Jump to content

បក្សកុម្មុយនីស្តកម្ពុជា

ពីវិគីភីឌា
បក្សកុម្មុយនីស្តកម្ពុជា
Parti communiste du Kampuchéa
ស្ថាបនិកសឺន ង៉ុកមិញ
ទូ សាមុត
អង្គលេខាធិការបក្សប៉ុល ពត
លេខាធិការបក្សរងនួន ជា
បង្កើត២៨ មិថុនា ១៩៥១
រំលាយ៦ ធ្នូ ១៩៨១
ផ្ដាច់ចេញគណបក្សកុម្មុយនិស្តឥណ្ឌូចិន
បក្សស្នងគណបក្សកម្ពុជាប្រជាធិបតេយ្យ
ស្លាបយុវជនសម្ព័ន្ធយុវកុក
មនោគមវិជ្ជាកុម្មុយនីស្តនិយម
គោលជំហរនយោបាយឆ្វេងនិយម[][]
ពណ៌ផ្លូវការ     ក្រហម
ទង់គណបក្ស
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

បក្សកុម្មុយនីស្តកម្ពុជា (ហៅកាត់ថា ប.ក.ក.) ឬអាចហៅម្យ៉ាងទៀតថា បក្សកុម្មុយនីស្តខ្មែរ (ភាសាបារាំងParti communiste du Kampuchéa)[] គឺជាគណបក្សកុម្មុយនីស្តមួយនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស (ឬប្រធានបក្ស) គឺប៉ុល ពត ចំណែកឯអ្នកគាំទ្របក្សវិញគឺត្រូវបានគេស្គាល់ឈ្មោះជាទូទៅថាខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបែងចែកទៅជាបក្សពួកនិយមចិន និងនិយមសូវៀតនៅអំឡុងឆ្នាំ១៩៦២។ ប.ក.ក. បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាកាលបរិច្ឆេទបង្កើតបក្សខ្លួនឡើងដោយកាលនុះមានឈ្មោះថា គណបក្សពលករកម្ពុជា (បារាំង៖ Parti ouvrier du Kampuchéa) ហើយដល់ឆ្នាំ១៩៦៦ ទើបបានប្តូរឈ្មោះមក"បក្សកុម្មុយនីស្ត"។[]

ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺបានដំណើរការជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញនៅក្នុងឆ្នាំ១៩៧៩ ដោយសារតែសមាជិកឆ្វេងនិយមរបស់ខ្លួនមួយចំនួនមិនពេញចិត្តទៅនឹងគោលនយោបាយរបស់ប៉ុល ពត និងដោយសារការចូលធ្វើអន្តរាគមន៍ឈ្លានពានពីកងកម្លាំងយោធាវៀតណាម ហើយជាលទ្ធផល របបសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏លេចឡើង។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១ ដោយមានគណបក្សកម្ពុជាប្រជាធិបតេយ្យជាគណបក្សស្នងបន្ត។

ប្រវត្តិ

[កែប្រែ]

ការបង្កើត និងការបែងចែក

[កែប្រែ]

គណបក្សកុម្មុយនីស្តកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១ នៅពេលដែលគណបក្សកុម្មុយនិស្តឥណ្ឌូចិន (គកឥ) បានបំបែកទៅជាគណបក្សកុម្មុយនីស្តផ្សេងៗគ្នាទៅក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម។ ការសម្រេចក្នុងការបង្កើតគណបក្សកុម្មុយនីស្តនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅឯសមាជ គកឥ ក្នុងឆ្នាំដដែរនោះ។ លោកសឺន ង៉ុកមិញត្រូវបានគេតែងតាងជាប្រធានស្តីទីគណបក្ស។ នៅក្នុងសមាជប្រជុំបក្សនេះ គេមិនបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សទេប៉ុន្តែផ្ទុយទៅវិញគេបែរជាចាប់តាំងគណៈកម្មាធិការឃោសនា និងគណៈកម្មាធិការនិម្មិតកម្ម។[] នៅពេលរៀបចំធ្វើនិម្មិតកម្ម, គណបក្សមួយនេះមានឈ្មោះថាគណបក្សបដិវត្តន៍ប្រជាជនខ្មែរ (គបបខ)។ គកឥ នាពេលនោះបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយក្នុងអំឡុងពេលអត្ថិភាពដំបូងៗរបស់ គបបខ, បក្សនេះត្រូវបានគាំទ្រឥតឈប់ឈរពីបក្សកុម្មុយនីស្តវៀតណាម។ គបបខ បានពឹងផ្អែកលើជំនួយគាំទ្រពីបក្សកុម្មុយនីស្តវៀតណាមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងពួកអាណានិគមបារាំងតែប្រវត្តិសំខាន់ៗរបស់បក្សគឺចាប់ផ្តើមឡើងនៅឆ្នាំ១៩៦០ គឺជាវេលាដែលគណបក្សនេះបានចាប់ផ្តើមបោះជំហានបន្តិចម្តងៗឈានទៅរកការកាន់កាប់អំណាច។[១០]

យោងទៅតាមប្រវត្តិនៃគណបក្សនេះនៅក្នុងអត្ថបទកម្ពុជាប្រជាធិបតេយ្យ, ភាពបរាជ័យរបស់វៀតមិញក្នុងការចរចាពីតួនាទីនយោបាយរបស់ គបបខ នៅឯសមាជក្រុងហ្សឺណែវ ត្រូវបានចាត់ទុកជាការក្បត់ដោយចលនាកុម្មុយនីស្តកម្ពុជាដែលពេលនោះកំពុងកាន់កាប់តំបន់ជនបទមួយភាគធំដោយមានកងកម្លាំងយ៉ាងតិច ៥,០០០ នាក់។ ក្រោយពីកិច្ចប្រជុំសមាជនោះហើយ សមាជិកបក្ស គបបខ ប្រហែលជាង ១,០០០ នាក់រួមមានលោកសឺន ង៉ុកមិញបាននាំគ្នាធ្វើនិរទេសរត់ទៅវៀតណាមខាងជើង។ នៅចុងឆ្នាំ១៩៥៤ សមាជិកបក្សដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាបាននាំគ្នាទៅបង្កើតគណបក្សនយោបាយស្របច្បាប់មួយហៅថាក្រុមប្រជាជន ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ១៩៥៥ និងឆ្នាំ១៩៥៨។ ក្នុងការបោះឆ្នោតខែកញ្ញា ឆ្នាំ១៩៥៥ ក្រុមប្រជាជនបានទទួលសម្លេងគាំទ្រប្រមាណ ៤% ក៏ប៉ុន្តែមិនបានឈ្នះអាសនៈអ្វីនោះទេនៅក្នុងអង្គនីតិបញត្តិកម្ពុជា។ សមាជិកក្រុមប្រជាជនត្រូវរងនូវការរិះគុណដ៏អាក្រក់អាគ្រែងហើយត្រូវបានប្រកាស់ចាប់ខ្លួនព្រោះដោយសារតែក្រុមប្រជាជនជាគណបក្សនៅក្រៅវង្វង់អង្គការសង្គមរាស្រ្តនិយមរបស់ព្រះបាទនរោត្តម សីហនុ។ ការជិះជាន់របស់រដ្ឋាភិបាលបានរារាំងក្រុមប្រជាជនមិនឱ្យចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយបានធ្វើឱ្យបក្សនេះក្លាយជាគណបក្សនយោបាយសម្ងាត់ (គ្មានសិទ្ធិចូលរួមឈរឈ្មោះបោះឆ្នោត)។ ការពិចារណាក្នុងការសម្រេចដាក់ពាក្យជ្រើសរើសអ្នកឈរឈ្មោះបោះឆ្នោតមិនត្រូវបានធ្វើឡើងនោះទេហើយពួកគេក៏សម្រេចប្តូរឈ្មោះបក្សមកគណបក្សពលករកម្ពុជា (គកក) វិញ។[១០] ព្រះបាទនរោត្តម សីហនុបានសម្តៅទៅលើពួកឆ្វេងនិយមក្នុងស្រុកថា"ខ្មែរក្រហម" ដែលក្រោមមកបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាំទ្រ បកក និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។

ក្នុងអំឡុងពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០ គបបខ ត្រូវបានចែកទៅជាពីរក្រុមបក្សពួកដោយទីមួយគឺ"គណៈកម្មាធិការប្រជុំជន" (ដឹកនាំដោយទូ សាមុត) និងទីពីរគឺ"គណៈកម្មាធិការជនបទ" (ដឹកនាំដោយលោកសៀវ ហេង)។ និយាយជាទូទៅ ក្រុមបក្សពួកពីរនេះបានប្រកាន់យកខ្សែគំនិតបដិវត្តន៍ផ្ទុយពីគ្នា។ ខ្សែគំនិតរបស់ពួក"គណៈកម្មាធិការប្រជុំជន"ដែលគាំទ្រដោយវៀតណាមខាងជើងបានយល់ឃើញថា ដោយសារគុណសម្បត្តិនៃភាពជោគជ័យរបស់សម្តេចសីហនុក្នុងការដណ្តើមឯករាជ្យបានពីអាណានិគមបារាំងដែលធ្វើឱ្យទ្រង់ជាអ្នកដឹកនាំជាតិខ្មែរពិតប្រាកដ ហើយដោយសារអព្យាក្រឹតភាពរបស់ទ្រង់និងការមិនទុកចិត្តពីសហរដ្ឋអាមេរិកមកលើព្រះអង្គបានធ្វើឱ្យទ្រង់ក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងចលនាតស៊ូរបស់ហាណូយ (កុម្មុយនីស្តវៀតណាម) ដើម្បី"រំដោះ"ប្រទេសវៀតណាមខាងត្បូងពីអាមេរិក។ បើខ្សែគំនិតរបស់ពួកគេ ទទួលបានជោគជ័យមែននោះ វាអាចនឹងបញ្ចុះបញ្ចូលព្រះអង្គឱ្យឃ្លាតឆ្ងាយពីនយោបាយស្លាបស្តាំ និងខិតជិតមកប្រកាន់នូវគោលនយោបាយស្លាបឆ្វេងវិញ។ ឯខ្សែគំនិតមួយទៀតគឺត្រូវបានគាំទ្រភាគច្រើនដោយក្រុមកម្មាភិបាលខេត្តដែលពួកគេបានស្គាល់ច្បាស់នូវភាពដ៏សែនលំបាកនៅតាមទីជនបទ និយាយឱ្យខ្លី ខ្សែគំនិតទីពីរនេះគឺ'គាំទ្រចលនាតស៊ូផ្តួលរលំរបប"សក្តិភូមិ"របស់សម្តេចសីហនុ'។ នៅក្នុងឆ្នាំ១៩៥៩ លោកសៀវ ហេងបានរត់ចោលក្រុមទៅចូលរួមជាមួយរាជរដ្ឋាភិបាលហើយផ្តល់នូវព័ត៌មានមួយចំនួនធំទៅឱ្យកម្លាំងសន្តិសុខជាតិដែលអនុញ្ញាតឱ្យពួកគេអាច'កំចាត់'បរិធានអង្ការបក្សនៅតាមជនបទប្រហែលអស់ជាង ៩០%។ ទោះបីជាបណ្តាញកុម្មុយនីស្តនៅភ្នំពេញនិងនៅតាមទីប្រជុំជនផ្សេងៗរបស់ទូ សាមុតមានភាពរីកចម្រើនល្អប្រសើរមែនក្តី ប៉ុន្តែអ្នកកុម្មុយនីស្តនិយមដែលនៅសេសសល់មានចំនួនប្រហែលតែពីរទៅបីរយនាក់ប៉ុណ្ណោះនៅអំឡុងឆ្នាំ១៩៦០។

ក្រុមនិស្សិតនៅប៉ារីស

[កែប្រែ]

នៅអំឡុងទស្សវត្តឆ្នាំ១៩៥០ និស្សិតជនជាតិខ្មែរមួយចំនួននៅទីក្រុងប៉ារីសបានប្រមូលគ្នារៀបចំបង្កើតចលនាកុម្មុយនីស្តផ្ទាល់ខ្លួនដោយយកគំរូតាមបក្សកុម្មុយនីស្តបារាំង។ ក្នុងចំណោមសិស្សទាំងអស់នោះមានខ្លះបានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលបញ្ជាការបរិធានអង្ការបក្សនៅអំឡុងទស្សវត្តទី៦០ ដោយអ្នកទាំងនោះបានដឹកនាំកុបកម្មដ៏មានប្រសឹទ្ធភាពប្រឆាំងនឹងសម្តេចសីហនុនិងលោកលន់ នល់ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥ ហើយក្រោយមកបានបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ។

ប៉ុល-ពតបានក្លាយជាមេដឹកនាំចលនាកុម្មុយនីស្តខ្មែរនៅអំឡុងទស្សវត្តឆ្នាំ១៩៦០។ លោកបានកើតនៅក្នុងឆ្នាំ១៩២៨ (ប្រភពខ្លះបានអះអាងថាឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ។ គាត់បានចូលរៀនក្នុងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញហើយបានចេញទៅរៀនអេឡិចត្រូនិចវិទ្យុនៅឯទីក្រុងប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ១៩៤៩។

សមាជិកម្នាក់ទៀតនៃក្រុមនិស្សិតទីក្រុងប៉ារីសគឺលោកអៀង សារី លោកមានសញ្ជាតិខ្មែរនិងចិនហើយកើតនៅឆ្នាំ១៩៣០ ក្នុងប្រទេសវៀតណាម (ភាគខាងត្បូង)។ លោកបានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅឯទីក្រុងភ្នំពេញមុនពេលចាប់ផ្តើមរៀនវិជ្ជាជីវៈខាងពាណិជ្ជកម្មនិងនយោបាយនៅឯវិទ្យាស្ថានសិក្សានយោបាយទីក្រុងប៉ារីស (ឬអាចហៅជាភាសាអង់គ្លេសថា Science Po)។ លោកខៀវ សំផន ពេលនោះត្រូវបានគេចាត់ទុកថាជា"បញ្ញាវន្តដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់" លោកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងអំឡុងពេលកំពុងស្នាក់នៅទីក្រុងប៉ារីស។ បើនិយាយពីទេពកោសល្យ លោកត្រូវក្លាយជាគូប្រជែងនឹងលោកហ៊ូ យន់ (កើតក្នុងឆ្នាំ១៩៣០) យន់បានរៀនវិជ្ជាខាងផ្នែកសេដ្ឋកិច្ចនិងច្បាប់, លោកសុន សេន (កើតឆ្នាំ១៩៣០) រៀនផ្នែកអប់រំនិងអក្សរសាស្រ្ត និងលោកហ៊ូ នឹម (កើតឆ្នាំ១៩៣២) រៀនផ្នែកច្បាប់។

សមាជិកក្រុមនិស្សិតទីក្រុងប៉ារីសភាគច្រើនគឺមកពីគ្រួសារម្ចាស់ដីធ្លីនិងគ្រួសារមន្រ្តីរាជការ។ ក្រុមនិស្សិតប៉ារីសបីក្រុមបានបង្កើតចំណងជាមួយគ្នាដែលចំណងនេះនឹងត្រូវបានឆ្លងកាត់វេលាឆ្នាំនៃចលនាបដិវត្តន៍និងចលនាតស៊ូដ៏យូរ។ ប៉ុល-ពតត្រូវរៀបការជាមួយខៀវ ពណ្ណារី ហើយលោកអៀង សារីត្រូវបានរៀបការជាមួយខៀវ ធីរិទ្ធ (អាចហៅគាត់បានថាអៀង ធីរិទ្ធ), គេបានយល់ឃើញថានារីទាំងពីរអ្នកនេះត្រូវជាបងប្អូនរបស់លោកខៀវ សំផន។ ស្រ្តីទាំងពីរអ្នកខាងលើនេះក៏បានដើរតួនាទីយ៉ាងសំខាន់ដែរនៅក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យ។

នៅចន្លោះពីឆ្នាំ១៩៤៩ និងឆ្នាំ១៩៥១, ប៉ុលពត និងអៀង សារីបានចូលគាំទ្របក្សកុម្មុយនីស្តបារាំង។ នៅឆ្នាំ១៩៥១ អ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៊ែរឡាំងខាងកើតដើម្បីចូលរួមក្នុងទិវាយុវជនពិភពលោក។ បទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរគំនិតមនោគមវិជ្ជារបស់ពួកគេ។ ការបានជួបជាមួយនឹងជនជាតិខ្មែរដែលពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវៀតមិញ បានធ្វើឱ្យប៉ុលពតនិងអៀង សារីយល់ឃើញថាមានតែការរៀបចំបង្កើតគណបក្សនយោបាយតឹងរឹង និងការត្រៀមខ្លួនសម្រាប់ចលនាតស៊ូប្រដាប់អាវុធទេទើបអាចនាំឱ្យមានបដិវត្តន៍ជោគជ័យកើតឡើងបាន។ ពួកគេបានធ្វើកំណែកែប្រែសមាគមនិស្សិតខ្មែរ (ភាសាអង់គ្លេស៖ Khmer Student's Association - KSA) ដែលមានសិស្សានុសិស្សខ្មែរយ៉ាងច្រើនប្រហែល ២០០ នាក់ជាសមាជិកទៅជាអង្គការគំនិតជាតិនិយមនិងគំនិតឆ្វេងនិយមមួយ។ មានអង្គការថ្មីមួយត្រូវបានបង្កើតឡើងជាសម្ងាត់ក្រោមឈ្មោះ KSA ដែលគេដាក់ឈ្មោះជាភាសាបារាំងថា Cercle Marxiste ឬប្រែថារង្វង់ម៉ាក្ស។ សមាគម KSA មានសមាជិកតែបីទៅប្រាំមួយនាក់តែប៉ុណ្ណោះដែលយល់ដឹងពីគោលដៅរបស់អង្គការខ្លួន ដោយសមាជិកទាំងប៉ុន្មានភាគច្រើនមិនសូវដឹងពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការនោះទេ។ នៅឆ្នាំ១៩៥២ លោកប៉ុលពត ហ៊ូ យន់ អៀង សារី និងពួកឆ្វេងនិយមដទៃទៀតត្រូវបានប្រជាជនខ្មែរដឹងឮស្ទើរគ្រប់គ្នាតាមរយៈការសរសេរលិខិតម្យ៉ាងផ្ញើរមកឱ្យសម្តេចសីហនុដោយរិះគុណព្រះអង្គថា"ព្រះអង្គជាមនុស្សល្ងង់ខ្លៅ និងមិនសូវដឹងអ្វីពីលទ្ធិប្រជាធិបតេយ្យនោះទេ"។ មួយឆ្នាំក្រោយមក អាជ្ញាធរបារាំងបានបិតសមាគម KSA ក៏ប៉ុន្តែលោកហ៊ូ យន់ និងខៀវ សំផនបានបង្កើតក្រុមនិស្សិតថ្មីមួយទៀតក្នុងឆ្នាំ១៩៥៦ ដែលមានឈ្មោះថាសហភាពនិស្សិតខ្មែរ។ ក្រុមថ្មីនេះត្រូវបានគ្រប់គ្រងដឹកនាំដោយអតីតសមាជិក Cercle Marxiste ដដែរ។

និក្ខេបបទបណ្ឌិតដែលបានសរសេរដោយលោកហ៊ូ យន់ និងខៀវ សំផននាពេលនោះបានបង្ហាញពីមូលដ្ឋានគ្រឹះមួយដែលក្រោយមកបានក្លាយជាគ្រឹះនៃគោលនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកហ៊ូ យន់បាននិពន្ធរៀបរាប់ពីតួនាទីសំខាន់ៗរបស់ពួកកសិករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងនិក្ខេបបទមួយរបស់លោកនាឆ្នាំ១៩៥៥ ដែលមានចំណងជើងថា "Les paysans cambodgiens et leurs perspectives de modernisation" (ភាសាខ្មែរ៖ កសិករខ្មែរនិងទស្សនវិស័យរបស់ពួកគេក្នុងការធ្វើទំនើបកម្ម) និក្ខេបបទនេះបានជំទាស់នឹងទស្សនៈជាទូទៅថា នគររូបនីយកម្មនិងឧស្សាហូបនីយកម្មគឺជាកត្តាចាំបាច់នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩ របស់លោកខៀវ សំផន ឈ្មោះសេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍឧស្សាហកម្ម បានរៀបរាប់ថា ប្រទេសកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រូវតែបញ្ឈប់ភាពអាស្រ័យសេដ្ឋកិច្ចខ្លួនលើប្រទេសអភិវឌ្ឍ។ នៅក្នុងវណ្ណវង្សទូទៅ, កិច្ចការងាររបស់លោកខៀវ សំផនបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវិស័យ"ទ្រឹស្តីអនិស្សរភាព" ដែលបានចោទថា កង្វះនៃការអភិវឌ្ឍន៍នៅតាមប្រទេសលោកទីបីគឺបណ្តាលមកពី ការពឹងផ្អែកទៅលើវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

អទិភាពសម្ងាត់នៅទីក្រុងភ្នំពេញ

[កែប្រែ]

បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣, ប៉ុល ពតបានសម្រេចចុះចូលជាមួយចលនាកុម្មុយនីស្តភ្លាមៗ។ ដំបូង គាត់បានចូលទៅក្នុងកងកម្លាំងដែលជាប់សម្ព័ន្ធមិត្តជាមួយកងកម្លាំងវៀតមិញដែលកំពុងធ្វើប្រតិបត្តិការនៅតាមទីជនបទក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់សង្គ្រាមប៉ះបោរជាមួយបារាំង គាត់បានធ្វើដំណើរមកក្រុងភ្នំពេញហើយចូលជាមួយ"គណៈកម្មាធិការប្រជុំជន"ដែលដឹកនាំដោយទូ សាមុត នៅទីនោះហើយដែលប៉ុល-ពតបានឡើងឋានៈក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងគណបក្សឆ្វេងនិយមនិងចលនាកុម្មុយនីស្តសម្ងាត់។ សមមិត្តរបស់ប៉ុល-ពតគឺអៀង សារី និងហ៊ូ យន់បានក្លាយជាគ្រូបង្រៀននៅសាលាឯកជនថ្មីមួយគឺវិទ្យាល័យកម្ពុជបុត្រ។ លោកខៀវ សំផនបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៩ ហើយបានបង្រៀនជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសកលវិទ្យាល័យភ្នំពេញ និងបានឆ្លៀតពេលបង្កើតក្រុមហ៊ុនបោះពុម្ភកាសែតផ្សាយជាភាសាបារាំងមួយដែលមានឈ្មោះថា L'Observateur (ភាសាខ្មែរ៖ ឡុបស៊ែរវ៉ាទ័រ)។ មិនយូរប៉ុន្មាន កាសែតនេះក៏ទទួលបាននូវកិត្តិសព្ទនៅក្នុងបណ្ឌិតសភាតូចមួយនៅភ្នំពេញ។ នៅឆ្នាំបន្ទាប់ កាសែតឡុបស៊ែរវ៉ាទ័រត្រូវបានបិទ ហើយកងកម្លាំងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សីហនុបានធ្វើបាបលោកខៀវ សំផនដោយវាយតប់ជាន់ធាក់ ហើយអ្វីដែលគួរឱ្យជ្រុលហួសហេតុនោះ គឺពួកគេបានចាប់ដោះសម្លៀកបំពាក់លោកខៀវ សំផននៅទីសាធារណៈ។ ទោះជាយ៉ាងណាក្តី បទពិសោធន៍នេះមិនបានបញ្ឈប់លោកសំផនក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយសីហនុឡើយ ការធ្វើបែបនេះគឺចង់បង្កើតកម្លាំងរណសិរ្សប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង។ ដូចជាបានរៀបរាប់ខាងលើអញ្ចឹង លោកខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹមត្រូវតែបង្ខំខ្លួនបម្រើសេវាឱ្យរបបសង្គមរាស្រ្តនិយមរបស់សីហនុនិងទទួលយកតំណែងក្នុងជួររដ្ឋាភិបាលរបស់ព្រះអង្គ។

នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រុមមេដឹកនាំ ២៥ រូបនៃ គបបខ បានរៀបចំធ្វើសមាជប្រជុំសម្ងាត់មួយនៅក្បែរស្ថានីយរថភ្លើងក្រុងភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះមានប្រតិភូចំនួន ១៤ រូបជាតំណាងខាងក្រុមជនបទ និង ១៧ រូបជាតំណាងក្រុមទីប្រជុំជន។[១១] ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគឺនូវតែជាអាថ៌កំបាំងពីព្រោះលទ្ធផលនៃកិច្ចប្រជុំនេះបានធ្វើឱ្យកើតមានជម្លោះរវាងក្រុមកុម្មុយនីស្តនិយមគាំទ្រវៀណាមនិងក្រុមកុម្មុយនីស្តប្រឆាំងវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះផងដែរ គបបខ ត្រូវប្តូរឈ្មោះមកគណបក្សពលករកម្ពុជា។ សំណួរទាក់ទងនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយឬការតស៊ូចូលរបបសង្គមត្រូវបានគេលើកយកមកពិភាក្សាយ៉ាងហ្មត់ចត់។ រចនាសម្ព័ន្ធថ្មីនៅក្នុងគណបក្សត្រូវបានអនុម័តឡើងនិងជាលើកដំបូង គណៈកម្មាធិការកណ្តាលអចិន្ត្រៃយ៍ត្រូវបានតែងតាំង ដោយមានលោកទូ សាមុត (ជាអ្នកដែលបានរៀបចំគោលនយោបាយសហប្រតិបត្តិការជាមួយសង្គម) ជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តលោកសាមុត គឺលោកនួន ជាដែលគេខ្លះស្គាល់ថារុងឡឺត ត្រូវបានតែងតាំងជាអង្គលេខាធិការបក្សរង ខណៈដែលប៉ុល-ពតនិងអៀង សារីត្រូវបានតែងតាំងជាគណៈកម្មាធិការមជ្ឈឹមបក្សដែលជាតំណែងទីបីនិងទីប្រាំនៃតំណែងខ្ពស់ជាងគេនៅក្នុងឋានានុក្រមបក្ស។ សមាជិកគណៈកម្មាធិការមួយរូបទៀតគឺអ្នកកុម្មុយនីស្តជើងចាស់ម្នាក់ឈ្នោះថាកែវ មាស។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វេលាប្រជុំនេះត្រូវបានចាត់ទុកថាជាថ្ងៃបង្កើតបក្សកុម្មុយនីស្តកម្ពុជាឡើងនិងជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកុម្មុយនីស្តនៃប្រទេសកម្ពុជា។[១០]

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោកទូ សាមុតត្រូវបាន"រដ្ឋាភិបាលកម្ពុជាធ្វើឃាត"។ នៅក្នុងកិច្ចប្រជុំសមាជលើកទីពីររបស់ គកក នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣៖ គេបានតែងតាងប៉ុល-ពតឱ្យបន្តស្នងតំណែងពីសាមុតជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តរបស់លោកសាមុត មានដូចជាលោកនួន ជា និងកែវ មាសត្រូវបានដកចេញពីតំណែងជាគណៈកម្មាធិការកណ្តាលហើយត្រូវជំនួសដោយលោកសុន សេននិងវ៉ន វេតវិញ។ ចាប់តាំងពីពេលនោះមក ប៉ុល-ពតនិងសមមិត្តស្មោះស្ម័គ្ររបស់គាត់ដែលធ្លាប់ជាមិត្តជិតស្និតជាមួយគ្នានៅប៉ារីសបានទទួលមានសិទ្ធិគ្រប់គ្រងនិងដឹកនាំគណបក្សទាំងមូលដោយសមាជិកជើសចាស់ទាំងប៉ុន្មានត្រូវប៉ុលពតដកចោលដោយគិតថាពួកគេទាំងនោះជាអ្នកគាំទ្រកុម្មុយនីស្តវៀតណាមជ្រុលហួស។

កុបកម្មនៅតាមជនបទប្រទេសកម្ពុជា

[កែប្រែ]

នៅខែកក្កដា ឆ្នាំ១៩៦៣ ប៉ុល-ពតនិងគណៈកម្មាធិការបក្សមួយចំនួនធំបានចាកចេញពីរាជធានីភ្នំពេញទៅតំបន់ភាគឥសាន្តនៃខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានកុបកម្មនៅទីនោះ។ ប៉ុល-ពតត្រូវបានគេដាក់ឈ្មោះលោកនៅក្នុងបញ្ជីពួកឆ្វេងនិយមចំនួន ៣៤ រូបដែលត្រូវចុះចូលជាមួយរាជរដ្ឋាភិបាលសម្តេចនរោត្តម សីហនុហើយអ្នកទាំងនោះនឹងត្រូវការចុះហត្ថលេខាលើសេចក្តីថ្លែងការមួយចំនួនដែលថ្លែងថាព្រះអង្គនរោត្តម សីហនុគឺជាមេដឹកនាំតែមួយគត់ដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បាន។ មានតែប៉ុល ពតនិងលោកជូ ជេតប៉ុណ្ណោះដែលជាអ្នកឆ្វេងនិយមពីររូបក្នុងចំណោម ៣៤ រូបផ្សេងទៀតដែលបានរត់គេចខ្លួនរួច។ ឯអ្នកឆ្វេងនិយមចំនួន ៣២ រូបទៀតបានបង្ខំយល់ព្រមសហការជាមួយរដ្ឋាភិបាលសម្តេចសីហនុហើយត្រូវបានរងការឃ្លាំមើលដោយក្រុមនគរបាលរយៈពេល ២៤ ម៉ោងរៀងរាល់ថ្ងៃ។

នៅពាក់កណ្តាលទស្សវត្តទី៦០ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ាន់ស្មានថាគណបក្សថ្មីនេះមានសមាជិកភាពរហូតទៅដល់ ១០០ នាក់។[១២]

បកមកតំបន់ដែលប៉ុល-ពតនិងសមាជិកបក្សទៅបង្កើតកម្លាំងកុបកម្មនោះ វាគឺជាតំបន់ដែលកុលសម្ព័ន្ធជនជាតិភាគតិចរស់នៅហៅជនជាតិខ្មែរលើ ពួកគេត្រូវបានក្រុមប៉ុល-ពតធ្វើបាបយ៉ាងឃោរឃៅហើយត្រូវបង្ខំឱ្យចូលធ្វើជាទាហានទ័ពព្រៃថែមទៀតផង។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមខាងជើងនិងប្រទេសចិនអស់រយៈពេលជាច្រើនខែ។ ខ្លះបានថាគាត់ប្រហែលជាទទួលបានការបង្ហាត់បង្រៀននៅប្រទេសចិនហើយដែលជាហេតុដែលនាំឱ្យកិត្យានុភាពរបស់គាត់កើនឡើងនៅពេលដែលបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះបីជាប៉ុល-ពតនៅមានទំនាក់ទំនងល្អជាមួយសម្តេចនរោត្តម សីហនុក្តីតែការធ្វើដំណើរទៅបរទេសនេះត្រូវបានលាក់បាំងពីព្រះអង្គយ៉ាងជិត។ នៅឆ្នាំ១៩៧១ គពក របស់ប៉ុល-ពតបានប្តូរឈ្មោះមកជាបក្សកុម្មុយនីស្តកម្ពុជាឬហៅកាត់ថា 'បកក'។ លក្ខន្តិកៈរបស់បក្សដែលបានផ្សព្វផ្សាយឡើងនៅពាក់កណ្តាលទស្សវត្តឆ្នាំ១៩៧០ បានអះអាងថាការប្តូរឈ្មោះរបស់បក្សនេះត្រូវបានធ្វើឡើងនៅក្នុងសមាជប្រជុំគណបក្សចាប់តាំងពីឆ្នាំ១៩៧១ មកម្លេះ។[១៣] ការប្លាស់ប្តូរឈ្មោះគណបក្សនេះត្រូវបានគេលាក់ការណ៍ទុកយ៉ាងសម្ងាត់សូម្បីតែសមាជិកជាន់ទាបនិងសមាជិកបក្សទូទៅក៏មិនបានដឹងឮពីការប្តូរឈ្មោះនេះដែរទាន់តែពីរបីឆ្នាំក្រោយមកបានពួកគេដឹងពីការផ្លាស់ប្តូរឈ្មោះរបស់បក្ស។ ថ្នាក់ដឹកនាំ បកក តែងតែគាំទ្រចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមជានិច្ច។ នៅក្នុងឆ្នាំ១៩៦៧ បក្សកុម្មុយនីស្តកម្ពុជា (បកក) បានងើបឡើងធ្វើកុបកម្មតូចៗចំនួនពីរបីលើកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាប៉ុន្តែមិនសូវបានទទួលផលមកវិញច្រើននោះទេ។

ដោយមិនសូវទទួលបានជោគជ័យ ចលនាខ្មែរក្រហមក៏ចាប់ផ្តើមពង្រឹងវិស័យយោធារបស់ខ្លួនហើយត្រឹមឆ្នាំ១៩៦៨ ពួកខ្មែរក្រហមក៏បានផ្តើមកុបកម្មទ្រង់ទ្រាយធំមួយ (កុបកម្មជាតិ) នៅទូទាំងប្រទេសកម្ពុជា។ ទោះបីជាវៀតណាមខាងជើងមិនទាន់បានសម្រេចចិត្តឱ្យខ្មែរក្រហមធ្វើកុបកម្មជាតិក៏ដោយក៏កងកម្លាំងវៀតណាមខាងជើងនូវតែផ្តល់ទីជម្រកនិងគ្រឿងប្រដាប់អាវុធជាជំនួយដក់ចលនាខ្មែរក្រហម។ កងកម្លាំងទ័ពព្រៃខ្មែរក្រហមត្រូវបានគេឱ្យឈ្មោះថាកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ សកម្មភាពគាំទ្ររបស់វៀតណាមមកលើការធ្វើកុបកម្មនេះបានធ្វើឱ្យមានភាពលំបាកបន្ថែមសម្រាប់កងទ័ពជើងគោកកម្ពុជាក្នុងការបង្រ្កាបកងកម្លាំងខ្មែរក្រហម។

ការឡើងកាន់កាប់អំណាច

[កែប្រែ]

ប្រជាប្រិយភាពនៃនយោបាយខ្មែរក្រហមបានកើនឡើងនៅពេលដែលសម្តេចសីហនុត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងជាព្រះប្រមុខរដ្ឋនៅក្នុងឆ្នាំ១៩៧០។ លោកឧត្តមសេនីយ៍លន់ នល់ដែលមានការគាំទ្រពីរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ។ សីហនុដែលបានធ្វើនិរទេសខ្លួនទៅទីក្រុងប៉េកាំង បានចងសម្ព័ន្ធភាពជាមួយបក្សកុម្មុយនីស្តកម្ពុជា ហើយទ្រង់ក៏បានក្លាយជាព្រះប្រមុខរដ្ឋរបស់ខ្មែរក្រហមទាំងនៅក្រៅប្រទេស (គេបានស្គាល់ឈ្មោះសម្ព័ន្ធភាពនេះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន។ ការចូលគាំទ្រសីហនុពីសំណាក់ប្រជាពលរដ្ឋនៅតាមទីជនបទប្រទេសកម្ពុជាបានពង្រីកអំណាចនិងឥទ្ធិពលខ្មែរក្រហមរហូតដល់ថ្នាក់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយភាគធំនៃទឹកដីប្រទេសកម្ពុជារួចទៅហើយ។

ទំនាក់ទំនងរវាងសកម្មភាពទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាដោយសហរដ្ឋអាមេរិកនិងកំណើនឥទ្ធិពលរបស់ខ្មែរក្រហមបានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ប្រវត្តិវិទូទាំងក្នុងនិងក្រៅប្រទេស។ ប្រវត្តិវិទូមួយចំនួនដូចជាលោក Michael Ignatieff លោកអាដាំ ចូនស៍[១៤] និង Greg Gradins[១៥] បានលើកឡើងថាការធ្វើអន្តរាគមន៍និងយុទ្ធនាការទម្លាក់គ្រាប់បែកដោយអាមេរិក (ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣) គឺជាកត្តាដ៏សំខាន់មួយដែលនាំឱ្យការគាំទ្រខ្មែរក្រហមកាន់តែរីកធំឡើងៗជាពិសេសគឺពីប្រជាកសិករខ្មែរ។[១៦] យោងតាមលោក Ben Kiernan បានឱ្យដឹងថា ពួកខ្មែរក្រហម"ក៏នឹងមិនបានឡើងកាន់កាប់អំណាចដែរបើគ្មានវិបត្តិអស្ថិរភាពនៃកងកម្លាំងយោធាសាធារណរដ្ឋខ្មែរ ឬគ្មានការទម្លាក់គ្រប់បែកពីអាមេរិកនោះ...ពួកខ្មែរក្រហមបានលើកយកហេតុការណ៍ទម្លាក់គ្រាប់បែកនិងការសម្លាប់រង្គាលនៃជនស៊ីវិលដោយអាមេរិកជាការឃោសនាប្រមូលកម្លាំងគាំទ្រនិងជាលេសសម្រាប់អំពើឃោឃៅនិងគោលនយោបាយមូលវិវដ្តរបស់ពួកគេហើយដើម្បីកំចាត់មជ្ឈន្តិកជនកុម្មុយនីស្តនិងបក្សពួកសីហនុនិយមចោលទៀតផង"។[១៧] អ្នកសរសេរជីវប្រវត្តិប៉ុល-ពត ឈ្មោះ David P. Chandler បានបញ្ជាក់ថា ការទម្លាក់គ្រប់បែកនោះ"ពិតជាបានផលដូចអ្វីដែលអាមេរិកចង់បានមែន – វាបានបំបែកបណ្តាញពួកកុម្មុយនីស្តនៅឯទីក្រុងភ្នំពេញ" ប៉ុន្តែវាក៏បាននាំឱ្យមានការបែកបាក់នៃប្រព័ន្ធសង្គមទាំងមូលផងដែរ។[១៨][១៩][២០] ចំណែកឯលោក Peter Rodman និង Michael Lind បានអះអាងថាការចូលធ្វើអន្តរាគមន៍របស់អាមេរិកបានជួយរបបសាធារណរដ្ឋរបស់លន់ នល់ពីការដួលរលំនៅក្នុងឆ្នាំ១៩៧០ និងក្នុងឆ្នាំ១៩៧៣។[២១][២២] លោក Craig Etcheson បានទទួលស្គាល់ថាការធ្វើអន្តរាគមន៍របស់អាមេរិកពិតជាបានធ្វើឱ្យពួកខ្មែរក្រហមកាន់តែទទួលបានអំណាចពិតមែនតែបានជំទាស់ថាការធ្វើអន្តរាគមន៍របស់អាមេរិកមិនមែនជាបុព្វហេតុចម្បងនៃជ័យជម្នះរបស់ពួកខ្មែរក្រហមនោះឡើយ។[២៣] លោក William Shawcross បានសរសេររៀបរាប់ថាការទម្លាក់គ្រាប់បែកនិងការលុកលុយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកម្ពុជាធ្លាក់មកនៅក្រោមស្ថានភាពវឹកវរដែលសីហនុខំប្រឹងចៀសវាងអស់រយៈពេលជាយូរណាស់មកហើយ។[២៤]

ការគាំទ្ររបស់វៀតណាមមកលើពួកខ្មែរក្រហមបានកាត់បន្ថយយ៉ាងខ្លាំងនៅក្នុងឆ្នាំ១៩៧៣។[២៥] ចិនក៏ក្លាយជាប្រទេសដែលផ្គត់ផ្គង់គ្រឿងប្រដាប់អាវុធផ្តាច់មុខឱ្យខ្មែរក្រហមនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានិងឆ្នាំបន្តបន្ទាប់ទៀត។[២៦]

នៅពេលដែលសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាមកឱ្យរដ្ឋាភិបាលលន់នល់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសដោយមានកម្លាំងទាហានច្រើនជាងកងទ័ពប្រដាប់អាវុធជាតិខ្មែររបស់លន់ នល់ទៅទៀត។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនិងផ្តួលរលំរបបសាធារណរដ្ឋខ្មែរ រួចហើយក៏ចាប់ប្រហារជីវិតមន្រ្តីរបបសាធារណរដ្ឋចោល។

ការកាន់កាប់អំណាចរបស់ខ្មែរក្រហម

[កែប្រែ]

ថ្នាក់ដឹកនាំខ្មែរក្រហមគឺមិនសូវមានការផ្លាស់ប្តូរធំដុំអ្វីទេនៅចន្លោះទសវត្សឆ្នាំ១៩៦០ ដល់ពាក់កណ្តាល់ទសវត្សឆ្នាំ១៩៩០។ មេដឹកនាំខ្មែរក្រហមភាគច្រើនគឺសុទ្ធតែមកពីគ្រួសារវណ្ណៈកណ្តាល (មានជីវភាពធូរធារ) ហើយបានទទួលនូវការអប់រំបណ្តុះបណ្តាលនៅតាមសាកលវិទ្យាល័យនៅប្រទេសបារាំងថែមទៀតផង។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនីស្តកម្ពុជានៅអំឡុងពេលកាន់អំណាចមាន៖

ក្នុងអំឡុងពេលកាន់អំណាច ខ្មែរក្រហមបានអនុវត្តកម្មវិធីនយោបាយមូលវិវដ្តដែលមានដូចជា ការប្រកាន់យកនយោបាយឯកោរ (គ្មានទំនាក់ទំនងជាមួយបរទេស) បិទសាលារៀន មន្ទីរពេទ្យ និងរោងចក្រ លុបបំបាត់ធនាគារ រូបិយវត្ថុ និងហិរញ្ញវត្ថុ គំទិចវត្តអារាមនិងចាត់ទុកការអនុវត្តតាមជំនឿសាសនាជាអំពើខុសនឹងច្បាប់ រឹបអូសទ្រព្យសម្បត្តិឯកជន និងបណ្តេញប្រជាជនចេញពីទីក្រុងឱ្យទៅរស់នៅទីជនបទ។ គោលបំណងនៃគោលនយោបាយនេះគឺដើម្បីកែប្រែអ្នកក្រុង ឬអ្នកជំនាញវិជ្ជាជីវៈ ឬអាចហៅថា"ប្រជាជនថ្មី"តាមរយៈការចាត់ឱ្យធ្វើការងារកសិកម្មនិងពលកម្មធ្ងន់ៗដោយមានការត្រួតពិនិត្យពី"ប្រជាជនចាស់"។ គោលដៅចម្បងរបស់ពួកគេគឺអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដោយផ្អែកលើការនាំចេញនូវដំណាំស្រូវជាមុន មុននឹងចាប់ផ្តើមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ បក្សនេះបានប្រកាន់យកពាក្យស្លោកមួយថា"បើយើងមានអង្ករ នោះយើងមានអ្វីៗទាំងអស់!"។[ត្រូវការអំណះអំណាង] សកម្មភាពនិងគោលនយោបាយខាងលើបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ដោយសារការប្រហារជីវិត (មិនព្រមធ្វើការ ឬមិនស្តាប់តាមបញ្ជាអង្គការ) ភាពទ្រត់ទ្រោមដោយសារធ្វើការងារពលកម្មហួសកំណត់ ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម។

ពេលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរបានសម្រេច ពួកខ្មែរក្រហមបានប្រាប់ប្រជាជននៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនដទៃទៀតថាពួកគេនឹងត្រូវផ្លាស់ប្តូរទីលំនៅ"ចម្ងាយពីពីរទៅបីគីឡូម៉ែត្រ"ពីទីក្រុងនឹងត្រូវត្រឡប់ចូលក្រុងវិញក្នុងរយៈពេលតែ"ពីរទៅបីថ្ងៃ"ប៉ុណ្ណោះ។ ជនដែលបានជៀសផុតពីការកាប់សម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល-ពតបាននិយាយប្រាប់ឱ្យដឹងថា ប្រជាជននៅគ្រប់ទីប្រជុំជនត្រូវបានទាហានខ្មែរក្រហមណែនាំឱ្យចេញពីទីក្រុងដោយប្រើលេសថា"អាមេរិកនឹងមកទម្លាក់គ្រាប់បែកដល់ទីប្រជុំជននៅប្រទេសកម្ពុជា"ហើយថែមទាំងផ្តាំអ្នកទាំងនោះថាមិនចាំបាច់ចាក់សោរផ្ទះរបស់ពួកគេទេព្រោះថាខ្មែរក្រហមនឹង"មើលថែរក្សាអ្វីៗគ្រប់យ៉ាង"រហូតទាន់តែពួកគេបានវិលត្រឡប់មកវិញ។ ទាំងនេះមិនមែនជាការជម្លៀសប្រជាជនចេញពីទីប្រជុំជនជាលើកដំបូងដោយពួកខ្មែរក្រហមទេ។ ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងបានចាប់ផ្តើមតាំងពីដើមទសវត្សឆ្នាំ១៩៧០ មកម្លេះគ្រាន់តែការជម្លៀសដំបូងៗនោះជាការជម្លៀសប្រជាជនលក្ខណៈខ្នាតតូច។

ខ្មែរក្រហមបានប៉ុនប៉ងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមិនប្រកាន់វណ្ណៈដោយជម្លៀសប្រជាជនចេញពីទីក្រុងហើយបង្ខំពួកគេឱ្យធ្វើការងារពលកម្មធ្ងន់ៗដោយប្រើអំណាចផ្តាច់ការមកសង្កត់ពីលើ។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានបង្ខំឱ្យប្រកបរបរជាកសិករធ្វើស្រែតាមជំរុំពលកម្មនីមួយៗ។ ប្រជាជនទាំងនោះត្រូវទទួលធ្វើការងារហួសកម្រិតហើយត្រូវស្រែកឃ្លានដោយគ្មានអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងពលកម្មរបស់ពួកគេ។ ខ្មែរក្រហមបានប្រហារជីវិតមនុស្សមួយចំនួនដែលគេគិតថាមានសក្តានុភាពផ្តល់ផលប៉ះពាល់ដល់របបរបស់ពួកគេ (ជាពិសេសគឺបញ្ញាវន្ត) និងសម្លាប់អ្នកណាដែលប្រព្រឹត្តិអំពើខុសនឹងច្បាប់ទោះបីជារឿងតូចតាចក៏ដោយ។

ពេញមួយទស្សវត្តឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្តាលឆ្នាំ១៩៧៥ បក្សមួយនេះបានចាប់ផ្តើមក្តីព្រួយបារម្ភយ៉ាងខ្លាំងជាមួយសត្រូវផ្ទៃក្នុងហើយភាពបរាជ័យដែលបណ្តាលមកពីគោលនយោបាយកសិកម្មរបស់ខ្លួនត្រូវបានទម្លាក់ទៅលើសត្រូវខាងក្រៅ (ជាទូទៅគឺ សេអ៊ីអានិងវៀតណាម) និងជនក្បត់នៅក្នុងស្រុក។ ការ"បោសសំអាត"បក្សបានឈានមកដល់ចំណុចកំពូលនៅអំឡុងឆ្នាំ១៩៧៧ ហើយនៅឆ្នាំ១៩៧៨ សមាជិកកំពូលបក្សរាប់ពាន់នាក់បូករួមទាំងមេដឹកនាំមួយចំនួនត្រូវបានចាប់យកទៅប្រហារជីវិតចោល។ សមាជិកបក្សជើងចាស់ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយនឹងយួន តែងតែត្រូវបានឃ្លាំមើលជានិច្ចពីអង្គការ (មនុស្សរបស់ប៉ុល-ពត)។

អង្គការ

[កែប្រែ]

ជាងរយៈពេលពីរឆ្នាំបន្ទាប់ពី បកក បានឡើងកាន់កាប់អំណាច បក្សនេះតែងតែសម្តៅហៅខ្លួនឯងថាអង្គការ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ ប៉ុល-ពតបានប្រកាសជាសាធារណៈពីអត្ថិភាពនៃ បកក នៅក្នុងសុន្ទរកថាមួយរយៈពេល ៥ ម៉ោង។[] នៅក្នុងសុន្ទរកថានេះ ប៉ុល-ពតបានប្រកាសបង្ហាញពីគោលការណ៍ពិតប្រាកដនៃអំណាចផ្តាច់ការរបស់លោកមកលើប្រទេសកម្ពុជាទាំងមូលដែលជាស្ថាប័នគ្រប់គ្រងមិនច្បាស់លាស់ដែលត្រូវបានរក្សាទុកជាការសម្ងាត់។

គោលគំនិតនិងគោលការណ៍មួយចំនួនត្រូវបានលាក់បាំងយ៉ាងសម្ងាត់ក្នុងមួយអត្ថិភាពរបស់បក្សមួយនេះ។ មុនឆ្នាំ១៩៧៥ ភាពសម្ងាត់គឺជារឿងដ៏ចាំបាច់មួយដើម្បីពង្រឹងអំណាចរបស់បក្សជាពិសេសគឺប៉ុល ពតនិងសហការីរបស់លោកដែលបានពឹងផ្អែកលើការសម្ងាត់នេះជាយូរលង់ណាស់មកហើយដើម្បីបង្រួបបង្រួមគោលចំហរពួកគេប្រឆាំងនឹងអ្នកដែលពួកគេគិតថាជាសត្រូវផ្ទៃក្នុង (ជនបង្កប់) នៅអំឡុងពេលពីរឆ្នាំដំបូងនៃការកាន់អំណាច។ អត្ថិភាពរបស់ បកក ត្រូវបានលាតត្រដាងឡើងភ្លាមៗមុនពេលប៉ុល ពតបានធ្វើដំណើរទៅទីក្រុងប៉េកាំងដែលជាលទ្ធផលនៃការដាក់សម្ពាធពីចិនច្រើនពេកមកលើមេដឹកនាំខ្មែរក្រហមនីមួយៗដើម្បីឱ្យពួកគេទទួលស្គាល់នូវអត្តសញ្ញាណនយោបាយពិតរបស់ពួកគេ នាពេលនោះដែរមេដឹកនាំខ្មែរក្រហមត្រូវពឹងផ្អែកលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងៗដើម្បីប្រឆាំងនឹងការគំរាមកំហែងពីវៀតណាម។ តាមមតិរបស់ប៉ុល ពតនៅក្នុងសុន្ទកថារបស់លោកបានអះអាងថា បកក បានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៦០ ហើយលោកបានសង្កត់សម្លេងថាបក្សនេះមានអត្តសញ្ញាណខុសគ្នាដាច់ពីបក្សកុម្មុយនីស្តវៀតណាម[២៧] អត្តសញ្ញាណពិតរបស់បក្សត្រូវបានបន្តជាអាថ៌កំបាំងទោះបីជា បកក ត្រូវបានទទួលជោគជ័យក្នុងការឡើងកាន់កាប់អំណាចក៏ដោយ។ ខុសពីមេដឹកនាំផ្តាច់ការផ្សេងទៀត ប៉ុល ពតមិនមានបំណងចង់បង្ហាញអត្តសញ្ញាណខ្លួនពិតទៅដល់ប្រជាជនខ្មែរឬឱ្យពិភពលោកបានស្គាល់ឡើយ។ អស់ជាងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការឡើងកាន់កាប់អំណាច ទើបពួកគេសម្រេចបញ្ជាក់បានថាសាឡុត សគឺជាឈ្មោះកំណើតរបស់ប៉ុល ពតហើយមានតំណែងជាលេខាធិការបក្សកុម្មុយនីស្តកម្ពុជា។

ការដួលរលំនៃរបបខ្មែរក្រហម

[កែប្រែ]

ទំនាក់ទំនងកម្ពុជា-វៀតណាមបានធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែជម្លោះនៅតាមព្រំដែននិងដោយជនភៀសខ្លួនជាច្រើនបានរត់ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ដោយខ្លាចមានការវាយប្រហារពីប្រទេសវៀតណាម លោកប៉ុល-ពតបានបញ្ជាឱ្យទាហានខ្មែរក្រហមមួយចំនួនចូលទៅលុកលុយប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨។ ទ័ពខ្មែរក្រហមបានឆ្លងព្រំដែនយួននិងប្លន់ទ្រ័ពសម្បត្តិក្នុងភូមិក្បែរៗនោះបានដោយជោគជ័យ។ ទោះបីមានជំនួយពីចិនក្តី មិនយូរប៉ុន្មានកងកម្លាំងខ្មែរក្រហមក៏ត្រូវបានទាហានវៀតណាមរុញច្រានចូលព្រំដែនកម្ពុជាវិញ។

នៅដើមឆ្នាំ១៩៧៩ ក្រុមគាំទ្រវៀតណាមនិងជាបក្សពួកក្រុមប្រឆាំងនឹង បកក ដែលដឹកនាំដោយលោកប៉ែន សុវណ្ណបានធ្វើការប្រជុំសមាជមួយនៅជិតព្រំដែនប្រទេសវៀតណាម។ ជាមួយនឹងលោកហេង សំរិន ប៉ែន សុវណ្ណគឺជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រសសជក) ដំបូងគេបង្អស់ ក្រោយពីមិនពេញចិត្តនឹងគោលនយោបាយរបស់ខ្មែរក្រហម។[២៨] ដូចនេះ បកក ក៏ត្រូវបែកជាពីរបក្សពួកផ្សេងៗគ្នាដែលក្នុងនោះមួយក្រុមត្រូវបានដឹកនាំដោយលោកប៉ែន សុវណ្ណដែលលោកបានដាក់ឈ្មោះថ្មីថា គណបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ដែលសព្វគឺជាគណបក្សប្រជាជន) និងមួយក្រុមទៀតគឺក្រុមរបស់ប៉ុល-ពត។[]

កងកម្លាំងទាហានវៀតណាមរួមជាមួយនឹង រសសជក បានចូលវាយលុកប្រទេសកម្ពុជាហើយដណ្តើមបានទីក្រុងភ្នំពេញវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សដែលដឹកនាំដោយលោកប៉ែន សុវណ្ណត្រូវបានតម្លើងក្លាយជាគណបក្សដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី។ ចំណែកឯ បកក ដែលដឹកនាំដោយប៉ុល ពតបានដងថយកងកម្លាំងរបស់ខ្លួនទៅទិសខាងលិចឆ្ពោះទៅតំបន់ក្បែរព្រំដែនប្រទេសថៃ។ ដោយមានការការពារមិនជាផ្លូវការពីកងកម្លាំងថៃ បក្សកុម្មុយនីស្តប៉ុល ពតក៏ចាប់ផ្តើមបង្កើតទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក)។ បក្សរបស់ប៉ុល ពតបានបង្កើតរណសិរ្សរួបរួមជាតិមួយឈ្មោះថារណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជានៅខែកញ្ញា ឆ្នាំ១៩៧៩ ដើម្បីប្រឆាំងតបទល់នឹងវៀតណាមនិង សបក វិញហើយរណសិរ្សមួយនេះដែរត្រូវបានដឹកនាំដោយលោកខៀវ សំផន។ នៅខែធ្នូ ឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធដែលបម្រើការឱ្យបក្សដែលពីមុនធ្លាប់ហៅថាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាបានផ្លាស់ប្តូរឈ្មោះមកជាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ[២៩] នៅក្នុងឆ្នាំ១៩៨១ បក្សកុម្មុយនីស្តកម្ពុជាត្រូវបានរំលាយចោលជាផ្លូវការនិងត្រូវស្នងជំនួសដោយគណបក្សកម្ពុជាប្រជាធិបតេយ្យ[១០][]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]

Pol Pot plans the future : confidential leadership documents from Democratic Kampuchea, 1976-1977 [១]

  1. "Cambodia's brutal Khmer Rouge regime". BBC News. 4 August 2014. Archived 20 June 2018 at the វេយប៊ែខ ម៉ាស៊ីន..
  2. Kiernan, B. (2004). How Pol Pot Came to Power. New Haven: Yale University Press. pp. 19–20.
  3. Duong, Keo (2015). "Nationalism and mass killing: The khmer rouge extreme nationalism against Vietnam". SHS Encounters Cambodia. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
  4. ៤,០ ៤,១ "Khmer People's Revolutionary Party (KPRP)". globalsecurity.org. Retrieved 28 May 2020.
  5. "Khmer Rouge". History. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
  6. Martin, Gus (2008). Essentials of Terrorism: Concepts and Controversies. SAGE Publications, Inc.. p. 80. ល.ស.ប.អ. 978-1412953139. https://books.google.com/books?id=7-GiXqccL1IC&dq. 
  7. Hartman, Tom (1985). A World Atlas of Military History, 1945–1984. Hippocrene Books. p. 81. ល.ស.ប.អ. 0870520008. https://books.google.com/books?id=CwSn83AgqEYC. 
  8. ៨,០ ៨,១ "Cambodia and the Khmer People's Revolutionary Party (KPRP), Appendix B - Major Political and Military Organizations". Country Data. Archived 28 September 2009 at the វេយប៊ែខ ម៉ាស៊ីន..
  9. ៩,០ ៩,១ ៩,២ Frings, K. Viviane (October 1997). "Rewriting Cambodian History to 'Adapt' It to a New Political Context: The Kampuchean People's Revolutionary Party's Historiography (1979-1991)". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Modern Asian Studies. 31 (4): 807–846.
  10. ១០,០ ១០,១ ១០,២ ១០,៣ Chandler, David P. (Summer 1983). "Revising the Past in Democratic Kampuchea: When Was the Birthday of the Party?: Notes and Comments". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Pacific Affairs. 56 (2) (Summer 1983): 288–300.
  11. "Chronologie du Cambodge de 1960 à 1990". Archived from the original on 22 April 2007. Retrieved 22 April 2007.
  12. Benjamin, Roger W.; Kautsky, John H. (March 1968). "Communism and Economic Development". Archived 2 February 2017 at the វេយប៊ែខ ម៉ាស៊ីន.. The American Political Science Review. 62 (1): 122.
  13. Kierman, Ben (September 1998). "Ieng Sary's Regime: A Diary of the Khmer Rouge Foreign Ministry, 1976-79". Archived 13 July 2007 at the វេយប៊ែខ ម៉ាស៊ីន..
  14. Jones, Adam (2006). Genocide: A Comprehensive Introduction. Routledge. pp. 189–90. https://www.mcvts.net/cms/lib07/NJ01911694/Centricity/Domain/155/Textbook.pdf.  Archived 2019-08-05 at the វេយប៊ែខ ម៉ាស៊ីន.
  15. Grandin, Greg (2015). Kissinger's Shadow: The Long Reach of America's Most Controversial Statesman. Henry Holt and Company. pp. 179–80. ល.ស.ប.អ. 978-1627794503. https://books.google.com/?id=QGGzBgAAQBAJ&printsec=frontcover&dq=%22grandin,%22+khmer+rouge#v=onepage&q=%22grandin,%22%20khmer%20rouge&f=false. 
  16. Kiernan, Ben (Winter 1989). "The American Bombardment of Kampuchea 1969–1973". Vietnam Generation. 1 (1): 4–41.
  17. Kiernan, Ben (2008). The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–1979. Yale University Press. ល.ស.ប.អ. 9780300142990. 
  18. Chandler, David (2000), Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–98.
  19. Chandler, David (2000). Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–97.
  20. Chandler, David (2005). Cambodia 1884–1975, in The Emergence of Modern Southeast Asia, edited by Norman Owen. University of Hawaii Press, p. 369.
  21. Rodman, Peter (August 23, 2007). "Returning to Cambodia". Brookings Institution. Archived November 10, 2011, at the វេយប៊ែខ ម៉ាស៊ីន.
  22. Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
  23. Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97.
  24. Shawcross, pp. 92–100, 106–112.
  25. Cook, Susan E.; Mosyakov, Dmitri (2017). Genocide in Cambodia and Rwanda: New Perspectives. Routledge. ល.ស.ប.អ. 978-1351517775. 
  26. Bezlova, Antoaneta (February 21, 2009). "China haunted by Khmer Rouge links" Archived 2016-08-18 at the វេយប៊ែខ ម៉ាស៊ីន.. Asia Times. Retrieved February 21, 2009.
  27. Osborne, Milton E. (1994). Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press. ISBN 978-0-8248-1639-1.
  28. Osborne, Milton (1994). Sihanouk, Prince of Light, Prince of Darkness. Silkworm.
  29. Kroef, Justus M. van der (August 1979). "Cambodia: From "Democratic Kampuchea" to "People's Republic". Asian Survey. 19 (8): 731–750. Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន..

តំណភ្ជាប់ក្រៅ

[កែប្រែ]