ពិជ័យនាគគឹម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ពិជ័យនាគ)
Jump to navigation Jump to search
ពិជ័យនាគគឹម

កាន់តំណែង
សតវត្សទី១៥ – ប្រហែល ១៥១២
អង្គក្សត្រ ឝ្រីឝៅគន្ធបទ

កាន់តំណែង
សតវត្សទី១៥ – សតវត្សទី១៦
ព័ត៌មានលំអិត
កើត គឹម
ពន្ធភាព អ្នកព្រះមាតាបាន
កូន ស្រីជេដ្ឋា កេសរបុប្ផា
សាសនា ពុទ្ធសាសនាថេរវាទ

ព្រះពិជ័យនាគគឹម លោកជាមន្ត្រីធំនៅខេត្តបាសាន ក្រោយមកប្រែឈ្មោះថាស្រីសឈរ រឺ ស្រីសន្ធរ។ ភរិយារបស់លោកគឺនាងបានដែលមានវណ្ណៈជាពលព្រះ មានបុត្រាជាព្រះស្ដេចកន និង អ្នកព្រះម្នាងកេសរបុប្ផា មានចៅជាសម្ដេចយសរាជា ត្រូវជាអ្នកព្រះបិតា ព្រះបាទឝ្រីឝៅគន្ធបទ

ប្រវត្តិគ្រួសារ[កែប្រែ]

​​ លោកគឹម ដែល​ធ្វើ​ការ​ជា​មន្រ្តី​រាជការមាន​ងារ​ជា​ ហ្លួងមន្រ្តី​ស្នេហា នៅស្រុកបាសាន មានភរិយាម្នាក់ឈ្មោះនាងបានដែលជាពលព្រះក៏បាន ផ្តល់កំណើតឱ្យកូនប្រុសស្រី២នាក់ ដោយកូនស្រីច្បងឈ្មោះ ស និងកូនប្រុសប្អូនឈ្មោះ កន ចំពោះកនទៀបនឹងប្រសូត្រ។ ថ្ងៃមួយ នាងបានចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុង ទឹកទៅ។ គ្រានោះមានហេតុជាអស្ចារ្យ នាំឲ្យឃើញថាទារកនោះមានបុណ្យមែនគឺថាវេលានោះ ស្រាប់តែត្រីពោធំមួយ មកទទួលលេបទារកនោះទៅក្នុងពោះបាត់ទៅ។ បន្ទាប់ពីនោះមក ព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសលទារកនឹងមានបុណ្យ មិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យសម្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កប់ទៅយល់សប្តិឃើញថា: ដូចជាមានទេវតាតាមកទូលថា: ព្រឹកនោះឲ្យស្ដេចយាងទៅកំពង់ទឹកដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យមានវាសនាផង។ លុះតើនឡើង សម្ដេចក៏ទ្រង់នូវត្រៃចីវរចុះគង់ក្នុងទូកឲ្យសិស្សានុសិស្សអុំចេញទៅ។ លោកបិណ្ឌបាត្រ តាមសព្វដង តែព្រះនេត្រតែងគន់រំពៃមើល ក្រែងមានហេតុអ្វីជាចំលែកដ្បិតមានិមិត្តពីយប់មិញនោះដូចជាច្បាស់ពេកណាស់។ លុះសិស្សអុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្ដេចព្រះសង្ឃរាជ ស្ដេចឃើញត្រីពោក្នុងទូកព្រានប្រមង់នោះធំប្លែក ស្ដេចប្រឹងសង្កេតទតឲ្យច្បាស់។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះក៏បង្កើតឲ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ។ ព្រះអង្គទ្រង់ទទួលហើយ ក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត។ លុះបិណ្ឌអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្សត្រឡប់មកអារាមវិញ។ ខណៈនោះសម្ដេចព្រះសង្ឃរាជ ស្ដេចមានព្រះថេរវាចាថា ត្រីពោនេះជាពោធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដីកាហើយ ក៏នាំគ្នាយកកាំបិត ទៅវះត្រីនោះវះទៅឃើញទារកមួយនៅរស់។ ទើបសម្ដេចឲ្យកូននោះទៅអាបានមេទាគឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទានេះជាប្ដីប្រពន្ធនឹងគ្នា (សម័យពីដើម មនុស្សដែលឥតមានបណ្ដាសក្ដិ ឥតបានបួសរៀន បើប្រុសគេហៅ អា បើស្រីគេហៅមេ ជាខ្ញុំរបស់សម្ដេចព្រះសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា។ ដោយប្រមើលឃើញពី និស្ស័យរបស់ទារកនេះជាអ្នកមានបុណ្យធំឡើង នឹងក្លាយជាស្តេចផែនដីនោះ លោកគ្រូចៅ អធិការក៏ទទួលយក និងបានដាក់ឈ្មោះឱ្យថា “កន” ដោយបានបង្ហាត់បង្រៀនតាំងពីអក្សរ លេខនឰន្ត ក្បាច់គុន ក្បួនត្រៃវេទ ត្រៃល័ក្ខ ចេះចាំគ្មានចន្លោះ។ ព្រះពិជ័យនាគ និង ភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថាឲ្យនៅនឹងសម្ដេចព្រះសង្ឃរាជចុះ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះ អា កៅ តែឪពុកម្ដាយហៅថា អាកន រៀងមក។ ក្រោយ​ពេល​ដែល​នាង​ពៅ រឺ នាងស បាន​ក្លាយ​ជា​ស្នំឯក​របស់​ ​​ស្តេច​ឝ្រីឝៅគន្ធបទ និងមាន​ងារ​ជា​អ្នក​ម្នាង​ហើយ ស្តេចឝ្រីឝៅគន្ធបទ ក៏​បាន​តំឡើង​ងារលោក​ គឹម ពី​​ហ្លួង​មន្រ្តី​ស្នេហាទៅ​ជាព្រះពិជ័យនាគវិញ។ [១]ព្រះអង្គអោយហៅ បិតាមាតា អ្នកព្រះម្នាងកេសរបុប្ផានោះ ព្រះឝ្រីឝៅគន្ធបទលើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ឯឈ្មោះកន ដែលជាកូន អ្នកព្រះបិតាពិជ័យនាគនោះ លុះចំរើនធំឡើងមានចំណេះប្រាជ្ញាឆ្លៀវឆ្លាតបំរើគ្រូ គ្រូក៏ពេញព្រះទ័យ និង រៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់។ សម្ដេចព្រះមហាសង្ឃរាជ (ព្រះសង្ឃសត្ថា) ទ្រង់ប្រិតប្រៀនទាំងអក្សរសាស្ត្រ ទាំងសិល្បសាស្ត្រមន្តវិជ្ជាការ គាថា កៅទណ្ឌ ក្បួនតំរាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះហើយ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបានទំនាយឲ្យថា: កន នេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន។

អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុស មានរូបរាងល្អ មានចំណេះវិជ្ជា ប្រាជ្ញា ក៏ពូកែ អាយុ ១៦ ឆ្នាំហើយ ក៏នាំខ្លួនកូនទៅក្រាបទូលព្រះបរមបពិត្រ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបថា កនជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណ ឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំងនាយកន ជាឧកម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជាកោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ត ចូលពឹងបុណ្យអំណាចអ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្តជាច្រើន។ បន្ទាប់ពីបងស្រីក្លាយជា ស្នំឯករបស់ស្តេចផែនដី កនក៏បានក្លាយជាមន្ត្រីជំនិតរបស់ព្រះរាជា តែដោយសារតែព្រះបាទឝ្រីឝៅគន្ធបទ ជឿសំដីញុះញង់របស់មន្ត្រីឡេមឡឺម រៀបគំរោងសំលាប់ប្អូនថ្លៃ ធ្វើឱ្យនាយកនកើតក្តីឈឺចាប់ក៏តាំងរើបំរះ ហើយបានឡើងគ្រងរាជ្យនៅក្នុងព្រះជន្ម ២៩ វស្សា។ ប៉ុន្តែសោយរាជ្យ បានតែ ១៤ ព្រះវស្សាប៉ុណ្ណោះ ក៏យាងចូលទិវង្គត ក្នុងសង្គ្រាមជាមួយព្រះបាទចន្ទរាជានា គ.ស ១៥២៥ ក្នុងព្រះជន្ម​ ៤២ វស្សា។ [២]

ចំបាំងជាមួយកូនខ្លួន[កែប្រែ]

កងល្បាតរបស់ពញាយមរាជ និង វង្សាអគ្គរាជយល់មនុស្សម្នាក់ស្លាប់ក៏ដឹងថាព្រះស្ដេចកនសំលាប់ តែពុំដឹងជារត់ទៅទិសណា។ លុះស៊ើបតាមរាស្ត្រប្រជាទៅទើបដឹងជាក់ជារត់ទៅតាំងខ្លួនឯស្រុកបាភ្នំ។ ទាហានរបស់ពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថានឹងលើកទ័ពតាមទៅចាប់ព្រះស្ដេចកន តែរាស្ត្រទាំងនោះឃាត់ថានឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះស្ដេចកនសង្កត់បានតាំងពីខេត្តតូចធំ ចុះចូលជាច្រើនមានកងទ័ពរាប់ម៉ឺនរាប់ពាន់ទៅហើយ។ ឯនាយកងល្បាតស្ដាប់បានដំណឹងជាក់ហើយ ក៏នាំគ្នាយកសេចក្ដីនោះចូលទៅប្ដឹងចៅពញាយមរាជ និង ចៅពញាវង្សាអគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះយកសេចក្ដីនោះនាំឡើងក្រាបបង្គំទូលថា: សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគ ឲ្យធ្វើសំបុត្រប្រាប់ប្រាមទៅកូនឲ្យចូលមកគាល់។ បើកូនពុំចូលមកទេសឹមយើងលើកទ័ពធំទៅចាប់ព្រះស្ដេចកន ព្រះស្ដេចកនគង់រត់មិនរួចឡើយ។ សម្ដេចព្រះបរមពិត្រទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និង ព្រះស្នំឯកជាបងឲ្យធ្វើសំបុត្រប្រាប់ទៅព្រះស្ដេចកនឲ្យចូលមកគាល់ចុះទ្រង់នឹងលើកទោស លែងឲ្យមានទោសតទៅទៀតហើយ។ ព្រះពិជ័យនាគ និង ព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់។ លុះបំរើនោះទៅដល់ទ្វាររបងហើយក៏ស្រែកប្រាប់នាយទ្វារថា: ខ្ញុំជារាជបំរើហ្លួង។ ហ្លួងឲ្យខ្ញុំនាំសំបុត្រព្រះពិជ័យនាគបិតាមកជូនឃុនហ្លួងព្រះស្ដេច

ឃុនហ្លួងព្រះស្ដេចដឹងកលនេះយល់ប្រាកដជាបិតាឲ្យមកយកខ្លួនហើយក៏គិតថា: អញបានចំណាប់ហើយ អញត្រូវនិយាយឲ្យរាស្ត្រដឹងឮច្បាស់ថាហ្លួងឲ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួងព្រះស្ដេចកន ក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា: ព្រះរាជឱង្ការនេះឲ្យមកតឿនការសំងាត់ហើយ។ ថាយើង ក៏រៀបចំមិនទាន់ស្រេចដោយក្រមការធ្វើការធ្វេសប្រហែសពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការឲ្យអញ្ជើញមកដល់ហើយ ដូច្នេះចូរអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញព្រះរាជឱង្ការនោះចូលមក។ ក្រមការឮដូច្នោះហើយរឹងឃើញថាកលរបស់ឃុនហ្លួងព្រះស្ដេចកននេះជាការណ៍ពិតណាស់ក៏តែងខ្លួនតាមយសសក្ដិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និង គ្រែមួយព្រមទាំងតោក ៥ ជាន់ចេញទៅតំកល់សំបុត្រនោះចូលមកតំកល់ក្នុងបន្ទាយ។ ព្រះស្ដេចកនក៏ក្លែងធ្វើជាក្រាបថ្វាយបង្គំ ៣ ដង ហើយបណ្ដេញក្រមការទាំងអស់ឲ្យចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសំងាត់។ ក្រមការទាំងអស់ ក៏ជឿពិតថាសេចក្ដីព្រះរាជឱង្ការនោះជាសំងាត់ឲ្យមកតឿនការសំងាត់គឺការណ៍សង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះ ព្រះស្ដេចកនមើលដឹងសេចក្ដីថា ព្រះពិជ័យនាគបិតា និង ព្រះស្នំឯក ប្រាប់មកឲ្យខ្លួនចូលទៅគាល់ហ្លួង ហ្លួងនឹងលើកទោសហើយ។

ព្រះស្ដេចកនមើលចប់ដឹងសេចក្ដីហើយ ក៏ឆ្លើយប្រាប់ក្លែងទៅនឹងបំរើវិញថា: ឲ្យជំរាបលោកឪពុក និង អ្នកបងថា! ទ្រង់ព្រះមេត្តាប្រោសលើកលែងទោសដូច្នោះ នោះព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការតាមដើមវិញ តែសូមបង្អង់ចាំចាត់ឲ្យរាស្ត្រប្រជាដែលតាមមកផងនោះត្រឡប់ទៅទីលំនៅវិញសិន។ ខ្ញុំចាត់ការនេះស្រេចកាលណាខ្ញុំនឹងចូលទៅជាក្រោយកុំឲ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយ នាយកនក៏ឲ្យរាជបំរើនោះត្រឡប់មកវិញ។ រាជបំរើនោះចេញផុតទៅ ព្រះស្ដេចកនធ្វើជារត់តាមទៅស្រែកផ្ដាំថា: ឲ្យលោកឪពុក និង អ្នកបងក្រាបទូលការណ៍នោះថាជិតបានសំរេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយ ឲ្យទ្រង់ទុកព្រះរាជហឫទ័យចុះ។ អ្នកឯងមកឃើញមនុស្សម្នាមកកកកុំនឹងភ្នែកហើយ។ ខណៈដែលព្រះស្ដេចកនស្រែកផ្ដាំដូច្នោះ បំរើចូលចិត្តថាប្រាកដជានឹងលើកលែងក្បត់ហើយ ហើយឲ្យកងទ័ពត្រឡប់ទៅស្រុកវិញមែន។ ចំណែកក្រមការ និង កំណែនទាំងប៉ុន្មាន កាលបានស្ដាប់សំដីថ្លែងរបស់ព្រះស្ដេចកននេះហើយក៏ជឿចូលចិត្តថាហ្លួងឲ្យមកតឿនកងទ័ពឲ្យប្រញាប់ទៅមែន។ ក្រោយនោះមកព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ក្រមការ និង រាស្ត្រឲ្យដឹងគ្រប់គ្នាថា: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើង ឲ្យយើងចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជាបំរើឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយ ពុំដឹងឧបាយក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។ ព្រះរាជបំរើនោះត្រឡប់វិញទៅដល់ហើយ ក៏ចូលទៅក្រាបបង្គំទូលដំណើរតាមសេចក្ដីព្រះស្ដេចកនផ្ដាំមក។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការ ក៏ស្មានថាជាការពិតមែនទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា: ឲ្យចាត់បំរើស្រីៗ ឲ្យស្ដីលួងលោមព្រះស្ដេចកនឲ្យចូលមកឲ្យឆាប់កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ។ អ្នកព្រះស្នំឯក​​​​​​​​​​​​ពុំហ៊ានទូលទាស់ក៏ចាត់បំរើស្រីស្រដីថាឲ្យទៅស្រដីលួងលោម បញ្ចុះបញ្ចូលតាមត្រាស់បង្គាប់។ លុះបំរើទៅដល់ជំរាបថា: អ្នកជាម្ចាស់បានក្រាបបង្គំទូលសុំព្រះរាជទានលើកទោសអ្នកព្រះស្ដេចអស់ហើយ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឲ្យយូរទៅការណ៍នេះនឹងកើតជាសឹកសង្គ្រាមជ័យ ហើយអ្នកជាម្ចាស់នឹងជួយលោកពុំរួចទេ។

ព្រះស្ដេចកនស្ដាប់ហើយក៏នឹកថាស្ដេចនេះល្ងង់ណាស់។ បើល្ងង់យ៉ាងនេះគង់នឹងបានរាជសម្បត្តិមកអញហើយ។ លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏តបជាឧបាយថា: ឲ្យអ្នកបងបង្អង់ទំរាំតែរាស្ត្រត្រឡប់ទៅស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះនឹងចូលទៅក្រាបបង្គំគាល់ព្រះបរមនាថបរមបពិត្រហើយ សូមកុំឲ្យទ្រង់ព្រួយព្រះទ័យឡើយ។ កុំភ័យនឹងខ្ញុំ ខ្ញុំមិនក្បត់ទេ។ ស្រីបំរើទាំងនោះ ត្រឡប់វិលមកយកសេចក្ដីក្រាបបង្គំទូលតាមដំណើរវិញគ្រប់ប្រការ។ ព្រះបរមបពិត្រស្ដេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យបង្អង់ស្ដាប់ការណ៍តទៅទៀត។

ព្រះស្ដេចកន កាលបើពួកស្រីបំរើទាំងនោះ ត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ពចេញទៅសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្របង្ហាត់សេនាទាហានបានជាច្រើនកើនចំនួនឡើងតែរាល់ថ្ងៃ។ អស់ប្រជានុរាស្ត្រដែលជាខ្ញុំរាជការឃើញមានព្រះរាជបំរើឲ្យទៅមករកគ្នារឿយៗហើយឮពាក្យប្រកាសរបស់ព្រះស្ដេចកនថា: ព្រះបាទអ្នកជាអម្ចាស់ត្រាស់ប្រើឲ្យចេញទៅគិតការណ៍សំលាប់ចៅពញាចន្ទរាជា ដូច្នេះក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា: ហ្លួងព្រះស្ដេចកនទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះឃើញថាពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់ រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី

ស្ដេចកនដែលចាត់មេកងទ័ពឲ្យចេញសង្កត់ខេត្តតូចធំកេណ្ឌរេហ៍ពលបានមកជួបជុំល្មមជាមាំមួនហើយ លុះបានដឹងថា ចៅពញាចន្ទរាជារត់ទៅស្រុកសៀម ដូចឧបាយដែលខ្លួនគិតដូច្នោះហើយក៏អរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា៖ ពីដើមអញញញើតតែ ចៅពញាចន្ទរាជាមួយអង្គនេះឯងក្រៅពីនេះ អញពុំឃើញនរណានឹងក្លាហានចេញតនឹងអញបានឡើយ។ ឥឡូវចៅពញាចន្ទរាជារត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះគង់នឹងបានសំរេចដោយងាយជាមិនខាន។ ព្រះស្ដេចកនថាហើយ ក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរដែនព្រះនគរហ្លួង។ ចំណែកឯ ព្រះបរមបពិត្រដែលស្ដេចរង់ចាំព្រះស្ដេចកននឹងចូលមកគាល់នោះ លុះយល់បាត់យូរពេកក៏ត្រាស់សួរអ្នកព្រះស្នំឯកថា៖ ប្អូនឯងម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ? ព្រះម្នាងកេសរបុប្ផាក្រាបទូលថា៖ ខ្ញុំម្ចាស់ឲ្យបំរើទៅតឿនវា វាថាកុំឲ្យភ័យនឹងវា វាមិនក្បត់ទេ។ ថាកាលណា វាជូនរាស្ត្រទៅស្រុករួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះ ខ្ញុំម្ចាស់នឹងចាត់បំរើ ឲ្យទៅតឿនវាទៀត។

ចំណែកឯកងល្បាតព្រះនគរ កាលឃើញថា ព្រះស្ដេចកនលើកកងទ័ពធំមកបោះនៅចុងខេត្តស្រីសឈរដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្ដីនេះទៅប្ដឹងចៅពញាយមរាជ សេនាបតីនេះក៏នាំឡើងក្រាបបង្គំទូលថា៖ ឥឡូវនេះ ព្រះស្ដេចលើកកងទ័ពមកបោះនៅចុងខែត្រស្រីសឈរគឺចុងដែនក្រុងហើយ។ កងល្បាតទប់ពុំជាប់ក៏រត់ចូលមកប្ដឹង។ សម្ដេចព្រះបរមពិត្រ លុះបានទ្រង់ជ្រាបហើយទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា: "អញស្មានថាវា នឹងចូលមកគាល់បំរើ នៅជាខ្ញុំរាជការតទៅទៀតមិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ"។ ទ្រង់ត្រាស់តែប៉ុណ្ណេះហើយ ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌកងទ័ពបានចំនួនជាងប្រាំពាន់ប្លាយនាក់ទើបទ្រង់ចាត់ហើយឲ្យនៅចាំរក្សាព្រះនគរពីរពាន់ចាត់ឲ្យចៅពញាយោធាសង្គ្រាមលើកទៅជាទ័ពមុខ ១០០០ នាក់ ចៅពញាចក្រីលើកទៅជាទ័ពធំ ២០០០ នាក់។ លុះបានឫក្សពារពិលាល្អហើយ ចៅពញាយោធាសង្គ្រាម ក៏លើកទ័ពទៅជាមុន ចៅពញាចក្រីលើកទ័ពធំទៅជាក្រោយដោយក្បួនពិជ័យសង្គ្រាម។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខ ទ័ពធំលើកចេញហើយទ្រង់ត្រាស់បង្គាប់មន្ត្រីក្រុមរក្សាព្រះអង្គឲ្យទៅអញ្ជើញសម្ដេចព្រះអនុជចន្ទរាជានឹងឲ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះមន្ត្រីមហាថៃ (សព្វថ្ងៃហៅក្រសួងមហាផ្ទៃ) ក្រាបទូលថា: សម្ដេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើព្រះស្ដេចកនឲ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ។ ព្រះអង្គភ័យណាស់ ក៏ប្រមូលតែបណ្ដាជាខ្ញុំ ៥០ នាក់រត់ទៅក្រុងទេពទាំងយប់នោះទៅហើយ។ ព្រះបាទបរមនាថ បរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្ដាយណាស់ ទ្រង់ត្រាស់ថា: មិនគួរជាប្អូនមិនសួរបងសិន ​មិនគួររត់ចោលឲ្យបងព្រួយដល់ម៉្លេះទេ។ ត្រាស់ហើយព្រះអង្គយាងចូលទៅខាងក្នុងទៅ។ ចៅពញាយោធាសង្គ្រាម កាលជិះដំរីចេញទៅជាមេទ័ពមុខនោះបានជួបនឹងទ័ពព្រះស្ដេចកន។ ព្រះស្ដេចកន ក៏បរដំរីចេញចំមុខកងទ័ពនោះ ទើបចៅពញាយោធាសង្គ្រាមស្រែកថា: " យើអ្នកព្រះស្ដេច ម្ដេចក៏អ្នកឯងមិនកោតក្រែងព្រះចេស្ដាសោះ។ បំណាច់ទ្រង់ ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះម្ដេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្តអកតញ្ញូនឹងព្រះមហាករុណាទិគុណយ៉ាងនេះ"​​​​​​​​​​​​​​? ព្រះស្ដេចកន ឮហើយគិតថា: បើអញនឹងបើកឲ្យចៅពញាយោធាសង្គ្រាមនិយាយវែងទៅទៀតក្រែងកងទ័ពយល់ថាខ្លួនជាមនុស្សក្បត់ពុំមែនជាត្រាស់ប្រើទេ ទើបឆ្លើយថា: អ្នកឯង កុំនិយាយការអ្វី ជាជ្រៅខាងក្នុងនោះឲ្យសោះ ទ្រង់ព្រះបណ្ដាំនឹងខ្លួនខ្ញុំសព្វគ្រប់ហើយ។ ព្រះស្ដេចកន ថាហើយក៏យឹតធ្នូបាញ់ទៅត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាមក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច។ កងទ័ពឃើញនាយបរាជ័យហើយ ក៏បែកទ័ពរត់ទៅរកកងទ័ពធំ។ ចៅពញាចក្រី កាលឃើញទ័ពមុខបែកមកហើយ ក៏កាល់ពលឲ្យចូលតយុទ្ធនឹងព្រះស្ដេចកន តែចៅពញាចក្រីទប់ពុំឈ្នះ ទើបថយទ័ពមកជិតព្រះនគរ ហើយបញ្ឈប់កងទ័ពនៅទីនោះដើម្បីរាំងទ័ពព្រះស្ដេចកន កុំឲ្យដេញចូលមកទៀត។ ខណៈនោះ ចៅពញាចក្រី ក៏បកសំបុត្រចាត់បំរើឲ្យចូលមកសុំកងទ័ពថែមទៅទៀត។ ព្រះបរមបពិត្រ ព្រះបាទសម្ដេចព្រះឝ្រីឝៅគន្ធបទជាម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយទ្រង់ត្រាស់ឲ្យប្រជុំសេនាបតី មន្ត្រីបុរោហិតព្រឹទ្ធាចារ្យ អាមាត្យទាំងឡាយមកជួបជុំត្រាស់ប្រឹក្សាកិច្ចការរាជាការសង្គ្រាម។ ខណៈនោះ ចៅពញាយមរាជយកសេចក្ដីក្រាបទូលថា: ទ័ពអាព្រះស្ដេចកន លើកមកឥឡូវនេះ ប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឲ្យទៅកេណ្ឌកងទ័ពត្រើយខាងលិចមក ក៏មុខជាយូរ ហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមានតែ ១០០០០ នាក់ប៉ុណ្ណោះទូលព្រះបង្គំយល់ថាមិនសួនការណ៍នឹងទទួលតនឹងទ័ពធំអាព្រះស្ដេចកន បានឡើយ។ ហេតុដូច្នេះហើយ ទូលព្រះបង្គំ សូមអញ្ជើញព្រះអង្គថយ ទាំងគ្រប់គ្រួ ទៅឯក្រុងចតុម្មុខសិន។ ​​​លុះបានទ័ពគ្រប់សព្វហើយ សឹមលើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះ ដោតទុកជាបំរាមតទៅ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំនឹងចៅពញាចក្រីពីរនាក់នេះនឹងយកអាសាការ (គឺការពារ ឬ ​​​​​​​​កាល់) គ្រប់គ្រួមិនឲ្យអាព្រះស្ដេចកន វាមកធ្វើអុកឡុកឲ្យអន្តរាយបានឡើយ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះបង្គំនឹងលើកទ័ពតាមដង្ហែទ្រង់ព្រះករុណាទៅជាក្រោយ។ ព្រះពិជ័យនាគនឹកខឹងព្រះស្ដេចកនណាស់ថា ដ្បិតវាទទឹងរឹងនឹងសំបុត្របង្គាប់របស់ខ្លួនដែលឲ្យចូលមក មិនចូលមកនេះមួយ ថាទ្រង់ប្រោសប្រាណម៉្លេះហើយនៅតែប្រែចិត្តជាគិតក្បត់វិញនេះមួយ ទើបព្រះពិជ័យ នាគយកសេចក្ដីក្រាបបង្គំទូលថា: កូនប្រពន្ធញាតិសន្តាន របស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះសុំឲ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល ១០០០ នាក់ ​ចេញទៅតដៃនឹងអាកនដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំប្រែចិត្តក្បត់ជាមួយនឹងអាកនវិញ សូមឲ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសស្ត្រាវុធ ហើយសូមឲ្យសំលាប់បុត្រភរិយា ញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ។ ព្រះបរមបពិត្រទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ឲ្យបុរោហិតអញ្ជើញគ្រឿងអាវុធមកពិធីសុំទឹកពិភទ្ទសច្ចាឲ្យព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រស្ដេចព្រះរាជទានពល ១០០០ នាក់ឲ្យទៅព្រះពិជ័យនាគឲ្យលើកជាក្បួនទ័ពចេញទៅ។ ថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រព្រះអង្គទ្រង់នាំគ្រប់គ្រួហ្លួង ​និង គ្រប់គ្រួខ្ញុំរាជការចុះព្រះទីនាំង និង ទូកទាំងពួង ឆ្លងទៅតាំងទ័ពនៅចតុម្មុខស្រុកភ្នំពេញ។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួទាំងក្នុងទាំងក្រៅទៅឈប់នៅបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឲ្យរកកេណ្ឌកងទ័ព ថែមបានរេហ៍ពលមកដល់ ២៥០០ នាក់។ ខែត្រណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់។ ឯពញាយមរាជ លុះឃើញទ័ពហ្លួង ចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្ដេចកន លើកទ័ពចូលមកសោះក៏ថយទ័ពតាមហែឆ្លងមកចតុម្មុខស្រុកភ្នំពេញដែរ។ ព្រះស្ដេចកនលុះដឹងថាទ័ពហ្លួងថយចោលក្រុងហើយក៏លើកកងទ័ពរេហ៍ពល ៥០០០០ នាក់ចូលទៅវាយទ័ពចៅពញាចក្រី។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្ដេចកនលើកទ័ព ទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា។ នាយកនគិតថា: បិតាខ្លួនមកនេះប្រាកដជាមកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឲ្យបិតានិយាយទៅក្រែងបែកការណ៍ ថាខ្លួនជាមនុស្សក្បត់។ ​លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏ស្រែកឲ្យកងទ័ពចូលប្រកាប់នឹងបិតាខ្លួន តែឯបិតានេះ ព្រះស្ដេចកនឲ្យពលចូលចាប់នឹងដៃកុំបីធ្វើឲ្យសៅហ្មងដល់រូបកាយឡើយ។ នាយកងទ័ព និង រេហ៍ពលឮហើយ ក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្ដេចកនមានពលច្រើនខាងបិតាមានពលតិច។ ពលខាងព្រះស្ដេចកនសំលាប់ពលខាងបិតាស្លាប់ជាច្រើន។ ព្រះពិជ័យនាគឃើញដូច្នេះ ក៏ទាល់ប្រាជ្ញានឹងហាមាត់ស្ដីហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគនាំរេហ៍ពលដែលសល់ពីស្លាប់នោះរត់តាមថ្នល់ព្រះនគរចេញទៅ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរ ផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្ដេចកន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សំលាប់រាស្ត្រ ដែលសល់នៅនោះ ហើយដេញព្រះពិជ័យនាគទៀត។ ព្រះពិជ័យនាគសល់ពលតែ ៥០០ នាក់នាំរត់ទៅជ្រកកោនក្នុងព្រះអារាម សម្ដេចព្រះសុគន្ធាធិបតី ឈ្មោះ ហៅ វត្តស្ដីធំជាគ្រូព្រះស្ដេចកន ហើយឲ្យពលបិទទ្វារកំពែងជាន់ក្នុងចាំទទួលច្បាំង។ កងទ័ពព្រះស្ដេចកនដែលដេញទៅទាន់ក៏តាំងចោមព្រះអារាមនោះជាមាំមួនព័ទ្ធច្រើនជាន់ច្រើនសង្កាត់។ វេលានោះមានចលាចលជាខ្លាំងរេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្ដេចព្រះសុគន្ធាធិបតីទ្រង់ឮអ៊ឹកធឹកហើយទ្រង់ចេញមកទូត។ ឃើញហើយទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្ដេចព្រះសុគន្ធាចេញមកឲ្យកងទ័ពឈប់ ហើយហៅព្រះស្ដេចកនឲ្យចូលទៅសំពះសុំទោសបិតា។ លំដាប់តមកព្រះសុគន្ធាធិបតីប្រាប់ពិជ័យនាគថា: កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រក្នុងកម្ពុជានេះហើយ។ ព្រះពិជ័យនាគកាលបានស្ដាប់ថេរវាចាហើយ ក៏ក្រាបទូលថា: បើសម្ដេចមានបន្ទូលដូច្នោះ បុត្រភរិយាញាតិសន្តានរបស់ខ្ញុំព្រះករុណាមិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគក៏ហូតដាវស្ទុះទៅនឹងកាប់ព្រះស្ដេចកន។ តែពេលនោះអស់សេនាទាហាន រេហ៍ពលខាងព្រះស្ដេចកនព្រួតគ្នាចូលទៅដណ្ដើម ចាប់យកដាវនោះ។ សម្ដេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយកទៅទុក្នុងព្រះវិហារ។ ក្រោយនោះ សម្ដេចព្រះសុគន្ធាធិបតីស្ដេចមានថេរវាចាឲ្យបិតា និងបុត្រសះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្ដេចឲ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រកល់ដល់កំពស់ស្មើក្បាល ហើយស្ដេចឲ្យពិជ័យនាគ និងព្រះស្ដេចកនឡើងលើគំនរអាវុធទាំងពីរនាក់ឲ្យបិតានិងបុត្រសត្យសញា (សម័យពីដើមបូរាណចារ្យច្រើនយកនាមនាមមកធ្វើជាកិរិយាសព្ទ)។ សម្ដេចព្រះសុគន្ធាធិបតីធ្វើជាអាចារ្យស្រោចទឹកចំរើនជ័យមង្គលសិរីសួស្ដីឲ្យទាំងពីរនាក់។ ស្រេចហើយ ព្រះស្ដេចកនឲ្យរេហ៍ពលយកគ្រឿងអាវុធនោះទៅធ្វើជាចបជីកដីលើកជាថ្នល់ (សាស្ត្រាខ្លះថាយកអាវុធនោះទៅកប់ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្ដេចព្រះសុគន្ធាធិបតីត្រង់ផ្លូវចេញពីព្រះវិហារពីអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្ដីធំនោះ ឲ្យឈ្មោះវត្តព្រះថ្នល់រៀងមកដល់ឥឡូវនេះ។ លុះសូរេចការហើយ ព្រះស្ដេចកនចាត់ចែងនាយកងទ័ពឲ្យចេញកេណ្ឌសង្កត់ខេត្តធំតូចត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំលើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។ ព្រះបរមបពិត្រ កាលបានទ្រង់ជ្រាបថា: ព្រះស្ដេចកនលើកទ័ពមកហើយ ក៏ស្ដេចចាត់រេហ៍ពល សកលយោធាលើកចេញទៅទទួលច្បាំងនឹងស្ដេចកន ៣​ ថ្ងៃ តែពុំទាន់ឈ្នះចាញ់សោះ។ ព្រះស្ដេចកនយល់ថា : ទ័ពខាងព្រះបរមបពិត្ររបឹងរឹងរូសណាស់នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ក៏ឲ្យកងទ័ព ៥០០០០ នាក់ឆ្លងទៅព័ទ្ធបន្ទាយភ្នំពេញពីទិសខាងលិច ឲ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង។ កងទ័ពព្រះបរមបពិត្រ តែ៣០០០០នាក់ កងទ័ពខាងព្រះស្ដេចកន នាយកងនាយទ័ពចេះតែកេណ្ឌបញ្ចូលមកបានជួបជុំទាំងមុនទាំងក្រោយ ១២០០០០ នាក់លើកចោមបន្ទាយភ្នំពេញជាបីផ្លូវព្រមដោយនៅកាំភ្លើងធំតូច ធ្នូស្នាឧបមាបីដូចជាម្រោមចោមសំបុក ជាសន្ធឹកគឹកកងពន់ប្រមាណ។

ព្រះបាទបរមបពិត្រ ស្ដេចចេញកងទ័ពទៅ ក៏ឃើញថា: កងទ័ពព្រះស្ដេចកនច្រើនក្ដាត់ ចោមព័ទ្ធជាបីផ្លូវដូច្នេះហើយ កងទ័ពខាងព្រះអង្គ ក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះ ព្រះអង្គថយទ័ពទៅតាំងនៅខេត្តលង្វែក បន្ថយគ្រប់គ្រួឲ្យទៅឈប់នៅសំរោងសែន ដែនខេត្តអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)។ ស្ដេចចាត់នាយកង នាយទ័ពឲ្យទៅកេណ្ឌកងទ័ពពីខេត្តខាងជើងថែមទៀត។ ស្ដេចកនកាលបានវាយបន្ទាយភ្នំពេញបែកហើយ ក៏ដេញកងទ័ពចូលបន្ទាយចាប់អស់រាស្ត្រប្រជា រឹបយកស្បៀងអាហារសស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកធំតូច ឲ្យចេញទៅសង្កត់ខេត្តខាងត្បូង ខាងលិច គឺខេត្តបាទី ព្រៃក្របាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្តបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀ ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូលព្រះស្ដេចកនទាំងអស់ ព្រោះក្នុងវេលានោះ បណ្ដារាស្ត្រចូលចិត្តថា: ព្រះស្ដេចកននេះជាអ្នកមានបុណ្យទើបអាណាប្រជានុរាស្ត្រនាំគ្នាមកថ្វាយបង្គំចុះចូលជាច្រើន។ លុះដល់មកឆ្នាំកុរ សប្តស័ក ព.ស. ២០៥៩ - គ.ស. ១៥១៥ - ម.ស. ១៤៣៧ - ច.ស. ៨៧៧ ព្រះស្ដេចកន ចាត់ចែងកងទ័ពជា ៤កង ឲ្យលើកទៅវាយបន្ទាយលង្វែកមួយកងមានរេហ៍ពល ៤០០០០ នាក់ឲ្យលើកទៅនៅបន្ទាយភ្នំពេញមួយកងមានរេហ៍ពល ៥០០០០ នាក់ ឲ្យលើកទៅខាងផ្លូវទន្លេធំមួយកង មានពល ៣០០០០ នាក់។ តែខ្លួនព្រះស្ដេចកនឯង មានកងពល ៤០០០០ នាក់តត្រឡប់ទៅនៅខែត្រស្រីសន្ធរវិញ។

មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះបានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។ ឯមេទ័ពដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀមហើយ ​ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រែងដឹងថាមេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបំរុងទុកចាំទទួលច្បាំង ហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូល តាមដំណើរ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ត្រាស់ថា: ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះ យើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះ កាលណាឡើយទ័ពយើងនឹងទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា: ពីដើមឡើយសង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជាដែលឧកញ៉ាយមរាជ យកទៅរក្សាតែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំខួបប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបាន ទើបទ្រង់ត្រាស់ប្រើចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០ នាក់ ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោមបានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំ ឃុំពល ១០០០០ នាក់នោះលើកឆ្លងទៅតាមព្រះរាជបញ្ជា។ ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០ នាក់ប៉ុណ្ណោះ។

មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ​​​​​​​​​​​​​​ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ ២៥០០០ នាក់ទេក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុម្មុខបាន ១០០០០ នាក់ទៀតជា ៥០០០០ នាក់ ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយ មេទ័ពខាងព្រះស្ដេចកនក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នាអស់ ៤ យប់ ៤ ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួងដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកងទ័ពសត្រូវ ដែលផ្លាស់គ្នា ដូចជាគេមានកងទ័ពថែមមកទៀត ព្រះអង្គក៏យល់ថា នឹងទ្រាំទៅទៀតពុំបានឡើយ ទើបទ្រង់ថយទ័ព ទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រូ ទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។

មេទ័ពព្រះស្ដេចកនក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវដឹងថាទ័ពហ្លួងបែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មក ប្រកាប់គ្នាយ៉ាងក្លាហាន នឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយ អន្តរាយបែកទ័ព រត់ត្រឡប់ចូលមកភ្នំពេញវិញ។


ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិសាត់) ជាមេទ័ពឃុំពល ១០០០០ នាក់ទៅឈររក្សាខែត្ររលាប្អៀ ឲ្យចៅពញាយមរាជជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជា នាំពល ៥០០០ នាក់ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រលើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក

ចៅពញាយមរាជបានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេងប៉ែកស្ដាំ ហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជក៏បានជួបនឹងទ័ព ខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នា ជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជមានកំលាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមកចៅពញាយមរាជក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខែត្រអាសន្ទុកថាបានវាយឈ្នះហើយយកបានខែត្រទាំងនេះ តាមកិច្ចរាជការ ហើយដើម្បីសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់។ ស្ដេចកនតាំងតែពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះយ៉ាងមាំមួន តែខ្លួនព្រះស្ដេចកន ត្រឡប់ទៅគ្រងស្រុកបាសានវិញ។ តមកព្រះស្ដេចកន ក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀតបានទ័ពទាំងថ្មីទាំងចាស់ចំនួនទាំងអស់ដប់ម៉ឺននាក់ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសំរេចរាជការមហាក្រស័ត្រសឹក។ ស្ដេចកនឲ្យធ្វើទង់ពណ៌ក្រហមប៉ាក់រូបនាគក្បាល៨សំរាប់ទ័ព។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច។ ហេតុនេះហើយ ​​បានជាមានពាក្យរាស្ត្រប្រជាហៅថា ស្ដេចកនតាមឈ្មោះពីឪពុកឲ្យខ្លះតាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះ គឺហៅតាមឈ្មោះដែលគ្រូឲ្យខ្លះ។ មហាឧបរាជកនតែងតាំងមន្ត្រីក្រៅ និង ក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ។ ឯខ្លួនឯងលើកទ័ពឆ្លងទៅបោះនៅខែត្រកំពង់សៀម។ អស់មុខមន្ត្រី ដែលចៅពញាយមរាជឲ្យនៅរក្សាខែត្រទាំងឡាយ ដែលដណ្ដើមយកបានពីមេទ័ពស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវ ច្រើនលប់លើសកំលាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូល ព្រះបរមពិត្រគ្រប់ៗគ្នា។ មហាឧបរាជកនលុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្ជួនហើយទើបគិតឧបាយកលចាត់បំរើឲ្យទៅក្រាបទូល ព្រះបរមបពិត្រ។ លុះបំរើទៅដល់ ក៏ចូលប្ដឹងសេនាបតី សេនាបតីនាំឡើងគាល់ ព្រះបរមបពិត្រជាអម្ចាស់។ ខណៈនោះ ព្រះបាទឝ្រីឝៅគន្ធបទ ស្ដេចកំពុងចេញជួបជុំរាជសេវកាមាត្យជានាយកងខាងទ័ពហ្លួង កាលបើទ្រង់បានជ្រាបថាបំរើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឲ្យដាក់ក្ដីម្ចាស់ និង ញាតិសន្តានវា ៥ ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឲ្យចេញមកទទួលបំរើដែលចូលមកក្រាបបង្គំពេលនោះ។ លុះបំរើចូលដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឲ្យអាល័ក្សទទួលសំបុត្រពីបំរើនោះមកសូត្រថ្វាយ។ សំបុត្រនោះមានសេចក្ដីថា: "សូមទ្រង់ព្រះមេត្តាប្រោស ឃុនហ្លួងព្រះស្ដេចធិបតី ទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោស សូមក្រាបថ្វាយបង្គំ ក្រោមល្អងធូលីព្រះបាទ សូមទ្រង់ជ្រាប។ ដ្បិតទូលព្រះបង្គំ ដែលបានធ្វើការមកទាំងម៉្លេះ មិនបានមានចិត្តប្រទូសរ៉ាយ ដល់ល្អងធូលីព្រះបាទក៏ទេគឺធ្វើនេះដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការនោះឲ្យគង់តែជីវិតតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្តចង់មកនៅជាខ្ញុំល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជាអម្ចាស់ពុំប្រោសព្រះរាជទាន។ សេចក្ដីនេះ បើទ្រង់ជាអម្ចាស់ទ្រង់ព្រះមេត្តាប្រោសអភ័យទោសនោះសូមព្រះបរមបពិត្រស្ដេចព្រះរាជទាន ម្ដាយនិងញាតិកា បងប្អូនទៅទូលព្រះបង្គំជាមុនចុះដើម្បីឲ្យទូលព្រះបង្គំបានឃើញមុខនឹងបំបាត់ទុក្ខដោយសារព្រះរាជហឫទ័យទ្រង់ព្រះករុណាប្រោស។ ថាបើព្រះបរមបពិត្រ ទ្រង់នៅព្រះរាជ[[ករុណាមែនទូលព្រះបង្គំនឹងរំលាយកងទ័ពទាំងដប់ម៉ឺនឲ្យត្រឡប់ទៅកាន់ទីលំនៅតាមស្រុកទេសរៀងៗខ្លួនវិញជាពុំខាន។ គួរ ពុំគួរ សូមទ្រង់ព្រះករុណាប្រោស"។ សម្ដេចព្រះឝ្រីឝៅគន្ធបទ ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះពិរោធណាស់ ស្ដេចត្រាស់ឲ្យចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតប ហើយប្រគល់ឲ្យបំរើវិញ។ បំរើបានសំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់សម្ដេចមហាឧបរាជកន។ សម្ដេចមហាឧបរាជកន បើកស្រោមសំបុត្រមើលមានសេចក្ដីថា: អ្នកចៅពញាឧទ័យធិរាជ អគ្គមហាសេនា សេនាធិបតី ចៅហ្វាយខែត្រអាសន្ទុកខាងក្រុមមហានគរ។ "ឲ្យមកដល់ ឃុនហ្លួងព្រះស្ដេចធិបតី" ឲ្យបានដឹង។ ដ្បិតក្នុងសំបុត្រឃុន ក្រាបទូលទៅព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងនោះមានសេចក្ដីថាសូមឲ្យទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្ដាយមកឲ្យឃុនជាមុននោះ ពុំត្រឹមត្រូវតាមទំនៀមទេ។ បើឃុនមានចិត្តស្លូតត្រង់មែន គួរឃុនរៀបខ្លួនរំលាយកងទ័ពចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ព្រះបាទអ្នកជាអម្ចាស់ទើបត្រូវតាមសណ្ដាប់ អម្ចាស់និងខ្ញុំ។ បើឃុនប្រែចិត្តលែងក្បត់មកប្រកាន់ចិត្តកតញ្ញូហើយរំលាយទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូលសុំទោសឲ្យឃុន។ បើឃុនប្រឹងរឹងទទឹងមិនចូលទៅគាល់ទេ យើងនឹងឲ្យសំលាប់ម្ដាយឃុន និង គ្រប់គ្រួទាំងអស់ឲ្យស្លាប់ពុំត្រាប្រណីឡើយ"។

អនិច្ចកម្ម និង ប្រផ្នូល[កែប្រែ]

ស្ដេចកនមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក លុះអានចប់សេចក្ដីហើយយល់ពុំដូចគំនិតរបស់ខ្លួន ក៏ឲ្យបំរើនាំសំបុត្រនោះទៅជូនព្រះពិជ័យនាគជាបិតាឲ្យបានដឹងផង។ ព្រះពិជ័យនាគកាលបើបានដំណឹងថា មានសំបុត្រពីចៅពញាឧទ័យធិរាជមកដូច្នេះ ក៏ស្ទុះរត់ទៅប្រុងនឹងទទួលសំបុត្រនោះ ហើយនឹងដើម្បីសុំមហាឧបរាជកនកុំឲ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅដល់ទន្ទឹមនឹងទ្វារ ​ក៏ភ្លាត់ជើងដួលទៅត្រូវនឹងចុងដាវ ដែលដាក់នឹងដៃកែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះឃើញហើយក៏គ្រាហ៍ព្រះពិជ័យនាគទៅដាក់ឲ្យដេកនៅលើគ្រែ ហើយឲ្យបំរើទៅថ្វាយដំណឹងដល់មហាឧបរាជកនតាមដំណើរគ្រប់ប្រការ។ មហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹកបានជ្រាបថាបិតាត្រូវអាវុធមានរបួសជាទំងន់ណាស់ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះដល់មកបន្ទាយក្នុងព្រះនគរ ក៏ល្មមនឹងពេលដែលព្រះពិជ័យនាគអនិច្ចកម្មទៅដែរ។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹកដឹងថាបិតាក្ស័យហើយ ក៏ទ្រង់វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការសង្គ្រាមដើម្បីធ្វើបុណ្យសពបិតាឲ្យបានជាឧឡារិក។ ចំណែកឯ សម្ដេចព្រះឝ្រីឝៅគន្ធបទ កាលទ្រង់ជ្រាបថាព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្ដេច កនថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខេត្តអាសន្ទុកឲ្យលើកកងទ័ពទៅវាយយកបន្ទាយលង្វែក ខែត្រកំពង់សៀមឲ្យបានហើយឲ្យលើកទៅវាយយកខែត្រត្បូងឃ្មុំទៀត។ ទ្រង់ឲ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយយកបន្ទាយភ្នំពេញ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយខែត្រអាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួងទាំង៣នាក់នោះបានទទួលព្រះរាជបញ្ជាហើយក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនាទាហានរេហ៍ពល ១០០០០ នាក់ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ។ ក្នុងគ្រានោះមេទ័ពខាងមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឲ្យឡើងច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្ដឹងទៅដល់មហាឧបរាជកន។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ក្រសឹកកាលបានដឹងថា ព្រះបរមបពិត្រ ស្ដេចចាត់មេទ័ពហ្លួងឲ្យមកវាយទ័ពខ្លួនដូច្នោះ ក៏ស្រើបស្រួលជាសេចក្ដីក្សេមក្សាន្តទើបចាត់ភោជឲ្យលៀងសេនាទាហានយ៉ាងធំ។ វេលាកំពុងស៊ីលៀងនោះសេនាទាហានទាំងអស់និយាយគ្នាថា : មហាឧបរាជយើង លោកធ្វើបុណ្យបិតានោះ បើមើលមុខលោកទៅឃើញថាលោកមានទុក្ខជាទំងន់ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផងគឺទើបតែនឹងមកសង្គាយនា ហើយមានសំបុត្រប្ដឹងមកថា មានទ័ពចោមបន្ទាយនោះ លោកត្រឡប់ជាស្រើបស្រួលសប្បាយទៅវិញ។ ដូច្នេះ តើមានហេតុដូចម្ដេច ទើបបានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ? មហាឧបរាជកន ឮហើយឆ្លើយថា: អ្នកចាំពុំច្បាស់ទំនៀម ព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះមួយ ពេលគេធ្វើបុណ្យសពបិតាគេនេះមួយ ទោះបីម្ដេចម្ដាក៏គេតែងតែឈប់ធ្វើសង្គ្រាមកំណត់មួយរយថ្ងៃសិនដែរ ឥឡូវនេះ ស្ដេចនេះធ្វើល្មើសនឹងបទព្រះអយ្យការយ៉ាងនេះហើយ នោះយើងយល់ថា ស្ដេចនឹងអស់បុណ្យជាពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឲ្យយើងមិនខាន។ នាយកនថាតែប៉ុណ្ណេះហើយ ហេតុតែជាបុណ្យក៏បណ្ដាលឲ្យឃើញអស្ចារ្យជានាគមួយហោះព័ទ្ធរោងបុណ្យនោះ ៣ ជុំ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ ក៏ទះដៃតាំងហ៊ោថា: បន្ទូលព្រះមហាឧបរាជនោះ ពិតដូចទំនាយហើយ។ ចាប់តាំងពីនោះមកមន្ត្រីសេនាទាហាន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ។ ពេលនោះ សេនាទាហានដែលជាមេកំណែនកេណ្ឌរេហ៍ពលបានពីខែត្រខាងកើត ១២០០០០ នាក់ហើយនាំមកថ្វាយស្ដេចកន។ មហាឧបរាជកន ភូសំរេចរាជការ មហាក្រស័ត្រសឹក យល់ថាពលជួបជុំហើយ ទើបតាំងនាយកៅជាប្អូនម៉ែបាន ដែលត្រូវជាមាខ្លួនបង្កើតឲ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈ ហើយឲ្យឃុំពលមួយម៉ឺនប្រាំពាន់លើកទៅជួយមេទ័ពរបស់ខ្លួន ដែលតាំងបន្ទាយនៅភ្នំពេញតនឹងទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួងតាំងពីឧកម៉ឺនកែវជាចៅពញាក្រឡាហោមឲ្យឃុំពល ១៥០០០ នាក់ឲ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ពចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង។ ឯខ្លួនមហាឧបរាជកន ភូសំរេចរាជការ មហាក្រស័ត្រសឹក ឯងវិញឃុំពល ៤០០០០ នាក់លើកទៅជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅខែត្រកំពង់សៀមតនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈនោះ មេទ័ព និងខ្លួនមហាឧបរាជ ភូសំរេចរាជការ មហាក្រស័ត្រសឹក លើកទៅដល់បន្ទាយទាំង ៣ ហើយក៏ចូលតនឹងមេទ័ពហ្លួង ទាំង ៣ ផ្លូវបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែងរហូតដល់អាវុធខ្លីចូលប្រកាប់គ្នា កងទ័ពពីក្នុងបន្ទាយ ក៏បើកទ្វារបន្ទាយ វាយផ្ទប់មកកងទ័ពហ្លួងនៅកណ្ដាលចំណោម។ កងទ័ពហ្លួងត្រូវនឹងអាវុធវែងខ្លី ស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង ៣ ផ្លូវ ក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្ដេចព្រះបរមបពិត្រ ទ្រង់ប្រោសប្រណីដល់មេទ័ពទាំង ៣ នាក់ មិនឲ្យមានទោសឡើយ ទ្រង់ប្រោសឲ្យធ្វើរាជការរៀងរាល់ខ្លួនតទៅទៀត។[៣]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ព្រះពិជ័យនាគនៃក្រុងកម្ពុជាធិបតី
សតវត្សទី១៥-១៥១២
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ហ្លួងមន្ត្រីស្នេហានៃក្រុងកម្ពុជាធិបតី
សតវត្សទី១៥-១៦
តដោយ
មិនស្គាល់

ឯកសារយោង[កែប្រែ]

  1. ស្រុកស្រែ វត្តម៉ែបាន
  2. [១]
  3. សៀវភៅវិគី