍកន្សោមគោលនយោបាយសហប្រតិបត្តិការការបរទេសក្នុងចំណោមរដ្ឋជាសមាជិក ក៏ដូចជាបើកផ្លូវចរចាចូលជាសមាជិកភាពសម្រាប់ចក្រភពអង់គ្លេស, អៀរឡង់, ដាណឺម៉ាក និងណ័រវ៉េ។
ការពង្រីកសមាជិកភាពសហគមន៍អឺរ៉ុប
[កែប្រែ]នៅឆ្នាំ ១៩៧២ គឺក្រោយពេលចរចាអស់រយៈពេល២ ឆ្នាំ គេព្រមព្រៀងទទួលពាក្យសុំចូលជាសមាជិកភាពរបស់រដ្ឋទាំងបួនខាងលើនៅថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៣។ ចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក បានចូលជាសមាជិកដូចការគ្រោងទុកលើកលែងតែណ័រវ៉េ ត្រូវបានប្រជាពលរដ្ឋរបស់ខ្លួនបានបោះឆ្នោតប្រឆាំងសមាជិកភាពនេះ។
ដោយឡែកនៅក្នុងចក្រភពអង់គ្លេស នៅតែមានការប្រឆាំងខ្លាំងក្លាចំពោះសមាជិកភាពនៅក្នុងសហគមន៍អឺរ៉ុប។ ពលរដ្ឋចក្រភពអង់គ្លេសជាច្រើន មានអារម្មណ៍ថាចក្រភពអង់គ្លេសមានកាតព្វកិច្ចធ្ងន់ធ្ងរពេកហើយ ក្នុងការរួមចំណែកដល់កញ្ចប់ថវិការបស់សហគមន៍អឺរ៉ុប។ក្រោយពេលគណបក្សពលករ បានកាន់អំណាចឡើងវិញនៅចក្រភពអង់គ្លេសនៅឆ្នាំ១៩៧៤ បក្សនេះ បានចាប់ផ្ដើមធ្វើតាមកិច្ចសន្យារបស់ខ្លួនក្នុងការចរចាពីលក្ខខណ្ឌសមាជិកភាពរបស់ចក្រភពអង់គ្លេសនៅក្នុងសហគមន៍អឺរ៉ុបម្ដងទៀត ពិសេសចរាចរពីលក្ខខណ្ឌហិរញ្ញវត្ថុ។ លទ្ធផលនៃការចរាចរលើកនេះមិនខុសពីលទ្ធផលមុនៗប៉ុន្មានទេ។ ដោយឡែកការស្ទាក់ស្ទើរចិត្តរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមជាមួយសហគមន៍អឺរ៉ុប ជាបន្ទុកធ្ងន់មួយបន្ថែមទៀតចំពោះអស្ថិរភាពនៅក្នុងសហគមន៍ ដែលបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចឆ្នាំ ១៩៧០។ រដ្ឋាភិបាលនៃគណបក្សពលករឯកភាពចំពោះសមាជិកភាពក្នុងសហគមន៍អឺរ៉ុបជាបន្ត និងអំពាវនាវឲ្យមានប្រជាមតិចំពោះបញ្ហានេះ នៅខែមិថុនាឆ្នាំ ១៩៧៥។ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុមខ្លះក៏ដោយ ក៏ប្រជាពលរដ្ឋនៃចក្រភពអង់គ្លេសបោះឆ្នោតឲ្យបន្តជាសមាជិកភាពក្នុងសហគមន៍អឺរ៉ុប។
សន្ធិសញ្ញាអឺរ៉ុបរួម
[កែប្រែ]រហូតមកដល់ត្រឹមទសវត្សឆ្នាំ ១៩៨០ គឺ៣០ឆ្នាំក្រោយពេលវាបានចាប់ផ្ដើមសហគមន៍អឺរ៉ុប នៅតែមិនទាន់សម្រេចបាននូវសេចក្ដីសង្ឃឹមដ៏ក្លៀវក្លារបស់ខ្លួន ក្នុងការបង្រួបបង្រួមអឺរ៉ុបឲ្យក្លាយជាសហរដ្ឋអឺរ៉ុប។ តាមពិតទៅទោះបីជាមានការលុបបំបាត់ចោលនូវពន្ធគយខាងក្នុង ((internal tariffs) ក៏ដោយវាមិនត្រឹមតែមិនបានទទួលជោគជ័យក្នុងការបំបាត់នូវរាល់ការរឹតបន្តឹងផ្នែកពាណិជ្ជកម្ម នៅក្នុងរង្វង់សហគមន៍អឺរ៉ុបទាំងមូលប៉ុណ្ណោះទេ តែថែមទាំងមិនបានសម្រេចក្នុងការលុបបំបាត់ព្រំដែនពន្ធគយខាងក្នុង (internal customs frontiers) រដ្ឋនីមួយៗផងដែរ។ ការចូលជាសមាជិករបស់បណ្ដាប្រទេសអភិវឌ្ឍតិចក្នុងតំបន់មេឌីទែរ៉ាណេ ដូចជាប្រទេស ក្រិកនាឆ្នាំ ១៩៨០ អេស្ប៉ាញ និងព័រទុយហ្គាល់នៅឆ្នាំ ១៩៨៦ បានបណ្ដាលឲ្យមានបញ្ហាថ្មីទៀត។បញ្ហាទាំងអស់នោះភាគច្រើនទាក់ទងនឹងកម្រិតអភិវឌ្ឍទាបរបស់ប្រទេសទាំងនេះ។ ពិសេស ការដែលប្រទេសទាំងនេះ ពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើវិស័យកសិកម្ម មានន័យថាមូលនិធិមួយផ្នែកធំសម្រាប់គាំទ្រវិស័យកសិកម្មរបស់សហគមន៍ត្រូវបង្វែរទៅជួយដល់សមាជិកថ្មី។ វាបណ្តាលឲ្យសមាជិកចាស់មួយចំនួន ពិសេសប្រទេសអៀរឡង់ភ័យខ្លាចថាចំណែកនៃមូលនិធិរបស់ខ្លួននឹងត្រូវគេកាត់បន្ថយ។
នៅឆ្នាំ ១៩៨៥ ក្រុមប្រឹក្សាអឺរ៉ុប ដែលសមាសភាពរួមមានមេដឹកនាំកវីបណ្ឌិតរដ្ឋជាសមាជិកបានសម្រេចចិត្តបោះជំហានថ្មីមួយទៀតសម្រាប់សមាហរណកម្មកាន់តែប្រសើរជាងមុន។ នៅខែកុម្ភៈ ឆ្នាំ ១៩៨៦ ពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាអឺរ៉ុបរួមតែមួយ (Single European Act-SEA) ដែលជាកន្សោមនៃវិសោធនកម្ម និងសេចក្ដីបំពេញបន្ថែមលើសន្ធិសញ្ញាសហគមន៍អឺរ៉ុប ដែលមានស្រាប់។ សន្ធិសញ្ញា SEA តម្រូវឲ្យសហគមន៍អឺរ៉ុបអនុវត្តនូវវិធានការណ៍ជាង៣០០ ដើម្បីលុបបំបាត់រនាំងរូបវន្ត, បច្ចេកទេស និងសារពើពន្ធសម្រាប់បង្កើតទីផ្សាររួមមួយ ដែលក្នុងនោះសេដ្ឋកិច្ចរបស់រដ្ឋសមាជិកអាចនឹងធ្វើសមាហរណកម្មរួមគ្នាទាំងស្រុង។ លើសពីនេះទៅទៀត រដ្ឋសមាជិកយល់ព្រមនឹងគ្នាក្នុងការអនុវត្តគោលនយោបាយ និងស្តង់ដារ រួមមួយលើបញ្ហាទាំងឡាយរាប់ចាប់ពីវិស័យពន្ធដារ និងការងាររហូតដល់ផ្នែកសុខភាព និងបរិស្ថាន។ រដ្ឋសមាជិកនីមួយៗក៏ដោះស្រាយគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយប្រទេសជិតខាងខ្លួន។ សន្ធិសញ្ញា SEA នេះចាប់មានសុពលភាពចាប់ពីខែតុលា ឆ្នាំ ១៩៧៨ តទៅ។
ការបង្កើតសហភាពអឺរ៉ុប
[កែប្រែ]នៅចុងទសវត្សឆ្នាំ ១៩៨០ ការផ្លាស់ស្ថានភាពនយោបាយ បានបណ្ដាលឲ្យសហគមន៍អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មជាថ្មីម្ដងទៀត។ នៅពេលដែលលទ្ធិកុម្មុយនិស្តដួលរលំនៅអឺរ៉ុបខាងកើត ប្រទេសអតីតកុម្មុយនិស្តជាច្រើនបានសម្លឹងមើលសហគមន៍អឺរ៉ុបដើម្បីទទួលជំនួយសេដ្ឋកិច្ច។ សហគមន៍អឺរ៉ុប បានផ្ដល់ជំនួយជាច្រើនដល់ប្រទេសទាំងនេះប៉ុន្តែសម្រេចថាមិនទាន់ឲ្យពួកគេចូលជាសមាជិកភ្លាមៗនោះទេ។ លើកលែងតែអាល្លឺម៉ង់ខាងកើត ដែលត្រូវបញ្ចូលក្នុងសហគមន៍អឺរ៉ុបដោយស្វ័យប្រវត្តិ បន្ទាប់ពីមានការបង្រួបបង្រួមអាល្លឺម៉ង់ (ទាំងពីរ) ឡើងវិញ។
ដើម្បីស្ដារស្ថានភាពនយោបាយឲ្យបានឆាប់អាល្លឺម៉ង់ខាងលិច និងបារាំងបានស្នើឲ្យមានសន្និសីទអន្តររដ្ឋាភិបាល (IGC) សម្រាប់ធ្វើឲ្យមានបង្រួបបង្រួមអឺរ៉ុបកាន់តែជិតនឹងគ្នា។ សន្និសីទអន្តររដ្ឋាភិបាល (IGC) គឺជាជំនួបរវាងសមាជិក ដែលចាប់ផ្ដើមមានដំណើរការជាផ្លូវការនូវការផ្លាស់ប្ដូរ ឬការធ្វើវិសោធនកម្មសន្ធិសញ្ញាសហគមន៍អឺរ៉ុប សន្និសីទអន្តររដ្ឋាភិបាលមួយទៀតត្រូវបានប្រារព្ធឡើងនៅភ្លាមៗគឺនៅឆ្នាំ ១៩៨៩ ដើម្បីរៀបចំគម្រោងការ និងរចនាសម្ព័ន្ធសម្រាប់សហភាពហិរញ្ញវត្ថុ ដែលក្នុងនោះសមាជិករបស់សហគមន៍នឹងប្រើរូបិយវត្ថុរួមតែមួយ។នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រីម៉ាហ្គារ៉ែតថាចឆឺ (Margaret Thatcher) បានប្រឆាំងនឹងការអំពាវនាវទាំងឡាយណា ដែលចង់ឲ្យមានសមាហរណកម្មអឺរ៉ុបរឹតតែខ្លាំងថែមទៀត។ ប៉ុន្តែនៅឆ្នាំ ១៩៩០ លោក ចនមេជ្ហ័រ (John Major) បានក្លាយជានាយករដ្ឋមន្ត្រីជំនួស និងបានអនុវត្តនូវគោលនយោបាយមួយដែលមានលក្ខណៈបើកទូលាយជាង។ សន្និសីទអន្តររដ្ឋាភិបាល បានចាប់ផ្ដើមបំពេញការងារនៃកិច្ចព្រមព្រៀងមួយចំនួន ដែលនឹងក្លាយជា សន្ធិសញ្ញាស្ដីពីសហភាពអឺរ៉ុប (Treaty on European Union ) ។
សន្ធិសញ្ញាស្តីពីសហភាពអឺរ៉ុប
[កែប្រែ]សន្ធិសញ្ញាស្ដីពីសហភាពអឺរ៉ុប (ដែលជាធម្មតាត្រូវបានគេហៅថាសន្ធិសញ្ញាក្រុងម៉ាសស្ត្រីក) បង្កើតចេញជាសហភាពអឺរ៉ុប (EU) ហើយមានគោលដៅពង្រីកសមាហរណកម្មនយោបាយ, សេដ្ឋកិច្ច និងសង្គមក្នុងចំណោមរដ្ឋជាសមាជិក។ ក្រោយការចរចាអស់រយៈពេលយ៉ាងយូរសហភាពអឺរ៉ុប ត្រូវបានគេយល់ព្រមបង្កើតឡើង ដោយក្រុមប្រឹក្សាអឺរ៉ុបនៅក្រុងម៉ាសស្ត្រីកក្នុងប្រទេសហុឡង់ដ៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ១៩៩១។ អ្វីដែលសំខាន់បំផុតនោះគឺថាសន្ធិសញ្ញានេះអនុញ្ញាតឲ្យEU បង្កើតសហភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Economic and Monetary Union- EMU) ។ នៅក្រោមសហភាព EMU រដ្ឋសមាជិកទាំងអស់នឹងបង្រួបបង្រួមសេដ្ឋកិច្ចរបស់គេ និងប្រើប្រាស់រូបិយវត្ថុតែមួយនៅឆ្នាំ១៩៩៩។ សន្ធិសញ្ញាម៉ាសស្ត្រីកក៏បានកំណត់លក្ខន្តិកៈតឹងរឹងដែលរដ្ឋជាសមាជិកទាំងអស់ ត្រូវតែបំពេញឲ្យបានមុននឹងអាចចូលរួមជាមួយ EMU ។ លើសពីនេះទៅទៀតសន្ធិសញ្ញានេះក៏បង្កើតនូវរចនាសម្ព័ន្ធថ្មីសម្រាប់ធ្វើឲ្យគោលនយោបាយការបរទេស និងសន្តិសុខកាន់តែមានសមាហរណកម្មខ្លាំងឡើង និងសម្រាប់ជំរុញឲ្យមានការសហប្រតិបត្តិការលើវិស័យតុលាការ និងប៉ូលិសកាន់តែល្អថែមទៀត។ រដ្ឋជាសមាជិកបានផ្ទេរដល់ស្ថាប័នគ្រប់គ្រងរបស់ EU នូវសិទ្ធិអំណាចច្រើនជាងមុនក្នុងការធ្វើគោលនយោបាយលើវិស័យមួយចំនួនរួមមានវិស័យបរិស្ថាន អប់រំ សុខភាព និងការការពារអ្នកទិញទំនិញ(ពីឈ្មួញ)។
