ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅ ប្រាសាទបាកាន) មានចំងាយប្រមាណ ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទបាកាន(ឬ ប្រាសាទព្រះខ័ន កំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។ប្រាសាទស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចស្រុកសង្គមថ្មី និងមានព្រំប្រទល់ខាងជើងជាប់ឃុំស្តៅ ខាងត្បូងជាប់នឹងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ហ ខេត្តកំពង់ធំ រីឯខាងលិចជាប់នឹងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងខាងកើតជាប់នឹងឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើដីទំហំ ២៥គីឡូម៉ែត្របួនជ្រុង។
រូបភាពតូច
ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២ ដែលស្ថិតក្នុងរចនាបថអង្គរវត្ត។ ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា[១]។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទព្រះខ័នកំពង់ស្វាយនេះឡើង ក្នុងគោលបំណងរម្លឹកជ័យជម្នះលើទ័ពចម្ប៉ា ឈ្លានពានអាណាចក្រអង្គរ។ តំបន់ប្រាសាទព្រះខ័ន កំពង់ស្វាយនេះ មានលក្ខណៈ ពិសេសខាងយុទ្ធសាស្ត្រទ័ព កាលពីសម័យព្រះបាទជ័យវរ្ម័ន ទី៧ ព្រោះ ពីមុន តំបន់នេះ មានព្រៃជ្រៅ ហ៊ុមព័ទ្ធដោយបារាយណ៍ ស្ទឹង និងអូរទឹក ប្រភពទឹកធ្លាក់ចុះពីភ្នំដងរែក។ ជាងនេះទៀត ប្រាសាទនេះ ស្ថិតនៅជាប់តំបន់រ៉ែដែកដែលអាចស្លធ្វើជាឧបករណ៍សឹក សម្រាប់កងទ័ព កាលសម័យអតីតកាល។ ព្រះបាទជ័យវរ្ម័នទី៧ បានជ្រើសយកភូមិសាស្ត្រ តំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយនេះ ធ្វើជាកន្លែងហ្វឹកហាត់កងទ័ពអស់រយៈពេលជាង ៤ឆ្នាំ គឺចាប់ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ១១៨១ មុនពេលព្រះអង្គចេញទ័ពច្បាំងដេញទ័ពចម្ប៉ាចូល ឈ្លានពានទីក្រុងអង្គរ ដោយជ័យជម្នះ។ ក្រោយពីព្រះអង្គទទួលជ័យជំនះ ព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំកសាងប្រាសាទជាច្រើនពាសពេញប្រទេស នាំឲ្យនគរកម្ពុជាខ្លាំងក្លា កាលពីសម័យបុរាណ។ ព្រះអង្គក៏បានសង់ប្រាសាទ និងស្ពានបុរាណ នៅតំបន់ព្រះខ័នកំពង់ស្វាយ ដើម្បីរម្លឹកដល់ជ័យជំនះរបស់ព្រះអង្គ កាលសម័យនោះ តែម្តង[២]។
- ↑ ដកស្រង់ពី ស្លាកបដាមុខប្រាសាទបាកាន
- ↑ លោក ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរដំណែលខ្មែរ ជាមួយសារព័ត៏មានថ្មីៗ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