Jump to content

ពិជ័យគជេន្ទ្រយុទ្ធ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ពិជ័យគជា)
ពិជ័យគជេន្ទ្រយុទ្ធ
ប្រភេទដំរីកម្ពុជា
ភេទឈ្មោល
កើតខែត្រក្រង
កន្លែងអាស្រ័យរោងដំរី
តួនាទីសំខាន់ដំរីសឹក
រយៈពេលសកម្ម១៥១៦ - ១៥៣៦
ម្ចាស់ព្រះបាទចន្ទរាជា
កំពស់ហត្ថ ១២ ធ្នាប់

ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធ ជាព្រះទីនាំងមួយក្នុងចំណោមព្រះទីនាំងរបស់ព្រះបាទចន្ទរាជា ត្រូវបានថ្វាយដោយហ្មជ័យ ដូច្នេះព្រះអង្គក៏ឱ្យខ្នាន់ឈ្មោះថា ពិជ័យគជេន្ទ្រយុទ្ធ យកតាមឈ្មោះរបស់ហ្មជ័យ។ បានប្រើជាដំរីសឹកក្នុងចំបាំងចាប់ពីឆ្នាំគ.ស ១៥១៦-១៥៣៦។

ប្រវត្តិ និង សឹកសង្គ្រាម

[កែប្រែ]

ក្លាយជាជំនិះព្រះបាទចន្ទរាជា

[កែប្រែ]

ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទាន រង្វាន់ជាមាសប្រាក់ និង យសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។

សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។

ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។

ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ

សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។

ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។

ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរីសេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។

លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។

កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ៣ ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើជាឯត្បូងចុងខែត្រអម្រិន្ទបូរ។

កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។

ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះនាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:

សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិន ប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយ ត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅ អាចក្ដីក៏នាំសិស្សានុសិស្ស ទៅកាប់ចាំងឈើនោះ ធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរអាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។

សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។

លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗ នៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះ ថ្វាយព្រះពរមែន។

សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោង ដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ព ចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នា ជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។

សឹកសង្គ្រាមការពារខែត្រលង្វែក (គ.ស ១៥១៦)

[កែប្រែ]

នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផងមិនតែប៉ុណ្ណោះទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០០០០ នាក់ ហើយទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជនាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មីខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។

លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញាយមរាជព្រាបជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅ​ស្រុក​ខេត្ត​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខ ក្រោយ ឆ្វេងស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

សឹកបណ្ដេញសត្រូវនៅកំពង់សៀម-គ.ស ១៥១៩

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខេត្ត​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖

  • ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  • ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  • ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  • ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់​ខេត្ត​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល ​១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញាយោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញាមហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំងឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខេត្ត​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខេត្តពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​ត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រីឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតីឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខេត្ត​កំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខេត្ត​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខេត្ដ​កំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខេត្ដ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។

ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​-មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥ ​សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។

ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញាវិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។

ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។ លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញារក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។

សឹកស្ទាក់ទ័ពស្ដេចកននៅលង្វែក (គ.ស ១៥២២)

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខេត្ត​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំងពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខេត្ត​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខេត្ត​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។

ធ្លាប់ខ្លួនឈឺ

[កែប្រែ]

