វិទ្យាល័យ ចម្រើនវិជ្ជា
វិទ្យាល័យ ចម្រើនវិជ្ជា គឺជាស្ថាប័នអប់រំឯកជនមួយបង្កើតឡើងសម្រាប់ជួយដល់កូនខ្មែរទូទៅឱ្យទទួលបានការរៀនសូត្រដោយឥតគិតថ្លៃ ដែលមានបួនសាលាដូចជា សាខាគោលស្ថិតនៅក្នុងខេត្តព្រៃវែង សាខាទី២និងទី៣ស្ថិតនៅខេត្តត្បូងឃ្មុំ និងសាខាទី៤ស្ថិតនៅទីរួមខេត្តកំពង់ចាម។
អត្ថន័យនៃឈ្មោះ
[កែប្រែ]ពាក្យថា ចម្រើនវិជ្ជា មកពីពាក្យ ចម្រើន + វិជ្ជា
ចម្រើន មានន័យថា ធ្វើឱ្យចម្រើន, ឱ្យកើនឡើងៈ ចម្រើនមេត្តា ចម្រើនកម្មដ្ឋាន។
វិជ្ជា មានន័យថា សេចក្តីដឹងច្បាស់ ការចេះដឹង ចំណេះ វេទមន្ត អាគមៈ វិជ្ជាលេខ, វិជ្ជាពេទ្យ។
ដូច្នេះ ចម្រើនវិជ្ជា មានន័យថា ធ្វើឱ្យចម្រើនឬ ធ្វើឱ្យកើននូវចំណេះដឹង ប្រាជ្ញា ស្មារតី ទេពកោសល្យ។
ប្រវត្តិ
[កែប្រែ]វិទ្យាល័យចម្រើនវិជ្ជា ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៨ ដោយលោកបូជាចារ្យ អាល់ប៊ែរតូ កាការ៉ូ។ វិទ្យាល័យនេះ មានទីតាំងនៅភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ប៉ុន្តែសព្វថ្ងៃរដ្ឋបាលខេត្តព្រៃវែងបានចាត់តំបន់នេះចូលទៅក្នុងរដ្ឋបាលក្រុង គឺភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ស្រុកកំពង់លាវ ក្រុងព្រៃវែង។
សាខា
[កែប្រែ]- សាខាគោល ឬសាខាទី១ៈ វិទ្យាល័យចម្រើនវិជ្ជា ទីតាំងគោល ស្ថិតនៅក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ បើយើងធ្វើដំណើរពីទីរួមខេត្តព្រៃវែងទៅដល់សាលាគឺ មានចម្ងាយប្រហែល៥គីឡូម៉ែត្រ។ វិទ្យាល័យនេះ ស្ថិតលើបណ្តោយផ្លូវជាតិលេខ១១ ខាងឆ្វេងដៃ។ វិទ្យាល័យនេះ មាន៣អគារសិក្សា ចែកចេញជា៦បន្ទប់ ទីចាត់ការ១បន្ទប់ បន្ទប់រៀន៣។ រីឯបណ្ណាល័យមានទីតាំងដាច់ដោយឡែកពីអគារសិក្សា។ បណ្ណាល័យនេះ មានឈ្មោះថា "បណ្ណាល័យសន្តលូកា" ចែកចេញជាពីរជាន់ ជាន់ផ្ទាល់ដីជាបន្ទប់ដាក់សៀវភៅ និងជាន់ទី១ជាបន្ទប់កុំព្យូរទ័រ។ ក្រៅពីនេះមានសាលប្រជុំខាងក្រៅមួយ ផ្ទះស្នាក់នៅរបស់យុវជនមួយខ្នង និងបន្ទប់ទឹកមួយខ្នងមានបីបន្ទប់ ចែកចេញជា បន្ទប់គ្រូ បន្ទប់ស្រី និងបន្ទប់ប្រុស។
- សាខាទី២ៈ អនុវិទ្យាល័យចម្រើនវិជ្ជា (សាខាត្បូងឃ្មុំ) មានទីតាំងស្ថិតនៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ សាលារៀននេះ ស្ថិតនៅដាច់ស្រយាលពីទីប្រជុំជន បើយើងគិតពីភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយ១០គីឡូម៉ែត្រ។ បើយើងទៅដល់ភូមិពងទឹកនេះ យើងនឹងឃើញផ្លូវបត់ខាងស្តាំដៃ ដែលជាផ្លូវលំធម្មតា ដោយឆ្លងកាត់ចម្ការកៅស៊ូ ប្រមាណជា៥គឺឡូម៉ែត្រនឹងទៅដល់ភូមិមួយឈ្មោះថា ភូមិស្រះត្រកួន ហើយបន្តទៀតនឹងទៅដល់ភូមិផ្កាដូងតែម្តង។ សាលារៀននេះ មានអគារសិក្សាចំនួន២អគារ ចែកចេញជា៥បន្ទប់ ក្នុងនោះមានថ្នាក់ទី៧មួយបន្ទប់ ថ្នាក់ទី៨មួយបន្ទប់ ថ្នាក់ទី៩មួយបន្ទប់ ទីចាត់ការមួយបន្ទប់ និងបណ្ណាល័យ១បន្ទប់។ ក្រៅពីបន្ទប់រៀន មានបន្ទប់ទឹក១ខ្នងចំនួន៤បន្ទប់គឺ បន្ទប់ទឹកស្រី១បន្ទប់ បន្ទប់ទឹកប្រុស១បន្ទប់ បន្ទប់ទឹកគ្រូ១បន្ទប់ និងឃ្លាំងដាក់សម្ភារៈអនាម័យ១បន្ទប់ផងដែរ។
