ចេនឡាទឹកលិច

ពីវិគីភីឌា

ចេនឡាទឹក រឺ កម្វុជទឹក (ចិន:水真蠟, ភិងអ៊ិង:Shuīzhēnlà) ប្រកបដោយក្សត្របុរីប្រាំ (សម្ភុបុរ, អនិន្ទិតបុរ រឺ ពាលាទិត្យបុរ, វ្យាធបុរ និងពីរទៀតមិនស្គាល់ឈ្មោះស្គាល់តែព្រះនាមក្សត្រថាស្រីនរេន្ទ្រវម៌្ម) បង្កើតឡើងនៅឆ្នាំ ៧០៦-រ.៨០២ គ.ស ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យបុរាណចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà (水真蠟) ("ចេនឡាទឹក")។[១] មូលហេតុនៃការបែងចែកនេះដោយសារកម្សោយអំណាចកណ្ដាល ព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។[២]

ទីតាំងភូមិសាស្ត្រ[កែប្រែ]

ចេនឡាទឹកលិចគឺជាតំបន់សំបូរដោយបឹងបួរ និងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ។

ប្រវត្តិសាស្ត្រ[កែប្រែ]

គួរ​គប្បី​បញ្ជាក់​ថា​ចេនឡា​ទឹក​លិច​ក៏​មិន​អាច​ថែរក្សា​ឯកភាព​យូរ​អង្វែង​ទេ: រដ្ឋ​នេះ​ត្រូវ​បែងចែក​ជា​ក្សត្រ​បុរី​តូចៗ​តទៅ​ទៀត យ៉ាង​តិច​ណាស់​ក៏​មាន​ចំនួន​ប្រាំ​ហើយ​ក្សត្រ​បុរី​ដែល​គេ​ដឹង​ឈ្មោះ​ពិត​ប្រាកដ​គឺអនិន្ទិតបុរ រឺ ពាលាទិត្យបុរ ដែល​គេ​មិន​ស្គាល់​ទី​តាំង​ច្បាស់​លាស់​សម្ភុបុរគឺ​សម្បូរ​នៅ​លើ​ត្រើយ ខាង​ឆ្វេង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និងវ្យាធបុរស្ថិតនៅម្ដុំរាជធានីចាស់នៃនគរវ្នំ ក្សត្របុរីមួយទៀតដែលគេស្គាល់ត្រឹមឈ្មោះព្រះមហាក្សត្រនោះគឺស្រីនរេន្ទ្រវម៌្ម។ នៅ​ខាង​ដើម​ស.វ.ទី៨ ​ព្រះអង្គ​ម្ចាស់បុស្ករាក្ស ដែល​មាន​ដើម​កំណើត​នៅ​អនិន្ទិតបុរបាន​យាង​ទៅ​សោយរាជ្យ​នៅ​សម្ភុបុរ (៧២៣) ជា​ទី​ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​សិលា​ចារឹក​មួយ​ផ្ទាំង ចុះ​កាល​កំណត់​ ៧១៦ នៅ​ត្រង់​ប្រាសាទព្រះធាតុកូនពីរ។ ព្រះ​អង្គ​បាន​យាង​ទៅ​នេះ​ក្នុង​កិច្ច​ចង់​បង្រួប​បង្រួម​ចេនឡា​ទឹក​លិច។ បន្ទាប់​មក​ បុត្រ​ព្រះអង្គ​ព្រះនាម​រាជេន្ទ្រវម៌្មទី១ បាន​ខំ​ព្យាយាម​បន្ត​គោល​ជំហរ​នេះ​ទៀត។ តែ​ជា​ការ​ឥត​ប្រយោជន៍។ ពី​ព្រោះ​មិន​យូរ​ប៉ុន្មាន​ផង ចេនឡា​ទឹក​លិច​ត្រូវ​បែង​ចែក​ជានគរ​តូចៗ​ប្រាំ​ទៀត។ ចំពោះ​ព្រំ​សីមា​កំណត់​ទឹក​ដី​នគរ​នីមួយៗ គេ​ពុំ​ទាន់​មាន​ឯកសារ​អ្វី​ជា​ច្បាស់​លាស់​សំរាប់​បញ្ជាក់​ទេ។[៤] ព្រះ​បាទ​បុស្ករាក្ស​មាន​ជាប់​ខ្សែញាតិ​ទៅ​នឹង​ព្រះ​បាទ​ពាលាទិត្យ ដែល​បាន​សោយ​រាជ្យ​នៅ​អនិន្ទិតបុរ ហើយ​ដែល​បាន​អះ​អាង​ថា​ព្រះអង្គ​ជា​កូន​ចៅ​របស់​ព្រះ​បាទ​កៅណ្ឌិន្យទី១ និង​ព្រះ​នាង​សោមា មក​ដល់​ព្រះ​បាទ​ភវវម៌្មទី១ ដែល​ជា​ចៅ​របស់​ព្រះ​បាទ​រុទ្រវម៌្មព្រះ​មហាក្សត្រ​នគរ​វ្នំ[៥] ហើយ​ដែល​ក្រោយ​មក​ទៀត ព្រះ​រាជា​សោយរាជ្យ​នៅ​អង្គរ​ទ្រង់​បាន​ចាត់​ទុក​ថា ជា​ចំណង​ភ្ជាប់​ព្រះអង្គ​ទាំង​ឡាយ​ទៅ នឹង​ស្ថាបនិក​នៃ​បឋមវង្ស​នៃ​អាណាចក្រ​វ្នំ។ ត្រង់​នេះ យើង​អាច​យក​ធ្វើ​ជា​អំណះ​អំណាង​មួយសំរាប់ឆ្លើយ​តប​ចំពោះ​ជន​ណា ដែល​បដិសេធ​ថា អាណាចក្រ​វ្នំ​ពុំ​មែន​ជា​រដ្ឋ​ខ្មែរ​ដំបូង។ ចុះ​ហេតុ​អ្វី​បាន​ជា​អធិរាជ​អង្គរ ដែល​បាន​វាយ​ឈ្នះ​អាណាចក្រ​វ្នំ​បែរ​ជា​ខិត​ខំ ភ្ជាប់​ខ្សែ​ស្រឡាយ​របស់​ព្រះ​អង្គ​ទៅ នឹង​ព្រះ​រាជាអាណាចក្រ​វ្នំ ដែល​ជា​អ្នក​ចាញ់​ទៅ​វិញ? នេះ​មិន​គឺ​មក​តែ​ពី​មនុស្ស​តាំង​តែ​ពី​សម័យ​អាណាចក្រ​វ្នំ​រហូត ដល់​សម័យ​អង្គរ​មាន​ពូជ​អំបូរ​ជាតិ​សាសន៍​តែ​មួយ​ទេ​ឬ? ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជយទេវីទី១[៦]

ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ)។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ​.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរៈដែលគេបានរកឃើញមួយចុះកាលកំណត់ ៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់ឆ្នាំ ៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជយវម៌្មទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពីជយវម៌្មទី២ដល់ទី៩)។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាននៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វអវលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង។ ក្នុងសិល្បៈចំលាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ថ៤កាន់ផ្កាឈូក ខ្សែផ្គាំ គម្ពីរ និង ដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូក កងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភ[៨]

ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វា[កែប្រែ]

ប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយ ព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំ។ នេះហើយជាហេតុមួយឲ្យជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង។

យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះ រាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជាប់រាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល។

នៅឆ្នាំ ៧៧៤ និង ៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋានបានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ាទៀត។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុងឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាមមហីបតិវម៌្ម ជាបុត្រព្រះបាទរាជេន្ទ្រវម៌្មទី១ កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជា ស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រវ្នំនេះឯង (ត្រង់ចំណុចនេះដូចជាមិនសម)។

ចំពោះការតាំងអំណាចអធិរាជ្យរបស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០ បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុងហ្សាប៊ែខកាត់ដាក់លើថាសមួយ។ ដំណឹងនេះក៏លឺដល់មហារាជ ព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ។ លុះត្រឡប់ទៅដល់ព្រះនគរវិញហើយ មហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជា​តំណតមក។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុងហ្សាប៊ែខដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះអាប៊ូហ្សាអ៊ីដហាស្សាន់នៅប្រមាណឆ្នាំ ៩២៦)។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ: គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើង ហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត។[៩]

ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាទឹកលិច[កែប្រែ]

