ភវវរ្ម័នទី១
ភវវម៌្មទី១ | |||||
---|---|---|---|---|---|
រជ្ជកាល | គ.ស ៥៨០-៥៩៨ | ||||
រាជ្យមុន | ព្រះនាងកម្វុជរាជលក្ឝ្មី | ||||
រាជ្យបន្ត | វ្រះបាទមហេន្ទ្រវម៌្ម | ||||
ស្វាមី/មហេសី | ព្រះនាងកម្វុជរាជលក្ឝ្មី | ||||
បុត្រ | មាន តែព្រះនាមមិនបានវែកញែក | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម | ||||
បិតា | វ្រះបាទប្រថិវេន្ទ្រវម៌្ម | ||||
សុគត | គ.ស ៥៩៨ ភវបុរ |
វ្រះបាទភវវម៌្មទី១ឬ ភវវរ្ម័នទី១(គ.ស ?-៥៩៨) រជ្ជកាល (គ.ស ៥៨០-៥៩៨) ជាបុត្ររបស់វ្រះបាទប្រថិវេន្ទ្រវម៌្ម និងត្រូវជាចៅរបស់វ្រះបាទរុទ្រវម៌្ម ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្វុជរាជលក្ឝ្មី ដែលជាប់សាច់ញាតិខាងមាតានៃវ្រះបាទឝ្រេឝ្ឋវម៌្ម ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រភ្វូណាន)។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ឝ្រេឝ្ឋបុរ ដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ (សព្វថ្ងៃស្ថិតក្នុងទឹកដីលាវ)។ ក្រោយពីការសោយទិវង្គតរបស់ព្រះអង្គ បុត្រាដ៏អាថ៌កំបាំងរបស់ព្រះអង្គពុំបានស្នងរាជ្យបន្តពីព្រះអង្គឡើយ ដែលគេបានឃើញបុត្រាអង្គនេះចេញមុខដឹកនាំប្រទេសនៅពេលដែលវ្រះបាទភវវម៌្មទី១ចូលនិវត្តន៍ក្នុងទីអារាម នៅរជ្ជកាលចុងក្រោយរបស់ព្រះអង្គ។ រាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះអនុជរបស់ព្រះអង្គ ព្រះនាមចិត្រសេនា ដែលមានព្រះនាមសម្រាប់រាជ្យថា វ្រះបាទមហេន្ទ្រវម៌្ម ដែលត្រូវជាព្រះរាជបុត្រពៅរបស់វ្រះបាទវីរវម៌្ម «ដែលទ្រង់ប្រកបទៅដោយកេតនភណ្ឌជាព្រះករុណាជាម្ចាស់» ហើយប្រហែលចាប់តាំងពីពេលនោះមក នៅកម្ពុជាក៏ដូចជានៅចាម្ប៉ា និងម៉ាឡេយូ ទំនៀមទម្លាប់ចង់ឱ្យព្រះអនុជឡើងសោយរាជ្យបន្ដពីព្រះរៀម ដើម្បីឱ្យមានព្រះរាជាជាបុរសរហូតតទៅ។ នៅពេលដែលស្ដេចឝ្រីភវវម៌្មទី១ទ្រង់សោយទិវង្គតទៅ គេបានប្រមើលថា ព្រះអង្គទ្រង់បានទៅចាប់កំណើតឯស្ថានសួគ៌របស់ព្រះសិវ ព្រោះព្រះអង្គទ្រង់ប្រកាន់យកព្រះនាមថាជា ភវ ដែលជាព្រះនាមមួយរបស់ព្រះសិវ ហើយគេបានថ្វាយព្រះនាមថាជា ភវបទ។
ប្រវត្តិ