សន្ធិសញ្ញាថ្មី បានបង្កឲ្យមានការប្រឆាំងពីប្រជាពលរដ្ឋក្នុងប្រទេសជាសមាជិក។ បញ្ហាទាំងនោះភាគច្រើនផ្ដោតសំខាន់លើសហភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Economic and Monetary Union- EMU) ព្រោះគេព្រួយបារម្ភថា ហិរញ្ញវត្ថុជាតិរបស់គេនឹងត្រូវជំនួសដោយហិរញ្ញវត្ថុអឺរ៉ុបរួម។ ចក្រភពអង់គ្លេស បដិសេធមិនអនុវត្តទិដ្ឋភាពមួយចំនួននៃសន្ធិសញ្ញា និងទទួលករណីលើកលែងជាពិសេស ដែលគេហៅថា “ដកខ្លួន- Out-put” ។ ទង្វើបែបនេះរួមបញ្ចូលទាំងការមិនចូលរួមក្នុង EMU និងមិនចូលរួមក្នុងជំពូកសង្គម (Social Chapter) ជំពូកនេះជាផ្នែកមួយក្នុងសន្ធិសញ្ញាម៉ាសស្ត្រីក ដែលគ្រោងអំពីគោលនយោបាយសង្គម និងការងារ រួមមានច្បាប់រួមសម្រាប់សិទ្ធិពលករ។ ប្រជាពលរដ្ឋដាណឺម៉ាក បានបោះឆ្នោតប្រឆាំងសន្ធិសញ្ញានេះនៅក្នុងការធ្វើប្រជាមតិមួយចំណែកនៅប្រទេសបារាំង ប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះបានបោះឆ្នោតគាំទ្រសន្ធិសញ្ញានេះ។ នៅប្រទេសអាល្លឺម៉ង់បញ្ហាចំពោះសន្ធិសញ្ញាស្ថិតនៅលើតុលាការកំពូលរបស់ជាតិ ដែលសម្រេចថាសមាជិកភាពនៅក្នុង EU បំពានលើធម្មនុញ្ញរបស់អាល្លឺម៉ង់។នៅក្នុងជំនួបជាបន្ទាន់មួយរបស់ក្រុមប្រឹក្សាអឺរ៉ុបដាណឺម៉ាកទទួលបាននូវសម្បទាន និងការលើកលែងជាពិសេសរួមទាំងសិទ្ធិក្នុងការដកខ្លួនចេញពី EU និងគោលនយោបាយការពារជាតិនៅថ្ងៃមុខបន្តទៀត។ នៅក្នុងប្រទេសដាណឺម៉ាក ប្រជាជនបានបោះឆ្នោតគាំទ្រសន្ធិសញ្ញានេះនៅក្នុងការធ្វើប្រជាមតិមួយបន្ទាប់។ ដោយសារតែមានឧបសគ្គបែបនេះហើយទើបសហភាពអឺរ៉ុបមិនបានប្រារព្ធពិធីសម្ពោធជាផ្លូវការទេរហូតដល់ខែវិច្ឆិកាឆ្នាំ ១៩៩៣។
សន្ធិសញ្ញាក្រុងអាំស្ទ័រដាម
[កែប្រែ]ការប្រតិកម្មមួយចំនួនតបនឹងខ្លឹមសារខ្លះ នៅក្នុងសន្ធិសញ្ញាម៉ាសស្ត្រីក ជាហេតុនាំឲ្យមានសន្និសីទអន្តររដ្ឋាភិបាលមួយទៀតចូលរួមប្រជុំដោយមេដឹកនាំសហភាពអឺរ៉ុប ដែលចាប់ផ្ដើមនៅខែមីនា ឆ្នាំ ១៩៩៦។ ជាលទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកនេះគឺសន្ធិសញ្ញាក្រុងអាំស្ទ័រដាម ដែលជាសន្ធិសញ្ញាកែលំអលើសន្ធិសញ្ញាម៉ាសស្ត្រីក និងឯកសារសម្រាប់បង្កើតសហភាពអឺរ៉ុបផ្សេងៗទៀត។ ការកែលំអនេះមានគោលបំណងធ្វើឲ្យសហភាពអឺរ៉ុបកាន់តែជាទីចាប់អារម្មណ៍ និងពាក់ព័ន្ធនឹងប្រជាពលរដ្ឋផងទាំងពួង។
សន្ធិសញ្ញាក្រុងអាំស្ទ័រដាម អំពាវដល់រដ្ឋជាសមាជិកឲ្យជួយសហការគ្នាក្នុងការបង្កើតមុខរបរឲ្យបានច្រើនពាសពេញអឺរ៉ុប, ជួយគ្នាការពារបរិស្ថាន, បង្កើនសុខភាពសាធារណៈ និងការពារសិទ្ធិអ្នកទិញទំនិញ។ លើសពីនេះទៀតសន្ធិសញ្ញានេះបំបាត់ចោលនូវរនាំងសម្រាប់ការធ្វើដំណើរ និងអន្តោប្រវេសន៍ក្នុងរង្វង់រដ្ឋជាសមាជិកសហភាពអឺរ៉ុប លើកលែងតែចក្រភពអង់គ្លេស អៀរឡង់ និងដាណឺម៉ាក ដែលសុទ្ធតែជាប្រទេសនៅរក្សាព្រំដែនរបស់ផងខ្លួនយ៉ាងហ្មត់ចត់។សន្ធិសញ្ញាក្រុងអាំស្ទ័រដាមនេះរួមបញ្ចូលទាំងសក្ដានុពលសម្រាប់សហប្រតិបត្តិការ និងសមាហរណកម្មជាមួយនឹងសហភាពអឺរ៉ុបខាងលិច (Western European Union- WEU) ដែលជាអង្គការនៃអំណាចអឺរ៉ុបខាងលិចផ្ដោតអារម្មណ៍ទៅលើការការពារជាតិ។ វាក៏ទុកឱកាសឲ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតដាក់ពាក្យចូលជាសមាជិក EU ផងដែរ។ សន្ធិសញ្ញាក្រុងអាំស្ទ័រដាម ត្រូវបានចុះហត្ថលេខាដោយសមាជិក EU ។ នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ១៩៩៧។
ឯកសារមួយដែលចេញដោយគណៈកម្មការអឺរ៉ុប (ស្ថាប័នរដ្ឋបាលកំពូលរបស់ EU) នៅ ឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជា "របៀបវរៈ ២០០០" បានគ្រោងនូវយុទ្ធសាស្ត្រមួយសម្រាប់ការពង្រីកវិសាលភាព EU ដោយយោងតាមសន្ធិសញ្ញាក្រុងអាំស្ទ័រដាម។ឯកសារនោះអំពាវនាវឲ្យមានកំណែទម្រង់ជាទ្រង់ទ្រាយធំនៅក្នុងរង្វង់ EU មុនពេល មានកិច្ចព្រមព្រៀងពង្រីកសមាជិកភាពលើកក្រោយៗទៀត។ ក្នុងនោះមានដូចជាវិធានការណ៍បង្កើនកំណើនសេដ្ឋកិច្ចការប្រកួតប្រជែង និងការប្រកបការងារ។ ទន្ទឹមនឹងនោះ វាមានរួមបញ្ចូលទាំងកំណែទម្រង់កសិកម្ម និងរចនាសម្ព័ន្ធ និងផែនការមេសម្រាប់ផ្នែកហិរញ្ញវត្ថុអឺរ៉ុបថ្មីមួយ។