ព្រះរាជាសោយរាជ្យនៅសម័យចេនឡាទឹកលិច
( ៧១៦ - ៨០២)
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
០១ ទេវាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧១?-?
០២ ឥន្ទ្រាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧??-???
០៣ ធម៌ាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) មិនស្គាល់ ៧??-???
០៤ ពាលាទិត្យ (ពាលាទិត្យបុរ) មិនស្គាល់ ៧??-???
០៥ ន្ឫបាទិត្យ (អនិន្ទិតបុរ) មិនស្គាល់ ៧??-???
០៦ វិឝ្វរូប (អនិន្ទិតបុរ) មិនស្គាល់ ?-?
០៧ ន្ឫបតីន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) មិនស្គាល់ ?-?
០៨ បុឝ្ករាក្ឝ (ឝម្ភុបុរ) មិនស្គាល់ ៧១៦-៧៣០
០៩ នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរណាមួយ) មិនស្គាល់ ??
១០ រាជបតិវម៌្ម (វ្យាធបុរ) មិនស្គាល់ ??
១១ ឝម្ភុវម៌្ម (ឝម្ភុបុរ) មិនស្គាល់ ៧៣០-៧៥០
១២ ជយវម៌្ម (ក្សត្របុរៈ?) (ជយវម៌្មទី២?!)[១០] ៧៤០-៧៥០
១៣ ន្ឫបតីន្ទ្រទេវីទី១ (វ្យាធបុរៈ?) ៧??-៧៥០
១៤ រាជេន្ទ្រវម៌្មទី១ (ឝម្ភុបុរ) ៧៥០-៧៧០
១៥ ឥន្ទ្រលោក (ឝម្ភុបុរ) មិនស្គាល់ ?
១៦ ន្ឫបតីន្ទ្រទេវីទី២ (ឝម្ភុបុរ) មិនស្គាល់ ៧??-???
១៧ ជយេន្ទ្រភា (ឝម្ភុបុរ) មិនស្គាល់ ៧៨?-???
១៨ ជ្យេស្ថាយ៌ា (ឝម្ភុបុរ) មិនស្គាល់ កំពុងសោយរាជ្យ ៨០៣
១៩ ជយវម៌្ម (ជយវម៌្មទី៣?!)[១១] (វ្យាធបុរ-ធ្យានបុរ បាយ៉ង់) មិនស្គាល់ ៧៦៣-៧៧០
២០ ជយវម៌្ម (ជយវម៌្មទី៤?!)[១២] (ឥន្ទ្របុរ-ឝម្ភុបុរ) មិនស្គាល់ ៧៧០-៧៨១
២១ មហីបតិវម៌្ម (ឝម្ភុបុរ) មិនស្គាល់ ៧៨១-៧៨៨
ការលុកលុយរបស់ជ្វា (៧៧៤ - ៨០២)

ឯកសារយោងព្រះមហាក្សត្រសម័យចេឡានទឹកលិចចាស់[កែប្រែ]

លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល
ពាលាទិត្យ (ពាលាទិត្យបុរ) មិនស្គាល់ ?-?
វិស្វរូប (អនិន្ទិតបុរ) មិនស្គាល់ ?-?
ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) មិនស្គាល់ ?-?
បុស្ករាក្ស (សម្ភុបុរ) មិនស្គាល់ ៧១៦-៧៣០
នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ) មិនស្គាល់ ??
រាជបតិវម៌្ម (វ្យាធបុរ) មិនស្គាល់ ??
សម្ភុវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៣០-៧៥០
រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ) មិនស្គាល់ ៧៥០-៧៧០
ឥន្ទ្រលោក (សម្ភុបុរ) មិនស្គាល់ ?
១០ ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ) មិនស្គាល់ ?
១១ ជយេន្ទ្រភា (សម្ភុបុរ) មិនស្គាល់ ?
១២ ជ្យេស្ថាយ៌ា (សម្ភុបុរ) មិនស្គាល់ ?
១៣ ជយវម៌្មទី២ (សម្ភុបុរ) មិនស្គាល់ ៧៧០-៧៨១
១៤ មហីបតិវម៌្ម (សម្ភុបុរ) មិនស្គាល់ ៧៨១-៧៨៨
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២

ឯកសារយោង[កែប្រែ]

  1. [១]
  2. [២][តំណភ្ជាប់ខូច]
  3. [៣]
  4. បណ្ឌិត​សុភា​ចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​ទំព័រ១៩០-១៩១
  5. បណ្ឌិត​សុភា​ចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​ទំព័រ​១៩០
  6. បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០
  7. ចេនឡា
  8. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០-៧១
  9. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧២-៧៣
  10. សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
  11. [៤]
  12. [៥]

មើលផងដែរ[កែប្រែ]