វៀតណាម
Cộng hòa Xã hội chủ nghĩa Việt Nam | |
---|---|
បាវចនា Độc lập – Tự do – Hạnh phúc "ឯករាជ្យភាព – សេរីភាព – សុភមង្គល" | |
ទីតាំងប្រទេសវៀតណាម (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ហាណូយ 21°2′N 105°51′E / 21.033°N 105.850°E |
ទីក្រុងធំបំផុត | ទីក្រុងហូជីមិញ 10°48′N 106°39′E / 10.800°N 106.650°E |
ភាសាផ្លូវការ | ភាសាវៀតណាម[១] |
ក្រុមជនជាតិ (ឆ្នាំ ២០១៩) | |
សាសនា (ឆ្នាំ ២០១៩) |
|
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយម រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីនអាស្រ័យសភាឯកភូត |
តូ ឡឹម | |
លឿង កឿង | |
ផាំ មិញជិញ | |
វឿង ឌិញហ៊ួយ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
៩៣៩ | |
- នគរដំបូង | ៩៦៨ |
១៤២៨ | |
១៨០២ | |
២៥ សីហា ១៨៨៣ | |
២ កញ្ញា ១៩៤៥ | |
២១ កក្កដា ១៩៥៤ | |
៣០ មេសា ១៩៧៥ | |
២ កក្កដា ១៩៧៦ | |
- ដូយម៉ឺយ | ១៨ ធ្នូ ១៩៨៦ |
២៨ វិច្ឆិកា ២០១៣ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៣១,២១២ គ.ម២ (ទី៦៦) |
- ផ្ទៃទឹក (%) | ៦.៣៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៩៩,៤៦០,០០០[៥] (ទី១៥) |
- ជំរឿន (ឆ្នាំ ២០១៩) | ៩៦,២០៨,៩៨៤[៣] |
- ដង់ស៊ីតេ | ២៩៥.០ នាក់/គ.ម២ (ទី២៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១.៤៥០ ទ្រីលានដុល្លារ[៦] (ទី២៦) |
- ក្នុងម្នាក់ | ១៤,៤៥៨ ដុល្លារ[៦] (ទី១០៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៤៤៩.០៩៤ ពាន់លានដុល្លារ[៦] (ទី៣៤) |
- ក្នុងម្នាក់ | ៤,៤៧៥ ដុល្លារ[៦] (ទី១១៦) |
ជីនី (២០១៨) | ៣៥.៧[៧] មធ្យម |
HDI (២០២១) | ០.៧០៣[៨] ខ្ពស់ · ទី១១៥ |
រូបិយវត្ថុ | ដុង (₫) (VND) |
ល្វែងម៉ោង | UTC+០៧:០០ (ម៉ោងស្តង់ដាវៀតណាម) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy |
បណ្ដាញចែកចាយអគ្គិសនី | ២២០ V – ៥០ Hz |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨៤ |
កូដ ISO 3166 | VN |
ដែនកម្រិតខ្ពស់ | .vn |
ប្រទេសវៀតណាម (ភាសាវៀតណាម៖ Việt Nam) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng hòa xã hội chủ nghĩa Việt Nam) គឺជាប្រទេសមួយស្ថិតនៅជាយខាងកើតនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយមានក្រឡាផ្ទៃសរុប ៣៣១,២១២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅចំនួន ៩៩ លាននាក់។ ប្រទេសវៀតណាមមានព្រំដែនគោកជាប់ប្រទេសចិននៅភាគខាងជើង ប្រទេសកម្ពុជានិងឡាវនៅភាគខាងលិច ហើយមានដែនទឹកជាប់ប្រទេសថៃតាមរយៈឈូងសមុទ្រថៃ និងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតាមរយៈសមុទ្រចិនខាងត្បូង។ រដ្ឋធានីរបស់ប្រទេសវៀតណាមគឺទីក្រុងហាណូយ រីឯទីក្រុងធំបំផុតគឺទីក្រុងហូជីមិញ (អតីតក្រុងព្រៃនគរ)។
មនុស្សបានចូលមករស់នៅលើទឹកដីវៀតណាមដំបូងនៅក្នុងយុគសម័យថ្មបំបែក និងបានបង្កើតរដ្ឋដំបូងក្នុងសហវត្សទី ១ មុន គ.ស. នៅលើដីសណ្ដទន្លេក្រហមនៃវៀតណាមភាគខាងជើងបច្ចុប្បន្ន។ រាជវង្សហានបានកាត់បញ្ចូលវៀតណាមខាងជើង និងកណ្តាលដាក់នៅក្រោមការគ្រប់គ្រងរបស់ចិនចាប់ពីឆ្នាំ ១១១ មុន គ.ស. រហូតដល់រាជវង្សឯករាជ្យទីមួយបានលេចឡើងនៅឆ្នាំ ៩៣៩។ នគររាជានិយមជាបន្តបន្ទាប់បានស្រូបយកឥទ្ធិពលពីចិនតាមរយៈលទ្ធិខុងជឺ និងព្រះពុទ្ធសាសនា ហើយបានបន្តរីករាលដាលទៅភាគខាងត្បូងពោលគឺរហូតដល់ដីសណ្ដទន្លេមេគង្គ ដោយបានវាយដណ្តើមកាន់កាប់ប្រទេសចាម្ប៉ានៅក្នុងដំណើរនេះ។ រាជវង្សង្វៀន ដែលត្រូវជានគរចុងក្រោយរបស់វៀតណាម បានទទួលចុះចាញ់ក្រោមទ្វៃដៃនៃមហាអំណាចបារាំងនៅក្នុងឆ្នាំ១៨៨៣។ បន្ទាប់ពីបដិវត្តន៍ខែសីហា បក្សសម្ព័ន្ធជាតិនិយមហៅវៀតមិញ ក្រោមការដឹកនាំរបស់អ្នកបដិវត្តន៍កុម្មុយនីស្តឈ្មោះហូ ជីមិញ បានប្រកាសពីឯករាជ្យភាពរបស់វៀតណាមនៅក្នុងឆ្នាំ១៩៤៥។
ប្រទេសវៀតណាមបានឆ្លងកាត់សង្រ្គាមអូសបន្លាយគ្នាជាច្រើនឆ្នាំនៅក្នុងសតវត្សរ៍ទី២០។ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ បារាំងបានវិលត្រឡប់មកក្ដោបក្ដាប់អំណាចអាណានិគមវិញដែលជាហេតុនាំឱ្យសង្គ្រាមឥណ្ឌូចិនលើកទី១ ផ្ទុះឡើងដោយមានវៀតណាមជាអ្នកទទួលបានជ័យជំនះនៅក្នុងឆ្នាំ១៩៥៤។ ជាលទ្ធផលនៃសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងវៀតមិញ និងបារាំង ប្រទេសវៀតណាមទាំងមូលត្រូវបានបំបែកចេញជាពីរផ្នែកផ្សេងគ្នា។ សង្គ្រាមវៀតណាមបានចាប់ផ្ទុះឡើងភ្លាមៗរវាងក្រុមកុម្មុយនីស្តនិយមប៉ែកខាងជើងដែលគាំទ្រដោយសហភាពសូវៀត និងចិន ប្រយុទ្ធប្រឆាំងនឹងក្រុមនិយមប្រឆាំងកុម្មុយនីស្តប៉ែកខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីជ័យជំនះរបស់វៀតណាមខាងជើងក្នុងឆ្នាំ១៩៧៥ វៀតណាមបានបង្រួបបង្រួមជារដ្ឋសង្គមនិយមតែមួយក្រោមអំណាចគ្រប់គ្រងនៃបក្សកុម្មុយនីស្តវៀតណាម (ប.ក.