Jump to content

ប្រាសាទគុកនគរ

ពីវិគីភីឌា
ប្រាសាទគុកនគរ

ឈ្មោះ: ប្រាសាទគុកនគរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ប្រាសាទគុហនគរមានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ។ រមណីដ្ឋាននេះមានផ្ទៃក្រលា ២០០ x ២០០ ម = ៤០០០០ម ដែលមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទគុហនគរមានបណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគហនគរ​ចែកចេញជាបីផ្នែក៖

  1. ផ្នែកទី១មានកំពស់៨ម៉ែត្រ
  2. ផ្នែកទី២មានកំពស់១២ម៉ែត្រ
  3. ផ្នែកទី៣មានកំពស់១៥ម៉ែត្រ

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទគុកនគរកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ តាមរចនាបថឃ្លាំង ។ ប្រាសាទនេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។ គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារ​កណ្តាល មាន​លក្ខណៈ​តូចចង្អៀត ហើយ​ងងឹត​បន្តិច និង មាន​នៅ​សង​ខាង​ចំនួនពីរ ទៀត ។ គោបុរៈ​ខាងលិច​មាន​ទំហំតូច មានទ្វារមួយ​ចូល​ទៅ​ខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ខាង​ក្រៅ​បានទេ ។ គោបុរៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះវិហារ​មិន ស្ថិត​នៅ​ចំ​កណ្តាល​កំពែង​ទេ មាន​ទ្វារ​ចូល​ពីប្រាសាទ ទៅខាង​ក្នុង តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​កំពែង​បាន​ទេ មាន​តែ ចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅ​ខាង ក្រៅ​សម្រាប់​បង្ហូរ​ទឹក​មន្ត​នៅ​ពេល​គេ​ធ្វើ​ពិធី​ស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។ នៅ​ចំកណ្តាល​មាន​ប៉ម​ខ្ពស់​ទោល​មួយ មាន បន្ទប់ និង យ៉​យ៉ាង​វែង​ចេញ​ទៅ​ទិស​ខាង​កើត ហើយ នៅ​ចំ​ពី​មុខ​មាន សសរ​ពេជ្រ​រាង ៨ ជ្រុង​នៅ​សងខាង ។ នៅ​ផ្នែក​ខាង​លើ​នៃ​សរសេរ​មាន​តុប​តែង​ជា​ក្បាច់ ខ្លួន​នាគ​ព័ទ្ធ​កោង​ដោយ បញ្ចោញ​ក្បាល​ទៅ​សង​ខាង​ពាំ​ផ្កា​ចន្ទន៍។នៅ​លើ​សសរ​ពេជ្រ​នេះ​មាន​ផ្តែរ​មួយ ផ្ទាំង​រចនា​ដោយ​ក្បាច់​ផុស ហើយ​នៅ​ចំ​កណ្តាល​ផ្តែរ​នោះ​មាន​រូប​ព្រះឥន្ទ្រ​ជិះ​ដំរី​ក្បាល​បី ។ តួ​ប៉ម​កណ្តាល នេះ​ត្រូវ​បាន​តុប​តែង​លម្អ​ចាប់​ពី​ក្រោម រហូត​ដល់​ខាង​លើ ។ នៅ​ខាង​លើ​កំពូល​មាន​ក្បាច់​ត្របក​ឈូក​ច្រើន ជាន់​ដែល​តំណាង​ឱ្យ​ចក្រវាល​ទាំងមូល ។ នៅ​ក្បែរ​តួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរ​គោបុរៈ ខាងកើត​មានហោត្រៃ​ទោល​មួយ ( បណ្ណាល័យ ) ធ្វើ អំពី​ថ្មបាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ខាងលិច​បញ្ច្រាស ទិស​របស់ប្រាសាទ មាន​កម្ពស់​មធ្យម​សង់​លើ​ខឿន កម្ពស់ ១ ម៉ែត្រ ។ តាម​ការ​ឱ្យ​ដឹង​ពី​អ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាល​ពីដើម​នៅ​ខាង​មុខ​ប្រាសាទ​នេះមាន​ស្រះ មួយ​យ៉ាង​ធំ​ដែល​ទប់​ទំនប់​ព័ទ្ធ​ជុំវិញ ហើយ​មាន​ស្ពាន ហាល​មួយ​ពី​ទិស​ខាង​លិច​ស្រះ​ដែល​ត​ភ្ជាប់​ពី​តួ​ប្រាសាទ ឆ្លង​កាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លា​ជុំវិញ​ក្បែរៗ​នោះ​ត្រូវ​បាន​ក្លាយ ទៅ​ជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មាន​ម្លប់​ត្រឈឹង​ត្រឈៃ​សម្រាប់​ជា​កន្លែង សមាធិ​របស់​តាយាយ​ក៏​ក្លាយ​ទៅជា កន្លែងកប់ខ្មោចដែរ ។

ឯកសារយោង

[កែប្រែ]