Jump to content

មង្គលត្ថទីបនី

ពីវិគីភីឌា

អថ សោ ទេវបុត្តោ ភគវន្តំ អភិវាទេត្វា ឯកមន្តំ ថត្វា មង្គល​ប្បញ្ហំ បុច្ឆិ

មង្គល ៣៨ ប្រការ

[កែប្រែ]

១. អសេវនា ច ពាលា​នំ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ ។ ​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា បុគ្គល​ពាល​មាន​៣​ជំពូក​គឺ ៖ ​ ក​. បុគ្គល​ល្ងង់​ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាពនិង​គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុ ធ្វើខ្លួន​ឱ្យ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬធ្វើខ្លួន​ឱ្យ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល ខ្លួន​មាន​ឱកាស​កើត​ជា​មនុស្ស​ ។​

​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬប្រយោជន៍​ខ្លួនឯងដោយការធ្វើឱ្យខូច​ប្រយោជន៍អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃ ឬ​ស្វែងរក ក្តី​សុខ​ឱ្យ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​ ។​ ​ គ​. បុគ្គល​ធ្វើឱ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។ ​ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​ឱ្យបាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទនោះដែរ​ ។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរឱ្យខ្លាច​ជាង​អ្វីៗ​ទាំងអស់ ហើយ​មិន​គប្បី សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ក្រៅពី​ធ្វើឱ្យ​យើង​វិនាស​ប្រយោជន៍ អសោច​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិ ខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅ ថែម​ទាំង​នាំឱ្យ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបអ្នក ហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះឡើយ ហើយ​គប្បីនៅ​តែ​ម្នាក់ឯង​ដោយ​រឹងមាំ​ចុះ ។ ការចេះ​ប្រុងប្រយត្ន ហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណានេះ ​ជា​មង្គល​ដ៏​ឧត្តម ។​

២. បណ្ឌិតាន​ញ្ច សេ​វនា កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ។ ​ បណ្ឌិត គឺ​លោក អ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍និងក្តី​សុខ​របស់ខ្លួន​និង មិន​ធ្វើឱ្យ​អ្នក ដទៃ​ខូចប្រយោជន៍ ឬខូច​ក្តី​សុខ មិន​ធ្វើឱ្យ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយនិងផ្លូវចិត្ត ។ ម្យ៉ាងទៀត​ បុគ្គល​ដែលជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ ជា​បុគ្គល​ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ ​ហិរិ និង​ខ្លា​ចក្តីអាក្រក់ មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ ឱត្តប្បៈ ។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចម្រើន​ទាំង​គំនិត ប្រាជ្ញា ទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និងដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយ ពួក​បុគ្គល​គប្បី​ខ្នះខ្នែងស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ ដូច្នេះ ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​

៣. បូជា ច បូ​ជនី​យានំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា ។ ​បូជា​ គឺ​ការឱ្យ ឬការគោរព​ប្រតិបត្តិមាន​ពីរ​យ៉ាង​គឺ​៖ ​ ក​. បូជា​ដោយ​ការ​ឱ្យសម្ភារៈ​ផ្សេងៗ (អាមិសបូជា)។​ ​ ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង អនុវត្តតាម (បដិបត្តិបូជា) ​។​

​ការបូជា ជា​ការប្រសើរ ប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាលគ្មាន​គុណធម៌ គ្មាន​សីលធម៌ ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯងនិងសង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​តម្កើង​សភាវៈ​អាក្រក់ ។ ហេតុនេះ ការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជា គឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃ តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះ មាន​ជាអាទិ៍ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ មាតា​ បិតា​ គ្រូអាចារ្យ និងអ្នក​ដែល​មាន​គុណូបក្ការៈ​ចំពោះ​ខ្លួន ឬចំពោះ​សង្គម​ជាតិ​ជាដើម ។ ដូច្នេះ​ការគោរព​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៤. បដិរូប​ទេស វា​សោច កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ ។​ ប្រទេស​ដ៏​សមគួរ​ គឺ​ប្រទេស ដែល​មាន​សុខសន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរដោយ​អ្នកប្រាជ្ញ រាជ​បណ្ឌិត្យ អ្នក​មាន​គុណធម៌ និងសីលធម៌​ថ្លៃថ្នូរ ប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋនិង​ធម៌​វិន័យ​ត្រឹមត្រូវ ជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំនិង​មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការ គោរព​ច្បាប់ ដោយ​យុត្តិធម៌ និងជាហេតុ​នាំ​ឱ្យ​មានក្តី​ចម្រើន​រុងរឿង ។ ការរស់នៅ​ក្នុង​ប្រទេស​បែបនេះ​ជាការ​ប្រពៃ ​ព្រោះ​ជា​គ្រឹះ​ក្នុង​ ការអភិវឌ្ឍគំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សមគួរ​បែបនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៥. បុព្វេ កត​បុញ្ញ​តា ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ។ ​ធម្មតា​អ្នក​ដែល​បាន​យល់ច្បាស់នូវ​ផល​ល្អ​នៃ​អំពើ​សុចរិតនិង​ផល​អាក្រក់​នៃ​អំពើ​ទុច្ចរិត តែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ រួត​រះ​ធ្វើបុណ្យ​រាល់ៗ​ជាតិ ព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ ។ ន័យ​នេះ​ក៏​បាន​ដល់​ការកសាង ឬការខិតខំ​ប្រឹងប្រែង​ក​សាង​សមត្ថភាពនិង​លក្ខណៈសម្បត្តិ​គ្រប់យ៉ាងដូច​ជា​ការត្រៀម​ធនធាន​ទុកជាមុន លុះ​ពេល​ត្រូវការ ក៏​អាច​យក​សមត្ថភាព លក្ខណៈសម្បត្តិនិងធនធាន​នោះ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ ការខិតខំ​លះបង់​បាន​នូវ​អំពើ​អាក្រក់ ហើយ​ព្យាយាម​ធ្វើ​ឱ្យបាន​នូវ​អំពើ​ល្អ​ក្នុង​កាល​មុន ជា​មង្គល​ដ៏​ឧត្តម ។

៦. អត្ត​សម្មា​ប​ណី​ធិ ច កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ ។ ​ តម្កល់​ខ្លួន មានន័យ​ថា ការ​ធ្វើ​ខ្លួន​នៅក្នុង​ប្រភេទ​ណា​មួយ ។ ប្រការនេះ បាន​ដល់​កិរិយា​ចេះ​ពិចារណាឱ្យ​យល់​ច្បាស់​លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯអំពើអា ក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផលយ៉ាង​មុតមាំ ព្រមទាំង​ញ៉ាំង​ខ្លួនឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាននិង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភា​វនា សមាធិ ​​ឱ្យនៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជឹលច្រអូស តាំងខ្លួន​ឱ្យ​នៅ​ក្នុង​សតិ ឱ្យ​នៅ ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬមិន​យក​ខ្លូន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់​ណាមួយ យ៉ាង​នេះ​ ជា​មង្គល​ដ៏​ឧត្តម ។​

៧. ពាហុ​សច្ច ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន ។ ​ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការអាន និង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្ញូវ​លោកនិងផ្លូវ​ធម៌ ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយនិង​ដំបូន្មានរបស់​ព្រឹទ្ធាចារ្យ មាតា បិតា គ្រូ និងរៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់មាន​សមត្ថភាពនិងមាន​គំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជាហេតុ​ញ៉ាំង​ប្រយោជន៍និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯងនិង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។ ការខិតខំ​ស្តាប់ អាន និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ​ យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៨. សិ​ប្បៈ សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ។ ​ ប្រការ​នេះ​បាន​ដល់​ការចេះដឹងនិងការ​ប៉ិនប្រសប់ ស្ទាត់ជំនាញ​ក្នុង​សិប្បកម្ម បច្ចេក ទេស​ទាំងឡាយ យ៉ាងហោច​ណាស់​ឱ្យ​ស្ទាត់​ជំនាញនូវមុខ​វិជ្ជា​ណាដែល​ខ្លួន​បាន​សិក្សា (ឬនៅក្នុង​មុខ​តំណែង​ដែល​ខ្លួន​ប្រកប​ធ្វើ) ដែល​នាំមក​នូវ​ប្រយោជន៍និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯងនិង​អ្នក​ដទៃ ។ ដូច្នេះ ​កិរិយា​ឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិនប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួង ជា​មង្គល​ដ៏​ឧត្តម ។​

៩. វិនយោ ច សុ​សិក្ខិ​តោ វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ។ ​ វិន័យ ​គឺជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធសាសនា ។ សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិតបាន​ដល់​វិន័យ​របស់​អ្នកបួសនិង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ បុគ្គល​ដែល​មាន​ចំណេះវិជ្ជា មាន​ទ្រព្យ សម្បត្តិ យសសក្តិ មានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អនា​ចារ គ្មាន​វិន័យ គ្មាន​សីលធម៌ រស់នៅ​ដោយ​ការបំពាន លើ​ច្បាប់​នោះ គេ​នឹង​មិន​ទទួលបាន​ការគោរព​កោតសរសើរ​ឡើយ ប្រសិនបើ​ទទួលបាន​វិញ គឺ​បាន​តែ​ពួក​មនុស្ស​អែបអប​ រណេបរណប​ប៉ុណ្ណោះ ហើយ​មិនយូរប៉ុន្មាន​គេ​នឹង​ទទួលបាន​នូវ​ក្តី វិនាស​ជាមិនខា​ន ។ ហេតុនេះ​ កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋនិង​ព្យាយាម ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។​

១០. សុភាសិតា ច យា វាចា វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ។ ​ មនុស្ស​តែង​ប្រើ​ការនិយាយ​ជា​មធ្យោបាយ​ទំនាក់ទំនងនិង​ផ្តល់​ព័ត៌មាន​ដល់​គ្នា នឹង​គ្នា ប៉ុន្តែ ព្រះពុទ្ធ​បាន​បង្រៀន​ឱ្យ​យើង​ចេះ​ជ្រើសរើស ពាក្យសម្ដី​សម្រាប់​និយាយ​ស្តីឱ្យ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ ដាំ​ដុះ សាប​ព្រោះយ៉ាង​នោះដែរ ហើយ​ព្រះអង្គតែង​បាន​បង្រៀន​យើង​កុំឱ្យ​ពោល​ពាក្យ​ណា​ដែល​ធ្វើឱ្យ​អ្នក​ដទៃ​ឈឺចាប់ ខូច​ប្រយោជន៍ បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។ ពាក្យ​ល្អពីរោះមាន​ប្រយោជន៍​ សូម្បីតែ​មួយ​ឃ្លា មួយ​ប្រយោគក៏​ប្រសើរ​ជាង​ពាក្យ​រោយ​រាយឥតប្រយោជន៍​រាប់​ពាន់​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុ គឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១ អំពី​ការសន្ដោស​១ អំពី​ការ​ស្ងប់​ស្ងាត់​កាយ​និង​ចិត្ត​១ អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួកក្រុម​១ អំពី​ការព្យាយាម​១ អំពី​សីល​១ អំពី​សមាធិ​១ អំពី​បញ្ញា​១ អំពី​ព្រះ​និព្វាន​១ និងអំពី​ធម៌​រំលត់ទុក្ខ​១ ។ កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១១-១២. មាតាបិតុ ឧបដ្ឋានំ កិរិយា​បម្រើ ឬទំនុកបម្រុង​មាតា​និង​បិតា ។ កូនប្រុស​-​ស្រីមាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹមមាតាបិតា ធ្វើ​ការងារ​ជំនួស​គាត់​ រក្សា​វង្ស​ត្រកូល​ឱ្យ​គង់វង្សនិង​ខ្ពង់ខ្ពស់ ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា អ្នកទទួល​មរតក​ពី​គាត់ ធ្វើបុណ្យ​ជូន​គាត់​ជា​ដើម ។ ព្រោះថា កូន​ដែល​ដឹង​គុណមាតាបិតា ហើយ​ប្រព្រឹត្ត​ ប្រតិបត្តិ​ គោរព​មាតាបិតាដូច​ពោល​មកនេះ រមែង​មិន​ច្យុត​ឡើយ ។ ដូច្នេះ​ កិរិយា​បម្រើ ទំនុក​បម្រុងមាតាបិតា ជា​មង្គល​ដ៏​ឧត្តម ។​ ​ ១៣. បុត្ត​ទា​រស្ស សង្គហោ កិរិយា​សង្គ្រោះ​បុត្រនិង​ភរិយា ។ មាតាបិតាដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូន គឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​១ ណែនាំ​កូន​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ (​ទាំង​ការគិត ទាំង​សកម្មភាព និងពាក្យសម្ដី) ​ជា​អំពើ​មានតែ​ប្រយោជន៍ មិន​នាំ​ផល​ក្តៅក្រហាយ​១ ទំនុកបម្រុង​កូន​ឱ្យបាន​រៀនសូត្រ ឱ្យមាន​ចំណេះដឹង មាន​សមត្ថភាព​អាច​រស់នៅ​ដោយ​ថ្លៃថ្នូរ​១ ទុកដាក់​កូន​ឱ្យ​មាន​គូស្រករ​ត្រឹមត្រូវ​១ និង​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១ ឈ្មោះ​ថា​ ជា​មាតា បិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ ។ ឯ​ស្វាមី​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺ និយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១ មិន​មើលងាយ​ភរិយា​១ មិន​ក្បត់​ភរិយា​១ ផ្គត់ផ្គង់​ភរិយា​១ និង​ផ្តល់​សិទ្ធិ​ក្នុង​ផ្ទះ​ឱ្យ​ភរិយា​១ ឈ្មោះ​ថា​ស្វាមីសង្គ្រោះ​ភរិយា ។ បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញនិងទៀងទាត់​ឈ្មោះថា​ ជា​អ្នក​បាន​កសាង​គ្រឹះ​សុភមង្គល​ទាំងក្នុង​គ្រួសារនិង​សម្រាប់​សង្គមជាតិ ។ ដូច្នេះ ​កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យបាន​ល្អ​ក្នុង​ការសង្គ្រោះ​បុត្រ​និង​ភរិយា ជា​មង្គល​ដ៏​ឧត្តម ។​

១៤. អ​នាកុ​លា ច កម្ម​ន្តា ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ។ នេះ​បាន​ដល់​ការចេះ​បែងចែក​ប្រភេទ​ការងារឱ្យ​​ដាច់​ដោយឡែក​ពីគ្នានិងបំពេញ​ស្រេច​រួចរាល់​មិន​ទុក​ចោល​កណ្តាល​ទី ។ អ្នក​ដែល​ធ្វើការមិន​ច្របូកច្របល់ គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម ​ម៉ឺង​ម៉ាត់ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ ធ្វើ​បាន​យ៉ាង​នេះ ពិតជា​នាំមក​សេចក្តីចម្រើន​ជា​លំដាប់ ។ ដូច្នេះ​ ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ជា​មង្គល​ដ៏​ឧត្តម ។​

១៥. ទា​នំ កិរិយា​បរិច្ចាគ​ទាន ។ ទាន គឺ​ការ​ឱ្យហើយ​គោលដៅនិង​បំណង​នៃ​ការ​ឱ្យ​នេះ គឺ​មិនមែន​ក្នុងបំណង​ដើម្បី​ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ ។ បុគ្គល​ដែល​បាន​ឱ្យ​​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា​ ហើយរំពឹង​ចង់បានការ​តបស្នង​ដោយ​ប្រការ​ណាមួយ បុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ទេ គឺជា​អ្នក​ធ្វើ​វិនិយោគ ។ ការ​ធ្វើ​ទាន​ គឺ​ដើម្បី​កាត់បន្ថយនូវ​គម្លាត​គ្នា​រវាងអ្នកមាន​និង​អ្នកក្រ និងជា​ការលើកស្ទួយ​វប្បធម៌​ចែករំលែក ក៏​ជា​វិធី​ដើម្បី​កុំ​ឱ្យមនុស្ស​គិតតែ​ពី​ការ​បាន ដែល​ជា​ហេតុ​បង្ក​ឱ្យមានទំនាស់​ផ្សេងៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍ ។ ធ្វើ​ទាន​បាន​ដល់​ការ​ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺ ការ​ឱ្យ​សម្ភារៈ​សម្រាប់​ទ្រទ្រង់​ជីវិតដូចជា សម្លៀក​បំពាក់ ចំណីអាហារ ផ្ទះសម្បែង និង​ថ្នាំ​ព្យាបាល​រោគ​ជាដើមហៅថា អាមិស​ទាន គឺ​ការឱ្យ​​វត្ថុ សម្ភារៈ​១ និង​ការ​ឱ្យ​ចំណេះ វិជ្ជា​គំនិត​យោបល់​ល្អ ដើម្បី​គេ​បាន​ស្គាល់​ខុស​ត្រូវ ស្គាល់​ផ្លូវ ទៅ​រក​ប្រយោជន៍និងភាពជោគជ័យល្អ​អាក្រក់ បុណ្យ​បាប​ជាដើមហៅថា ធម្ម​ទាន គឺ​ការ​ឱ្យ​​ចំណេះវិជ្ជា គំនិត​ប្រាជ្ញា​១ ។ កិរិយា​ដែលបាន​ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១៦. ធម្មចរិយា កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ។​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១ កិរិយា​មិន​លួចប្លន់​១ កិរិយា​មិន​ប្រព្រឹត្តល្មើស​ក្នុង​កាមតណ្ហា​១ កិរិយា​មិន​កុហក​ឆបោក​កេងប្រវញ្ច​១ កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុជ​អាល បំបែកបំបាក់​១ កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១ កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្នកដទៃ​១ កិរិយា​មិន​គុំគួន​ព្យាបាទ​អ្នកដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវ គឺ​យល់ថា​ធ្វើ​ល្អ​បានល្អ ធ្វើអាក្រក់​បាន​អាក្រក់ និងយល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និងលោកិយ​១ ។ កិរិយា​ដែល​ចេះ​ពិចារណា​ឱ្យបាន​ជាក់ច្បាស់ ហើយ​ប្រព្រឹត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ធម៌​ទាំង​១០ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១៧. ញាតកា​ន​ញ្ច សង្គហោ កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ។​ ដែល​ហៅថា​ញាតិបាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាង គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះមកនិង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (ដែល​ហៅថា ញាតិ​ប្រាំពីរសន្តាន)​ ។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាននិង​សង្គ្រោះ យឹតយោង លើកស្ទួយ ផ្ចុងផ្តើមឱ្យ​ញាតិសន្តាន​របស់ខ្លួន​ឱ្យបាន​សិក្សាអប់រំ មានមុខ​របរ​ការងា​រ​សុចរិតនិងជួយ​ដាស់តឿន​ដឹកនាំ​ឱ្យ​ពួកគេ​ដើរ​លើ​ផ្លូវ​ល្អ ផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ ចូរប្រយត្ន ប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លម្អៀង ប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និងគុណធម៌ (ដោយសារតែ​ការយោគយល់​ថា ជា​សាច់ញាតិ) ។ ដូច្នេះ​ ការចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ប្រពៃ ជា​មង្គល​ដ៏​ឧត្តម ។​

១៨. អនវ​ជ្ជា​និ កម្មា​និ កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ។ ការងារ​ទាំងឡាយ​ដែលផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​ទាំងឡាយលោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ ការងារ​ដែល​មិនមាន​ទោស​ដូច​ជា ការចិញ្ចឹម​មាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាងសម្បត្តិ​សាធារណៈ​មាន ស្ពាន ថ្នល់ សាលារៀន​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នូវ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នកដទៃដើម្បីឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់ ​ហើយ​ព្យាយាមប្រព្រឹត្ត​តែ​អំពើ​ល្អ​ជា​ដើម ។ ទាំងនេះ ​គឺជា​ការងារ​មិន​មាន​ទោស ។ ការប្រព្រឹត្ត​តែ​ការងារ​មិន​មាន​ទោស ជា​មង្គល​ដ៏​ឧត្តម ។​ ១៩. អា​រតី វិ​រតី​បាបា កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ។ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹងឮ ឬ​ឃើញ គេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់អំពើ​បាប​ទាំងឡាយ មានការប្រព្រឹត្ត​ខុស​ក្នុងកាម ការ​កុហក​កេងប្រវញ្ច ឆបោក និងធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬមាន​ការកាប់​សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ បៀត​បៀត​ក្តី​សុខ​ដល់​គ្នា​នឹង​គ្នា​ជាដើម​ផង ថែមទាំង​មានក្តី​សង្វេគ​តក់ស្លុត ចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។ ឯការ​វៀរចាក​បាប​បាន​ដល់​ការចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ទាំងឡាយដូចដែល​បាន​ពោល​មក​ហើយ​ជា​ដើម ព្រោះ​មាន​សទ្ធា​ជឿជាក់ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អ ធ្វើ​អាក្រក់​ពិតជាបាន​អាក្រក់ ។ ដូច្នេះ ​កិរិយា​ដែល​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា វៀរចាក​បាប​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

២០. មជ្ជ​បា​នា ច សញ្ញា​មោ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹកស្រវឹង ។​ នេះ​បាន​ដល់​ការ​តម​សុរា និង​មេរ័យ​គ្រប់​ប្រភេទ ព្រោះ​បាន​យល់​ច្បាស់​នូវ​ផល​អាក្រក់​នៃ​ការផឹក​ទឹកស្រវឹង​នេះដូចជា​អស់​ប្រាក់​កាស ខាត​ពេល វេលា ខូច​សុខភាព ធ្វើ​ឱ្យ​ខ្សោយ​គំនិត​ប្រាជ្ញា និង​ជួនកាល បណ្តាល​ឱ្យ​មាន​កិរិយា​ថោកទាប​និង​ឈ្លោះទាស់ទែង​គ្នា​ទៀតផង ។ ដូច្នេះ​ការពិចារណាឱ្យ​ឃើញ​ច្បាស់នូវ​ទោស​នៃ​សុរា ហើយ​តាំងចិត្ត​ព្យាយាម​ចៀសវាង​ឱ្យបាន​នូវ ការផឹក​ទឹកស្រវឹង​គ្រប់​ប្រភេទ ជា​មង្គល​ដ៏​ឧត្តម ។​

២១. អប្បមា​ទោ ច ធម្មេ​សុ ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ ។ នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅក្នុង​អំពើ​អកុសល​និង​អបាយមុខ​មានស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម គឺជា​មូលហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​មិន​ប្រមា​ទរមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រឭក យល់​ត្រូវ​ជា​និច្ចដែល​ជា​កត្តា​នាំមក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គមសម​ដូច​ពុទ្ធភាសិត​ថា អប្បមា​ទោ អមតំ​បទំ​ ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​ក្តី​មិន​ស្លាប់ ។ ដូច្នេះ​ ការ​មិន​ប្រមាទ ហើយ​ភ្ញាក់រឭក​ព្យាយាម​ធ្វើ​តែ​អំពើ ល្អ សុចរិត យុត្តិធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

២២. គារ​រោ ច កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ។ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយកាយ គឺ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ១។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះ គឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ​ជាដើម​១ បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូចជា​លោក​ជា​អ្នកប្រាជ្ញនិង​អ្នក​ដឹកនាំ​រដ្ឋ មាន​មន្ត្រី រាជការ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់ តាំង​នៅក្នុ​ងច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូចជា​រៀមច្បងនិង​ចាស់ព្រឹទ្ធាចារ្យ ជាដើម​១ ។ ការ​ធ្វើ​នូវ​សេចក្តី​គោរព​ចំពោះ គារវ​បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​ ២៣. និ​វាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ។ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ ព្រោះ​ថា​ គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិមានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃ ដែលជា​មូលហេតុ​ឱ្យ​មាន​ការ​ប្រជែង​វាសនានិងជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ យសសក្តិ ទ្រ​ព​សម្បត្តិ ចំណេះវិជ្ជាយ៉ាងណាក្តី បើ​ជា​បុគ្គល​ក្រអឺតក្រទម មិន​សង្រួម​ទេនោះ នឹងមិន​ទទួលបាន​ការគោរព​រាប់អាននិងកោត​សរសើរ​ឡើយ ប៉ុន្តែ​បើ​បែរជា​បាន​វិញ​ គឺ​បាន​តែ​ពី​សម្នាក់​ពួក​ជន​ប្លម​ ប្រចុបប្រចែង និងជនពាល​តែប៉ុណ្ណោះ ។ ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍​ ជាតិ ត្រកូល និង​អស្មិ​មានៈ​បាន​ត្រូវ​លះបង់​អស់ហើយ ហើយ​ប្រព្រឹត្តធ្វើ​តែ​អំពើ​ល្អ​ ព្រោះក្តី​មិនប្រមាថ ដរាប​នោះ​សេចក្តីសុខចម្រើន​នឹង​កើត​មាន​ជាមិនខាន ។ ដូច្នេះ​ការប្រព្រឹត្ត​បន្ទាបខ្លួន ជា​មង្គល​ដ៏​ឧត្តម ។​

២៤. សន្តុដ្ឋី ច សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន ។​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរ ទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាពនិង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ ព្រះពុទ្ធ​បាន​បង្រៀន​មនុស្សឱ្យ​​ចេះខិតខំ​ប្រឹង​ប្រែង​ព្យាយាម​បំពេញ​ការងារ​ឱ្យ​យ៉ាង​អស់ពី​សមត្ថភាពនិង​សក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​បាន​សម្រេច​សមតាម​បំណង​ប៉ុណ្ណា ក៏​តោង​ចេះ​ឱ្យ​តម្លៃនិងពេញ ចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើមនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​ថ្ងៃ​នេះទេ ។ ម្យ៉ាង​សោត​រឿង​ពិត​ក្នុង​លោកតែងតែ​មាន​ការ​មិន​ស​ម​បំណង​ជារឿយៗ ហេតុនេះ ដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មានក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត និងស្កប់ស្កល់​ចំពោះ​អ្វី​ដែល​បានមក​ពី​ការខិតខំ​របស់​ខួ​ន ។ បុគ្គល​ដែល​មាន​សន្ដាន​ចិត្ត​សន្ដោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន រហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅពេល​ដែល​ខ្លួន​មាន​លាភ​ យសសក្តិ ទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់​ខ្លួន​ក្រ​ខ្សត់បាត់​យសសក្តិ​ក្តី ។ ដូច្នេះ​ ការ ព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យបាន​ជា​ចិត្ត​សន្ដោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

២៥. កតញ្ញូ​តា ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ។ បុគ្គល​បែបនេះ​ឈ្មោះថា កតញ្ញូ​បុគ្គល ។ បុគ្គល​កតញ្ញូដែល​បាន​តបស្នង​សង​ឧបការគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​​កត​វេ​ទី​បុគ្គល ។ ឯ​បុគ្គល​ដែលបាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នកដទៃ​ឈ្មោះថា បុព្វ​ការី ។ មាតាបិតា ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើត ព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ ។ ព្រះសម្មាសម្ពុទ្ធ ជា​បុព្វការី​របស់​ពុទ្ធបរិស័ទនិង​មនុស្ស សត្វ​ទាំងឡាយ ព្រោះ​ព្រះអង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះ​ទុក្ខ គឺ​អដ្ឋង្គិក​មគ្គ ដើម្បី​មនុស្ស សត្វ ទេព្តា​ទាំងអស់ ៘ បើ​មិន​មានបុព្វការី​ជនមាន​មាតាបិតាជាដើម​ទេនោះ សង្គមមនុស្ស​ក៏​មិន​អាច​ស្ថិតស្ថេរ​រីក​ចម្រើន​បាន​ឡើយ តោង​ប្រយត្ន​បុគ្គលខ្លះ​ដឹងថា​យើង​ជា​មនុស្ស​មិន​បំភ្លេច​គុណនិងតែង​តបស្នង​សងគុណ​គេ​វិញ​ជា​ប្រក្រតី​នោះ ក៏​បាន​ឆ្លៀតឱកាស​បង្កហេតុ​ ហើយ ធ្វើ​ជា​មកជួយ​យកអាសា​យើង ដើម្បី​ឱ្យ​យើង​ជំពាក់​គុណ​គេ (ទើប​គេ​ឱ្យយើង ធ្វើ​អ្វី​ម្យ៉ាង​ដែល​នាំមក​នូវ​ផល​អាក្រក់​ណាមួយ) ។ ដូច្នេះ​ ការខិតខំ​កសាង​ខ្លួន​ឱ្យបាន​ជា កតញ្ញូ​កត​វេទី​បុគ្គល​ផង ទាំង​បុព្វការី​បុគ្គល​ផង ជា​មង្គល​ដ៏​ឧត្តម ។​

២៦. កា​លេន ធម្ម​ស្សវ​នំ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ។ ធម៌ ​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់ ​គឺ​ផលប្រយោជន៍និងក្តី​សុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការខិតខំ​ឆ្លៀត​ពេល​ដ៏​មមាញឹកនៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌​យ៉ាងហោចណាស់​មួយអាទិត្យ​បាន​ម្តង ព្រោះថា​ធម៌​គឺជា​គុណជាតិបំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យស្គាល់​ខុស ស្គាល់​ត្រូវ គុណ​ទោស ល្អ​អាក្រក់ បុណ្យ​បាបយ៉ាង​សត្យានុម័ត ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​ខ្លួនឯង​និង​សង្គមជាតិ (​ចំពោះ​ទស្សនៈ​ដែលថា ចាំ​ដល់​ចាស់ ឬពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ឡើយ) ។ ដរាបណា​មាន​អ្នកប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សេចក្តី​ល្អ​កាន់តែច្រើន ដរាប​នោះ​សង្គមជាតិ​និង​ពិភពលោក​កាន់តែ​រីកចម្រើន​និងសុខសាន្ត ។ ដូច្នេះ​ ការព្យាយាម​ស្តាប់ធម៌​តាម​កាល ជា​មង្គល​ដ៏​ឧត្តម ។​

