សហភាពសូវៀត

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី USSR)
Flag of the Soviet Union.svg

សហភាពសូវៀត (Soviet Union) មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត (សសសស) (ជា​ភាសាអង់គ្លេស​៖ The Union of Soviet Socialist Republics, ជា​ភាសារុស្ស៊ី​៖ Сою́з Сове́тских Социалисти́ческих Респу́блик) ។

ការបង្កើតរបបសមូហភាព[កែប្រែ]

មុន​សង្គ្រាមលោកលើកទី១ ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប រួមទាំង​ប្រទេស​រូស៊ី​ផងដែរ សុទ្ធតែ​ជា​ប្រទេស​កាន់​របបរាជានិយម។ ប៉ុន្តែ​ក្រោយ​សង្គ្រាមលោកលើកទី១​មក ប្រទេស​ទាំងនោះ​ក៏​ប្ដូរ​របបនយោបាយ​ស្ទើរតែ​ទាំងអស់​។
រូស៊ី ជាប្រទេសកាន់របបរាជាធិបតេយ្យ តាំងពីដើមរហូតមក បានបញ្ចប់របបនេះត្រឹមបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧ ឬ​សង្គ្រាមលោកលើកទី១
លោក​វ្លាឌីមៀរ អ៊ីលីច លេនីន ជា​អ្នកដឹកនាំ​ធ្វើបដិវត្តន៍​រំលំ​ស្ដេចត្សារ និង​ជា​អ្នកបង្កើត​របបសង្គមនិយម​នៅ​ប្រទេស​រូស៊ី​។ លុះ​គាត់​បាន​កាន់អំណាច​ភ្លាម ដោយ​មាន​ការគាំទ្រ និង​ចូលរួម​ពី​​ប្រទេស និង​រដ្ឋ​ជិតខាង និង​បង្កើត​បដិវត្ត​ជាច្រើន ពិសេស​គឺ​វណ្ណៈកម្មករ និង​កសិករ លោកលេនីន និង​បក្ស​លោក​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​បំបាត់​របបគ្រប់គ្រង​ចាស់​ទាំង​វិស័យ​នយោបាយ យោធា សេដ្ឋកិច្ច និង​សង្គម​។ ក្រោយមក​លោក​បាន​កែប្រែ​ឈ្មោះ​ប្រទេស​រូស៊ី ទៅជា​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត សរសេរ​កាត់​ថាស.ស.ស.ស​។

សាធារណរដ្ឋ​សូវៀត[កែប្រែ]

សហភាពសូវៀត គឺជា​សហភាព ដែល​មាន​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​ជាច្រើន​ជា​សមាជិក​។ ដំបូងឡើយ សាធារណរដ្ឋ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងរហស័ស ក្រោយ​បដិវត្តន៍​ខែ​តុលា ឆ្នាំ​១៩១៧​។ នៅពេលនោះ សាធារណរដ្ឋ​ទាំងនោះ​បាន​ទទួល​ឯករាជ្យ​ដាច់ដោយឡែក​ពី​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ចងសម្ព័ន្ធ​ជាមួយគ្នា យ៉ាង​ជិតស្និទ្ធ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​គណបក្ស​កុម្មុយនិស្ត​សូវៀត (CPSU) ។ នៅ​ឆ្នាំ​១៩២២ សាធារណរដ្ឋ​ចំនួន ០៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រងកាវកាស) បាន​រួមគ្នា​បង្កើត​សហភាពសូវៀត​។ រវាង​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤០ ចំនួន​សាធារណរដ្ឋ​បាន​កើន​ដល់ ១៦​។ សាធារណរដ្ឋ​ថ្មី​ខ្លះ បាន​មក​ដោយសារ​ការដណ្ដើម​បាន​នូវ​ទឹកដី​ថ្មីៗ ការវិលត្រឡប់​ចូល​មកវិញ​នៃ​អាណាខេត្ត​ចាស់​របស់​ចក្រភពរុស្ស៊ី និង​មួយ​ចំនួន​​ទៀត​កើត​ចេញពី​ការបំបែក​នៃ​សាធារណរដ្ឋ​ដែល​មាន​ស្រាប់​។ ចំណុច​វិនិច្ឆ័យ សម្រាប់​បង្កើត​សាធារណរដ្ឋ​ថ្មី ត្រូវ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖

  1. ត្រូវស្ថិតក្នុងបរិមណ្ឌលនៃសហភាពសូវៀត ដែលអាចឲ្យពួកគេមានលទ្ធភាពក្នុងការបញ្ចេញសិទ្ធិសេរីភាព ដើម្បីផ្ដាច់ខ្លួនចេញ
  2. ត្រូវមាន វិស័យសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដើម្បីឲ្យពួកគេអាចរស់នៅបានដោយការបំបែកខ្លួនរបស់ពួកគេខាងលើ
  3. និងត្រូវមានឈ្មោះ បន្ទាប់ពីមានការហូរចូលជនបរទេសក្នុងចំនួនអប្បបរមា មួយលាននាក់។

ប្រព័ន្ធ​នេះ​ស្ទើរតែ​គ្មាន​បំលាស់ប្ដូរ​ទាល់តែសោះ នៅ​ក្រោយ​ឆ្នាំ​១៩៤០​។ គ្មាន​សាធារណរដ្ឋ​ថ្មី​ត្រូវ​បាន​បង្កើត​ថែមទៀត​ទេ​។ សាធារណរដ្ឋ​មួយ​គឺ សាធារណរដ្ឋ​សង្គមនិយម​សូវៀត Karelo-Finnish ត្រូវ​បាន​ដកចេញ ហើយ​អាណាខេត្ត​នេះ បាន​ក្លាយជា​ផ្លូវការ​ទៅជា​តំបន់​ស្វយ័ត Karelian នៃ​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​រុស្ស៊ី​។ សាធារណរដ្ឋ ទាំង​១៥ ដែល​នៅសល់​បាន​បន្ត​រហូតដល់​ឆ្នាំ​១៩៩១​។

សាធារណរដ្ឋ នៃ​សហភាព​សូវៀត
ទង់ជាតិ សាធារណរដ្ឋ រដ្ឋធានី Republics of the Soviet Union
Flag of Armenian SSR.svg រដ្ឋអាមេនី Yerevan
Flag of the Azerbaijan Soviet Socialist Republic.svg រដ្ឋអាហ្សែបេហ្សង់ Baku
Flag of Byelorussian SSR.svg រដ្ឋ​បេឡូរុស្ស៊ី Minsk
Flag of the Estonian Soviet Socialist Republic.svg រដ្ឋអេស្តូនី Tallinn
Flag of Georgian SSR.svg រដ្ឋហ្សកហ្ស៊ី Tbilisi
Flag of the Kazakh SSR.svg រដ្ឋកាហ្សាក់ស្ថាន Alma-Ata
Flag of Kyrgyz SSR.svg រដ្ឋគាហ្គីស្ថាន Frunze
Flag of Latvian SSR.svg រដ្ឋឡាតវី Riga
Flag of Lithuanian SSR.svg រដ្ឋលីថូនី Vilnius
១០ Flag of Moldavian SSR.svg រដ្ឋម៉ូលដាវី Kishinev
១១ Flag of the Russian Soviet Federative Socialist Republic.svg រដ្ឋរុស្ស៊ី Moscow
១២ Flag of Tajik SSR.svg រដ្ឋតាជីគីស្ថាន Dushanbe
១៣ Flag of the Turkmen SSR.svg រដ្ឋតូមិននីស្ថាន Ashgabat
១៤ Flag of Ukrainian SSR.svg រដ្ឋអ៊ុយក្រែន Kiev
១៥ Flag of the Uzbek SSR.svg រដ្ឋអ៊ុយប៊ែគីស្ថាន Tashkent

ឧបសគ្គដែលប្រទេសរូស៊ីជួបប្រទះ[កែប្រែ]

ក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
អ្នកបដិវត្តទាំងអស់តស៊ូប្រយុទ្ធទល់នឹងពួកប្រឆាំងបដិវត្តន៍ ទាំងក្នុង និងក្រៅប្រទេស ដោយ​ពួក​ទាំងនោះ​មាន​គោលបំណង​ចង់​បំបាត់​របបគ្រប់គ្រង​ថ្មី​នេះ​(កុំមុយនីស)​។

ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស[កែប្រែ]

ក្នុង​រយៈពេល​​បី​ឆ្នាំ (១៩១៨ - ១៩២១) សង្គ្រាម​​ផ្ទៃក្នុង​​មួយ​​បាន​កើត​​ពាសពេញ​​ប្រទេស​។ សង្គ្រាម​នេះ​​គឺ​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍ ដែល​គេ​ហៅថា ទ័ពទង់ស បាន​បង្កើត​ឡើង​​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​​​យ៉ាង​ចំហ​​ពី​​ពួកបក្សសម្ព័ន្ធ​​ចាស់​​របស់​​សហភាពសូវៀត​។ ដើម្បី​ប្រឈមមុខ​ចំពោះ​មហន្តរាយ​ដ៏ធំ​នេះ​រដ្ឋាភិបាល​កុំមុយនីស​សូវៀ​បាន​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង​បំផុត និង​ប្រើ​គ្រប់​មធ្យោបាយ​​សម្រាប់​ប្រយុទ្ធតទល់​នឹង​ពួកបច្ចាមិត្រ​ដ៏ឃោរឃៅ​នេះ ដើម្បី​ការពារ​បដិវត្តន៍​។
ជាអវសាន​ពួកប្រឆាំង​នឹង​បដិវត្តន៍​បាន​ត្រូវ​កម្ទេច​ទាំងអស់​ក្នុងអំលុងពេល​បី​ឆ្នាំ តែ​របបគ្រប់គ្រង​ថ្មី​នេះពុំទាន់​ជឿជាក់​ថា​អាច​ឆ្លងផុត​គ្រោះ​បាន​នៅឡើយ ព្រោះ​នៅពេលជាមួយគ្នា​នេះ​ពួកគេ​ត្រូវ​ប្រយុទ្ធ​​ទប់ទល់​នឹង​សត្រូវ​ក្រៅប្រទេស ដែល​ប៉ង​កម្ទេច​បដិវត្តន៍​ទៀត​។

អន្តរាគមន៍បរទេស[កែប្រែ]

សម្ព័ន្ធមិត្ត​ចាស់​(បារាំង អង់គ្លេស ...) របស់​រូស៊ី​មិន​សប្បាយចិត្ត​នឹង​រូស៊ី​ដែល​ស្ថាបនា​របបកុំមុយនីស្ត​នៅ​សហភាពសូវៀត​ឡើយ ហើយ​ខិតខំ​រិះរក​គ្រប់​ឱកាស ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើអន្តរាគមន៍​កម្ទេច​បដិវត្តន៍​ចោល​។ ចម្បាំង​ផ្ទៃក្នុង​ដែល​ពួក ទង់ស ហៅថា គូឡាក់ បាន​បង្កើតឡើង​នោះ បាន​អនុញ្ញាតឲ្យ​ពួក​សត្រូវ​បរទេស​ធ្វើអន្តរាគមន៍​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​សហភាព​សូវៀត​។ យ៉ាងណាមិញ​កងទ័ព​ឆេកូស្លូវ៉ាគី បាន​វាយលុកចូល​តំបន់វ៉ុលកា កងទ័ព​អង់គ្លេស​ដណ្ដើម​យកបាន​ទីក្រុងអាកង់សែល ឯ​កងទ័ព​បារាំង​បាន​វាយលុកចូល​ទីក្រុងអូដេសា ហើយ​កងទ័ព​ជប៉ុន​វាយយក​តំបន់វ្ល៉ាឌីវ៉ូស្ដុក​។ ឯកងទ័ព​ប៉ូឡូញ​វាយយកបាន​ទីក្រុងគាវ​។
ចំពោះ​គ្រោះថ្នាក់​ដ៏ធំធេង ដែល​កំពុង​គំរាមកំហែង​បដិវត្តន៍​នេះ រដ្ឋាភិបាល​សូវៀត​បាន​ប្រើអស់សមត្ថភាព​របស់ខ្លួន ដើម្បី​វាយកម្ចាត់​សត្រូវ​គ្រប់ទិសទី​។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំ​របស់​​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​ផ្ទាល់ បាន​ធ្វើឲ្យ​បច្ចាមិត្ត​គ្រប់​សមរភូមិ​ដកខ្លួន​ថយ​។ របបគ្រប់គ្រង​កុំមុយនីស្ត​ក៏បាន​ទទួលជោគជ័យ​យ៉ាងត្រចះត្រចង់ ក្រោយពី​បាន​វាយកម្ទេច​សត្រូវ​របស់ខ្លួន​ទាំងក្នុង និង​ក្រៅប្រទេស​អស់ទៅ​។

ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មី[កែប្រែ]

ក្រោយពី​​បាន​​វាយកម្ទេច​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍​​ទាំងក្នុង និង​​ក្រៅប្រទេស​​រួចមក របប​គ្រប់គ្រង​​ថ្មី​​ចាប់ផ្ដើម​​ចាត់​វិធានការ​​សំខាន់ៗ​​ទាំងឡាយ ដើម្បី​​កសាង​​សង្គមនិយម​​នៅ​ក្នុង​​ប្រទេស​រូស៊ី ដោយ​ប្រកាន់​ខ្ជាប់​​គោលការណ៍​​ទាំងឡាយ​ដូចតទៅ៖

ស្ថានភាពនៃរបបគ្រប់គ្រងថ្មី[កែប្រែ]

នយោបាយក្នុងប្រទេស[កែប្រែ]

ចាប់ពី​ឆ្នាំ​១៩១៨​មក សាធារណរដ្ឋសង្គមនិយមសូវៀត​​បាន​​ប្រកាស​​ឲ្យ​​ប្រើ​​រដ្ឋធម្មនុញ្ញ​​មួយ​​ថ្មី ដែល​​បាន​​រៀបចំ​ឡើង​​ដោយ​​អង្គការ​សភាជាន់​ខ្ពស់​​សូវៀត​។ នៅ​​ឆ្នាំ​​១៩២៤ រដ្ឋធម្មនុញ្ញ​ទី១ (១៩១៨) បាន​​ត្រូវ​​កែប្រែ​។ នៅ​ឆ្នាំ​​១៩៤៦ រដ្ឋធម្មនុញ្ញ​​ខាងលើ​​មិន​មា​ន​លក្ខណៈ​​សមស្រប​​តាម​កាលៈទេសៈ​​នៃ​សង្គម សហភាពសូវៀត​​ក៏បាន​ត្រូវ​​កែលំអ​​ថែមទៀត​។
រដ្ឋធម្មនុញ្ញ​សូវៀត​បានចែង​ក្នុង​មាត្រា​មួយ​ថា សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ជា​រដ្ឋសង្គមនិយម​នៃ​វណ្ណៈកម្មករ និង​កសិករ អង្គការ​ផ្សេងៗ​របស់​រដ្ឋមាន៖

