សួគ៌ាលោកពេជ្រ
សួគ៌ាលោកពេជ្រ | |
---|---|
ចៅពញាសួគ៌ាលោកនៃខែត្រពោធិ៍សាត់ | |
ក្នុងការិយាល័យ ប្រ.គ.ស ១៥៤៩ – គ.ស ១៥៤៩ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ចៅពញាសួគ៌ាលោក (ស្រីជេដ្ឋា) |
បន្ទាប់ | ចៅពញាសួគ៌ាលោកទេព រឺ កែវ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ពេជ្រ ស្រុកភ្នំក្រវាញ បច្ចុប្បន្ន |
ស្លាប់ | គ.ស ១៥៤៩ ខែត្រពោធិ៍សាត់ បាក់នឹម (ពោធិ៍សាត់ ស្រុកបាកាន) |
កូន | កែវ, កែ រឺ អង់, ទេព រឺ កែវ, និង សុខ |
ចៅពញាសួគ៌ាលោកពេជ្រ (ស្លាប់ឆ្នាំ គ.ស ១៥៤៩) ជាស្ដេចត្រាញ់ និងជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់។ ដំបូងលោកគឺជាមេស្មឹងនៅភ្នំក្រវាញ ហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀម និងពេលត្រឡប់មកវិញបានទៅប្រហារសំលាប់ចៅពញាសួគ៌ាលោកខាងព្រះស្ដេចកនចោល។ ក្រោយពីនោះមកចៅហ្វាកៅ និង ចៅពញាចក្រីកែវបានឡោមព័ទ្ធបន្ទាយមានជ័យនៅឯខែត្រពោធិ៍សាត់ លោកបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច ក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរ ដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ ក្នុងឆ្នាំ គ.ស ១៥៤៩។ ក្រោយពីលោកអនិច្ចកម្មទៅ មានមេស្មឹងម្នាក់ស្នងរូបលោកទាក់ទងជាមួយព្រះបាទចន្ទរាជា មេស្មឹងនោះឈ្មោះថា ពញាចន្ទ ហើយក៏ត្រូវជាមិត្ររបស់លោកដែរ។
ប្រវត្តិ និង ការងារ
[កែប្រែ]យកអាសាព្រះចន្ទរាជា
[កែប្រែ]សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមី ឯកស័ក ត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ ក្រោយពីចាញ់កលព្រះស្ដេចកនក៏ភៀសព្រះកាយទៅស្រុកសៀម។ លុះស្ដេចទៅដល់ខេត្តពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលទៅសំណាក់អាស្រ័យ នៅផ្ទះតាមឿង (ក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬ ឈ្មោះឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជាពេជ ដូច្នេះទៅវិញ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅ ទៅកើតជាអ្នកតាចាស់ស្រុក ដែលសៀមហៅអ្នកតាចាស់ស្រុកតាមពាក្យ វាថា "ខ្លាងមឿង" ហើយខ្មែរយើងហៅតាមវាយារៗ មកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាពេជ្រឃើញស្ដេចយាងទៅដល់ហើយក៏អរណាស់ ចុះមកអញ្ជើញស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយ ថ្វាយសោយ តាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាពេជ្រថ្វាយដំរី ៨ សេះ ១០ និងកូនប្រុស ៤ នាក់ជាខ្ញុំ តាមហែស្ដេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាពេជ្រ ឡើងដំរី លើកចេញទៅតាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ត្រីសៀម នាំឡើងក្រាបបង្គំទូល ព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: យើងនឹងជួយទំនុកបំរុងដល់អ្នក ហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរ គ្រឿងឧបភោគបរិភោគ សំរាប់យសសក្ដិ និង វាំងដំណាក់ ឲ្យស្ដេចគង់ខាងវត្តប្រណែងធឿន ជាសុខរៀងមក។
ស្ដេចកន ដែលចាត់មេកងទ័ព ឲ្យចេញសង្កត់ខេត្តតូចធំ កេណ្ឌរេហ៍ពលបានមកជួបជុំល្មមជាមាំមួនហើយ លុះបានដឹងថា ចៅពញាចន្ទរាជារត់ទៅស្រុកសៀម ដូចឧបាយដែលខ្លួនគិតដូច្នោះហើយក៏អរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា:
ពីដើមអញញញើតតែ ចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះ អញពុំឃើញនរណា នឹងក្លាហានចេញតនឹងអញបានឡើយ។ ឥឡូវចៅពញាចន្ទរាជា រត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះ គង់នឹងបានសំរេច ដោយងាយជាមិនខាន។ ព្រះស្ដេចកនថាហើយ ក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរ ដែនព្រះនគរហ្លួង។
ដណ្ដើមបានអាណាខែត្រពោធិ៍សាត់
[កែប្រែ]សម្ដេចចៅពញាចន្ទរាជា ទ្រង់លើកកងទ័ពពីសៀមចូលមកដល់ស្រុកបាត់ដំបងហើយ ទ្រង់ក៏ចាត់ឲ្យនាយកងទ័ព ដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខេត្ត។ ខណៈនោះ ពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបង បានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្ដេចខ្មែរត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០០០០ នាក់ និង ស្បៀងអាហារ ១០០០ រទេះទៀត។ សម្ដេចចៅពញាចន្ទរាជាស្ដេចទ្រង់ព្រះអំណរណាស់ ស្ដេចគង់សំរាកកំលាំង រេហ៍ពលនៅក្នុងខេត្តនោះបីថ្ងៃ ហើយក៏លើកឆ្លងទៅតាំងបន្ទាយនៅខេត្តពោធិ៍សាត់។
ចំណែកឯសម្ដេចចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្ដេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះហើយ ក៏កេណ្ឌពលបាន ៤០០០០ នាក់ឲ្យរក្សានាទីភាគបន្ទាយរាយល្បាតតាមច្រកផ្លូវស្រេច ទើបបកសំបុត្រប្ដឹងចូលមកសេនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ។
រីឯចៅពញាពេជ្រវិញ លុះបានដឹងថា ចៅពញាចន្ទរាជា ស្ដេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ អ្នកក៏ដើរបញ្ចុះបញ្ចូល បានស្ម័គ្របក្សពួកចូលក្នុងកងទ័ពចៅពញាសួគ៌ាលោកជាច្រើននាក់។ កាលឃើញថាចៅពញាសួគ៌ាលោក ជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្ដេចចៅពញាចន្ទរាជាទេ ពញាពេជ្រ លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្រប័ក្សពួក ចូលលុក (គឺចូលទៅប្រហារមិនឲ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ាលោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រមការបណ្ដារាស្ត្រថា:
សម្ដេចចៅពញាចន្ទរាជានេះ ពេញជាព្រះរាជត្រកូលនៃសម្ដេចព្រះធម្មរាជា ដែលជាស្ដេចទ្រង់ធម៌ហើយ។ ឯស្ដេចកនជាចៅហ្វាយ ចៅពញាសួគ៌ាលោកនេះខាងម្ដាយជាពលព្រះស្រីរតនត្រ័យសុទ្ធ។ អស់អ្នករាល់គ្នានឹងសំពះព្រះ ក៏ចង់ថ្វាយបង្គំបាយ៉ាប (បាយ៉ាប គឺអារ័ក្សទឹកសំរាប់ពួកនេសាទមច្ឆជាតិគោរព)។ ថាបើ អស់អ្នកពេញចិត្តថ្វាយបង្គំព្រះស្រីរតនត្រ័យនោះ ចូរអ្នកថ្វាយបង្គំចៅពញាចន្ទរាជា ដ្បិតស្ដេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ។ ថាបើអស់អ្នកចូលចិត្ត ចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយាទៅថ្វាយបង្គំព្រះស្ដេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅវណ្ណៈច្រើននៅឡើយ វណ្ណៈពលជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យឯបន្ទាយស្រឡប់ពិជ័យព្រៃនគរឲ្យឆាប់ចុះ។
អស់ក្រមការបណ្ដារាស្ត្រក្នុងកងទ័ពទាំង ៤០០០ នាក់ប្លាយ លុះឮពញាពេជ្រប្រកាសចេញព្រះនាម សម្ដេចចៅពញាចន្ទរាជា ដូច្នោះហើយ ហេតុតែជាបុណ្យបារមីនៃព្រះអង្គ ក៏បណ្ដាលចិត្តគ្រប់កងទ័ពទាំងអស់ ឲ្យនឹកស្រឡាញ់អាល័យ ដល់សម្ដេចចៅពញាចន្ទរាជាពន់ប្រមាណ ហើយក៏ស្រែកតបប្រកាសថា :
យើងរាល់គ្នាចូលចិត្តទៅថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ។ ហេតុនេះហើយបានជាមានពាក្យថា: មិនចង់សំពះព្រះ មិនចង់ថ្វាយបង្គំព្រះ ទៅសំពះឯបាយ៉ាបទៅវិញតាំងពីថ្ងៃនោះមក។
ចៅពញាពេជ្រ លុះឮរាស្ត្រប្រកាសវាយបកដូច្នោះ ល្មមពេលព្រឹកស្រាងៗ ហើយក៏នាំអស់ក្រមការ និង អស់អ្នកមុខអ្នកការ បណ្ដារាស្ត្រចេញទៅអញ្ជើញស្ដេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុងបន្ទាយស្រុក។ សម្ដេចចៅពញាចន្ទរាជា ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់សួរសេចក្ដីដើមទងគ្រប់ប្រការ។ លុះទ្រង់ជ្រាបហើយ ស្ដេចឲ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្ដេចហាមកងទ័ពទាំងខ្មែរ ទាំងសៀមមិនឲ្យទៅកំហែងកំហល់រាស្ត្រប្រជា ក្នុងស្រុកឲ្យសោះដើម្បីកុំឲ្យរាស្ត្រប្រជាមានសេចក្ដីក្ដៅក្រហាយ។ ទ្រង់ដាក់អាយ័តថា "បើឈ្មោះណាពុំស្ដាប់ ព្រះរាជឱង្ការនេះទេ ស្ដេចនឹងយកទោសដល់ប្រហារជីវិត"។ ខណៈនេះ អស់រាស្ត្រប្រជាក៏បានសេចក្ដីសុខសាន្ត ឥតមានទុក្ខភ័យ អំពីពួកពលទាហាន សរសើរព្រះបារមី ព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា។
ការពារបន្ទាយខែត្រពោធិ៍សាត់
[កែប្រែ]ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។
ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជាឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា: "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។
ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។
កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា "ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។
ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្រ បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។
ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។
ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។
លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖
១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។
២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល ១៥០០ នាក់ជាប៉ែកស្ដាំ។
៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។
៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។
សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកពេជ្រ ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកពេជ្របានចូលទៅក្នុងបន្ទាយអស់ទៅហើយ។
សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ"ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញាចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។
សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។
សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា:
"បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេមានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។
សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកពេជ្រ ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។
ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។
រឿងពញាពេជ្រ នេះមានក្នុងព្រះរបាក្សត្រថា: ពញាពេជ្រនេះ ជាមេស្មឹង មានកូនប្រុស ៤ នាក់ គឺឈ្មោះកែវ១ កែ១ (៣) ទេព១ សុខ១។ ពញាពេជ្រ មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌ ៧ ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។
សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាពេជ្រនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។
សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។
កេណ្ឌទ័ពខ្មោចបិសាច
[កែប្រែ]ខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាពេជ្រចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង ៤ នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា "ពញារាជតេជៈ"។
កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីរនាក់មកវិញ គឺចៅពញាវិបុលរាជទេព១ ចៅពញារាជតេជៈសុខ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅ រួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រ ដល់សព្វថ្ងៃនេះ)។
លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូល សម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រដែលបានផ្ដាំនោះ។ សម្ដេចចៅពញា ចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិត តែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។
កាលពញាពេជ្រ ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រី តាំងប្រគុំរងំខ្ទរខ្ទារ ទាំង ៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។ ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ ថ្ងៃ ៣ យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាពេជ្រ។ ចៅពញាតេជៈសុខ ជាកូនពញាពេជ្រ ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ (ឬអម្រិន្ទបូរ) សក្ដិ ១០ ហ៊ូពាន់ដូចគ្នា។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។
ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ ៦ ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទាន រង្វាន់ជាមាសប្រាក់ និង យសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។
ឯសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។
ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។
ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ។
សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។
ចៅពញាសួគ៌ាលោកកែវ រឺ ទេព និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ រឺ ទេព (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។
ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរីសេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។
ការរំលឹកដល់គុណបំណាច់លោក
[កែប្រែ]ព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។
ទេវកថា
[កែប្រែ]ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសំលាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង រកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទំរង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទំរង់ទៅ ស្រុកសៀមថ្វាយព្រះបិតា។ ព្រះចៅទតឃើញព្រះទំរង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គដល់ទិវង្គតហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសំលាប់។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់ តាមរឿង រួចបង្គាប់ឱ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសំលាប់ព្រះចន្ទរាជាព្រមទាំង ញាតិសាច់សាលោហិត ទាំងពួកសេនាបតី ហើយរឹបជាន់យកទ្រព្យសម្បត្ដិ និងកៀរពួកបណ្ដារាស្ដ្រមកស្រុកសៀមកុំឱ្យសល់។ ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសំលាប់ ព្រមទាំងព្រះញាតិ។ ចំណែក ព្រះម្នាងប៉ែនជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយ និងសេនាបតីមឿង ព្រមទាំងភរិយា និងបុត្រ៤នាក់ទៀត។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ និង ឥតវិញ្ញាណ។ ចំណែកមេដំរីសមួយ ឈ្មោះជំទាវប៉ាលប៉ៃ មានកូននៅក្នុងពោះ ដែលជាព្រះទីនាំង ដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀក ដឹកយកទៅដូចសត្វធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុងពោះ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្ដីសងសឹកបានសំរេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឱ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុង ហើយសន្មតឱ្យឈោ្មះថា “ក្រុមខ្មែរអ្នកគ្រួរ”។ ព្រះម្នាងប៉ែនហាក់ជាស្រីមានបុណ្យវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ។ ដោយអំណាចកូនដែលនៅក្នុងគភ៌ ជាកូនមានឥទ្ធិឫទ្ធិមានបុណ្យ ក៏បណ្ដាលឱ្យអ្នកផងជិតខាងមានចិត្ដទោរទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភយកអាសានាងគ្រប់យ៉ាង។ លុះនាងមានគភ៌គ្រប់ខែ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យតេជៈបារមីនៃទារកនោះ។ លុះប្រសូត បាន ៣ ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នាឱ្យឈ្មោះកូននោះថា ឧទេន។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លឹង ទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឱ្យអ្នកណាដឹងឡើយដរាបដល់ ៣ ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញ។ កូនដំរីនោះមានពណ៌សំបុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់។ ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំដឹងសេចក្ដីខុសត្រូវខ្លះនឹកភ្នករកបិតា សួរមា្ដយថា “ឪពុកខ្ញុំទៅឯណា ពុំដែលឃើញក្មេងឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូចគេ?” មា្ដយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់ កុំឱ្យកូនសួរទៀត ពីព្រោះខ្លាចក្រែងរឿងនោះមិនជិតដឹងទូទៅនឹងដល់នូវសេចក្ដីអន្ដរាយនៃជីវិត។ កូនចេះតែសួរញយៗ នាងក៏និយាយបង្វេះពង្វាងមិនឱ្យសួរបានដរាបដល់កូននោះអាយុ ១២ ឆ្នាំ។ ថ្ងៃមួយនាងនឹកថា កូននេះខាន ប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្ដាប់បានយល់សេចក្ដីសព្វគ្រប់ប្រាប់ម្ដាយឱ្យអត់ទ្រាំសិនចុះ កូននឹងគិតរកមធ្យោបាយមួយដើម្បីវិលទៅនគរវិញ។ ចំណែកកុមារឧទេន ចាប់តាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់បែបយ៉ាងមានអក្សរជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា។ ថ្ងៃមួយកុមារឧទេនចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបំរើបោសច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីឱ្យស្ទាត់ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្ដទុកដាក់រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង។ ចាប់ផ្ដើមពីថ្ងៃនោះមក កុមារខំយកចិត្ដទុកដាក់ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៍ដំរីដុតបំពក់ជាជីរដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចំឡែកពីស្ពៃ អ្នកស្រុកធម្មតា។ លុះស្ពៃនោះធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា “នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា” កុមារក្រាបទូល តាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់ និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។ ដំរីជាកូនមេដំរីឈ្មោះ ជំទាវប៉ាលប៉ៃ ដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រម ស្ដាប់បង្គាប់ ព្រេចហ្មស្លាប់មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសំបែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន។ ពួកអ្នកគង្វាលដំរីនាំសេចក្ដីទៅទូលព្រះចៅ ព្រះចៅទ្រង់ចាត់ការឱ្យស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន។ ពេលនោះ កុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួលចាប់ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេនចាត់ការយ៉ាងណាឱ្យតែចាប់បានព្រះទីនាំងនោះ។ ឧទេនបង្គាប់ឱ្យប្រមូលដំរី ៥០០ មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឱ្យរៀបពីធីបួងសួងសែនព្រេនអឹកអធិក។ អ្នកស្រុកផ្អើលមកមើលអឺងកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឱ្យយក ចេក ៣ ស្និត, អំពៅ ៣ បាច់ ពេលទៅដល់ព្រះទីនាំង ស្ទុះមករកហាក់ដូចជាប្រុងនឹងព្រេច តែបែរជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជៈបុណ្យបារមីនៃឧទេន ឧទេននិយាយទូន្មានប្រដៅថា “ទីនាំងឯងតាំងពីថ្ងៃនេះទៅលះបង់មារយាទអាក្រក់ចេញទៅត្រូវធ្វើឱ្យស្លូតល្អដូចពីដើម “ឱ្យចេក និង អំពៅស៊ីរួចនិយាយថា “ឯងទៅតាមយើង ថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតបាច់ចាប់ចងអ្វីឡើយ ហាក់ដូចជាហ្មចាស់យូរមកហើយ។ ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ប្រទានរង្វាន់ឱ្យឧទេន និិងប្រទានងារថា ជ័យអស្ចារ្យជាសេនាខាងទ័ពដំរី និងខាងទាក់ដំរីព្រៃ។ ពួកអ្នករាជការទទួលស្គាល់ខ្លាច អំណាចឧទេនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញចិត្ដ និងទុកព្រះហឫទ័យលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ។ លុះដល់អាយុ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរសោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សពីស្រុកសៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្ដិមានវិញ្ញាណ ឥតវិញ្ញាណទៅឱ្យអស់អំពីស្រុកសៀមឱ្យបានសំរេចដូចសេចក្ដីបំណង។ ទើបដើរនយោបាយចាត់មនុស្ស ១៥ នាក់ដែលជាមនុស្សទុកចិត្ដស្និទស្នាលដូចបងប្អូនបង្កើតធ្វើជាល និងឈើជើងដំរីឱ្យយកជាលច្រកអាចម៍ដំរីញាត់ឱ្យណែន ទុកឱ្យស្ងួតចាក់រាយតាមស្ទឹង ឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនៗ ដើម្បីឱ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាបទូលព្រះចៅៗនឹងទ្រង់ចាត់ឱ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមទាក់មិនខាន ម្យ៉ាងទៀតដើម្បីឱ្យពលដែលព្រះចៅចាត់ឱ្យទៅជាមួួយជឿជាក់ក្នុងចិត្ដ ថា ជាដានដំរីពិតមែន។ ចំណែកអ្នកស្រុកលុះឃើញដានជើងដំរី និងអាចម៍ធំៗអណ្ដែតតាមទឹកមកដូច្នោះក៏នាំ សេចក្ដីនោះទៅក្រាបទូលព្រះចៅ ព្រះចៅទ្រង់ប្រើជ័យអស្ចារ្យឱ្យទៅតាមទាក់ដំរីព្រៃដែលមានដានជើងធំនោះ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្ដាប្រោស បើទ្រង់សព្វព្រះទ័យចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននឹងដំរីធ្នាក់ដ៏ច្រើន ហើយឱ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅសូមព្រះអង្គមេត្ដាអនុញ្ញាតឱ្យធ្វើពីធីបួងសួងផងឱ្យមានជោគជ័យ។ ព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់ការនោះឱ្យជ័យអស្ចារ្យតាមត្រូវការធ្វើបែបណាៗស្រេចនៅលើជ័យអស្ចារ្យចុះ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខឌ្ដសឹកឱ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសំលាប់បាន។ លុះចេញទៅបានចំនួន ១៥ ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្ដាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះកាន់តែឃើញដានកៀកហើយតែអស់ស្បៀង សូមព្រះអង្គមេត្ដាប្រោសព្រះរាជទានបញ្ជូនមកឱ្យឆាប់ដើម្បីនឹងធ្វើការឱ្យបានសំរេចដូចបំណង”។ ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬសង្ស័យដោយហេតុណាមួយឡើយ។ ជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្ដដំណើរទៅទៀតចំនួន ៥ ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បំរើព្រះវរបិតាឈ្មោះមឿង និង កូនប្រុស ៤ នាក់បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបាន។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរី ប្រើឱ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកូនជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរី វាទំលាក់បំពង់ ៣ ដង ម្ដាយ ភ្ញាក់នឹកស្មានថាកួនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន ឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រួតឱ្យជួបនឹងកូននៅស្រុកបាត់ដំបង។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឱ្យ អ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជាគង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតា។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យ ក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យប្រើឧបាយកលបោកបព្ឆោាត យកព្រះខឌ្ដសឹកព្រមទាំងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណរត់ទៅស្រុកខ្មែរ ហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឱ្យបាន ហើយចាប់ជ័យអស្ចារ្យសំលាប់ឱ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឱ្យសល់។ ជ័យអស្ចារ្យបានដំណឹងច្បាស់ថា ព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើង និង គ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឱ្យមានជ័យជំនះពេលនេះ សេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះ មានតែសេនាមឿង ឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចំឡែក គឺហ៊ានប្ដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាទ័ពច្បាំងនឹងពលសៀម ទើបលោកបង្គាប់ឱ្យជីករណ្ដៅទំហំ ៤ មាត្រ ៤ ជ្រុង, ជំរៅ ៤ មាត្រ រួចឱ្យដាក់គ្រឿងសាស្ដ្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតឱ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅពេលមុននឹងលោតសំលាប់ខ្លួននោះ សេនាមឿងបង្គាប់ឱ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថា “សូមឱ្យអស់លោក ខំប្រឹងយកចិត្ដទុកដាក់ក្នុងរឿងចំបាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឱ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្ត ចំណែកខ្ញុំៗធានាខាងទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន ៧ ថ្ងៃឮសូរសន្ធឹកហ៊ោកញ្ជ្រៀវ បីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ។ លុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹប “ប្រពន្ធឃើញប្ដីលោតដូច្នេះ ក៏លោតទៅជាមួយនឹងប្ដីព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា” ដល់ថ្ងៃជាគំរប់ ៧ ថ្ងៃលាន់ឮសូរសន្ធឹកដួចការផ្ដាំមែន។ ទ័ពសៀមចួលដល់បាត់ដំបងឆ្លងចួលមកដល់អូរមួយ សព្វថ្ងៃហៅថា អូរស្វាយដូនកែវជួនគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញសំដែងឫទ្ធិធ្វើឱ្យពលសៀមវិលមុខចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួលៗ (ប្រហែលដាក់ថ្នាំពុលក្នុងទឹកអូរស្វាយដូនកែវមិនដឹង) ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សំលាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឱ្យទ័ពថយត្រឡប់ស្រុកសៀមវិញ។ ចំណែកពួកទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យចាប់ផ្ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យ និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យ។ លុះព្រះអង្គបានឡើងសោយរាជ្យសម្បត្ដិសុខសាន្ដហើយ ទ្រង់នឹកឃើញដល់គុណូបក្ការៈ សេនាមឿងដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គ និង ចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឱ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ធរបស់សេនាមឿង យ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ។
ពិធីបុណ្យឡើងអ្នកតាឃ្លាំងមឿង
[កែប្រែ]ពីសាលាខែត្រពោធិ៍សាត់ ទៅទីអ្នកតានោះមានចំងាយប្រមាណជា ៦ សហាតិមាត្រ។ គេត្រូវចេញតាម ផ្លូវថ្មល់ពីសាលាខែត្រទៅទិសខាងលិច ប្រមាណជា ២ សហាតិមាត្រត្រូវងាកទៅទិសខាងត្បូងកាត់ផ្លូវអយស្ម័យយានដល់ឃុំបាក់នឹម (សម័យសង្គម) ដែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា។ ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ។ នៅពីខាងត្បូងអាស្រមជាទីវាលទុកសំរាប់ធ្វើរោងមានបណ្ដោយ ៦០ មាត្រ ទទឹង ៤០ មាត្រ។ អាស្រមនោះធ្វើដោយឈើប្រក់ស្បូវ មានបណ្ដោយ ៨ មាត្រ, ទទឹង ៤ មាត្រ, កំពស់ ៤ ម, សសរលញ់មិនមានជញ្ជាំងបិទបាំងទេ។ ជុំវិញអាស្រមមានលានទំហំ ៤ មាត្រ, ទុកបំរុងឱ្យពួកអ្នកទៅធ្វើបុណ្យដើរហែរប្រទក្សិណនៅពេលឡើងអ្នកតា។ ពីខាងក្រៅទីវាលមានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញមានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ។ ក្នុងអាស្រមខាងមុខតួអ្នកតាមានរានបណ្ដោយ ៣ មាត្រ, ទទឹង ២ មាត្រ, កំពស់ ៥ តឹកធ្វើដោយឈើជារានសំរាប់ដាក់តង្វាយអ្នកតាខាងជើង និងខាងត្បូង អ្នកតាមានបង្កាន់ដៃដោតដោយចាមរនៃបៃមនធ្វើដោយឈើដែរ។ តួអ្នកតាមិនមានរូបរាងបែបឈើ ឬថ្មតំណាងទេគឺជាតួដីដំបូកសុទ្ធ ទំហំបណ្ដោយ ២ មាត្រ, ទទឹង ១ មាត្រ, កំពស់២ម៉ែត្រ, ដែលកើតអំពីសត្វកណ្ដៀរវាពូនឡើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូក មានពំនូកដី ៤-៥ ស្រួចៗបែកចេញមើលទៅដូចជាកំពូលអង្គរវត្ដ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសំគាល់ថា បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀត សន្មតថាចៅហ្វាយខែត្រ ឬ ចៅហ្វាយស្រុក នៅខែត្រស្រុកនេះនឹងត្រូវផ្លាស់ចេញ ឬ ខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងជាកើតពីត្រឹមរាជ្យ ស្ដេចណាទេពុំមានអ្នកស្រុកណាដឹងសោះ។
បុណ្យនេះជាបុណ្យទំនៀមទំលាប់ជាប់យូរមកហើយរបស់អ្នកស្រុក និង ពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុង ខែពិសាខ ថ្ងៃសៅរ៍។ តែមិនកំណត់ជាខ្នើត ឬ រនោចទេ រើសយកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេស្មឹង អាចារ្យវត្ត និងបណ្ដារាស្ដ្រទំាងអស់ឱ្យដឹងជាមុនដើម្បីមកជួបជុំជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឱ្យស្អាតល្អ សំរាប់ព្រះសង្ឃ និង មន្ដ្រីរាជការក្នុងខែត្រ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក។ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្ដើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្នឹង អាចារ្យវត្ដ និង បណ្ដារាស្ដ្រ នៅទីកន្លែងអ្នកតា។ ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជំរាបអ្នកតាថា៖ “ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតាសុំឱ្យយើងទាំងអស់គ្នាបានសុខសប្បាយ” រួចគេលេងភ្លេងថ្វាយមានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងស្យាម ភ្លេងត្រញំងទា តាមធម្មតាឮសូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃមនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្ងាយៗមកជួបជុំគ្នាមីរដេរដាសនៅទីនោះ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្ដព្រះសង្ឃ ១០ អង្គចំរើនព្រះបរិត្ដ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះពួកមន្ដ្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់ តំណែងអព្ជើាញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បួងអ្នកតា មេស្មឹង អុជទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតាដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឱ្យលើកគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខអ្នកតា។ (បញ្ជាក់ការរៀបរាប់នេះក្នុងបរិបទសម័យសង្គមរាស្ត្រនិយម ព្រោះឃុំបាក់នឹមបច្ចុប្បន្នត្រូវបានគេរំលាយចោលបាត់ហើយ)
របៀបរៀបរណ្ដាប់
[កែប្រែ]តង្វាយអ្នកតាគឺ៖
- ១. កន្ទេលក្របាម ខ្នើយ
- ២. សំពត់សក្រាលពីលើកន្ទេល
- ៣. ស្លាធម៌ដី ១គូ (ដោតម្លូ ៥, ធូប ៣ សរសៃ)
- ៤. ក្បាលជ្រូក ១ គូ មានទាំងកន្ទុយដាក់នៅមាត់ផង
- ៥. ផ្ដិលទឹកអប់ ១ គូ ឈើស្ទន់ ១
- ៦. ពានស្លាបារី ១ គូ
- ៧. ដបស្រា ១ គូ មានទាំងពែង
- ៨. ចេកនួន ២ ស្និត តំកល់លើចានទាប
- ៩. បង្អែម ២ ស្ពក
- ១០. កន្ទោងស្លឹកចេក ១ គូ
- ១១. មាន់ស្ងោរ ១ គូ
- ១២. ស្នែងសត្វទន្សោង ១ គូ រណ្ដាប់តង្វាយទាំង ១២ មុខនេះមានគូគ្រប់ទាំងអស់ សំរាប់ដាក់ឆ្វេងស្ដាំក្រៅអំពីតង្វាយ ១២ មុខនេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រាដល់ដៅលើរាននោះ។
គេអុជទៀនធូបបែកគ្នាកាន់ដើរហែប្រទក្សិណជុំវិញអាស្រមជាការគោរពចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ៉ាសេនាបតីមឿង ដែលស៊ូប្ដូរជីវិតយកឈាមក្រាលផែនដីមានកេរ្ដិ៍ឈ្មោះតាំងពី គ.ស. ១៥១៦ ដរាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុកសន្មតហៅថា អ្មកតាឃ្លាំងមឿង។ គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា ២ នាក់សំរាប់ពាក់ស្នែងសត្វទន្សោង តែងតួស្លៀកសំពត់ផាមួងចងក្បិនខ្លួនទទេ អ្នករាំ ២ នាក់ទៀតធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់់ស្នែងទន្សោងដែរ លុះហែ ៣ ជុំរួចហើយ គេលេងភ្លេងរំាស្នែងទន្សោង ភ្លេងនោះឈ្មោះ “ភ្លេងភ្លាំង” អ្នករាំចាប់ពាក់ស្នែងរួចក្រាបថ្វាយបង្គំអ្នកតា ៣ ដងឡើងរាំដែរ ឆ្វេងរៀងខ្លួន មកជួបគ្នា.......គំរប់ ៣ ដងវារនឹងឌឺអួតដាក់គា្នជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើីងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់។ មនុស្សឈរមេ៍៍ីលពេញទីវាលនៅមុខអាស្រមអ្នកតានោះ។
- ១. បងដើរព្រៃស្ដុកតត្រុក ព្រៃស្បាត ។ ដើរកាត់ព្រៃញាត លេចវាលចូលព្រៃៗ ។
- ២. ឡើងភ្នំចុះភ្នំ ថ្មដាធំៗល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតខ្មីៗ ឡាស់ព្រេចឡាស់ខ្ចី ស្រណោះខែពិសាខៗ ។
- ៣. កន្ដ្រែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ
លេបក្រមុំទាំងមូលៗ ។
- ៤. ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជួន កាប់ឬស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
- ៥. កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយបងស្ដាយតែប្អូនស្រីៗ ។
ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទំាងពីរនាក់ឃើញសត្វទន្សោងដល់គ្នាជាប់ក្រាបរៀងខ្លួនលបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទំាងពីរទៅតំកល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទេលចាក់ស្រាដោតធូប ៣ សរសៃរួចនិយាយបួងសួងថា “ថ្ងៃនេះជាពេលល្អ យើងខ្ញុំមកជួបជុំគា្នធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតាមឿង ដែលមានគុណចំណោះស្រុកខ្មែរសូមលោកតាឱ្យព្រះពរសព្ទសាធុការដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយ សូមឱ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូងសោយសេចក្ដីសុខក្នុងរាជសម្បត្ដិ ព្រមទាំង មន្ដ្រីរាជការទាំងអម្បាលមាណក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្ដីសុខសប្បាយអស់កាលជាអង្វែងរៀងទៅ សូមឱ្យទឹកភ្លៀងបង្អុរចុះមកឱ្យបានសព្វផែនដីប្រទេសកម្ពុជាឱ្យស្រុកសំបូរណ៌សប្បាយកុំឱ្យមានភ័យអន្ដរាយអ្វីឡើយ។ បួងសួង ៣ ដងស្រេចហើយយកកន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រម។ រួចលើកគ្រឿង តង្វាយទាំងអស់ចេញ។ និមន្ដព្រះសង្ឃ ៥ អង្គបង្សុកូលពួកឧបាសកសូត្រឧទ្ទិសផល មេស្មឹងយកទឹកអប់ប្រោះទៅលើដំបូកដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និងមន្ដ្រីតូចតាចគ្រប់តំណែងបាចទឹក ១ ផ្ដិលៗម្នាក់រួចអព្ជើាញទៅរាប់បាត្រ នៅវាលមុខរោងព្រះសង្ឃ។ ម៉ោង ១១ រៀបភោជនាហារលៀងពួកមន្ដ្រីសាលាខែត្រ សាលាស្រុកធំតូចគ្រប់តំណែង ដោយវត្ថុដ៏ឧត្ដមពិសាសប្បាយមានលេងភ្លេងត្រញំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២ ជាការបង្ហើយកិច្ច។ អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថាក្នុងកាលដ៏ កន្លងយូរមកហើយ (ស័ករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ១ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រានព្រៃ ២ នាក់មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃដើម្បីរកបាញ់សត្វតាមទំលាប់របស់ខ្លួន។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពិរោះហាក់ដូចសូរសំឡេងភ្លេងតន្ដ្រីលាន់ឮរងំ ដូចជាសំឡេងទ្រ សាយដៀវ ឃើញសត្វទន្សោង ១គូ លោតកព្ឆោងជល់គ្នាលេងដូចគេរំា។ មានសត្វខ្លា១គូ ក្រាបនៅទីនោះវាគោះកន្ទុយហាក់ដូចជាគេវាយស្គរ។ មានសត្វក្ងោក១គូ កាងស្លាបបើកកន្ទុយ លោតចុះលោតឡើងហាក់ដូចគេចាក់ត្លុកចាក់ក្បាច់។ ព្រានទាំងពីរនាក់ លាន់មាត់ថា “ឱហ្ន៎ ! សត្វទាំងនេះប្លែកចំឡែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ដ្រី សត្វទន្សោង និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះទុកជាកេរ្តិ៍ឱ្យកូនចៅឯក្រោយ”។
ប្រផ្នូល
[កែប្រែ]កន្លែងឧកញ៉ាសួគ៌ាលោកមឿង (ពេជ្រ) បានសំលាប់ខ្លួន ថ្ងៃក្រោយមកដុះក្លាយទៅជាដំបូកដែលគេដាក់ឈ្មោះហៅថាដំបូកតាឃ្លាំងមឿង។ ជារៀងរហូតមក គេតែងកត់សំគាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត ។ បើដំបូកនោះរេចរឹល ចៅហ្វាយខេត្តមានទុក្ខព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជំងឺពេញស្រុក បើដំបូកនោះប្រេះបែកក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់។ នៅខាងលិចនោះ ដែលជាកន្លែងកូនតាមឿងស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថាដំបូកក្រវាញ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ។ បើសិនជាមានសត្វទៅធ្វើឲ្យដំបូកនោះធ្លុះធ្លាយនឹងមានជនបរទេសមកលួចដើមក្រវាញជាមិនខាន។
កន្លែងអ្នកម្នាងខៀវបានធ្វើអត្តឃាតក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ។ ដំបូកនោះតែងតែផ្ដល់ប្រផ្នូលថា បើដំបូកនោះដុះឡើងល្អ ព្រះមហាក្សត្រនឹងបានសុខសប្បាយរីករាយ។ តែបើដំបូកនោះត្រូវរេចរឹល ព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម។ ឯកន្លែងដែលនាងពេញបានសំលាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ក៏មានដុះជាដីកោះនៅកណ្ដាលស្ទឹងទល់មុខផ្សារ។ កោះនោះហៅថា កោះដូនពេញ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយតគ្នាមកថា បើច្រាំងកោះដូនពេញដុះខ្ពស់ល្អ ចៅហ្វាយខេត្តនឹងបានឡើងបុណ្យស័ក្តិ សុខសប្បាយ។ បើសិនច្រាំងនោះត្រូវរេចរឹល ចៅហ្វាយខេត្តនឹងមានទុក្ខព្រួយ។ បើច្រាំងបាក់ ចៅហ្វាយខេត្តនឹងត្រូវអស់បុណ្យ។
រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ តែងតែមានជំនឿទៅលើគុណបុណ្យបារមីលោកតាឃ្លាំងមឿងជានិច្ច។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យឡើងអ្នកតាថ្វាយជូនអ្នកតាឃ្លាំងមឿង។ មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុកនៅពោធិ៍សាត់តែងតែធ្វើពិធីបន់ស្រន់ដល់អ្នកតាឃ្លាំងមឿង។ បើគេបានសំរេចគោលបំណងហើយ គេពុំដែលភ្លេចទៅធ្វើបុណ្យលាបំណន់ឡើយ។
ឯកសារយោង
[កែប្រែ]- ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ សួគ៌ាលោក (ស្រឡប់ដូនតី) |
ចៅពញាសួគ៌ាលោកនៃខែត្រពោធិ៍សាត់ គ.ស ១៥៤៩ |
តដោយ សួគ៌ាលោកទេព |