២៧. ខន្តិ ច សេចក្តី​អត់ធ្មត់ ។ ខន្តី គឺ​សភា​ពនៃ​ចិត្ត​ស្ងៀមស្ងាត់​ស្ងប់រម្ងាប់​នឹងនរ ទោះ​ត្រូវ​រង​នូវ​អំពើ​អាក្រក់​បែប​ណាមួយ​ដូចជា​រង​ការប្រមាថ​ ឬភាពអយុត្តិធម៌​ជាដើម ។ តាម​ធម្មតា​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ដែល​គ្មាន​ខន្តី រមែង​មាន​សេចក្តី​ក្រោធ​ខឹង​ក្តៅក្រហាយ​ជា​ប្រាកដ ហើយ​តែង​តប​ទៅ​វិញ​ដោយ​អំពើ​ហិង្សា ឬពាក្យ​ទ្រគោះដោយ​ប្រការ​ណាមួយ​មិន​ខាន ដែល​ជា​ហេតុ​នាំមក​នូវ​ជម្លោះ​គ្រប់​ប្រភេទ ។ ចំណែកឯ​អ្នក​មាន​ខន្តី​ធម៌​វិញ ពេល​រង​នូវ​អំពើ​អាក្រក់​បែប​ណា រមែង​មិន​ក្រោធ​ខឹង មិន​ក្តៅក្រហាយ​ផ្តេសផ្តាស​ឡើយ ហើយ​តែង​មាន​ប្រតិកម្ម​ទៅ​វិញ​ដោយ​អហិង្សា​ប្រកបដោយវិចារណញ្ញាណ​យ៉ាង​ថ្លៃថ្នូរ​បំផុត ដែល​ជាហេតុ​នាំ​មក​នូវ​សុខ​សន្តិភាព​យ៉ាង​ប្រពៃ ប្រការ​នេះ​គួរតែ​មិនមែន​មានន័យថា ទោះជា​ត្រូវ​រងគ្រោះ​អយុត្តិធម៌​យ៉ាងណា ក៏​មិន​អើពើ​ឡើយ ។ តាមពិត​ បើ​ឃើញ​ថា​គួរតែ​ឆ្លើយតប​នោះ​គឺ​តោង​តែ​ឆ្លើយតប ប៉ុន្តែ​ធ្វើ​ដោយ​ចិត្តស្ងប់មិនមែន​ធ្វើ​តាម​កំហឹង ។ ដូច្នេះ​ ការព្យាយាម​កសាង​អប់រំ​ខ្លួន​ឱ្យ​មាន​សន្ដាន​ចិត្ត​ប្រកប​ដោយ​ខន្តី គឺ​សេចក្តីអត់ធន់​ដ៏​ប្រពៃ​ ហើយជា​មង្គល​ដ៏​ឧត្តម ។​

២៨. សោ​វ​ចស្ស​តា ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ ។ មនុស្ស​ប្រដៅ​ដោយ​ងាយ គឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូ អាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​មាន​ការចេះដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ថែម​ទាំង​ជា​បុគ្គល​មានចិត្ត​បើកទូលាយ បន្ទាបខ្លួនមិន​ប្រកាន់​មានៈ តែទោះ​យ៉ាងណា​តោង​តែ​ធ្វើ​ដោយ​បញ្ញា ប្រយត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូសទាញ​​ឱ្យ​លុះ​ក្នុង​គំនិតគិត​ខុស ​។ ឯ​អ្នក​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ជាដើម ក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឆ្លៀស​វៃ មិន​មាន​ការចេះដឹង ម្ល៉ោះហើយ​ក៏​មាន​ការ​ងងឹត​ងងល់​ក្នុង​អស្មិ​មានៈ​យ៉ាង​ធ្ងន់​ធរ ។ មានតែ​ការខិតខំ​រៀនសូត្រនិង​ស្តាប់ធម៌ទេសនា​ជាដើម​ទេ ទើប​អាច​ធ្វើ​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូច្នេះ​ ការខិតខំ​កសាងខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល ដែល​គេ​ងាយ​ប្រដៅ ជា​មង្គល​ដ៏​ឧត្តម ។​

២៩. សម​ណាន​ញ្ច ទស្សនំ កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រម្ងាប់​ហើយ ។ សមណៈ ​គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ធ្វើ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់ស្ងាត់ ចាក​កិលេស គឺ​លោភៈ ទោសៈ មោហៈ មាន​ឥរិយាបថ​ស្ងប់ស្ងាត់​ស្រគត់ស្រគំ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​ជន​ទាំងពួង ។ លើសពីនេះទៅ​ទៀត ​សមណៈ​ទាំងឡាយ លោក​តែង​ឱ្យ​ដល់​អ្នក​ដែល​បាន​មកជួប​នូវ​ដំបូន្មាន​ដ៏​ប្រពៃ​ជា​មាគ៌ា​សម្រាប់​ប្រព្រឹត្ត​ប្រតិបត្តិឱ្យ​បាន​សុខ​ចម្រើន​ក្នុង​ជាតិ​នេះនិង​ជាតិ​ខាងមុខ ។ ដូច្នេះ​ ការ​បាន​ជួប​នឹង​សាមណៈ​ទាំងឡាយ ជា​មង្គល​ដ៏​ឧត្តម ។​

៣០. កាលេ​ន​ធម្មសាកច្ឆា​ កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល ។ ​នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលាឱ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃលោក​អ្នកចេះដឹង​ជ្រៅជ្រះដែលជា​អ្នក​មាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ចម្ងល់​គ្រប់​យ៉ាង​បាន ។ មួយ​សោត ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានានិង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រោះនូវ​វប្បធម៌​អហឹង្សានិង​សន្តិភាព​ផងដែរ ។ ធ្វើ​យ៉ាងនេះ​ គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួនឱ្យបាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវនិង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯងនិង​សង្គមជាតិ​ពិតប្រាកដ ។ ដូច្នេះ​ កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។​

៣១. ត​បោ ច សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ។ បាបធម៌​បាន​ដល់​លោភៈ គឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារៈ​គ្រប់យ៉ាង​១ ទោសៈ គឺ​ចិត្ត​ប្រទូសរ៉ាយ ​ស្អប់​ ក្រោធ​ខឹង​គ្រប់យ៉ាង​១ និង​មោហៈ គឺក្តី​ងងឹតងងល់ វង្វេងវង្វាន់ មាន​កាប់សម្លាប់ លួច​ប្លន់ និង​កុហក​ឆបោក កេងប្រវញ្ច​ជាដើម ។ រីឯ​តបៈធម៌​បាន​ដល់​ការព្យាយាម​ដុតបំផ្លាញ​នូវ​កិលេស​ទាំងបី​ខាង​លើ​ផងនិង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទាន សីល ភា​វនា សាង​ផ្លូវថ្នល់​សាលារៀន​ជាដើម​ផង ដែល​សុទ្ធតែ​មាន​ប្រយោជន៏​ដល់​ខ្លួនឯងនិង​សង្គមជាតិ​យ៉ាង​ពិតប្រាកដ ។ ដូច្នេះ​ សេចក្តី​ព្យាយាម ដុត​នូវ​បាប​ធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

៣២. ព្រហ្មចរិយ​ញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏ប្រសើរ ។ នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរ ទាំង ៨ យ៉ាង​គឺ៖ មិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ស្នេហា​១ មិន​ភូតកុហក​១ មិន​ផឹក​ទឹកស្រវឹង​១ មិន​បរិភោគ​ពេល​រសៀល​និង​យប់​១ មិន​រាំច្រៀង លេង​ភ្លេង និង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១ មិន​ប្រើប្រាស់​សម្ភារៈ​អង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១ ។ នេះ​គឺជា​ការប្រព្រឹត្ត​សង្រួមកាយ វាចា ចិត្ត​យ៉ាង​ប្រពៃ ដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ព្រោះ​បាន​ធ្វើ​ចិត្តឱ្យបាន​ស្ងប់ស្ងាត់និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិ ។ ដូច្នេះ​ កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម ។​

៣៣. បរិ​យស​ច្ចាន ទស្សនំ កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​។ អរិយសច្ច ​ធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ខ្ពង់ខ្ពស់​៤​យ៉ាង​គឺ ទុក្ខ​សច្ចៈ សេចក្តី​ទុក្ខ​១ សមុទយ​សច្ចៈ ហេតុ​នៃ​សេចក្តី​ទុក្ខ​១ និរោធ​សច្ចៈ ទី​ដែល​ក្តី​ទុក្ខ​ត្រូវបាន​រំលត់​១ និង​មគ្គ​សច្ចៈ វិធី​រំលត់ទុក្ខ​១។ សេចក្តី​ពិត​នៃ​ជីវិត​មនុស្ស សត្វ ទេព្តា ក្នុង​ត្រៃភព គឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ខ្លឹមសារ​ទាំងអស់។ មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះ គឺ​បណ្តាលមកពី​ជីវិត ដែល​ពោរពេញ​ដោយ​កិលេស​តណ្ហា​គ្រប់បែបយ៉ាង ។ ដរាបណា​កិលេស​តណ្ហា​ត្រូវបាន​រំលត់​អស់ហើយ ដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀតឡើយ ។ ព្រះ​អរិយបុគ្គល​ទាំងឡាយ មាន​ព្រះពុទ្ធ​ជា​ប្រធាន​សុទ្ធតែ​បាន​យល់​ច្បាស់​នូវ​អរិយសច្ច​ធម៌​នេះ ហើយ​ព្យាយាម​ប្រព្រឹត្ត ប្រតិបត្តិ​តាម​មគ្គ​សច្ច​ដែលជា​មា​គ៌ា ដើម្បី​រំលត់ទុក្ខ​ប្រកប​ដោយ​អង្គ​៨ គឺ​អដ្ឋង្គិក​មគ្គ ទើប​បាន​រំលត់​កិលេស​តណ្ហា​ឆ្លង​ផុត​ពី​សេចក្តី​ទុក្ខ​គ្រប់យ៉ាង ។ ដូច្នេះ​កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌ជា​មង្គល​ដ៏​ឧត្តម ។​

៣៤. និព្វាន ស​ច្ឆិ​រិយា ច កិរិយា​ធ្វើឱ្យ​​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ។ នេះ​បាន​ដល់​ការប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិ បញ្ញា ឱ្យ​ចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន​ គឺជា​លទ្ធផល​នៃ​ការប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញាតាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​គឺ​សម្មាទិដ្ឋិ គឺការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ១ សម្មាសង្កប្បៈ គឺការ​ត្រិះរិះ​ត្រឹមត្រូវ ​គឺ​គិត​និង​រម្លត់​តណ្ហា​១ សម្មា​វា​ចា គឺការពោល​តែ​ពាក្យ​ត្រឹមត្រូវ​១ សម្មាកម្ម​ន្តៈ គឺការប្រព្រឹត្ត ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ធម៌ និង​ច្បាប់​រដ្ឋ​១ សម្មា​អាជីវៈ គឺការប្រកប​មុខរបរ​ត្រឹមត្រូវដោយ​ចៀសវាង​នូវ​អំពើ​បាប​៥យ៉ាង​មានការលក់​មនុស្ស​ជា​ដើម​១ សម្មាវាយាមៈ គឺការព្យាយាម​ត្រឹមត្រូវ គឺ​ព្យាយាម​លះបង់​អំពើអាក្រក់​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អស់ និង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​អំពើ​អាក្រក់​ជា​ថ្មី​ទៀត​ ព្យាយាម​រក្សា​គុណធម៌និង​សេចក្តី​ដែល​មាន​ស្រាប់​ឱ្យ​មាន​តាំងនៅនិង​កាន់តែចម្រើន​ឡើង​ ព្យាយាម​សាង​គុណធម៌និង​ក្តី​ល្អ​ដែល​មិនទាន់មានឱ្យមាន​ជា​ប្រាកដ១ ​សម្មាសតិ គឺការ​រឭកដ៏​ត្រឹមត្រូវ​មាន​ការ​រឭក​នូវ វេទនា​ខាងក្នុងនិង​វេទនា​ខាងក្រៅ​ជា​ដើម​១ និង​សម្មាសមាធិ គឺការតម្កល់​ចិត្ត​ឱ្យ​​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​តែមួយ​១ ។ ដូច្នេះ​ ការប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨រហូត​ធ្វើឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។​

៣៥. ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំ យស្ស ន ក​ម្ប​តិ ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ។ ​លោកធម៌​ គឺជា​ធម្មជាតិ​ ជាទី​ប្រាថ្នា​ និង​ជាទី​ស្អប់​របស់​មនុស្ស និង​ជា​ធម៌​ដែល​តែង​កើតមាន​នៅក្នុង​លោកដល់​មនុស្ស​គ្រប់រូប មិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះដឹង​ធម៌ ឬមិន​ចេះ​ធម៌​ឡើយ ហើយក៏​មិន​រើសមុខ​ថាជា​ពុទ្ធសាសនិក ឬជា​សាសនិក​របស់​សាសនាណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺ មាន​លាភ១ ឥតលាភ​១ មានយស១ ឥតយស១​ សរសើរ​១ និន្ទា​១ សុខ​១ ទុក្ខ១ ។ អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធានរមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើនទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង៨នេះឡើយ ទើប​ពួក​លោក​រមែង​រស់នៅ​ជា​ក្សេមក្សាន្ត​ជានិច្ច ។ ដូច្នេះ​ ការព្យាយាមអប់រំ​ចិត្ត​ឱ្យបាន​ទៅ​ជាចិត្តដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង៨នេះ ជា​មង្គល​ដ៏​ឧត្តម ។​

៣៦. អ​សោកំ ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ ។ មនុស្ស​គ្រប់រូប​តែងតែ​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ។ ជា​ការពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹង​ខ្លួន​ឡើង​ត្រចៀក​ជួប​នឹង​ស៓ឡេង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន អណ្តាត​ជួប​នឹង​រសជាតិ កាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង ។ អារម្មណ៍​ទាំងនេះ ខ្លះ​ជា​ទី​ពេញចិត្ត​នាំ​ឱ្យ​សប្បាយ ខ្លះ​ជា​ទី​ស្អប់ខ្ពើមនាំ​ឱ្យ​ខឹង​មួ​ម៉ៅ​ក្តៅក្រហាយ ។ ប៉ុន្តែ​ ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរមានចិត្ត​ស្អាត​បរិសុទ្ធ ចាក​កិលេស​តណ្ហា លោភៈ ទោសៈ មោហៈហើយ​នោះ លោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងឡាយ​នោះ​ឡើយ ។ ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្តរ​ហូត​បាន​ជា​ចិត្ត​មិន​សោកសៅ ជា​មង្គល​ដ៏​ឧត្តម ។​

៣៧. វីរ​ជំ ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ។ នេះ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់ដែល​មិន​ប្រឡាក់​ដោយកិលេស​ទាំង​បី ​គឺលោភៈចិត្ត​ ស្អប់​ជាប់​នឹង​សម្ភារៈនិង​អសម្ភារៈ​គ្រប់យ៉ាង ដែល​នាំឱ្យ​មាន​សេចក្តី​លោភលន់​គ្មាន ទីបំផុត​១ ទោសៈចិត្ត​ ថ្នាំងថ្នាក់​ស្អប់ខ្ពើម ក្រោធ​ខឹង ទោមនស្ស ប្រទូស្ត​នឹង​សម្ភារៈ​គ្រប់យ៉ាង​ដែល​នាំឱ្យ​កើត​ជា​អំពើ​ហិង្សា​ជា​ដើម​១ មោហៈចិត្ត​ វង្វេង​ក្នុង​អារម្មណ៍​ប្រកប​ដោយ​សេចក្តី​សង្ស័យ​និង​រាយមាយឥត​ខ្មាស​ឥត​ខ្លាច​អំពើ​ទុច្ច​រិត​១ ។ ដូច្នេះ​ កិរិយា​អប់រំ​ចិត្ត​ឱ្យបាន​ទៅ​ជាចិ​ត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេស ជា​មង្គល​ដ៏​ឧត្តម ។​

៣៨. ខេ​មំ​ ចិត្ត​ក្សេមក្សាន្ត ។ នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធ​ ជា​ប្រធាន ដែល​បាន​ឆ្លង​ផុតពី​អន្លង់​ទាំង​៤​គឺ ៖ អន្លង្ល់​គឺ​កាមតណ្ហា​១ អន្លង់​គឺ​ភព​ទាំងបី​១ អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១ និង​អន្លង់គឺ​អវិជ្ជា ការមិនយល់​មិនដឹង​នូវ​សច្ចធម៌​១ ។ ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​ហើយ គឺជា​ចិត្ត​ស្អាត​បរិសុទ្ធនិង​ស្ងប់​ក្សេមក្សាន្ត​ក្រៃលែង ។ ដូច្នេះ​ កិរិយា​ខំ​កសាង​ខ្លួន​គឺ​អប់រំ​ចិត្ត​ឱ្យបាន​ទៅ​ជាចិ​ត្ត​ក្សេមក្សាន្ត​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។ បុគ្គល​ទាំងឡាយណាបាន​ខិតខំ​កសាង​ខ្លួនដោយ​ខិតខំ​ប្រព្រឹត្តប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឱ្យ​បរិបូណ៌ ហើយ រមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួង រហូត​សម្រេចមគ្គផល​និព្វាន​ជាទី​អវសាន ។

==មង្គលត្ថទីបនី ភាគ ១==​

មង្គលត្ថទីបនី ភាគ ២

[កែប្រែ]

មង្គលត្ថទីបនី ភាគ ៣

[កែប្រែ]

មង្គលត្ថទីបនី ភាគ ៤

[កែប្រែ]

កាលេន​ ធម្មស្សវនំ​ នាម​ យស្មំ កាលេ​ ឧទ្ធច្ចសហគតំ​ ចិត្តំ ហោតិ កាមវិតក្កាទីនំ​ វា អញ្ញតរេន អភិភូតំ តស្មំ កាលេ​ តេាសំ វិនោទន្ថតំ ធម្មស្សវនន្តិ អដ្ធកថា។

អ្នក​និពន្ធ

[កែប្រែ]

សម័យកាល

[កែប្រែ]

ទទួល​ឥទ្ធិពល​មក​ពី​

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក