យោធាសង្គ្រាមពៅ
យោធាសង្គ្រាមពៅ | |
---|---|
ឧកញ៉ាយោធាសង្គ្រាមនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស. ប្រហែល១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ចៅពញាយោធាសង្គ្រាមនៃក្រុងមានជ័យ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ពៅ |
ឧកញ៉ាយោធាសង្គ្រាម (កាន់.ប្រ.គស.១៥១៦) ជាមន្ត្រីក្នុងសម័យដើមលង្វែកក្នុងរាជ្យព្រះបាទចន្ទរាជា មុនក្លាយជាឧកញ៉ាលោកមានសក្ដិជាចៅពញាយោធាសង្គ្រាម។
សមរភូមិទន្លេសាប
[កែប្រែ]
ចៅហ្វាយស្រុកខែត្រអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រអាសន្ទុកនោះគឺ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង ២៥ នេះកេណ្ឌបានពល ៨០០០០ នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសំរាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនបាន។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកបរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុងថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខែត្រក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បំរើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាបកុំឲ្យកងទ័ពសត្រូវឡើងគោករួច។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យោ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថាបើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យបាន។ សម្ដេចចៅពញាចន្ទរាជា កាលឲ្យបំរើទៅទូលសម្ដេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅឲ្យនាំរេហ៍ពល ២០០០០ នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសំរេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិគឺទូក-ងសារាយអណ្ដែតនោះ ព្រមដោយទូក-ងផ្សេងៗ ២៥ ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយ ខាងលិច។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើង ធំតូចរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្របរិបូរណ៍។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរ ឬ បីពាន់នាក់។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង ២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសំរុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង ១០ នាក់ទៀត។ ឯចៅមឿង ១១ នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន។ ឯចៅពញាអធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង ១១ នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទំរាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ព្រះពន្លានៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅនាំចៅហ្វាយស្រុកចៅមឿងទាំង ២២ នាក់ និងឈ្លើយទាំង ៦០០០០ នាក់ដែលចាប់បាននោះនាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល ៦០០០០ នាក់ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយនឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ ៣ ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច។
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨
[កែប្រែ]
លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាមហាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ (សម) ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈទេពឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វារមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វារ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
សមរភូមិវាលព្រះម្លូ
[កែប្រែ]
"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជ នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។
លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យានឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយ ជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថា ក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យាត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់ លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខែត្រត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិមួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមរាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា: ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។ លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខែត្រពោធិ៍សាត់។ ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រព្ធរារឹទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។ លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរារឹទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាអធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេពតា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិចថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាអធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។ កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរីទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។ ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។ ទ័ពសៀមខ្លះ ដែលរត់ត្រឡប់ទៅស្រុកវិញ ក៏ទូលស្ដេចសៀមតាមរឿងគ្រប់ប្រការ។ ស្ដេចសៀមនឹករអាកោតខ្លាចព្រះចេស្ដា មិនហ៊ានឱ្យលើកទ័ពមកទៀតឡើយ។ សៀម និង ខ្មែរ ក៏ឈប់ធ្វើសង្គ្រាមនឹងគ្នា។ ក្រោយនោះ ស្ដេចឱ្យអញ្ជើញសពពញាអុងដាក់ព្រះស្ថានរួចស្ដេចឱ្យធ្វើព្រះមេរុថ្វាយព្រះភ្លើងដោយសមគួររើសអដ្ឋិធាតុដាក់កោដ្ឋមាសសាងព្រះចេតិយបញ្ចុះទុកនៅទីនោះ។ ស្ដេចទ្រង់សាងព្រះវិហារមួយនៅក្បែរដើមពោធិ៍ ទ្រង់យកព្រះពានព្រះស្រីរបស់ព្រះអង្គមួយ ព្រះពានព្រះស្រីរបស់ពញាអុងមួយសាងព្រះពុទ្ធរូប បដិមាករមាស ទ្រង់ព្រះភ្នែនជាសមាធិ ពីរព្រះអង្គប្រតិស្ថានទុកក្នុងព្រះវិហារនោះ។ ស្ដេចទ្រង់បានសាង សាលា កុដិ និមន្តព្រះភិក្ខុសង្ឃមកគង់ធ្វើបុណ្យបញ្ចុះសីមាវេរប្រគេនសង្ឃរួចស្រេច ស្ដេចទ្រង់បញ្ញត្តិឱ្យហៅថា វត្តពោធិ៍មានបុណ្យ។ វត្តនោះនៅក្នុងខែត្រពោធិ៍សាត់។ ទ្រង់តាំងចៅអធិការ ងារជាព្រះពោធិវង្ស។ ថ្ងៃក្រោយ ស្ដេចលើកពលយោធាពាលានិករត្រឡប់មកព្រះរាជវាំងលង្វែកវិញ។ ស្ដេចគង់ជាសុខសប្បាយ គ្មានសត្រូវមកបៀតបៀន ព្រះនគរបានឡើយ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ ស្ដេចសោយរាជសម្បត្តិសំបូរ។ គ្រប់មហាជនច្រើនសាសន៍ចូលមកពឹងបារមីបានសេចក្ដីក្សេមក្សាន្ត។
(សាស្ត្រវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីដូចតទៅ) "ពីក្រោមបែរក្បាលផ្អៀង សម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចំណាប់ស្ដេចកាប់នឹងព្រះសែងដាវត្រូវព្រះអង្សា "ស្មា" ចៅពញាអុងរាជា ព្រះអង្គសួគ៌លោកដាច់ចង្ហូតស្ពាយឆៀង ក៏ដល់ព្រះវិលាល័យក្ស័យព្រះជន្មាយុនៅនាកដំរី ព្រះទីនាំងគជេន្ទ្រ។ កាលព្រះមហាក្សត្រ ស្ដេចធ្វើការសង្គ្រាមមានជ័យហើយ សេនាបតី មន្ត្រី យោធាទាហាន ក៏មានចិត្តអំណរតាំងហ៊ោចូលច្បាំង សំរុកគ្រលុកកាប់ទ័ពសៀមឥតសំចៃដៃឡើយ។ ទ័ពសៀមក៏បាក់បែកខ្ចាត់ខ្ចាយអន្តរាយក្នុងវេលារាត្រីនោះ ទើបព្រះបរមបពិត្រមានព្រះរាជឱង្ការឱ្យចៅពញាមហាសេនា ចៅពញាយោធាសង្គ្រាម ចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកបាត់ដំបង ចៅហ្វាយស្រុកនគរវត្ត និងចៅហ្វាយស្រុកបរិបូណ៌ឱ្យឃុំពលដេញតាមទ័ពសៀមឱ្យដល់ផុតដែនកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចក៏មានជ័យជំនះដោយព្រះបញ្ញាធិការចេស្ដានុភាព។ វេលានោះទ័ពខ្មែរចាប់បានសៀមឈ្លើយ ១០០០០ ប្លាយនាក់បានដំរី ៩០ ប្លាយបានសេះ ៤៥០ បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ គ្រឿងស្បៀងអាហារ នូវគ្រឿងបរិភោគ ឧបភោគជាច្រើន។ ឯពលសៀមស្លាប់នៅទីចំបាំង ខ្មោចរាយរៀងតាមផ្លូវប្រមាណជា ២០០០០ នាក់ប្លាយ។ ក្រោយមកសម្ដេចព្រះបរមបពិត្រ ស្ដេចឱ្យនាំព្រះសពពញាអុងដាក់លើព្រះទីនាំង ដែលពញាអុងគង់មកធ្វើសង្គ្រាម ទើបស្ដេចលើកក្បួនទ័ពចូលមកបន្ទាយមានជ័យវិញ"។ ខាងទ័ពជើងទឹក ពញាយមរាជលើកពលសៀមមកដល់ស្រុកកំពតមកដល់ច្បាំងនឹងចៅពញាពិស្ណុលោក ចៅពញាអធិកវង្សា កងទ័ពខ្មែរមានជ័យ ទ័ពសៀមបរាជ័យចាញ់រត់ទៅស្រុកសៀមវិញ។ ខ្មែរយកដាវ កាំភ្លើង គ្រឿងសស្ត្រាវុធបានជាច្រើន។ ទ័ពគោក ដែលសល់ពលប្រមាណជា ៥០០០០ ប្លាយនាក់នោះរត់វិលទៅទូលព្រះចៅក្រុងស្រីអយុធ្យាវិញ។ ស្ដេចសៀមទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ក្រែងថ្វីព្រះហស្ថ សម្ដេចព្រះបរមរាជាណាស់ស្ដេចក៏លែងលើកសឹកសង្គ្រាមទៅទៀត។ លុះដល់ថ្ងៃក្រោយ សម្ដេចព្រះមហាក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញជួបជុំអគ្គមហាសេនា ពលទ័ពធំតូចទ្រង់ត្រាស់ព្រះរាជបរិហារថា: ព្រះសពចៅពញាអុងរាជានេះ តើយើងត្រូវធ្វើដូចម្ដេច? ទើបអស់មុខមន្ត្រីធំតូច ក្រាបបង្គំទូលព្រះករុណាថា: ចៅពញាអុងរាជាជាសម្ដេចព្រះរៀមក៏មែន តែព្រះអង្គនាំទ័ពសៀមមកបំផ្លាញក្រុងកម្ពុជា ខេមរាប្រទេសឱ្យទៅជាឈ្លើយសៀម ឥឡូវនេះទ្រង់បរាជ័យក្ស័យព្រះជន្មទៅហើយ ដូច្នេះទូលព្រះបង្គំយល់ថា: គួរតែបញ្ចុះព្រះសពនេះ ឱ្យតែសមគួរបានហើយ។ ទើបព្រះករុណាពិសេស បរមរាជាធិរាជ ជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជឱង្ការថា: បំណាច់ជាខត្តិយត្រកូលរៀងប្រយូរវង្ស យើងត្រូវធ្វើតាមទំនៀមសមគួរចុះ។ ទើបទ្រង់ព្រះរាជដំណើរទៅស្រង់ព្រះសព ចៅពញាុងដាក់ក្នុងព្រះផែនរតនាស្រេច ហើយទ្រង់ត្រាស់ឱ្យកេណ្ឌខ្ញុំក្រោមល្អងធូលីព្រះបាទមកធ្វើព្រះមេរុខ្នាតតូចតំកល់ព្រះសព។ លុះស្រេចហើយ ព្រះបរមបពិត្រសិតសាងព្រះអារាមឱ្យកេណ្ឌមនុស្សកាប់ឈើប្រុងគ្រឿងព្រះវិហារ ទើបទ្រង់ត្រាស់នឹងអស់ខ្ញុំរាជការថា: យើងធ្វើសង្គ្រាមម្ដងនេះ ជាការធំលើសលែងសព្វគ្រារហូតដល់ស្ដេចចេញសមយុទ្ធនឹងហត្ថីប្រជល់ដំរី ដូច្នេះ ស្ដេចនឹងសាងព្រះវិហារទុកជាព្រះកេរ្តិ៍ ព្រះយសតទៅ។ ទ្រង់ត្រាស់ឱ្យជាងទង យកព្រះពានព្រះស្រីធំទៅសាងជាព្រះពុទ្ធបដិមាមួយអង្គឱ្យយកព្រះពានព្រះស្រីធំជារបស់ចៅពញាអុង ដែលរើសបាននៅព្រះទីនាំងគជេន្ទ្រ កាលសុគតនោះឱ្យធ្វើជាព្រះពុទ្ធរូបមួយអង្គ ហើយទ្រង់ឱ្យរៀបរាជពិធីសង្គ្រាមាជយាសេដ្ឋា។ លុះដល់ភ្នាក់ងាររៀបចំស្រេចព្រះមហារាជគ្រូ ក៏អញ្ជើញសម្ដេច ស្ដេចព្រះបរមក្សត្រវិសុទ្ធមកុដ កម្ពុជាធិបតី គង់លើមហាពិជ័យមណ្ឌលថ្នាក់បន្ទាប់សម្ដេចព្រះបរមរាជបុត្រាធិរាជ ថ្នាក់ក្រោមជាន់ទីបី សេនាបតី ឯរាជសេវកាមាត្យជាន់ក្រោមរៀបចតុរង្គកាស។ លុះបានឫក្សជាពេលាល្អ ព្រះមហារាជគ្រូបុរោហិត ហោរាចារ្យ ក៏គោះគង ទូងស្គរតូរ្យតន្ត្រី ថ្វាយទឹកក្លស់ ទឹកស័ង្ខ មុទ្ធាភិសេក ស្រេចតាមកិច្ចព្រះរាជពិធីជាសុវត្ថិមង្គលាការតាមការប្រាបអរិន្ទរាជសត្រូវ មានជ័យហើយ ហើយប្រទានរង្វាន់សេនាទាហានរាល់ខ្លួនស្រេច ស្ដេចចូលព្រះពន្លាវិញ។ ថ្ងៃក្រោយមានសំបុត្រមកថាទ័ពទឹកមានជ័យជំនះ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះសោមនស្ស ប្រីតាភិរម្យណាស់ សប្បាយយ៉ាងឆ្អែតឆ្អន់បាត់ឃ្លានបាយ។ វេលានោះ ជាងសាងព្រះវិហាររួចស្រេច ប្រក់ស្បូវអំបែងបិទមាសជហ្វាដងក្ដារ ជញ្ជាំងក្ដារព្រមទាំងសាលាកុដិ។ ឯព្រះពោធិ៍ ដែលស្លាប់ហើយរស់វិញ នៅមុខព្រះវិហារនោះ ទ្រង់ឱ្យលើកខឿន បិទមាសដើមពោធិព្រឹក្ស លុះស្រេចការព្រះវិហារមែនទែនហើយ ស្ដេចនិមន្តព្រះសង្ឃមកគង់ ទ្រង់ឱ្យរៀបក្បួនដង្ហែព្រះពុទ្ធរូបទាំងពីរព្រះអង្គ ចូលប្រតិស្ឋានទន្ទឹមគ្នាក្នុងព្រះវិហារ។ ទ្រង់ត្រាស់ឱ្យយកស្វេត្រច្ឆ័ត្រ ៩ ជាន់ ដែលតាំងលើព្រះទីនាំងគជេន្ទ្រសំរាប់ទ្រង់មកបាំងថ្វាយព្រះពុទ្ធរូបផង។ ព្រះអង្គឱ្យយកស្វេត្រច្ឆ័ត្រ ៥ ជាន់ដែលតាំងនៅលើព្រះទីនាំងចៅពញាអុងរាជាមកបាំងថ្វាយព្រះពុទ្ធរូប ដែលយកពានចៅពញាអុងសាងនោះ ដាក់ខាងឆ្វេង ហើយហែព្រះសព ចៅពញាអុងរាជាចូលមេរុ ស្ដេចធ្វើបុណ្យសាងព្រះរាជកុសលឆ្លងព្រះវិហារ អភិសេកព្រះតាមព្រះពុទ្ធានុញ្ញាតហើយ ទ្រង់សន្មតដើមពោធិ៍ជា បូព៌និមិត្តនោះឱ្យឈ្មោះថា: ព្រះពោធិ៍មានបុណ្យ។ ទ្រង់ព្រះរាជទានភ្លើងបូជាព្រះសពចៅពញាអុងរាជាជាព្រះរៀមអយ្យកោមួយ ហើយបញ្ចុះព្រះអដ្ឋិទៅក្នុងព្រះចេតិយនៅក្នុងវត្តនោះ ទ្រង់ឱ្យកេណ្ឌពលជាសំរាប់សំរេចការ។ ទ្រង់ត្រាស់ឱ្យត្រួតត្រៀមក្បួនទ័ពកៀរឈ្លើយសៀមនឹងត្រឡប់ចូលមកក្នុងព្រះនគរលុះដល់ថ្ងៃកំណត់ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រចងកញ្ចោងចតុម្មុខចេញក្បួនទ័ពពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចយាងដល់ខែត្រក្រគរ ស្ដេចមានព្រះឱង្ការត្រាស់ថា: កាលយើងធ្វើចំបាំងនឹងអាកននោះបានលើកទ័ពមកបោះតាំងបន្ទាយនៅខែត្រពោធិ៍សាត់រៀងមកដល់ឧដុង្គ។ ឥឡូវនេះគួរយើងចាត់ឱ្យធ្វើព្រះវិហារ ជាគុល និង ជាកេរ្តិ៍តទៅអនាគតដែរ ទើបទ្រង់ត្រាស់ឱ្យសាងព្រះវិហារគ្រឿងឈើប្រក់ស្បូវជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំព្រះវស្សា ទ្រង់ប្រទាននាមវត្តនោះហៅថាវត្តហ្លួង ក្នុងខែត្រក្រគរ ទ្រង់ប្រគេនឈ្លើយ ៤០ នាក់ជាពល។ លុះអភិសេកស្រេច ស្ដេចយាងមកដល់ខែត្រក្រង ទ្រង់ឱ្យសាងព្រះវិហារមួយទៀត នៅទីដែលកាលទ្រង់តាំងបន្ទាយកទ័ពធ្វើដោយគ្រឿងឈើសុទ្ធ ប្រក់ស្បូវ ជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំវស្សា ឱ្យហៅថា វត្តហ្លួងទ្រង់ប្រគេនឈ្លើយ ៣០ នាក់ជាពលសំរាប់វត្ត។ លុះអភិសេកឆ្លងស្រេច ស្ដេចយាងមកដល់ស្រុកខ្លុង។ នៅទីនេះ ទ្រង់សាងព្រះវិហារមួយទៀត។ លុះឆ្លងរួចស្រេចហើយ ស្ដេចចំលងទ័ពមកដល់ស្រុកបរិបូណ៍ នៅទីនេះប្រគេនឈ្លើយ ៥០ នាក់ជាពលសំរាប់ប្រតិបត្តិ វត្តព្រះពុទ្ធលាយល័ក្ខណ៍ សារាយអណ្ដែត ចង្ហាន់ហុយ។
ក្នុងគ្រា ព.ស ២១០០, គ.ស ១៥៥៦, ម.ស ១៤៧៨, ច.ស. ៩១៨ ឆ្នាំរោង អដ្ឋស័កនោះ ចៅអធិការវត្តព្រះពុទ្ធលាយល័ក្ខណ៍ លោកគង់ទូកសារាយអណ្ដែតនោះទៅបិណ្ឌបាត្រឯនគរវត្ត ព្រមដោយនូវព្រះភិក្ខុសាមណេរជាសិស្សានុសិស្ស។ លុះត្រឡប់មកវិញ លោកអុំពានទៅលើអន្លង់ឆ្លាម ឆ្លាមកាត់ទូកព្រះទីនាំចក្រពត្តិ សារាយអណ្ដែតនោះដាច់ជាពីរកំណាត់ខាងកន្សៃ ស្លាប់មនុស្ស ៤៦ នាក់ នៅខាងក្បាល និងកណ្ដាលនោះមានតែចៅអធិការ និងបរិស័ទ ៨៥ នាក់មកដល់ត្រើយឈប់ហើយ ទើបទឹកហូរចូលលិចទូក-ងព្រះទីនាំងនោះទៅ។ ព្រះបាទបរមបពិត្រទ្រង់ជ្រាប ទ្រង់រំពឹងដោយទិព្វញ្ញាណយល់ថា ទូកនេះជាសំរាប់ចំបាំងប្រាបប្រាមរាជសត្រូវ ឥឡូវតាំងពីពេលនេះតទៅអស់រាជសត្រូវហើយបានជាទេវតាឱ្យនិមិត្តដូច្នេះ។ ទ្រង់មានព្រះរាជឱង្ការតែប៉ុណ្ណេះចប់ហើយស្រាប់តែឮសូរតូរ្យតន្ត្រីទាំង ៨ ទិស បណ្ដាខ្ញុំរាជការដែលក្រាបបង្គំគាល់ទាំងប៉ុន្មានក៏សឹងសរសើរព្រះប្រាជ្ញាបារមីគ្រប់ៗគ្នា។ ទើបព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ក្រុមមុខងារឱ្យទៅតាមយកកន្សៃ ទូកសារាយអណ្ដែត ដែលដាច់លិចនោះបានមកវិញហើយ។ ទ្រង់ឱ្យកាត់ទូកសារាយអណ្ដែតខាងក្បាលឱ្យប្រវែងខាងកន្សៃសាងរូបព្រះមហាអានន្ទ ព្រះសារីបុត្រ។ លុះសាងជាសូរេចហើយ ស្ដេចឱ្យធ្វើបុណ្យអភិសេកទេសនាឆ្លង ៧ ថ្ងៃជាសូរេចការបុណ្យនោះ។ ស្ដេចលើកព្រះរាជដំណើរមកដល់ខែត្ររលាប្អៀរ។ នៅទីនោះទ្រង់ឈប់កសាងព្រះវិហារមួយនៅទីបន្ទាយដែលកាលធ្វើទ័ពនោះ។ ទ្រង់ចេញព្រះរាជទ្រព្យជួលរេហ៍ពលឱ្យលើកដីខឿនព្រះវិហារ។ ការសាងព្រះវិហារវត្តនោះធ្វើល្អជាងព្រះវិហារវត្តក្រគរ វត្តខ្លុង វត្តត្រង។ ទ្រង់ត្រាស់ឱ្យសាងព្រះពុទ្ធរូបឈើស្នងព្រះអង្គ មួយព្រះអង្គកំពស់ស្មើព្រះអង្គ ទ្រង់សណ្ឋិតកណ្ដាល។ ទ្រង់ឱ្យសាងព្រះពុទ្ធរូបឈើមួយព្រះអង្គទៀតស្នងព្រះអង្គសំរាប់ព្រះអគ្គមហេសី ព្រះភគវតី ស្រីទាវធីតា កំពស់ស្មើព្រះអង្គ សណ្ឋិតម្ខាងទៀត។ លុះស្រេចការហើយ ទ្រង់ឱ្យនិមន្តព្រះសង្ឃមកគង់ចាំវស្សារៀបអភិសេកឆ្លងស្រេច ស្ដេចថ្វាយឈ្លើយសៀម ៥០ នាក់ជាពលរក្សាព្រះវិហារ។ រួចស្រេចហើយ ស្ដេចលើកទ័ពហ្លួងត្រឡប់ចូលមកក្រុងលង្វែក រាជធានីមហានគរវិញ។ ឯអស់ឈ្លើយសៀមដែលចាប់បានទាំងប៉ុន្មានទ្រង់ចែករំលែកឱ្យទៅនៅស្រុកធំ តូច ទីទៃៗគ្នាហើយស្ដេច សោយរាជសម្បត្តិជាសុខក្សេមក្សាន្តតរៀងមក ឥតមានអរិន្ទរាជសត្រូវនូវបច្ចាមិត្តមកបៀតបៀនក្នុងខែត្រខណ្ឌព័ទ្ធសីមាអាណាចក្រក្រុងកម្ពុជាធិបតីឡើយ។ កាលនោះ ចិន យួន ចាម ជ្វាចូលមកពឹងព្រះរាជសម្ភារបារមីព្រះអង្គជាច្រើន។
ព្រះបាទចន្ទរាជាទ្រង់កែនទ័ពហើយលើកទៅវាយតទល់គ្នាត្រង់ ‘’ស្ទងអង្គរ’’ ត្រង់ភូមិមួយដែលជាប់ឈ្មោះថា‘’សៀមរាប” រហូតដល់សព្វថ្ងៃដែលជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវសៀម។ នៅក្នុងសង្គ្រាមនេះខ្មែរចាប់បានឈ្លើយសឹកបានជាច្រើន។ ដើម្បីសងសឹកនៅក្នុងឆ្នាំដដែលនោះដែរ ព្រះចៅសៀមទ្រង់បញ្ជាឲ្យពញាអុង (ព្រះរាជបុត្ររបស់ព្រះស្រីរាជាដែលត្រូវជាបងជីដូនមួយរបស់ព្រះអង្គចន្ទរាជា) ឲ្យលើកទ័ពជើងគោក៩០០០០នាក់ និងជើងទឹក៥០០០០នាក់ មកវាយនគរខ្មែរជាលើកទី២។ ព្រះអង្គចន្ទរាជាទ្រង់បានលើកទ័ពទៅតទល់នៅខែត្រពោធិ៍សាត់ហើយក៏ទទួលបានជោគជ័យលើទ័ពសៀម ហើយមេទ័ពសៀមស្លាប់អស់ជាច្រើន ទ័ពសៀមស្លាប់អស់ពាក់កណ្តាល ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរឹបអូសអស់សន្ធឹកសន្ធាប់។ ចំនែកឯពញ្ញាអុងត្រូវបានព្រះអង្គចន្ទរាជាទ្រង់កាប់នឹងសែងដាវឲ្យសុគតនៅក្នុងសង្គ្រាមនេះផងដែរ។ រីឯទ័ពជើងទឹករបស់សៀមដែលឡើងគោកត្រង់ឈូងសមុទ្រសៀមនោះក៏ត្រូវក្រឡាហោមខ្មែរវាយឲ្យបាក់ទ័ពថយទៅវិញដែរ។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ឧកញ៉ាយោធាសង្គ្រាមនៃកម្ពុជាធិបតី ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |
មុនដោយ មិនស្គាល់ |
ចៅពញាយោធាសង្គ្រាមនៃក្រុងមានជ័យ ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |