ឦសានវរ្ម័នទី១
អត្ថបទនេះរួមមានបញ្ជីឯកសារយោងមួយ ប៉ុន្តែ ប្រភពរបស់វានៅតែមិនច្បាស់ព្រោះតែវាមានអាគតដ្ឋានក្នុងបន្ទាត់មិនគ្រប់គ្រាន់ ។ សូមជួយបន្សើរ អត្ថបទនេះដោយការណែនាំអាគតដ្ឋានជាក់លាក់ត្រឹមត្រូវ នៅកន្លែងដែលសមរម្យ ។ (ខែឧសភា ២០១៣) |
ឦឝានវម៌្មទី១ | |
---|---|
វ្រះបាទ | |
រជ្ជកាល | ៦១០-៦៣៥ |
រាជ្យមុន | វ្រះបាទមហេន្ទ្រវម៌្ម |
រាជ្យបន្ត | វ្រះបាទភវវម៌្មទី២ |
ស្វាមី/មហេសី | ព្រះនាងសករមន្ជរិ |
បុត្រ | ព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ ម្ចាស់ក្សត្រីសុវណ៌ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | វ្រះបាទមហេន្ទ្រវម៌្ម |
ប្រសូត | ឝម្ភុបុរ |
សុគត | ៦៣៥ ឦឝានបុរ |
វ្រះបាទឦឝានវម៌្មទី១ ឬ ឦឝានសេនា ឬឦសានវរ្ម័នទី១ (ចិនសម័យ: 伊奢那先代) (គ.ស ?-៦៣៥) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ជាព្រះមហាក្សត្រខ្មែរនៃរាជាណាចក្រកម្វុជនៅក្នុងសតវត្សទី៧ ដែលក្រោយមកទៀតក្លាយជាអធិរាជាណាចក្រកម្វុជទេឝ។ ព្រះអង្គជាបុត្រ និង អ្នកស្នងរាជ្យបន្តពីវ្រះបាទមហេន្ទ្រវម៌្ម។
បន្ទាប់ពីវ្រះបាទមហេន្ទ្រវម៌្មសោយទិវង្គតទៅ វ្រះបាទឦឝានវម៌្មទ្រង់បានប្រែឈ្មោះរាជធានីឝម្ភុបុរទៅជាឦឝានបុរវិញ។ សម្បូរព្រៃគុហ៍ សំណង់ប្រាសាទប្រវត្តិសាស្ត្រត្រូវបានគេបញ្ជាក់ថាជាឦឝានបុរ រាជធានីនៃកម្វុជនាសតវត្សទី៧។[១] ប្រាសាទសំខាន់ៗនៅសម្បូរព្រៃគុហ៍ត្រូវបានគេនិយាយថាបានស្ថាបនាដោយវ្រះបាទឦឝានវម៌្មទី១។ សួយឝ៊ូ (វស្សប្បវត្តិនៃរាជវង្សសួយចិន) បានចងក្រងនៅឆ្នាំ៦៣៦នៃគ.ស ថ្លែងថានៅចំណាប់ផ្ដើមនៃសតវត្សទី៧ត្រូវបានគ្រប់គ្រងដោយ ក្សត្រមួយអង្គ យីឝឹណាឝៀនតាយ (伊奢那先代)។ សិលាចារឹកនៅប្រាសាទតូច ប្រាសាទបាយ៉ង់ វត្តចក្រឹត ក្ដីអង្គជំនីក និង សម្បូរណ៍ព្រៃគុហ៍ត្រូវបានគេសន្មតថានៅក្នុងរជ្ជកាលនៃព្រះបានឦឝានវម៌្មទី១។ សិលាចារឹកចុងក្រោយបង្អស់បានសន្មតថាព្រះអង្គដែលត្រូវចោះកាលបរិច្ឆេទដល់ឆ្នាំ៦២៧នៃគ.ស (ស័ក៥៤៩) ដែលសិលាចារឹកមានកាលបរិច្ឆេទតែមួយប៉ុណ្ណោះសន្មតថាត្រូវនឹងស្ដេចស្នងរាជ្យបន្តពីព្រះអង្គ គឺវ្រះបាទភវវម៌្មទី២ ក្នុងឆ្នាំ៦៣៩នៃគ.ស។[២] សិលាចារឹកជាច្រើនបានបញ្ជាក់ពីជោគជ័យរបស់ព្រះអង្គ។ នៅពេលដែលគេនិយាយពីព្រះអង្គ គេតែងនិយាយពីការធ្វើសឹកសង្គ្រាមពង្រីកទឹកដី។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ វិសាលភាពទឹកដីរីកធំទូលាយយ៉ាងខ្លាំង ដែលព្រំដែនខាងលិចទៅទល់នឹងជ្រលងខាងលើនៃទន្លេមេទឹក (ដែលពេលនោះគ្រប់គ្រងដោយរាជាណាចក្រទ្វារវតី) និងខាងជើងទៅដល់កណ្ដាលប្រទេសលាវបច្ចុប្បន្ន។
រាជធានី
