ប្រាសាទក្រវាន់

ដោយវិគីភីឌា
Jump to navigation Jump to search
ត្រៃលោក្យនាថ
Prasat Kravan.jpg
ឈ្មោះ: ត្រៃលោក្យនាថ
អ្នកកសាង: មហីធរវម្ម៌ មន្ត្រីរបស់ព្រះបាទហស៌វម្ម៌ទី១
កាលបរិច្ឆេទកសាង: គ.ស. ៩២១
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ទីតាំង: តំបន់អង្គរ ខាងត្បូងប្រាសាទបន្ទាយក្តី

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅភូមិ ក្រវ៉ាន់ ឃុំ នគរធំ ស្រុក នគរធំ ខេត្ត សៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះជាត្រូវបានសាងសង់ដោយមន្ត្រីម្នាក់ឈ្មោះ មហីធរវម្ម៌ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់​ ព្រះបាទហស៌វម្ម៌ទី១ នៃសតវត្សទី១០។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច តែចម្លាក់នៅលើ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត[១]។ យោងតាមព័ត៌មាននៅលើស៊ុមនៃក្លោងទ្វាររបស់តួប៉មទី២ និងទី៣ និងទី៥ ដែលបានផ្តល់ព័ត៌មានជាសង្ខេបថា មហីធរវម្ម៌បានថ្វាយនូវទីសក្ការៈមួយនៅចំកណ្តាលតួប៉មទី៣ ទៅដល់អាទិទេពនៃសាសនាហិណ្ឌូ ដែលប្រាសាទនេះតំណាងទីស្ថានរបស់ព្រះវិស្ណុ រីឯតួប៉មទី៣ ឧទ្ទិសដល់ព្រះម៉ែទាំងប្រាំ ដែលត្រូវបានកសាងជារូបចម្លាក់ដាក់នៅលើបល្ល័ង្ក យើងឃើញមានរូបរបស់ព្រះម៉ែលក្ស្មីនៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃប៉មនេះ។ សិលាចារឹកបានឱ្យដឹងទៀតថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្រ្តដែលរស់នៅជុំវិញប្រាសាទនេះ ដែលត្រូវបានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកនេះ[២]។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទហស៌វម្ម៌ទី១នៅរាជធានីនៃតំបន់អង្គរ គេឃើញមានរាជធានីថ្មីមួយទៀតដែលកសាងដោយឳពុកមាររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវម្ម៌ទី៤។ ការកសាងប្រាសាទក្រវ៉ាន់និងប្រាសាទធំនៅកោះកេរត្រូវបានកសាងនៅពេលតែមួយ[៣]

សិលាចារឹកប្រាសាទក្រវ៉ាន់

អំពីឈ្មោះប្រាសាទ[កែប្រែ]

តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ[៤]។ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។ប្រាសាទក្រវ៉ាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ រីឯប្រាសាទធំ នៅរាជធានីកោះកេរមានឈ្មោះថា ត្រីភុមនេស្វរៈ[៥]

ប្លង់ និងសំណង់ស្ថាបយ្យកម្ម[កែប្រែ]

ប្រាសាទក្រវ៉ាន់កសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ នៅតាមជញ្ជាំងមានចម្លាក់រូបព្រះវិស្ណុ ព្រះនាងលក្ស្មី ព្រះម៉ែធរណី និងរឿងព្រាហ្មតឿជាដើម។

សិលាចារឹក[កែប្រែ]

សិលាចារឹកប្រាសាទក្រវ៉ាន់លេខ K-២៦៩ ចុះកាលបរិច្ឆេទឆ្នាំ៨៤៣សករាជត្រូវនឹងឆ្នាំ៩២១នៃគ្រិស្តសករាជបាននិយាយថា ស្តែងអញស្រីវីរេន្ទ្រាធិបតីវម្ម៌(បុគ្គលការពារដោយក្លាហានជាម្ចាស់គេ)បានស្ថាបនាបដិមាព្រះវិស្ណុនាម ស្រីត្រីភូវនេស្វាមិ(ភាសាបាលី ឬសំស្រឹ្កតមានន័យថា ទេពជាម្ចាស់នៃឋានទាំងបី) ចំណែកស្តែងអញ មហីធរវម្ម៌(បាលីឬសំស្រ្កឹតមានន័យថា បុគ្គលការពារដោយអ្នកទ្រទ្រង់ផែនដីគឺព្រះវិស្ណុ) និងស្តែងអញ ជ័យវីរវម្ម៌ (បុគ្គលការពារដោយជ័យជំនះនិងភាពក្លាហាន)រួមគ្នាកសាងបដិមាព្រះវិស្ណុនាម ស្រីត្រៃលោក្យនាថ(ទេពជាម្ចាសើនៃលោកទាំងបី)[៦]

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

ចំនាត់ថ្នាក់ក្រុម៖ ប្រាសាទ

  1. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ពឆ្នាំ ២០០៥ ដោយលោក កែវ ភួង
  2. មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២ ដោយលោក ហែម សោភ័ន្ត ឆ្នាំ១០១៥ ទំព័រទី១៣៥។
  3. មគ្គុទេ្ទសក៍អាណាចក្រអង្គរ ភាគ២ ដោយលោក ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី១៣៦។
  4. សៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១ គ.ស.១៩៦៧។
  5. ព័ត៌មានរបស់ក្រុមអភិរក្សរបស់អាជ្ញាធរអប្បរា។
  6. សៀវភៅ ដែនដីអាថ៌កំបាំងប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ដោយលោក ស៊ឺម សុភក្ត្រា ឆ្នាំ២០១៧ ទំព័រទី១០១។