យុគអន្ធកាលនៃកម្ពុជា
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែ តុលា ២០១៣) |
សម័យក្រោយអង្គរ ឬ សម័យកណ្តាល គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលដែលកម្ពុជាបន្តភាពរុងរឿងពីសម័យអង្គរ[១] និង បានបង្កើតជំនួញសេដ្ឋកិច្ចផ្លូវទឹកយ៉ាងមមាញឹកជាមួយជនបរទេសនៅរាជធានីលង្វែកនៅសតវត្សទី១៦ និង ចាប់តាំងពីសតវត្សទី១៧មក ដែលកម្ពុជាពើបប្រទះនឹងការធ្លាក់ចុះនៃអំណាចប្រទេស និងការបាត់បង់ទឹកដី ដោយត្រូវប្រទេសជិតខាងឈ្លានពាននៅចុងសតវត្សទី១៨និងដើមសតវត្សទី១៩ រហូតដល់មានការជួយជ្រោមជ្រែងពីប្រទេសបារាំងដើម្បីធ្វើជាអាណាព្យាបាលនៅឆ្នាំ១៨៦៣[២]។ កម្ពុជាមានភាពសុខសាន្តមួយរយៈ ក្នុងសម័យកាលរុងរឿងមួយក្នុងកំឡុងសតវត្សទីដប់ប្រាំមួយ ដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានកសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃបឹងទន្លេសាបតាមដងទន្លេមេគង្គ ដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកដទៃទៀតនៃអាស៊ី។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះ ពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញ និងព័រទុយហ្គាល់បានមកទស្សនកិច្ចប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការសញ្ជ័យរបស់ពួកសៀមបានយកបានរាជធានីថ្មីនៅលង្វែកនៅឆ្នាំ ១៥៩៤ បានកំណត់ការផ្លាស់ប្ដូរនូវភ័ព្វវាសនារបស់ប្រទេសនេះ ហើយកម្ពុជាក៏បានក្លាយជាកូនអុកមួយក្នុងការប្រណាំងប្រជែងឥទ្ធិពលគ្នារវាងប្រទេសជិតខាងពីរដែលកំពុងកើនឡើងអំណាចឥទ្ធិពលបន្តិចម្ដងៗ គឺ សៀម និង យួន។ ការតាំងលំនៅរបស់យួននៅតំបន់ដីសណ្ដទន្លេមេគង្គបាននាំឱ្យមានការបញ្ចូលតំបន់នោះនៅចុងនៃសតវត្សទីដប់ប្រាំពីរទៅក្នុងទឹកដីរបស់យួន។ ដោយហេតុនោះហើយ កម្ពុជាក៏បានបាត់បង់ទឹកដីដ៏មានជីជាតិបំផុត និងបានកាត់ផ្ដាច់ខ្លួនពីសមុទ្រ។ ដូច្នេះហើយ ការទន្ទ្រានរបស់បរទេសបានបន្តរហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទីដប់ប្រាំបួន តមកទៀត យួនក៏បានប្ដេជ្ញាដើម្បីលេបត្របាក់ទឹកដីខ្មែរ និងបង្ខំអោយអ្នកស្រុកខ្មែរទទួលយកវប្បធម៌យួន។[៣]
សម័យក្រោយអង្គរ សម័យកណ្តាល | |||||||||
---|---|---|---|---|---|---|---|---|---|
១៤៣១–១៨៦៣ | |||||||||
ទង់ជាតិ | |||||||||
ផែនទីទឹកដីប្រទេសកម្ពុជានាអំឡុងឆ្នាំ១៤០០ នៃគ.ស (ពណ៌ក្រហម) | |||||||||
ធានី | |||||||||
ភាសាទូទៅ | ខ្មែរកណ្តាល (រហូតទៅដល់ឆ្នាំ១៧៧៧) ខ្មែរ | ||||||||
សាសនា | ព្រះពុទ្ធសាសនាថេរវាទ,វិញ្ញាណនិយម (អ្នកតា) | ||||||||
រដ្ឋាភិបាល | របបរាជានិយមផ្តាច់ការ | ||||||||
- ១៤៣១-១៤៦៣ | ពញ្ញាយ៉ាត (មុនដំបូង) | ||||||||
- ១៥១៦-១៥៦៦ | ចន្ទរាជា | ||||||||
- ១៨៦០-១៨៦៣ | នរោត្តម (ចុងក្រោយ) | ||||||||
ស្ថាបនកម្ម | |||||||||
១៤៣១ | |||||||||
១៥៩៤ | |||||||||
១៨៤១-១៨៤៥ | |||||||||
១១ សីហា ១៨៦៣ | |||||||||
ប្រជាជន | |||||||||
