Jump to content

ប្រាសាទព្រះពិធូរ

ពីវិគីភីឌា
ប្រាសាទព្រះពិធូរ

ឈ្មោះ: ប្រាសាទព្រះពិធូរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

រូបភាពតូច ប្រាសាទព្រះពិធូរជាឈ្មោះរូបនៃប្រាសាទតូចៗ ដែលមានឈ្មោះផ្សេងគ្នា ហើយសៀវភៅបរទេសភាគច្រើនសរសេរថា ប្រាសាទក្រុមព្រះពិធូរ។ ក្រុមនៃប្រាសាទាំងនេះស្ថិតនៅស្ទើរចំពីមុខនៃប្រាសាទទេពប្រណម ហើយស្ថិតនៅខាងជើងនៃប្រាសាទសួគ៌ព្រ័ត្រ។ តាមរយៈបច្ចេកទេសសំណង់ប្រាសាទទាំងនេះ បញ្ជាក់ថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅដើមសតវត្សទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គោរពដល់ព្រហ្មញ្ញសាសនា លើកឡែងតែប្រាសាទព្រះពុទ្ធសាសនាមួយ គឺប្រាសាទតាទួរ ដែលានចម្លាក់ព្រះពុទ្ធរូបនៅសតវត្សទី១៣-១៦ (មានស្លាកស្នាមព្រះពុទ្ធសាសនាជាច្រើននៅប្រាសាទនេះ)។

ប្រាង្គលេខ១

[កែប្រែ]

ប្រាង្គលេខមួយស្ថិតនៅផ្នែកខាងមុខគេបង្អស់ ហើយមានព្រះពន្លាទ្រដោយសសរនៅខាងមុខ។ ប្រាង្គនេះស្ថិតនៅលើខឿនខ្ពស់មួយ ដែលមានជណ្តើរឡើងចុះបែរមុខទៅទិសខាងទាំងបួន។ នៅជុំវិញផ្នែកខាងក្រោមខឿនមានផ្ទាំងថ្មភក់ជាច្រើនស្ថិតនៅរាយប៉ាយ ចំណែកនៅផ្នែកខាងលើនៃប្រាង្គពុំមានអ្វីចាប់អារម្មណ៍ក្រៅតែពីមានផ្តែរមួយស្ថិតនៅពីមុខប្រាង្គបែរទៅទិសខាងលិចនៃទ្វារដើរចូលដែលមានចម្លាក់រឿហកូរសមុទ្រទឹកដោះស្រដៀងទៅនឹងចម្លាក់នៅលើផ្តែររបស់ប្រាង្គលេខ៤។

ប្រាង្គលេខ២

[កែប្រែ]

ប្រាង្គលេខ២ស្ថិតនៅខាងក្រោយប្រាង្គលេខ១។ ប្រាង្គនេះមានទ្វារបើចំហនៅទិសទាំងបួន សង់នៅលើខឿនខ្ពស់មួយដែលមានកំពែងព័ន្ធជុំវិញ។ នៅលើជញ្ជាំងរបស់ប្រាង្គមានចម្លាក់ក្បាច់ដ៏ល្អស្អាតជាពិសេសរូបចម្លាក់ឆ្មាំយាមនៅសងខាងបង្អួច និងទ្វារដែលមានរចនាបថស្រដៀងទៅនឹងប្រាសាទបន្ទាយស្រីស្ទើបេះដាក់។ នៅលើខ្លោងទ្វារខាងលិច ខាងត្បូង និងខាងកើតមានចម្លាក់ផ្តែរសម្អរូបផ្សេងៗគ្នាក្នុងនោះមានដូចជា៖ ចម្លាក់ផ្តែរនៅខ្លោងទ្វារខាងកើត៖ មានចម្លាក់ទេពមួយគង់លើកាលា។ ចម្លាក់នៅលើផ្តែរនៃខ្លោងទ្វារខាងលិចមានចម្លាក់រូបព្រះឥសូរដៃដប់ ទ្រង់ឈររាំសម្តែងបដិហារនៅលើក្បាលកាលា នៅសង់ខាងព្រះអង្គមានរូបអាទិទេពចំនួនពីរគឺព្រះវិស្ណុដៃបួន និងព្រះព្រហ្មដៃបួន ហើយនៅក្បែរនោះមានព្រះគណេសខ្លួនជាមនុស្សក្បាលជាដំរី។ ចម្លាក់ផ្តែរខ្លោងទ្វារខាងជើង មានចម្លាក់រឿងកូរសមុទ្រទឹកដោះ។ នៅក្នុងចម្លាក់មានរូបអាទិទេព និងអសុរឈរកាន់ខ្លួននាគវ៉ាសុកិ រីឯផ្នែកកណ្តាលដងខ្លួននាគមានរូបព្រះវិស្ណុដៃបួនគង់នៅព្រះអធិបតី ហើយនៅផ្នែកខាងក្រោមព្រះវិស្ណុមានរូបតូចៗ មួយចំនួនដែលជាប្រភេទរតនភណ្ឌកើតចេញពីការកូរសមុទ្រទឹកដោះនោះរួមមាន ព្រះនាងលក្ស្មី ក្បាលដំរី សេះ រូបទេពផ្សេងៗ រូបអណ្តើក នៅខាងក្រោមក្បាលដំរី។ នៅលើដីផ្នែកខាងលិចនៃខឿន មានចម្លាក់ហោជាងមួយស្តីអំពី ព្រះវិស្ណុគង់លើគ្រុឌ។ ចំណែកនៅផ្នែកខាងជើង ឆៀងខាងកើតនៃខឿនមានចម្លាក់សេះក្បាលបីនៅលើផ្ទាំងថ្មមួយ រូបនេះប្រហែលជាយានជំនិះរបស់ព្រះច័ន្ទ។

ប្រាង្គទី៣

[កែប្រែ]

ប្រាង្គទី៣ស្ថិតនៅភាគខាងជើងនៃប្រាង្គទី២ហើយមានព្រះពន្លាមួយនៅចំពីមុខប្រាង្គនៃទិសខាងលិច។ ប្រាង្គនេះមានសភាពទ្រុឌទ្រោម និងផ្ទាំងថ្មភក់ធ្លាក់រាយប៉ាយនៅលើដី។ នៅផ្នែកខាងលើនៃប្រាង្គមានផ្ទាំងចម្លាក់ខ្លះស្ថិតនៅលើស្លាប់ខាងជើង ដែលបង្ហាញអំពិស្តេចយក្សបាណៈដៃដប់ ជិះរាជរថធ្វើចម្បាំងជាមួយនឹងព្រះក្រិស្ណៈគង់ល់បក្សីគ្រុឌ។ ចំណែកឯស្លាបនៃទ្វារខាងត្បូងមានចម្លាក់រឿងស្តីអំពីព្រះវិស្ណុដៃ៤ក្នុងទម្រង់ជាអាវតាព្រហ្មតឿឈ្មោះវាមនៈឈានជើងបីជំហានសង្រ្គោះភពទាំងបីពីការគ្រប់គ្រងរបស់ស្តេចយក្សក្រុងពាលី។

ប្រាង្គលេខ៤ និងលេខ៥

[កែប្រែ]

ប្រាង្គលេខ៤នេះមិនសូវមានលក្ខណៈទាក់ទាញ ក្រៅពីមានព្រះសិវលិង្គមួយដ៏ធំមានបីថ្នាក់នៅផ្នែកខាងលើនៃប្រាង្គ។ ចំណែកឯប្រាង្គលេខ៥មានទីតាំងស្ថិតនៅខាងក្រោយប្រាង្គលេខ២និងលេខ៣។ ប្រាង្គមានសភាពធំទូលាយ និងមានជណ្តើរឡើងចុះពីថ្នាក់ដែលបានបង្ហាញអំពីលក្ខណៈខុសប្លែក និងគួឱ្យចាប់អារម្មណ៍ជាងប្រាង្គទាំងបួនឯទៀត។

ឯកសារយោង

[កែប្រែ]