Jump to content

សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក

ពីវិគីភីឌា

តើហេតុអ្វីបានជាមានជម្លោះកើតឡើងក្នុងរាជវង្សខ្មែរសម័យចតុមុខ

សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក បានផ្ដើមឡើងនៅឆ្នាំនៅគ.ស.១៥០៩-១៥២៦ ដែលចាប់ផ្ដើមនៅក្នុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ ព្រះស្រីជេដ្ឋា និង ព្រះបាទចន្ទរាជាទី១ ។ សង្គ្រាមគ្នាឯងនេះផ្ដើមឡើង ដោយសារតែការមានអបិយជំនឿខ្លាំងពេកទើបបណ្ដាលអោយកើតមានសង្គ្រាមដូច្នេះ ។

ប្រវត្តិ

[កែប្រែ]

នៅពេលដែលព្រះបាទធម្មរាជាទ្រង់សោយទីវង្គត់នៅឆ្នាំ១៥០៤ទៅ បុត្រច្បងរបស់ព្រះអង្គព្រះនាមចៅពញាដំខាត់រាជាបានឡើងសោយរាជ្យបន្ត ដោយយកព្រះនាមសម្រាប់រាជ្យថា ព្រះបាទស្រីសុគន្ធបទគង់នៅរាជធានីចតុមុខ ។ ក្រោយមកទៀតព្រះអង្គបានរើរាជធានីទៅទួលបាសាន វិញ ដោយព្រះអង្គទ្រង់ឈ្វេងយល់ថាទីនោះគឺជាចំណុចយុទ្ធសាស្ត្រមួយ មានឧបសគ្គធម្មជាតិ (បឹង ទន្លេព្រៃញឹក) ស្រួលការពារខ្លួនជាងនៅក្រុងចតុមុខ ។ ឯព្រះអនុជនាម ពញាចន្ទរាជា ត្រូវបានតែងតាំងជាមហាឧបរាជនៅគ.ស.១៥០៨ ហើយនៅការពារក្រុងចតុមុខមើលខុសត្រូវលើអាណាខេត្តត្រើយខាងលិច ។ រាជពង្សាវតារបាននិយាយថា កាលដែលព្រះបាទស្រីសុគន្ធបទ យាងទៅគង់នៅរាជធានី ទួលបាសាន នោះព្រះអង្គបានលើកនាងស (ឯកសារខ្លះនាងពៅ) ជាស្នំឯកមាននាមថា កេសរបុប្ផា ទើបស្រុកនោះមានឈ្មោះថា ស្រីសឈរ ដែលតមកទៀតបានក្លាយជា ស្រីសន្ធររៀងរហូតមក ។ នាងសនេះជាកូនរបស់មន្ត្រីម្នាក់ឈ្មោះពិជ័យនាគ និងនាងបាន ដែលជាពលព្រះស្រីរតនត្រ័យ ។ ប្អូនប្រុសនាងស ឈ្មោះកៅកន ត្រូវបានតែងតាំងជាមហាតលិក ក្រោយមកទៀត បានឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅ ។ រាជពង្សាវតារបាននិយាយទៀតថា នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិន្តឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆ័ត្រ មនុស្សម្នាឱ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះ រាល ដាលពេញទាំងព្រះមហានគរ អំណាចភ្លើងនោះក្តៅពន់ប្រមាណណាស់ ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពោំស្វតច្ឆត្រទៅកាន់ទិសបូព៌ា ថែមទៀត ។ នៅពេលប្រជុំព្រះអង្គបានទតទតឃើញតួនាគពីរ ព័ទ្ធព័ន្ធ លើឃុនលួងព្រះស្តេច ហើយងើបក្បាលឆ្វេង ស្តាំ ​​ ទន្ទឹមគ្នានឹងសិរសា ឃុនហ្លួងព្រះស្តេចកន រូបនាគនោះដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិន្ត និម្មិត ។ កិរិយានាគនោះហាក់ដូចជាចង់ស្ទុះទៅខាំព្រះអង្គទ្រង់ភ្ញាក់ព្រះ ទ័យត្រាស់ឱ្យមន្ត្រីមើល តែមើលពុំឃើញ តាមព្រះរាជបញ្ជាសោះ ទ្រង់ព្រួយព្រះទ័យណាស់ ហើយព្រះអង្គទ្រង់បញ្ជាអោយហោរទាយ ថាមានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ) ។ ស្របពេលជាមួយគ្នានោះមានពាក្យបណ្ដឹងមកថាមានកើតហេតុចម្លែកផ្សេងៗ នៅក្នុងព្រះរាជាណាចក្រ ។ ដោយខ្លាចក្រែងស្ដេចកន ក្បត់ដណ្ដើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជាទ្រង់បានធ្វើការប្រជុំសម្ងាត់នៃពួកមន្ត្រីជំនិត ដើម្បីរិះរកមធ្យោបាយកម្ចាត់ ស្ដេចកន អោយបាន តែស្នំឯកលបលួចស្ដាប់ដឹងការណ៍ហើយផ្ញើរសំបុត្រ ទៅប្រាប់ប្អូនព្រះនាងយ៉ាងប្រញាប់ ។ តមក ព្រះរាជាទ្រង់បញ្ជាអោយពួកមន្ត្រីរៀបចំដង្ហែព្រះអង្គទៅក្រសាលបឹង បង់សំណាញ់កំសាន្តទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គ​ដែលធ្លាប់តែធ្វើពីមុនរៀងមក ។ ស្ដេចកនក៏ត្រូវបានគេចាត់អោយទៅហែហមព្រះរាជាជាមួយនឹងមន្ត្រីឯទៀតៗដែរ ។ ដូចគេបានគ្រោងទុកជាមុនស្រេច ព្រះរាជាទ្រង់ធ្វើកលថា សំណាញ់ព្រះអង្គជាប់សំរាស់លើកពុំរួច ហើយទ្រង់បញ្ជាអោយស្ដេចកន មុជទឹកទៅដោះ ។ ស្ដេចកន ទទួលបញ្ជាហើយលោតទៅក្នុងទឹកធ្វើហាក់ដូចជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះឆ្ងាយទៅ ។ ពេលនោះពួកបរិវារដែលជាជំនិតស្មានថា ស្ដេចកន បានធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយ ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែល ស្ដេចកនលោតចុះទៅនោះ ដោយមានបំណងធ្វើអោយ ស្ដេចកន ជាប់សំណាញ់រើពុំរួច ស្លាប់នៅក្នុងទឹកនោះទៅ ។

ចម្បាំងរវាងព្រះស្រីសុគន្ធបទនិងស្ដេចកន

[កែប្រែ]

លុះបានចាកផុតពីគ្រោះថ្នាក់ហើយ ស្ដេចកនបានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួលបញ្ជាពីព្រះរាជាអោយមកកែនទ័ពទៅកម្ចាត់មហាឧបរាជ ចន្ទរាជា ដែលមាចិត្តចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ ។ ព្រះរាជាលុះបានជ្រាបដំណឹងថា ស្ដេចកន នៅរស់ហើយមានកទ័ពប្រឆាំងព្រះអង្គថែមទៀត ក៏ទ្រង់បញ្ជាឪពុក និងបងស្រីស្ដេចកន សរសេរសំបុត្រហៅត្រឡប់មកវិញ ។ ស្ដេចកន ប្រើឧបាយកលម្ដងទៀត ដោយប្រាប់ទៅពួកចៅហ្វាយខេត្តនិងអ្នកស្រុកថា ហ្លួងទ្រង់តឿនពីរឿងសង្គ្រាមទៅវិញ ។ ពាក្យឃោសនារបស់ ស្ដេចកន បានលេចលឺទៅដល់មហាឧបរាជ ចន្ទរាជា ។ ព្រះអង្គនឹកស្មានថាមានហេតុមិនស្រួល ក៏នាំព្រះរាជវង្សានុវង្សប្រញាប់ប្រញាល់ភៀសខ្លួនទៅសុំជ្រកកោន​នឹងស្ដេចសៀមទៅ ។ កាលដែលយាងទៅខេត្តពោធិ៍សាត់ ព្រះចន្ទរាជា ទ្រង់បានទៅសំណាក់ផ្ទះមន្ត្រីម្នាក់ឈ្មោះពេជ ហើយទ្រង់បានទទួលការទំនុកបម្រុងផ្សេងៗពីមន្ត្រីរូបនេះ ។ លុះដឹងថាព្រះចន្ទរាជា ព្រះអនុជស្រីសុគន្ធបទ បានយាងចេញផុតពីប្រទេសហើយ ស្ដេចកនក៏ចាប់ផ្ដើមការវាយលុកចូលរាជធានីទួលបាសាន ។ ព្រះរាជាទ្រង់បានលើកទ័ពចេញតទល់ផ្ទាល់ព្រះអង្គតែត្រូវទទួលបរាជ័យ ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ ។ ស្ដេចកនលើកទ័ពដេញតាមវាយបែកបន្ទាយភ្នំពេញទៀត ព្រះបាទស្រីសុគន្ធបទថយទៅគង់នៅលង្វែក ។ លុះបន្ទាយលង្វែកត្រូវវាយបែក ព្រះអង្គក៏យាងទៅគង់នៅស្រុកបរិបូណ៌ (អម្រិន្ទបូរ) រួចនៅទីបំផុត ទៅគង់នៅបន្ទាយស្ទឹងសែនក្នុងខេត្តអាសន្ទុកនៅគ.ស.១៥១២ ។ ពេលនោះឃុនហ្លួងព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទួលបាសាន ហើយប្រារព្ធធ្វើពិធីលើកខ្លួនឯងឡើងជាមហាឧបរាជ ។ រួចស្រេចហើយ ទ្រង់បានបញ្ជាអោយទ័ពលើកឆ្លងទោបោះនៅកំពង់សៀមទៀត ។ ស្ដេចកន បានក្លែងសំបុត្រផ្ញើទៅហ្លួងសុំចុះចូល តែសុំអោយម្ដាយ និងបងប្អូនបានមកមុនសិន ។ ហ្លួងបញ្ជាអោយឆ្លើយវិញថា ត្រូវតែស្ដេចកន ចូលខ្លួនមកមុន បើពុំដូច្នោះទេនឹងសម្លាប់ម្ដាយ និងបងប្អូនទាំងអស់ ។ ស្ដេចកន លើកទ័ពទៅជិតអាសន្ទុក រកឧបាយកលយកម្ដាយនិងញាតិសន្ដានមកវិញ ។ ពេលនោះមានមន្ត្រីម្នាក់ស្ម័គ្រចិត្តទទួលបំពេញកិច្ចការនេះថ្វាយ ស្ដេចកន ឈ្មោះឱកម៉ឺនសុរិន្ទកែវ ។ កានលនោះគឺគេចោទថាមន្ត្រីរូបនេះក្បត់ ស្រាប់តែមានទាហាន២០០នាក់ជួយយកអាសា នាំទៅខាងបន្ទាយហ្លួងសុំចុះចូល ។ បន្ទាប់មក ឃុនហ្លួងព្រះស្ដេចកន នាំទ័ពចូលវាយលុកបន្ទាយស្ទឹងសែនយ៉ាងខ្លាំង ។ ដោយទ្រង់ឈ្វេងយល់ថាមិនអាចទប់ទល់យូរអង្វែងតទៅទៀតបាន ព្រះរាជាគិតដកថយតាមជើងទឹកទៅកាន់ខេត្តពោធិ៍សាត់ តែពេលនោះ ឱកម៉ឺនសុរិន្ទកែវ និងបក្សពួកបះឡើងចូលចោមធ្វើគុតព្រះអង្គបានក្នុងបន្ទាយស្ទឹងសែននោះនៅគ.ស.១៥១២ ។ ព្រះរាជបុត្រព្រះអង្គនាម ពញាយសរាជា (បុត្រជាមួយម្នាងកេសរបុប្ផា) និងបរិវារមួយក្រុមបានភៀសទៅជ្រកកោនក្នុងប្រទេសសៀមជាមួយព្រះ ចន្ទរាជា ។ ឃុនហ្លួងព្រះស្ដេចកន ត្រឡប់មកទួលបាសានវិញ ប្រកាសអោយរកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រដើម្បីឡើងសោយរាជសម្បត្តិ ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា កាលដែលឡើងសោយរាជ្យនោះ ស្ដេចកន មានព្រះជន្មាយុទើបតែបាន២៩វស្សា ហើយមាននាមសម្រាប់រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី ។ ព្រះអង្គទ្រង់បានបញ្ជាមេទ័ព កៅ ដែលត្រូវជាឪពុកមាបង្កើតអោយលើកទៅបង្ក្រាប ខេត្តទាំងឡាយណាដែលមិនទាន់ចុះចូលព្រះអង្គនៅឡើយ ។ លុះបានសុខសន្តិភាពបរិបូណ៌ឡើងវិញហើយ ព្រះអង្គទ្រង់លើកឪពុកមាអោយឡើងឋានៈជាស្ដេចចៅហ៊្វាទឡ្ហៈ ឯពួកបរិវារឯទៀតក៏បានទទួលយសសក្តិទៅតាមគុណបំណាច់រៀងៗខ្លួនដែរ ។ នៅប្រមាណគ.ស.១៥១៤ ព្រះបាទ ស្រីជេដ្ឋា ទ្រង់បានលើករាជធានីទៅតាំងនៅ ចន្លក់ដូនតី (នៅបានតែ៥ខែ) រួចលើកទៅតាំងនៅភូមិស្រឡប់នៅទល់ដែនខេត្តត្បូងឃ្មុំនិងខេត្តបាភ្នំ រាជធានីថ្មីនេះ ជាបន្ទាយមួយយ៉ាងមាំដែលព្រះអង្គប្រទាននាមថា ក្រុង ស្រឡប់ពិជ័យព្រៃនគរ ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា ព្រះបាទស្រីជេដ្ឋា ទ្រង់មានចំណូលហឫទ័យខាងបរបាញ់សត្វ ចាប់ត្រី ល្បែងស្រី ទតរបាំមហោស្រព តន្ត្រី ។​ ក្នុងរជ្ជកាលរបស់ព្រះអង្គមានបោះប្រាក់ស្លឹង (សាច់ប្រាក់សុទ្ធ) មានរូបនាគសម្រាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្តិវិទូខ្លះបានសង្កត់សេចក្ដីថា នៅសម័យនោះអាណាប្រជានុរាស្ត្របានសុខសម្បូណ៌សប្បាយថែមទៀតផង ។

ចម្បាំងព្រះបាទស្រីជេដ្ឋានិងព្រះចន្ទរាជា (១៥១៦-១៥២៥)

[កែប្រែ]

និយាយពីព្រះចន្ទរាជា កាលដែលទៅសុំជ្រកកោនជាមួយព្រះចៅសៀមនោះ តែងតែយករបរទាក់ដំរីទៅបម្រើព្រះអង្គ ។ លុះទ្រង់ជ្រាបថាព្រះរៀមត្រូវបក្សពួក ឃុនហ្លួងព្រះស្ដេចកន ធ្វើគុតបានហើយ ព្រះចន្ទរាជា ទ្រង់រិះរកគ្រប់មធ្យោបាយដើម្បីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ។ នៅគ.ស.១៥១៥ ព្រះអង្គទាក់បានដំរីស យកទៅថ្វាយព្រះចៅសៀម ហើយសុំអនុញ្ញាត អោយធ្វើនិវត្តន៍ចូលស្រុកវិញ តែពុំបានសម្រេចដូចប្រាថ្នាឡើយ ដោយហេតុនោះ ព្រះអង្គក៏ទ្រង់ប្រឌិតថា មានដំរីខ្ពស់១០ហត្ថ (៥ម) នៅក្នុងព្រៃភូមិភាគខាងកើតនៃប្រទេសសៀម ។ លុះទ្រង់ជ្រាបដំណឹងនេះហើយ ព្រះចៅសៀម ក៏ទ្រង់ត្រាស់បញ្ជាអោយព្រះចន្ទរាជាចេញទៅទាក់ដំរីនោះយកថ្វាយព្រះអង្គ អោយបានក្នុងការបំពេញបេសកកម្មក្លែងបន្លំនេះ ព្រះចន្ទរាជា ទ្រង់បានទូលសុំពលចំនួន៥០០០នាក់ ដំរីធ្នាក់១០០ គ្រឿងសាស្ត្រាវុធ ស្បៀងអាហារ និងដាវអាជ្ញាសឹក ។ ព្រះចៅសៀមក៏ទ្រង់បានយល់ព្រមតាមសំណូមពរគ្រប់ប្រការ ។ នៅគ.ស.១៥១៦ មុននឹងចេញបំពេញបេសកកម្មទាក់ដំរីនោះ ព្រះចន្ទរាជា ទ្រង់បានយាងទៅជួបជាសម្ងាត់ជាមួយនឹង ពញាអុងហើយបបួលព្រះអង្គអោយវិលត្រឡប់ចូលប្រទេសវិញ ។ កាលណោះពញាអុង ជាបុត្រធម៌របស់ព្រះចៅសៀម ហើយត្រូវបានតែងតាំងអោយកាន់តំណែងជាចៅហ្វាយខេត្តសុវណ្ណខាត់លោកថែមទៀត ព្រះអង្គទ្រង់បានប្រកែកពុំព្រមវិលចូលមាតុប្រទេសទេ ដោយទ្រង់យល់ថា បានសុខសាន្ត និងបានយសសក្ដិគ្រប់សព្វណាស់ទៅហើយ ។ ដោយមិនអាចទាក់ទាញ ពញាអុង អោយធ្វើតាមព្រះអង្គទេ ព្រះចន្ទរាជា ទ្រង់បញ្ជាទ័ពអោយធ្វើដំណើរឆ្ពោះទៅទិសខាងកើត ធ្វើហាក់ដូចជាខំតាមដំរីស ហើយនៅទីបំផុតបានទៅដល់ព្រំដែនប្រទេសខ្មែរ ។ ព្រះចន្ទរាជា ទ្រង់ចាត់អោយគេនាំសារទៅថ្វាយព្រះចៅសៀមថា សុំទ័ពជាបន្ថែមទៀត ។ ប៉ុន្តែ ពញាអុង បានទៅចូលថ្វាយពីល្បិចកិច្ចកលគ្រប់សព្វរបស់ព្រះចន្ទរាជា ព្រះចៅសៀមទ្រង់ខ្ញាល់ណាស់ហើយទ្រង់បញ្ជា​អោយលើកទ័ពទៅនាំព្រះចន្ទរាជាមកវិញ ។ ក្នុងកំឡុងពេលនោះ ព្រះចន្ទរាជាបានលើកទ័ពចូលទៅក្នុងទឹកដីខ្មែររួចជាស្រេច ។ លុះទៅដល់បាត់ដំបង ព្រះអង្គកែនបានពល១០០០០នាក់ ហើយលើកបង្ហួសឆ្ពោះទៅពោធិ៍សាត់ ។ លោកឧកញ៉ាសួគ៌ាលោកកែវ ចៅហ្វាយស្រុកខេត្តនេះលុះបានដឹង ហើយក៏ប្រញាប់ចាត់អោយនាំដំណឹងនេះទៅថ្វាយព្រះបាទស្រីជេដ្ឋាធិរាជ ។ ចំណែកតាពេជ បានប្រមូលបក្សពួក ហើយទៅវាយឆ្មក់លុកចូលបន្ទាយ ហើយសម្លាប់ចៅហ្វាយស្រុកកែវបាន ។ គាត់ក៏ខិតខំបញ្ចុះបញ្ចូលអោយពលទាហានចូលខាងព្រះចន្ទរាជា ។ ព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងចំពោះថ្វីដៃរបស់តាពេជ ហើយបានតាំងគាត់ជា ចៅពញាសួគ៌ាលោក ជាជំនួស ឧកញ៉ាកែវ ។ ម្យ៉ាងទៀត ព្រះចន្ទរាជាបានតែងតាំងតាពេជ ជាមេទ័ពធំនិងកូន៤នាក់របស់គាត់ជាមេទ័ពរង ហើយទ្រង់បញ្ជាអោយលើកទៅវាយយកខេត្តក្រគរ ខ្លុង ក្រង ។ លុះបានទទួលដំណឹងពីការវិលត្រឡប់មកវិញរបស់ព្រះចន្ទរាជាភ្លាម ព្រះបាទស្រីជេដ្ឋា ទ្រង់បានបញ្ជាអោយចៅហ៊្វាកៅ លើកទ័ពទៅតទល់នៅត្រង់ក្រគរ ។ ដោយមានពលទាហានស្លាប់ច្រើនពេកតាពេជ បញ្ជាអោយទ័ពថយចូលទៅក្នុងបន្ទាយពោធិ៍សាត់សិន ។ ទ័ពខាងព្រះបាទ ស្រីជេដ្ឋាក៏ដេញតាម ហើយទៅព័ទ្ធបន្ទាយជាប់អស់រយៈ១២ខែ តែវាយលុកចូលពុំបានសោះក៏ដកថយទៅតាំងទ័ពឆ្ងាយពីនោះ ដើម្បីរង់ចាំទ័ពជំនួយមកដល់ ។ គឺនៅក្នុងកាលៈទេសៈបែបនោះហើយដែល តាពេជ បានធ្វើពលីកម្មជីវិតដើម្បីទៅកែនទ័ពបិសាចមកជាទ័ពជំនួយ ។ បន្ទាប់ពីនោះ ការប្រយុទ្ធបង្ហូរឈាមបានកើតឡើងសាជាថ្មីទៀត រវាងទ័ពព្រះចន្ទរាជា និងទ័ពព្រះបាទ ស្រីជេដ្ឋា ។ នៅលើកនេះជ័យជំនះត្រូវបានទៅខាង ព្រះចន្ទរាជា ចំណែកឯចៅហ៊្វាកៅ បាក់ទ័ពថយទៅត្រើយខាងកើតវិញ ។ ក្នុងដំណើរជំរុលទៅមុខ ព្រះចន្ទរាជា បានលើកទ័ពវាយយកបានខេត្តជាច្រើនជាបន្តបន្ទាប់គ្នា គឺក្រគរ ខ្លុង ក្រង បរិបូណ៌ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ ។ គ្រានោះ មានពួកខាងព្រះបាទស្រីជេដ្ឋាដែលទទួលបរាជ័យនោះមកសុំចុះចូលជាច្រើន ឯពួកដែលរត់ពួនកាលព្រះបាទស្រីសុគន្ធបទ ច្បាំងចាញ់ ឥឡូវចេញមកថ្វាយខ្លួនទាំងអស់ ។ ពួកនោះបានសុំអោយព្រះចន្ទរាជា ឡើងសោយរាជ្យ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស. ១៥១៦ ។ នៅឆ្នាំបន្ទាប់ (គ.ស.១៥១៧) ដោយត្រូវទទួលបរាជ័យអស់ច្រើនលើកច្រើនសាមកហើយ ព្រះបាទស្រីជេដ្ឋាទ្រង់ស្នើទៅព្រះចន្ទរាជា អោយផ្អាកសង្គ្រាមដើម្បីអោយរាស្ត្រធ្វើស្រែសិន ។ សំនើនេះក៏បានទទួលសេចក្ដីយល់ព្រមពីព្រះចន្ទរាជា ។ ដល់ពេលចេញវស្សា ព្រះបាទស្រីជេដ្ឋា បានផ្ដើមការវាយលុកម្ដងទៀតដោយមានប្រើកលល្បិចអោយទាហានសុំចុះចូលខាងព្រះចន្ទរាជា ផងក្នុងបំណងធ្វើគុតស្ដេចអង្គនេះអៅយបានតែមិនបានសម្រេច ឯខាងព្រះចន្ទរាជា គ៏មានប្រើល្បិចដូចគ្នាហើយមិនបានសម្រេចដូចគ្នាដែរ ។ ព្រះអង្គក៏ថយទៅគង់នៅខេត្តពោធិ៍សាត់ ។ នៅគ.ស.១៥២០ អគ្គមហេសីគឺ សម្ដេចភគវតី សិរីចក្រពត្តិ បានប្រសូតបុត្រនាម ព្រះរាមាធិបតី ហើយឆ្នាំបន្ទាប់មក ស្នំឯកបទុមបុប្ផា បានប្រសូតបុត្រនាមព្រះបររេមន្ទរាជា ។ នៅគ.ស.១៥២៥ព្រះចន្ទរាជា ក្រោយដែលទ្រង់បានចាត់អោយទៅទិញកាំភ្លើងធំតូចពីប្រទេសម៉ាឡាយូមក ទ្រង់បានផ្ដើមការវាយលុកទៅលើទ័ពព្រះបាទ ស្រីជេដ្ឋា ដែលទ្រង់បានរៀបចំធ្វើចម្បាំងដូចគ្នានេះដែរ ។ ព្រះចន្ទរាជា បានលើកទ័ពចេញជាបីផ្លូវ ។ ព្រះអង្គទ្រង់នាំទ័ពទៅវាយបន្ទាយស្រីសឈរដោយផ្ទាល់ព្រះអង្គ ។ ព្រះបាតស្រីជេដ្ឋា និងចៅហ៊្វាកៅខំវាយទម្លុះរត់ចូលទៅក្នុងបន្ទាយស្រឡប់ពិជ័យ ។ ព្រះចន្ទរាជា បញ្ជាអោយលើកទ័ពទៅវាយបន្ទាយនោះទៀត ។ នៅទីបំផុត ក្រោយពីបានតស៊ូយ៉ាងប្ដូរផ្ដាច់អស់រយ៖ពេល៣ខែមក ព្រះបាទស្រីជេដ្ឋា ត្រូវគេកាត់ព្រះសិរបានយកទៅដោយនៅមុខបន្ទាយក្រុង ស្រឡប់ពិជ័យ ឯចៅហ៊្វាកៅ ក៏ត្រូវគេសម្លាប់បានក្នុងបន្ទាយនោះដែរ ។ ដូច្នេះ សង្គ្រាមគ្នាឯងដែលមានរយៈពេល៩ឆ្នាំ (១៥១៦-១៥២៥) ត្រូវបានបញ្ចប់នៅពេលនោះទៅ ។[]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ប្រវត្តិសាស្ត្រខ្មែរ ត្រឹង ងារ ទំ.១៣៨-១៤៣