- ប៉ាន់ស្មាន (ឆ្នាំ ១៥០០) | ១,២០០,០០០នាក់[ត្រូវការអំណះអំណាង] | ||||||||
- ជំរឿន (ឆ្នាំ ១៧០០) | ១,៦៥០,០០០នាក់[ត្រូវការអំណះអំណាង] | ||||||||
| |||||||||
សព្វថ្ងៃជាផ្នែកនៃ | កម្ពុជា ថៃ ឡាវ វៀតណាម |
កម្ពុជានៅក្នុងសម័យកណ្តាល ១៤៣២-១៨៦៣
[កែប្រែ]សម័យក្រោយអង្គរ
[កែប្រែ]ជាងបួនសតវត្សដែលបានកន្លងផុតទៅចាប់ពីផ្លាស់ប្តូររាជធានីអង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមការគ្រប់គ្រងរបស់បារាំងនៅឆ្នាំ ១៨៦៣ សម័យកាលនោះត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជា សម័យក្រោយអង្គរ ឬ យុគសម័យកណ្តាល[៤] នៃប្រទេសកម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិតនៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀម និង យួនបន្តិចម្ដងៗ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាប្រទេសទន់ខ្សោយផ្នែកនយោបាយ ដោយស្ថិតនៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និង យួន ដោយត្រូវបានប្រទេសជិតខាងទន្ទ្រានឥតឈប់ឈរ រហូតដល់មានការស្នើសុំអន្តរាគមន៍ពីប្រទេសបារាំង[៥]។ ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរសម័យទំនើបហើយអាចជួយឱ្យយើងយល់ដឹងអំពី ជាតិនិយម និង សំអប់បរទេសដ៏ខ្លាំងក្លារបស់ខ្មែរនិងក៏ជាដើមចមគាំទ្រដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ ១៩៧០ ផងដែរ។ ការបង្កើតឡើងនៅឆ្នាំ ១៩៧៩ នូវ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារដ្ឋរណបត្រួតត្រាដោយវៀតណាម ធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់នូវចំណុចកំពូលនៃដំណាក់កាល នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំយ៉ាងល្អរួចជាស្រេចតាមរយៈកលល្បិចតាំងពីសតវត្សទីដប់ប្រាំពីរមកម៉្លេះ។
ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុងនិងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅឱ្យប្រទេសសៀម និងមិនបានរើត្រឡប់ទៅវិញជារៀងរហូត លើកលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ។ នៅសម័យនោះ យ៉ាងណាមិញ ការនិយមរបស់ខ្មែរក្នុងការសាងសង់សំណង់អគារវិមានក៏ត្រូវបានបញ្ឈប់។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិទេវរាជនៃព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយខ្មែរបានប្រែជាមានសុខដុមរម្យនាខាងវប្បធម៌ និង សាសនាដូចគ្នានឹងសៀម។ ភាពស្រដៀងគ្នានេះមិនបានបន្តុចបង្អាក់សង្គ្រាមបានម្ដងណាទេ រវាងនគរទាំងពីរ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើជម្លោះសៀមជាមួយភូមា ខ្មែរក៏បានលុកលុយលើនគរសៀមជាច្រើនលើកប៉ុន្តែនៅតែមិនបានសម្រេច។
នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីការបោះបង់នៃទីស្ថានអង្គរ ខ្មែរដែលនៅរស់រានសល់ចំនួនតិច រួមនិងជំនួយរបស់សៀម ក៏បានបង្កើតរាជធានីថ្មីមួយស្ថិតនៅចម្ងាយច្រើនសហាតិមាត្រនៅភាគអាគ្នេយ៍នៅកន្លែងមួយត្រង់អ្វីដែលបច្ចុប្បន្នគេស្គាល់ថា ភ្នំពេញ នេះឯង។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គ និង ទន្លេសាប។ ដូច្នេះ រាជធានីនេះបានគ្រប់គ្រងខាងពាណិជ្ជកម្មតាមដងទន្លេដែលជាទឹកដីបេះដូងនៃប្រទេសខ្មែរនិងនគរលាវ ហើយមានច្រកចេញចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន តាមរយៈសមុទ្រចិនខាងត្បូង និង មហាសមុទ្រឥណ្ឌា។ ប្រភេទនៃរដ្ឋ និង សង្គមថ្មីបានលេចឡើង ហើយកាន់តែបើកចំហដល់ពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើវិស័យពាណិជ្ជកម្មជាប្រភពភោគទ្រព្យជាង រដ្ឋមុនៗដែល ពឹងផ្អែកពាណិជ្ជកម្មខាងក្នុងដីគោក។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនសម័យរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសទាញយកផលប្រយោជន៍ជាច្រើនដោយពួកក្រុមសមាជិក នៃពួកអ្នកមុខអ្នកការខ្មែរដែលជាអ្នកក្ដោបក្ដាប់ផ្ដាច់មុខខាងពាណិជ្ជកម្មរបស់ព្រះមហាក្សត្រ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នេះនៅសតវត្សទីដប់ប្រាំមួយក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មផងដែរ។
ទំនាក់ទំនងលើកដំបូងជាមួយលោកខាងលិច
[កែប្រែ]ឯកសារពិគ្រោះដំបូងគេអំពីកម្ពុជាក្នុងឯកសារអឺរ៉ុបគឺមាននៅឆ្នាំ ១៥១១ តាមរយៈពួកព័រទុយហ្គាល់។
ព្រះបាទចន្ទរាជា (១៥១៦-១៥៦៦) ក្សត្រមួយអង្គក្នុងចំណោមក្សត្រខ្មែរពីរបីអង្គធំៗ នៅសម័យក្រោយអង្គរ ទ្រង់បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែកវិញ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និង អេស្ប៉ាញដែលបានមកទស្សនាទីក្រុងនេះ ដែលជាទីក្រុងតាំងនៅលើច្រាំងនៃដងទន្លេសាប ទន្លេមួយនៅភាគខាងជើងភ្នំពេញ បានពិពណ៌នារៀបរាប់ទីក្រុងនេះថា ជាកន្លែងមួយសម្បូរដោយភោគទ្រព្យដ៏សម្បើមអស្ចារ្យ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ, សូត្រ និង កប្បាស, ធូប, ភ្លុក, ម្រ័ក្សណ៍ខ្មុក, បសុសត្វ (រួមមានដំរី), និង កុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រ និង ប៉ូវកម្លាំង)។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មរីកចម្រើនរបស់ជនជាតិចិន ឥណ្ឌូណេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និង ព័រទុយហ្គាល់។ ក្រុមសហគមន៍ទាំងប៉ុន្មាននោះត្រូវបានចូលរួមនៅពេលក្រោយនៅក្នុងសតវត្សដដែលនោះដោយពួកអង់គ្លេសនិងហូឡង់។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ ១៥៥៥-១៥៥៦) ពួកបព្វជិតសាសនាគ្រិស្តជាតិព័រទុយហ្កាល់ ហ្គាស្ប៉ា-ដា-គ្រូហ្ស (Gaspar da Cruz) ខិតខំផ្សព្វផ្សាយណែនាំគ្រិស្តសាសនាចូលទៅក្នុងប្រទេសនេះជាលើកដំបូង។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំរបស់លោកបានបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើ ព្រាហ្មណ៍ ខ្លាំងក្លានៃក្សត្រិយ៍ និង ពួកវណ្ណៈដឹកនាំគេ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានបង្កើតឡើងដោយបេសកកម្មឆ្លុះបញ្ចាំងនូវការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ។[៦]
ដោយសារតែពួកអ្នកតំណាងនៃជាតិសាសន៍ទាំងប៉ុន្មានអស់ទាំងនោះ តាមពិតទៅពួកគេជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដូចនេះសម័យកាលនោះជាសម័យកាលមួយនៃសកលនិយមដ៏ខ្លាំងក្លា។ ដោយមានសម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីតតាំងវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) បានដាក់ឱ្យមានអង្គរក្សផ្ទាល់ជុំវិញព្រះអង្គជាទាហានស៊ីឈ្នួលជាតិអេស្ប៉ាញ និង ព័រទុយហ្គាល់ និង នៅឆ្នាំ ១៥៩៣ ព្រះអង្គបានសុំឱ្យទេសាភិបាលអេស្ប៉ាញនៅហ៊្វីលីពីនមកជួយ។ បានទាក់ទាញដោយការប្រមើលមើលមុនអំពីការបង្កើតអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការផ្លាស់ប្រែស្ដេចទៅជាក្សត្រនៃគ្រិស្តសាសនាវិញ ទេសាភិបាលនោះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស ១២០ នាក់មក ក៏ប៉ុន្តែលង្វែកបានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកព្រះរាជបុត្រមួយអង្គនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ ១៥៩៧។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញ ដោយហេតុថា នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយមិនដឹងហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធក្នុងការវាយប្រហារដោយយថាហេតុមក លើឯករាជ្យកម្ពុជាដោយកាន់កាប់បានលង្វែកនៅឆ្នាំ ១៥៩៤។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលយោធាសៀមម្នាក់នៅក្នុងទីក្រុង ដំណាក់កាលនៃការគ្រប់គ្រងខាងនយោបាយដោយបរទេសត្រូវបានបង្កើតឡើងលើរាជាណាចក្រនេះជាលើកទីមួយ។ ពង្សាវតារខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកគឺជាគ្រោះមហន្តរាយមួយដែលចាប់ពីពេលនោះមក ប្រទេសជាតិនេះមិនបានត្រឡប់មកដូចដើមវិញជាដរាប។ សៀមបានគ្រប់គ្រងកម្ពុជាស្ទើរតែអស់រយៈពេល ៣០០ ឆ្នាំហើយ នៅទីបញ្ចប់អង្គរវត្តក៏បាត់បង់ទៅឱ្យពួកបារាំងនៅឆ្នាំ ១៩០៧ បន្ទាប់ពីកាន់កាប់អស់រយៈពេលជាង ៤៥០ ឆ្នាំ។
ការត្រួតត្រាដោយសៀម និង យួន
[កែប្រែ]ច្រើនជាងការសញ្ជ័យបានអង្គររបស់ខ្លួន មួយសតវត្សកន្លះតាំងពីដំបូង ការកាន់កាប់លង្វែករបស់សៀមបានសំគាល់ឃើញនូវចំណាប់ផ្ដើម ការធ្លាក់ចុះនៃជោគវាសនាប្រទេសខ្មែរ។ ហេតុផលដែលអាចទៅរួចមួយចំពោះការធ្លាក់ចុះនេះ គឺលំហូរចេញពលករដោយបង្ខំតាមរយៈពួកសញ្ជ័យសៀម ពួកគេបានកេណ្ឌប្រជារាស្ត្រខ្មែរកសិករស្រុកស្រែចម្ការរាប់ពាន់នាក់ ពួកសិប្បករដ៏ចំណានៗ ពួកអ្នកប្រាជ្ញបណ្ឌិត និង ពួកក្រុមសមាជិកនៃបព្វជិតពុទ្ធសាសនា ទៅកាន់រាជធានីអយុធ្យា។ ការអនុវត្តបែបនេះ វាជារឿងសាមញ្ញក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ទៅហើយ ដែលវាបានបង្កឱ្យមានការរាំងស្ទះដល់សមត្ថភាពរបស់កម្ពុជាដើម្បីស្ដារឡើងវិញ នូវអតីតភាពដ៏អស្ចារ្យរបស់ខ្លួន។ រាជធានីខ្មែរថ្មីគឺត្រូវបង្កើតឡើងនៅឧដុង្គ ខាងត្បូងលង្វែក ប៉ុន្តែក្សត្រឧដុង្គអាចគង់នៅបានដោយសារតែទំនាក់ទំនងដែលមានតម្លៃត្រឹមតែជា ប្រទេសចំណុះរបស់ សៀម និង យួនតែប៉ុណ្ណោះ។ និយាយបែបសាមញ្ញទៅ សៀមក្លាយជា ឪពុក ខ្មែរ និង យួនក្លាយជា ម្ដាយ ខ្មែរ។
នៅចុងសតវត្សទីដប់ប្រាំ យួនមិនដូចប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀតនោះឡើយ បានប្រាកដខ្លួនឡើងចេញពីមណ្ឌលអរិយធម៌ចិន ហើយបានលេបត្របាក់ទាំងស្រុងនគរចាម្ប៉ាតែម្ដង នៅតាមមាត់សមុទ្រដែលធ្លាប់មានឥទ្ធិពលបំផុតនៅឯវៀតណាមកណ្ដាល។ ពួកចាមរាប់ពាន់នាក់បានភៀសខ្លួនចូលមកកាន់ទឹកដីខ្មែរ។ នៅដើមសតវត្សទីដប់ប្រាំពីរ ពួកយួនបានមកដល់តំបន់ដីសណ្ដទន្លេមេគង្គ ដែលទីនោះបានតាំងលំនៅដោយជនជាតិខ្មែររួចស្រេចទៅហើយ។ នៅឆ្នាំ ១៦២០ ស្ដេចខ្មែរជ័យជេដ្ឋាទី២ (១៦១៨-២៨) បានរៀបអភិសេកជាមួយកូនស្រីនៃង្វៀន-ភ្វូខង្វៀន (Nguyễn Phúc Nguyên) ជាលោកម្ចាស់ម្នាក់ក្នុងចំណោមពួកលោកម្ចាស់ង្វៀន (១៥៥៨-១៧៧៨) ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងអស់រយៈពេលស្ទើរតែមួយសម័យកាលនៃរាជវង្សឡេ (១៤២៨-១៧៨៨)។ បីឆ្នាំក្រោយមកទៀត ព្រះបាទជ័យជេដ្ឋាបានអនុញ្ញាតអោយពួកយួនបង្កើតផ្ទះបែបប្រពៃណីនៅព្រៃនគរ ក្បែរអ្វីដែលបច្ចុប្បន្ន គេហៅថា ទីក្រុងហូជីមិញ (ហៅសៃហ្គនពីឆ្នាំ ១៩៧៥ មក)។ នៅចុងនៃសតវត្សទីដប់ប្រាំពីរ តំបន់នោះនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់យួន កម្ពុជាក៏ត្រូវបានកាត់ផ្ដាច់ពីច្រកចេញចូលទៅកាន់សមុទ្រ។ ការជួញដូរខាងពាណិជ្ជកម្មជាមួយពិភពខាងក្រៅអាចប្រព្រឹត្តទៅបាន ទាល់តែមានការអនុគ្រោះពីយួនប៉ុណ្ណោះ។
មានសម័យកាលខ្លះនៅសតវត្សទីដប់ប្រាំពីរ និង ទីដប់ប្រាំបី នៅពេលនោះ ពួកអ្នកជិតខាងខ្មែររវល់ជាមួយការវិវាទខាងក្នុង រឺ ខាងក្រៅ តែខ្មែរបានបណ្ដែបណ្ដោយឱកាសអោយប្រទេសព័ទ្ធជុំវិញខ្លួនទាំងនោះមានចន្លោះពេលដកដង្ហើមបានទៅវិញ។ ពួកយួនត្រូវបានជំពាក់វាក់វិននឹងសង្គ្រាមក្នុងស្រុកអូសបន្លាយរហូតដល់ឆ្នាំ ១៦៧២ (សូមមើល សង្គ្រាមទ្រិញ-ង្វៀនសម្រាប់ព័ត៌មានលំអិត) ប៉ុន្តែបើតាមការសន្និដ្ឋាន ពួកលោកម្ចាស់ង្វៀន ដែលបានកាន់កាប់នៅភាគខាងត្បូង បានបញ្ចូលតំបន់ទឹកដីខ្មែរដ៏ច្រើនទៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គរួចទៅហើយ។ រយៈពេលមួយរយឆ្នាំក្រោយមក ពួកយួនបានធ្វើទុក្ខបុកម្នេញទៅលើពួកនិគមជនយួននៅក្នុងតំបន់ដីសណ្ដជាលេសដើម្បីវាតទីទឹកដីរបស់ពួកគេ ក៏មានការវាតទីទឹកដីតាមរយៈ ការសម្បទានទឹកដីដោយអាពាហ៍ពិពាហ៍អន្តរក្សត្រផងដែរ។ នៅចុងសតវត្សទីដប់ប្រាំបី យួនបានពង្រីកវិសាលភាពអំណាចរបស់ខ្លួនដើម្បីបញ្ចូលតំបន់នេះ ចូលក្នុងប្រទេសខ្លួននៅចុងទសវត្ស ១៩៨០ ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម)។
សៀម ផ្ទុយទៅវិញត្រូវបានសុំជាសម្ព័ន្ធមិត្តដើម្បីប្រឆាំង នឹងការលុកលុយរបស់យួននៅក្នុងសតវត្សទីដប់ប្រាំបី ដែលសៀមខ្លួនឯងកំពុងជាប់ដៃនៅក្នុងការប៉ះទង្គិចគ្នាថ្មីជាមួយភូមា។ នៅឆ្នាំ ១៧៦៧ រាជធានីសៀមអយុធ្យាត្រូវបានឡោមព័ទ្ធនិងបំផ្លិចបំផ្លាញ។ ពួកសៀមភ្លាមៗក៏បានស្ដារប្រទេសឡើងវិញ និងឆាប់រហ័សហើយបានអះអាងសាជាថ្មីនូវវិជិតរាជ្យរបស់ខ្លួនលើប្រទេសខ្មែរ។ ស្ដេចខ្មែរវ័យក្មេង ព្រះបាទអង្គអេង (១៧៧៩-៩៦) ជាក្សត្រភៀសខ្លួនមួយអង្គបានគង់នៅឯរាជវាំងសៀម ត្រូវបានតែងតាំងជាក្សត្រនៅឧដុង្គដោយកងទ័ពសៀម។ ក្នុងសម័យនោះដដែល សៀមបានបញ្ចូលខេត្តនៅភាគខាងជើងបំផុតបីរបស់ខ្មែរដោយស្ងាត់ៗ។ បន្ថែមពីនោះ អ្នកគ្រប់គ្រងតាមតំបន់នូវខេត្តពាយព្យ បាត់ដំបង និង សៀមរាប បានក្លាយជាចំណុះរបស់ស្ដេចសៀម ហើយតំបន់ទាំងនេះក៏បានស្ថិតក្រោមមណ្ឌលឥទ្ធិពលរបស់សៀម។
ការប្រណាំងប្រជែងថ្មីទៀតរវាងសៀម និង យួនដើម្បីគ្រប់គ្រងប្រទេសខ្មែរ នៅសតវត្សទីដប់ប្រាំបួនបានកើតមានឡើងកំឡុងពេលមួយ ដែលពេលនោះពួកមន្ត្រីយួន ធ្វើការតាមរយៈស្ដេចខ្មែរដែលជាអាយ៉ងរបស់ខ្លួន ពួកវាបានកាន់កាប់ប៉ែកកណ្ដាលនៃប្រទេស ហើយព្យាយាមបង្ខំអោយរាស្ត្រខ្មែរទទួលយកប្រពៃណីទំនៀមទម្លាប់បែបយួន។ ការបះបោរជាច្រើនប្រឆាំងនឹងការគ្រប់គ្រងរបស់យួនក៏បានកើតមានឡើង។ ព្រឹត្តិការណ៍សំខាន់ៗភាគច្រើនបានកើតមានឡើងពីឆ្នាំ ១៨៤០ ដល់ ១៨៤១ និងបានរីករាលដាលពាសពេញប្រទេស។ បន្ទាប់ ពីពីរឆ្នាំនៃការប្រយុទ្ធគ្នា ខ្មែរ និង អ្នកជិតខាងរបស់ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលដាក់ប្រទេសនេះក្រោមអធិរាជ្យរួមគ្នារបស់ សៀម និង យួន។ យ៉ាងណាក៏ដោយ ដោយភិតភ័យខ្លាចចំពោះការត្រួតត្រាពីអតីតកាលដ៏យូរអង្វែងតាមរយៈការលុកលុយរបស់សៀម ដោយការខិតខំរំដោះខ្លួនចេញពីសៀម ខ្មែរបានស្ម័គ្រចិត្តស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់យួនវិញ។ តាមការបញ្ជានៃប្រទេសទាំងពីរ ព្រះមហាក្សត្រថ្មី ព្រះបាទអង្គឌួង (១៨៤៨-៥៩) បានឡើងសោយរាជ្យហើយបាននាំមកនូវសន្តិភាពមួយទសវត្សនិងឯករាជ្យមិនប្រាកដប្រជាមកដល់កម្ពុជា។
ក្នុងការប្រព្រឹត្តិរំលោភបំពានរបស់ពួកគេលើប្រជារាស្ត្រខ្មែរ ពួកសៀម និង យួនមិនអាចកត់សំគាល់ដឹងជាក់ស្ដែងឡើយ។ ការរងទុក្ខវេទនា និង ការព្រាត់ប្រាសគ្នាដែលបានបង្កឡើងដោយសង្គ្រាម អាចប្រៀបធៀបបានទៅនឹងផ្លូវដ៏វែងឆ្ងាយ និង ការឆ្លងកាត់របស់កម្ពុជាក្នុងទសវត្សឆ្នាំ ១៩៧០ ដែរ។ ផ្ទុយទៅវិញ ពួកសៀម និង យួនមានចរិកលក្ខណៈប្លែកគ្នាយ៉ាងខ្លាំង នាំឱ្យមានការព្រួយបារម្ភអំពីចំណងមេត្រីភាពរបស់ពួកគេជាមួយខ្មែរ។ សៀមមានមរតក សាសនា ទេវកថា អក្សរសាស្ត្រ និង វប្បធម៌ដូចខ្មែរជាទូទៅ។ វង្សស្ដេចចក្រីនៅបាងកកចង់បាននូវសេចក្ដីស្មោះត្រង់ សួយសារអាករ និង ទឹកដីរបស់ខ្មែរ ប៉ុន្តែពួកស្ដេចទាំងនោះមិនមានចេតនាក្នុងការជំទាស់ រឺ ផ្លាស់ប្ដូរតម្លៃ រឺក៏ របៀបរស់នៅរបស់ប្រជារាស្ត្រខ្មែរឡើយ។ យួនបានសំឡឹងឃើញថាប្រជារាស្ត្រខ្មែរជាមនុស្សគ្មានអារ្យធម៌ត្រូវតែធ្វើអោយមានអរិយធម៌តាមរយៈការផ្សាយវប្បធម៌យួនទៅវិញ ហើយយួនចាត់ទុកទឹកដីខ្មែរជាដីដ៏មានជីជាតិជាទីស្របច្បាប់សម្រាប់ការធ្វើអាណានិគមកិច្ចដោយការបញ្ចូលពួកនិគមជនយួនពីប្រទេសយួនចូលមក។