វ.) នៅឆ្នាំ១៩៧៦។ សេដ្ឋកិច្ចផែនការដែលបានផ្ដើមឡើងដោយរដ្ឋាភិបាលមិនបានទទួលផ្លែផ្កាអ្វីនោះឡើយព្រោះតែខ្លួនត្រូវជាប់ទណ្ឌកម្មពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកខាងលិច និងសង្រ្គាមជាមួយកម្ពុជា ហើយនិងចិន។ នៅឆ្នាំ១៩៨៦ បក្សកុម្មុយនីស្តបានផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយដែលមានលក្ខណៈស្រដៀងទៅនឹងកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនដែរ ដោយប្រទេសនេះបានបង្វែរតម្រង់ទៅរកសេដ្ឋកិច្ចទីផ្សារធូរទូលាយជាងមុន។ កំណែទម្រង់នេះដែរបានជួយសម្រួលដល់ការធ្វើសមាហរណកម្មវៀតណាមឡើងវិញទៅក្នុងសេដ្ឋកិច្ច និងនយោបាយពិភពលោក។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតទាប វៀតណាមនៅតែបន្តជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតប្រចាំសតវត្សទី២១។ សព្វថ្ងៃ វៀតណាមកំពុងមានវិបត្តិអំពើពុករលួយកម្រិតខ្ពស់ ពិរុទ្ធភាព បញ្ហាបរិស្ថាន និងកំណត់ត្រារំលោភសិទ្ធិមនុស្សខ្ពស់។ ប្រទេសនេះផងដែរកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុតនៃរង្វាស់សេរីភាពស៊ីវិលអន្តរជាតិ សេរីភាពសារព័ត៌មាន សេរីភាពខាងសាសនា និងជនជាតិភាគតិច។ វៀតណាមជារដ្ឋសមាជិកមួយនៃបណ្ដាស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលជាច្រើនរួមមាន៖ អាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ លើសពីនេះ វៀតណាមក៏ធ្លាប់បានកាន់អាសនៈនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចំនួនពីរដងផងដែរ។
និរុត្តិសាស្ត្រ
[កែប្រែ]ពាក្យ វៀតណាម មកពីសម័យ រាជាធិរាជគៀលង់ នៅឆ្នាំ១៨០៤។[៩] ពាក្យនេះជាបរមនាម របស់ប្រជាជន ណាមវៀត (南越, វៀតខាងត្បូង) ។ កាលពីសម័យបុរាណ គេហៅខ្លូនឯង ណាមវៀត។[១០] នៅឆ្នាំ១៨៣៩ រាជាធិរាជមីណមាង បានប្ដូរឈ្មោះប្រទេស ដូច ដាយ ណាម (ខាងត្បូងមហិមា)។[១១] នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលក៏បានធ្វើការប្តូឈ្មោះទៅជា វៀតណាម វិញ។
ប្រវត្ដិសាស្ដ្រ
[កែប្រែ]សម័យបុរេប្រវត្ដិ
[កែប្រែ]អរិយធម៌សម័យមុនប្រវត្ដិសាស្ដ្ររបស់ប្រទេសវៀតណាមមានឈ្មោះល្បីល្បាញខ្លាំងណាស់ ជាពិសេសអរិយធម៌យុគថ្មថ្មី ដែលមានភស្ដុតាងបញ្ជាក់គឺ ស្គធ្វើពីសំរិទ្ធ និងទីប្រជុំជនបុរាណនៅដុងសឺន ខេត្ដថែងវ៉ា ខាងត្បូងមាត់ទន្លេក្រហម។ គេសន្និដ្ឋានថា បុព្វបុរសរបស់ជនជាតិវៀតណាមបុរាណជាការផ្សំពូជរវាងជនជាតិម៉ុងកូលយដ៍មកពីចិនខាងជើងនិងខាងត្បូង ជាអ្នកស្រុកសមុទ្រ មានមុខរបរធ្វើស្រែដាំស្រូវ និងនេសាទ និងរស់នៅជាមួយគ្នាជាកុលសម្ព័ន្ធ។ កំណត់ត្រាប្រវត្ដិសាស្ដ្រសម័យក្រោយរបស់វៀតណាមហៅសម័យនេះថា អាណាចក្រវ៉ាន់ឡាង មានមេដឹកនាំគ្រប់គ្រងបន្ដគ្នារាប់រយឆ្នាំហៅថា ស្ដេចហ៊ុង តែត្រូវគេចាត់ទុកជាសម័យបុរេប្រវត្ដិ។
សម័យប្រវត្ដិសាស្ដ្រ
[កែប្រែ]វៀតណាមចាប់ផ្ដើមចូលក្នុងយុគសម័យប្រវត្ដិសាស្រ្ដក្រោយពេលដែលពួកកុលសម្ព័ន្ធធុក មកពីភាគខាងត្បូងនៃប្រទេសចិនចូលមកទន្ទ្រាននិងគ្រប់គ្រងដែនដីតំបន់ទំនាបទន្លេក្រហម។ ក្រោយពីនោះមិនយូរប៉ុន្មានចក្រពត្ដិជិនស៊ីហង់តេដែលចាប់ផ្ដើមបង្រួបបង្រួមដែនដីចិនឱ្យមានឯកភាព បានលើកទ័ពចុះមកហើយកម្ទេចអាណាចក្រធុក រួចបញ្ចូលដែនដីតំបន់ទំនាបទន្លេក្រហមទាំងអស់ឱ្យនៅចំណុះផ្ទាល់ក្រោមការគ្រប់គ្រងរបស់ណានហៃ (ស្រុកផានង្វីឬក្វាងចូវក្នុងមណ្ឌលក្វាងចូវបច្ចុប្បន្ន)។ ក្រោយពេលរាជវង្សឈិនដួលរលំ មន្រ្ដីណានហៃគឺ ចាវថួ ប្រកាសបង្កើតណានហៃជាអាណាចក្រឯករាជ្យ មានឈ្មោះថា ណានយ៉េវ ឬណាមវៀត(ក្នុងសំនៀងវៀតណាម) ដែលជាដើមកំណើតនៃឈ្មោះវៀតណាមក្នុងពេលបច្ចុប្បន្ន។ ក្រោយមកកងទ័ពហានរបស់ចិនបានចូលមកវាយយកអាណាចក្រណាមវៀតបានក្នុងឆ្នាំ ៤២ មុខគ.ស ហើយបូកបញ្ចូលដែនដីនេះជាផ្នែកមួយរបស់ចិន ដោយដាក់ឈ្មោះថា ចៀវជឺ រួចពង្រីកអាណាខេត្ដចុះមកភាគខាងត្បូងដល់បរិវេណតំបន់ខេត្ដដាណាំងបច្ចុប្បន្ន និងបញ្ជូនមន្ដ្រីគ្រប់គ្រងថ្នាក់ខ្ពស់មកប្រចាំការ ជាកំឡុងពេលដែលជនជាតិចិននាំវប្បធម៌ចិន ទៅផ្សព្វផ្សាយនៅលើដែនដីនេះ។ ចិនបានប្រមូលផលប្រយោជន៍ ទ្រព្យសម្បត្ដិពីពួកម្ចាស់ស្រុកឬជនជាតិវៀតណាម ជាហេតុបង្កឱ្យមានការងើបបះបោរប្រឆាំងយ៉ាងធ្ងន់ធ្ងរជាលើកច្រើនគ្រា។
បីឆ្នាំក្រោយមក វីរនារីនាម ហាយបាជឹង បានដឹកនាំកងទ័ពប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន តែទទួលបរាជ័យ ហើយវៀតណាមធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិនដដែល។
អ្នកទោសបញ្ញា ជនជាតិចិនឈ្មោះ លីបូន បានរួមដៃជាមួយបញ្ញាជនជនជាតិវៀតណាមដើម្បីធ្វើបដិវត្ដ បង្កើតរាជវង្សលី ដាក់ឈ្មោះតំបន់នេះថា វ៉ាន់សួន តែត្រូវទទួលបរាជ័យទៀត។
ការគ្រប់គ្រងរបស់ចិននៅវៀតណាមមានការដាច់រយៈតាមស្ថានការក្នុងប្រទេសរបស់ខ្លួន ដែលជាឱកាសធ្វើឱ្យពួកម្ចាស់ស្រុកនៅវៀតណាមប្រកាសឯករាជ្យ។ ក្នុងកំឡុងពេលដែលវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជ្យវង្សថាង ពុទ្ធសាសនាចាប់ផ្ដើមចូលមកវៀតណាម។ ស្រុកតាឡឬហាណូយ ជាស្រុកធំជាងគេ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរបស់ចិននិងឥណ្ឌា។ ព្រះសង្ឃនិងអ្នកបួសក្នុងសាសនាតាវពីប្រទេសចិនធ្វើដំណើរចូលមកអាស្រ័យនៅលើដែនដីនេះ ក្រោយមករាជវង្សថាងបានប្ដូរឈ្មោះតំបន់គ្រប់គ្រងនេះជាថ្មីថា អាន់ណាន (ឬអណ្ណាម ក្នុងសំនៀងវៀតណាម) ក្រោយពេលបង្ក្រាបពួកម្ចាស់ស្រុកបាន តែចាត់ទុកជាវារៈចុងក្រោយនៃការគ្រប់គ្រងរបស់ចិន។
គ.ស ៩៥៥-៩៦៧
