ជនជាតិចាម្ប៍
ចាម្ប៍ ឬ ចាម គឺជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម្ប៍។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រ ចម្ប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជាមានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម (មូស្លីម) នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិចាម ទទួលយកសាសនាឥស្លាមតាមរយៈជនជាតិជ្វា អំឡុងសតវត្សទី១៦ ឫទី១៧។ ជនជាតិជ្វាប្តូរពីសាសនាព្រហ្មមញ្ញ ទៅសាសនាឥស្លាមអំឡុងសតវត្សទី១២ ឫទី១៣ តាមរយៈជនជាតិអារ៉ាប់។
ꨂꨣꩃ ꨌꩌꨛꨩ | |
---|---|
ស្ត្រីនឹងក្មេងស្រីជនជាតិចាមនៅកម្ពុជា | |
ចំនួនប្រជាជនសរុប | |
៨២២ ៦៤៨ នាក់ | |
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ | |
កម្ពុជា | ៦០០០០០ ទៅ ១លាននាក់ |
វៀតណាម | ១៧៨ ៩៤៨ នាក់ |
ម៉ាឡេស៊ី | ២៥ ០០០ នាក់ |
ចិន | ១០ ០០០ នាក់ |
ថៃ | ៤ ០០០ នាក់ |
អាមេរិក | ៣ ០០០ នាក់ |
បារាំង | ១ ០០០ នាក់ |
ឡាវ | ៧០០ នាក់ |
ភាសា | |
ភាសាចាម , ភាសាខ្មែរ (ទំនាក់ទំនង), ភាសាវៀតណាម (ទំនាក់ទំនង) | |
សាសនា | |
ឥស្លាមសាសនា | |
ក្រុមជនជាតិដែលពាក់ព័ន្ធ | |
ជនជាតិចារ៉ាយ |
ជនជាតិចាមស្ថិតក្នុងអំបូរអូស្រ្តូនេស៊ាន។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។ បើតាមការសិក្សាបានអោយដឹងថាមានប្រជាជនខ្មែរអ៊ីស្លាមដែររស់នៅប្រទេសកម្ពុជាប្រមាណពី១៥០.០០០នាក់ ទៅ ២០០.០០០ នាក់នៅអំឡុងឆ្នាំ១៩៧៥។ ដោយសារសង្រ្គាមនៅអំឡុងពេលឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ របស់ពួកខ្មែរក្រហមបានធ្វើចំនួនចំនួនប្រជាជនមានការថយចុះរួមទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ១៩៨០ ប្រជាជនខ្មែរទំាងអស់បានវិលត្រឡប់មកផ្ទះវវិញរួមបញ្ចូលទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ អង្គការ Pew Research Center បានប៉ាន់ប្រមាណថាមាន១.៦ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់មានជនជាតិខ្មែរអ៊ីស្លាមទាំងអស់២៣៦.០០០។ ជនជាតិអ៊ីស្លាមមានកាន់សាសនាធំគឺ ស៊ូនី (Sunni) ហើយនិងសាហ្វីល (Shafil)។
ប្រវត្តិ
[កែប្រែ]ប្រទេសចម្ប៉ាដែលគេស្គាល់ថាជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចម្ប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។
នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។
សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹងច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។
នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន២ម៉ឺននាក់ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាង សព្វថ្ងៃ។ នៅរវាងឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។ នៅពេលនោះស្តេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូចបានគេចទៅកោះហៃណានប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថាជា អ៊ុតស៊ុល។ កន្លែងដែលស្តេចចាមនិងមនុស្សរបស់ខ្លួនបាននិរទេសទៅគឺនៅត្រង់ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀលរស់នៅភាគកណ្តាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។
ជនជាតិចាមវៀតណាមភាគច្រើនរស់នៅតាមខេត្តជាប់សមុទ្រនិងតំបន់ដីសណ្តរទន្លេមេគង្គ។ ពួកគេមានសហគមន៍សាសនា២ដាច់ដោយឡែកពីគ្នា។ មួយឈ្មោះថា ចាមបានី (មានពី ៨០% ទៅ ៨៥%)ដែលកាន់សាសនាឥស្លាម និង បាឡាមន (មានពី ១៥% ទៅ ២០%)ដែលកាន់សាសនាហិណ្ឌូ។ ទោះជាពួកគេមានភាសានិងប្រវត្តិសាស្ត្ររួមគ្នាក៏ដោយ ក៏ពួកគេមិនអាចរៀបការនឹងគ្នាដែរ។ មានជនជាតិចាមមួយចំនួនតូចប្តូរមកកាន់ពុទ្ឋសាសនាមហាយានដែរដោយសារពួកនេះត្រូវបានផ្តាច់ចេញពីសហគមន៍ឥស្លាមដទៃទៀត។
|