អាណាព្យាបាលបារាំង ១៨៦៣-១៩៥៣
[កែប្រែ]
ចំណាប់អារម្មណ៍របស់បារាំងនៅឥណ្ឌូចិននៅសតវត្សទីដប់ប្រាំបួនបានកើតចេញ ពីបដិវាទភាពជាមួយប៊្រិតថេន ដែលបានបណ្ដេញខ្លួនចេញពីឥណ្ឌា និងបានបិទខ្ទប់ខ្លួនទាំងស្រុង ពីប៉ែកមួយចំនួននៃអាស៊ីអាគ្នេយ៍ដីគោក។ ពួកបារាំងក៏ប្រាថ្នាចង់បង្កើតពាណិជ្ជកម្មនៅក្នុងតំបន់មួយដោយ ខ្លួនបានដឹងថាមានភោគទ្រព្យមិនទាន់បានយកមកប្រើ ហើយក៏ដើម្បីដាក់ទោសចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់រាជការយួនចំពោះការផ្សព្វផ្សាយសាសនាកាតូលិក សុខមាលភាពជនជាតិបារាំងគឺជាគោលដៅ ដែលបានចែងក្នុងគោលនយោបាយនាយសមុទ្របារាំង។ ការបដិសេដដដែលៗរបស់រាជវង្សង្វៀនចំពោះការបង្កើតទំនាក់ទំនងការទូត និងគោលនយោបាយប្រឆាំងសាសនាគ្រិស្តបែបហិង្សានៃព្រះចៅអធិរាជយួនមួយចំនួនដូចជា មិញ-ម៉ាង (១៨២០-៤១), ធៀវ-ទ្រី (១៨៤១-៤៧) និង ធឺ-អ៊ឺក (១៨៤៨-៨៣) បានរុញច្រានឱ្យពួកបារាំងចូលទៅដល់ដំណាក់កាលការទូតប្រើប្រាស់ទូកប្រដាប់ដោយកាំភ្លើងជំនួសវិញ ដែលជាហេតុផលនាំឱ្យ នៅឆ្នាំ ១៨៦២ មានការបង្កើតវិជិតរាជ្យរបស់បារាំងលើសៃហ្គន និងបណ្ដាខេត្តភាគខាងកើតបីទៀតនៅតំបន់កូសាំងស៊ីន (ដីសណ្ដទន្លេមេគង្គ)។
ក្នុងទស្សនៈរដ្ឋាភិបាលក្រុងប៉ារីស កម្ពុជាគឺជាផ្លូវក្រោយដែលគួរឱ្យសង្ឃឹម។ ដោយមានការល្បួងលួងលោមដោយសាសនទូត ឱ្យស្វះស្វែងរកការការពារពីបារាំងប្រឆាំងសៀម និង យួន ព្រះបាទអង្គឌួងក៏បានអញ្ជើញបេសកទូតបារាំង ឱ្យចូលមកទស្សនាក្នុងរាជវាំងព្រះអង្គ។ ទោះបីជា ពួកសៀមបានដាក់សម្ពាធមកលើទ្រង់អោយបដិសេធជំនួបជាមួយពួកបារាំងក៏ដោយ តែក្នុងខណៈនោះដែរ ពួកបារាំងនៅទីបំផុតនៅតែមកដល់ឧដុង្គនៅឆ្នាំ ១៨៥៦ ដដែល។ ការធ្វើដំណើរដែលបានបោះពុម្ពផ្សាយជាច្រើនដោយធម្មជាតិវិទូ ហង់រី-មូហ៊ុត ដែលលោកជាអ្នកបានមកទស្សនារាជវាំងកម្ពុជា លោកបានស្រាវជ្រាវរុករកសំណង់បុរាណបាក់បែកនៅអង្គរ ឡើងវិញ ហើយក៏បានធ្វើដំណើរឡើងតាមទន្លេមេគង្គទៅដល់ព្រះរាជាណាចក្រលាវ នៅហ្លួងព្រះបាំងពីឆ្នាំ ១៨៥៩ ដល់ ១៨៦១ បានពញ្ញាក់ចំណាប់អារម្មណ៍បារាំងដោយសារតែភាពសម្បូរបែបដែលបានអះអាងនៅក្នុងនគរនេះ ហើយនិង សារៈសំខាន់នៃទន្លេមេគង្គដែលជាច្រកឆ្លងកាត់ទៅកាន់ខេត្តភាគនិរតីរបស់ចិន។ នៅខែ សីហា ១៨៦៣ ពួកបារាំងបានសម្រេចចុះសន្ធិសញ្ញាមួយជាមួយស្ដេចសោយរាជ្យបន្តពីព្រះបាទអង្គឌួង គឺព្រះបាទនរោត្តម (១៨៥៩-១៩០៤)។ កិច្ចព្រមព្រៀងនេះបានផ្ដល់ឱ្យស្ដេចខ្មែរនូវការការពារពីពួកបារាំង (ក្នុងទម្រង់ជាមន្ត្រីបារាំងដែលហៅថា résident ជាភាសាបារាំង ត្រូវនឹងខ្មែរ ឯកាភិបាល) ជាការដោះដូរមកវិញដោយផ្ដល់សិទ្ធិឱ្យបារាំងរុករក និង ធ្វើអាជីវកម្មធនធានរ៉ែខនិជ និង ព្រៃឈើរបស់ព្រះរាជាណាចក្រ។ ពិធីរាជាភិសេករបស់ព្រះបាទនរោត្តម នៅឆ្នាំ ១៨៦៤ គឺជាកិច្ចគួរឱ្យអៀនខ្មាសមួយ ដែលក្នុងពិធីនោះមានអ្នកតំណាងបារាំង និង សៀមបានធ្វើជាធិបតី។ ទោះបីយ៉ាងណាការប៉ុនប៉ងរបស់សៀមធ្វើឱ្យអាក់ខានចំពោះការវាតទីឥទ្ធិពលរបស់បារាំងយ៉ាងណាក្ដី ក៏ឥទ្ធិពលរបស់ខ្លួនលើព្រះមហាក្សត្រអង្គនេះបានថមថយចុះជាលំដាប់។ នៅឆ្នាំ ១៨៦៧ ពួកបារាំងបានចុះសន្ធិសញ្ញាមួយជាមួយនិងសៀមដែលបានប្រគល់ការគ្រប់គ្រង ខេត្តបាត់ដំបង និង សៀមរាបទៅឱ្យសៀមជាចុងក្រោយ ដោយដោះដូរនឹងការលះបង់នេះ ដើម្បីទទួលបានការអះអាងទាំងស្រុងនូវសិទ្ធិចក្រពត្តិភាពលើប៉ែកផ្សេងៗនៃកម្ពុជា។ ការបាត់បង់បណ្ដាខេត្តភាគពាយព្យទាំងនេះ បានធ្វើឱ្យព្រះបាទនរោត្តមទ្រង់តូចព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាព្រះអង្គបានជំពាក់គុណបារាំងដោយសារតែបារាំងបានបញ្ជូនកងទ័ពមកជួយ បង្ក្រាបការបះបោរដោយជនក្លែងបន្លំជាព្រះញាតិវង្ស (អាចារ្យស្វា)។
នៅ ខែ មិថុនា ១៨៨៤ ទេសាភិបាលបារាំងនៅកូសាំងស៊ីនបានធ្វើដំណើរទៅកាន់រាជធានីព្រះបាទនរោត្តម ហើយបានទាមទារអោយទ្រង់ទទួលយកការចុះសន្ធិសញ្ញាមួយជាមួយក្រុងប៉ារីសដោយសន្យាថា នឹងមានការផ្លាស់ប្ដូរជាទូទៅដូចជា ការលុបចោលទាសភាព ការបង្កើតស្ថាប័នកម្មសិទ្ធិឯកជន និង ការបង្កើតពួក ឯកាភិបាល (résident) បារាំងនៅតាមទីក្រុងរួមខេត្ត។ ដោយយល់ថានាវាចម្បាំងបារាំងបានបោះយុថ្កានៅតាមដងទន្លេរួចអស់ហើយនោះ ព្រះមហាក្សត្រក៏បានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងទើសទាល់ព្រះទ័យ។ ពួកអ្នកមុខអ្នកការក្នុងស្រុកបានប្រឆាំងនឹងខមួយចំនួនរបស់កិច្ចព្រមព្រៀងនេះ យ៉ាងណាមិញ ជាពិសេសគឺខសន្យាមួយដែលទាក់ទងនឹងទាសភាព ហើយពួកគេបានញុះញង់បង្កឱ្យមានចលាចល ការបះបោរជាច្រើនទូទាំងប្រទេសកំឡុងឆ្នាំបន្តបន្ទាប់មកទៀត។ ទោះបីយ៉ាងណាការបះបោរត្រូវបានគេបង្ក្រាប និងសន្ធិសញ្ញាត្រូវបានធ្វើសច្ចានុម័តរួចហើយ ហើយការតស៊ូប្រឆាំងដោយមានការចូលដៃពីប្រជារាស្ត្រខ្មែរបានពន្យារពេលការអនុវត្តកំណែទម្រង់មួយចំនួន ហើយកំណែទម្រង់ អាចលេចរូបរាងទៅបានដរាបទាល់តែក្រោយ ការសោយទិវង្គតរបស់ព្រះបាទនរោត្តមរៀងមក។
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ “A History of Cambodia" by David Chandler, pp. ៩២
- ↑ “ប្រវត្តិសាស្រ្តខ្មែរ" ដោយ ត្រឹង ងា
- ↑ រ៉ុស្ស-ម៉ារឡេយ, ខ្លាខ-ឌ.ណេហឺរ (១៩៩៩). អ្នកស្នេហាជាតិ និង ជនផ្ដាច់ការ: មេដឹកនាំអាស៊ីទាំងដប់. រូមែន & លិត្ថលភ្វៀល្ដ៍. pp. ១៤៧. ល.ស.ប.អ. 0847684423.
- ↑ “ប្រវត្តិសាស្រ្តខ្មែរ" ដោយ ត្រឹង ងា
- ↑ “ប្រវត្តិសាស្រ្តខ្មែរ" ដោយ ត្រឹង ងា
- ↑ បខ់សឺរ, ឆាលឡិស-រ៉ាលផ្វ៍; ពាំររ៉ា, ហ្គាលីត; ឃ្រុហ្ស, ហ្គាស្ប៉ារ-ដា; រ៉ាដា, ម៉ាទីនដឺ (១៩៥៣), ចិនខាងត្បូងនៅសតវត្សទីដប់ប្រាំមួយ: ក្លាយជានិទានកថានៃហ្គាលីត-ពាំររ៉ា, ភ្វ្រ.ហ្គាស្ប៉ារ-ដា-គ្រុហ្ស, អូ.ភី.O.P. [និង ភ្វ្រ.ម៉ាទីន-ដឺ-រ៉ាដា, ល.ស.អ. (១៥៥០-១៥៧៥)], ស្នាដៃលេខ១០៦បានចេញដោយសមាគមហាកលុត, បោះពុម្ពឱ្យសមាគមហាកលុត, pp. លិខ្ស,៥៩-៦៣, http://books.google.com/books?id=ImoTAAAAIAAJ