[កែប្រែ]រាជវង្សង៉ូ ក្រោយពេលការដួលរលំនៃរាជវង្សថាងរបស់ចិន លោកមេទ័ពង៉ូង្វៀន មេទ័ពក្នុងស្រុកនៃតំបន់វ៉ាលឺ ភាគខាងត្បូងនៃទន្លេក្រហម បានវាយបណ្ដេញពួកចិន ហើយបង្កើតរាជវង្សង៉ូ និងប្ដូរឈ្មោះប្រទេសជា ដាយវៀត។ ក្រោយពេលព្រះអង្គសុគត អាណាចក្រត្រូវបែងចែកជា ១២ នគរ មានមេដឹកនាំរៀងខ្លួនដែលមិនចំណុះគ្នា។
គ.ស ៩៦៨-៩៨០
[កែប្រែ]រាជវង្សឌិង លោកមេទ័ពឌិងបុលិង របស់រាជវង្សង៉ូ អាចបង្ក្រាបនិងបង្រួបង្រួមនគរផ្សេងៗ ឱ្យមានឯកភាព ហើយប្ដូរឈ្មោះប្រទេសជា ដាយកូវៀត ចាប់ផ្ដើមអនុវត្ដរបបគ្រប់គ្រងបែបចិនសម័យមុន ហើយតាំងខ្លួនជាស្ដេចចក្រពត្ដិ ឌិងទៀន ឬឌិងទៀនវ៉ាង ប្រៀបស្មើនឹងចក្រពត្ដិជិនស៊ីហង់តេអ្នកបង្រួបបង្រួមដែនដីចិន ចាត់ទុកជាការចាប់ផ្ដើមប្រើតំណែងចក្រពត្ដិ ឬវ៉ាងដេនៅវៀតណាមជាលើកដំបូង។
គ.ស ៩៨១-១០០៩
[កែប្រែ]រាជវង្សទៀនលេ ឬលេយុគសម័យដំបូង មហេសីរបស់ចក្រពត្ដិឌិងបុលិង បានបណ្ដេញរជ្ជទាយាទរាជវង្សឌិង ស្ថាបនាព្រះស្វាមីថ្មីគឺ លោកមេទ័ពលេវ៉ាន ឱ្យឡើងធ្វើជាចក្រពត្ដិលេដាយហែង ដោយខិតខំពង្រឹងស្ថេរភាពដោយទៅរឹតចំណងសម្ព័ន្ធមេត្រីជាមួយរាជវង្សសុងរបស់ចិន និងបង្រ្កាបចលនាក្បត់ក្នុងប្រទេស តែនៅតែមិនអាចគេចផុតពីការធ្វើរដ្ឋប្រហារ។ ក្នុងសម័យនេះព្រះពុទ្ធសាសនា និងសាសនាតាវរុងរឿងណាស់ បានទទួលការគោរពពីពួកមន្រ្ដីថ្នាក់ខ្ពស់។
រាជវង្សសម័យថ្មី
[កែប្រែ]គ.ស ១០០៩-១២២៥
[កែប្រែ]រាជវង្សលី លី កុង អួន មានអំណាចនៅក្នុងរាជសំណាក់វ៉ាលឺ ពេលឡើងគ្រងរាជទ្រង់ប្ដូររាជធានីទៅឯ ថាងឡង (ហាណូយ) ទ្រង់បានបង្កើតវត្ដ ១៥០ កន្លែង នៅឆ្នាំគ.ស ១០៧០ នាំយកប្រព័ន្ធការប្រឡង ចងួន មកប្រើ បង្កើតសាកលវិទ្យាល័យវ៉ាន់មៀវ ផ្ដល់ចំណេះដឹងទាក់ទងនឹងអក្សរសិល្ប៍ខុងជឺ ដើម្បីប្រឡងចូលបម្រើរាជការក្នុងប្រព័ន្ធចងួន តែពួកមន្រ្ដីនៅមានអំណាចតិចតួច មន្ដ្រីមួយចំនួនមានខ្សែស្រឡាយអ្នកមានអំណាចតាមខេត្ដខណ្ឌ ក្រោយមកទ្រង់ព្រះនាមថា លីថៃតូ ។ សម័យលីជាសម័យដែលព្រះពុទ្ធសាសនាមានឥទ្ធិពលលើនយោបាយគ្រប់គ្រងនិងសង្គមយ៉ាងខ្លាំង ទីប្រឹក្សារាជការក្នុងរជ្ជកាលខ្លះជាព្រះសង្ឃ។ ចក្រពត្ដិរាជវង្សលីសម័យក្រោយបង្កើតវត្ដធំៗ ជាច្រើនកន្លែង និងដាក់រាជសម្បត្ដិចេញសាងផ្នួស ជាមូលហេតុធ្វើឱ្យអំណាចក្នុងការគ្រប់គ្រងរាជការត្រូវធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ញាតិព្រះរាជជាយាដែលមកពីត្រកូលអ្នកមាននៅតាមខេត្ដ។ ក្សត្រគ្រប់គ្រងអង្គចុងក្រោយជាក្មេងស្រីដែលទទួលការតែងតាំងជាចក្រពត្ដិនី ព្រះនាមថា លីចៀវ។ ការគ្រប់គ្រងរាជការធ្លាក់នៅក្រោមអំណាចព្រះញាតិវង្សព្រះមាតា ដែលជាមេទ័ពមានកងកម្លាំងទាហាននៅតាមខេត្ត ដូចជា ចឺនធូដុ ដែលធ្វើរដ្ឋប្រហារផ្ដួលរំលំរាជវង្សលីនាពេលក្រោយមកទៀត។
គ.ស ១២២៥-១៤០០
[កែប្រែ]រាជវង្សចឺន ចឺនធូដុ ញាតិរបស់ព្រះជាយាចក្រពត្ដិ ធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចក្នុងពេលដែលមានចលនាក្បត់និងការរុករានពីមេទ័ពបរទេស ក្រោយមកបានរៀបអភិសេកជាមួយព្រះនាងចៀវវ៉ាង ចក្រពត្ដិនីអង្គចុងក្រោយនៃរាជវង្សលី ហើយលើកក្មួយឱ្យធ្វើជាចក្រពត្ដិអង្គដំបូងនៃរាជវង្សចឺន។ សម័យចឺន វៀតណាមត្រូវប្រឈមមុខនឹងសង្គ្រាមជាប្រចាំ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺការរុករានពីសំណាក់ពួកម៉ុងកូលនិងចាម្ប៉ា។ សម័យចឺនចាប់ផ្ដើមផ្ដល់ភាពសំខាន់លើអរិយធម៌ចិនច្រើនជាងយុគសម័យមុនៗ ជាពិសេសខាងផ្នែកភូមិបញ្ញានិងអក្សរសាស្រ្ដ រួមទាំងការគ្រប់គ្រងនគរដូចចិន។ នៅសម័យនោះមានការចងក្រងប្រវត្ដិពង្សាវតារជាតិវៀតណាមជាលើកដំបូង មានឈ្មោះថា ដាយវៀតស៊ឺគី ឬកំណត់ត្រាប្រវត្ដិសាស្រ្ដអាណាចក្រដាយវៀត ដោយរាជបណ្ឌិត លេវ៉ាន់ហ៊ឹវ។ ក្រៅពីនេះនៅមានការចាប់ផ្ដើមប្រឌិតអក្សរវៀតណាម ដែលគេហៅថា អក្សរណូម ជាលើកដំបូង។
គ.ស ១៤០០-១៩៤៨
[កែប្រែ]រាជវង្សហូ ហូគុយលី ញាតិរបស់ព្រះជាយាចក្រពត្ដិរាជវង្សចឺន បង្កើតមូលដ្ឋានអំណាចរបស់ខ្លួនដោយការធ្វើជាមេទ័ពធ្វើសង្រ្គាមជាមួយពួកចាមខាងត្បូង ក្រោយមកបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីចក្រពត្ដិរាជវង្សចឺន ហើយព្យាយាមកម្ចាត់ខ្សែរាជវង្សដែលនៅសេសសល់។ ក្រោយមកឡើងគ្រងរាជតាំងទាយាទរបស់ខ្លួនឱ្យធ្វើជាចក្រពត្ដិនាពេលក្រោយមក រាជវង្សចឺនបានទៅសុំជំនួយពីរាជវង្សចិន ធ្វើឱ្យចិនបញ្ជូនកងទ័ព ចូលលមកផ្ដួលរំលំរាជវង្សហូ តែចុងក្រោយមិនព្រមប្រគល់អំណាចឱ្យរាជវង្សចឺន ហើយគ្រប់គ្រងវៀតណាមដោយខ្លួនឯង។
ការដណ្ដើមឯករាជ្យ និងការបង្កើតរាជវង្សលេ(សម័យក្រោយ) គ.ស ១៤២៨-១៧៨៨ លេឡឺយ ជនជាតិថែងវ៉ា ខាងត្បូងនៃទីក្រុងហាណូយ បានប្រមូលស្ម័គ្របក្សពួកតំាងខ្លួនធ្វើជាមេដឹកនាំវៀតណាម វាយបណ្ដេញចិនឱ្យចេញពីវៀតណាមបានជោគជ័យ។ ក្រោយមកក្នុងឆ្នាំគ.ស ១៤២៨ លេឡឺយឡើងគ្រងរាជ្យជាចក្រពត្ដិអង្គថ្មី ស្ថាបនារាជវង្សលេ មានរាជធានីនៅហាណូយ ឬថាងឡង និងមានរាជធានីមួយកន្លែងទៀតនៅខេត្ដថែងវ៉ា(ថាន់វ៉ា) ឬរាជធានីខាងលិច ដែលជាភូមិកំណើតរបស់លេឡឺយនិងត្រកូលលេ ក្រោយមកលេឡឺយបានទទួលការថ្វាយព្រះនាមថា លេថៃតូ។
រាជវង្សលេក្នុងដំណាក់កាលដំបូងជាដំណាក់កាលបង្កើតស្ថេរភាពនិងស្រោចស្រង់ប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងសម័យលេថៃតូ ឬលេឡឺយ ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងរាជការ រៀបចំប្រឡងជ្រើសរើសមន្រ្ដី បង្កើតច្បាប់ថ្មី បែងចែកតំបន់គ្រប់គ្រងថ្មី លើកស្ទួយវិស័យកសិកម្ម រួមទាំងការស្ថាបនាសម្ព័ន្ធការទូតជាមួយចិន ធ្វើឱ្យវៀតណាមឈានចូលដល់សម័យសន្ដិភាពរួចផុតពីសង្គ្រាមម្ដងទៀត។
ក្រោយសម័យលេឡឺយ ចាប់ផ្ដើមកើតមានទំនាស់រវាងមន្រ្ដីស៊ីវិល និងមន្រ្ដីយោធាដែលរួមទ័ពជាមួយលេឡឺយក្នុងការធ្វើចំបាំងប្រឆាំងចិន។ ទំនាស់នេះបានរីករាលដាលកាន់តែធ្ងន់ធ្ងររហូតធ្វើឱ្យមានការបែងចែកបក្សពួកនៅក្នុងក្រុមមន្ដ្រីរាជសំណាក់ រហូតកើតចលនារដ្ឋប្រហារលើកដំបូងលើរាជវង្សលេ ក្នុងឆ្នាំគ.ស ១៤៥៩ មានការធ្វើគត់ព្រះជននីនិងចក្រពត្ដិ។ ក្រោយមកទើបបណ្ដាមន្ដ្រីគាំទ្រឱ្យសមាជិករាជវង្សមួយព្រះអង្គទៀតឡើងមកធ្វើជាចក្រពត្ដិជំនួស ក្រោយមកគឺចក្រពត្ដិថែងតុង (គ.ស ១៤៦០-១៤៩៧)។
រជ្ជកាលចក្រពត្ដិថែងតុង មានរយៈពេលយូរនិងរុងរឿងបំផុតក្នុងប្រវត្ដិសាស្រ្ដវៀតណាម មានការបដិវត្ដប្រទេសលើវិស័យច្រើនផ្នែកដោយធ្វើតាមគំរូចិនលើសដើម ទាំងប្រព័ន្ធការប្រឡងជ្រើសរើសមន្ដ្រីដែលរៀបចំប្រឡងគ្រប់បីកម្រិត តាំងពីស្រុករហូតដល់រាជធានី ចំនួនមន្ដ្រីកើនឡើងទ្វេរគុណ ហើយធ្វើឱ្យប្រព័ន្ធគ្រប់គ្រងរាជការមានភាពរ៉ឹងប៉ឹងជាងសម័យមុន។ ក្រៅពីនេះនៅមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី ព្រះអង្គទ្រង់ធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចនិងជាមជ្ឈមណ្ឌលដោយការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលតែងតែមានទំនាស់ជាមួយវៀតណាម គឺចាម្ប៉ានិងឡាវ។ ឥទ្ធិពលរបស់វៀតណាមធ្វើឱ្យកក្រើកដល់អាណាចក្រជាតិពន្ធុថៃនៅចិនខាងត្បូងនិងឡានណា។ ក្រោយរជ្ជកាលនេះ រាជវង្សលេចាប់ផ្ដើមមានទំនាស់រវាងពួកមន្ដ្រី ខ្សែព្រះញាតិវង្ស និងបញ្ហាសេដ្ឋកិច្ច រហូតចុងក្រោយត្រូវរងការធ្វើរដ្ឋប្រហារដោយលោកមេទ័ពម៉ាក់ដំាងស៊ុង ក្នុងឆ្នាំគ.ស ១៥២៨។ ខ្សែរាជវង្សលេរត់ភាសខ្លួនដោយមានការជួយការពារពីពួកមេទ័ពត្រកូលង្វៀន និងត្រកូលជិង ដែលមានឥទ្ធិពលក្នុងរាជសំណាក់តាំងពីសម័យដំបូងនៃរាជវង្ស។
រាជវង្សលេចាប់ផ្ដើមស្ដារអំណាចឡើងវិញ ដោយមានមេទ័ពជាមនុស្សក្នុងត្រកូលង្វៀននិងត្រកូលជិង ធ្វើសង្គ្រាមជាមួយរាជវង្សម៉ាក់ រហូតដល់ឆ្នាំគ.ស ១៥៩៣ ទើបអាចដណ្ដើមយកក្រុងថាងឡងមកវិញបាននិងស្ដាររាជវង្សលេគ្រប់គ្រងវៀតណាមជាបន្ដទៀត។
សម័យបែងចែកជាវៀតណាមខាងជើងនិងវៀតណាមខាងត្បូង
[កែប្រែ]ក្រោយពេលស្ដាររាជវង្សលេបានហើយ លោកមេទ័ពត្រកូលជិងតាំងខ្លួនជាអ្នកសម្រេចរាជការ ហើយឱ្យលោកមេទ័ពត្រកូលង្វៀនទៅគ្រប់គ្រងតំបន់ជាយដែនខាងត្បូងបរិវេណខេត្ដដុងហឺយចុះទៅដល់ខេត្ដដាណាំងក្នុងពេលបច្ចុប្បន្ន។ មេទ័ពត្រកូលជិង តាំងខ្លួនជាម្ចាស់បន្ដតំណែងអ្នកសម្រេចរាជការក្នុងត្រូលរបស់ខ្លួន ទើបធ្វើឱ្យមេទ័ពត្រកូលង្វៀនប្រកាសមិនព្រមទទួលស្គាល់របបគ្រប់គ្រងរបស់ត្រកូលជិន រហូតធ្វើឱ្យកើតសង្គ្រាមជាថ្មីម្ដងទៀតរាប់សិបឆ្នាំ ទឹកដីវៀតណាមត្រូវបែងចែកជា ២ ផ្នែក ផ្នែកខាងជើងគឺវៀតណាមខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សលេនិងម្ចាស់ត្រកូលជិង មានរាជធានីនៅថាងឡង។ ចំណែកផ្នែកខាងត្បូង គឺវៀតណាមខាងត្បូង មានត្រកូលង្វៀនជាអ្នកគ្រប់គ្រងមានរាជធានីនៅខេត្ដហ៊្វូសួន ឬទីក្រុងវេសព្វថ្ងៃ។
សម័យតៃសឺន
[កែប្រែ]គ.ស ១៧៧៣
[កែប្រែ]កើតមានចលនាក្បត់ដឹកនាំដោយអ្នកស្រែបីនាក់បងប្អូននៅភូមិតៃសឺននៅខេត្ដប៊ិងឌិង តំបន់គ្រប់គ្រងរបស់ត្រកូលង្វៀន ហើយអាចវាយដណ្ដើមយកខេត្ដហ៊្វូសួន ធ្វើឱ្យអង្គម្ចាស់ង្វៀនអែង ខ្សែស្រឡាយត្រកូលង្វៀន រត់ចុះទៅខាងត្បូងវៀតណាមទៅរហូតដល់ក្រុងបាងកក មុនត្រឡប់មករួបរួមកម្លាំងយកឈ្នះពួកតៃសឺនវិញ។
អង្គមា្ចស់ង្វៀនអែង ឬង្វៀនហ្វុកអាន មេដឹកនាមត្រកូលង្វៀន ដែលតាំងខ្លួនជាចក្រពត្ដិអង្គថ្មីនៃរាជវង្សង្វៀន ក្នុងឆ្នាំគ.ស ១៨០២ បានស្ថាបនារាជធានីថ្មីនៅទីក្រុងវេ ជំនួសថាងឡង ដែលត្រូវប្ដូរឈ្មោះជាហាណូយ។
រាជវង្សង្វៀន
[កែប្រែ]គ.ស ១៨០២-១៩៤៥
[កែប្រែ]អង្គម្ចាស់ង្វៀនអែង ឬចក្រពត្ដិយ៉ាឡុង ចក្រពត្ដិអង្គដំបូងនៃរាជវង្សង្វៀន ចាប់ផ្ដើមពង្រីកទឹកដីវៀតណាមឱ្យមានវិសាលភាពស្ទើរស្មើបច្ចុប្បន្ន ដែនដីភាគខាងត្បូងពង្រីកទៅដល់មាត់ទន្លេមេគង្គ និងត្រើយជាប់ឈូងសមុទ្រថៃ។ ទ្រង់រក្សាសម្ព័ន្ធភាពជាមួយពួកបស្ចឹមប្រទេស ជាពិសេសបារាំងដែលជួយច្បាំងប្រឆាំងពួកតៃសឺន។ មេជាងជនជាតិបារាំងជួយគូសប្លង់ព្រះរាជវាំងនៅទីក្រុងវេ និងប៉មការពារក្រុងសៃហ្កន។
រាជវង្សង្វៀនរុងរឿងបំផុតនៅសម័យចក្រពត្ដិមិញម៉ាង ចក្រពត្ដិអង្គទី២ ទ្រង់ប្ដូរឈ្មោះប្រទេសជា ដាយណាម ពង្រីកអានុភាពទៅដល់ឡាវ និងកម្ពុជា បញ្ចូលដែនដីកម្ពុជាត្រើយខាងកើត ធ្វើសង្គ្រាមជាមួយសៀមជាបន្ដបន្ទាប់ជាងម្ភៃឆ្នាំ តែក្រោយមកត្រូវដកកម្លាំងពីកម្ពុជា ក្រោយពេលដែលត្រូវកម្ពុជាប្រឆាំងតបតវិញយ៉ាងខ្លាំងក្លា។
សម័យនេះវៀតណាចចាប់ផ្ដើមប្រើនយោបាយប្រឆាំងការផ្សព្វផ្សាយសាសនាគ្រិស្ដរបស់ព្រះសង្ឃមកពីអឺរ៉ុប មានការចាប់ដាក់គុក និងប្រហារព្រះសង្ឃមកពីអឺរ៉ុបជាបន្ដបន្ទាប់ រួមទាំងជនជាតិវៀតណាមដែលគោរពសាសនាគ្រិស្ដចំណុះបារាំង។ ជនជាតិវៀតណាមចាប់ផ្ដើមប្រឆំាងការទន្ទ្រានពីសំណាក់ពួកបារាំង តែមិនអាចទប់ទល់នឹងអានុភាពដ៏លើសលប់របស់បារាំងបាន ទើបបារាំងចូលមកគ្រប់គ្រងវៀតណាមកាន់តែខ្លាំងឡើងៗ ហើយបែងចែកវៀតណាមចេញជា ៣ ផ្នែក គឺអាណានិគមកូសាំងស៊ីនក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់អាណ្ណាម ភាគកណ្ដាល និងតុងកឹងនៃភាគខាងជើង ហើយវៀតណាមនៅមានចក្រពត្ដិជាប្រមុខដូចដើម តែត្រូវឆ្លងកាត់ការជ្រើសរើសដោយមន្ដ្រីបារាំង និងមានឋានៈជានិមិត្ដរូបនៃអំណាចគ្រប់គ្រងឃ្លាំង ឯកិច្ចការទាហាននិងការទូតជាតួនាទីរបស់បារំាង ហើយវៀតណាមក៏ត្រូវបាត់បង់ឯករាជ្យចាប់តាំងពីពេលនោះមក។
