ស្រុកវាលវែង
Coordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E
ស្រុកវាលវែងរួមមាន៥ឃុំ៖
ស្រុកវាលវែង ខេត្តពោធិ៍សាត់
អត្ថបទកែសម្រួលឡើងវិញ (YANBUNTHOEUN )
បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ ស្រុកវាលវែង ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយ របស់ខេត្ត ដែលអាចទាក់ទាញទេសចរកម្សាន្តច្រើនជាងគេ ក្នុងចំណោមតំបន់ទេសចរណ៍ទាំងអស់ទូទាំងខេត្ត។ ខ្លះៗ ពីតំបន់ទេសចរណ៍ទាក់ទាញ លើទឹកដីនៃស្រុកវាលវែង៖
១. តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ (ផ្លូវអន្ទង់អាំង) ដោយសារតែជាតំបន់បៃតង មានផ្លូវកាច់កោងរាងដូចអន្ទង់អាំង មើលពីលើចុះក្រោម និងអមដោយធម្មជាតិ ធ្វើឱ្យទេសចរ ដែលធ្ង្វើដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ មិនដែលរំលងទិដ្ឋភាពកន្លែងនេះឡើយ។ ក្រៅពីផ្តិតរូបភាព ទេសចរ អាចបន្តដំណើរកម្សាន្តកន្លែងផ្សេងទៀត នៅបរិវេណភូមិសាស្ត្រធម្មជាតិទីនេះជាច្រើនកន្លែង ដែលកំបាំងកាយ ក្រោយចំណោទភ្នំនេះ។
២. តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ គ្រាន់តែធ្វើដំណើរឆ្លងកាត់ភ្នំ១៥០០ ទេសចរនឹងទៅដល់តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ ផ្សេងទៀត ដែលមិនត្រឹមតែអាចគយគន់ទេសភាពជាច្រើនកន្លែងនោះទេ នៅអាចសម្រាកកម្សាន្ត និងទទួលទានអាហារ នៅរមណីយដ្ឋាន បរិវេណភ្នំថែមទៀត។
៣. ភ្នំខ្នងព្រះ ភ្នំព្រះ ឬ(ខ្នងព្រះ) គឺជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រ ខេត្តត្រាត ព្រះរាជាណាចក្រថៃ គួរជាទីមនោរម្យ និងដ៏សែនស្រស់ស្អាត។ ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ យើងនឹងអាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើន តម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះ ក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ ដែលអមទៅដោយស្បៃពពករសាត់ជុំវិញខ្លួនយើង យ៉ាងត្រជាក់ស្រួលផងដែរ។ សម្រាប់ពេលយប់ អាកាសធាតុ មានភាពត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរ បោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម។ ទីតាំងភ្នំព្រះ ឬ(ខ្នងព្រះ) គឺស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ១៥៧គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ កាត់តាមផ្លូវបត់បែនដូចអន្ទង់អាំង (ផ្លូវបុប្ផាលាក់ខ្លួន) ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ចំណុចឡើងភ្នំ។ ភ្នំនេះមានរយ:កម្ពស់១៥០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ និងប្រើរយៈពេលធ្វើដំណើរ(ថ្មើជើង) គិតជាមធ្យម៦ម៉ោង (១យប់២ថ្ងៃ) នឹងមានចម្ងាយផ្លូវប្រមាណ៧គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ។ ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំវិញនោះ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង៕
អាកាសធាតុនៅតំបន់ភ្នំខ្នងព្រះ គឺត្រជាក់ គ្រប់រដូវកាល។ ចំពោះការធ្វើដំណើរកម្សាន្តឡើងភ្នំនេះ អាចនឹងពិបាកបន្តិច ប៉ុន្តែទេសចរអាចទទួលបានមកវិញ នូវអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងធម្មជាតិ។
៤. ភ្នំទំព័រ ភ្នំទំព័រ គឺជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស, ភ្នំទំព័រស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ) មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ មានចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រពីភ្នំពេញ។ សព្វថ្ងៃភូមិទំព័រស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងក្រោមការគ្រប់គ្រងរបស់សហគមន៍ការពារធម្មជាតិភូមិទំព័រដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ តាមបទពិសោធអ្នកធ្វើដំណើរផ្សងព្រេង លើភ្នំទំព័រ បញ្ជាក់ថា មិនសូវជាខុសគ្នានឹងការឡើងភ្នំខ្នងព្រះឡើយ កុំប្រថុយឡើងបើគ្មានអ្នកនាំផ្លូវ ព្រោះស្ថានភាពផ្លូវឡើង គឺពិបាក ដោយសារតែជាភ្នំមួយដែលមានជ្រលងភ្នំ ដែលតម្រូវឱ្យឆ្លងកាត់ខ្នងភ្នំផ្សេងៗគ្នា។ តែទោះជាបែបនេះ ក្តីពិត របស់ទេសចរ គឺទេសភាពនៃជ្រលងភ្នំនីមួយៗ ជាអ្វីដែលពុំធ្លាប់បានឃើញ។ ជាក់ស្តែងស្រុកវាលវែងមានស្ពានឆ្លងកាត់ស្ទឹងអាតៃ នៅក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ។ ស្ពាននេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ស្ពានអាតៃ មានកម្ពស់ ៩០ម៉ែត្រ បើរាប់ចាប់ពីបាតស្ទឹងមក និងមានប្រវែងជាង៥០០ម៉ែត្រ ស្ពាននេះស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ ។ គម្រោងកសាងផ្លូវថ្មីនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) និងសាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ មានកម្ពស់៥០០ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា។ ។ ផ្លូវនេះមិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពង់ផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រងដងអូរដ៏ស្រស់បំព្រង។ ផ្លូវជាតិថ្មីមួយខ្សែនេះ នឹងជួយសម្រួលបានច្រើនក្នុងការជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីនៅភ្នំពេញទៀតនោះទេ៕ អត្ថបទ ដោយ លោក យ៉ាន ប៊ុនធឿន'