នៅក្នុងឆ្នាំជូត សំរឹទ្ធិស័កនោះ ព្រះបាទបរមខត្តិយា មហាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាចក្រី ឧកញ៉ារាជតេជៈ ក៏ថ្វាយបង្គំលាចេញ ត្រៀមដំរី សេះ រទេះ ហើយចាត់មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជាការឱ្យតាមហែស្ដេចទៅប្រពាតព្រៃ។ ចាត់ស្រេចហើយ មន្ត្រីទាំងពីរនាក់ក៏នាំយកទៅត្រៀមទុក នៅមុខព្រះលាន ព្រះបរមរាជវាំង។ ដល់ថ្ងៃ ៥ កើត ខែចែត្រ ឆ្នាំជូត វេលាព្រឹក សម្ដេចព្រះបរមនាថបពិត្រជាអម្ចាស់ជីវិតលើត្បូងនាំព្រះអគ្គមហេសី ស្រីព្រះស្នំក្រមការចេញអំពីព្រះបរមរាជវាំងឡើងគង់ព្រះទីនាំងកញ្ចោងគជេន្ទ្រា។ ឯព្រះស្នំ ក្រុមបរិវារក៏ឡើងជិះជំនិះតាមចំណាំសព្វខ្លួនទីទៃៗ ស្រេចហើយក៏លើកព្យូហយាត្រា ប្រពាតព្រៃចេញទៅ។ សូរសព្ទរទេះ សេះ ដំរី នោះសន្ធោសន្ធឹក ពន់ប្រមាណ។ លុះដល់មុខភ្នំត្រៀល ក្នុងខែត្រលង្វែកនោះទ្រង់ត្រាស់បង្គាប់ឱ្យឈប់ធ្វើព្រះសុវណ្ណព្រះពន្លាជ័យឡើង គង់ប្រថាប់កំសាន្ត ព្រះចិន្តា។ ខណៈនោះ ព្រះទីនាំងគង់ភក្ដី ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធឈឺ ដួលមួយរំពេច។ អស់ហ្មប្រកបថ្នាំ ពុំស្បើយ ទ្រង់ជ្រាបដល់ក្រោមល្អងធូលីព្រះបាទ ទ្រង់ព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: ព្រះពិជ័យគជេន្ទ្រយុទ្ធនេះ ធ្លាប់ជិះធ្វើសង្គ្រាមមានជ័យច្រើនគ្នា លុះត្រាតែបានសំរេចផែនដី។ ឥឡូវមកមានជំងឺដូច្នេះ បើនរណាមើលជាអញនឹងឱ្យប្រាក់មួយហាប និង គ្រឿងឧបភោគបរិភោគឱ្យបរិបូរណ៍ ហើយនឹងឱ្យមានយសសក្ដិជាចៅហ្វាយខែត្រនេះផង។ ខណៈនោះមានតាចាស់ម្នាក់ជាមនុស្សកាន់សីល ឈ្មោះពញាដែកជាមេស្រុកចាស់ ក្រោយមកលាចេញពីរាជការមកកាន់រក្សាបង់បត់នៅភ្នំត្រៀលទូលថា: ព្រះទីនាំងគជេន្ទ្រនោះ ប្រហែលជាដើរកាត់មុខអ្នកតាហើយ បានជាមានជំងឺឈឺនេះ។ ឯអ្នកតា និងបង់បត់នោះកាលផែនដីព្រះបរមរាជា ពញាយ៉ាត ស្ដេចមកសាងព្រះនគរនៅចតុមុខនោះ ព្រះអង្គសាងរូបព្រះទសមុខ ៤ និង ព្រះឥសូរ ព្រះនារាយណ៍ និងព្រះយាយទេព ច្រើនព្រះអង្គ ទ្រង់ប្រតិស្ឋានទុកនៅភ្នំត្រៀល ១ ភ្នំស្រង់ ១ ទុកជាទ្វារព្រះនគរ បង្ការសឹកសង្គ្រាមសៀម លាវ ពីទិសខាងលិច ខាងជើងប្រតិស្ឋាន នៅវត្តស្លាកែតព្រែកអំពិលព្រះវិហារសួគ៌១ ទុកជាទ្វារព្រះនគរ បង្ការសឹកសត្រូវខាងយួន ចាម ទៅទិសខាងត្បូង ខាងកើត។ ក្នុងមួយឆ្នាំ ព្រះអង្គតែងតែនាំអង្គព្រះកឋិន និង គ្រឿងសក្ការបូជានោះ អស់ទៅហើយ ព្រះទីនាំងក៏ពានមកលើទីនេះផង បានជាព្រះទីនាំងនោះពុំស្រួល។ សម្ដេចព្រះបរមខត្តិយា មហាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការត្រាស់ថា: បើដូច្នោះ ចូរតាឯងយកទៀនធូបទៅបន់ស្រន់ជាប្រញាប់ បើចំពិតដូចសំដីតាឯងនិយាយមែន យើងនឹងឱ្យរង្វាន់ឱ្យពេញចិត្ត។ ខណៈដែលពញាដែក ទទួលទៀនធូបទៅកាលណា ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធនោះ ក៏សះជាមួយរំពេច ទើបអស់ព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងឡាយ ក៏ត្រេកអរលើកហត្ថទៅលើ ហើយសរសើរព្រមគ្នាថា: តាចាស់នេះទាយចំពិតជាត្រូវណាស់។ សេចក្ដីនេះ ជ្រាបដល់ព្រះបរមបពិត្រ ទ្រង់មានព្រះសោមនស្សណាស់ ទើបទ្រង់ប្រែនាមភ្នំត្រៀលនោះ ឱ្យឈ្មោះភ្នំចំពិតវិញ ហើយតាំងពញាដែកនោះ ឱ្យធ្វើជាចៅហ្វាយស្រុក និងព្រះរាជទានប្រាក់មួយហាប សំពត់ អាវ ១០០ មួយមុខ។ ឯពញាដែក ទទួលហើយ ក្រាបបង្គំទូលថ្វាយថារបស់អស់ទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយដាក់ក្នុងព្រះឃ្លាំងជាសំរាប់ចែកចាយសេនាទាហានចុះ ដ្បិតពីរឆ្នាំទៀត សៀមនឹងលើកទ័ពមកចោមព្រះនគរហើយ។

សឹកបណ្ដញសៀមឈ្លានពាននៅមហានគរ

[កែប្រែ]

ព្រះបាទចក្រពត្តិរាជាធិរាជបានទ្រង់ព្រះសណ្ដាប់អស់មុខមន្ត្រីយកសេចក្ដីក្រាបបង្គំត្រូវនឹងព្រះតំរិះនោះ ពេញព្រះរាជហឫទ័យណាស់ ទើបទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ព។ លុះបានរេហ៍ពលមកជួបជុំហើយ​ នៅព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំខាល ទោស័ក សម្ដេចព្រះចៅចក្រពត្តិ រាជាធិរាជ ត្រាស់ចាត់មេកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ស្រេច សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសំរាប់ពិជ័យយុទ្ធនាស្រេច ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រឈ្មោះ ប្លាយមង្គលទ្វីប ហើយក៏ឱ្យគោះគង ទូងភេរី លើកយោធាមុខ ក្រោយ ឆ្វេង ស្ដាំតាមក្បួនពិជ័យសង្គ្រាមដើរ។ ទ័ពធំមកត្រូវនគររាជសីមា និង មហានគរ។ ឯព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។ ឯបំរើសេះ ខាងក្រុងកម្ពុជា ដែលឱ្យទៅស៊ើបកិច្ចរាជការ ក្នុងក្រុងទេពនោះដឹងថា សៀមឱ្យកេណ្ឌរេហ៍ពលមកត្រៀមទ័ពហើយ ក៏ប្រញាប់មកប្ដឹងសេនាបតី សេនាបតី នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទជាអម្ចាស់។ ស្ដេចទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ពតាមជនបទតូចធំថែមទៀត។ លុះមកជួបជុំហើយ ទ្រង់ត្រាស់បង្គាប់ សម្ដេចព្រះរាមា ជាព្រះឱរសាធិរាជ និង សម្ដេចចៅហ្វាទឡ្ហៈ នៅចាំក្រោយព្រះមហានគរ ចាត់ដូច្នេះរួចហើយ ទើបទ្រង់ត្រាស់អស់មុខមន្ត្រីតូចធំថា បើយើងចាំទទួលទ័ពសៀមក្នុងព្រះនគរនោះឃើញថាអស់រាស្ត្រ ដែលនៅតាមផ្លូវមុខសឹកនឹងទៅជាឈ្លើយសៀមប្រាសវិនាសពីភូមិលំនៅអស់ពុំខាន។ ដូច្នេះ អញយល់ថា យើងត្រូវលើកទ័ពទៅទទួលទ័ពសៀម នៅទីប្រទល់ដែនទើបជា។ នោះអស់មុខមន្ត្រី ក៏ក្រាបទូលថា ទ្រង់ព្រះតំរិះយល់សេចក្ដី ទ្រង់ព្រះមហាករុណាដល់ប្រជានុរាស្ត្រនេះជាត្រឹមត្រូវណាស់។ ទើបព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ឱ្យក្រុមព្រះរាជគ្រូបុរោហិត និង ក្រុមពិជ័យរាជហោរាតាំងព្រះរាជពិធីប្រក់ពលស្រេច លុះបានឫក្សជាពេលាល្អហើយ សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ផែនដី ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់រាជ្យ ចេញរណយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធកុញ្ចរក្លាខ្លាំងបាំងនូវបវរស្វេត្រច្ឆ័ត្រមានជាន់ ៧ ដោយពុំទាន់ប្រាប្ដាភិសេកនៅឡើយ ហើយទ្រង់ចាត់ឱ្យអស់អគ្គសេនាចតុរង្គជាទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ព្រមដោយគ្រឿងអភិរម្យរាជនានា និង ដាវ កាំភ្លើង គ្រឿងប្រដាប់សំរាប់យុទ្ធទង់ជ័យ ប្រពៃថ្លៃថ្លា និងសេះសឹក សន្ធឹកមហិមា។ នោះព្រះពិជ័យរាជហោរាគោះគង ទូងភេរី ព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ប្រាប្ដាភិសេកហែទង់ជ័យផ្លុំត្រែស័ង្ខ សុរិយាតន្ត្រី ដំណើរក្បួនទ័ពចេញអំពីព្រះនគរ តាមរយៈផ្លូវទៅដល់ស្រុកពោធិ៍សាត់។ ឯទ័ពសៀម លុះមកដល់ស្រុកនាងរង