Jump to content

ប្រាសាទវត្តអធ្វា

ពីវិគីភីឌា
ប្រាសាទវត្តអធ្វា

ឈ្មោះ: ប្រាសាទវត្តអធ្វា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: អង្គរ ខេត្តសៀមរាប

ប្រវត្តិ

[កែប្រែ]

ប្រាសាទវត្តអធ្វាជាប្រាសាទមួយស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ បានកសាងឡើងនៅសម័យកាល ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ ( ពាក់កណ្តាលសតវត្សរ៍ទី១២ ) ប្រហែលនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរ ( ១១១៣-១១៥០ ) ។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមភស្ថុតាងសិលាចារឹកដែលបានចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក្នុងមុខងារព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនឆ្នាំ ហើយភាគច្រើន នៃសិលាចារឹកទាំងនោះបានចារក្នុងកំលុង សតវត្សរ៍ទី១២នេះ[]។ប្រាសាទវត្តអធ្វាកសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ បើពិនិត្យទៅលើប្លង់ ស្ថាបត្យកម្មទូទៅប្រាសាទនេះមានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៃទិសទាំងបួន ហើយច្រកទ្វារទិសខាងកើត ខាងត្បូង និងខាងជើង មានបន្ថែមដំបូលលយចេញខាងមុខ ។ ដំបូលលយចេញ ខាងមុខនីមួយៗមានទ្វារចូលបីទ្វារទីមួយនៅចំអ័ក្ស និង ទ្វារពីរទៀតនៅអម សងខាងអ័ក្ស ។ ចំណែកដំបូលលយខាងមុខនៅខាងលិចភ្ជាប់នឹងសំណង់មាន រាងទ្រវែងមួយ ដែលជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ចូលទៅកាន់តួប៉មកណ្តាល ។ នៅជុំវិញតួប៉មកណ្តាលនៃប្រាសាទមាន ប្រាសាទបន្ទាប់បន្សំចំនួនបួនដែលបែរមុខទៅទិសខាង លិចទាំងអស់ដូចតួប៉មកណ្តាលដែរ ។ ប្រាសាទទាំងនោះ ជាប្រភេទសំណង់ទោលដាច់ដោយឡែកពីគ្នា រាង ជាចតុកោណកែងមានទ្វារបញ្ឆោតនៅទិសខាងកើត និង ខាងលិច និងមានបង្អួចអមនៅសងខាង ។ មានសំណង់ពីរទៀតស្ថិតនៅទិសខាងលិចធ្វើអំពីថ្មភក់ និង សំណង់ ពីរទៀតផ្នែកខាង ក្រោយ ភាគខាងកើត សង់អំពីថ្មភក់ លាយថ្មបាយក្រៀម ស្ថិតនៅលើខឿនដ៏ខ្ពស់ ដែលខឿន នោះធ្វើអំពីថ្មភក់ ។ បើពិនិត្យតាមសភាពជាក់ស្តែងមួយភ្លែតនោះឃើញថា ប្រាសាទវត្តអធ្វា ពុំសូវទទួលរងនូវ ការខូចខាតប៉ុន្មានឡើយ ប៉ុន្តែបើមើលខាងលិចតួប៉មកណ្តាល យើងសង្កេតឃើញមានការខូចខាតផ្នែកទ្វារ ចូលដែលមានដំបូលលយខាងមុខ គឺទិសខាងកើត និង ទិសខាងជើង មានសភាពពុកផុយប្រេះស្រាំតូចៗពីលើរហូតដល់ក្រោម ។ ចំណែកអគារទាំងបួន ដែលស្ថិតនៅជុំវិញតួប៉មកណ្តាលមានលក្ខណៈទ្រុឌទ្រោម ពិសេសតួ ប៉មពីរនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយថ្មភក់មានសភាពប្រេះតួប៉មទាំងមូល ដោយគ្រោង ដំបូលបានបាក់ធ្លាក់ថ្មអស់នៅតែផ្នែកហោជាងដែល ស្ទើរតែរលំ ។ ឯតួប៉មពីរទៀត ស្ថិតនៅផ្នែកខាងលិចដែលសង់អំពីថ្មភក់ក៏មានការខូចខាតដែរ គឺថ្មបានបាក់ធ្លាក់ផ្នែក ខាងមុខ និង ប្រេះរហែកតាមគន្លាក់ថ្មពីលើ រហូតដល់ក្រោមទាំងពីរតួប៉មចំណែកឯថ្មក៏មានភាព ពុកផុយផ្នែកខាងក្រៅ ។

ឯកសារយោង

[កែប្រែ]
  1. ឯកសាររបស់ព្រឹត្តិបត្ររបស់អាជ្ញាធរអប្សរា ដែលបានចុះផ្សាយនៅឆ្នាំទីបួន លេខសាមសិបពីរខែមិថុនា ឆ្នាំ ២០០៩