ប្រាសាទតាកែវ

ពីវិគីភីឌា
ប្រាសាទតាកែវ

ឈ្មោះ: ប្រាសាទតាកែវ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៥
កាលបរិច្ឆេទកសាង: សតវត្ស១០
ឧទ្ទិសថ្វាយ: ព្រះសិវៈ ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។ អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ "Part Khmer" ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព ដូច្នេះមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាអោយគេកសាងទីក្រុងថ្មីមួយឈ្មោះថា "ជយេន្រ្ទនគរី " ដែលមានប្រាសាទភ្នំ "ហេមគិរី " នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។ ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ត្រូវបានអ្នកទេសចរខ្លះៗលាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា "ហេមគិរី" បូជនីយដ្ឋានកណ្តាលនៃទីក្រុង "ជយេន្រ្ទនគរគិរី" របស់ព្រះបាទជ័យវរ្ម័នទី៥។ យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលបានឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំងផងដែរ។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១(សតវត្សរ៍ទី១១)បែរជាធ្វើប្រាសាទមួយនេះមិនហើយដដែល។

សិលាចារឹក[កែប្រែ]

សិលាចារឹកបានចារថា នៅពេលប្រាសាទបានកសាងរួចរាល់ ស្រាប់តែមានរន្ទះបាញ់ ដែលជាប្រផ្នល់អាក្រក់មិនអាចបន្តការសាង់សង់បានឡើយ។ សិលាចារឹកនៅប្រាសាទតាកែវមានចំនួនទាំងអស់៧ដែលស្ថិតនៅក្នុងគោបុរៈទិសខាងកើត។ ស្នាដៃរបស់បណ្ឌិតយោគីស្វរៈ ស្ថិតនៅក្នុងគោបុរៈខាងក្រៅ ដែលសរសេរនៅមេទ្វារទិសខាងកើត។ សិលាចារឹកនេះសរសេរជាភាសាសំស្រ្កឹតមាន៣៨បន្ទាប់។ សិលាចារឹករៀបរាប់អំពីអំណោយរបស់យោគីបណ្ឌិតដែលធ្វើចំពៅវត្តនានាដូចជា វត្តលិង្គបុរៈ អង្វេ ទន្លេ វត្តឯក ចាម្បេស្វរៈ កំទ្វាក ទិក ជ័យក្សេត្រ(វត្តឯកភ្នំបាត់ដំបង) ភ្នំបូរ្វិច្បារង្សី ហេមស្រឹង្គ និងនរេន្ទ្រគ្រាម[១]។ តាមសិលាចារឹកលេខ K-៨៤២ និងលេខ K-៥៣៤(I) បានហៅប្រាសាទនេះថា ហេមគីរីជាភាសាបាលី ឬសំស្ត្រឹតដែលមានន័យថា ភ្នំមាស បានផ្តើមកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)[២]។ សិលាចារឹកប្រាសាទតាកែវមានសិលាចារឹកដែលបកប្រែដោយលោក ហ៊្សក សឺដេស ថាមន្ត្រីឈ្មោះ យោគីស្វរបណ្ឌិត បានទទួលព្រះរាជបញ្ជាក្នុងការសាងសង់ ហេមស្រឹង្គគីរី(ប្រាសាទតាកែវ)មានរន្ទះបាញ់មុនសាងសង់ត្រូវបានបញ្ជប់ [៣]

ការជុសជុល និងអភិរក្ស[កែប្រែ]

បច្ចុប្បន្ននេះ ប្រាសាទតាកែវត្រូវបានកំពុងជុសជុលដោយគម្រោងរបស់រដ្ឋាភិបាលចិន ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជាមួយនាយករដ្ឋមន្ត្រីចិនលោក វេង ជីវបាវ ឆ្នាំ២០០៦។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ប្រវត្តិសាស្រ្តអក្សរសាស្រ្តខ្មែរ សម័យនគរភ្នំដល់សម័យឧត្តុង្គ សតវត្សទី១-ឆ្នាំ១៨៥៩ ដោយលាង ហាប់អាន គ.ស ១៩៦៧។
  2. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី៧។
  3. George Coedés, 1952, Inscriptions du Cambodge.pp.152-160