Jump to content

ប្រាសាទប្រែរូប

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទប្រែរូប​)
ប្រាសាទប្រែរូប

ឈ្មោះ: ប្រាសាទប្រែរូប
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សទី១០ ឆ្នាំ៩៦១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថប្រែរូប
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦។ ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម "សិវលោក" ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលិង្គសម្រាប់រាជ្យឈ្មោះ រាជេន្ទ្រវរ្ម័ន នៅឆ្នាំ៩៦១ នៃគ.ស ដោយព្រះបាទកម្រងតេងអញស្រីរាជេន្ទ្រវរ្ម័នទេវ។ ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទមេបុណ្យខាងកើត ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយប្រាសាទមេបុណ្យខាងកើត ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទភ្នំព្រមទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយមានរៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។ តាមការបង្អាញពីមន្ដ្រីផ្នែកបុរាណវិទ្យា នៃក្រសួងវប្បធ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទរាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់នៅនឹងតួប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទងទៅនឹង លទ្ធិព្រហ្មញ្ញសាសនា[]។ ប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថា ជាទីកន្លែងសម្រាប់បូជាព្រះសព ឬការប្រែរូបរាងកាយពីសាកសពទៅជាផេះផង់។ ការហៅឈ្មោះនេះដោយសារគេយល់ថា អាងមួយមានរាងទ្រវែងចតុកោណកែងសាងអំពីថ្មភក់ លម្អនៅចំពីមុខជណ្តើរឡើងទៅប្រាង្គខាងលើគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះ។ នៅពេលបូជាព្រះសពឱ្យក្លាយជាផេះ និងកម្ទេចឆ្អឹងហើយ គេក៏អាចប្រមូលយកទៅលាងនៅឯតួប៉មចំហមួយដែលមានរាងដំបូលរាងជាសាជីសាងអំពីថ្មបាយក្រៀមមានសសរចំនួនបួនស្ថិតនៅទិសឦសាន។ នៅខាងក្នុងតួប៉មមានមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនរាងការ៉េ ដែលមានចង្ហូរទឹកចេញ។ ប៉ុន្តែការយល់ឃើញរបស់អ្នកស្រុកខាងលើមិនត្រឹមត្រូវទេ អាងដែរពួកអ្នកស្រុកថាជាក្តារមឈូសនោះគឺជាតម្រសម្រាប់ទ្ររូបសំណាក់គោននិ្ទដែលជាយានជំនិះរបស់ព្រះឥសូរ ព្រោះប្រាសាទនេះកសាងឡើង ដើម្បីឧន្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាព្រហ្មញ្ញសាសនា រីឯទម្ររាងត្បាល់កិន តាមពិតជាទម្រយោនីរបស់ព្រះនាងឧមាសម្រាប់ទ្រសិវៈលិង្គរបស់ព្រះឥសូរ។

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ឯកសារ"ដើមកំណើតអង្គរ" ដែលរៀបរៀងដោយលោក មារ បូ មន្ដ្រីអភិរក្សតំបន់អង្គរ ខេត្តសៀមរាប បោះពុម្ពនៅឆ្នាំ ១៩៦៩