ខេត្តឃ្លាំង
ខេត្តឃ្លាំង (អង់គ្លេស: Kleng Province) ជាខេត្តមួយ ដែលមានប្រជាជនខ្មែរក្រោមម្ចាស់ស្រុករស់នៅកុះករជាងគេ បន្ទាប់ពីខេត្តព្រះត្រពាំងដែលគេបាន ចាត់ទុកថាមានប្រជាជនខ្មែរក្រោមប្រហែលជាជាង ៧០ ភាគរយនៃបណ្តាប្រជាជនទូទាំងខេត្តមាន វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវត្តអារាម ដែលជាដួងព្រលឹងរបស់ជាតិខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម។ ខេត្តនេះស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ មជ្ឈមណ្ឌលនៃខេត្តឃ្លាំងគឺ ទីរួមខេត្តឃ្លាំងខេត្តឃ្លាំងមានផ្ទៃដីចំនួន ៣,២៩៨.២ គីឡូម៉ែត្រការ៉េ ។
សឺនសុរីយាអាប់រស្មីបន្តវិគីភីឌា។
ទីតាំងភូមិសាស្ត្រ
[កែប្រែ]ខេត្តឃ្លាំងជាខេត្តមួយ នៅដែនដីកម្ពុជាក្រោម មានព្រំប្រទល់
- ខាងជើង ជាប់ព្រំប្រទល់នឹង ខេត្តព្រែកឬស្សី
- ទិសនិរតីជាប់ ព្រំប្រទល់នឹង ខេត្តពលលាវ
- ទិសឥសានជាប់ព្រំប្រទល់នឹង ខេត្តព្រះត្រពាំង
- ខាងត្បូងជាប់ជាមួយនឹង ឈូងសមុទ្រចិនខាងត្បូង ។
ភោគផលធម្មជាតិ
[កែប្រែ]ផ្ទៃដីសរុបរួមមាន 3.223 Km2 ផ្ទៃដីកសិកម្ម 249.088 ha ផ្ទៃដីធ្វើស្រែ 188.067 ha ផ្ទៃដីសម្រាប់ ឈើឧស្សាហកម្មសរុប 20.815 ha ផ្ទៃដីសម្រាប់ឈើ ប្រណីត 40.206 ha ផ្ទៃដីជលផលមាន 41.382 ha ផ្ទៃដីដែលជាព្រៃ 16.015 ha និង ផ្ទៃដីជាព្រែក ទន្លេ បឹងបួមាន 72 Km2. ។
ប្រជាជន (ព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលយួន)
[កែប្រែ]សរុបប្រជាជនទូទាំងខេត្តមាន 1.191.300 នាក់ក្នុងនោះ ប្រុសមានចំនួន 580.642 នាក់ , ស្រីចំនួន 610.658 នាក់ ។ បណ្តាស្ថិតិ ប្រជាជនខាងលើក្នុងនោះប្រជាជនយួន (Kinh) មានចំនួន ៦៤ % ,ខ្មែរក្រោម មានចំនួន ២៨ % ,ប្រជាជនចិន មាន ៨ % ។
រដ្ឋបាល
[កែប្រែ]ខេត្តឃ្លាំង (អង់គ្លេស: Kleng Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង។ ខេត្តឃ្លាំងបច្ចុប្បន្ន រដ្ឋាភិបាលអាណានិគម បក្សកម្មុយនិស្តយួន បានបែងចែកជា ៨ ស្រុក និង ខ័ណ្ឌ ក្នុងខេត្តនេះមាន ៧ស្រុក ឃុំ និង ភូមិ÷
ខេត្តឃ្លាំង | |||
---|---|---|---|
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកជាអក្សរយួន |
១ | ស្រុកអណ្ដូងទឹក | Andong Tuk District | Long Phu |
២ | ស្រុកខ្សាចំ | Khsaa Cham District | Ke Sach |
៣ | ស្រុកជ្រោយ ញ | Chroy Nh District | Vinh Chau |
៤ | ស្រុកបាយឆៅ | Bay Chaw District | My Xuyen |
៥ | ស្រុកកោះទុង | Koh Tung District | Cu Lao Dung |
៦ | ស្រុកកំពង់ធំ | Kampong Thom District | My Tu |
៧ | ស្រុកពងទឹក | Pongtuk District | Thanh Tri |
៨ | ស្រុកព្រែកគយ | Prekkol District | Tran De |
ក្នុងបណ្តាស្រុក និង ខ័ណ្ឌទាំង ៨ ខាងលើ នោះមាន ១០ ឃុំ/សង្កាត់, ១០ ទីរួមស្រុក និង ៨៤ ភូមិ ។ ( ប្រភព Bao Can Tho ជាភាសា យួន )
វត្ត ព្រះពុទ្ធសាសនាខ្មែរក្រោម
[កែប្រែ]១.វត្តខ្មែរមានចំនួន ៩២ វត្ត
- ក្នុងនោះរួមមាន៖
- ទីរួមខេត្តឃ្លាំង មាន ០៧ វត្ត
- ស្រុកអណ្តូងទឹក មាន ១៤ វត្ត
- ស្រុកខ្សាច់ មាន ០៦ វត្ត
- ស្រុកជ្រោយ ញ មាន ២១ វត្ត
- ស្រុកបាយឆៅ មាន ១៨ វត្ត
- ស្រុកកំពង់ធំ មាន ១៦ វត្ត
- ស្រុកពងទឹក មាន ០៩ វត្ត
- ស្រុកកោះទុង មាន ០១ វត្ត
- សាលាឆទាន មាន ៣២ ។
រម្មណីយដ្ឋានវប្បធម៌ខ្មែរក្រោម
[កែប្រែ]១.វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងបានក្លាយ ទៅជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង៖
មានទីតាំងឋិតនៅខាងត្បូងវត្តឃ្លាំង ទីរួមខេត្ត ឃ្លាំង គឺជាស្ថាបត្យកម្មមួយដែលបានកសាងឡើង តាមរបៀបរចនាបទ្មខ្មែរ ។
សារមន្ទីរនេះ កាលពីមុនត្រូវបានគេស្គាល់ជា សាធារណៈថា វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យរង នៅដែនដីកម្ពុជាក្រោម ត្រូវបាន សម្តេច នរោត្តម សីហនុ យាងទៅសម្ភោធ កាលពីឆ្នាំ ១៩៤២ ។
ក្រោយពីបារាំងបានប្រគល់កម្ពុជាក្រោម ទៅឲ្យរដ្ឋាភិបាលយួនធ្វើអាណានិគមបន្តលើខ្មែរ ក្រោមនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនងរវាង ខ្មែរក្រោម នឹង ព្រះរាជាណាចក្រ កម្ពុជាត្រូវបានយួនកាត់ផ្តាច់បន្តិចម្តងៗ ។ កត្តានេះហើយ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរង បញ្ឈប់ដំណើរការ ។ ក្រោយមកត្រូវបានមេដឹកនាំខ្មែរក្រោមក្នុងកងជួរនៃរដ្ឋាភិបាល បក្សកុម្មុយនិស្តយួនសំណូមពរឲ្យដាក់វិទ្យាស្ថាននេះ ធ្វើជាសារមន្ទីរជន ជាតិខ្មែរខេត្តឃ្លាំងវិញ ដើម្បីរក្សាទុកនូវកេរដំណែលដូនតា ខ្មែរក្រោម គ្រប់ជំនាន់ មានដូចជា សាស្ត្រាស្លឹករឹត សំលៀក បំពាក់ខ្មែរ ពីបុរាណ ផ្ទះខ្មែរសម័យបុរាណ វត្តអារាម និងវង់ភ្លេងខ្មែរជាដើម។
បានចូលទស្សនាសារមន្ទីរនេះ យើងនឹងបាន ជ្រាប និង បានយល់ពីជីវភាព, របៀបរបប នៃការរស់ នៅរបស់ជនជាតិដើម ខ្មែរក្រោម នៅខេត្តឃ្លាំង ។
២.វត្តឃ្លាំង
វត្តឃ្លាំង គឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិង វប្បធម៌ខ្មែរក្រោមមួយ ក្នុងចំណោមវត្តខ្មែរក្រោមទាំង ៩១ វត្ត នៅខេត្តឃ្លាំង ដែលមានទីតាំងឋិតចំ កណ្តាលទីរួមខេត្ត ។
វត្តនេះ បានកសាងកាលពី គ.ស. ១៥៣៣ ដោយលោកចៅហ្វាយខេត្តឈ្មោះ ពញាតាត ដែលបានតែងតាំងឡើងដោយ ព្រះបាទអង្គច័ន្ទ (១៥១៦-១៥៦៦) ។ នៅផ្នែកខាងជើងទីរួម ខេត្តមានដីផ្នោ ធំមួយកន្លែងដែល ពញាតាត និង ប្រជាជនខ្មែរក្រោម បានសម្រេចកសាងវត្តមួយនៅលើផ្ទៃដី ៤ ហិចតា ឲ្យឈ្មោះថា «វត្តឃ្លាំង» ។ បន្ទាប់មក ពញាតាត និង ប្រជាពល រដ្ឋខ្មែរក្រោម បាននិមន្តព្រះតេជព្រះគុណ ព្រះនាម សុខ ព្រះជន្មាយុ ៦១ ព្រះវស្សា ដែលសាង ផ្នួសបាន ៤០ ព្រះវស្សា ហើយមានកំណើតគង់នៅវត្ត ហ្លួងបាសាក់ ស្រុកបាយឆៅ ខេត្តឃ្លាំង មកធ្វើ ជា ព្រះចៅអធិការ ដំបូងបង្អស់នៅវត្តនេះ ។
នៅពេលសង់ព្រះវិហារ ព្រះសង្ឃបានឲ្យជីកស្រះ ៣ គឺ ស្រះទី ១ ឋិតនៅទិសឦសាន ស្រះទី ២ ឋិតនៅទិសខាងកើត និង ស្រះទី ៣ ឋិតនៅទិសអាគ្នេយ៍ ដើម្បីយកអាចម៍ដីមកធ្វើខឿនព្រះវិហារនោះ ។ ស្រះទិសខាងកើតត្រូវបានលុបជិតនៅក្នុង គ.ស.១៩៦២ ។ ព្រះវិហារវត្តឃ្លាំងមានខឿន ៣ ជាន់ ជាតំណាងព្រះរតនត្រ័យ ។ ខឿនទី ១ មាន ខ្លោងទ្វារចំនួន ៤ ឋិតនៅទិសទាំង ៤ មានរូបយក្ស កាន់ដំបងនៅលើសសរខ្លោងទ្វារទាំងសងខាង ។ ខាងលើខ្លោងទ្វារមានរូបរាហ៊ូចាប់ច័ន្ទព្រមទាំងក្បូរក្បាច់ រចនាយ៉ាងប្រណីត ។ នៅលើខឿនទី ២ នៅទិសខាង លិចនិង ខាង កើតមានជណ្តើរពីរៗ នៅទិសខាងត្បូង និងខាងជើងម្ខាងមួយៗ ។ ខឿនទី ៣ ដែលជា ខឿនភ្ជាប់នឹងព្រះវិហារមានជណ្តើរឡើងព្រះវិហារ ពីរនៅទិសខាងលិច និងពីរទៀតនៅ ទិសខាងកើត ។ នៅខាងក្នុងព្រះវិហារមានព្រះពុទ្ធបដិមាទ្រង់គ្រឿង មួយអង្គធំ បិទមាសសន្លឹក អមដោយព្រះពុទ្ធបដិមាតូចៗជាច្រើនទៀត ខ្លះទ្រង់ គង់ ខ្លះទ្រង់ឈរ និង ខ្លះទៀតទ្រង់គង់ព្រះភ្នែន ។ ទ្វារ និង បង្អួចទាំង អស់ឆ្លាក់ពីឈើមានក្បាច់ផ្កាភ្ញីវល្លិ៍ ក្បាច់ដកច័ន្ទ និង រូបទេវតា យក្សជិះសត្វ ពាហនៈ ជាដើម ។
៣.វត្តសេរីតេជោមហាទប់៖
ជាវត្តខ្មែរក្រោមមួយបានកសាង នៅក្នុងឆ្នាំ គ.ស.១៥៦៩ ឋិតនៅក្នុងទីរួមខេត្តឃ្លាំង បើតាមភូមិសាស្ត្ររដ្ឋបាលនៃរដ្ឋាភិបាល អាណានិគមយួន ឥឡូវនេះវត្តសេរីតេជោមហាទប់ មានអាស័យដ្ឋាន លេខ ៧៣ B វិថី Lê Hồng Phong សង្កាត់ទី ៣ ខ័ណ្ឌទី ៣ ទីរួមខេត្តឃ្លាំង ។
វត្តសេរីតេជោមហាទប់ គឺជារម្មណីយដ្ឋានខ្មែរក្រោមមួយដ៏មានប្រជាប្រិយភាព ព្រោះវត្តនេះមាន ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងមានសត្វជ្រឹងរាប់ពាន់ក្បាលទំនៅ លើទ្រនំដើមឈើក្នុង បរិវេណ វត្តយ៉ាងកកកុញ ជាពិសេសរូបភាពព្រះវិហារប្រកបដោយក្បូរ ក្បាច់រចនាខ្មែរយ៉ាងស្រស់ប្រិមប្រិយ នោះ បានទាក់ទាញភ្ញៀវទេសចរណ៍ ចូលទស្សនាកំសាន្តមិនតិចឡើយ ។
បច្ចុប្បន្ននេះ បើសិនជាយើងធ្វើដំណើរទៅ ទស្សនាវត្តសេរីតេជៅមហាទប់នោះ យើងមិនបានឃើញព្រះវិហារទេ ព្រោះព្រះវិហារ ដ៏មានចំណាស់ សម្រាប់ព្រះសង្ឃធ្វើសង្ឃ កម្មគ្រប់ពេល និងជានិម្មិតរូប នៃវប្បធម៌របស់ខ្មែរក្រោមដ៏មានតម្លៃមួយនេះ ត្រូវបានឆេះ ដោយមិនដឹងមូលហេតុ កាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០០៧ កន្លងទៅនេះ ។
៤.វត្តប្រាសាទគង់៖
ជាវត្តខ្មែរក្រោមមួយមានអាយុចាស់ជាងគេនៅខេត្តឃ្លាំង គឺបានកសាងក្នុងឆ្នាំ គ.ស.១២២៤
បច្ចុប្បន្ន វត្តនេះឋិតនៅក្នុងភូមិប្រាសាទគង់ ឃុំ កំពង់ដូង (Tham Đôn) ស្រុកបាយឆៅ ( Mỹ Xuyên) វត្តប្រាសាទគង់ ត្រូវបានជនជាតិយួនស្គាល់ជា សាធារណ៍ថា វត្តតាកយង់ (Chùa Tát Giồng) ព្រោះ ជនជាតិយួនគេមិនចេះនិយាយភាសាខ្មែរ ពេលបានចូលមករស់នៅដែនដីកម្ពុជាក្រោមលើក ដំបូងពួកគេមិនបានដឹងអ្វីទេពេលឃើញម្ចាស់ស្រុកខ្មែរក្រោមនៅតំបន់នេះហៅថា វត្តប្រាសាទគង់ ក៏ នាំគ្នាហៅតាមពីពាក្យ ប្រាសាទគង់ទៅជាសំនៀងយួនថា តាកយង់ វិញ ។
៥. វត្តសិរីសុខុមស្រឡូង៖
វត្តសិរីសុខុមស្រឡូង បានកសាង នៅក្នុងឆ្នាំ គ.ស.១៨១៥ នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ ។ វត្តនេះ ជនជាតិយួន និយមហៅថាវត្តជូសាឡូង (Chua Salon) ឬ ជួចែនកេវ(Chua Chen Kieu) មានន័យថា វត្តចានអម្បែង ព្រោះជនជាតិយួនបានឃើញចានអម្បែងជាច្រើនត្រូវបានបិទនៅតាម ជញ្ជាំងព្រះវិហារធ្វើជាលម្អ ។
ធ្វើដំណើរដល់វត្តនេះ យើងឃើញមានខ្លោងទ្វារកំពូល ៣ តាមលំនាំប្រាសាទអង្គរវត្ត មានឆ្លាក់អក្សរ ឈ្មោះវត្តជាពីរភាសា ថា «វត្តសិរីសុខុមស្រឡូង»និងជាភាសាយួនថា ( Chùa Salon «Chén Kiểu» )។
ពេលបានចូលទៅខាងក្នុងបរិវេណវត្តយើង នឹងបានឃើញនូវទីធ្លាដ៏ទូលាយ និងបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដោយព្រះសង្ឃ បានបោសសម្អាត និងថែរក្សាជាប្រចាំ ។ ក្រៅពីរមណីយដ្ឋាន ដែលបានរៀបរាប់មកនេះ នៅមានរម្មណីយដ្ឋានជាច្រើនទៀត ជា កេរមរតក របស់ដូនតាខ្មែរក្រោម ហើយទីតាំងទាំងនោះ បានផ្តល់ផលប្រយោជន៍ ទៅឲ្យរដ្ឋាភិបាលយួនមួយថ្ងៃៗ មិនតិចទេ នូវប្រាក់ចំណូលដែលទទួលបាន ពីភ្ញៀវ ទេសចរណ៍បរទេសដែល គេបានទៅកំសាន្ត ។
វិស័យសិក្សាអប់រំ
[កែប្រែ]ការសិក្សាជាភាសាខ្មែរនៅកម្ពុជាក្រោម ដែលព្រះសង្ឃខ្មែរក្រោមកំពុងតែសិក្សារាល់ថ្ងៃបានបន្តិចបន្តួចនោះ មិនមែនជាការផ្តល់ ឲ្យដោយរដ្ឋាភិបាលអាណានិគមយួននោះទេគឺបានដោយ ការខិត ខំប្រឹង ប្រែង ក្នុងការៗពារ ពង្រឹងពង្រីក និងការលះបង់ដ៏ធំធេង របស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់កាលការ សិក្សារៀនសូត្រ អំពីអក្សរសាស្ត្រខ្មែររបស់ព្រះសង្ឃនិងជនជាតិដើមខ្មែរក្រោម នៅទឹកដីខេត្តឃ្លាំង បច្ចុប្បន្ន មានពីរផ្នែកគឺ៖
ទី១៖ គឺសិក្សាផ្នែកធម្មវិន័យនៅតាមវត្តនានា
ទី២៖ សិក្សាផ្នែកបាលីនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីភាគខាងត្បូង ខេត្តឃ្លាំង ដែលភាសា យួន ហៅថា ( Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng ) ។
ការសិក្សានៅតាមវត្តអារាមផ្នែកធម្មវិន័យនេះមាន ៣ ថ្នាក់ គឺ៖
ថ្នាក់ដំបូង ហៅថា «ថ្នាក់ត្រី» វិញ្ញាសានៅក្នុង កម្មវិធីសិក្សាមាន ៧ គឺៈ
ពុទ្ធប្បវត្តិ ( ប្រវត្តិព្រះពុទ្ធសមណគោត្តម ) សាមណេរវីន័យ ( វិន័យរបស់សាមណេរ ) ប្រជុំកងធម៌ (ថ្នាក់ត្រី) សរសេរតាមអានភាសាខ្មែរ វេយ្យាករណ៍ភាសាខ្មែរ តែងសេចក្តីភាសាខ្មែរ និង ភាសាយួន គណិត (ថ្នាក់ទី ៣ ភាសាយួន)
ថា្នក់ទីពីរ ហៅថា «ថ្នាក់ទោ» កម្មវិធីសិក្សា មាន ៧ វិញ្ញសា គឺ៖
អនុពុទ្ធប្រវត្តិ (ប្រវត្តិអគ្គសាវគ្គរបស់ព្រះពុទ្ធ) ប្រជុំកងធម៌ (ថ្នាក់ទោ) ព្រះវិន័យក័ណ្ឌ សរសេរតាមអានភាសាខ្មែរ វេយ្យាករណ៍ភាសាខ្មែរ តែងសេចក្តីភាសាខ្មែរ និង ភាសាយួន គណិត ( ថ្នាក់ទី ៤ ភាសាយួន )
ថ្នាក់បញ្ជប់ ហៅថា « ថ្នាក់ឯក » កម្មវិធីសិក្សាមាន ៧ វិញ្ញាសា គឺ៖
អវិទូរេនិទាន ( ប្រវត្តិព្រះពុទ្ធ ២៥ ព្រះអង្គ ) ព្រះអភិធម្ម ព្រះវិន័យក័ណ្ឌ ឮ សរសេរតាមអានភាសាខ្មែរ វេយ្យាករណ៍ភាសាខ្មែរ តែងសេចក្តីភាសាខ្មែរ និង ភាសាយួន គណិត (ថ្នាក់ទី ៥ ភាសាយួន) ។
ព្រះសង្ឃដែលបានរៀនចប់ទាំង ៣ ថ្នាក់នេះ ត្រូវបានមតិសាធារណៈទទួលស្គាល់ក្រៅផ្លូវការថា ស្មើ នឹងកម្រិតបឋមសិក្សាផ្លូវលោក ជាភាសាយួន គឺថ្នាក់ទី ៥ ។
ចំណែកការសិក្សាអក្សរសាស្ត្រខ្មែរនៅ សាលាពេញវិជ្ជាមធ្យមសិក្សាបាលីភាគខាងត្បូង ដែលជា អតីតសាលាបាលីជាន់ខ្ពស់ ខេត្តឃ្លាំង មានទីតាំងនៅ ក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង នោះ បច្ចុប្បនគឺជាមជ្ឈមណ្ឌលសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅ គ្រប់ខេត្តដែលបាននិមន្ត ទៅគង់នៅដើម្បីបន្តការសិក្សា ។ កម្មវិធីសិក្សានៅក្នុងសាលានេះទូទៅគឺសិក្សាខាងផ្លូវ លោកជាភាសាយួន ចំណែកភាសាបាលី និងភាសា ខ្មែរ គឺជាការសិក្សាបន្ទាប់បន្សំបណ្ណោះ ។ ចំពោះកាលបរិច្ឆេទនៃការសិក្សាមួយថ្ងៃ ៨ ម៉ោង ពេលព្រឹក ៤ ម៉ោង និង ពេលល្ងាច ៤ ម៉ោង ។ ព្រះសង្ឃដែលបានចូលសិក្សានៅសាលានេះ ត្រូវចំណាយ ពេល ៤ ឆ្នាំ ទើបបានបញ្ចប់ថ្នាក់ ហើយត្រូវបាន ក្រសួងអប់រំយុវជន និង បណ្តុះបណ្តាល ប្រទេសយួនទទួលស្គាល់ជាផ្លូវការថា មានកម្រិតស្មើនឹង មធ្យមសិក្សាទុតិយភូមិ ( ថ្នាក់ទី ១២ ផ្លូវលោកជាភាសាយួន) ។ ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។
ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។
ព្រះសង្ឃខ្មែរក្រោម ដែលបានចូលសិក្សានៅសាលានេះ ឆ្នាំដំបូង ត្រូវបានសិក្សាវិញ្ញាសាផ្លូវលោក ជាភាសាយួន នៃថ្នាក់ ទី ៦ និង ទី ៧ ដូចជា វិញ្ញាសាគណិត (Đại Số) , រូបវិទ្យា (Vật Lí) , ប្រវត្តិសាស្ត្រយួន ( Lịch Sử ), អក្សរ សាស្ត្រយួន ( Văn Học ) , ភូមិសាស្ត្រយួន (Địa Lí) និង គិមីសាស្ត្រ (Hoá Học) ជាដើម ។ ចំណែកភាសាបាលីមួយ សប្តាហ៍សិក្សាបាន ២ ម៉ោងគត់ គឺរៀនវិញ្ញាសា ប្រែលោតប្រយោគមង្គលត្ថទីបនី ភាគ ១ ។ វិញ្ញាសាភាខ្មែរក៏មួយសប្តាហ៍រៀនបាន ២ ម៉ោងដែរ គឺរៀនវេយ្យាករណ៍ខ្មែរ ។ ឈានចូលការសិក្សា ឆ្នាំទីពីរ ទីបី និង ទីបួន កម្មវិធីសិក្សា ដូចគ្នានឹងឆ្នាំដំបូងដែរ គ្រាប់តែឆ្នាំទីពីរ គេបានដាក់បញ្ជូលវិញ្ញាសាផ្លូវ លោកជាភាសាយួន ថ្នាក់ទី ៨ និង ទី ៩ ,ឯភាសា បាលីសមណសិស្សត្រូវប្រែលោតប្រយោគវិញ្ញាសាមង្គលត្ថទីបនី ភាគ ២ និង ភាសាខ្មែរបន្តរៀនវេយ្យាករណ៏ខ្មែរដដែល ។ ចូលឆ្នាំទីបីនៃការសិក្សាសមណសិស្ស ត្រូវបានរៀនវិញ្ញាសាផ្លូវលោក ជាភាសាយួន ថ្នាក់ទី ១០ និង ទី ១១ , ឯភាសាបាលី សមណសិស្សត្រូវប្រែ លោតប្រយោគវិញ្ញាសា មង្គលត្ថទីបនី ភាគ ៣ និង ភាសាខ្មែរត្រូវ បានបញ្ចប់វិញ្ញាសាវេយ្យាករណ៍ខ្មែរ ។ ឆ្នាំទីបួន ដែលជាឆ្នាំបញ្ចប់ ត្រូវបានសិក្សាភាសាយួនថ្នាក់ទី ១២ និងបាលី ត្រូវបាន បញ្ចប់កម្មវិធី ប្រែលោតប្រយោគ មង្គលត្ថទីបនី ភាគ ៤ (ភាគបញ្ចប់) និង វិញ្ញាសាភាសាខ្មែរត្រូវ បានរៀនអំពីសិល្បៈតែងកំណាព្យ ។
សាលាបំពេញវិជ្ជាមធ្យម សិក្សាបាលីភាគខាងត្បូង ឬ សាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង នេះត្រូវបានបង្កើតឡើងឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន មានព្រះតេជព្រះគុណ យឿង ញើង ព្រះចៅអធិការវត្តព្រែកអណ្តើក និងជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិ ខេត្តឃ្លាំង ជាចាងហ្វាង ព្រះតេជព្រះគុណ តាំង ណោ ព្រះចៅធិការវត្តឃ្លាំង ជាចាងហ្វាងរង ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ០៨ ខែកម្ភៈឆ្នាំ ២០០៧ មានព្រឹត្តិការណណ៍ជាប្រវត្តិសាស្ត្រ មួយសម្រាប់ខ្មែរក្រោម នៅដើមសតវត្សរ៍ ទី ២១ និង ដើមសហវត្សរ៍ទី ៣ នេះ ដោយមានសមណ សិស្ស នៃសាលានេះជាង ២០០ អង្គ បាននាំគ្នាចេញធ្វើបាតុកម្មដោយអហិង្សា នៅមុខមន្ទីរនគរ បាលយួន ខេត្តឃ្លាំង ដើម្បីទាមទារសិទ្ធិសេរីភាព ។ ការធ្វើបាតុកម្មនោះ ត្រូវបានមតិសាធារណៈដឹង ថា ព្រោះរដ្ឋាភិបាលយួនហាម សមណសិស្សនិមន្ត ចេញទៅបិណ្ឌបាត្រ ។ ក្រោយការធ្វើបាតុកម្មនេះ មានសមណសិស្ស ៥ អង្គ ត្រូវបានចាប់ផ្សឹកទាំង កម្រោល និងដាក់ពន្ធនាគាររហូត មកដល់សព្វថ្ងៃនេះ ព្រមទាំងសមណ ជាច្រើនអង្គទៀតត្រូវបាន ចាប់ផ្សឹក និង បានបញ្ឈប់ការសិក្សាផងដែរ ។
ក្រៅពីការសិក្សាអក្សរសាស្ត្រ ខ្មែររបស់ព្រះសង្ឃផ្នែកធម្មវិន័យ និងបាលីនៅតាមវត្តអារាមនានា យើងក៏ ឃើញ មានចលនាបង្រៀន អក្សរខ្មែររបស់ព្រះសង្ឃនៅតាមវត្តអារាមនានា ដល់កូនចៅខ្មែរ ក្រោម រយៈ ពេល ៣ ខែ (ពេលវិស្សមកាលពីសាលារៀនជាភាសា យួន) ផងដែរ ។ កុមារខ្មែរក្រោមដែលបានចូល រៀនអក្សរខ្មែរដំបូង ត្រូវបានព្រះសង្ឃបង្រៀនឲ្យចេះអាន និង ចេះសរសេរសិន។
កម្មវិធីអានអក្សរខ្មែរនេះត្រូវបានព្រះសង្ឃខ្មែរបង្រៀនឲ្យអានមាន ៣ ថ្នាក់ គឺថ្នាក់ទី ១ ប្រកបតួអក្សរគ្មាន តម្រួតជើង ។ ថ្នាក់ទី ២ ប្រកបអក្សរតម្រួតជើង ហើយថ្នាក់ទាំងពីរនេះត្រូវបានបន្ថែម វិញ្ញាសា សរសេរអក្សរផ្ចង់ មួយទៀត ។ ថ្នាក់ទី ៣ ត្រូវបានព្រះ សង្ឃបង្រៀនឲ្យអានអត្ថបទនិង សរសេរតាមសូត្រ ជាភាសាខ្មែរ ។ ក្រៅពីបង្រៀនឲ្យចេះអាន ចេះសរសេរ ក៏មានបង្រៀន វិញ្ញាសា លេខ និង ចំណោទ ផងដែរ ។