សម័យអាណានិគម
[កែប្រែ]បារាំងស្វែងរកផលប្រយោជន៍ពីការគ្រប់គ្រងវៀតណាមខាងផ្នែកសេដ្ឋកិច្ច។ វៀតណាមជាតំបន់កសិកម្មដំណាំស្រូវ និងរុក្ខជាតិសេដ្ឋកិច្ចថ្មីៗ ដូចជា កាហ្វេ និងកៅស៊ូ នាំចេញទៅបារាំងនិងជាវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅបារាំង ដីធ្លីនៅវៀតណាមត្រូវរឹបអូសនិងក្លាយជាកម្មសិទ្ធរបស់ជនជាតិបារាំង។ ជនជាតិបារាំងចាប់ផ្ដើមធ្វើដំណើរមកតាំងលំនៅនៅវៀតណាម ក្នុងពេលជាមួយគ្នាដែរក៏មានការអភិវឌ្ឍការសិក្សាអប់រំនិងវប្បធម៌បារាំងឱ្យមានការរីកចម្រើននៅវៀតណាម។ ជនជាតិវៀតណាមមួយភាគបានទទួលការសិក្សាបែបថ្មី និងចាប់ផ្ដើមទាមទារសេរីភាពក្នុងការធ្វើការនិងការរួមចំណែកក្នុងការគ្រប់គ្រងប្រទេស នាំទៅរកការបង្កើតឡើងនៃក្រុមពួកអ្នកជាតិនិយមផ្សេងៗ ដែលមានភាពរឹងមាំ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមិញ ក្នុងឆ្នាំគ.ស ១៩៣០ ហើយក្រោយមកបានប្ដូរជាក្រុមវៀតមិញ បានដឹកនាំពួកអ្នកស្រែបង្កចលនាប្រឆាំងបារាំងនៅជនបទ។
សម័យឯករាជ្យ
[កែប្រែ]គ.ស ១៩៤៥
[កែប្រែ]ហូជីមិញ ទទួលអំណាចពីចក្រពត្ដិបៅដាយ និងទទួលតំណែងជាប្រធានាធិបតីដំបូងគេក្រោយប្រកាសឯករាជ្យ។ តែក្រោយមកបារាំងបានមកបណ្ដេញរដ្ឋាភិបាលហូជីមិញ ហើយពុំព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម ជាការនាំទៅរកសង្គ្រាមដែលទីបំផុតបារាំងចាញ់កងទ័ពវៀតមិញនៅសមរភូមិដៀនបៀនភូ ក្នុងឆ្នាំគ.ស ១៩៥៤ ហើយមានការធ្វើសន្ធិសញ្ញាចឺវ៉ា នៅប្រទេសស្វិសព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម តែសហរដ្ឋអាមេរិចនិងវៀតណាមភាគត្បូង មិនព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់ហូជីមិញ ក្រោយមកបានបង្កើតដែនដីវៀតណាមខាងត្បូងជាប្រទេសមួយ គឺសាធារណរដ្ឋវៀតណាម(វៀតណាមខាងត្បូង) ដែលមានរដ្ឋធានីនៅសៃហ្កន ប្រើខ្សែរយៈទទឹងទី១៧ អង្សារខាងជើងបែងចែកទឹកដីជាមួយវៀតណាមខាងជើង ក្រោមការគ្រប់គ្រងរបស់ហូជីមិញ(វៀតណាមខាងជើង)។
សង្គ្រាមវៀតណាម
[កែប្រែ]វៀតណាមខាងជើងមិនព្រមទទួលស្គាល់វៀតណាមខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកបានជួយគាំទ្រខាងផ្នែកយោធាដល់វៀតណាមខាងត្បូងជាបន្ដបន្ទាប់ រួមទាំងការបញ្ជូនទាហានមកប្រចាំការនៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ។ វៀតណាមខាងចជើងប្រកាសសង្គា្រមដើម្បីបណ្ដេញ និងរំដោះវៀតណាមខាងត្បូងឱ្យរួមផុតពីការគ្រប់គ្រងរបស់អាមេរិក និងរួមគ្នាជាប្រទេសតែមួយ ព្រមទាំងផ្ដល់ការជួយគាំទ្រក្រុមវៀតណាចខាងត្បូងដែលប្រឆាំងអាមេរិក(វៀតកុង) ក្នុងការធ្វើសង្គ្រាម។
ការច្បាំងភាគច្រើនក្លាយជាការច្បាំងរវាងទាហានអាមេរិកនិងពួកសម្ព័ន្ធមិត្ដមកពីបរទេសជាមួយកងកម្លាំងវៀតកុងនិងវៀតណាមខាងជើង ទំាងនៅជនបទនិងការវាយលុកក្នុងទីក្រុង។ ថ្វីបើសហរដ្ឋអាមេរិកបានបញ្ចេញអានុភាពយ៉ាងខ្លាំងក្លាតែក៏មិនអាចធ្វើឱ្យសង្គ្រាមស្ងប់ស្ងាត់បាន ក្រោយពីការវាយលុកយ៉ាងសាហាវជាច្រើនលើករបស់វៀតណាមខាងជើងនិងពួកវៀតកុងនៅឆ្នាំគ.ស ១៩៦៨ នៅក្រុងវេ និងក្រុងសំខាន់ផ្សេងៗ ក្នុងដែនដីវៀតណាមខាងត្បូង សហរដ្ឋអាមេរិកចាប់ផ្ដើមត្រៀមការដកកម្លាំងពីវៀតណាមខាងត្បូង ហើយឱ្យវៀតណាមខាងត្បូងធ្វើសង្គ្រាមដោយខ្លួនឯង។
សហរដ្ឋអាមេរិកដកកម្លាំងទ័ពចេញពីវៀតណាមខាងត្បូងជាផ្លូវការនៅក្នុងឆ្នាំគ.ស ១៩៧៣ ទើបកងកម្លាំងវៀតណាមខាងជើងនិងវៀតកុងអាចវាយយកសៃហ្កន និងវៀតណាមខាងត្បូងបានទាំងអស់ ក្នុងឆ្នាំគ.ស ១៩៧៥ ។ ការបញ្ចូលវៀតណាមទាំងពីរចូលគ្នាត្រូវបានធ្វើឡើងនៅថ្ងៃទី២ កក្កដា ១៩៧៦ ហើយប្ដូរឈ្មោះប្រទេសវៀតណាមជា សាធារណរដ្ឋសង្គមនិយមវៀតណាម តាំងពីពេលនោះមក។
នយោបាយ
[កែប្រែ]វៀតណាមដើរតាមរបបសង្គមនិយមដែលមានគណបក្សនយោបាយតែមួយគត់គឺបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឆ្នាំ 2016 ប្រតិភូ 95.8%[១២] គឺជាសមាជិកគណបក្សនៅក្នុងរដ្ឋសភា ប្រធានរដ្ឋាភិបាល ក្រសួង និងរដ្ឋសភា ព្រមទាំងស្ថាប័នតុលាការ សុទ្ធតែជាសមាជិកគណបក្ស ហើយត្រូវបានតែងតាំងដោយគណៈកម្មាធិការប្រតិបត្តិដែលតែងតាំងដោយរដ្ឋាភិបាលកណ្តាល ឬការិយាល័យនយោបាយ។
បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយអគ្គលេខាធិកាត្រូវបានកំណត់ដោយមាត្រា៤នៃរដ្ឋធម្មនុញ្ញថាជាបក្សកាន់អំណាចដែលជាអង្គការនយោបាយតែមួយគត់ដែលដឹកនាំរដ្ឋនិងសង្គមក្នុងឆាកនយោបាយរបស់វៀតណាមបានប្តេជ្ញាចិត្តចំពោះគោលការណ៍ “លទ្ធិប្រជាធិបតេយ្យកណ្តាល” របស់លេនីន ហើយបានធ្វើ។ មិនអនុញ្ញាតឱ្យមានច្បាប់ពហុបក្ស។[១៣]
ប្រធានាធិបតីវៀតណាមជាប្រមុខរដ្ឋដែលមានសិទ្ធិដូចខាងក្រោមៈ ប្រកាសរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិ; អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធ; ស្នើរដ្ឋសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូល... ក្នុងនាមរដ្ឋក្នុងកិច្ចការក្នុងនិងក្រៅប្រទេស។