សន្ធិសញ្ញាក្រុងនីស
[កែប្រែ]គម្រោងពង្រីកសហភាពអឺរ៉ុប ត្រូវបានគេលើកយកមកពិភាក្សាជាថ្មីម្ដងទៀតនៅឆ្នាំ ២០០០ នៅក្នុងសន្ធិសញ្ញាក្រុងនីស។ ដោយត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០១ សន្ធិសញ្ញានេះបានគ្រោងទុកជាមុននូវកំណែទម្រង់ជាដំណាក់ៗដើម្បីរៀបចំឲ្យ EU ។ អាចពង្រីកសមាជិកភាព។ វាអំពាវនាវឲ្យមានការកាត់បន្ថយទំហំគណៈកម្មការអឺរ៉ុប, អំពាវនាវឲ្យមានកំណែទម្រង់សិទ្ធី និងដំណើរការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សា EU និងរៀបចំឡើងវិញនូវអាសនៈរបស់រដ្ឋជាសមាជិកនៅក្នុងសភាអឺរ៉ុប។
ខុសពីសន្ធិសញ្ញាអឺរ៉ុបរួម (SEA) សន្ធិសញ្ញាក្រុងអាំស្ទ័រដាម,សន្ធិសញ្ញាក្រុងនីសមិនមានគោលដៅពង្រីកអំណាចរបស់ EU ទេ។ ផ្ទុយទៅវិញ ការបង្កើនតួនាទី និងអំណាចរបស់ EU ។ត្រូវបានពិភាក្សានៅកន្លែងផ្សេងពោលគឺនៅក្នុងសេចក្ដីប្រកាស Laeken ក្នុងឆ្នាំ ២០០១ និងមហាសន្និបាតស្ដីពីអនាគតអឺរ៉ុបនាខែ មីនា ឆ្នាំ ២០០២។ រហូតដល់ចុងឆ្នាំ ២០០២ សមាជិក EU ទាំងអស់អនុម័តលើសន្ធិសញ្ញាក្រុងនីស។ យ៉ាងណាមិញ អ្នកបោះឆ្នោតជនជាតិអៀរឡង់ហៀបនឹងបង្ខំឲ្យមានការចរចាឡើងវិញអំពីសន្ធិសញ្ញានេះ បន្ទាប់ពីពួកគេបានបដិសេធមិនទទួលស្គាល់វា នៅក្នុងការធ្វើប្រជាមតិមួយនៅឆ្នាំ ២០០១។ ពួកគេជាច្រើនមានការព្រួយបារម្ភថា ការពង្រីកសមាជិកភាពសហភាពអឺរ៉ុប អាចនឹងកាត់បន្ថយផលចំណេញផ្នែកហិរញ្ញវត្ថុរបស់ប្រទេសអៀរឡង់ផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះបានអនុម័តសន្ធិសញ្ញាក្រុងនីសប្រកបដោយសុវត្ថិភាព បន្ទាប់ពីធ្វើប្រជាមតិជាលើកទីពីរនៅឆ្នាំបន្ទាប់ ដែលជាហេតុធ្វើឲ្យ EU ។ អាចពង្រីកសមាជិកភាពដូចការគ្រោងទុក។
សហភាពរូបិយវត្ថុ
[កែប្រែ]កិច្ចខិតខំប្រឹងប្រែងរបស់ EU ក្នុងការបង្កើតរូបិយវត្ថុរួមមួយដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាម៉ាសស្ត្រីក ពិតជាមានភាពចម្រូងចម្រាសខ្លាំងតាំងពីដើមដំបូងមកម្លេះ។ ប្រទេស EU មួយចំនួនរួមមានចក្រភពអង់គ្លេស ជាដើមមានការព្រួយបារម្ភថារូបិយវត្ថុអឺរ៉ុបរួមតែមួយអាចនឹងគំរាមកំហែងដល់អត្តសញ្ញាណជាតិ និងអំណាចរបស់រដ្ឋាភិបាលរបស់គេ។ ទោះបីជាមានការបារម្ភបែបនេះក៏ដោយ រដ្ឋជាសមាជិក EU មួយចំនួនខិតខំធ្វើយ៉ាងណាដើម្បីបំពេញលក្ខខណ្ឌសេដ្ឋកិច្ចឲ្យខាងតែបាន ដើម្បីចូលរួមក្នុងសហភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EMU) និង ប្រើប្រាស់រូបិយវត្ថុរួមដែលគេស្គាល់ថាប្រាក់អឺរ៉ូ (Euro) ។
កាក់ និងក្រដាសប្រាក់អឺរ៉ូ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៩ សមាជិកចូលរួមក្នុងសហភាពអឺរ៉ុប បានចាប់ផ្ដើមប្រើប្រាស់រូបិយវត្ថុរួមមួយ អឺរ៉ូ។ អឺរ៉ូត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការទូទាត់គណនី និងការផ្ទេរប្រាក់តាមអេឡិចត្រូនិក រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០២។នៅពេលនោះ កាក់ និងក្រដាសប្រាក់អឺរ៉ូ បានលេចចេញជារូបរាងពិត និងត្រូវគេដាក់ឲ្យចរាចរនៅលើទីផ្សារ និងជំនួសឲ្យរូបិយវត្ថុជាតិរបស់រដ្ឋជាសមាជិកដែលកំពុងចូលរួមក្នុង EU ។
លក្ខខណ្ឌទាំងនោះតឹងតែងខ្លាំងណាស់៖ (១) អត្រាអតិផរណាប្រាក់របស់ប្រទេសមួយមិនអាចលើសពី ១,៥% ខ្ពស់ជាងអត្រាជាមធ្យមនៅក្នុងប្រទេសបី ដែលមានអតិផរណាខ្ពស់បំផុត។ (២) ឱនភាពថវិការបស់ប្រទេសមួយមិនអាចមានទំហំលើសពី ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ទេ ហើយប្រាក់បំណុលជាតិក៏មិនអាចលើសពី ៦០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែរ។ (៣) អត្រាការប្រាក់ក្នុងរយៈពេលយូររបស់ប្រទេសមួយមិនអាចលើសពី ២% ខ្ពស់ជាងអត្រាការប្រាក់ជាមធ្យមនៅក្នុងប្រទេសចំនួនបី ដែលមានអត្រាការប្រាក់ទាបបំផុត។ (៤) ប្រទេសមួយមិនអាចបញ្ចុះតម្លៃរូបិយវត្ថុរបស់ខ្លួនប្រឆាំងទល់នឹងរូបិយវត្ថុរបស់រដ្ឋជាសមាជិកផ្សេងទៀត យ៉ាងហោចណាស់មានរយៈកាលពីរឆ្នាំមុនសហភាពហិរញ្ញវត្ថុ។
រដ្ឋដែលចូលរួមក្នុងសហភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EMU) ក៏បានព្រមព្រៀងលើកតិកាសញ្ញាស្ថិរភាព និងកំណើន (Stability and Growth Pact) ដែលជាកិច្ចព្រមព្រៀងកំណត់កញ្ចប់ថវិកាដើម្បីគាំទ្រប្រាក់អឺរ៉ូ ក្រោយការដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ១៩៩៩។ កតិកាសញ្ញានេះតម្រូវឲ្យប្រទេសទាំងអស់ត្រូវទប់កុំឲ្យឱនភាពថវិកាប្រចាំឆ្នាំរបស់ពួកគេធ្លាក់ហួសពី ៣% នៃទិន្នផលក្នុងស្រុកសរុប បើមិនដូច្នោះទេ គេនឹងត្រូវទទួលពិន័យ។ ក្នុងករណីនេះវាបង្គាប់ឲ្យប្រទេសទាំងអស់ចាត់វិធានការដើម្បីលុបបំបាត់ឱនភាពថវិការបស់ពួកគេជាមួយគ្នា។
ប្រទេសភាគច្រើនជួបការលំបាកក្នុងការបំពេញតាមត្រូវការរបស់ EMU ។ វិធានការណ៍ ដែលកាត់បន្ថយអតិផរណា និងអត្រាការប្រាក់ខ្ពស់ បានបង្កឲ្យមានអត្រាអ្នកគ្មានការងារធ្វើកាន់តែច្រើនឡើងជាបន្ទុកបន្ថែមពីលើបញ្ហាការយកពន្ធខ្ពស់ ដែលកើតមានឡើងដោយសារការព្យាយាមគ្រប់គ្រងបំបាត់ឱនភាពថវិការបស់រដ្ឋាភិបាល។ ផលវិបាកទាំងនេះបណ្ដាលឲ្យមានបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចដែលប្រទេសទាំងអស់កំពុងរងគ្រោះ។ នៅពេលដែលពេលកំណត់សម្រាប់ EMU បានមកដល់ មានពិភាល់ជាច្រើនលើកឡើងថាស្ថានភាពសេដ្ឋកិច្ចពេលនេះមិនល្អសោះ ហើយដំណើរសេដ្ឋកិច្ចនៃប្រទេសសមាជិកទាំងអស់ដូចជាមានគំលាតឆ្ងាយពីគ្នាណាស់។ ដូច្នេះទើបមានប្រទេសមួយចំនួនមិនអាចបំពេញតាមលក្ខខណ្ឌដ៏តឹងតែងរបស់សន្ធិសញ្ញាក្រុងម៉ាសស្ត្រីក។ ទោះបីជាមានបញ្ហាបែបនេះក៏ដោយសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការនៅខែ ឧសភា ឆ្នាំ ១៩៩៨ ក្នុងការចរាចរប្រាក់អឺរ៉ូក្នុងប្រទេសសមាជិកចំនួន១១ ក្នុងចំណោមរដ្ឋទាំង ១៥ ដោយរាប់ចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៩។ តាមកិច្ចព្រមព្រៀងនេះ គេក៏បានបង្កើតឡើងនូវធនាគារអឺរ៉ុប (EBC) ដើម្បីត្រួតពិនិត្យរូបិយវត្ថុថ្មី និងទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុ EU ។ ប្រទេសដែលដាក់ឲ្យប្រើប្រាស់ប្រាក់អឺរ៉ូរួមមានប្រទេសអូទ្រីស ប៊ែលហ្សីក ហ្វាំងឡង់ បារាំង អៀរឡង់ អ៊ីតាលី លុច្សសំប៊ួរ ហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។
ចក្រភពអង់គ្លេស ស៊ុយអ៊ែត និងដាណឺម៉ាក មានលទ្ធភាពបំពេញតាមលក្ខខ័ណ្ឌរបស់ EU ប៉ុន្តែ ពួកគេសម្រេចចិត្តមិនព្រមចូលរួម (ប្រើប្រាស់អឺរ៉ូ)។ ប្រទេសក្រិកសង្ឃឹមថានឹងអាចចូលរួមក្នុងវគ្គទីមួយនឹងគេដែរ ប៉ុន្តែមិនអាចបំពេញលក្ខខណ្ឌ EU បាន។ នៅថ្ងៃទី១ ខែ មករា ឆ្នាំ ១៩៩៩ ប្រទេសចំនួន ១១ ដែលចូលរួមក្នុងតំបន់ ដែលគេហៅថាតំបន់អឺរ៉ូបានចាប់ផ្តើមប្រើប្រាស់ប្រាក់អឺរ៉ូសម្រាប់ការទូទាត់គណនី និងការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដំណាលពេលដែលរូបិយវត្ថុរបស់ប្រទេសគេផ្ទាល់ត្រូវបានរក្សាទុកឲ្យដដែល សម្រាប់ការទូទាត់ផ្សេងទៀត។ ប្រទេសក្រិក បានប្រើប្រាស់ប្រាក់អឺរ៉ូនៅខែ មករា ឆ្នាំ ២០០១ ដែលក្លាយជាសមាជិកទី១២ ក្នុងតំបន់អឺរ៉ូ។ នៅឆ្នាំ ២០០២ ធនាគារ EBC បានចាប់ផ្ដើមផលិតកាក់ និងបោះពុម្ពក្រដាសប្រាក់អឺរ៉ូ ហើយរូបិយវត្ថុនៃប្រទេសសមាជិកតំបន់អឺរ៉ូទាំងអស់លែងជារូបិយវត្ថុស្របច្បាប់ទៀតឡើយ។
សមាជិកទាំង១០ ដែលចូលជាសមាជិក EU កាលពីឆ្នាំ ២០០៤ គ្រោងនឹងចរាចរប្រាក់អឺរ៉ូក្នុងពេលផ្សេងៗគ្នា ហើយការព្យាយាមទាំងនេះត្រូវទទួលរងនូវការប្រឆាំងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមួយចំនួន។ សមាជិកថ្មីខ្លះដូចជាស៊ីព្រុស អេស្តូនី លីធូអេនៀ និងស្លូវេនៀបានប្រកាសថាពួកគេនឹងបោះជំហានយ៉ាងលឿន ដើម្បីចរាចរប្រាក់អឺរ៉ូនៅក្នុងប្រទេសរបស់ពួកគេដោយលៃលកយ៉ាងណា ធ្វើឲ្យពួកគេក្លាយជាសមាជិកក្នុងតំបន់រូបិយវត្ថុរួមយ៉ាងយូរត្រឹមដើមឆ្នាំ ២០០៧។ ដើម្បីអាចប្រើប្រាស់ប្រាក់អឺរ៉ូសមាជិកថ្មីត្រូវតែបំពេញលក្ខខណ្ឌរបស់ EMU ជាមុន សិន។ ជំហានបន្ទាប់ពួកគេត្រូវធានាឲ្យបានថារូបិយវត្ថុរបស់ពួកគេអាចមានស្ថិរភាពប្រហាក់ប្រហែលនឹងប្រាក់អឺរ៉ូក្នុងរយៈពេលលើសពី ២ ឆ្នាំ។ ស្លូវេនៀបានក្លាយជាសមាជិកទីមួយក្នុងចំណោមប្រទេសទាំងនោះ ដែលបានបំពេញលក្ខខណ្ឌរបស់ EMU និងបានប្រើប្រាស់ប្រាក់អឺរ៉ូនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៧ ។
ក្រោយមានបញ្ហាបែបនេះប្រាក់អឺរ៉ូ បានក្លាយជារូបិយប័ណ្ណមួយនៅលើទីផ្សារអន្តរជាតិមួយ។ ឥឡូវនេះគេក្រឡេកទៅចាប់អារម្មណ៍ក្នុងការពង្រឹងគោលនយោបាយរូបិយវត្ថុរួម ក្រោមការបង្ហាញផ្លូវយ៉ាងជាប់លាប់ពីធនាគារកណ្តាលអឺរ៉ុប។ យ៉ាងណាមិញកំណើនយឺត និងភាពគ្មានការងារកាន់តែកើនឡើងពាសពេញតំបន់អឺរ៉ូក្រោយឆ្នាំ ២០០០ បានបណ្ដាលឲ្យមានឱនភាពថវិកាកាន់តែខ្លាំង ហើយគណៈកម្មការអឺរ៉ុបភ្លាមនោះបានព្រមានអៀរឡង់ និងអាល្លឺម៉ង់ឲ្យកាត់បន្ថយចំណាយថវិការបស់ពួកគេ ដើម្បីឲ្យស្របតាមដែនកំណត់របស់កតិកាសញ្ញាស្ថិរភាព និងកំណើន (SGP) ។ នៅឆ្នាំ ២០០២ ក្នុងរង្វង់សហភាពអឺរ៉ុបមានការព្រួយបារម្ភខ្លាំងចំពោះប្រសិទ្ធភាពរបស់ (SGP) ។ មានប្រទេសកាន់តែច្រើនជិតធ្លាក់ ឬធ្លាក់ក្នុងឱនភាពថវិកា។នៅខណៈពេលនោះដែរគេឃើញមានកិច្ចប្រឹងប្រែងក្នុងការពង្រឹង GSP ពិសេសផ្នែកឱនភាពថវិកាស្របពេលដែលគេត្រូវដាស់តឿនរដ្ឋាភិបាលជាតិនីមួយៗកុំឲ្យចំណាយថវិកាហួសហេតុពេក ដើម្បីជា ប្រយោជន៍សម្រាប់បង្កើនកិច្ចការសង្គម និងស្ដារសេដ្ឋកិច្ច។
ការកើនឡើងនូវតម្លាភាព
[កែប្រែ]ការបង្កើតសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុ (EMU) បានជួយជំរុញឲ្យល្បឿនសមាហរណកម្ម និងសហប្រតិបត្តិការក្នុងចំណោមសមាជិក EU កាន់តែលឿនឡើងរកស្មានមិនដល់។ ផលវិបាកមួយគឺពលរដ្ឋអឺរ៉ុប និងរដ្ឋាភិបាលសមាជិក EU មួយចំនួនមានការបារម្ភថាស្ថាប័នធំៗរបស់ EU មិនមានលក្ខណៈប្រជាធិបតេយ្យ និងគ្មានតម្លាភាពគ្រប់គ្រាន់ទេ។ ក្នុងនោះពួកគេសង្កត់ធ្ងន់លើគណៈកម្មការអឺរ៉ុប។ ស្របពេលដែលអំណាចរបស់ EU កើនឡើង ការបារម្ភក៏កើនឡើងដែរថាគណៈកម្មការនេះគ្រប់គ្រងតឹងពេក ដោយមិនមានការពិចារណាគិតគូរឲ្យបានវែងឆ្ងាយឡើយ។ខណៈពេលនោះដែរ ក៏មានការបារម្ភផងដែរថាស្ថាប័នមួយ ដែលជ្រើសតាំងឡើងដោយប្រព័ន្ធប្រជាធិបតេយ្យពោលគឺសភាអឺរ៉ុបមានអំណាចតិចតួចណាស់។ លោក ហ្សាក់ សង់តេ (Jacques Santer) បានក្លាយជាប្រធានគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបនៅឆ្នាំ ១៩៩៥។ គាត់បម្រើការងាររហូតដល់ឆ្នាំ ១៩៩៩ ជាពេលដែលគាត់លាលែងចេញពីតំណែង ដើម្បីប្រឆាំងទល់នឹងរបាយការណ៍របស់សភាអឺរ៉ុប ដែលចោទសមាជិកនៃគណៈកម្មការខ្លះថាបានប្រព្រឹត្តអំពើពុករលួយ និងធ្វេសប្រហែសចំពោះការងារ ។
បញ្ហានេះបានបន្តរហូតដល់ឆ្នាំ ១៩៩៩ នៅពេលដែលមានរបាយការណ៍មួយរៀបចំឡើងដោយសវនករ (អ្នកត្រួតពិនិត្យដំណើរការអ្វីមួយ) ឯករាជ្យតាមការស្នើសុំរបស់សភាអឺរ៉ុប។ លទ្ធផលនៃរបាយការណ៍បានចង្អុលបង្ហាញពីភស្តុតាងជាច្រើនអំពីការដឹកនាំមិនល្អរបស់ផ្នែកខ្លះ នៃគណៈកម្មការអឺរ៉ុប ក្នុងនោះមានបេសកជនខ្លះត្រូវគេចោទថាមានអំពើពុករលួយជ្រើសរើសបុគ្គលិកមិនត្រឹមត្រូវដោយរើសយកតែបក្សពួករបស់ខ្លួន និងធ្វេសប្រហែសចំពោះកម្មវិធីរបស់ខ្លួន។ ក្រោយការបញ្ចេញរបាយការណ៍នេះ គណៈកម្មការអឺរ៉ុបទាំងមូលត្រូវលាលែងចេញពីតំណែង ជាអំពើមួយដែលមិនធ្លាប់មានពីមុនមក។ ជាទូទៅ អ្នកជំនាញការចាត់ទុករបាយការណ៍នោះរួមទាំងលទ្ធផលនៃការលាលែងតំណែងខាងលើគឺជាជំហានមួយដ៏សំខាន់របស់សភាអឺរ៉ុបក្នុងការបង្កើនតម្លាភាពបែបប្រជាធិបតេយ្យនៃស្ថាប័នគ្រប់គ្រង EU ។
សមាជិកសហភាពអឺរ៉ុប
[កែប្រែ]
|
|
រចនាសម្ព័ន្ធសហភាពអឺរ៉ុប
[កែប្រែ]សសរស្តម្ភ
