Jump to content

ប្រាសាទពិមាឃ

ពីវិគីភីឌា
ប្រាសាទពិមាយ

ឈ្មោះ:
ប្រាសាទពិមាយ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ស្រុកពិមាឃ ខេត្តនគររាជ អតីតខេត្តខ្មែរ បច្ចុប្បន្នស្ថិតនៅ ប្រទេសថៃ
ប្រាសាទពិមាឃ រឺ ប្រាសាទភិមាយ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។.

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទពិមាយ រឺ ប្រាសាទភិមាយ (អង់គ្លេស: Phimai Historical Park); (ថៃ: อุทยานประวัติศาสตร์พิมาย) ជាស្ថាបត្យកម្មខ្មែរ ដែលសាងសង់ឡើងក្នុងរចនាបថបាពួន និងរចនាបថបាយ័ន រវាង សតវត្សទី១១ និង សតវត្សទី១២។ ពីអតីតកាលប្រាសាទនេះស្ថិតនៅ ស្រុកពិមាឃ ខេត្តនគររាជ(គោរាជ) អាណាចក្រខ្មែរមុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ (សៀម)។ ប្រាសាទនេះត្រូវបានសាងសង់ឡើងថ្វាយ​ដល់ពុទ្ធសាសនាមហាយាន និង ជាប្រាសាទខ្មែរធំបំផុតនៅក្នុងប្រទេសថៃ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ (ចាប់ពីឆ្នាំ ១០១០ ដល់ ១០៥០) នៃចក្រភពខ្មែរ។ ព្រះបាទសូរ្យវរ្ម័ន ជាអ្នកគ្រប់គ្រងព្រះពុទ្ធព្រះរាជាដែលយកទឹកព្រះទ័យទុកដាក់លើវិស័យព្រះពុទ្ធសាសនា។ដូនតាខ្មែរដ៏ខ្លាំងពូកែ បានបន្សល់ទុកនូវកេរ្តិ៍ដំណែលជាច្រើនឥតឧបមា នៅក្នុងឧបទ្វីបឥណ្តូចិនយើងនេះ ជាពិសេសនៅក្នុងប្រទេសថៃបច្ចុប្បន្ន។ខុសប្លែកពីប្រាសាទខ្មែរដទៃទៀតនៅក្នុងប្រទេសកម្ពុជា ប្រាសាទពិម៉ាយដែលស្ថិតនៅក្នុងខេត្តនគររាជសីមា ជាសាសនដ្ឋានដ៏ធំធេងបំផុត បែរមុខទៅទិសខាងត្បូង។ ការដែលបែរមុខខាងត្បូង ដូច្នេះគឺបណ្តាលមកពីព្រះមហាក្សត្រខ្មែរនាសម័យបុរាណ ចង់ឲ្យទ្វារចូលធំនៃប្រាសាទសមស្របនឹងថ្នល់តម្រង់ទៅរាជធានីអង្គរនៃខេត្ដសៀមរាប។ ប្រាសាទពិម៉ាយ ជាបូជាណីយដ្ឋាន ហើយក៏ជាព្រះរាជធានីខ្មែរមួយដ៏សំខាន់ នៅក្នុងអតីតកាលដ៏មហារុងរឿង ហើយទីតាំង នោះបានផ្សារភ្ជាប់នឹងទីក្រុងសំខាន់ឯទៀតក្នុងព្រះរាជនគរខ្មែរ ដូចជា រាជបុរី មឿងសិង្ហ ពេជ្របុរី បុរីរម្យ សុរិន្ទ្រ បាត់ដំបង។ល។ ប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសដល់សាសនាទាំងពីរ គឺព្រហ្មញសាសនា និងព្រះពុទ្ធសាសនា។

ប្រាសាទពិមាឃ រឺ ប្រាសាទភិមាយ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។.

ប្រាសាទនេះត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១១នៃ គ្រិស្ដសករាជ។ ស្ថិតនៅចំកណ្ដាលបរិវេណមួយ ដែលមានកំពែង៤ជ្រុងទ្រវែងព័ទ្ធជុំវិញ ដោយមានគោបុរ: ទាំងបួន ទិសផង។ ប៉ុន្ដែទ្វារដែលសំខាន់ជាងគេគឺទ្វារខាងត្បូង ដែលជាទ្វារមុខ ឬទ្វារប្រធាន។ ទ្វារចូលនេះលំអរដោយក្បាច់ក្បូរល្អប្រណីត ហើយមានស្ពាននាគនៅខាងមុខកំពែង។ កំពែងនេះត្រូវបានធ្វើឡើងដោយថ្មខ្សាច់ពណ៌ក្រហម ដែលលើកបន្តុបគរលើគ្នាយ៉ាង ចំណាន។ នៅដើមសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ដោយយល់នៅសារសំខាន់នៃប្រាសាទពិម៉ាយនេះ ព្រះបាទជ័យវរ្ម័នទី៧ ក្រោយពីបានឡើងសោយរាជសម្បត្តិ ព្រះអង្គបានសាងសង់សំណង់មួយចំនួនទៀតនៅពីមុខអមសងខាង។ គេឃើញមានស្រះទឹកគ្រប់មុំទាំង ៤ជ្រុង ដូចជា ស្រះកែវ ស្រះភ្លង់ ស្រះខ្វាន់ជាដើម គួរឲ្យត្រជាក់ភ្នែកជាពន់ពេក និងនៅខាងក្រោយផ្នែកខាងស្ដាំមានដើមត្នោតដុះក្បែរ ស្រះនោះថែមទៀត ជាហេតុធ្វើឲ្យអ្នកដំណើរនឹកដល់ស្រុកខ្មែរ។ បន្ទាប់មកគេឃើញរបៀងគត់ មានស៊ុមទ្វារគ្រប់ទិសទាំង៤ ត្រង់ទ្វារចូលតាមកំពែងខាងក្រៅ។ របៀងគត់ទិសខាងជើងឆៀងខាងត្បូង មានប្រវែង៧២ម៉ែត្រ ទិសខាងលិចឆៀងខាងកើតមានប្រវែង៣០មែត្រ។ រីឯចន្លោះរបៀងគត់ផ្លូវសម្រាប់ដើរដែលមានទទឹងប្រមាណ២,៣៥ម៉ែត្រធ្លាយទាក់ទងគ្នាទាំង៤ទិសដោយមានដំបូលថ្មក្រាស់ក្រាលពីលើ។ ប្រាង្គកណ្ដាលដែលមានទំហំធំជាងគេនៃប្រាសាទពិម៉ាយ ត្រូវបានសាងសង់ឡើងដោយថ្មខ្សាច់ ហើយនៅសម័យបុរាណមានបិទក្បាច់ក្បូរជាលំអរផង។ ខឿនមានលក្ខណ:៤ជ្រុង ដោយមានទ្វារសម្រាប់ចេញចូលទាំង៤ទិស។ ផ្ដែរ និងហោជាង នៅលើទ្វារសុទ្ធតែឆ្លាក់រឿងរ៉ាវដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ហោជាងខាងត្បូង ឆ្លាក់ព្រះពុទ្ធរូបប្រក់នាគ និងត្រង់ទ្វារគុហាខាងមុខ ក៏មានចម្លាក់ទាក់ទិននឹងពុទ្ធប្រវត្តិជាឈុតព្រះអង្គផ្ចាល់មារជាដើម។ ចម្លាក់នៅមុំរបៀងគត់ ទិសខាងកើត គេឃើញមានសិលាចារឹក ជាភាសាខ្មែរចារលើក្របទ្វារ។ សារសំខាន់នៃខ្លឹមសារសិលាចារឹកនេះ ស្ថិតនៅត្រង់លក្ខណ:សំយោគនៃជំនឿសាសនាខ្មែរនាសម័យអង្គរ ពីព្រោះ នៅដើមសិលាចារឹក មានការប្រតិស្ថានដល់ទេវតាព្រហ្មញ្ញសាសនា ព្រះពុទ្ធអង្គ និងអារក្សអ្នកតា ដែលបីបាច់ថែរក្សាទេវឋាន គឺប្រាសាទពិមាយនេះឯង។ គួររំលឹកដែរថា សព្វថ្ងៃនៅក្នុងបរិវេណនៃប្រសាទនេះ គេឃើញមានខ្ទមអ្នកតាម្ចាស់ទឹកដីនៅឡើយ។ ម្យ៉ាងទៀត នៅក្រៅកំពែងថ្មប្រាសាទ គេឃើញមានបារាយណ៍ពីរស្ថិតនៅខាងកើត និងមួយទៀតស្ថិតនៅខាងលិច គឺស្រះប្លែង និងស្រះបូជ។ ក្នុងបរិវេណប្រាសាទ គេឃើញមានកុដិឫសី ឬអារោគ្យសាលា ដែលជាអគារធ្វើអំពីថ្មបាយក្រៀម សា្ថបនាឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីពុទ្ធសាសនិកជនជិតឆ្ងាយមកសុំសេចក្ដីសុខពីព្រះពុទ្ធអង្គ។ តាមរូបភាពថតពីលើអាកាស បានឲ្យយើងដឹងថា ប្រាសាទពិម៉ាយត្រូវហ៊ុមព័ទ្ធដោយកំពែងពីរ គឺកំពែងក្រៅ និងកំពែងក្នុង។ មានអគារមួយជាច្រកចេញចូល មានរូបរាង៤ជ្រុងទ្រវែង គឺនៅទីនោះហើយ ដែលព្រះមហាក្សត្រខ្មែរនាសម័យបុរាណបាន យាងមកសម្រាកព្រះកាយមុនចូលរួមបុណ្យទានក្នុងប្រាសាទ។

ប្រាសាទពិមាឃ រឺ ប្រាសាទភិមាយ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។.

ទ្វារចូលប្រាសាទស្ថិតមិនឆ្ងាយប៉ុន្មានពីអគារនេះដែលត្រូវក្រុមសិល្បករថៃជួសជុលឡើងវិញ។ ដើម្បីទៅកាន់ប្រាសាទ គេត្រូវឆ្លងខឿនជណ្ដើរមួយខ្ពស់ពីដី អមដោយបង្កាន់ដៃជារូបស្ដាច់នាគរាជម្យ៉ាងមួយយ៉ាងល្អវិចិត្រ។ តាមប្រពៃណីអ្នកស្រុក គេហៅថា ស្ពានឥន្ទធនូ ដែលភ្ជាប់ស្ពានមនុស្ស និងស្ពានទេវតា ឬស្ពានកណ្ដាល និងស្ពានឋានសួគ៌ ប្រកបដោយសិរីមង្គល។នៅមុខខ្លោងទ្វារចូល គេកត់សម្គាល់នូវវត្ដមានរបស់តោថ្មពីរ ដែលការពារឥទ្ធិពលអាក្រក់ ហើយស្ថិតនៅក្រោមនាគរាជ។ ស្ពាននាគនេះត្រូវភ្ជាប់ទៅនឹងខ្លោងទ្វារខាងត្បូង ដែលជាខ្លោងទ្វារយ៉ាងសំខាន់បំផុតនៃទេវឋាននេះ បើយើងប្រៀបធៀប និងខ្លោងទ្វារដទៃទៀត។ប្រាង្គកំពូលកណ្ដាលនៃប្រាសាទដែលមានទម្រង់ដូចប្រាសាទអង្គរវត្ត មានរាងជាផ្កាឈូកក្រពុំ ហើយមានចម្លាក់រឿងទាក់ទិននឹងព្រហ្មញ្ញសាសនា។ រីឯក្នុងប្រាសាទវិញ មានចម្លាក់ទាក់ទិននឹងពុទ្ធប្រវត្តិជាដើម។ ទាំងនេះសឲ្យឃើញនូវលក្ខណ:សំយោគផ្នែកមនោគមវិជ្ជាសាសនា នាសម័យបុរាណ។ នៅក្នុងបរិវេណនៃកំពែងរបងខាងក្នុង គេឃើញមានប្រាង្គប្រធានដែលយើងទើបតែអធិប្បាយនៅខាងលើ ធ្វើអំពីថ្ម ខ្សាច់ស បែរទៅទិសខាងត្បូងឆៀងខាងកើត ខុសពីប្រាសាទខែ្មរដទៃៗឯទៀត បែមុខទៅទិសខាងកើត ។ ការតម្រង់ទិសបែបនេះគឺ បណ្ដាលមកពីខ្មែរបុរាណចង់ឲ្យប្រាសាទនេះបែរមុខទៅរកព្រះរាជធានីអង្គរ។ រីឯប្រាង្គប្រាសាទពីរទៀតត្រូវបានស្ថាបនាឡើងនៅសតវត្សរ៍ទី១២ នៃគ្រិស្ដសរាជ។ គេបានរកឃើញក្នុងប្រាសាទខាងឆ្វេងធ្វើអំពីថ្មបាយក្រៀម នូវរូបសំណាកព្រះបាទជ័យវរ្ម័ទី៧ អង្គុយសមាធិ ។ ប្រាសាទពិមាយភ្ជាប់ទៅនឹងព្រះរាជធានីអង្គរ ធ្លាប់ស្គាល់នូវវឌ្ឍនភាពខ្ពង់ខ្ពស់ក្រៃលែង ប៉ុន្តែក្រោយសតវត្សទី១៥នៃគ្រិស្ដសរាជមក បូជណីយដ្ឋាននេះត្រូវកាត់ផ្ដាច់ចេញពីចក្រភពអង្គរ បណ្ដាលមកពីខ្មែរចាញ់សង្គ្រាម ហើយក៏ជាមូលហេតុនៃការ បោះបង់ចោលនៃតំបន់ខ្ពង់រាបដ៏រុងរឿងនេះ ដែលធ្លាប់ជាស្រុកវប្បធម៌នៃដែនដីអង្គដ៏បវរ[]

ឯកសារយោង

[កែប្រែ]
  1. (ម.ត្រាណេ)

កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]

មើលផងដែរ

[កែប្រែ]

ក្រុងពិមាឃ