យឝោវម៌្មទី១
យឝោវម៌្មទី១ | |||||
---|---|---|---|---|---|
រាជ្យមុន | ឥន្ទ្រវម៌្មទី១ | ||||
រាជ្យបន្ត | ហឝ៌វម៌្មទី១ | ||||
មហេសី | ព្រះភគិនេយ្យានៃជយវម៌្មទី៤ | ||||
បុត្រ | ឦឝានវម៌្មទី២ ហឝ៌វម៌្មទី១ | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||
បិតា | ឥន្ទ្រវម៌្មទី១ | ||||
មាតា | ឥន្ទ្រទេវី |
ព្រះបាទយសោវម៌្មទី១ (យសោពម៌ទី១) គឺជាព្រះមហាក្សត្រសម័យមហានគរដែលបានសោយរាជ្យនៅឆ្នាំគ.ស ៨៨៩-៩១០ (ត្រូវនឹងមហាសករាជ ៨១១)។ ទ្រង់ត្រូវបានគេហៅថា ស្ដេចគំលង់។ [១] វ្រះបាទយសោវម៌្មទី១ ព្រះនាមពេលសោយរាជ្យ ធូលិវ្រះបាទ ធូលិជេងវ្រះកម្រតេងអញឝ្រិយឝោវម៌្មទេវ (ធូលីព្រះបាទ ធូលីជើង ព្រះគម្តែងអញស្រីយសោពម៌ទេព)។ ព្រះអង្គស្ថាបនាទីក្រុងថ្មីមួយទៀតឈ្មោះ នគរឝ្រិយឝោធរបុរ ស្ថាបនាប្រាសាទភ្នំសំរាប់រាជ្យ នៅលើ "វ្នំកន្តាល"(សំស្រ្កឹត មធ្យាទ្រិ) មានន័យថា "ភ្នំកណ្ដាល" គឺត្រូវគ្នានិងប្រាសាទភ្នំបាខែង, សាងប្រាសាទលលៃ (នៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក) បារាយណ៍ខាងកើត (យឝោធរតដាក) និងទំនងជាអ្នកកសាងប្រាសាទភ្នំក្រោម និងភ្នំបូកផងដែរ។ ក្នុងរាជ្យព្រះអង្គ តួអក្សរដែលខ្មែរខ្ចីពីអក្សរព្រាហ្មី បានអភិវឌ្ឍជាបន្តបន្ទាប់ចាប់តាំងពីសតវត្សទី៦ ត្រូវបានកែច្នៃឲ្យកាន់តែមានសោភ័ណ និងដាក់ឈ្មោះថា "កម្វុជាក្សរ"។ រាជបុរោហិតនាម ហិរណ្យរុចិ ឬ ស្ដេងអញវ្នំកន្សាត្រូវជាប្អូនរបស់កម្រតេងឝិវាស្រម។ ព្រះបរមមរណនាម វ្រះបាទបរមឝិវលោក (ព្រះបាទបរមសិវលោក)។
សិលាចារឹក
[កែប្រែ]យឝោវម៌្មទី១ គឺជាបុត្រមួយអង្គនៃវ្រះបាទឥន្ទ្រវម៌្មទី១ និង មហេសីទ្រង់ឥន្ទ្រទេវី។[២][៣]
បន្ទាប់ពីការសោយទិវង្គតនៃវ្រះបាទឥន្ទ្រវម៌្មទី១ សង្គ្រាមដណ្ដើមរាជ្យគ្នាត្រូវបានផ្ទុះឡើងដោយសារព្រះរាជបុត្ររបស់ព្រះអង្គពីរអង្គ គឺ យឝោវម៌្មទី១ និង ព្រះភាតារបស់ព្រះអង្គ។ គេបានយល់ថាសង្គ្រាមនេះបានធ្វើឡើងតាមផ្លូវគោក និងសមុទ្រនៅក្បែរទន្លេសាប។ នៅទីបញ្ចប់យឝោវម៌្មបានទទួលបានជ័យជំនះ។
ដោយសារតែព្រះបិតារបស់ទ្រង់បានរារាំងបដិសេធការឡើងសោយរាជ្យរបស់ទ្រង់ តាមរយៈសិលាចារឹកមួយចំនួនដែលបានទាញចេញដោយលោក ល.ព.ប៊្រិហ្គស៍ "យឝោវម៌្មទី១ មិនខ្វល់ ដោយអះអាងខ្លួនព្រះអង្គឯងឡើងសោយរាជ្យតាមរយៈបិតាទ្រង់ ឥន្ទ្រវម៌្មទី១ រឺ តាមរយៈជយវម៌្មទី២ ស្ថាបនិកសន្តតិវង្សមហានគរ និងបានកសាងដើមពង្សាវលីយ៉ាងម៉ត់ចត់មួយដោយភ្ជាប់ពីព្រះអង្គតាមខ្សែមាតារបស់ទ្រង់ជាមួយព្រះមហាក្សត្រពីបុរាណនៃនគរភ្វូណាន និងកម្វុជ។"[៤]
សិលាចារឹកបាននិយាយអំពីព្រះអង្គថាជា «ការប្រមូលផ្ដុំនៃភាពថ្កុំថ្កើង» ព្រោះព្រះអង្គបានវាតអំណាចត្រួតត្រារបស់កម្ពុជាបានខ្លាំងជាងគេ។ សិលាចារឹកបានលើកឡើងទៀតថា ព្រះអង្គគួរទទួលបាននូវព្រះនាមបី៖ ចំពោះអ្នកប្រាជ្ញ ព្រះអង្គជាគ្រូអាចារ្យ ជាសាស្ដ្រាចារ្យ ចំពោះនារីៗ ព្រះអង្គជាបុរសគួរជាទីស្នេហា ចំពោះព្រះរាជាទាំងឡាយ ព្រះអង្គជាព្រះមហេន្ទ្រ គឺ ព្រះឥន្ទ្រធំ។ ព្រះអង្គបានចាប់បដិសន្ធិឡើង «ប្រកបទៅដោយ សម្ផស្សល្អលើសគេ ពុំមាននរណាម្នាក់ដែលមានព្រះភក្ដ្រស្រស់ល្អស្មើនឹងព្រះអង្គឡើយ ក្រៅតែពីព្រះចន្ទ្រចេញ»។ កិត្ដិគុណរបស់ព្រះអង្គបរិសុទ្ធ ប្រៀបបានទៅនឹងកាំពន្លឺព្រះចន្ទ្រា ដែលគ្របដណ្ដប់ទៅគ្រប់ទិសទីនៃពិភពលោក ហាក់បីដូចជាសមុទ្រទឹកដោះ ហើយដេញកំចាត់អស់នូវភាពអន្ធកាល ដែលរត់គេចដោយខ្លាចរីងស្ងួត ដោយតេជានុភាពរបស់ព្រះអង្គ។ ទ្រង់ជាព្រះចៅអធិរាជលើព្រះរាជាទាំងឡាយ ហើយកិត្ដិនាមដ៏រុងរឿង នយោបាយ សោភ័ណភាព និងសប្បុរសធម៌របស់ព្រះអង្គបានផ្សព្វផ្សាយទៅគ្រប់ទិសទាំងបួន ប្រៀបបាននឹងទេពធីតាដែលលំអទៅដោយការសន្តោស ថាមពល គុណធម៌ ភាពរមទម កិត្ដិគុណ កុសល និងគតិបណ្ឌិត។ នៅក្នុងការប្រយុទ្ធ ព្រះអង្គមានព្រះហស្ថត្រៀមជានិច្ច នឹងសម្លាប់សត្រូវកោងកាច បីដូចជាទ្រង់បានរៀនសូត្រពីគទព្រឹទ្ធ (ក្រឹស្ន-វិស្ណុ) នូវល្បិចចាប់ហែកទ្រូងរបស់ហិរន្យកស្សិពុ (មនុស្សសិង្ហ-ជាស្ដេចយក្ស) អ៊ីចឹង។ ព្រះខ័នរបស់ព្រះអង្គ តែដកចេញហើយ មិនដែលអាក់ខាននឹងកាប់នោះទេហើយកាប់តែមួយព្រះខ័នអ្វីៗក៏ដាច់ ជាបីកំណាត់ដែរទោះជាដែកវែងមូលធំ ឬរឹងយ៉ាងណាក៏ដោយ គឺហាក់បីដូចជាការដាក់ទោសចំពោះការដែលហ៊ានប្រឆាំងនឹងថ្វីព្រះហស្ថរបស់ព្រះអង្គ។ ព្រះអង្គអាចបាញ់ព្រួញនឹងព្រះហស្ថឆ្វេងក៏បាន ព្រះហស្ថស្ដាំក៏បាន ហើយតែងតែត្រូវគោលដៅជានិច្ច។ នៅទីបញ្ចប់ ព្រះដែលជាអ្នកបង្កើតលោកឆ្ងល់ហើយសួរខ្លួនឯងថា ចុះហេតុអ្វីក៏អាត្មាអញបង្កើតព្រះរាជានេះមកធ្វើជាគូប្រជែងនឹងខ្លួនឯងដូច្នេះ ព្រះរាជានេះដែលជាប្រជាបតិ (ព្រះបង្កើតលោក) និងជាបរមេឝ្វរ (ឧត្ដមរាជា ឬព្រះសិវៈ) មួយទៀត។
វ្រះបាទយឝោវម៌្មប្រៀបបានទៅនឹងស្ដេចល្វីទី១៤របស់បារាំង។ ទ្រង់មានស្ដែងអញវាមឝិវ ដែលត្រូវជាចៅរបស់ឝិវកៃវល្យជាឧបជ្ឈា ជាអ្នករៀបចំពិធីទេវរាជមុនគេ។ ព្រះអង្គមានចំណង់ចំណូលចិត្ដក្នុងការសាងសង់ ហើយហាក់ដូចជាមានបំណងដូច្នេះតាមការណែនាំរបស់រាជគ្រូ និងក្រុមគ្រួសាររបស់រាជគ្រូ។ ព្រះអង្គបានបញ្ជាឱ្យគេកេណ្ឌពួកភត្ដាស្ស មានន័យថា អ្នកស៊ីសាច់សត្វ គឺរាស្ដ្រសាមញ្ញ (ពួកអ្នករដ្ឋវាសី) សាងសង់ប្រាសាទ កំពែង បដិមា រួចទ្រង់ឱ្យគេចារព្រះរាជបញ្ជាដាក់នៅពាសពេញព្រះនគរប្រៀបបានទៅនឹងព្រះអឝោកមួយអង្គទៀតដូច្នោះដែរ។ ព្រះអង្គប្រគល់ខ្ញុំជាច្រើនឱ្យវត្ដនីមួយៗ ដែលព្រះអង្គបានបង្កើតដីចំនួនមួយរយវ្រៈ ព្រមទាំងទ្រព្យធន និងឧបភោគភណ្ឌធ្វើអំពីមាស សំរាប់ការរៀបចំពិធីគោរពបូជាផ្សេងៗ។ ទ្រង់បានចាត់ឱ្យស្ដែងអញសិខ ជាសិស្សរបស់កម្រតេងចាស់នៃឝិវាឝ្រម ដែលទ្រង់ឱ្យទទួលបន្ទុកខាងកេណ្ឌកំលាំងថ្វាយព្រះរាជាដើរកសាងឝិវលិង្គ និងព្រះបដិមាដាក់ពាសពេញព្រះនគរ។ ចំណែកខ្លួនព្រះអង្គបានកសាងផ្ទាល់ព្រះហស្ថនូវ «ព្រះបដិមា ព្រះឝិវ និងព្រះជាយាបួនអង្គ ជាតំណាងគម្ពីរវេទទាំងបួន ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ ព្រះមាតាបិតា ដាក់នៅលើមាត់បឹងឥន្ទ្រតដាក»។ ដោយហេតុនេះ «ភពទាំងពីរ គឺស្ថានក្រោម និងស្ថានលើ មានអ្នកការពារប្រកបទៅដោយវីរភាពឥតនរណាប្រៀបផ្ទឹមបាន៖ នៅលើផែនដី មានព្រះរាជាអបរាជ័យមួយអង្គគឺវ្រះបាទយឝោវម៌្មនេះ ចំណែកនៅស្ថានសួគ៌ទាំងបីជាន់មានព្រះមហេន្ទ្រ»។ «នៅក្នុងការប្រយុទ្ធ ពេលក្រឡេកឃើញព្រះរាជានេះ ដែលទ្រង់ប្រកបទៅដោយពន្លឺភ្លឺត្រចះពិបាកនឹងទ្រាំទ្រ បណ្ដាសត្រូវកោងកាច ទាំងឡាយឱនក្បាលចុះប្រៀបបាននឹងផ្កាឈូកបាក់កហើយនិយាយថានេះហើយ គឺជាព្រះអាទិត្យ»។
