Jump to content

ភវវរ្ម័នទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភវវម៌្មទី១)
ភវវម៌្មទី១
រជ្ជកាលគ.ស ៥៨០-៥៩៨
រាជ្យមុនព្រះនាងកម្វុជរាជលក្ឝ្មី
រាជ្យបន្តវ្រះបាទមហេន្ទ្រវម៌្ម
ស្វាមី/មហេសីព្រះនាងកម្វុជរាជលក្ឝ្មី
បុត្រមាន តែព្រះនាមមិនបានវែកញែក
បច្ឆាមរណនាម
ភវបទ
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាវ្រះបាទប្រថិវេន្ទ្រវម៌្ម
សុគតគ.ស ៥៩៨
ភវបុរ

វ្រះបាទភវវម៌្មទី១ភវវរ្ម័នទី១(គ.ស ?-៥៩៨) រជ្ជកាល (គ.ស ៥៨០-៥៩៨) ជាបុត្ររបស់វ្រះបាទប្រថិវេន្ទ្រវម៌្ម និងត្រូវជាចៅរបស់វ្រះបាទរុទ្រវម៌្ម ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្វុជរាជលក្ឝ្មី ដែលជាប់សាច់ញាតិខាងមាតានៃវ្រះបាទឝ្រេឝ្ឋវម៌្ម ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រភ្វូណាន)។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ឝ្រេឝ្ឋបុរ ដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ (សព្វថ្ងៃស្ថិតក្នុងទឹកដីលាវ)។ ក្រោយពីការសោយទិវង្គតរបស់ព្រះអង្គ បុត្រាដ៏អាថ៌កំបាំងរបស់ព្រះអង្គពុំបានស្នងរាជ្យ​បន្តពីព្រះអង្គឡើយ ដែលគេបានឃើញបុត្រាអង្គនេះចេញមុខដឹកនាំប្រទេសនៅពេលដែលវ្រះបាទភវវម៌្មទី១ចូលនិវត្តន៍ក្នុងទីអារាម នៅរជ្ជកាលចុងក្រោយរបស់ព្រះអង្គ។ រាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះអនុជរបស់ព្រះអង្គ ព្រះនាមចិត្រសេនា ដែលមានព្រះនាមសម្រាប់រាជ្យថា វ្រះបាទមហេន្ទ្រវម៌្ម ដែលត្រូវជាព្រះរាជបុត្រ​ពៅ​របស់​វ្រះបាទ​វីរវម៌្ម «ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​កេតនភណ្ឌ​ជា​ព្រះករុណា​ជា​ម្ចាស់» ហើយ​ប្រហែល​ចាប់​តាំងពី​ពេល​នោះ​មក នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​ចាម្ប៉ា និង​ម៉ាឡេយូ ទំនៀម​ទម្លាប់​ចង់​ឱ្យ​ព្រះ​អនុជ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម ដើម្បី​ឱ្យ​មាន​ព្រះរាជា​ជា​បុរស​រហូត​តទៅ។ នៅ​ពេល​ដែល​ស្ដេច​ឝ្រីភវវម៌្មទី១​ទ្រង់​សោយ​ទិវង្គត​ទៅ គេ​បាន​ប្រមើល​ថា ព្រះ​អង្គ​ទ្រង់​បាន​ទៅ​ចាប់​កំណើត​ឯ​ស្ថានសួគ៌​របស់​ព្រះ​សិវ ព្រោះ​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​នាម​ថាជា ​ភវ ដែល​ជា​ព្រះ​នាម​មួយ​របស់​ព្រះ​សិវ ហើយ​គេ​បាន​ថ្វាយ​ព្រះ​នាម​ថាជា ​ភវ​បទ

ប្រវត្តិ

[កែប្រែ]

ផ្ដើមពីដំបូងត្រូវបានគេហៅដូច្នេះថា ជាពួកមេកន្ទ្រាញដងរែក ដែលជាអាណាខេត្តមេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលគេមិនសូវស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃវ្រះបាទភវវម៌្មប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ នៅបាសាក់/លាវ (K.៣៦៣) វ្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលជាព្រះកនិដ្ឋភាតានៃវ្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E) ដែលផ្ដល់ព័ត៌មានថាវ្រះបាទភវវម៌្មជាបុត្រនៃប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិនរីឯសិលាចារឹកមួយទៀតមកពីបាកមូលនៅឧប្បល/ប្រទេសថៃ (K.៤៩៦) ឲ្យយើងដឹងថានាមនៃបិតាវ្រះបាទវីរវម៌្មមានគោរម្យងារថា សាវ៌ភៅម។ សិលាចារឹកទាំងនេះសំដៅលើទឹកដីមួយភាគធំត្រូវបានគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ។

សិលាចារឹក​បាន​ពិពណ៌នា​ពី​ព្រះរាជា​អង្គ​នេះ​ថា ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ក្លាហាន​ ជា​វីរបុរស​មានចិត្ដ​សប្បុរសមិន​ចេះ​ចាញ់ វិសេស​ប្រៀប​បាន​ទៅ​នឹង​ភ្នំ​ព្រះ​សុមេរុ៍​ ជាប់​អម្បូរ​ព្រះអាទិត្យ​ អាច​វាយ​បង្ក្រាប​ទាំង​សត្រូវ​ខាងក្នុង និង​ខាងក្រៅ​ បាន​ជា​ទ្រមាក់​ដំរី​ដ៏​ពូកែ​ ជា​អ្នក​ដាក់​ទាន​ដែល​មាន​ព្រះ​ហស្ថសើម​ជានិច្ច​ អាស្រ័យ​ដោយ​ទឹក​ដែល​គេ​ចាក់​លើ​ព្រះ​ហស្ថរាល់​ពេល​ដែល​ទ្រង់​ដាក់​ទាន។ សិលាចារឹក​បាន​បន្ថែម​ទៀត​ថា ទីកន្លែង​ណា​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រើ​ព្រះ​កាយពល​ដណ្ដើម​យក​បាន​ហើយ​ ទីនោះ​នឹង​ត្រូវ​បាន​ទទួល​នូវ​ការ​សណ្ដោស​ប្រណី​ពី​ព្រះ​អង្គ ហើយ​បណ្ដា​សត្រូវ​ទាំងឡាយ​នាំ​គ្នា​មក​ថ្វាយបង្គំ​គាល់​ព្រះ​អង្គ​នៅ​ក្នុង​ ព្រះរាជវាំង ទោះជា​អ្នក​ទាំងនោះ​មិន​បាន​ត្រូវ​ព្រះ​អង្គ​វាយ​បង្ក្រាប​ឱ្យ​ចុះចាញ់​ ក្នុង​សង្គ្រាម​ក៏​ដោយ។

ព្រះនាមក្នុងគម្ពីរវិស្ណុបុរាណ

[កែប្រែ]

គម្ពីរ​វិស្ណុ​បុរាណ​ ហាក់​ដូចជា​មាន​និយាយ​ពី​វ្រះបាទ​ភវវម៌្ម​នេះ​ផង​ដែរ ត្រង់​វគ្គ​ស្ដី​ពី​សក្ក​ទ្វីប​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ គឺជា​ឈ្មោះ​សំដៅយក​ កម្ពុជា នេះឯង ដោយ​បាន​លើក​ឡើង​ថា ព្រះរាជា​ទ្រង់​ព្រះ​នាម​ថា ភវ្យ ទ្រង់​បាន​រៀបចំ​ព្រះរាជាណាចក្រ​របស់​ព្រះ​អង្គជា​៣​ស្រុក ដែល​មានឈ្មោះ​ថា ជលទកុមារ និង​សុកាមារ។ លោក​វរសេនីយ៍ឯកហ្សេរីនី​ បាន​ផ្គូផ្គង​ស្រុក​ទី​១​ទៅ​នឹង​ចេនឡា​ទឹក គឺ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ​ រីឯ​ស្រុក​ទី​២ និង​ទី​៣​ក៏​ជា​ស្រុក​នៅ​ភាគ​ខាងត្បូង​កម្ពុជា​ដែរ។ គម្ពីរ​វិស្ណុ​បុរាណ​បាន​ប្រដៅ​ថែម​ទៀត​ថា ស្រុក​នោះ​មាន​ជួរ​ភ្នំ​ដែល​មាន​ឈ្មោះ​ថា ឧទយ​គិរី​ ស្យាម និង​អាស្ដ​គិរី ដែល​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ឧទយ​ សៀម និង​លេស្ដៃ ដែល​យើង​បានឃើញ​ពី​ខាងលើ​រួច​មក​ហើយ ហើយ​ដែល​ជា​ឈ្មោះ​របស់​កម្ពុជា និង​ឧប​សម្ព័ន្ធ​សៀម​នោះ​ឯង។ តាម​ពិត​ទៅ ការ​ប្រើ​ពាក្យ​ «ស្យាម» នៅ​សតវត្សរ៍​ទី​៦ ហាក់​ដូចជា​មិន​ទាន់​ត្រឹមត្រូវ​ទេ បើសិនជា​ថា គេ​ចង់​សំដៅ​យក​ប្រទេស​របស់​ពួក​ថៃ ឬ​សៀម។ ប៉ុន្ដែ នោះ​ប្រហែលជា​ការ​សំដៅ​យក​កុលសម្ព័ន្ធ​មួយ​ដែល​ប្រជាជន​មាន​ស្បែក​ខ្មៅ​ជាង​ អ្នក​ជិតខាង​បន្ដិច ហើយ​រស់នៅ​ជិត​ភ្នំ ដូច​ជា​កុលសម្ព័ន្ធ​សាមន្តរដ្ឋ ដែល​មាន​រាជធានី​នៅ​ខាង​ពាយព្យ​ឆកសមុទ្រសៀម​ត្រង់​កន្លែង​ឝ្រីវិជ័យ​ សព្វថ្ងៃ។ គម្ពីរ​វិស្ណុ​បុរាណ​ក៏ ​មាន​រៀបរាប់​ផង​ដែរ​អំពី​ទន្លេ​ឈ្មោះ សុកុមារិ​ កុមារិ និង​នាលិនិ ទន្លេ​ក្រោយ​នេះ លោកហ្សេរីនី ថា គឺជា​ទន្លេមេគង្គ​នេះឯង ។

សង្គ្រាម

[កែប្រែ]

នៅ​ចុង​សម័យ​នគរភ្វូណានដោយសារ​វ្រះបាទ​រុទ្រវម៌្មបាន​ធ្វើ​គតគុណវម៌្មជា​ប្អូនដើម្បី​ដណ្ដើម​រាជ្យ​សោយ​នោះ ការ​បះ​បោរ​ចលាចល​ក៏កើត​មាន​ឡើង ហើយ​ចលនា​បះ​បោរ​នេះ ក៏​កាន់​តែ​រីក​ធំ​ឡើងៗ ហើយ​នៅ​ចុង​រាជ្យ​ព្រះអង្គ វ្រះបាទរុទ្រវម៌្ម ជា​អ្នក​ដណ្ដើម​រាជ្យ ប្រហែលជា​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង ឬ​ក៏​ដាក់​រាជ្យ។ មិន​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់ត្រង់​ចំណុច​នេះ​ទេ ក៏ប៉ុន្តែ​ពេល​នោះ​រាជបល្លង្ក​នគរភ្វូណាន ត្រូវ​នៅ​ទំនេរ។ កម្លាំង​បះ​បោរ​របស់​គុណវម៌្មបាន​វាយ​ដណ្ដើម​យក​បាន​រាជធានី​វ្យាធបុរ។