ពិធីបុណ្យប្រពៃណីជាតិ និង សាសនា
[កែប្រែ]ពិធីបុណ្យប្រពៃណីជាតិ និង សាសនាត្រូវដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា (បុណ្យភ្ជំបិណ្ឌនៅ ប្រទេសកម្ពុជា) និង បុណ្យកឋិនទាន ជា ដើម ត្រូវបានខ្មែរក្រោមនៅកម្ពុជាក្រោមឯកភាពប្រារព្ភចំរដូវកាលតែមួយ ។
ក_បុណ្យអកអំបុក ប្រណាំងទូក ង និងសំពះ ព្រះខែ ៖
ចំពោះពិធីប្រណាំងទូក ង វិញ ត្រូវបានចាប់ ប្រណាំងពីថ្ងៃទី ១២/១៣/១៤ កើត ខែកត្តិក ជារៀង រាល់ឆ្នាំ ដោយមានទូក ង ជាង ៤០ មកពីវត្តនានា ទូទាំងខេត្ត ។ ពិធីនេះត្រូវបានរៀបចំឡើង យ៉ាងគគ្រឹកគគ្រេង មានអ្នកទស្សនាទាំងខ្មែរ និងយួនផងរាប់ពាន់នាក់ មកពីនានាខេត្តនៅកម្ពុជាក្រោម ។
ចំពោះពិធីអកអំបុក និងសំពះព្រះខែត្រូវបាន ប្រារព្ភឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥ កើត ខែកត្តិកនៅតាមវត្តអារាមនិងគេហដ្ឋាន ។
ខ_ពិធីបុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតា (បុណ្យភ្ជំបិណ្ឌ)៖
ការប្រារព្ភពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងតាមកាលវេលាដូចជានៅប្រ ទេសកម្ពុជាដែរ គឺខ្មែរ ក្រោមបានយកថ្ងៃ ខែ ធ្វើបុណ្យ ទៅតាមមហាសង្ក្រាន្ត និងប្រតិទិន ដែល បានបោះពុម្ភចេញពីប្រទេសកម្ពុជា ។
គ_បុណ្យកឋិនទាន៖
នៅបណ្តាខេត្តផ្សេងៗ ត្រូវបានប្រារព្ភទៅតាមពុទ្ធានុញ្ញាត គឺអាចធ្វើបុណ្យបាន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ដែលព្រះសង្ឃចេញវស្សាទៅ ។ តែចំពោះខេត្តឃ្លាំងវិញត្រូវបានរដ្ឋាភិបាលវៀត ណាមបំរាម ធ្វើទៅតាម វិន័យព្រះពុទ្ធសាសនា គឺឲ្យព្រះសង្ឃខ្មែរក្រោមទាំង ៩១ វត្តក្នុងខេត្តប្រារព្ភបុណ្យកឋិនតែមួយថ្ងៃជាមួយ គ្នា ។
បច្ចុប្បន្ននេះ ក្រោយពីព្រឹត្តិការណ៍បាតុកម្មរបស់សមណសិស្ស សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីភាគ ខាងត្បូង ខេត្តឃ្លាំង នៅថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បីទាមទារសិទ្ធិសេរីភាពនោះមក យើង ទទួលបានដំណឹងថា មានការកែប្រែឲ្យធ្វើទៅតាមព្រះវិន័យនៅក្នុងព្រះពុទ្ធសាសនាវិញហើយ ៕ ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន.
មើលផងដែរ
[កែប្រែ]
|
|