[កែប្រែ]សមាជិកសហភាពអឺរ៉ុបធ្វើសហប្រតិបត្តិការជាមួយគ្នាក្នុងស្ថាប័នសំខាន់ចំនួនបី ដែលជារឿយ គេហៅថាសសរស្ដម្ភ (pillars) ។ នៅចំកណ្ដាលនៃប្រព័ន្ធនេះគឺសសរស្ដម្ភសហគមន៍អឺរ៉ុប (EC) ដែលមានតួនាទីបែប supranational រួមជាមួយនឹងស្ថាប័នគ្រប់គ្រងរបស់វា។ សសរស្ដម្ភសហគមន៍អឺរ៉ុប អមដោយសសរស្ដម្ភពីរទៀត ដែលធ្វើការសហប្រតិបត្តិការបែបអន្តររដ្ឋាភិបាល៖ គោលនយោបាយការបរទេស និងសន្តិសុខរួម (Common Foreign and Security Policy- CFSP ) និងគេហកិច្ច និងកិច្ចការយុត្តិធម៌ (Justice and Home Affairs- JHA) ។ សសរស្ដម្ភទាំងពីរជាលទ្ធផលកើតពីកិច្ចព្រមព្រៀងក្រុងម៉ាសស្ត្រីកដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែស្អិតល្មួត។ យ៉ាងណាមិញ ដោយសារតែសមាជិកទាំងនោះគ្មានឆន្ទៈ បោះបង់សិទ្ធិអំណាចទៅឲ្យស្ថាប័នបែប supranational ថ្មី ការសម្រេចចិត្តលើគោលនយោបាយរបស់សសរស្ដម្ភទាំងនេះត្រូវបានគេធ្វើឡើងដោយការសហការសំងាត់រវាងសមាជិកទាំងឡាយ ដូច្នេះហើយទើបគោលនយោបាយទាំងនោះមិនអាចពង្រឹងបានទេ។ ភាគច្រើនស្ថាប័នគ្រប់គ្រងនៃសសរស្ដម្ភសហគមន៍អឺរ៉ុប មានលទ្ធផលតិចតួចលើសសរស្ដម្ភពីរទៀត ឬក៏គ្មានសោះតែម្ដង។ -----នៅមានត----
អនាគតនៃសហភាពអឺរ៉ុប
[កែប្រែ]ចាប់តាំងពីឆ្នាំ ១៩៥១ EU បានធ្វើដំណើរលើវិថីមួយឆ្ងាយគួរសមហើយ។ សមាជិករបស់វាបានកើនឡើងជាលំដាប់ វាបានបញ្ចូលអឺរ៉ុបផ្នែកខាងលិច និងថ្លឹងថ្លែងបញ្ចូលអឺរ៉ុបខាងកើតជាច្រើនផងដែរ។ វាបានអភិវឌ្ឍកន្សោមច្បាប់រួម គោលនយោបាយរួម និងអនុវត្តរួម និងមានការសហប្រតិបត្តិការយ៉ាងស្អិតល្មួតក្នុងចំណោមសមាជិក។ ដោយឡែកដំណើរវិវឌ្ឍន៍របស់វាហាក់មិនរលូនសោះ ដោយជួនកាលមានចលនាខ្លះរុញច្រានគ្នាចេញវិញ។ ក្រោយសកម្មភាពថ្លៃថ្លានៅទសវត្សឆ្នាំ ១៩៦០ ។ EU ហាក់គាំងដំណើរ ប៉ុន្តែរហូតដល់ពាក់កណ្ដាលទសវត្ស ឆ្នាំ ១៩៨០ ទើប EU ចាប់មានដំណើរសមាហរណកម្មយ៉ាងខ្លាំងជាថ្មីម្ដងទៀត។ នៅទសវត្សឆ្នាំ ១៩៩០ ការព្រួយបារម្ភលើបរិយាកាសសេដ្ឋកិច្ច និងរូបភាពនៃការលែងទុកចិត្តលើ EU បានបណ្ដាលឲ្យមានភាពយឺតយ៉ាវក្នុងការបោះជំហានទៅមុខបន្ត។ ទាំងសន្ធិសញ្ញាក្រុងអាំស្ទ័រដាម និងសន្ធិសញ្ញាក្រុងនីស សុទ្ធតែសង្កត់ធ្ងន់លើការបង្រួបបង្រួមជាជាងសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាក្ដៅៗ។
ដំណើរការរីកចម្រើនទៅមុខខុសប្រក្រតីបែបនេះ មួយចំណែកគឺអាស្រ័យលើជម្លោះពីរដែលមិនអាចដោះស្រាយនៅក្នុងរង្វង់ EU ។ ជម្លោះទីមួយគឺថាត្រូវផ្ដល់អាទិភាពក្នុងការពង្រឹង (deepening) និង ឬពង្រីក (widening) ពោលគឺគេជជែកគ្នាថាតើត្រូវផ្ដោតលើការពង្រីងសមាហរណកម្មក្នុងចំណោមសមាជិក ដែលមានស្រាប់ឲ្យកាន់តែខ្លាំងឬក៏ត្រូវពង្រីកសមាជិកភាពថ្មីបន្ថែម ដើម្បីទាំងអស់គ្នាអាចទទួលបានប្រភេទអឺរ៉ុបពួកគេចង់បាន។ ជម្លោះទីពីរ គឺជាជម្លោះរវាងគំនិតបែប supranationalism និងគំនិតបែប inter-governmentalism ។ ទោះបីជាគេទទួលគំនិតបែប supranationalism យ៉ាងទូលំទូលាយ រដ្ឋាភិបាលជាតិទាំងឡាយហាក់មានការស្ទាក់ស្ទើរក្នុងការផ្ដល់អំណាចគ្រប់គ្រងលើគោលនយោបាយទាំងអស់ដល់ស្ថាប័ន EU ។ ការអភិវឌ្ឍនូវសសរស្ដម្ភទាំងបីដាច់ដោយឡែកពីគ្នារបស់ EU ឆ្លុះបញ្ចាំងពីតថភាពនេះ៖ រដ្ឋជាសមាជិកទាំងឡាយខកខានមិនបានផ្ដល់ការគ្រប់គ្រងថ្នាក់ជាតិដល់ស្ថាប័នបែប supranationalism លើបញ្ហានយោបាយក្ដៅៗដូចជាគោលនយោបាយការបរទេស និងកិច្ចការយុត្តិធម៌។
ឧបសគ្គភ្លាមៗមួយក្នុងចំណោមឧបសគ្គជាច្រើនដែល EU ប្រឈមមុខគឺធានាឲ្យបាននូវជោគជ័យក្នុងគោលដៅយូរអង្វែងរបស់ប្រាក់អឺរ៉ូ ដែលជាជោគជ័យមួយ អាស្រ័យថាតើស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារពិភពលោកអាចទទួលស្គាល់វាបានក្នុងកម្រិតណា។ ការពង្រីកសមាជិកភាព EU ដោយបញ្ចូលអឺរ៉ុបខាងកើតគួរតែអាចបង្កើនវិសាលភាពសេដ្ឋកិច្ច តាមរយៈការពង្រីកទីផ្សាររួម និងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ EU សង្ឃឹមថាការពង្រីកសមាជិកភាពនឹងជួយពង្រឹងជំហររបស់ EU រួមសំឡេងតែមួយក្នុងកិច្ចការពិភពលោក និងចូលរួមចំណែកការពារសន្តិសុខ និងស្ថិរភាពនៅទូទាំងទ្វីបអឺរ៉ុប។
យ៉ាងណាមិញ គេសង្កេតឃើញថា EU និងរដ្ឋជាសមាជិកជួបការលំបាកក្នុងការពង្រីងការបង្រួបបង្រួមលើអនាគតនៃហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ EU ក្រោយពេលពង្រីកសមាជិកភាព។ យោងតាមលក្ខខណ្ឌបច្ចុប្បន្ន កញ្ចប់ថវិកាដែលត្រូវចែកចាយក្នុងគោលនយោបាយកសិកម្មរួម (CAP) ដើម្បីគាំទ្រដល់វិស័យកសិកម្ម និងដែលជាចំនួនដ៏ធំបំផុតនៃខ្ទង់ចំណាយរបស់ EU នឹងត្រូវធ្លាក់លើរដ្ឋសមាជិកថ្មី។ ប្រការនេះជាការរំលឹក និងព្រមានដល់រដ្ឋសមាជិកចាស់ក្រីក្រ ដែលធ្លាប់ទទួលមូលនិធិទាំងនេះក្នុងពេលដែលរដ្ឋសមាជិកមានកំពុងស្ទាក់ស្ទើរក្នុងការផ្ដល់មូលនិធិបន្ថែមទៀតដល់ CAP ។ -----នៅមានត----
មើលផងដែរ
[កែប្រែ]- ទឹកដីពិសេសនៃសមាជិកតំបន់សេដ្ឋកិច្ចអឺរ៉ុប
- បញ្ជីរាយបណ្ដុំប្រទេស
- បញ្ជីរាយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី
- កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងពាណិជ្ជកម្មអឺរ៉ុប–សហរាជាណាចក្រ
- សហភាពអាហ្វ្រិក
កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "DISCRIMINATION IN THE EU IN 2015". Special Eurobarometer. 437. European Union: គណៈកម្មការអឺរ៉ុប. 2015. Archived from the original on 14 March 2020. Retrieved 8 May 2023 – via GESIS.
- ↑ មាត្រា ១ នៃសន្ធិសញ្ញាសហភាពអឺរ៉ុបបានចែងថា៖ "សហភាពនេះត្រូវបានបង្កើតឡើងដោយផ្អែកលើសន្ធិសញ្ញាបច្ចុប្បន្ន និងនៅលើសន្ធិសញ្ញាស្តីពីដំណើរមុខងារនៃសហភាពអឺរ៉ុប។ សន្ធិសញ្ញាទាំងពីរនេះគឺត្រូវមានតម្លៃផ្លូវច្បាប់ស្មើគ្នា។ សហភាពនេះដែរត្រូវជំនួស និងបន្តវេនពីសហគមន៍អឺរ៉ុប"។
- ↑ "Population on 1 January". ec.europa.eu. Eurostat. Retrieved 7 May 2023.
- ↑ ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2022 (EU countries)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 7 May 2023.
- ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 7 May 2023.
- ↑ "Glossary of Statistical Terms – COPENHAGEN CRITERIA". Organisation for Economic Co-operation and Development. 11 June 2013. https://stats.oecd.org/glossary/detail.asp?ID=3048.
- ↑ "The EU in brief". European Union. 16 June 2016.
- ↑ (2012)"What Is Sui Generis About the European Union? Costly International Cooperation in a Self-Contained Regime". International Studies Review 14 (3): 367–385. DOI:10.1111/j.1468-2486.2012.01136.x.
- ↑ Hlavac, Marek (2010). "Less than a State, More than an International Organization: The Sui Generis Nature of the European Union". Central European Labour Studies Institute. DOI:10.2139/ssrn.1719308.
- ↑ "European Union reaches 500 Million through Combination of Accessions, Migration and Natural Growth". Vienna Institute of Demography. Retrieved 8 May 2023.
- ↑ "World Economic Outlook Database, October 2022". IMF.org. International Monetary Fund. Retrieved 8 May 2023.
តំណភ្ជាប់ក្រៅ
[កែប្រែ]សហភាពអឺរ៉ុប បកប្រែដោយៈ ថា លាងអាង (THA LEANG ANG) Archived 22 July 2011[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា Archived 4 December 2008[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. សាកលវិទ្យាល័យភូមិន្ទភំពេញ។
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: European Union |