រដ្ឋសភាមានអាណត្តិ៥ឆ្នាំ ដឹកនាំដោយប្រធានរដ្ឋសភា ដែលយោងតាមរដ្ឋធម្មនុញ្ញ គឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។ មានតែរដ្ឋសភាទេដែលមានអំណាចរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដែលមានភារកិច្ចត្រួតពិនិត្យ និងសម្រេចលើគោលនយោបាយ និងគោលការណ៍ជាមូលដ្ឋាននៃបរិក្ខាររដ្ឋវៀតណាម និងទំនាក់ទំនងសង្គមស៊ីវិល។ រដ្ឋសភាមិនឯករាជ្យ និងគោរពតាមបទប្បញ្ញត្តិភាគច្រើនរបស់បក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែបន្ទាប់ពីរយៈពេលកំណែទម្រង់ចាប់ពីចុងទសវត្សរ៍ឆ្នាំ 1980 តួនាទីរបស់រដ្ឋសភាបានកើនឡើង។
រដ្ឋាភិបាលគឺជាស្ថាប័នប្រតិបត្តិនៃរដ្ឋសភា ដែលជាស្ថាប័នរដ្ឋបាលខ្ពស់បំផុត រួមទាំងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផងដែរ។
មុខតំណែងទាំងបួនរបស់អគ្គលេខាធិកា ប្រធាន នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាត្រូវបានគេហៅថាជាមេដឹកនាំសំខាន់ៗនៃបក្ស និងរដ្ឋវៀតណាម (ត្រូវតែជាសមាជិកការិយាល័យនយោបាយពេញមួយអាណត្តិ ឬលើសពីនេះ ក្នុងករណីជាពិសេសត្រូវតែសម្រេចដោយមជ្ឈិម គណៈកម្មាធិការប្រតិបត្តិ) ។
តុលាការប្រជាជនកំពូល គឺជាស្ថាប័នតុលាការ។ លើសពីនេះ តុលាការយោធាមានយុត្តាធិការពិសេសលើបញ្ហាសន្តិសុខជាតិ។
ស្ថាប័នអយ្យការកំពូលប្រជាជន គឺជាទីភ្នាក់ងារខ្ពស់បំផុតដែលកាន់អំណាចក្នុងការកាត់ទោស និងត្រួតពិនិត្យសកម្មភាពតុលាការនៅក្នុងប្រទេសវៀតណាម។
ភូមិសាស្ដ្រ
[កែប្រែ]វៀតណាមជាប្រទេសដែលមានផ្ទៃដីរាងជាទ្រវែង និងមានលក្ខណៈភូមិសាស្រ្ដជាភ្នំខ្ពស់បាំងរវាងទំនាបទន្លេដែលមានដីមានជីរជាតិរវាងភាគខាងជើងនិងភាគខាងត្បូង តែមានភ្នំដែលមានព្រៃស្ដុកត្រឹមតែ ២០% តែប៉ុណ្ណោះ។ វៀតណាមជាប្រទេសមួយក្នុងចំណោម ៦ ប្រទេសដែលមានជីវចម្រុះច្រើនបំផុត ដោយមានពូជឈើ ១៣០០០ ប្រភេទ និងពូជសត្វជាង ១៥០០០ ប្រភេទ។
លក្ខណៈភូមិសាស្រ្ដ
[កែប្រែ]-មានទំនាបទន្លេធំៗ ២ គឺ ភាគខាងជើងជាតំបន់ទំនាបទន្លេក្រហម និងភាគខាងត្បូជាតំបន់ទំនាបទន្លេមេគង្គ។
-មានតំបន់ខ្ពង់រាបនៅភាគខាងជើងនៃប្រទេស និងជាភូមិភាគដែលមានភ្នំហ្វានស៊ីប៉ាំង ដែលជាភ្នំខ្ពស់បំផុត ៣១៤៣ ម៉ែត្រ (១០៣១២ft) ស្ថិតនៅក្នុងខេត្ដឡាវកាយ ជាកំពូលភ្នំខ្ពស់ជាងគេនៅឥណ្ឌូចិន។
លក្ខណៈអាកាសធាតុ
[កែប្រែ]ជាអាកាសធាតុមូសុងតំបន់ក្ដៅ ឆ្នេរសមុទ្រផ្នែកខាងកើតបើកស្រឡះទទួលរបបខ្យល់មូសុងឥសានដែលបក់មកពីសមុទ្រចិនខាងត្បូង ធ្វើឱ្យមានរបបខ្យល់មូសុងនិងព្យុះខ្យល់គួចតំបន់ក្ដៅ ទើបមានភ្លៀងធ្លាក់ជោគជាំក្នុងរដូវរងារ អាចដាំស្រូវបាន ២ ដងក្នុងមួយឆ្នាំ (ភ្លៀងធ្លាក់ពេញមួយឆ្នាំ បានទទួលរបបខ្យល់មូសុងឥសាន)។ វៀតណាមខាងជើង (រួមទាំងទីក្រុងហាណូយ) ស្ថិតនៅក្រៅតំបន់ត្រូពិច ខណៈដែលវៀតណាមកណ្តាល និងខាងត្បូងមានអាកាសធាតុត្រូពិច។[១៤][១៥][១៦][១៧]
ជាប្រទេសដែលមានសំណើមប្រមាណ ៨៤% ពេញមួយឆ្នាំ មានបរិមាណទឹកភ្លៀងពី ១២០ ទៅ ៣០០ សង់ទីម៉ែត្រ និងសីតុណ្ហភាពមធ្យមពី ៥ អង្សារសេ (៤១ អង្សារហ្វារិនហៃ) ទៅ ៣៧ អង្សារសេ (៩៩ អង្សារហ្វារិនហៃ)។
ព្រំដែន
[កែប្រែ]ប្រទេសវៀតណាមមានប្រវែងព្រំដែនសរុប ៤៦៣៨ គីឡូម៉ែត្រ (២៨៨៣ ម៉ាយ) ដោយជាប់នឹងប្រទេសកម្ពុជាប្រវែង ១២២៨ គីឡូម៉ែត្រ (៧៦៣ ម៉ាយ) ជាប់ប្រទេសចិន ១២៨១ គីឡូម៉ែត្រ (៧៩៦ ម៉ាយ) និងប្រទេសឡាវ ២១៣០ គីឡូម៉ែត្រ (១៣២៤ ម៉ាយ)។
បំណែងចែករដ្ឋបាល
[កែប្រែ]ប្រទេសវៀតណាមបែងចែកជា ៥៨ ខេត្ដ និង ៥ ក្រុង
តំបន់ដែនដីទំនាបទន្លេក្រហម | តំបន់ភូមិភាគកណ្ដាលផ្នែកខាងជើង | តំបន់ភូមិភាគកណ្ដាលផ្នែកខាងត្បូង | តំបន់ភូមិភាគឥសាន | តំបន់ភូមិភាគពាយ័ព្យ | តំបន់ខ្ពស់ភាគកណ្ដាល | តំបន់ភូមិភាគអាគ្នេយ៍ | តំបន់ភូមិភាគទំនាបទន្លេមេគង្គ |
---|---|---|---|---|---|---|---|
ខេត្ដបាក់និញ | ខេត្ដហាទិញ | ខេត្ដប៊ិញឌិញ | ខេត្ដបាក់សាង | ខេត្ដដៀនបៀន | ខេត្ដដាក់ឡាក់ | ខេត្ដបាសៀក វុងតៅ | ខេត្ដអានយ៉ាង |
ខេត្ដហាណាម | ខេត្ដង៉ិអាន | ខេត្ដប៊ិញថួន | ខេត្ដបាក់កាន់ | ខេត្ដវ៉ាប៊ិញ | ខេត្ដដាក់ណុង | ខេត្ដប៊ិញសឿង | ខេត្ដបាក់លៀវ |
ខេត្ដហាយសឿង | ខេត្ដក្វាងប៊ិញ | ខេត្ដខាញ់វ៉ា | ខេត្ដកាវបាំង | ខេត្ដឡាយចឺវ | ខេត្ដសាឡាយ | ខេត្ដប៊ិញហ្វឿក | ខេត្ដបេនចែ |
ខេត្ដហ៊ឹងអៀន | ខេត្ដក្វាងជិ | ខេត្ដនិញថួន | ខេត្ដហាសាង | ខេត្ដសឺនឡា | ខេត្ដកនទូម | ខេត្ដដុងណាយ | ខេត្ដកាម៉ៅ |
ខេត្ដណាមឌិញ | ខេត្ដថាញ់វ៉ា | ខេត្ដហ្វូអៀន | ខេត្ដឡាំងសឺន | ខេត្ដឡឺមដុង | ខេត្ដតៃនិញ | ខេត្ដដុងថាប | |
ខេត្ដមិញប៊ិញ | ខេត្ដថឿថៀនវ៉េ | ខេត្ដក្វាងណាម | ខេត្ដវ៉ាវកាយ | ទីក្រុងហូជីមិញ | ខេត្ដហឺវសាង | ||
ខេត្ដថាយប៊ិញ | ខេត្ដក្វាងង៉ាយ | ខេត្ដហ្វូថក់ | ខេត្ដកៀនយ៉ាង | ||||
ខេត្ដវិញហ្វុក | ទីក្រុងដាណាំង | ខេត្ដក្វាងនិញ | ខេត្ដឡុងអាន | ||||
រដ្ឋធានីហាណូយ | ខេត្ដថាយង្វៀន | ខេត្ដសុកចាំង | |||||
ទីក្រុងហៃហ្វុង | ខេត្ដត្វៀនក្វាង | ខេត្ដតៀងសាង | |||||
ខេត្ដអៀនបាយ | ខេត្ដចាវិញ | ||||||
ខេត្ដវិញឡុង | |||||||
ទីក្រុងកឺនថឺ |
ប្រជាសាស្ត្រ
[កែប្រែ]ប្រជាជនមានចំនួន ៨៤.២៣ លាននាក់ មានដង់ស៊ីតេប្រជាជនជាមធ្យម ២៥៣ នាក់ក្នុងមួយគម២ មានជនជាតិវៀតណាម ៨៦% ។ ក្រៅពីនេះ នៅមានជនជាតិផ្សេងៗ ទៀត ដូចជា តាយ ថៃ មៀង ហួ(ចិន) ខ្មែរ នុង មុង។
វប្បធម៌