នៅ​ឯ​សាមន្តរដ្ឋ​ចេនឡាឯណោះ​វិញ ក្រោយ​ពី​វ្រះបាទវីរវម៌្មជាក្សត្រចេនឡា​សុគត​ទៅ ព្រះអង្គ​ម្ចាស់​មួយ​អង្គព្រះនាមភវវម៌្មទី១ ដែល​ត្រូវ​ជា​ចៅ​របស់​វ្រះបាទ​រុទ្រវម៌្ម ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​អាណាចក្រភ្វូណាន ក៏​ក្រោក​ឈរ​ប្រឆាំង​នឹង​ចលនា​បះ​បោរ​របស់ញាតិវង្សខាងគុណវម៌្ម។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូនមាតាតែមួយនិងបិតាផ្សេងគ្នារបស់ទ្រង់ ថាចេនឡាបានផ្ដើមវាយលុកអាណាចក្រភ្វូណាននៅពាក់កណ្ដាលទី២នៃ​ស.វទី៦ ចំពេលដែលអាណាចក្រនេះត្រូវទទួលរងគ្រោះថ្នាក់ធម្មជាតិ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញទីក្រុងនិងប្រព័ន្ធធារាសាស្ត្រ ធ្វើអោយប្រជារាស្ត្រភៀសខ្លួនទៅរស់នៅលើតំបន់ទួលខ្ពស់ភាគខាងជើង។ ឆ្លៀតពេលដែលអាណាចក្រនេះចុះទន់ខ្សោយជួបនឹងភាពច្របូកច្របល់ វ្រះបាទភវវម៌្មទី១ដែលមានអនុជចិត្រសេនាជាមេទ័ពដឹកនាំការប្រយុទ្ធ បានចាប់វាយលុកលើអាណាចក្រភ្វូណាន ហើយបានគ្រប់គ្រងដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូលនិងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រភ្វូណាន​ដែលជាបក្សពួក​របស់​គុណវម៌្មបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់នរវរនគរ ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរី ស្រុកព្រៃកប្បាស ខេត្តតាកែវសព្វថ្ងៃនេះ។ អង្គរបូរី ជា​រាជធានី​ចុងក្រោយ​បង្អស់​របស់​នគរភ្វូណានក្នុង​សម័យភ្វូណាន។ ព្រះអង្គ​គ្រប់គ្រង​បាន​ដែន​ដី​ពី​ចន្លោះ​ទន្លេ​មូល​ខាង​ជើង ទន្លេសាប​ខាង​ត្បូង ជួរ​ភ្នំ​អណ្ណាម​ខាង​កើត ទៅ​ទិស​ខាង​លិច​ដល់​ស្ទឹង​ព្រាជី និង​មង្គលបុរី ដែល​គេ​បាន​រក​ឃើញ​សិលា​ចារឹក​របស់​ព្រះអង្គ។ ដូច្នេះនគរភ្វូណានត្រូវក្លាយជាចំណុះរបស់ចេនឡាវិញ។

រាជធានីថ្មីរបស់ព្រះអង្គមានឈ្មោះថា ភវបុរ ដែលស្ថិតនៅត្រង់ម្ដុំអំពិលរលំក្នុងខេត្តកំពង់ធំ។ ព្រឹត្តិការណ៍​ព្រះមហាក្សត្រ​ចេនឡា​លើក​ទ័ព​មក​វាយ​ប្រហារ​កាន់​កាប់​នគរ​ភ្វូណាននេះ ត្រូវ​បាន​អ្នក​ប្រវត្តិវិទូ​ចាត់​ទុក​ជាព្រឹត្តិការណ៍​បង្រួបបង្រួម​ទឹកដី​ខ្មែរ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ។ ម្យ៉ាងវិញទៀត ជោគជ័យ​របស់​វ្រះបាទ​ភវវម៌្ម​ក៏​បាន​មក​ដោយសារ​ព្រះអង្គ​មាន​ដើម​កំណើត​ ឈាមជ័រ​ជា​ចៅ​វ្រះបាទ​រុទ្រវម៌្ម ព្រះមហាក្សត្រ​នគរភ្វូណានដែរ ដែល​ជា​កត្តា​ធំ​មួយ​ធ្វើ​ឲ្យ​នាម៉ឺន មេទ័ព និង​ប្រជារាស្ត្រ​នៅភ្វូណានគាំទ្រ​ទទួល​ស្គាល់​ព្រះអង្គ។

ក្រោយ​ពី​ទទួល​ជ័យ​ជម្នះ​ហើយ វ្រះបាទ​ភវវម៌្ម ដែល​ទ្រង់​ជា​ព្រះរាជា​នៃ​សន្តតិវង្ស សោម​វង្ស ខាងនគរភ្វូណាន វ្យាធបុរ ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​ក្សត្រី​កម្វុជរាជលក្ឝ្មី ផ្នែក​ខាង​សូរ្យវង្ស ខាង​នគរចេនឡា ឝ្រេឝ្ឋបុរ ដែល​ស្លោក​ទី​១១ នៃ​សិលា​ចារិក​បក្សី​ចាំ​ក្រុង​បាន​បញ្ជាក់​ថា កូន​ចៅ​ឥសី​កម្ពុ បាន​ភ្ជាប់​សូរ្យ​វង្ស​ខាង​ចេនឡា និង​សោមវង្ស​ខាង​អាណាចក្រភ្វូណាន។

ព្រះអង្គ​បាន​លាត​សន្ធឹង​ទឹកដី​ខ្មែរ​ទៅ​គ្រប់​ទិសទី វាយ​ដណ្ដើម​យក​បាន​ស្រុក​ចន្ទបុរី និង​ស្រុក​ភូមិភ្នំ ខ្ពង់រាប ព្នង ​កួយ ​ជង។ តាម​រយៈ​សិលាចារឹក​នៅ​វត្ត​ហ្លួងកៅ គេ​អាច​ដឹង​បាន​ថានា​ពាក់​កណ្ដាល​សតវត្ស​ទី​៥ ព្រះមហាក្សត្រ​នគរ​កម្ពុជា ឬ​ចេនឡា បាន​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​ពង្រីក​ទឹកដី យក​ជ័យ​ជំនះ​លើ​ចាម យក​បាន​ភូមិភាគ​តំបន់​ខាងជើង​ភ្នំដងរែក រហូត​ទៅ​ដល់​ខេត្ត​នគររាជសីមា និង​ភូមិភាគ​ខាងត្បូង​ល្បាក់ខោន។ វ្រះបាទ​ភវវម៌្ម​ប្រហែលជា​បាន​វាត​ព្រះ​នគរ​រហូត​ទល់​ភ្នំ​ដងរែក ហើយ​បាន​វាយ​បង្ក្រាប «បណ្ដា​ស្ដេចភ្នំ» ពោល​គឺ បណ្ដា​វិប្រជា​មិន​ទាន់​ស៊ីវីល័យ ដែល​រស់នៅ​តាម​ដងភ្នំ និង​ខ្ពង់រាប ដូច​ជា​សព្វ​ថ្ងៃនេះ​ដែរ តាម​មើលទៅ​គឺ ពួក​ជង​ដែល​រស់នៅ​សម្បូរ​ក្នុង​បណ្ដា​ខែត្រ​ខាងលិច​ចាប់ពី​កែប​នៅ​មាត់​ឈូង​ សមុទ្រ​សៀម​រហូត​ដល់​ភាគ​ខាងលើ ចន្ទ​បុរ ក្នុង​នោះ​មាន​ទាំង​ជួរ​ភ្នំ​ខាងលិច​ខែត្រ​ពោធិ៍សាត់​ផង​ដែរ និង​ពួក​ស៊ូឡាង ឬ​ឡាងហួង ដែល​ជា​បុព្វបុរស​របស់​ពួក​ម៉យ ឬ​ម្ល៉យ​ ឬ​រ៉ម៉យ​សព្វថ្ងៃ​ដែល​រស់នៅ​លើ​ជម្រាល​ជួរ​ភ្នំ​អាណ្ណាម​នៅ​ចន្លោះ​នគរ​ចាម្ប៉ា និង​កម្ពុជា។ នៅ​ពេល​នោះ វា​ហាក់ដូចជា​ថា​បណ្ដា​ប្រទេស​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា​ជា សៀម ដែល​ចិន​ហៅ​ថា ឈេទូ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បានឱ្យ​យើង​ដឹង​ថា រាជាណាចក្រ​ឈេទូ ដែល​ដំបូង​ឡើយ​ជា​រដ្ឋ​ឯករាជ្យ បន្ទាប់​មក​បាន​ត្រូវ​កុរុងឝ្រីមារញ​បង្ក្រាប​ដាក់​ឱ្យ​ចំណុះ​នគរភ្វូណាន​​ ពេល​នោះ​ទទួល​បាន​នូវ​សេរីភាព​ឡើង​វិញ។ ដោយហេតុ​នេះ មាន​រាជាណាចក្រ​ធំៗ​ពីរ​កើត​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​៦ ជា​ជំនួស​នគរ​ភ្វូណានគឺ ចេនឡា ដែល​ក្រោយមក​ក្លាយជា​កម្ពុជា និង​ឈេទូ ដែល​ក្រោយមក គឺ​ប្រទេស​សៀម។ គឺ​វ្រះបាទ​ភវវម៌្មទី១ នេះ​ហើយ​ដែល​បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពី​នគរភ្វូណាន មក​ជា​កម្ពុជា ដែល​យើង​ប្រើ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ប្រវត្តិ​បង្រួបបង្រួម​នគរ​ចេនឡា (ឬ​កម្វុជ) និង​នគរភ្វូណានក្រោម​ស្នាដៃ​របស់​វ្រះបាទ​ភវវម៌្ម​ទី​១ អាច​ចាត់​ទុក​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ប្រវត្តិ​កម្ពុជា​បច្ចុប្បន្ន។ ព្រះមហាក្សត្រ​នគរ​កម្វុជ ឬ​នគរ​ចេនឡា ជា​ព្រះរាជវង្ស​បន្ត​ចុះ​មក​ពី ឫសីកម្វុ​ស្វយម្ភុវៈ និង​ទេពអប្សរ​មេរា ដែល​មាន​ដើម​កំណើត​ចុះ​មក​ពី​ព្រះអាទិត្យ។ ព្រះអង្គ​ទ្រង់​បាន​សោយរាជ្យ​ពី​ឆ្នាំ​៥៥០ ដល់​ឆ្នាំ​៦០០ នៃ​គ្រិស្ដសករាជ។