ក៏រំលងមកដល់ស្រុកមហានគរវត្ត។ ចៅហ្វាយស្រុកនគរវត្ត កេណ្ឌបានពល ៥០០០ នាក់ ចេញទទួលច្បាំងនឹងទ័ពមុខ។ សៀមបានច្បាំងដោយអាវុធវែងខ្លី ពលស្លុតស្លាប់ទាំងសងខាង តែពលខ្មែរឃើញពលសៀមច្រើនណាស់លប់កំលាំងនឹងទប់ទល់ពុំបានក៏រត់បែកទ័ពចេញទៅទីទៃ។ ទើបចៅហ្វាយស្រុកមហានគរឃើញកងទ័ពខ្លួនបែកទ័ពរត់ចោលខ្លួនដូច្នោះក៏នាំតែទាហានរួមចិត្តចំនួន ៥០ នាក់រត់ទៅដល់ខេត្តពោធិ៍សាត់ជួបនឹងទ័ពហ្លួងត្រេកអរណាស់ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ ក្រាបទូលតាមហេតុសព្វសេចក្ដី ហើយថាដែលទូលព្រះបង្គំជាខ្ញុំរត់ចោលស្រុកនេះមានទោសដល់ជីវិត ស្រេចនៅព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ យល់ថាទ័ពសៀមជាទ័ពក្រស័ត្រ ពលក៏ច្រើនត្រាស់តែម៉្លោះហើយ ក៏តឿនឱ្យគ្រប់នាយកងទ័ពឱ្យលើកចេញពីខែត្រពោធិ៍សាត់ទៅទល់ដែនស្រុកនគរវត្ត។ ទ្រង់ត្រាស់ឱ្យតាំងទ័ពនៅមាត់វាលខាងលិចរង់ចាំស្ដាប់ជើងសឹកព្រះចៅចក្រពត្តិ។ ឯព្រះចៅចក្រពត្តិ លុះចៅហ្វាយស្រុកមហានគររត់ទៅហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយមហានគរ ហើយទ្រង់ទតអស់ប្រាសាទរាជរដ្ឋខ្មែរ។ ទ្រង់យល់ល្អត្រកាលណាស់ទ្រង់ត្រាស់សរសើរថា: ស្រុកនេះគប្បីជាស្រុក សម្ដេចអម្រិន្ទ្រាធិរាជសាងថ្វាយព្រះបាទអរិដ្ឋពលពាហនោជាព្រះបុត្រមែន សមជាស្រុកមហានគរមានក្សត្រាធិរាជ ១២១ ជាចំណុះមែន។ ស្ដេចកំពុងតែត្រាស់សរសើរ ដូច្នេះកងល្បាតសេះចូលទៅក្រាបទូលថា ទ័ពស្ដេចខ្មែរលើកមកតាំងបន្ទាយនៅមាត់វាលខាងលិចចំងាយប្រមាណ ៥០ សិន។ ឯព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់បង្គាប់អស់នាយកងទ័ពឱ្យប្រុងខ្លួនគ្រប់គ្នា។ លុះព្រឹកឡើងទ្រង់ត្រាស់បង្គាប់ឱ្យរៀបក្បួនទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ និង ដំរី សេះសឹកជាសន្ធឹកពន្លឹកមហិមាឱ្យទាហានពាក់អាវក្រហម មួកក្រហម ដែលមានចៅពញាមហាសេនាជាមេកងទ័ពមុខ។ ឯទ័ពឆ្វេងឱ្យព្រះសន្ធរសង្គ្រាមជាមេកងរេហ៍ពលពាក់អាវខៀវ មួកខៀវ ប៉ែកស្ដាំឱ្យចៅពញាព្រះឃ្លាំងធិបតីជាមេកងរេហ៍ពលពាក់អាវបៃតង មួកបៃតង។ ឯទ័ពក្រោយ ឱ្យចៅពញាចក្រីជាមេកងរេហ៍ពល ពាក់អាវខ្មៅ មួកខ្មៅ។ ឯទ័ពហ្លួង រេហ៍ពលពាក់អាវលឿង មួកលឿង។ លុះបាននពឫក្សហើយ សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសុវណ្ណរាជភូសា ព្រះមណីរតន៍ សង្វារប្រដាប់ដោយមណីរតន៍ សំរាប់រាជសង្គ្រាម ស្រេចស្ដេចឡើងគង់ព្រះទីនាំង ប្លាយមង្គលទ្វីបចុះប្រេងបាំងនូវស្វេត្រច្ឆ័ត្រ ៩ ជាន់គង់នៅលើរយាងបិទមាសឱភាសសោភា ហើយឱ្យមន្ត្រីម្នាក់នៅជិះជាកណ្ដាល កាន់កន្ទុយក្ងោកឱ្យមន្ត្រីម្នាក់ទៀតជិះកន្សៃ វាយខ្ជែងឱ្យអស់នាយកង នាយទ័ពជិះដំរី សេះ សឹក ហើយវាយគងទូងស្គរសុរិយាតន្ត្រី ប្រគុំរងំរអើកកក្រើកលើកទ័ពតំរង់ទៅទ័ពស្ដេចខ្មែរ។ ឯព្រះចៅក្រុងខេមរាប្រទេស វិសេសខត្តិយា មហាចន្ទរាជាធិរាជក្នុងវេលាយប់នោះ ព្រះអង្គត្រាស់ប្រាប់ឱ្យប្រុងខ្លួនគ្រប់នាយកងទ័ព។ លុះព្រឹកឡើង ទ្រង់ចាត់សម្ដេចព្រះរាមាជាព្រះរាជបុត្រាច្បងឱ្យធ្វើជាមេទ័ពមុខគង់ព្រះទីនាំងពិជ័យកុញ្ជរបវរហត្ថីឱ្យចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ (មឿង) ទី៣ ជាមេទ័ពមុខបង្អស់ឧកញ៉ាចក្រីទេព កូនពញាពេជ្រ (មឿង) ទី៤ ជាមេកងទ័ពប៉ែកស្ដាំឱ្យឧកញ៉ាយមរាជសួសជាមេកងទ័ព ប៉ែកឆ្វេងឱ្យសម្ដេចព្រះសុទត្តជាមេកងក្រវែលក្រោយ។ លុះបានដល់ឫក្សល្អហើយ ព្រះរាជគ្រូហោរាចារ្យ អញ្ជើញសម្ដេចចៅពញាចន្ទរាជា បរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គចូលស្រង់ទឹកមន្តភិសេកហើយ ព្រាហ្មណ៍ថ្វាយទឹកស័ង្ខ រួចទ្រង់គ្រឿងសិរីរាជ្យ អលង្ការបវរពិចិត្រ ពិភិតភូសា សំរាប់ទ្រង់រាជរណយុទ្ធ ស្ដេចឡើងគង់ព្រះទីនាំងកុញ្ជរគជសារសឹកពន្លឹកចុះប្រេងមហិមា គង់នៅលើរយាងទិព្វមាស បោះបាំងនូវស្វេត្រច្ឆ័ត្រមានមន្ត្រីជិះកណ្ដាលកាន់កន្ទុយមយូរាសំរាប់ឱ្យសញ្ញាទ័ព ហើយបង្គាប់ឱ្យមន្ត្រីម្នាក់ជិះកន្សៃសំរាប់វាយខ្ជែ។ ឯអស់មន្ត្រីខ្ញុំរាជការដែលជាសេនាទាហានធំ តូច ក៏ជិះដំរី សេះសឹករាល់ខ្លួនតាមពួកតាមកងជាអធិកពន្លឹកដោយក្លស់ក្លំអភិរម្យ សែនត្វាន់កាន់នូវទង់ជ័យ ប្រពៃថ្លៃថ្លា សស្ត្រាវុធ។ លុះព្រះសុរិយារឿងរះ ស្រឡះនភាកាសស្ដេចត្រាស់ឱ្យសម្ដេចព្រះរាជបុត្រាគឺសម្ដេចព្រះរាមាធិបតីចេញទ័ពមុខ ទាហានក៏តគោះគង ទូងភេរីតាំងហ៊ោ ដំណើរពេលទៅជាមុន ឯព្រះទីនាំង គជេន្ទ្រក៏ស្រែក។

"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជ នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។

សឹកបង្ក្រាបសម្ដេចឱកញាឱង

[កែប្រែ]

លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យានឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយ ជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថា ក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យា ត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់ លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខេត្តត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិមួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមរាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា: ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។ លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខេត្តពោធិ៍សាត់។ ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រព្ធរារឹទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។ លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរារឹទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេពតា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិចថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។ កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរី​ទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។ ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។

ឯកសារយោង

[កែប្រែ]