[កែប្រែ]ផ្ដើមពីដំបូងត្រូវបានគេហៅដូច្នេះថា ជាពួកមេកន្ទ្រាញដងរែក ដែលជាអាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលគេមិនសូវស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃវ្រះបាទភវវម៌្មប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ នៅបាសាក់/លាវ (K.៣៦៣) វ្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលជាព្រះកនិដ្ឋភាតានៃវ្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E) ដែលផ្ដល់ព័ត៌មានថាវ្រះបាទភវវម៌្មជាបុត្រនៃប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិនរីឯសិលាចារឹកមួយទៀតមកពីបាកមូលនៅឧប្បល/ប្រទេសថៃ (K.៤៩៦) ឲ្យយើងដឹងថានាមនៃបិតាវ្រះបាទវីរវម៌្មមានគោរម្យងារថា សាវ៌ភៅម។ សិលាចារឹកទាំងនេះសំដៅលើទឹកដីមួយភាគធំត្រូវបានគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ។
សិលាចារឹកបានពិពណ៌នាពីព្រះរាជាអង្គនេះថា ជាអ្នកចម្បាំងដ៏អង់អាចក្លាហាន ជាវីរបុរសមានចិត្ដសប្បុរសមិនចេះចាញ់ វិសេសប្រៀបបានទៅនឹងភ្នំព្រះសុមេរុ៍ ជាប់អម្បូរព្រះអាទិត្យ អាចវាយបង្ក្រាបទាំងសត្រូវខាងក្នុង និងខាងក្រៅ បានជាទ្រមាក់ដំរីដ៏ពូកែ ជាអ្នកដាក់ទានដែលមានព្រះហស្ថសើមជានិច្ច អាស្រ័យដោយទឹកដែលគេចាក់លើព្រះហស្ថរាល់ពេលដែលទ្រង់ដាក់ទាន។ សិលាចារឹកបានបន្ថែមទៀតថា ទីកន្លែងណាដែលព្រះអង្គទ្រង់បានប្រើព្រះកាយពលដណ្ដើមយកបានហើយ ទីនោះនឹងត្រូវបានទទួលនូវការសណ្ដោសប្រណីពីព្រះអង្គ ហើយបណ្ដាសត្រូវទាំងឡាយនាំគ្នាមកថ្វាយបង្គំគាល់ព្រះអង្គនៅក្នុង ព្រះរាជវាំង ទោះជាអ្នកទាំងនោះមិនបានត្រូវព្រះអង្គវាយបង្ក្រាបឱ្យចុះចាញ់ ក្នុងសង្គ្រាមក៏ដោយ។
ព្រះនាមក្នុងគម្ពីរវិស្ណុបុរាណ
[កែប្រែ]គម្ពីរវិស្ណុបុរាណ ហាក់ដូចជាមាននិយាយពីវ្រះបាទភវវម៌្មនេះផងដែរ ត្រង់វគ្គស្ដីពីសក្កទ្វីបដែលយើងបានឃើញពីខាងលើរួចមកហើយ គឺជាឈ្មោះសំដៅយក កម្ពុជា នេះឯង ដោយបានលើកឡើងថា ព្រះរាជាទ្រង់ព្រះនាមថា ភវ្យ ទ្រង់បានរៀបចំព្រះរាជាណាចក្ររបស់ព្រះអង្គជា៣ស្រុក ដែលមានឈ្មោះថា ជលទ កុមារ និងសុកាមារ។ លោកវរសេនីយ៍ឯកហ្សេរីនី បានផ្គូផ្គងស្រុកទី១ទៅនឹងចេនឡាទឹក គឺដែនដីសណ្ដទន្លេមេគង្គ រីឯស្រុកទី២ និងទី៣ក៏ជាស្រុកនៅភាគខាងត្បូងកម្ពុជាដែរ។ គម្ពីរវិស្ណុបុរាណបានប្រដៅថែមទៀតថា ស្រុកនោះមានជួរភ្នំដែលមានឈ្មោះថា ឧទយគិរី ស្យាម និងអាស្ដគិរី ដែលធ្វើឱ្យយើងនឹកឃើញដល់ឧទយ សៀម និងលេស្ដៃ ដែលយើងបានឃើញពីខាងលើរួចមកហើយ ហើយដែលជាឈ្មោះរបស់កម្ពុជា និងឧបសម្ព័ន្ធសៀមនោះឯង។ តាមពិតទៅ ការប្រើពាក្យ «ស្យាម» នៅសតវត្សរ៍ទី៦ ហាក់ដូចជាមិនទាន់ត្រឹមត្រូវទេ បើសិនជាថា គេចង់សំដៅយកប្រទេសរបស់ពួកថៃ ឬសៀម។ ប៉ុន្ដែ នោះប្រហែលជាការសំដៅយកកុលសម្ព័ន្ធមួយដែលប្រជាជនមានស្បែកខ្មៅជាង អ្នកជិតខាងបន្ដិច ហើយរស់នៅជិតភ្នំ ដូចជាកុលសម្ព័ន្ធសាមន្តរដ្ឋ ដែលមានរាជធានីនៅខាងពាយព្យឆកសមុទ្រសៀមត្រង់កន្លែងឝ្រីវិជ័យ សព្វថ្ងៃ។ គម្ពីរវិស្ណុបុរាណក៏ មានរៀបរាប់ផងដែរអំពីទន្លេឈ្មោះ សុកុមារិ កុមារិ និងនាលិនិ ទន្លេក្រោយនេះ លោកហ្សេរីនី ថា គឺជាទន្លេមេគង្គនេះឯង ។
សង្គ្រាម
[កែប្រែ]នៅចុងសម័យនគរភ្វូណានដោយសារវ្រះបាទរុទ្រវម៌្មបានធ្វើគតគុណវម៌្មជាប្អូនដើម្បីដណ្ដើមរាជ្យសោយនោះ ការបះបោរចលាចលក៏កើតមានឡើង ហើយចលនាបះបោរនេះ ក៏កាន់តែរីកធំឡើងៗ ហើយនៅចុងរាជ្យព្រះអង្គ វ្រះបាទរុទ្រវម៌្ម ជាអ្នកដណ្ដើមរាជ្យ ប្រហែលជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ឬក៏ដាក់រាជ្យ។ មិនមានឯកសារណាមួយបញ្ជាក់ច្បាស់ត្រង់ចំណុចនេះទេ ក៏ប៉ុន្តែពេលនោះរាជបល្លង្កនគរភ្វូណាន ត្រូវនៅទំនេរ។ កម្លាំងបះបោររបស់គុណវម៌្មបានវាយដណ្ដើមយកបានរាជធានីវ្យាធបុរ។
នៅឯសាមន្តរដ្ឋចេនឡាឯណោះវិញ ក្រោយពីវ្រះបាទវីរវម៌្មជាក្សត្រចេនឡាសុគតទៅ ព្រះអង្គម្ចាស់មួយអង្គព្រះនាមភវវម៌្មទី១ ដែលត្រូវជាចៅរបស់វ្រះបាទរុទ្រវម៌្ម ដែលជាស្ដេចចុងក្រោយនៃអាណាចក្រភ្វូណាន ក៏ក្រោកឈរប្រឆាំងនឹងចលនាបះបោររបស់ញាតិវង្សខាងគុណវម៌្ម។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូនមាតាតែមួយនិងបិតាផ្សេងគ្នារបស់ទ្រង់ ថាចេនឡាបានផ្ដើមវាយលុកអាណាចក្រភ្វូណាននៅពាក់កណ្ដាលទី២នៃស.វទី៦ ចំពេលដែលអាណាចក្រនេះត្រូវទទួលរងគ្រោះថ្នាក់ធម្មជាតិ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញទីក្រុងនិងប្រព័ន្ធធារាសាស្ត្រ ធ្វើអោយប្រជារាស្ត្រភៀសខ្លួនទៅរស់នៅលើតំបន់ទួលខ្ពស់ភាគខាងជើង។ ឆ្លៀតពេលដែលអាណាចក្រនេះចុះទន់ខ្សោយជួបនឹងភាពច្របូកច្របល់ វ្រះបាទភវវម៌្មទី១ដែលមានអនុជចិត្រសេនាជាមេទ័ពដឹកនាំការប្រយុទ្ធ បានចាប់វាយលុកលើអាណាចក្រភ្វូណាន ហើយបានគ្រប់គ្រងដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូលនិងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រភ្វូណានដែលជាបក្សពួករបស់គុណវម៌្មបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់នរវរនគរ ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរី ស្រុកព្រៃកប្បាស ខេត្តតាកែវសព្វថ្ងៃនេះ។ អង្គរបូរី ជារាជធានីចុងក្រោយបង្អស់របស់នគរភ្វូណានក្នុងសម័យភ្វូណាន។ ព្រះអង្គគ្រប់គ្រងបានដែនដីពីចន្លោះទន្លេមូលខាងជើង ទន្លេសាបខាងត្បូង ជួរភ្នំអណ្ណាមខាងកើត ទៅទិសខាងលិចដល់ស្ទឹងព្រាជី និងមង្គលបុរី ដែលគេបានរកឃើញសិលាចារឹករបស់ព្រះអង្គ។ ដូច្នេះនគរភ្វូណានត្រូវក្លាយជាចំណុះរបស់ចេនឡាវិញ។
រាជធានីថ្មីរបស់ព្រះអង្គមានឈ្មោះថា ភវបុរ ដែលស្ថិតនៅត្រង់ម្ដុំអំពិលរលំក្នុងខេត្តកំពង់ធំ។ ព្រឹត្តិការណ៍ព្រះមហាក្សត្រចេនឡាលើកទ័ពមកវាយប្រហារកាន់កាប់នគរភ្វូណាននេះ ត្រូវបានអ្នកប្រវត្តិវិទូចាត់ទុកជាព្រឹត្តិការណ៍បង្រួបបង្រួមទឹកដីខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ម្យ៉ាងវិញទៀត ជោគជ័យរបស់វ្រះបាទភវវម៌្មក៏បានមកដោយសារព្រះអង្គមានដើមកំណើត ឈាមជ័រជាចៅវ្រះបាទរុទ្រវម៌្ម ព្រះមហាក្សត្រនគរភ្វូណានដែរ ដែលជាកត្តាធំមួយធ្វើឲ្យនាម៉ឺន មេទ័ព និងប្រជារាស្ត្រនៅភ្វូណានគាំទ្រទទួលស្គាល់ព្រះអង្គ។
ក្រោយពីទទួលជ័យជម្នះហើយ វ្រះបាទភវវម៌្ម ដែលទ្រង់ជាព្រះរាជានៃសន្តតិវង្ស សោមវង្ស ខាងនគរភ្វូណាន វ្យាធបុរ ទ្រង់បានរៀបអភិសេកជាមួយនឹងក្សត្រីកម្វុជរាជលក្ឝ្មី ផ្នែកខាងសូរ្យវង្ស ខាងនគរចេនឡា ឝ្រេឝ្ឋបុរ ដែលស្លោកទី១១ នៃសិលាចារិកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្សខាងចេនឡា និងសោមវង្សខាងអាណាចក្រភ្វូណាន។
ព្រះអង្គបានលាតសន្ធឹងទឹកដីខ្មែរទៅគ្រប់ទិសទី វាយដណ្ដើមយកបានស្រុកចន្ទបុរី និងស្រុកភូមិភ្នំ ខ្ពង់រាប ព្នង កួយ ជង។ តាមរយៈសិលាចារឹកនៅវត្តហ្លួងកៅ គេអាចដឹងបានថានាពាក់កណ្ដាលសតវត្សទី៥ ព្រះមហាក្សត្រនគរកម្ពុជា ឬចេនឡា បានធ្វើសង្គ្រាមវាយប្រហារពង្រីកទឹកដី យកជ័យជំនះលើចាម យកបានភូមិភាគតំបន់ខាងជើងភ្នំដងរែក រហូតទៅដល់ខេត្តនគររាជសីមា និងភូមិភាគខាងត្បូងល្បាក់ខោន។ វ្រះបាទភវវម៌្មប្រហែលជាបានវាតព្រះនគររហូតទល់ភ្នំដងរែក ហើយបានវាយបង្ក្រាប «បណ្ដាស្ដេចភ្នំ» ពោលគឺ បណ្ដាវិប្រជាមិនទាន់ស៊ីវីល័យ ដែលរស់នៅតាមដងភ្នំ និងខ្ពង់រាប ដូចជាសព្វថ្ងៃនេះដែរ តាមមើលទៅគឺ ពួកជងដែលរស់នៅសម្បូរក្នុងបណ្ដាខែត្រខាងលិចចាប់ពីកែបនៅមាត់ឈូង សមុទ្រសៀមរហូតដល់ភាគខាងលើ ចន្ទបុរ ក្នុងនោះមានទាំងជួរភ្នំខាងលិចខែត្រពោធិ៍សាត់ផងដែរ និងពួកស៊ូឡាង ឬឡាងហួង ដែលជាបុព្វបុរសរបស់ពួកម៉យ ឬម្ល៉យ ឬរ៉ម៉យសព្វថ្ងៃដែលរស់នៅលើជម្រាលជួរភ្នំអាណ្ណាមនៅចន្លោះនគរចាម្ប៉ា និងកម្ពុជា។ នៅពេលនោះ វាហាក់ដូចជាថាបណ្ដាប្រទេសដែលយើងហៅសព្វថ្ងៃថាជា សៀម ដែលចិនហៅថា ឈេទូ ឯកសារប្រវត្ដិសាស្ដ្រចិនបានឱ្យយើងដឹងថា រាជាណាចក្រឈេទូ ដែលដំបូងឡើយជារដ្ឋឯករាជ្យ បន្ទាប់មកបានត្រូវកុរុងឝ្រីមារញបង្ក្រាបដាក់ឱ្យចំណុះនគរភ្វូណាន ពេលនោះទទួលបាននូវសេរីភាពឡើងវិញ។ ដោយហេតុនេះ មានរាជាណាចក្រធំៗពីរកើតឡើងនៅដើមសតវត្សរ៍ទី៦ ជាជំនួសនគរភ្វូណានគឺ ចេនឡា ដែលក្រោយមកក្លាយជាកម្ពុជា និងឈេទូ ដែលក្រោយមក គឺប្រទេសសៀម។ គឺវ្រះបាទភវវម៌្មទី១ នេះហើយដែលបានប្ដូរឈ្មោះប្រទេសពីនគរភ្វូណាន មកជាកម្ពុជា ដែលយើងប្រើរហូតដល់សព្វថ្ងៃនេះ។ ប្រវត្តិបង្រួបបង្រួមនគរចេនឡា (ឬកម្វុជ) និងនគរភ្វូណានក្រោមស្នាដៃរបស់វ្រះបាទភវវម៌្មទី១ អាចចាត់ទុកជាការចាប់ផ្ដើមដំបូងនៃប្រវត្តិកម្ពុជាបច្ចុប្បន្ន។ ព្រះមហាក្សត្រនគរកម្វុជ ឬនគរចេនឡា ជាព្រះរាជវង្សបន្តចុះមកពី ឫសីកម្វុស្វយម្ភុវៈ និងទេពអប្សរមេរា ដែលមានដើមកំណើតចុះមកពីព្រះអាទិត្យ។ ព្រះអង្គទ្រង់បានសោយរាជ្យពីឆ្នាំ៥៥០ ដល់ឆ្នាំ៦០០ នៃគ្រិស្ដសករាជ។
ក្រោយពីវ្រះបាទភវវម៌្ម សោយទិវង្គតទៅ ចិត្រសេនា ជាប្អូនក៏បានឡើងគ្រងរាជ្យបន្តពីព្រះរៀម ដែលទ្រង់មានព្រះនាមក្នុងរាជ្យថា មហេន្ទ្រវម៌្ម។ វ្រះបាទមហេន្ទ្រវម៌្មទ្រង់បានបន្ដនយោបាយរបស់ព្រះរៀម ហើយបានបញ្ចប់ការវាយបង្ក្រាបបណ្ដាខែត្រដែលវ្រះបាទភវវម៌្មមិន ទាន់បានដណ្ដើមដាក់ជាចំណុះ។ ទ្រង់ មានមន្ដ្រី២នាក់បម្រើព្រះអង្គគឺ ធម៌ទេវ និង សិម្ហទេវ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ដែលជាកូនរបស់ព្រាហ្មណ៍២នាក់បងប្អូន ព្រាហ្មទត្ត និង ព្រាហ្មសិម្ហ។ អ្នកទាំង២នេះធ្លាប់ជាមន្ដ្រីរបស់វ្រះបាទភវវម៌្ម ហើយវ្រះបាទមហេន្ទ្រវម៌្មពិនិត្យឃើញថាជាទីប្រឹក្សាល្អ ទ្រង់ក៏រក្សាទុកព្រោះ «ពួកគេនេះចេះចាំច្បាស់លាស់អំពីវិទ្យាសាស្ដ្រត្រឹមត្រូវ និងវិទ្យាសាស្ដ្រមានផលប្រយោជន៍» មានន័យថា ជាអ្នកអនុវត្ដជាក់ស្ដែង និងត្រឹមត្រូវ។ មន្ដ្រីទាំង២នាក់នេះ ជាជំនួយដែលជួយឱ្យព្រះអង្គទទួលបាននូវជ័យជម្នះ។ ទ្រង់បានចាត់ឱ្យសិម្ហទេវទៅធ្វើការចរចាជាមួយនគរចាម្ប៉ា ដើម្បីរក្សាចំណងមេត្រីភាពរវាងព្រះរាជាកម្វុជនឹងព្រះរាជាចាម។ បេសកកម្មនេះទទួលបានជោគជ័យ ហើយសន្ដិភាពត្រូវបានធានា។
បុព្វហេតុនៃចម្បាំង
[កែប្រែ]- ទំនាស់រាជបល្លង្ក៖ អ្នកខ្លះយល់ថាវ្រះបាទភវវម៌្មលើកទ័ពមកតទល់ នឹងការដណ្ដើមរាជ្យបល្លង្ករបស់បក្សពួកគុណវម៌្ម។
- ទំនាស់សាសនា៖ រវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា បើតាមអ៊ីឈិងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ពីដើមនៅភ្វូណានព្រះធម៌បានចម្រើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាវ្រះបាទភវវម៌្មនេះហើយ។
- គ្រោះធម្មជាតិ៖ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ៥៥០វ្រះបាទភវវម៌្មបានវាយលុកនគរភ្វូណាន ដើម្បីបង្កើតរាជាណាចក្រខ្មែរ។ យើងឃើញថានេះជាមូលហេតុដែលមានចម្បាំងចេនឡានិងអាណាចក្រភ្វូណាន បូករួមទាំងទំនាស់រាជបល្ល័ង្កផង។
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចម្ការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្វូណាន ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចម្ការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។ ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្វូណានវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្វូណាន។ ព្រះរាជាចេនឡា វ្រះបាទភវវម៌្មទី១ និងប្អូនជីដូនមួយ ចិត្រសេនា បានវាយលុកអាណាចភ្វូណានប្រហែលរវាងគ.ស ៥៥០។ អាណាចក្រភ្វូណានក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺវ្រះបាទភវវម៌្មទី១ ហើយអាណាចក្រភ្វូណានក៏ប្រែឈ្មោះជាកម្វុជ។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្វុជត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
ពង្សាវលី
[កែប្រែ]- ព្រះអយ្យកាទួត ព្រះបាទកៅណ្ឌិន្យជយវម៌្ម ជាអតីតព្រះមហាក្សត្រភ្វូណាន។
- ព្រះអយ្យកា ព្រះបាទរុទ្រវម៌្ម និងព្រះអយ្យកាបិតុលា ព្រះបាទគុណវម៌្ម ដែលជាព្រះអយ្យកាមានព្រះអយ្យកាទួតតែមួយ តែព្រះអយ្យកោទួតរៀងខ្លួន
- ព្រះបិតា ព្រះនាម ប្រថិវេន្ទ្រវម៌្ម និងមាតាជាព្រះមហេសីរួមគ្នាជាមួយព្រះបិតុលាព្រះនាមវីរវម៌្ម
- ព្រះមហេសីព្រះនាម កម្វុជរាជលក្ឝ្មី
- ព្រះភាតាអយ្យកាមួយ និងជា ព្រះភាតាចុងមានព្រះមាតារួមគ្នាជាមួយព្រះអង្គ ព្រះនាម មហេន្ទ្រវម៌្ម
- បុត្រមាន ប៉ុន្តែមិនត្រូវបានគេវែកញែក
- ព្រះភាគិនេយ្យ ជាច្រើនអង្គឦឝានសេនា
- ព្រះបិតា ព្រះនាម ប្រថិវេន្ទ្រវម៌្ម និងមាតាជាព្រះមហេសីរួមគ្នាជាមួយព្រះបិតុលាព្រះនាមវីរវម៌្ម
- ព្រះអយ្យកា ព្រះបាទរុទ្រវម៌្ម និងព្រះអយ្យកាបិតុលា ព្រះបាទគុណវម៌្ម ដែលជាព្រះអយ្យកាមានព្រះអយ្យកាទួតតែមួយ តែព្រះអយ្យកោទួតរៀងខ្លួន
ឯកសារយោង
[កែប្រែ]គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ព្រះនាងកម្វុជរាជលក្ឝ្មី |
ភវបុរ | តដោយ វ្រះបាទមហេន្ទ្រវម៌្ម |