ប្រាសាទភ្នំជីសូរ

ដោយវិគីភីឌា
Jump to navigation Jump to search
ប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ.jpg
ឈ្មោះ: ប្រាសាទភ្នំជីសូរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រះសិវៈ ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង និងបាពួន
ទីតាំង: ភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

ប្រវត្តិប្រាសាទ[កែប្រែ]

សំណង់នៃប្រាង្គប្រាសាទ បុរាណជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម     រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។ តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ្រិស្តសករាជ។  ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន[១]

មណ្ឌប

តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ ១០១៨ នៃគ្រិស្តសករាជ។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែបើយើងនិយាយ អំពីតាមបែបរឿងព្រេងនិទានវិញនោះ មានប្រវតិ្តនៃការកសាងប្រាសាទភ្នំជីសូរ ដូចតទៅនេះ ៖

សិលាចារឹកនៅប្រាសាទភ្នំជីសូរ

ចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរ នៅតែមានការចេះចាំហើយបានតំណាលរឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតៗ គ្នា ពីមាត់មួយទៅមាត់មួយថា កាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើត    ភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថា ទន្លេឱម។ រាជនិវេសន៍នោះឈ្មោះថា «សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថា ពិធីចម្រើន ព្រះកេស ព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យ ដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរ មជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ

  • ពរទី១ ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។
  • ពរទី២ ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថា មិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ។
  • ពរទី៣ ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្រ្តីភាពមានចិត្តមុតមែន។
ផ្លូវឡើងទៅខាងលើភ្នំ

នៅពេលដែលបានជ្រាបនិងទ្រង់ជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្តេចទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ គឺប្រាសាទភ្នំជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជា  បូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ។ នេះហើយដែលជាប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរតាមរយៈរឿងព្រេងនិទាន[២]

រចនាសម្ពន្ធនៃប្រាសាទ[កែប្រែ]

ប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួន បើតាមសិលាចារឹកយើងអាចដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងអំឡុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិសចំពោះព្រះឥសូរ ពិព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាល់ទាក់ទងនិងព្រះឥសូរអង្គុយជាមួយមហាសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។ ប្រាសាទនេះកសាងពីថ្មភក់ និងលីប៉ូនិត។ ប្រាសាទភ្នំជីសូរកសាងតាមប្លង់តម្រៀបប្លង់លើអ័ក្សបណ្ដាយពីលិចទៅកើត រត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំ មាន ប្រាសាទសែនត្មុលឫឆ្មស់(ត្មុលជាពាក្យបាលីសាស្រឹ្តតដែលមានន័យថាគោ ដែលសំដៅលើគោននិ្ទន ដែលជាយានជំនិះរបស់ព្រះឥសូរ ប្រាសាទសែនត្មុលសម្រាប់តម្កល់គោននិ្ទន) ប្រាសាទសែនរវាំង (សែនភូវាំង) និងទន្លេអ៊ុំ។ ទន្លេអ៊ុំដែលជាបារាយន៍ឫតំណាងឳ្យទន្លេគង្គា ប្រើសម្រាប់ពីធីសេវលិង្គ ដើម្បីធ្វើពិធីលាងបាប[៣]

រូបរាងរបស់ប្រាសាទ

ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ  មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ៍ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។ កន្លងមកក្រសួង     វប្បធម៌ និងវិចិត្រសិល្បៈបាន   អនុវត្តន៍គម្រោងនានាដូចជា ការសង្រ្គោះបន្ទាន់ពីរឆ្នាំជាប់គ្នា២០១៤ ២០១៥ និងការបោះបង់គោលកំណត់ទីតាំងការពាររមណីយដ្ឋាន រចនាសម្ព័ន្ឋប្រាង្គប្រាសាទ ស្លាកស្នាមបុរាណវិទ្យារួមនិងទេសភាពវប្បធម៌ឳ្យស្ថិតស្ថេរគង់វង្ស។

ទីតាំងភូមិសាស្ត្រ[កែប្រែ]

ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ  ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៧ គីឡូម៉ែត្រ។ ភ្នំជីសូរមាន កំពស់ ១៣០ ម៉ែត្[៤]រ។

ភាពទាក់ទាញ[កែប្រែ]

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ នៅលើកំពូលភ្នំនេះគេអាចគយគន់មើលទេសភាពវាលស្រែ នៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់៣៨០ម៉ែត្រនៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។ គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិចដែលមានចំនួន ៣៩០កាំ ហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន ៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមាន    ជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅ    ប្រាសាទសែនត្មុល និងប្រាសាទរវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង ១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។

ហោត្រៃនៃប្រាសាទភ្នំជីសូរ

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។ ជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និងកំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមានរូងវិមានច័ន្ទ ស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗមិនអាចចេញចូលបានទៀតឡើយ។ ក្រៅពីប្រាសាទគេឃើញមានវត្តភ្នំជីសូរបានកសាងក្នុងឆ្នាំ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន៥អង្គ។ វត្តនេះត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុងសង្គ្រាមឆ្នាំ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ១៩៧៩តរៀងមក។ បន្ទាប់ពីដើរមើលប្រាសាទ ភ្ញៀវទេសចរក៏អាចមកខាងក្រោម ដើម្បីបរិភោគអាហារពេលថ្ងៃត្រង់ ជាមួយមាន់ដុតខេត្តតាកែវ ដែលជាមាន់ស្រែមានរសជាតិឆ្ងាញ់​ ភ្នំជីសូរគឺជាកន្លែងដែលពេញនិយមសម្រាប់ប្រជាជននៅក្នុងតំបន់ ក្នុងការលំហែរកាយ នៅរដូវបុណ្យទានដូចជា ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកជាដើម។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រែវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបី កន្លែងជាប់ៗគ្នា គឺ ធ្នស់តាគង់ ទួលរលក និងសែនពារាម។

ប្រាសាទនៅលើភ្នំជីសូរ

សិលាចារឹក[កែប្រែ]

សិលាចារឹកនៅមេទ្វារហោត្រៃខាងជើងនេះខូចខាតច្រើនកន្លែងហើយមួយវិញទៀតអក្សរក៏ខ្វៀកពុំស្មើដៃណាស់ណាទេ។ រីឯផ្ទៃសាច់ថ្មវិញក៏គេពុំបានរំលីងម៉ត់ល្អដែរ។ ដូច្មេះហើយបានជាសំណៅនៅលើក្រដាសផ្តិតពុំសូវច្បាស់សោះធ្វើឱ្យលំបាកមើលនៅច្រើនកន្លែង។

ហេដ្ឋារចនាសម្ព័ន្ធ[កែប្រែ]

ដើម្បីធ្វើដំណើរទៅកាន់ភ្នំជីសូរ គេអាចប្រើប្រាស់មធ្យោបាយពីរបែប តាមរយៈផ្លូវជាតិលេខ២ និងតាមរយៈផ្លូវដែកភ្នំពេញកំពង់សោម បន្ទាប់មកដល់បំបែកថ្នល់ទទឹង ភ្ញៀវទេសចរអាចបន្តដំណើរតាមផ្លូវថ្នល់កៅស៊ូ កាត់តាមផ្សារបត់រកា បន្តិចយើង និងមកដល់ភ្នំជីសូរ។ នៅពេលភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ២ ពេលមកដល់ស្ពានដែកដែលជាព្រុំកំណត់រវាងស្រុកកណ្ដាលស្ទឹងនៃខេត្តកណ្ដាលនិងស្រុកបាទីនៃខេត្តតាកែវ ភ្ញៀវទេសចរនិងមានអាម្មណ៍ថាខេត្តតាកែវមានការអភិវឌ្ឍន៍យ៉ាងជឿនលឿនគ្រប់វិស័យដូចជា វិស័យគេហដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឧស្សាហកម្ម   វិស័យអប់រំ និងផ្នែកពុទ្ឋចក្រផងដែរ។

យោបល់[កែប្រែ]

ប្រាសាទភ្នំជីសូរពិតជាកេរ្ដិ៍ដំណេលដ៏វិចិត្រ ដែលមិនអាចគណនាបាន វាគឺជាមរតកដែលបន្សល់ទុកពីសំណាក់បុព្វបុរសខ្មែរ ក្នុងការទុកជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយ។ ប្រាសាទបានផ្ដល់នូវតម្លៃពីរ ចំពោះកូនចៅជំនាន់ក្រោយគឺ តម្លៃខាងក្នុងនៃប្រាសាទដូចជា ការបង្ហាញនូវកាលសម័យអតីកាលមួយដែលប្រទេសកម្ពុជាមានភាពរុងរឿងលើសគេ ម្យ៉ាងទៀតបានបង្ហាញឳ្យកូនចៅជំនាន់ក្រោយមានស្មារតី ស្នេហាជាតិមាតុភូមិ រួបរួម សាមគ្គី ក្នុងការសាងសង្គមជាតិប្រកបដោយស្មារតីជាតិនិយម លើសពីនេះប្រាសាទបានបង្ហាញសំណង់ស្ថាបយកម្ម ដែលមានការគិតគូរសិក្សាប្រកបដោយបញ្ញាស្មារតីខ្ពស់ លើសគេ។ ចំណែកតម្លៃខាងក្រៅ មានដូចជា ប្រាសាទបានផ្ដល់កម្រៃឥតរីងស្ងួតសម្រាប់ប្រជាជាតិកម្ពុជាតាមរយៈវិស័យទេសចរណ៍ ក្នុងការលក់សេវាកម្មនិងផលិតផលនានា ម្យ៉ាងទៀតប្រាសាទបានតំណាងជាមន្ទីរព្រទ្យសម្រាប់ដោះស្រាយបញ្ហាក្នុងការរស់នៅរបស់ភ្ញៀវជាតិនិងអន្តរជាតិ តាមរយៈការមកទស្សនា កំសាន្ត សិក្សាស្រាវជ្រាវ ដើម្បីផ្លាស់ប្តូរបរិយាកាសក្នុងការរស់នៅ   និងការបង្កើតភាពស្និតស្នាលនៅក្នុងក្រុមគ្រួសារជាដើម។ យោងតាមរយៈសារៈប្រយោជន៍ដែលបានផ្តល់ដោយប្រាសាទភ្នំជីសូរ ក៏ដូចប្រាសាទដទៃទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមយុវជនជំនាន់ក្រោយក៏ដូចជារូបខ្ញុំបាទ ត្រូវតែខិតខំ ថែរក្សា ការពារ និងអភិរក្សនូវប្រាសាទបុរាណដែលបុព្វបុរសខ្មែរ បានបន្សល់ទុករហូតដល់ពេលបច្ចុប្បន្នតាមរយៈ ការសិក្សាស្រាវជ្រាវ ចូលរូមផ្សព្វផ្សាយ និងការចូលរួមសកម្មភាពនានានៅពេលទៅទស្សនាប្រាសាទបុរាណដូចជា ការមិនបោះសំរាម ការមិនប៉ះពាល់សម្លាក់ជាដើម។ ជាទីបញ្ចប់ប្រាសាទភ្នំជីសូរពិតជា បានផ្ដល់នូវសារៈប្រយោជន៍ជាច្រើនចំពោះប្រជាជាតិកម្ពុជា ក្នុងនាមយើងជាកោសិកាប្រជាជាតិកម្ពុជា ត្រូវផ្តល់សារៈប្រយោជន៍និងតម្លៃជូនប្រាសាទបុរាណវិញ មិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឳ្យមានប៉ះពាល់ដល់ប្រាសាទនោះឡើយ ត្រូវមានស្មារតីស្នេហាជាតិមានតុភូមិ របស់ខ្លួន និងលើកតម្កើនវប្បធម៌ អរិយធម៌ឳ្យបានរុងរឿង ដូចសុភាសិតមួយពោលថា វប្បធម៌រលាយជាតិរលត់ វប្បធម៌ពុណ្ណរាយណ៍ជាតិថ្កុងថ្កើន។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ឯកសារជាវិឌីអូរបស់ទូរស្សន៍អប្សរាប៉ុស្ត៍លេខ១១នៅក្នុងយូធូប។
  2. ឯកសារប្រវត្តិប្រាសាទភ្នំជីសូរជារឿងព្រេងនិយាយដោយលោកអាចារ្យដែលរស់នៅក្នុងតំបន់នោះ។
  3. ឯកសាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពីការជួសជុលប្រាសាទភ្នំជីសូរ។
  4. សៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និពន្ឋដោយលោក កែវ ភួង បោះពុម្ពលើកទី២ នៅទំព័រទី ៦១ ។