Jump to content

ខ្សែដៀវ

ពីវិគីភីឌា
ខ្សែដៀវ
ការលេងខ្សែដៀវ បទកន្ទុំរុយ
អង្គរវត្ត (សតវត្សទី 16 a.d.), ខ្សែដៀវ

របៀបធ្វើ និងរូបសណ្ឋាន

[កែប្រែ]

ខ្សែមួយ ឬខ្សែដៀវ ឬសាយដៀវគឺជាឧបករណ៍ភ្លេងខ្មែរ ដែលមានខ្សែតែមួយ។ ឧបករណ៍នេះជាមរតកបុព្វបុរសខ្មែរ ដែលយើងមើលឃើញភស្តុតាងជាចម្លាក់ឆ្លាក់នៅតាមប្រាសាទបុរាណទាំងឡាយរបស់ខ្មែរ ជាពិសេសនៅលើចម្លាក់ផ្តែរការដាក់តាំងនៅសារមន្ទីរជាតិតាំងពីរចនាបថសម្បូណ៍ព្រៃគុកសតវត្សរ៍ទី៧មកម្លេះ។ ឧបករណ៍នេះទំនងជាចាស់សម័យជាងគេ ធ្វើអំពីផ្លែឃ្លោកទុំ(ឃ្លោកមូល)ជាដំបូងគេយកផ្លែឃ្លោកទុំមួយ ដែលស្លូតល្អយកមកធ្វើជាប្រអប់សូរ ដោយពុំមានពាសស្បែកទេ។ ដងរបស់ខ្សែមួយធ្វើអំពីឈើវែងប្រវែងប្រមាណ០,៨០ម៉ែត្រ។ នៅផ្នែកខាងចុងដងមានរាងកោងបន្តិចមានសណ្ឋានដូចពស់លូន ប្រកបដោយចម្លាក់ក្បាច់យ៉ាងល្អគួរចាប់ចិត្ត។ នៅត្រង់ផ្នែកខាងចុង ដែលក្បាច់ចម្លាក់នោះ មិនមែនជាឈើសាច់តែមួយរួមជាមួយនឹងដងទេ គឺជាឈើដែលគេឆ្លាក់រួចយកមកស៊កបញ្ចូលជាមួយនឹងដងហៅថា ញួញឬប្រកៀន។ គេធ្វើយ៉ាងនេះ ដើម្បីសម្រួលនៅពេលខូចគេអាចធ្វើថ្មីជំនួសវិញបាន ព្រោះនៅខាងចុងនេះមានរាងស្រលូនងាយនឹងបាក់។ ចំពោះខ្សែឧបករណ៍ខ្សែមួយ គេធ្វើអំពីស្ពាន់ដោយយកវាមកចងសន្ធឹងបណ្តាយដងភ្ជាប់ទៅនឹងព្រលួត។ ឯប្រអប់សូរវិញគេចងភ្ជាប់ទៅនឹងដងដោយមានខ្សែបញ្ជូលទៅតាមរន្ធនៃឃ្លោក ភ្ជាន់ទៅនឹងកន្លាស់ខាងក្នុង។ កន្លាស់នេះគេអាចមូល ដើម្បីបង្កើតសូរតឹង ឬធូរបាន។ នៅលើដងគេស៊កចង្កំរូត ដែលធ្វើអំពីស្បែក ឬជ៍រប្លាស្ទីកសម្រាប់ជួយសម្រួលដៃឆ្វេង ក្នុងការរត់ចុះរត់ឡើងកុំឱ្យរអិលនៅពេលបាតដៃបែកញើស។ ចំពោះព្រលួតមានបញ្ជុះឆ្អឹង ឬឆ្លាក់ក្បូរក្បាច់ជាលម្អ ដោយមានក្បាលមូលធំត្របែងសមទៅនឹងដង។ ជាពិសេសសមនឹងប្រអប់សូរ ដែលធ្វើអំពីផ្លែឃ្លោកក៏មើលទៅហាក់ដូចជាឃ្លោកក្តិបមួយតូចដុះចេញ នែបជិតនឹងផ្លែធំដែលជាប្រអប់សូរនោះ[]

របៀបប្រគុំ

[កែប្រែ]

នៅពេលសម្តែងតន្ត្រីករត្រូវផ្អឹប ឬបង្ហើបសំបកឃ្លោកចុះឡើងទៅនឹងដើមទ្រូង ដើម្បីឱ្យចេញជាសាច់បទ យោលទៅតាមដៃស្តាំ និងដៃឆ្វេងរត់ស្របគ្នាចុះឡើង។ ផ្នែកកណ្តាងនៃម្រាមចង្អុលមាននាទីជួយទប់បន្ថើរឱ្យមានសូរ ដែលគេហៅថាផ្តិត។ សូរតូមគឺជាសូរ ដែលល្អពិរោះ ដែលអ្នកសិក្សាត្រូវស្វាធ្យាយត្រូវស្វែងរក។ នៅពេលសម្តែងតន្ត្រីករត្រូវលេងផ្លូវផ្តក់កាត់ពីមុខ ឬពីក្រោយឧបករណ៍ដទៃទៀត ដើម្បីឱ្យសូររបស់ខ្លួនលេចធ្លា[]

លក្ខណៈទូទៅ

[កែប្រែ]

តាមទម្លាប់គេតែងតែនាំគ្នាហៅឧបករណ៍ថា ខ្សែដៀវ ឬសាយដៀវ។ ឧបករណ៍ខ្សែដៀវនេះ កាលពីសម័យដើមានខ្សែសំនៀងធ្វើអំពិសំណុំសរសៃសូត្រវេញចូលគ្នា សម័យបច្ចុប្បន្ននេះគេយកខ្សែលោហធាតុមកប្រើជំនួសវិញ។ ឧបករណ៍នេះមានឃើញលេងនៅក្នុងវង់ភ្លេងអារក្ស ភ្លេងការបុរាណ និងចំរៀងទោល(កវីក្រម ង៉ុយយកឧបករណ៍នេះមកដេញកំដការច្រៀងកំណាព្យរបស់លោក)រូបរាងខ្សែដៀវទាំងមូលតំណាងឱ្យសត្វពស់នាគរាជ។ខ្សែដៀវ គឺជាឧបករណ៍តន្ត្រីខ្មែរ ប្រើខ្សែមួយ។ នៅក្នុងការវាយតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា អង្គការសហប្រជាជាតិបានចាត់ទុកខ្សែដៀវ ជាឧបករណ៍ភ្លេងខ្មែរ ដែលមានវ័យចំណាស់បំផុត។ វាត្រូវបានគេប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ខ្សែដៀវ ចែកចេញជា ដង ព្រលួត ប្រអប់សំនៀង ខ្សែសំនៀង ខ្សែក និងក្រចកកេះ។ ដងធ្វើអំពីឈើរឹងមានរាងមូលរាវ ហើយងខាងចុង ឬជួនកាលឆ្លាក់។ ប្រអប់សំនៀងធ្វើអំពីសម្បកឃ្លោកទុំ(ឃ្លោកក្អម)ពុះពាក់កណ្តាល ខ្សែសំនៀងធ្វើអំពីលួសរស់ ឬលង្ហិន ក្រចកកេះជាទូទៅធ្វើអំពីលង្ហិន ពាក់នៅម្រាមឈ្នាងដៃស្តាំ។ ដើម្បីលេង តន្ត្រីករយកផ្នែកបើកនៃប្រអប់សំនៀងមកដាក់នឹងទ្រូង រួចប្រើក្រចកកេះ ដើម្បីដេញ ហើយប្រើចង្អុលដៃឆ្វេងដើម្បីប្តូរខ្ទង់សម្លេង ដោយសង្កត់លើខ្សែសំនៀង។

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ តន្ត្រីនៅប្រទេសខ្មែរ រៀបរៀងដោយអ្នកស្រីកែវ ណារុំ ឆ្នាំ២០១១ ទំព័រ១២-១៣
  2. សៀវភៅ តន្ត្រីនៅប្រទេសខ្មែរ រៀបរៀងដោយអ្នកស្រីកែវ ណារុំ ឆ្នាំ២០១១ ទំព័រ១២-១៣