រជ្ជកាលរបស់ព្រះអង្គចាប់ផ្ដើមឡើងដោយមានការបះបោរប្រឆាំងមួយ ដែលប្រហែលជារៀបចំឡើងដោយសមាជិករាជវង្សានុវង្សរបស់វ្រះបាទជយវម៌្មទី៣ ដែលត្រូវបានបំបែកចេញពីរាជសម្បត្ដិដោយវ្រះបាទឥន្ទ្រវម៌្មទី១នៅឆ្នាំ ៨៨៩ ក៏ប៉ុន្ដែចំណុចត្រង់នេះគេមិនមានមូលហេតុគ្រប់គ្រាន់នឹងអះអាងទេ។ វ្រះបាទយឝោវម៌្មបានធ្វើការវាយបង្ក្រាបការបះបោរនោះ ហើយបានប្រយុទ្ធដោយលំបាកព្រោះទ័ពព្រះអង្គទន់ដៃ ព្រះអង្គត្រូវសត្រូវព័ទ្ធជុំជិត តែបានសេនាពីរនាក់ការពារជាប់ប្ដូរស្លាប់ជំនួសព្រះអង្គ។ ក្រោយពីមានជ័យជំនះលើខ្មាំងសត្រូវរួចហើយ «ដើម្បីជៀសវាងកុំឱ្យមានការបះបោរបែបនេះទៀត ដែលរង់ចាំមើលតែចំណុចខ្សោយរបស់ព្រះរាជាណាចក្រ ហើយប៉ុនប៉ងធ្វើឃាតព្រះរាជា» វ្រះបាទយឝោវម៌្មបានបង្កើតកងស៊ើបការណ៍មួយក្រុម រួចហើយបានសំរេចសាងសង់ «ព្រះរាជធានីរឹងមាំមួយ គ្មានសត្រូវណាដណ្ដើមយកបាន»។
រាជធានីនេះមានឈ្មោះមុនដំបូងដូចជាព្រះនាមរបស់ព្រះអង្គគឺ យឝោធបុរ គឺ អង្គរធំ ដែលឈ្មោះពិត ប្រាកដថា ឥន្ទ្រប្រាស្ថ តែសៀវភៅខ្មែរសម័យថ្មីហៅថា ឥន្ទ្របាទ ឬក៏ភាសាសាមញ្ញថា មហានគរ រាជធានីនេះតាមមើលទៅ គឺសាងសង់នៅពីលើ ឬក៏ជិតទីតាំងរបស់រាជធានីដែលសាងឡើងដោយវ្រះបាទឦឝានវម៌្មទី១ នៅដើមសតវត្សរ៍ទី៧ នៃគ្រិស្ដសករាជ។ អ្នកខ្លះនិយាយថា វ្រះបាទយឝោវម៌្មហៅរាជធានីនេះថា កម្ពុបុរី តាមឈ្មោះទេវបុព្វបុរសខ្មែរ កម្ពុស្វយម្ភុវ ដែលព្រះសិវៈបានប្រគល់ព្រះមហេសី គឺព្រះនាងមេរាឱ្យ។
នៅក្នុងរាជធានីនេះ ទ្រង់បានចាត់ឱ្យពូនភ្នំយឝោធរគីរី គឺប្រាសាទបាពួន ឬ«ភ្នំដែលរលំបាក់បែក» និងឱ្យសង់ប្រាសាទភិមានអាកាស «ព្រះរាជវាំងសំបូរទៅដោយខ្យល់» ប្រាសាទនេះសង់រួចនៅក្រោមរជ្ជកាលព្រះរាជាដែលសោយរាជ្យបន្ដពីព្រះអង្គ។ នៅខាងក្រៅរាជធានីពីខាងកើត ទ្រង់បានចាត់ឱ្យកសាងយឝោធរាឝ្រម «អាវាសរបស់យឝោ»។
វ្រះបាទយឝោវម៌្មបានកសាងប្រាសាទលលៃផងដែរ នៅជិតប្រាសាទបាគោ និងបាគង ដើម្បីថ្វាយដល់ព្រះវិញ្ញាណខន្ធវ្រះបាទឥន្ទ្រវម៌្មទី១ ជាព្រះបិតា ព្រះនាងឝ្រីឥន្ទ្រទេវី ជាព្រះមាតា និងព្រះវិញ្ញាណខន្ធរបស់វ្រះបាទមហីបតិវម៌្ម និងព្រះនាងរាជេន្ទ្រទេវី ជាព្រះអយ្យកោអយ្យកា ព្រោះថាព្រះអង្គមានព្រះកិត្ដិយស ជាពិសេស គឺដោយសារខ្សែព្រះលោហិតខាងព្រះមាតា។
វ្រះបាទយឝោវម៌្មពេញចិត្ដនឹងការធ្វើសង្គ្រាមណាស់។ ក្រោយពីមានជ័យជំនះលើសត្រូវផ្ទៃក្នុង ហើយរៀបចំឱ្យមានក្រុមចារកម្មគ្រប់គ្រងលើពួកនេះរួចមក ព្រះអង្គបានធ្វើការប្រយុទ្ធរុញច្រានទៅលើសត្រូវខាងក្រៅ ធ្វើឱ្យពួកនេះចុះចាញ់ ហើយទ្រង់បានដាក់ស្ដេចបរាជ័យជាច្រើនជាទាសករ។ ព្រះអង្គក៏មានជ័យជំនះផងដែរក្នុងសង្គ្រាមតាមសមុទ្រ «ទៅលើកងនាវាចរណ៍របស់សត្រូវដែលមានសំពៅថ្មីៗពណ៌សរាប់ពាន់» ដែលព្រះអង្គវាយបាក់បែកអស់។
វ្រះបាទយឝោវម៌្មប្រហែលជាបានធ្វើសង្គ្រាមហើយមានជ័យជំនះលើពួកចាមផងដែរ ដែលទ្រង់តាមវាយប្រហាររហូតរាជធានីស្ថិតនៅលើភ្នំវែកព្រមទាំងបាន ចាប់ស្ដេចចាមព្រះនាមស្រីជយេន្ទ្រវម៌្មជាឈ្លើយ រួចលើកឧត្ដមសេនីយ៍ចាមមួយរូបឱ្យឡើងសោយរាជ្យជំនួស។ ពួកចាមបានប្រមូលគ្នាត្រៀមចាំនៅចន្លោះពីរាជធានីមកព្រំប្រទល់ ដែលមានចំនួនទាំងអស់១២សង្កាត់ ហើយបានធ្វើការវាយមកលើទ័ពព្រះអង្គយ៉ាងខ្លាំង ពេលទ្រង់យាងត្រលប់មកព្រះនគរវិញ ធ្វើឱ្យព្រះអង្គថយដៃ វាយដកថយរហូតទៅដល់ភ្នំត្រៃយការ។ នៅលើភ្នំនោះ ទ្រង់បានជ្រកនៅក្នុងបន្ទាយមួយដែលមានកំពែងការពាររឹងមាំ រួចទើបចាប់វាយបកទៅលើទ័ពសត្រូវ បំផ្លាញសង្កាត់ទាំង១២មួយម្ដងៗ។ ព្រះអង្គស្ទើរតែក្ស័យព្រះជន្មម្ដងទៀតនៅក្នុងការប្រយុទ្ធមួយបើ កុំតែបានសេនាការពារបូជាជីវិតការពារព្រះអង្គ។
ក្រៅពីសង្គ្រាមវ្រះបាទយឝោវម៌្មជាព្រះរាជាមួយអង្គពូកែខាងការងាររដ្ឋបាលទៀតផង។ សោយរាជ្យលើនគរមួយដែលមានប្រជាជនរំពើតរំពើង ទ្រង់បានរៀបចំប្រជារាស្ដ្រជា៤វណ្ណៈ ដែលក្នុងនោះពួកបច្ឆាញាតិរបស់ពួកព្រាហ្មណ៍អន្ដោប្រវេសន៍ បានត្រូវបានចែកតាមវណ្ណៈនីមួយៗ ហើយទ្រង់ក៏បានរៀបចំឋានៈរបស់សេនាមន្ដ្រីផងដែរ។ ដោយមានសត្រូវច្រើន ព្រះអង្គបានចងសម្ព័ន្ធមេត្រីជាមួយស្ដេចនគរជិតខាង ហើយបានផ្ដល់ឯកសិទ្ធិដល់ជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រថែមទៀត។
ព្រះអង្គគោរពបូជាព្រះសិវៈ ក៏ប៉ុន្ដែមិនប្រកាន់និកាយណាមួយទេ ហើយចេះសន្ដោសប្រណី ពីព្រោះថាទ្រង់មានមន្ដ្រីមួយរូបជាប់ខ្សែព្រះរាជវង្សដែរ ដែលគោរពបូជាព្រះពុទ្ធសាសនា។ ទ្រង់ចូលចិត្ដសិល្បៈ ហើយមានអ្នកប្រាជ្ញបណ្ឌិតនៅជុំវិញព្រះអង្គ។ ពេលណាព្រះអង្គចេញធ្វើសង្គ្រាម ទ្រង់អនុវត្ដតាមទស្សនៈរបស់អ្នកប្រាជ្ញបណ្ឌិតទាំងអស់នោះ។
វ្រះបាទយឝោវម៌្ម បានសុគតនៅឆ្នាំ ៩០៨ នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ ៨៣០ ដោយបានបន្សល់ទុកនូវព្រះកិត្ដិនាមថាជាព្រះចៅអធិរាជលើអស់ព្រះរាជាទាំងឡាយជាព្រះរាជាល្អឥតខ្ចោះជាព្រះអាទិត្យ។ ព្រះអង្គមានព្រះមរណនាមថា បរមឝិវលោក។
ស្នាព្រះហស្ថយឝោវម៌្មទី១
[កែប្រែ]កំឡុងឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ព្រះអង្គបានកសាងអាស្រម ១០០ ទូទាំងនគររបស់ទ្រង។ អាស្រមនីមួយៗ ត្រូវបានប្រើជាទីកន្លែងសំរាកកាយសំរាប់តាបស និងព្រះអង្គកំឡុងព្រះរាជដំណើររបស់ព្រះអង្គ។ នៅឆ្នាំ ៨៩៣ ព្រះអង្គបានចាប់ផ្ដើមកសាងបារាយណ៍ឥន្ទ្រតដាក (អាងទឹក) ដែលត្រូវបានចាប់ផ្ដើមដោយព្រះបិតារបស់ទ្រង់។ នៅចំកណ្ដាលបារាយណ៍នេះ (បច្ចុប្បន្នហួតហែងអស់ហើយ) ទ្រង់បានកសាងប្រាសាទលលៃ។[៥] ក្នុងពេលតំណាលគ្នា ព្រះអង្គបានចាប់ផ្ដើមជីកបារាយណ៍យ៉ាងធំមួយនៅឯរាជធានីថ្មី (ដែលបានពិពណ៌នានៅខាងក្រោម)។ បឹងសិប្បនិមិត្តថ្មីនេះ យឝោធរតដាក រឺ បារាយណ៍ខាងកើត ធំជាងបារាយណ៍ចាស់ប្រាំបីដង។
យឝោវម៌្មគឺជាក្សត្រធំមួយអង្គក្នុងចំណោមស្ដេចធំនៅសម័យអង្គរ។ ស្នាព្រះហស្ថដ៏ធំបំផុតរបស់ទ្រង់គឺការរើរាជធានីពីហរិហរាលយ ទៅយឝោធរបុរ ដែលវាបានស្ថិតនៅទីនោះអស់រយៈពេល ៥០០ ឆ្នាំ។ នៅឯរាជធានីថ្មីនេះជាកន្លែងដែលបូជនីយដ្ឋានខាងសាសនាដ៏ល្បីល្បាញនិងធំៗត្រូវបានគេកសាងឡើង ឧ. អង្គរវត្ត។ មានហេតុផលជាច្រើនចំពោះការរើរាជធានីនេះ។ រាជធានីចាស់ពោរពេញទៅដោយប្រាសាទជាច្រើនដែលបានកសាងឡើងដោយក្សត្រអង្គមុន។ ដូច្នេះ ការសំរេចចិត្តនេះគឺជាការសំរេចចិត្តបែបសាសនា: ទុកសំរាប់ស្ដេចថ្មីធ្វើឱ្យរុងរឿង ទ្រង់ត្រូវសាងប្រាសាទផ្ទាល់ខ្លួនព្រះអង្គ និងនៅពេលពេលទ្រង់សោយទិវង្គត វានឹងក្លាយជាផ្នូររបស់ព្រះអង្គ (ព្រះសុសាន)។ ទីពីរ រាជធានីថ្មីនៅកៀកជិតស្ទឹងសៀមរាប និងវាស្ថិតនៅចំកណ្ដាលផ្លូវរវាងភ្នំគូលែន និងទន្លេសាប។ ដោយការរើរាជធានីនេះទៅជិតប្រភពទឹក ស្ដេចអង្គនេះអាចទទួលប្រយោជន៍ជាច្រើនដែលបានផ្ដល់ឱ្យដោយស្ទឹង និងទន្លេទាំងពីរ។ ព្រះអង្គទ្រង់ក៏បានកសាងផ្លូវមួយភ្ជាប់រាជធានីចាស់ទៅរាជធានីថ្មី។
ប្រាសាទលលៃ ភ្នំបាខែង និង បារាយណ៍ខាងកើត[៦] គឺជាបូជនីយដ្ឋានចំពោះក្សត្រអង្គនេះ ទីសក្ការៈទាំងអស់នេះស្ថិតនៅក្បែររតនៈសម្បត្តិជាតិខ្មែរ សំណង់នេះក្រោយមកគេ ស្គាល់ថាអង្គរវត្ត។ ភ្នំបាខែងគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទលើកំពូលភ្នំបីដែលត្រូវបង្កើតឡើងនៅតំបន់រាជធានីអង្គរនៃចក្រភពកម្វុជទេឝកំឡុងរជ្ជកាលយឝោវម៌្ម ពីរទៀតស្ថិតនៅលើកំពូលភ្នំក្រោម និង ភ្នំបូក។
ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង សាសនាចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាងរាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹកព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម។ ស្នាព្រះហស្ថរបស់វ្រះបាទយឝោវម៌្មទី១ ត្រូវបានគេស្រាវជ្រាវឃើញមាន៖
- ១- ប្រាសាទបាខែង ស្ថិតនៅលើកំពូលភ្នំបាខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្ត ឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះមានកំពូលចំនួន ១០៨ និងកំពស់ ៤៥ មាត្រ តំណាងឲ្យភ្នំព្រះសុមេរុមាន ៧ ជាន់ ខ្លះថាតំណាងឲ្យឋានសួគ៌ទាំង ៧ ជាន់របស់ព្រះឥន្រ្ទុ។ ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញ អស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រង ខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រឡះអាចមើលឃើញទិដ្ឋភាពនានាបាន ភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គត យ៉ាងច្រើនកុះករ។
- ២-ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហលយក្បែរប្រាសាទព្រះគោ និងប្រាសាទបាគងដែលកសាងក្នុងអំឡុងឆ្នាំ ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និង ព្រះបិតារបស់ព្រះអង្គ កាលនោះប្រាសាទនោះ ស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិសាស្រ្តជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍។
- ៣-ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះមានទំហំ ៨០០ មាត្រគុណនឹង ៤០០ មាត្រ កំពស់ ៦២៥ មាត្រដើម្បីថ្វាយព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបាន ប្រទេសកាន់កាប់នៅ សម័យអាណានិគមនិយមបារាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិទីក្រុងឡាអេ សំរេចប្រគល់ឲ្យកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២។ រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ពីគ្រប់មជ្ឈដ្ឋាន នាំគ្នាទៅទស្សនាព្រោះមានប្រព័ន្ធគមនាគមន៍ចេញចូលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍។
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឥន្ទ្រវម៌្មទី១ |
ចក្រវរ្តិននៃកម្វុជទេឝ ៨៨៩–៩១០ |
តដោយ ហឝ៌វម៌្មទី១ |
បច្ឆាមរណនាម
[កែប្រែ]យឝោវម៌្មបានសោយទិវង្គតនៅឆ្នាំ ៩១០ និងបានទទួលព្រះបរមមរណនាមថាបរមឝិវលោក។ ទ្រង់មានជំងឺឃ្លង់។[៧]
ពង្សាវលី
[កែប្រែ]- ព្រះអយ្យកាព្រះនាម ប្ឫថិវេន្ទ្រវម៌្ម និង ព្រះអយ្យកោព្រះនាម ប្ឫថិវេន្ទ្រទេវី
- ព្រះបិតាព្រះនាម ឥន្ទ្រវម៌្មទី១ និងព្រះមាតាព្រះនាម ឥន្ទ្រទេវី
- ព្រះភគិនី ព្រះនាងមហេន្ទ្រទេវី, ជយទេវី
- មហេសីនៃយឝោវម៌្មគឺជាព្រះភគិនីនៃជយវម៌្មទី៤។
- ព្រះនាងបានប្រសូតបានបុត្រពីរអង្គឱ្យយឝោវម៌្ម គឺ ឦឝានវម៌្មទី២ និង ហឝ៌វម៌្មទី១។[៨]
- ព្រះនត្តា ព្រះនាមមិនស្គាល់។
- ព្រះនាងបានប្រសូតបានបុត្រពីរអង្គឱ្យយឝោវម៌្ម គឺ ឦឝានវម៌្មទី២ និង ហឝ៌វម៌្មទី១។[៨]
- ព្រះបិតាព្រះនាម ឥន្ទ្រវម៌្មទី១ និងព្រះមាតាព្រះនាម ឥន្ទ្រទេវី
កំណត់
[កែប្រែ]- ↑ Vietnam, Cambodia, Laos & the Greater Mekong by Nick Ray, Tim Bewer, Andrew Burke, Thomas Huhti, Siradeth Seng. Page 212. Footscray; Oakland; London: Lonely Planet Publications, 2007.
- ↑ Some Aspects of Asian History and Culture by Upendra Thakur. Page 37.
- ↑ Saveros, Pou (2002) (ជាបារាំង). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4.
- ↑ Briggs, The Ancient Khmer Empire; page 105.
- ↑ Jessup, p.77; Freeman and Jacques, pp.202 ff.
- ↑ Goloubev, Victor. Nouvelles récherches autour de Phnom Bakhen. Bulletin de l'EFEO (Paris), 34 (1934): 576-600.
- ↑ The Rough Guide to Cambodia by Beverley Palmer and Rough Guides.
- ↑ Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society. 1951.
ឯកសារយោង
[កែប្រែ]- Coedes, George. The Indianized States of Southeast Asia. East-West Center Press 1968.
- Higham, Charles. The Civilization of Angkor. University of California Press 2001.
- Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.