[កែប្រែ]យើងទទួលបានព័ត៌មានឣំពីរាជធានីឦឝានបុរតាមរយៈ កំណត់ហេតុនៃរាជវង្សសួយ ដូចមានជាឣាទិ៍ ទីក្រុងនេះមានប្រជាជនរស់នៅជាងពីរមឺុនគ្រួសារ ហើយនៅចំកណ្ដាលទីក្រុងមានឣាសនៈធំសម្រាប់ព្រះរាជសវនការរបស់ព្រះរាជា។ នៅសតវត្សទី៧ ឣ្នកធម្មយាត្រាចិនដ៏ល្បីល្បាញមួយរូបឈ្មោះ ស្ឈៀនហ្សាង (玄奘 ថាងចេង រឺ ថាងស្ឈៀនហ្សាងប្អូនធម៌របស់ស្ដេចលីស៊ឺមិង ដែលមានព្រះនាមសម្រាប់រាជ្យថាថាងថាយជុង) បាន ប្រើឈ្មោះរាជធានីឦឝានបុរ សម្រាប់សំគាល់ ប្រទេសកម្ពុជាទាំងមូលនាសម័យនោះ។ តំលៃផ្នែកនយោបាយនិងសាសនានៃរាជធានីឦឝានបុរស្ដែងឡើងតាមរយៈវិសាលភាពនៃសំណង់សាសនានិងការរៀបចំដែនដីនៅក្រោមរាជ្យ វ្រះបាទឦឝានវម៌្មទី១។ ក្នុងចំណោមប្រាង្គប្រាសាទទាំងឣស់ដែលមានចំនួនរាប់រយក្រុមប្រាសាទខាងត្បូង និងក្រុមខាងជើងមានសារៈសំខាន់ជាងគេ។
នយោបាយ
[កែប្រែ]នៅខាងជើងភ្វូណាន ត្រង់កន្លែងមធ្យមនៃទន្លេមេគង្គជាចន្លោះខោន និងថាខែត្រក្នុងតំបន់ដីខ្ពស់ នោះមានស្រុកប្រទេសរាជមួយជាពួកកម្ពុជា នៅទីនោះហើយដែលកាលក្នុងកណ្ដាលគ្រិស្ដសករាជ ៦០០ឆ្នាំ មានព្រះអង្គម្ចាស់មួយអង្គជារាជវង្សពីស្រុកភ្វូណានសោយរាជ្យនៅនគរនោះគឺ ភវវម៌្មទី១ ដោយហេតុភាន់ប្រែអ្វីដែលយើងមិនបានដឹងជាក់នោះ ស្ដេចក៏តាំងព្រះអង្គជាឯករាជ្យឡើង ហើយដោយបានព្រះអង្គម្ចាស់ចិត្រសេនា ជាព្រះអនុជជួយផង ក៏តាំងលើកកងទ័ពទៅវាយនគរដែលស្ដេចធ្លាប់ឡើង យកបានខែត្រទាំងប៉ុន្មានក្នុងតំបន់ខាងជើង ហើយនគរនេះក៏ផ្លាស់ទីក្រុងទៅតាំងនៅតំបន់ខាងត្បូងវិញ គឺការកើតភាន់ប្រែដោយខ្មាំងសត្រូវលុកលុយជាដំបូងដែលខ្ញុំបានពោលរួចហើយ។ ក្នុងគ្រិស្តសករាជ ៧០០ឆ្នាំ ស្ដេចដែលកាន់កាប់ជាតំណអំពីស្ដេចបងប្អូនទាំងពីរអង្គក៏តាំងសម្រេចកិច្ចភ្ជាប់ប្រទេសកម្ពុជាក្រោមមកក្នុងអាណាខែត្របាន ប្រទេសកម្ពុជាក្រោមដែលកាលពីដើមជាទីកន្លែងដ៏មានឫទ្ធានុភាពរបស់ភ្វូណាន បានមកជាដែនរបស់ពួកកម្ពុជាវិញ មានស្ដេចមួយអង្គទ្រង់ព្រះនាមឦឝានវម៌្មទី១ បានសាងទីក្រុងមួយដែលគេស្គាល់បានសព្វថ្ងៃថា សម្បូរណ៍ព្រៃគុហ៍ ហើយស្ដេចមួយអង្គទៀត ទ្រង់ព្រះនាមជយវម៌្មទី១ ទំនងជាបានតាំងទីក្រុងនៅអង្គរបូរីសម័យទាំងមូលនេះ (តាំងពីដែលរលាយស្រុកភ្វូណានពីគ្រិស្តសករាជ ៥៥០ ទៅទល់នឹង ៨០០) រាប់បញ្ចូលជាសម័យដើមដំបូង ឬសម័យមុនអង្គរ ក្នុងពង្សាវតារស្រុកខ្មែរ។ ព្រះអង្គបានបន្តនយោបាយវាយប្រហារបង្រួបបង្រួមទឹកដីនគរភ្វូណានបញ្ចូលមកក្នុងនគរចេនឡា ឲ្យមានតែនគរកម្ពុជាតែមួយ។ មានសេចក្ដីសន្និដ្ឋានថា ភ្វូណានប្រហែលក្លាយជាចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង គ.ស ៦៣០ ព្រះអង្គវាយដណ្ដើមយកបានទីក្រុងអង្គរបូរី។ ដូច្នេះ នយោបាយបង្រួបបង្រួមជាតិដែលចាប់ផ្ដើមអនុវត្តក្នុងរជ្ជកាលវ្រះបាទភវវម៌្មទី១ ត្រូវបានសម្រេចចប់សព្វគ្រប់ជាស្ថាពរក្នុងរាជ្យរបស់ព្រះអង្គ។ ដោយសារមហិទ្ធិឫទ្ធិខ្លាំងពូកែពិតជាអ្នកចម្បាំង ទើបបានជាសិលាចារឹកខ្មែរនៅវត្តចក្រឹត និងស្វាយឆ្នូ អួតសរសើរថា «ព្រះអង្គមានឫទ្ធិស្មើនឹងព្រះឥន្ទ្រ មានតេជៈបារមីស្មើនឹងព្រះហរិ (ព្រះហរិ គឺព្រះវិស្ណុ ឬព្រះនរាយណ៍)» ។ល។ ក្នុងគ.ស ៦១៦ ប្រហែលជាក្នុងន័យរារាំងបរទេសកុំឲ្យលូកដៃចូលក្នុងរឿងខ្មែរ ទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិន ដោយមានទាំងនាំយកទៅថ្វាយនូវរបស់របរដ៏មានតម្លៃជាច្រើនផង។ ក្នុងគ.ស ៦២៣ និង៦២៨ ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិនពីរលើកទៀត។ ប្រហែលជាក្នុងន័យដដែលនេះដែរ ទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ក្សត្រីសុវណ៌ ជាមួយនិងចៅទួតរបស់ព្រះមហាក្សត្រនគរចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាងប្រសូត្របានរាជបុត្រមួយព្រះអង្គដែលក្នុងគ.ស ៦៥៣ បានឡើងសោយរាជ្យសម្បត្តិនៅនគរចាម្ប៉ា។ ព្រះនាមព្រះអង្គជាក្សត្រគឺ វិក្រាន្ត។ ព្រះអង្គមានសន្ដានចិត្តជ្រះថ្លានឹងសាសនា ដោយបានកសាង និងជួយឧបត្ថម្ភជាច្រើន។ វ្រះបាទឦឝានវម៌្មទី១ បានរើដូរព្រះរាជធានីពីវ្យាធបុរ មកគង់នៅឯសម្បូណ៌ព្រៃគុហ៍ ក្នុងខេត្តកំពង់ធំបច្ចុប្បន្ន។ ពីព្រោះព្រះអង្គយល់ថា ទីក្រុងថ្មីនេះ ដែលមានឈ្មោះថាឦឝានបុរ ស្ថិតនៅចំកណ្ដាលប្រទេស និងនគរចំណុះទាំងអស់។ សក្ខីភាពរបស់អ្នកដំណើរចិន បានបញ្ជាក់ឲ្យដឹងថា ព្រះរាជធានីឦឝានបុរ មានផ្ទះប្រមាណជាពីរម៉ឺនខ្នង។ ជាមួយគ្នានេះដែរ តាមរយៈប្រាសាទ និងសិលាចារឹកជំនាន់រាជ្យរបស់ព្រះអង្គដែលមានសេសសល់រហូតមកដល់សព្វថ្ងៃ គេអាចដឹងថា អរិយធម៌ខ្មែរនៅសម័យនោះ បានរីកចម្រើនលូនលឿន ថ្កុំថ្កើង ភ្លឺចិញ្ចែងចិញ្ចាច។ ក្នុងរជ្ជកាលវ្រះបាទឦឝានវម៌្ម ប្រាង្គប្រាសាទនានាច្រើនតែសង់អំពីឥដ្ឋ ដោយមានក្លោងទ្វារធ្វើអំពីថ្ម ហើយមានកំពូលខ្ពស់ទៅលើ។ ចំណែកអក្សរដែលគេសរសេរចារនៅលើសិលចារឹកវិញ បុព្វបុរសខ្មែរមិនមែនត្រឹមតែចារជាភាសាសំស្ក្រឹតទេ គេបានទាំងចារជាភាសាខ្មែរទៀត។ រីឯកសារប្រវត្តិសាស្ត្រចិនឈ្មោះសួយ (ជាឈ្មោះព្រះរាជវង្សស្ដេចចិនដែលបានសោយរាជ្យពីគ.ស ៥៨៩ ទៅដល់គ.ស ៦១៨) ដែលនិពន្ធចងក្រងដោយតំណាងប្រទេសចិននៅកម្ពុជា បានរៀបរាប់អំពីសវនការវ្រះបាទឦឝានវម៌្ម និងការរស់នៅរបស់ប្រជានុរាស្ត្រខ្មែរយ៉ាងច្បាស់លាស់ដែលយើងអាចចាត់ទុកជាសក្ខីភាពមួយយ៉ាងសំខាន់។ ឯកសារដដែលបានកត់ត្រាថា ប្រទេសខ្មែរតែងតែមានចម្បាំងជាញឹកញាប់ជាមួយនឹងនគរចាម្ប៉ា (ប្រទេសចាម ក៏ដូចជាប្រទេសខ្មែរដែរ មាននគរតូចធំជាច្រើន ដែលមានស្ដេចសោយរាជ្យខុសអំពីគ្នា)។ ជាពិសេស នគរចាមដែលស្ថិតនៅជាប់នឹងសមុទ្រ។ បន្ទាប់ពីព្រះបាទឦឝានវម៌្មទី១ចូលទិវង្កតក្នុងគ.ស ៦៣៥ ប្រទេសខ្មែរបានជួបប្រទះចលាចល រំជើបរំជួល និងអសន្តិសុខពាសពេញនគរ។
ព្រះមហាក្សត្រអង្គទី៣ នៃចេនឡាព្រះនាមថាឦឝានវម៌្មទី១ ទ្រង់មានអំណាចខ្លាំងក្លាណាស់ ទ្រង់បានបង្រ្កាបអាណាចក្រភ្វូណានរឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុងព.ស ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិសជាពិសេសទិសខាងលិចលាតសន្ទឹងទៅដល់ខេត្តចន្ទបុរី។
ក្រៅពីសម្ថតភាពផ្នែកសំណង់សាសនានគរភាវូបនីយកម្ម និងសិល្បៈសូនរូប វ្រះបាទឦឝានវម៌្មទី១ បានរៀបចំប្រព័ន្ធសេដ្ឋកិច្ចរឹងមាំមួយដែលពឹងផ្អែកជាសំខាន់ទៅលើទិន្នផលកសិកម្ម។ ព្រះអង្គសម្រួលនូវទស្សនៈ «នយោបាយ−សាសនា» ដែលមានប្រភពនៅប្រទេសឥណ្ឌាមកឣនុវត្តនៅក្នុងឣាណាចក្រខ្មែរក្នុងគោលបំណងពង្រឹងឣំណាចរាជានិយម។ រាជធានីឦឝានបុរពី រាជ្យព្រះបាទភវវម៌្មទី២ រហូតដល់រាជ្យ វ្រះបាទជយវម៌្មទី៧ ។
សាសនា
[កែប្រែ]ឯកសារសិលាចារឹកទាំងនេះ បានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រ អ្នកដឹកនាំ និងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនា តែឲ្យតំលៃទៅលើព្រះហរិហរៈ។ ព្រះហរិហរៈ ជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុ និងពាក់កណ្ដាលទៀតជាព្រះឥសូរ។ ដូច្នេះ ព្រះបដិមាតែមួយតំណាងព្រះវិស្ណុផង ព្រះឥសូរផង។ ប៉ុន្តែព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្ត គ្មានការប្រកាន់ ឬប៉ះទង្គិចគ្នាឡើយ។ នៅតាមកន្លែងគោរពបូជា នៅតាមសាលា ឬនៅផ្ទះសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរ គេឃើញមានព្រះពុទ្ធបដិមា និងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហ៊ឹងលើអាសនៈជាមួយគ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យវ្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មមកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់វ្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា។ តម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។
ព្រះញាតិវង្សចុះពីព្រះអង្គ
[កែប្រែ]ផ្អែកលើសិលាចារឹកព្រះបាទឦឝានវម៌្មទី១ មានបុត្រា ៣ ឣង្គព្រះនាមឝិវទត្តជាបុត្រាទីពីរដែលគ្រប់គ្រងនៅក្នុងតំបន់ឣរញ្ញប្រទេឝ (ប្រទេសថៃសព្វថ្ងៃ) និងព្រះបាទភវវម៌្មទី២ ជាបុត្រាទី១ ដែលបន្ដសោយរាជពីព្រះឣង្គនៅសម្បូរណ៍ព្រៃគុហ៍ ចំណែកឯបុត្រាទី៣ ព្រះនាមមិនបានវែកញែកស្គាល់តែគោរម្យងារ យុវរាជ (ម្កុដរាជកុមារ)។ ព្រះបាទជយវម៌្មទី១ត្រូវជាចៅព្រះបាទឦឝានវម៌្មទី១ ព្រះឣង្គបានផ្លាស់ប្ដូររាជធានីពីសម្បូរណ៍ព្រៃគុហ៍ទៅតំបន់ឣង្គរវិញបន្ទាប់ពីរាជ្យព្រះបាទភវវម៌្មទី២ដែលជាក្សត្រស្ថាបនិកក្រុមខាងជើងនៃប្រាសាទសម្បូរណ៍ព្រៃគុហ៍។ នៅក្នុងសម័យចេនឡា មានព្រះមហាក្សត្រ ៣ ព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញគឺ ព្រះបាទភវវម៌្មទី១ វ្រះបាទមហេន្ទ្រវម៌្ម និងព្រះបាទឦឝានវម៌្មទី១ ដែលបានសោយរាជ្យបន្តបន្ទាប់គ្នានៅរាជធានីមួយនេះ។ ប្រវត្តិសាស្ត្របុរាណនៃរាជវង្សថាង (ជីវថាងឝ៊ូ) រៀបរាប់អំពីចំណងមិត្តភាពរវាងអាណាចក្រខ្មែរ និងចាម ដែលបន្តតាំងពីរាជ្យព្រះបាទចិត្រសេនា-មហេន្ទ្រវម៌្ម រហូតដល់រាជ្យព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាបុត្រ។ សម្ព័ន្ធភាពនេះកាន់តែជិតស្និទថែមទៀតក្រោយពីអភិសេកបុត្រាស្ដេចចាម និងបុត្រីព្រះបាទឦឝានវម៌្មទី១ ព្រះនាមសុវណ៌ បន្ថែមលើទំនាក់ទំនងទៅវិញទៅមកផ្នែកវប្បធម៌។ រីឯសម្ព័ន្ធភាពជាមួយអធិរាជចិនក៏ប្រព្រឹត្តទៅមិនដាច់ដូចគ្នាដែរ។ ជាក់ស្ដែង បន្ទាប់ពីឡើងសោយរាជ្យភ្លាមព្រះអង្គបានបញ្ជូនរាជទូតទៅគាល់ព្រះចៅអធិរាជចិននៃរាជវង្សសួយ (៥៨១-៦១៨) ហើយដំណើរនេះបន្តរហូតមកដល់សម័យរាជវង្សថាង (៦១៨-៩០៧)។
ប្រាសាទ
[កែប្រែ]ប្រាសាទសម្បូរណ៍ព្រៃគុហ៍ មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ២៥ គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុហ៍ជារាជធានីចាស់បុរាណ ឈ្មោះ ឦឝានបុរ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអដោយចម្លាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលវ្រះបាទឦឝានវម៌្មទី១ ក្នុងសតវត្សទី៧។ ក្រុមប្រាសាទសម្បូរណ៍ព្រៃគុហ៍ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម៉្លេះ ហើយត្រូវបានរៀបចំសាជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន ១៤០ ប្រាសាទ។ រមណីដ្ឋានសម្បូរណ៍ព្រៃគុហ៍ ចែកចេញជា៤ក្រុមធំៗគឺ៖
- ១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
- ២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្សទី៩។
- ៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង ៤ ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
- ៤.ក្រុមប្រាសាទក្រោរមាស: មានទីតាំងនៅខាងជើងចម្ងាយ ២ គ.ម ពីប្រាសាទសំបូរព្រៃគុហ៍ មានតួប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះអយ្យកា ព្រះនាម ព្រះបាទវីរវម៌្ម ជាអតីតព្រះមហាក្សត្រនៃអតីតទឹកដីចេនឡា។
- ព្រះបិតាព្រះនាម មហេន្ទ្រវម៌្ម, ព្រះបិតុលា ព្រះនាម ភវវម៌្មទី១
- ព្រះមាតុលា មិនស្គាល់ព្រះនាម មានស្វាមីជាព្រាហ្មណ៍ សោមសម៌ន
- ព្រះអគ្គមហេសី សករមន្ជរិ
- មានក្សត្រមួយអង្គព្រះនាម ហិរណ្យវម៌្ម ជាបុត្ររបស់ព្រះមាតុលា របស់ទ្រង់ ជាព្រះភាតាអយ្យកោមួយ
- បុត្រមានព្រះនាម ព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ និង ម្ចាស់ក្សត្រីសុវណ៌
- ព្រះនត្តា ដែលគេស្គាល់ព្រះនាមត្រូវជា ព្រះមហាក្សត្រនៃនគរចាម្បា ព្រះនាម វិក្រាន្តវម៌្មទី១
- ព្រះអគ្គមហេសី សករមន្ជរិ
ឯកសារយោង
[កែប្រែ]- ↑ “Coedès‟ Histories of Cambodia”.page 11.
- ↑ BEFEO 1904 Archived 2022-05-10 at the វេយប៊ែខ ម៉ាស៊ីន..page 693.
- Bulletin de l'Ecole française d'Extrême-Orient 1904 - BEFEO 1904
- Vickery, Michael. (2000) "Colloque George Coedès aujourd‟hui". Bangkok, Centre d‟Anthropologie Sirindhorn, 9–10 September 1999.
Published as “Coedès‟ Histories of Cambodia”, in Silpakorn University International Journal (Bangkok,), Volume 1, Number 1, January–June 2000, pp. 61–108.
- Vickery, Michael. (1998). "Society, economics, and politics in pre-Angkor Cambodia: the 7th-8th centuries." :Centre for East Asian Cultural Studies for Unesco. ISBN 9784896561104
- Marr, David G./ Millner, A. C./ Gungwu, Wang (1986). "Southeast Asia in the Ninth to Fourteenth Centuries.". ISBN 9971988399
- Majumdar, Ramesh Chandra. (1980). "Kambuja-Deśa: or, An ancient Hindu colony in Cambodia." :Institute for the Study of Human Issues. ISBN 0915980282
តំណខាងក្រៅ
[កែប្រែ]- the Vat Chakret temple inscription of Ishanavarman Archived 2013-08-15 at Archive.is
- Cambodian rulers
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះបាទមហេន្ទ្រវម៌្ម |
ក្សត្រចេនឡា ៦១០-៦៣៥ |
តដោយ វ្រះបាទភវវម៌្មទី២ |
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទដែលខ្វះអាគតដ្ឋានក្នុងអត្ថបទ ពី ខែឧសភា ២០១៣
- Articles with invalid date parameter in template
- អត្ថបទទាំងឡាយដែលខ្វះអាគតដ្ឋានក្នុងអត្ថបទ
- Articles containing Chinese-language text
- Webarchive template archiveis links
- ក្សត្រនៃកម្វុជ
- ក្សត្រនៃឦឝានបុរ
- ព្រហ្មញ្ញសាសនិកខ្មែរ
- ក្សត្រព្រហ្មញ្ញសាសនា
- រាជវង្សកៅណ្ឌិន្យវម៌្ម
- ខ្មែរកាត់ឥណ្ឌា
- អត្ថបទខ្លីក្សត្រិយវង្សអាស៊ី
- អត្ថបទខ្លីជនជាតិខ្មែរ
- Pages using ISBN magic links