ក្រោយ​ពី​វ្រះបាទ​ភវវម៌្ម សោយ​ទិវង្គត​ទៅ ចិត្រសេនា ជា​ប្អូន​ក៏​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះរៀម ដែល​ទ្រង់​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា មហេន្ទ្រវម៌្ម។ វ្រះបាទមហេន្ទ្រវម៌្ម​ទ្រង់​បាន​បន្ដ​នយោបាយ​របស់​ព្រះ​រៀម ហើយ​បាន​បញ្ចប់​ការ​វាយ​បង្ក្រាប​បណ្ដា​ខែត្រ​ដែល​វ្រះបាទ​ភវវម៌្ម​មិន​ ទាន់​បាន​ដណ្ដើម​ដាក់​ជា​ចំណុះ។ ទ្រង់ ​មាន​មន្ដ្រី​២​នាក់​បម្រើ​ព្រះ​អង្គ​គឺ​ ធម៌ទេវ និង​ សិម្ហទេវ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ដែលជា​កូន​របស់​ព្រាហ្មណ៍​២​នាក់​បងប្អូន ព្រាហ្មទត្ត និង​ ព្រាហ្មសិម្ហ។ អ្នក​ទាំង​២​នេះ​ធ្លាប់​ជាម​ន្ដ្រី​របស់​វ្រះបាទ​ភវវម៌្ម ហើយ​វ្រះបាទ​មហេន្ទ្រវម៌្ម​ពិនិត្យ​ឃើញ​ថា​ជាទី​ប្រឹក្សា​ល្អ ទ្រង់​ក៏​រក្សា​ទុក​ព្រោះ «ពួក​គេ​នេះ​ចេះ​ចាំ​ច្បាស់​លាស់​អំពី​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ និង​វិទ្យាសាស្ដ្រ​មាន​ផល​ប្រយោជន៍» មាន​ន័យ​ថា ជា​អ្នក​អនុវត្ដ​ជាក់ស្ដែង និង​ត្រឹម​ត្រូវ។ មន្ដ្រី​ទាំង​២​នាក់​នេះ ជា​ជំនួយ​ដែល​ជួយ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជ័យជម្នះ។ ទ្រង់​បាន​ចាត់​ឱ្យ​សិម្ហទេវ​ទៅ​ធ្វើការ​ចរចា​ជាមួយ​នគរ​ចាម្ប៉ា ដើម្បី​រក្សា​ចំណង​មេត្រីភាព​រវាង​ព្រះរាជា​កម្វុជនឹង​ព្រះរាជា​ចាម។ បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ ហើយ​សន្ដិភាព​ត្រូវ​បាន​ធានា។

បុព្វហេតុនៃចម្បាំង

[កែប្រែ]
  • ទំនាស់រាជបល្លង្ក៖ អ្នកខ្លះយល់ថាវ្រះបាទភវវម៌្មលើកទ័ពមកតទល់ នឹងការដណ្ដើមរាជ្យបល្លង្ករបស់បក្សពួកគុណវម៌្ម។
  • ទំនាស់សាសនា៖ រវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា បើតាមអ៊ីឈិងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ពីដើមនៅភ្វូណានព្រះធម៌បានចម្រើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាវ្រះបាទភវវម៌្មនេះហើយ។
  • គ្រោះធម្មជាតិ៖ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ៥៥០វ្រះបាទភវវម៌្មបានវាយលុកនគរភ្វូណាន ដើម្បីបង្កើតរាជាណាចក្រខ្មែរ។ យើងឃើញថានេះជាមូលហេតុដែលមានចម្បាំងចេនឡានិងអាណាចក្រភ្វូណាន បូករួមទាំងទំនាស់រាជបល្ល័ង្កផង។

បម្រែបម្រួលប្រជាករ និងស្ថានភាពសង្គម

[កែប្រែ]

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចម្ការវាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្វូណាន ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចម្ការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្វូណានវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រភ្វូណាន។ ព្រះរាជាចេនឡា វ្រះបាទភវវម៌្មទី១ និងប្អូនជីដូនមួយ ចិត្រសេនា បានវាយលុកអាណាចភ្វូណានប្រហែលរវាងគ.ស ៥៥០។ អាណាចក្រភ្វូណានក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺវ្រះបាទភវវម៌្មទី១ ហើយអាណាចក្រភ្វូណានក៏ប្រែឈ្មោះជាកម្វុជ។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្វុជត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។

ពង្សាវលី

[កែប្រែ]

ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះនាងកម្វុជរាជលក្ឝ្មី
ភវបុរ តដោយ
វ្រះបាទមហេន្ទ្រវម៌្ម