  • អង្គការសភា​ជាន់ខ្ពស់ ចែកជា​សភា​នៃ​សហភាព នៃ​សភានៃសញ្ជាតិ។ សភា​ទាំងពីរ​ជាអង្គការនីតិបញ្ញត្តិ។ ក្រៅពី​អង្គការ​ជាន់ខ្ពស់​ខាងលើ​មាន​សភា​ផ្សេងៗទៀត​ដូចជា​សភា​តំណាង​ពលករ​នៅ​តាម​រដ្ឋ តាម​រដ្ឋស្វយ័ត តាម​ខណ្ឌ តាម​ក្រុង ឬ​តាម​រោងចក្រ​សហគ្រាស នានា...។
  • អង្គការ​កាន់​អំណាចនីតិប្រតិបត្តិ គឺ​ក្រុមអភិបាល​ស្នងការ​ប្រជាជន (សព្វថ្ងៃ​គឺ​គណៈរដ្ឋមន្ត្រី)។ ម្យ៉ាងទៀត​រដ្ឋធម្មនុញ្ញ​បាន​ផ្ដល់​សមភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ពុំគិត​ដល់​ភេទ សញ្ជាតិ និង​សាសនា​ឡើយ។

នយោបាយក្រៅប្រទេស[កែប្រែ]

  • បញ្ឈប់​ការធ្វើសង្គ្រាម​តទៅ​ទៀត ពិសេស​ជាមួយ​អាឡឺម៉ង់
  • ស្នើ​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី១ ឲ្យ​ចរចា​សន្តិភាព។ ប៉ុន្តែ​សំណើ​នេះ​ពុំ​បាន​ទទួល​ការយល់ព្រម​ពី​បក្សសម្ព័ន្ធ​ឡើយ ហើយ​ប្រទេស​រូស៊ី​ក៏​បាន​ចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​ជាមួយ​អាឡឺម៉ង់ នៅ​ថ្ងៃទី ១៥ ធ្នូ ១៩១៧។ នៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាសន្តិភាព​មួយ​បាន​ចុះហត្ថលេខា​រវាង​ប្រទេសរូស៊ី និង​ប្រទេសអាឡឺម៉ង់ គឺ​សន្ធិសញ្ញាប្រេស្ត-លីតូវស្ក


ម្យ៉ាងទៀត​ចំពោះ​នយោបាយ​ក្រៅប្រទេស​ទូទៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀត​បាន​ប្រកាន់​មូលភាព​សហវិជ្ជមាន ដោយ​សន្តិភាព​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស និង​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​សមភាព​និង​សហប្រតិបត្ដិការ -ល-។

មូលភាពខាងសេដ្ឋកិច្ច[កែប្រែ]

ក្នុង​វិស័យ​សេដ្ឋកិច្ច រដ្ឋាភិបាល​មាន​វិធានការ​សំខាន់ៗ យកមក​អនុវត្ត​ដើម្បី​ស្ថាបនា​សង្គម​ថ្មី​មួយ​ប្រកប​ទៅដោយ​គតិយុត្តិធម៌ ពោល​គឺ​បំបាត់ ការជិះជាន់​មនុស្ស​ដោយ​មនុស្ស។ គេ​ចែក​កម្មវិធី​សេដ្ឋកិច្ច​ថ្មី​ជា​ពីរ​រយៈកាល៖

រយៈកាលទី១(១៩១៨ - ១៩២៤)[កែប្រែ]

គឺ​ជា​សម័យ​សហវិជ្ជ​មាន​រវាងរបបសេដ្ឋកិច្ចមូលធននិយម និង​របបសេដ្ឋកិច្ចសង្គមនិយម
យ៉ាង​ណា​មិញ​ការអនុវត្ត​លទ្ធិសេដ្ឋកិច្ច​[កុំមុយនីស]]ទាំង​ស្រុង ពោល​គឺ​រដ្ឋ​កាន់កាប់​ទាំងអស់​នូវ​អង្គការ​សេដ្ឋកិច្ច បាន​ទទួល​លទ្ធផល​ផ្ទុយ​ពី​ការគ្រោងទុក​ដោយ​ស្ថានភាព​ប្រទេស​រូស៊ី​ក្រោយ​ពី​ចម្បាំង​ភ្លាម មិន​មាន​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច​កុំមុយនីស​បាន​ឡើយ។ លោក​លេនីន​បានយល់​ច្បាស់ពី​បញ្ហា​នេះ​ក៏​សម្រេចចិត្ត​កែប្រែ​កម្មវិធី​សេដ្ឋកិច្ច​ខាងលើ​ខ្លះៗ ដើម្បី​លើកស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច សហភាពសូវៀត​ឡើងវិញ។
លោក​បានបញ្ចូល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា នយោបាយសេដ្ឋកិច្ចថ្មី។ តាម​មូលភាព​នយោបាយ​នេះ​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​ពួក​មូលធន​អាច​រកស៊ី ឬ​កាន់កាប់​ផ្នែក​ណា​ដែល​ពុំសូវ​មានសារៈសំខាន់​បាន​ខ្លះៗ​។ ចំពោះ​ផ្នែក​សំខាន់ៗ រដ្ឋ​ត្រូវ​កាន់កាប់​តទៅ​ទៀត ដូចជា​ឧស្សាហកម្ម​ធំៗ ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ដំនឹកនាំ​នយោបាយ​ក្នុង​ជួររដ្ឋាភិបាល​ជាដើម។ ប៉ុន្តែ​ក្រោយ​ពី​មរណភាព​របស់​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​នៅ​ឆ្នាំ១៩២៤​មក សភាពការណ៍​ក្នុង​សហភាពសូវៀត​មាន​ការរំជើបរំជួល​ជាខ្លាំង ពិសេស​នៅក្នុ​ង​ជួរ​នយោបាយមជ្ឈិមបក្ស ដែល​បណ្ដាល​មក​ពី​ការដណ្ដើម​អំណាច​បន្ត​រវាង​លោកស្ដាលី និង​លោកត្រុតស្គី។ តែក្រោយ​មក​បាន​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​លោក​ត្រុតស្គី​ភៀសខ្លួន​ទៅ​រស់​នៅ​ឯ​ប្រទេស​ម៉ិចស៊ិច ហើយ​ស្លាប់​នៅ​ទី​នោះ​ទៅ។ រី​ឯ​លោកស្ដាលីន ក៏​ឡើង​គ្រប់គ្រង​សហភាព​សូវៀត​បន្ត​ពី​លោក​លេនីន។

រយៈកាលទី២ (១៩២៤ - មកដល់ប៉េរេស្ត្រូយកា)[កែប្រែ]

គឺជា​សម័យកាល​អនុវត្ត​សេដ្ឋកិច្ចកុំមុយនីស។ ក្នុង​អំឡុងពេល​ដែល​លោក​លេនីនគ្រប់គ្រង​អំណាច លោក​បានអនុវត្ត​វិធានការ​សេដ្ឋកិច្ចសង្គមនិយម ដែល​បាន​ហុចផល​យ៉ាង​ល្អ​គួរ​ជាទី​ពេញចិត្ត ជា​ហេតុ​នាំ​ឲ្យ​សហភាព​សូវៀត​គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច និង​នយោបាយ។ ប៉ុន្តែ​ចាប់ពីឆ្នាំ១៩២៤ ក្រោម​ការដឹកនាំ​របស់លោកស្ដាលីន បាន​អនុវត្ត​លទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រែប្រួល​យ៉ាងខ្លាំង។
លោក​ស្ដាលីន មាន​បំណង​ចង់​ឲ្យ​ប្រទេស[​[រូស្ស៊ី]]ដែល​ពីដើម​មក​ពឹងផ្អែក​តែ​លើ​កសិកម្ម​នោះ ប្រែក្លាយ​ជាមហា​ប្រទេស​ឧស្សាហកម្ម​មួយ​ដ៏​សម្បូរ​សប្បាយ​លើ​ពិភពលោក។ លោក​ចាប់ផ្ដើម​ស្ថាបនា​ផែនការ​សេដ្ឋកិច្ច​គ្រប់មែក​ធាង​ទាំង​អស់។ ជំហាន​ដំបូង​ដើម្បី​សម្រេច​គោលដៅ គឺ​ស្ថាបនា​ផែនការ​ប្រាំឆ្នាំ។
ផែនការប្រាំឆ្នាំ ទី១(១៩២៨ - ១៩៣៣) បាន​ហុច​លទ្ធផល​យ៉ាងសម្បើម​។ ស្ថានភាព​សេដ្ឋកិច្ច​នៅពេល​នោះ បាន​ឡើង​មួយ​កម្រិត​ខ្ពស់​ដែល​គេ​ពុំ​ដែល​បាន​ជួប​ប្រទះ​សោះ​នៅ​ប្រទេស​រូស៊ី​តាំងពី​ដើម​មក​។ សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ក៏​ប្រែ​ក្លាយ​ទៅ​ជា​មហាអំណាច​ឧស្សាហកម្ម​មួយ​នៅ​អឺរ៉ុប​ដែល​ប្រៀប​ស្មើ​នឹងសហរដ្ឋអាមេរិក
ផែនការ​ប្រាំឆ្នាំ​ទី​២​(១៩៣៣ - ១៩៣៨) លោក​ស្ដាលីន​បាន​អនុវត្ត​ផែនការ​ប្រាំ​ឆ្នាំ​ទី១​ដែរ ហើយ​ទទួល​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​ទី១។ ពេល​សហភាព​សូវៀត​ក្លាយ​ជា​មហាអំណាច​ដ៏​ខ្លាំង​ពូកែ​មួយ​លើ​ពិភពលោក​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៣៩​ពេល​ដែល​​សហភាព​សូវៀត​​ត្រូវ​​អនុវត្ត​​ផែនការ​ប្រាំ​ឆ្នាំ​ទី​៣​​ទៀត មហា​សង្គ្រាមលោកលើកទី២ ក៏​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ផង​ដែរ ជា​ហេតុនាំ​ឲ្យ​ផែនការ​នោះ​ពុំ​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​ត្រូវ​រៀបចំ​ខ្លួន​ចូល​ក្នុង​សង្គ្រាម។

សមូហកម្មស្រែចំការ[កែប្រែ]

ស្រែចំការ​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​កុលខូស ហើយ​រដ្ឋាភិបាល​បាន​ចែក​ឲ្យ​កសិករ​នូវ​ឧបករណ៍​កសិកម្ម​ដូច​ជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និង​ឲ្យ​ខ្ចី​ប្រាក់កាស​ដើម្បី​ធ្វើ​ដើមរក​ស៊ី។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ រដ្ឋ​​បាន​​បង្កើត​​ស្រែ​ចំការ​​របស់​ខ្លួន​​លើ​ផ្ទៃដីទាំងឡាយ​​ដែល​​គេ​​បោះបង់​ចោល​​តាំង​ពី​ដើមមក ដើម្បី​​ធ្វើ​អាជីវកម្ម​​របស់រដ្ឋ​។ សហករណ៍​​នោះ​​ហៅថា​​សូវខូស​។
លទ្ធផល​នៃ​កំនែប្រែ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​សន្ទុះ​លឿន​ទៅមុខ​យ៉ាងខ្លាំង​។ ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​លើ​វិស័យកសិកម្ម និង​ឧស្សាហកម្ម​បាន​ទទួល​ជោគជ័យ​យ៉ាងសម្បើម​។ សក្ខីភាព​នៃ​ការរីក​ចម្រើន​នេះ​មាន​ដូចត​ទៅ៖

  • ចាប់ពី​ឆ្នាំ​១៩៣៣មក៖
    • ឧស្សាហកម្ម​បាន​កើន​ឡើង​ដល់​ទៅ​២៣៨%
    • ពាណិជ្ជកម្ម​បាន​កើន​ពី១២៥ ទៅ​១៧៨%
    • ផលទុនជាតិ​បាន​កើន​ឡើង​ពី៤៥ ៥០០លាន​រូប ទៅ១០៥០០០លាន​រូប។
  • ក្នុង​អំឡុង​១០ឆ្នាំ(១៩២៨ - ១៩៣៩) ផលិតផល​ស្រូវសាលី ស្ករ ប្រេងកាត​បាន​កើន​ទ្វេជា​ពីរ កប្បាស​បាន​កើន​ជា​បួន -ល-។

ស្ថានភាពវប្បធម៌ និងសង្គម[កែប្រែ]

វប្បធម៌៖[កែប្រែ]

មូលដ្ឋាន​នៃវប្បធម៌​ស្ថិត​នៅលើ​​ប្រាកដ​និយម និង​ប្រលោមនិយម​បដិវត្ត​។ លើ​មូលដ្ឋាន​នេះ វប្បធម៌​ថ្មី​របស់​សហភាព​សូវៀត​សំដៅ​រក​ការអប់រំ​សុទិដ្ឋិនិយម​ចំពោះ​អនាគត​មនុស្ស​លោក​។ ការអប់រំ​ខាង​ស្ថាបនា និង​អប់រំ​ឲ្យ​មាន​ចិត្ត​ក្លៀវក្លា​ស្រឡាញ់​យុត្តិធម៌ មនុស្សធម៌ និង​ការពារ​ផលប្រយោជន៍​រួម (មនុស្សជាតិ) -ល-។

សង្គម៖[កែប្រែ]

សហភាព​​សូវៀត​​បាន​លុប​​បំបាត់​​ចោល​​អស់​នូវ​វណ្ណៈ​ផ្សេងៗ​ក្នុង​សង្គម ហើយ​បាន​លើក​តម្កើង​វណ្ណៈ​ពលករ (ពលករ​ខាងបញ្ញា និង​ពលករ​ខាងហត្ថកម្ម) ដែល​បាន​ទទួល​ការធានា​ផ្សេងៗ​ពី​ក្រសួង​សន្តិសុខ​សង្គមជាតិ​ដូច​ត​ទៅ៖

  • មនុស្ស​គ្រប់រូប​ត្រូវ​តែ​មាន​ការងារ​ធ្វើ
  • មនុស្ស​គ្រប់រូប​ត្រូវ​ទទួល​ការធានា​ពី​រដ្ឋ​ចំពោះ​ជរាភាព ឬ​ចំពោះ​ជម្ងឺ -ល-។


ម្យ៉ាងទៀត​ការសិក្សា​បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត។ យ៉ាង​ណា​មិញ​ក្នុង​ឆ្នាំ​១៩១៧ មាន​ប្រជាពលរដ្ឋ​ចំនួន​១៣០​លាន​នាក់​ជា​អនក្ខរជន។ ដល់​ឆ្នាំ​១៩៣៧ អនក្ខរភាព​ត្រូវ​បាន​លុប​បំបាត់​ស្ទើរ​អស់​ទាំងស្រុង​ពី​សហភាព​សូវៀត​។

សហភាពសូវៀតក្នុងឆ្នាំ១៩៣៩[កែប្រែ]

លទ្ធផល​នៃ​បំលាស់ប្តូរ​ខាង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​ប្រែប្រួល​តាំង​ពី​បដិវត្តន៍​ខែតុលា​ឆ្នាំ​១៩១៧​រហូតមក បាន​ធ្វើ​ឲ្យ​សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត​ប្រែក្លាយ​ទៅជា​មហាអំណាច​មួយ​យ៉ាង​ធំ​ទាំង​ខាង​ឧស្សាហកម្ម ទាំង​ខាងសឹក និង​ខាង​មនោគមន៍វិជ្ជា​ទៀតផង​។ គ្មាន​ប្រទេស​ណាមួយ ក្រៅ​ពី​សហភាពសូវៀត​ខ្លួនឯង អាច​នឹក​ស្មាន​បាន​ថា សហភាព​សូវៀត​មាន​សន្ទុះរីក​ចម្រើន​យ៉ាង​អស្ចារ្យ​ដូចនេះ​ឡើយ​ទោះ​ជា​ប្រទេស​អាឡឺម៉ង់​ក៏​ដោយ​៕

ឯកសារវិភាគ[កែប្រែ]

  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០