- សាខាទី៣ៈ វិទ្យាល័យចម្រើនវិជ្ជា មានទីតាំងស្ថិតនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សាលារៀននេះ មាន១អគារ ចែកចេញជា៤បន្ទប់ បន្ទប់រៀន៣បន្ទប់ ទីចាត់ការ១បន្ទប់។ ក្រៅពីនេះមានអន្តេវាសិកដ្ឋានរបស់គ្រូ២បន្ទប់។ បន្ទប់ទឹកមួយខ្នងមាន៣បន្ទប់ បន្ទប់ទឹកគ្រូ១បន្ទប់ បន្ទប់ទឹកស្រី១បន្ទប់ និងបន្ទប់ទឹកប្រុស១បន្ទប់។
- សាខាទី៤ៈ វិទ្យាល័យចម្រើនវិជ្ជា មានទីតាំងស្ថិតនៅ ខេត្តកំពង់ចាម ដែលនៅតាមបណ្តោយវិថីខេមរៈភូមិន្ទ និងវិថីព្រះបាទអង្គចន្ទ។
កម្មវិធីសិក្សា
[កែប្រែ]ការបង្រៀនៈ សាលារៀនចម្រើនវិជ្ជា ជាសាលាឯកជនមួយដែលមានកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សាជាតិ ហើយអនុវត្តមុខវិជ្ជាសិក្សាដូចទៅនឹងសាលារដ្ឋដែរ។ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់សាលារៀនចម្រើនវិជ្ជាមានភាពខុសពីសាលារដ្ឋគឺ កូនសិស្សដែលបានចូលមកសិក្សានៅសាលានេះមិនតម្រូវឱ្បបង់លុយ ឬរៀនគួរបន្ថែមឡើយ។ ផ្ទុយទៅវិញសាលាបានបន្ថែមចំនួនម៉ោងទៅលើមុខវិជ្ជសំខាន់ៗដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរជាដើម។
ចាប់តាំងពីឆ្នាំ ២០១៧ ក្រោមការរៀបចំរបស់ផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា សិស្សានុសិស្ស មកពីវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីដំណើរការ ជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯក។[១] ដំណើរទស្សនកិច្ចរបស់ សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែម នូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ ពិនិត្យមើលទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលបន្សល់ទុកពី របបខ្មែរក្រហម និងការចងចាំរឿងរ៉ាវអតីតកាល។ [២]
ឯកសារយោង
[កែប្រែ]- ↑ សាលាក្តីខ្មែរក្រហមបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំមេដឹកនាំខ្មែរក្រហមជូនដល់សាធារណជន, GrandNews, ថ្ងៃពុធ ទី ១៨ មករា ២០១៧[តំណភ្ជាប់ខូច]
- ↑ សិស្សជាង៣០០នាក់ មកពីវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម, FreshNews Asia, ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧
តំណភ្ជាប់
[កែប្រែ]អត្ថបទទាក់ទងនឹងសាលារៀននេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |