Jump to content

ប្រាសាទភិមានអាកាស

ពីវិគីភីឌា
ប្រាសាទភិមានអាកាស

ឈ្មោះ: ប្រាសាទភិមានអាកាស
អ្នកកសាង: ជ័យវរ្ម័នទី៥
កាលបរិច្ឆេទកសាង: សតវត្សទី១១
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទភិមាអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។[]

ស្ថាបត្យកម្ម

[កែប្រែ]

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។ ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ។ ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់៤ម៉ែត្រ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ម្រ៉ែត នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំង៣ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបាន ដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះទាំងបួនទិស។ ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច។ ផ្នែកទាំង២ នៃជណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង រូបដំរីនៅមុំជើងគ្រឹះទាំង ៣ជាន់។ តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ម្រ៉ែត។ ស្រះទឹកហ្លួង មានសណ្ឋានរាង៤ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត។ គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។ គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទភិមានអាកាសកុំអោយហូរចុះ មកស្រះ ។ ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីព្រះលានស្តេចគម្លង់។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។មានទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ម្រ៉ែត។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង នៅខាងលិចគោបុរៈខាងជើង។ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង ។ របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។

សិលាចារឹក

[កែប្រែ]

តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា ហេមស្រឹង្គគិរី ជាភាសាបាលីឬសំស្រ្តឹតដែលមានន័យថា ភ្នំស្នែងមាស បានផ្តើមស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩-១១ ដោយក្រតាញស្រីសត្យាស្រ័យឆ្នាំ៩១០គ្រិស្តក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩-៩១០)តាមសិលាចារឹកលេខ K-២៩១។ បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-៩៦៨) បន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-៥៣៤(I)។ បញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)តាមសិលាចារឹកលេខK-២១១[]

ឯកសារយោង

[កែប្រែ]
  1. គេហទំព័រ រដ្ឋាភិបាលខ្មែរប្រាសាទវិមានអាកាស[តំណភ្ជាប់ខូច]
  2. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០