[កែប្រែ]តាមរយៈការស្រាវជ្រាវក្នុងឆ្នាំគ.ស ១៩៩៩ ប្រទេសវៀតណាមមានប្រជាជនដល់ទៅ ៨០% ដែលចាត់ទុកថាខ្លួនឯងមិនមានសាសនា ដែលនៅសេសសល់ពីនោះគឺគោរពរសាសនាខុងជឺ តាវ ពុទ្ធមហាយាន រ៉ូម៉ាំងកាតូលិក ប្រូតេស្ដង់ និងផ្សេងៗ តែក៏មានពួកមុស្លីមដែលរបស់នៅខាងភូមិភាគនិរតី ដែលជាជនជាតិចាម។
ក្នុងការទំនាក់ទំនងគេប្រើភាសាវៀតណាម ដែលកាលពីឆ្នាំគ.ស ១៩២០ អ្នកជំនាញការវៀតណាមបានធ្វើប្រជាមតិក្នុងការចង់ប្រើតួអក្សររ៉ូម៉ាំង (quoc ngu) ជំនួសតួអក្សរចិន (Chu Nom) ក្នុងការសរសេរភាសាវៀតណាម។
ពិធីបុណ្យផ្សេងៗ
[កែប្រែ]បុណ្យតេត ជាបុណ្យសាសនាដែលសំខាន់បំផុត មានឈ្មោះពេញថា “តេតង្វៀនដាន” មានន័យថា បុណ្យនៃពន្លឺដំបូងក្នុងឆ្នាំថ្មី មានរៀបចំធ្វើឡើងក្នុងរវាងចុងខែមករាដល់ដើមខែកុម្ភៈ ជាពិធីបុណ្យឆ្លងជំនឿលើអាទិទេព លទ្ធិតាវ ខុងជឺ និងសាសនាព្រះពុទ្ធ និងជាការគោរពបុព្វបុរស។
ពិធីបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះ ត្រូវនឹងថ្ងៃ ១៥ កើត ខែ ៨ រៀងរាល់ឆ្នាំ អ្នកស្រុកប្រកួតគ្នាធ្វើនំពៀកកូយួន(បាន់ត្រាំងធូ) ព្រមទាំងរៀបចំក្បួនហែរ លេងម៉ុងសាយនាគ ដើម្បីជាការបង្ហាញសេចក្ដីគោរពចំពោះដួងព្រះច័ន្ទ។
សេដ្ឋកិច្ច
[កែប្រែ]កសិកម្ម
[កែប្រែ]មានផលិតផលកសិកម្មដូចជា ស្រូវ កៅស៊ូ តែ កាហ្វេ ថ្នាំជក់ ម្រេច(ក្នុងឆ្នាំគ.ស ២០០៦ នាំចេញជាង ១១៦០០០តោន) ។ ការនេសាទ វៀតណាមចាប់ត្រីបានលំដាប់លេខ ៤ នៃទំនិញនាំចេញ ដូចជា ម៉ឹក បង្កង ។ ទីផ្សារសំខាន់គឺ ជប៉ុន តៃវ៉ាន់ និងសិង្ហបូរី។
ឧស្សាហកម្ម
[កែប្រែ]ឧស្សាហកម្មដែលសំខាន់គឺ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានមជ្ឈមណ្ឌលនៅឯក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មម៉មតាក់ស៊ីធីបៀនហូ។ ឧស្សាហកម្មរ៉ែសំខាន់គឺ ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។ វៀតណាមជាប្រទេសនាំចេញប្រេងឆៅលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ីនិងម៉ាលេស៊ី។
ការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការប្រឈមនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់ ធ្វើឱ្យមានការទិញថាមពលពីតំបន់យូណាននៃប្រទេសចិន តាំងពីខែកញ្ញាឆ្នាំ ២០០៤។
ហេតុផលសេដ្ឋកិច្ចជាហេតុផលសំខាន់បន្ទាប់ពីហេតុផលនយោបាយនិងយុទ្ធសាស្ដ្រក្នុងការដែលអាស៊ានទទួលវៀតណាមចូលជាសមាជិក ជាហេតុផលសំខាន់ដែលមិនអាចមើលរំលង សម្ព័ន្ធភាពទ្វេភាគីខាងសេដ្ឋកិច្ចរបស់វៀតណាម និងការដកទ័ពចេញពីកម្ពុជា ធ្វើឱ្យវៀតណាមត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពទីក្រុងបារីសឆ្នាំ ១៩៩១។
ផ្លូវគមនាគមន៍
[កែប្រែ]វៀតណាមមានអាកាសយានដ្ឋានខ្នាតធំ ៦ កន្លែង គឺ អាកាសយានដ្ឋានណូយបាយ(Noi Bai) នៅក្រុងហាណូយ អាកាសយានដ្ឋានតឺនសឺនញិត(Tan Son Nhat) នៅទីក្រុងហូជីមិញ អាកាសយានដ្ឋានឡុងថិញ(Long Thanh) អាកាសយានដ្ឋានជូឡាយ(
Chu Lai) នៅខេត្ដក្វាងណាម(Quang Nam) និងអាកាសយានដ្ឋានទីក្រុងដាណាំង (Danang)។
ការចូលជាសមាជិកអាស៊ាន
[កែប្រែ]១. ការគាំទ្រ និងការជួយអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមទាំងដោយត្រង់និងដោយប្រយោលពីប្រទេសសមាជិកអាស៊ាន ធ្វើឱ្យវៀតណាមមើលឃើញថា ជាប្រការដែលមកតំណាលគ្នាជាមួយការសម្របខ្លួនខាងយុទ្ធសាស្ដ្រនិងការសម្របខ្លួនខាងនយោបាយក្រៅប្រទេស។ ការចូលជាសមាជិកអាស៊ានធ្វើឱ្យវៀតណាមទទួលបានបទពិសោធក្នុងការអភិវឌ្ឍប្រទេសពីសមាជិកផ្សេងៗ ដែលជាកត្ដាជំនួយនិងជំរុញខ្លួនទៅរកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលអាចប្រកួតប្រជែងជាមួយប្រទេសដទៃបាននៅទីបំផុត។
២. វៀតណាមផ្ដោតការសំខាន់ចំពោះការចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃភូមិភាគអាស៊ីប៉ាស៊ីភិក និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកអាស៊ាននឹងនាំទៅរកការមានការរួមចំណែកក្នុងការធ្វើទីផ្សារសេរីអាស៊ាន ហើយនាំវៀតណាមទៅរកទម្លាប់នៃការប្រតិបត្ដិក្នុងការរួមក្រុមខាងសេដ្ឋកិច្ចកម្រិតពិភពលោក ដែលនឹងមានផលល្អនិងជាកត្ដាមួយដែលអាចជំរុញវៀតណាមឱ្យឈានទៅរកការចូលជាសមាជិករបស់ APEC និង WTO បាននៅពេលអនាគត។
៣. ក្នុងឋានៈជាសមាជិកអាស៊ាន វៀតណាមសង្ឃឹមថានឹងទទួលបានផលប្រយោជន៍ពីកំណើតពានិជ្ជកម្មនិងការវិនិយោគជាមួយប្រទេសអាស៊ានទំាងឡាយ។ ក្នុងពេលជាមួយគ្នាដែរ ក្នុងពេលដែលពានិជ្ជកម្មក្នុងក្រុមប្រទេសអាស៊ានកំពុងពង្រីកខ្លួន វៀតណាមក៏បានត្រៀមនិងសម្របគោលដៅការនាំចេញរបស់ខ្លួនចូលទៅក្នុងទីផ្សារអាស៊ានយ៉ាងប្រាកដប្រជាខ្លាំងឡើងៗ។ ការនាំចូលរបស់វៀតណាមពីប្រទេសអាស៊ាន ក្នុងបច្ចុប្បន្នទំនិញនាំចូលរបស់វៀតណាមជាងពាក់កណ្ដាលបានមកពីបណ្ដារប្រទេសអាស៊ាន និងប្រមាណ ៣០% នៃពានិជ្ជកម្មទាំងអស់របស់វៀតណាមបានធ្វើជាមួយអាស៊ាន។ ក្រៅពីនេះវៀតណាមនៅមានការរំពឹងទុកថា ខ្លួននឹងទទួលបានសិទ្ធិពិសេស GSP យ៉ាងតិច ១០ ឆ្នាំឡើងទៅ ហើយវៀតណាមក៏ជាគោលដៅនាំចេញដ៏សំខាន់មួយដែររបស់បណ្ដាប្រទេសអាស៊ាន។
ក្នុងផ្នែកការវិនិយោគ ទាំងវៀតណាមនិងក្រុមប្រទេសអាស៊ានដទៃទៀត នឹងទទួលបានផលប្រយោជន៍រួមគ្នាពីការដែលក្រុមប្រទេសទាំងអស់នោះចូលទៅវិនិយោគក្នុងប្រទេសវៀតណាម ដោយវៀតណាមនឹងអាចទទួលបានវិទ្យាសាស្ដ្រនិងបច្ចេកទេសដែលចូលមកជាមួយការវិនិយោគអន្ដរជាតិ ជាពិសេសក្នុងទម្រង់ការសហវិនិយោគ ដែលនឹងនាំទៅរកការអភិវឌ្ឍការផលិតរបស់វៀតណាម ហើយក្នុងពេលជាមួយគ្នាដែរ
ចាប់តាំងពីពេលដែលវៀតណាមបើកប្រទេសនិងប្រកាសច្បាប់ស្ដីអំពីការវិនិយោគអន្ដរជាតិ ប្រទេសសមាជិកអាស៊ានផ្សេងៗ បានចាប់អារម្មណ៍និងរកឱកាសចូលទៅវិនិយោគក្នុងប្រទេសវៀតណាម។ នេះមកពីអាស៊ានចាប់អារម្មណ៍លើផលប្រយោជន៍ខាងសេដ្ឋកិច្ចដូចគ្នា ទាំងផ្នែកពានិជ្ជកម្មនិងការវិនិយោគ ដោយសារវៀតណាមជាប្រទេសធំ មានប្រជាជនច្រើនរហូតដល់ទៅ ៧៣ លាននាក់ សម្បូរដោយធនធានធម្មជាតិ មានកម្លាំងពលកម្មដែលមានសក្ដានុពលនិងមានតម្លៃថោក។ ការមានវៀតណាមជាសមាជិកបន្ថែមមួយទៀតធ្វើឱ្យប្រជាជនអាស៊ានកើនដល់ ៤២០ លាននាក់ និងមានតម្លៃផលិតផលសរុបក្នុងតំបន់កើនដល់ទៅ ៥០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យអាស៊ានមានសក្ដានុពលក្នុងការពង្រីកខ្លួនលើវិស័យសេដ្ឋកិច្ចបានថែមទៀត។
បច្ចុប្បន្ន ប្រទេសដែលបានចំណាយទុនវិនិយោគច្រើនជាងគេនៅវៀតណាមក មានដូចជា សិង្ហបូរី ដែលមានគ្រោងការវិនិយោគដែលបានទទួលការអនុម័តចំនួនគ្រោងការ ក្នុងតម្លៃ៥.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃការវិនិយោគនៃប្រទេសសមាជិកអាស៊ានក្នុងប្រទេសវៀតណាមមាន ២៧.៦៩% នៃតម្លៃការវិនិយោគអន្ដរជាតិទាំងអស់នៅវៀតណាម ពោលគឺមានតម្លៃ ៨.១៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃតម្លៃការវិនិយោគអន្ដរជាតិសរុប ២៩.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានគ្រោងការទាំងអស់ ៣៣៧ គ្រោងការ ដោយម៉ាលេស៊ីវិនិយោគលំដាប់ទី២ បន្ទាប់ពីសិង្ហបូរី ថៃវិនិយោគលំដាប់ទី៣។ ប្រភេទនៃការវិនិយោគដែលប្រទេសសមាជិកអាស៊ានកំពុងដំណើរការនៅវៀតណាមមានដូចជា ឧស្សាហកម្មការផលិត ការបង្កើតស្ថាប័ន លំនៅដ្ឋាន ការផលិតទំនិញឧបភោគបរិភោគនិងការកែច្នៃអាហារ។ វៀតណាមរំពឹងទុកថា ការវិនិយោគពីប្រទេសសមាជិកអាស៊ាននេះនឹងមានការរួមចំណែកធ្វើឱ្យមានតុល្យភាពការវិនិយោគរវាងកូរ៉េខាត្បូង តៃវ៉ាន់ ហុងកុង និងជប៉ុន។
ហេតុផលមួយទៀតដែលធ្វើឱ្យអាស៊ានរីករាយទទួលវៀតណាមចូលជាសមាជិកគឺ ការរួមក្រុមអាស៊ានរបស់វៀតណាមនេះអាចមានឥទ្ធិពលទៅបន្ថែមលើសមត្ថភាពក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច និងអំណាចនៃការតវ៉ានយោបាយទាំងឡាយ ប្រទេសនីមួយៗ ក៏មានផលប្រយោជន៍ស្របគ្នា ទាំងខាងនយោបាយនិងខាងសេដ្ឋកិច្ច ដែលនាំទៅរកការទទួលស្គាល់ជាអន្ដរជាតិ។
កំណត់សម្គាល់
[កែប្រែ]- ↑ តំណែងនយោបាយដ៏មានឥទ្ធិពល និងខ្ពង់ខ្ពស់បំផុតនៅប្រទេសវៀតណាមគឺអគ្គលេខាធិការបក្សកុម្មុយនីស្ត មិនមែនប្រធានាធិបតីទេ។ អគ្គលេខាធិការបក្សមានអំណាចគ្រប់គ្រងការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់វៀតណាម ដែលនាំឱ្យអ្នកកាន់តំណែងនេះជាមេដឹកនាំកំពូលនៃប្រទេសតែម្តង។
ឯកសារយោង
[កែប្រែ]- ↑ "Vietnam". The World Factbook. Central Intelligence Agency. 18 April 2023. Retrieved 14 July 2023.
- ↑ Communist Party of Vietnam 2004.
- ↑ ៣,០ ៣,១ ការិយាល័យស្ថិតិកំពូលវៀតណាម ២០១៩.
- ↑ "2019 Report on International Religious Freedom: Vietnam". ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក.
- ↑ "Thông cáo báo chí về tình hình kinh tế – xã hội quý IV và năm 2022". ការិយាល័យស្ថិតិកំពូលវៀតណាម.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ មូលនិធិរូបិយវត្ថុអន្តរជាតិ.
- ↑ World Bank 2018c.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍសហប្រជាជាតិ. 8 September 2022. Retrieved 14 កក្កដា 2023.
- ↑ L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1.
- ↑ L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1
- ↑ A. Dirk Moses (2008). ក្រុមកីឡាវៀតណាម
- ↑ 96% đại biểu Quốc hội là đảng viên[តំណភ្ជាប់ខូច]
- ↑ Limits and Potential of Liberal Democratisation in Southeast Asia
- ↑ "MỘT SỐ THÔNG TIN VỀ ĐỊA LÝ VIỆT NAM" (in វៀតណាម). Viet Nam Government Portal. Archived from the original on 11 November 2021. Retrieved 9 November 2018.
- ↑ "Vietnam". Country Nuclear Power Profiles: 2012 Edition. International Atomic Energy Agency. Archived from the original on 9 November 2018. Retrieved 9 November 2018.
- ↑ "Climate". Vietnam National Administration of Tourism. Archived from the original on 9 November 2018. Retrieved 9 November 2018.
- ↑ "Vietnam Climate". WorldData.info. Retrieved 2023-11-24.
- Pages using duplicate arguments in template calls
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីសីហា 2024
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- CS1 វៀតណាម-language sources (vi)
- Pages using ISBN magic links
- រដ្ឋកុម្មុយនិស្ត
- ប្រទេសនៅអាស៊ី
- រដ្ឋសមាជិកអាស៊ាន
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋឯកបក្ស
- សាធារណរដ្ឋ
- ប្រទេសអាស៊ីអាគ្នេយ៍
- វៀតណាម