Jump to content

អាណាចក្ររតនកោសិន្ទ្រ៍

ពីវិគីភីឌា
អាណាចក្ររតនកោសិន្ទ្រ៍

อาณาจักรรัตนโกสินทร์
១៧៨២–១៩៣២
Flag of សៀម
ទង់លើ៖ ១៨៣២–១៩១៦
ទង់ក្រោម៖ ១៩១៦–១៩៣២

ត្រាផែនដី
លើ៖ ១៨៧៣–១៩១០
ក្រោម៖ ១៩១១–១៩៣២
បាវចនាสพฺเพสํ สงฺฆภูตานํ สามคฺคี วุฑฺฒิ สาธิกา
សាមគ្គី សង្ខារពុទ្ធោណំ សម្មាធិ វុឌ្ឍិ សតិកា
ភ្លេងជាតិ จอมราชจงเจริญ
ឆោមរាជជុងចំរើន
"ព្រះរាជាមានព្រះជន្មាយុចម្រើនយឺនយូរ"
(១៨៥២–១៨៧១)

สรรเสริญพระบารมี
"ភ្លេងសរសើរព្រះបារមី" (១៨៨៨–១៩៣២)
វិសាលភាពទឹកដីអាណាចក្ររតនកោសិន្ទ្រ៍នៅក្នុងឆ្នាំ១៨០៥
វិសាលភាពទឹកដីអាណាចក្ររតនកោសិន្ទ្រ៍នៅក្នុងឆ្នាំ១៨០៥
រាជធានីបាងកក
ភាសាទូទៅ ថៃកណ្ដាល (ផ្លូវការ)
សាសនា
ភាគច្រើន៖ ព្រះពុទ្ធសាសនាថេរវាទ (សាសនារដ្ឋ)
ភាគតិច៖ គ្រិស្តសាសនា, ហិណ្ឌូសាសនា, ឥស្លាមសាសនា
រដ្ឋាភិបាលមណ្ឌលប្រព័ន្ធ (រហូតដល់ចុងសតវត្សទី១៩)[]
រាជាធិបតេយ្យផ្តាច់ការ (ពីចុងសតវត្សទី១៩[]–១៩៣២)
ព្រះមហាក្សត្រ 
▪ ១៧៨២–១៨០៩
ព្រះពុទ្ធយ៉តហ្វាចុឡាលោក
▪ ១៨០៩–១៨២៤
ព្រះពុទ្ធលើសឡានភាល័យ
▪ ១៨២៤–១៨៥១
ណាំងក្លៅ
▪ ១៨៥១–១៨៦៨
មង្កុដ
▪ ១៨៦៨–១៩១០
ចុល្លាង្ករណ៍
▪ ១៩១០–១៩២៥
វជិរាវុធ
▪ ១៩២៥–១៩៣៥
ប្រជាធិផុក
ព្រះអនុរាជ 
▪ ១៧៨២–១៨០៣
មហាសុរសិង្ហនាថ (ដំបូង)
▪ ១៨៦៨–១៨៨៥
វិជ័យជាញ (ក្រោយ)
ប្រវត្តិសាស្រ្ត 
▪ ប្រកាសបង្កើតឡើង
៦ មេសា ១៧៨២
១៧៨៥–១៧៨៦
១៨២៦
១៨៤១–១៨៤៥
▪ បស្ចិមភាវូបនីយកម្ម និងជាតិនិយម
១៨៥១–១៩៣២
១៨ មេសា ១៨៥៥
១៨៩៣
២៤ មិថុនា ១៩៣២
ប្រជាជន
▪ ដើមសតវត្សទី១៩[][][]
១,០០០,០០០ - ៤,០០០,០០០
▪ ១៩២៩[]
១១,៥០៦,២០៧
រូបិយវត្ថុ
Preceded by
Succeeded by
អាណាចក្រធនបុរី
នគរឈៀងម៉ៃ
ព្រះរាជាណាចក្រវៀងច័ន្ទន៍
ព្រះរាជាណាចក្រហ្លួងព្រះបាំង
ព្រះរាជាណាចក្រចម្ប៉ាស័ក្តិ
អាណាចក្រនគរស្រីធម្មរាជ
ថៃ
ម៉ាឡេស៊ីប៊្រីតានិក
សហភាពឥណ្ឌូចិន

អាណាចក្ររតនកោសិន្ទ្រ៍ (សៀម៖ อาณาจักรรัตนโกสินทร์) (ប្រកប៖ អា-ណា-ចាក់ រ័ត-តា-ណាក់-កូ-ស៊ីន) ឬ រាជអាណាចក្រសៀម (ราชอาณาจักรสยาม) គឺជា​ឈ្មោះ​ដែល​គេ​ប្រើ​ដើម្បី​សម្ដៅលើព្រះ​នគរ​ថៃ​ទី​បួន និង​បច្ចុប្បន្ន​នៅក្នុងប្រវត្តិសាស្ត្រថៃ (​ដែល​កាលនុះត្រូវបានស្គាល់​ថា ​សៀម​)។ អាណាចក្រនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៨២ បន្ទាប់ពីបឋមក្សត្រនៃរាជវង្សចក្រីគឺ ព្រះពុទ្ធយ៉តហ្វាចុឡាលោកបានស្ថាបនាក្រុងរតនកោសិន្ទ្រ៍ (បាងកក) ឡើងជារាជធានីថ្មីនៃប្រទេសសៀម។ អត្ថបទនេះនឹងគ្របដណ្តប់លើកាលសម័យនៃអាណាចក្រនេះរហូតដល់បដិវត្តន៍សៀមឆ្នាំ១៩៣២

អាណាចក្ររតនកោសិន្ទ្រ៍មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយដោយបានគ្របដណ្តប់លើប្រទេសកម្ពុជា ឡាវ រដ្ឋសាន និងនគរម៉ាឡេមួយចំនួននៅប៉ែកខាងជើង។ អាណាចក្រនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទរាមាទី១ នៃរាជវង្សចក្រី។ ដំណាក់កាលដំបូងនៃសម័យនេះរួមមាន ការបង្រួបបង្រួមអំណាចក្រុងរតនកោសិន្ទ្រ៍ និងជម្លោះសង្គ្រាមសាមាយិកជាមួយភូមា និងវៀតណាម[] ដំណាក់កាលបន្ទាប់ គឺការធ្វើទំនាក់ទំនងជាមួយមហាអំណាចអាណានិគមអង់គ្លេសនិងបារាំង ដែលជាដើមហេតុនាំឱ្យសៀមក្លាយជារដ្ឋប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគមពួកអឺរ៉ុបណាមួយ។[]

សម្រាប់រឿងផ្ទៃក្នុងវិញ នគរនេះបានវិវត្តខ្លួនទៅជារដ្ឋប្រទេសដ៏ទំនើបមួយដោយសារការធ្វើអន្តរកម្មអត់ឈប់ឈរជាមួយមហាអំណាចលោកខាងលិចនៅក្រៅព្រំដែនរបស់ខ្លួន។ នៅក្នុងសម័យកាលក្រុងរតនកោសិន្ទ្រ៍នេះផងដែរ ប្រទេសសៀមបានឆ្លងកាត់ការអភិវឌ្ឍន៍ជាច្រើនដូចជា៖ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ភាពលូតលាស់នៃពាណិជ្ជកម្មក្រៅប្រទេស ការលុបបំបាត់ចោលនូវទាសូបនិយភាព និងពង្រីកវិស័យអប់រំឱ្យមានដល់ប្រជាជនទូទៅ។ ក៏ប៉ុន្តែ ភាពបរាជ័យក្នុងការធ្វើកំណែទម្រង់នយោបាយសំខាន់ៗមួយចំនួនបាននាំឱ្យមានបដិវត្តន៍ផ្ទុះឡើង និងជាលទ្ធផល សៀមត្រូវបោះបង់ចោលនូវរបបរាជាធិបតេយ្យផ្តាច់ការ ហើយមកប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៣២។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ដើមសម័យក្រុងរតនកោសិន្ទ្រ៍ (១៧៨២–១៨៥៥)

[កែប្រែ]

ស្ថាបនកម្មទីក្រុងបាងកក

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ ព្រះចៅពញាចក្រី ដែលមានព្រះរាជនាមថា ព្រះពុទ្ធយ៉តហ្វាចុឡាលោក ឬព្រះរាមាទី១។

ព្រះបាទចក្រីបានសោយរាជ្យក្រោមព្រះរាជនាមថា ព្រះរាមាធិបតី ប៉ុន្តែជាទូទៅគេច្រើនស្គាល់ទ្រង់ថា ព្រះរាមាទី១។ ទ្រង់បានផ្លាស់ព្រះរាជអាសនៈពីក្រុងធនបុរី នៅត្រើយខាងលិចនៃទន្លេចៅព្រះយា មកត្រើយខាងកើត នៅម្ដុំភូមិបាងមកុក។ ព្រះអង្គបានលើករាជធានីឆ្លងទន្លេបែបនេះក៏ព្រោះតែទីកន្លែងថ្មីជាទីតាំងយុទ្ធសាស្រ្តដ៏ល្អប្រសើរក្នុងការការពារខ្លួនពីការឈ្លានពានរបស់ភូមាមកពីភាគខាងលិច ហើយម្យ៉ាងវិញទៀត តំបន់នេះត្រូវបានការពារដោយទឹកទន្លេនៅប៉ែកខាងលិច និងដោយប្រឡាយតៗគ្នានៅភាគខាងជើង ខាងកើត និងខាងត្បូង។ កាលបរិច្ឆេទស្ថាបនាជាផ្លូវការនៃទីក្រុងបាងកកគឺស្ថិតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៧៨២ ហើយព្រះរាមាទី១ ក៏បានធ្វើព្រះរាជពិធីរាជាភិសេកដ៏តូចមួយឡើងនៅក្នុងឆ្នាំដដែរ។[] ព្រះអង្គទ្រង់បាន​ស្ថាបនារាជវង្សចក្រីឡើង ហើយ​បាន​តែងតាំង​ប្អូនប្រុស​របស់​ទ្រង់ជា​ព្រះ​អនុរាជ ដោយមានព្រះនាមថា សុរសិង្ហនាថ។ នៅឆ្នាំ១៧៨៣ កំពែងក្រុងបាងកកត្រូវបានសាងសង់រួចរាល់ដោយធ្វើអំពីដុំឥដ្ឋដែលបានយកពីរាជធានីអយុធ្យាចាស់។[][១០] កម្មករខ្មែរ និងឡាវ[១០]ត្រូវបានចាត់ប្រើប្រាស់ឱ្យជីកគោបុរៈពីរាជធានីចាស់នោះមកបាងកក។ ព្រះរាជវាំងធំ និងវត្តព្រះកែវត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ១៧៨៤ ហើយព្រះពុទ្ធរូបកែវមរកតត្រូវបានគេប្តូរចេញពីវត្តអរុណមកតម្កល់នៅវត្តព្រះកែវក្នុងបរិវេណព្រះបរមរាជវាំង។ នៅឆ្នាំ១៧៨៥ ព្រះបាទរាមាទី១ បានធ្វើពិធីរាជាភិសេកពេញផ្លូវការ ហើយបានប្រទានឈ្មោះឱ្យក្រុងថ្មីថា "រតនកោសិន្ទ្រ៍" មានន័យថា "រតនៈរបស់ព្រះឥន្ទ្រ"[១១] ដែលចង់សម្ដៅទៅលើព្រះពុទ្ធកែវមរកតនោះឯង។

ភ្លើងសង្គ្រាមជាមួយភូមា

[កែប្រែ]

ទោះជាសម័យកាលថ្មីក៏ដោយ ប្រទេសភូមា​​នូវតែបន្ត​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់អត្ថិភាពនៃ​រដ្ឋ​នគរសៀម​។ នៅក្នុងឆ្នាំ១៧៨៥ ព្រះបាទបុឌផឹយ៉ានៃរាជវង្សកូនបោនបានលើកទ័ពដ៏ធំមហិមាមកឈ្លានពានប្រទេសសៀមតាមទិសដៅចំនួនប្រាំដោយគេតែងហៅសង្គ្រាមនេះថា សង្គ្រាមទ័ពប្រាំបួន។ សង្គ្រាមបង្ហូរឈាមឥតឈប់ឈរជាច្រើនទសវត្សរ៍មកនេះបាននាំឱ្យសៀមបាត់បង់ប្រជាជនជាច្រើន ហើយរាជការសៀមអាចកេណ្ឌទ័ពសរុបបានតែ ៧០,០០០ នាក់ប៉ុណ្ណោះ[១០] ដើម្បីតទល់នឹងកងកម្លាំងភូមាដែលមានចំនួនរហូតដល់ទៅ ១៤៤,០០០ នាក់ឯណោះ។ ព្រះអង្គម្ចាស់សុរសិង្ហនាថបានដឹកនាំកងទ័ពផ្ទាល់ខ្លួនរបស់ទ្រង់ទៅកម្ចាត់កងទ័ពធំរបស់ព្រះបាទបុឌផឹយ៉ានៅក្នុងសមរភូមិឡាត់យ៉ានៃខេត្តកញ្ចនបុរីក្នុងឆ្នាំ១៧៨៦។ នៅឯ​ភាគ​ខាង​ជើងវិញ ភូមា​បាន​នាំទ័ពមកឡោមព័ទ្ធ​ក្រុង​លំប៉ាង ប៉ុន្តែត្រូវព្រះអង្គកាវីឡាដែលជាអភិបាលក្រុងនាពេលនោះចេញប្រឆាំងការពារក្រុងលំប៉ាងអស់រយៈពេលជាង ៤ ខែទើបកងកម្លាំងសង្គ្រោះពីក្រុងបាងកកមកដល់។ នៅប៉ែកខាងត្បូងវិញ នាងចាន់ និងមុកបានដឹកនាំទ័ពការពារក្រុងថាឡាង (ភូកេត) ពីភូមានៅក្នុងឆ្នាំ១៧៨៦។ ក្រោយពីយុទ្ធនាការរបស់ខ្លួនមិនសូវទទួលបានផលអ្វីមកវិញ ព្រះបាទបុឌផឹយ៉ាក៏បានបញ្ជូនបុត្រារបស់ទ្រង់ដែលជាព្រះឧបរាជនាមថាតូមីនសទៅវាយលុកខេត្តកញ្ចនបុរីដោយផ្តោតលើទិសដៅតែមួយ។ ព្រះបាទរាមាទី១ និងព្រះសុរសិង្ហនាថបានកម្ចាត់ទ័ពរបស់ព្រះឧបរាជភូមានៅអំឡុងយុទ្ធនាការថាឌីនដែងនៅចន្លោះឆ្នាំ១៧៨៦–១៧៨៧។

បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំសម្បារលើភូមា សៀមក៏កើតមានមហិច្ឆតាបើកការវាយប្រហារលើតំបន់ឆ្នេរតានីនថាយី[១០][១២][១៣] ដែលត្រូវជាអតីតទឹកដីនគរអយុធ្យា។ ព្រះបាទរាមាទី១ បានលើកទ័ពទៅឡោមព័ទ្ធក្រុងតាវយនៅក្នុងឆ្នាំ១៧៨៨[១០] ប៉ុន្តែមិនបានលទ្ធផលជោគជ័យឡើយ។ មកដល់ឆ្នាំ១៧៩២ ទេសាភិបាលភូមានៅតាវយ និងម្យីបានភៀសខ្លួនចូលមកប្រទេសសៀម[១០][១៣] ខណៈដែលសៀម​​ចូល​​កាន់​កាប់​តំបន់តានីនថាយីជា​បណ្ដោះអាសន្ន។ តែមិនយូរប៉ុន្មាន នៅអំឡុងពេលដែលរាជការសៀមកំពុងរៀបចំផែនការលុកលុយតំបន់ភូមាក្រោម[១០] ព្រះបាទបុឌផឹយ៉ាក៏បញ្ជូនព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាតូមីនសនោះឱ្យទៅដណ្តើមយកតំបន់តានីនថាយីមកវិញ។[១២] ជាលទ្ធផល សៀមត្រូវបានទទួលរងបរាជ័យក្រោមថ្វីដៃរបស់ភូមានៅក្នុងសមរភូមិក្រុងតាវយនៃឆ្នាំ១៧៩៣ ហើយក៏បានប្រគល់ឆ្នេរតានីនថាយីដែលខ្លួនប៉ុនប៉ងនោះទៅឱ្យភូមាវិញ។[១៣]

ស្ដេចភូមានៅតែបន្តប៉ុនប៉ងចង់វាយដណ្ដើមយកតំបន់លាននាដែលកំពុងគ្រប់គ្រងដោយចៅកាវីឡា[១២] ដូច្នេះភូមាក៏បានបើកការវាយលុកមកលើក្រុងឈៀងម៉ៃនៅក្នុងឆ្នាំ១៧៩៧ និងម្តងទៀតក្នុងឆ្នាំ១៨០២[] ដោយចៅកាវីឡាបានការពារក្រុងឈៀងម៉ៃបានទាំងពីរពេលជាមួយទ័ពជំនួយបន្ថែមរបស់ព្រះសុរសិង្ហនាថ។[១០] ដើម្បីលុបបំបាត់ឥទ្ធិពលរបស់ភូមាពីក្នុងតំបន់[១៤] ទ័ពរបស់សៀមក៏បានបន្តទៅវាយដណ្ដើមក្រុងឈៀងសែននៅក្នុងឆ្នាំ១៨០៤ ដែលកាលនុះត្រូវជាបន្ទាយដ៏សំខាន់មួយរបស់អាជ្ញាធរភូមានៅប្រចាំតំបន់លាននា។ ជ័យជំនះរបស់សៀមលើភូមាបាននាំឱ្យសៀមអាចពង្រីកឥទ្ធិពលគ្រប់គ្រងរបស់ខ្លួននៅតំបន់ភាគខាងជើងឆ្ពោះទៅរកក្សត្របុរីនៃតំបន់តៃគឺ ឆៃទុង និងជាំងហុង។ កាវីឡានៃឈៀងម៉ៃបានបញ្ជូនកម្លាំងទៅវាយលុកឆៃទុងនៅឆ្នាំ១៨០២ ហើយបានកាន់កាប់នគរតូចៗមួយចំនួននៅក្បែរនោះក្នុងឆ្នាំ១៨០៥។[]

ព្រះសុរសិង្ហនាថបានចូលទិវង្គតនៅឆ្នាំ១៨០៣ ដែលជាហេតុនាំឱ្យព្រះរាមាទី១ លើកបុត្រារបស់ទ្រង់ព្រះនាម ឥស្សរសុនថន[] ជាព្រះវាំងមុខនៅឆ្នាំ១៨០៦។ ព្រះរាមាទី១ បានចូលព្រះទិវង្គតនៅក្នុងឆ្នាំ១៨០៩ ហើយព្រះអង្គឥស្សរសុនថនក៏បានឡើង​សោយរាជ្យ​​ជា​ព្រះបាទ​រាមា​ទី២[] ដោយឃើញបែបនេះ ព្រះបាទបុឌផឹយ៉ាក៏ឆ្លៀតយកឱកាសទៅផ្តួចផ្តើមការឈ្លានពានចូលទឹកដីសៀមម្តងទៀតនៅតាមតំបន់ឆ្នេរសមុទ្រអង់ដាម៉ង់។ ទន្ទឹមនឹងនេះ អាជ្ញាធរនៅទីក្រុងបាងកកបានបញ្ជូនកម្លាំងទ័ពទៅរំដោះតំបន់ដែលភូមាចូលឈ្លានពាន ប៉ុន្តែដោយសារមានបញ្ហាខាងផ្លូវដឹកជញ្ជូន ក៏តំបន់នោះបានធ្លាក់ទៅក្រោមភូមានៅក្នុងឆ្នាំ១៨១០។[១០][១៥] តែទោះ​ជា​យ៉ាង​ក្ដី សៀម​នៅ​តែ​អាច​វាយបណ្តេញ​ទ័ពភូមា​ចេញ​ពីតំបន់នោះបាននៅទីបញ្ចប់។ ការលុកលុយរបស់ភូមាមកលើភូកេតនៅក្នុងឆ្នាំ១៨០៩–១៨១០ គឺជាការឈ្លានពានចុងក្រោយបង្អស់របស់ភូមាចូលទឹកដីសៀមនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថៃ។

ជួរសមរភូមិខាងកើត៖ កម្ពុជា ឡាវ និងវៀតណាម

[កែប្រែ]

នៅពេលដែលសៀមបានវាយយករាជធានីវៀងច័ន្ទន៍នៅក្នុងឆ្នាំ១៧៧៩ ព្រះនគររបស់ឡាវទាំងបីគឺ ហ្លួងព្រះបាំង វៀងច័ន្ទន៍ និងចម្ប៉ាស័ក្តិក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀមភ្លាមៗ។ អង្គក្សត្រនៃនគរឡាវទាំងបីនោះគឺ ព្រះអង្គនន្ទសេន ឥន្ថាវង្ស និងអនុវង្ស ត្រូវបានសៀមចាប់ព្រះកាយទៅទីក្រុងបាងកក ទុកជាចំណាប់ខ្មាំង។[១៦] នៅឆ្នាំ១៧៨២ ព្រះបាទរាមាទី១ បានតែងតាំងព្រះចៅនន្ទសេនជាព្រះមហាក្សត្រនៃក្រុងវៀងចន្ទន៍ ប៉ុន្តែនៅក្នុងឆ្នាំ១៧៩៥ ព្រះនន្ទសេនក៏ត្រូវបានសៀមដករាជអំណាច[១៧] ដោយសារតែមានបទចោទប្រកាន់អំពីទំនាក់ទំនងការទូតជាមួយរាជវង្សតៃសឺន ហើយចៅឥន្ថាវង្សក៏ត្រូវបានលើកឱ្យសោយរាជ្យបន្ត។ ព្រះឥន្ថាវង្សបានសោយទិវង្គតនៅក្នុងឆ្នាំ១៨០៤ ហើយត្រូវបានព្រះអនុវង្សបន្តស្នងរាជ្យតំណែង។[១៨]

យមរាជបែន ដែលជាអភិជនខ្មែរម្នាក់មានទំនោរទៅរកសៀម បានធ្វើរដ្ឋប្រហារមួយដើម្បីផ្តួលរំលំ និងសម្លាប់រាជានុសិទ្ធខ្មែរនិយមយួនកាលនុះនាម ទឡ្ហៈមូ នៅឆ្នាំ១៧៨៣។ ភាពវឹកវរ និងចលាចលដែលបានកើតឡើងភ្លាមៗនោះបានបណ្តាលឱ្យយមរាជបែននាំយកព្រះអង្គអេងដែលនូវជាកុមារនៅឡើយ ទៅទីក្រុងបាងកក។ ព្រះបាទ​រាមា​ទី១​ ក៏បាន​តែង​តាំង​យមរាជ​បែន​ជា​ ចៅពញាអភ័យធីបែសបែន។ នៅឆ្នាំ១៧៨៣ ង្វៀន ហ្វុកអាញ់ បានមកដល់ទីក្រុងបាងកក ដើម្បីសុំទីជ្រកកោនពីចលនាឧទ្ទាមតៃសឺននៅវៀតណាម។ នៅឆ្នាំ១៧៨៤ កងកម្លាំងសៀមបានវាយលុកចូលទីក្រុងព្រៃនគរដើម្បីលើកង្វៀន ហ្វុកអាញ់ជាព្រះអធិរាជវៀតណាមឡើងវិញ ប៉ុន្តែសៀមត្រូវបានទទួលបរាជ័យនៅក្នុងសមរភូមិសាកើម–ស្វាយមុតដោយថ្វីដៃពួកយួនតៃសឺន។ នៅឆ្នាំ១៧៨៩ អាភ័យធីបែសបែន បានចូលកាន់កាប់ប្រទេសកម្ពុជា និងក្លាយជាព្រះរាជានុសិទ្ធិគ្រប់គ្រងប្រទេស។ ក្រោយមកនៅឆ្នាំដដែរនោះ ង្វៀន ហ្វុកអាញ់បានវាយដណ្ដើមទីក្រុងព្រៃនគរដោយជោគជ័យ និងបានតាំងខ្លួនជាមេដឹកនាំនៃវៀតណាមខាងត្បូង។ នៅឆ្នាំ១៧៩៤ ព្រះបាទរាមាទី១ បានអនុញ្ញាតឱ្យអង្គអេងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រទេសជាស្តេច[] តែត្រូវតែងតាំងអាភ័យធីបែសបែនជាស្ដេចត្រាញ់នៃខេត្តបាត់ដំបង និងសៀមរាប ហើយខេត្តទាំងពីរត្រូវស្ថិតនៅក្រោមអភិបាលកិច្ចរបស់សៀមផ្ទាល់។

ព្រះអង្គអេងបានសោយទិវង្គតនៅក្នុងឆ្នាំ១៧៩៦ ហើយត្រូវបានព្រះរាជបុត្ររបស់ទ្រង់ព្រះនាម អង្គចន្ទទី២ ឡើងស្នងរាជសម្បត្តិបន្ត។[] ខុសពីព្រះបិតារបស់ទ្រង់ ព្រះអង្គចន្ទទី២ មានទំនោរទៅរកវៀតណាម ប៉ុន្តែនៅឆ្នាំ១៨១១ ប្អូនប្រុសរបស់ព្រះអង្គមានព្រះនាមថា អង្គស្ងួន បានធ្វើការបះបោរប្រឆាំងនឹងទ្រង់។ កង​ទ័ព​សៀម​បាន​ចល័ត​ពីខេត្ត​បាត់ដំបងសម្រុក​ទៅក្រុង​ឧដុង្គ ដែលជាហេតុនាំឱ្យព្រះអង្គចន្ទទី២ កើតមានការភ័យស្លន់ស្លោ និងបានរត់ភៀសខ្លួនទៅជ្រកកោននៅឯព្រៃនគរ[១៩] ក្រោមការការពាររបស់វៀតណាម។ កង​ទ័ព​សៀមនោះបាន​វាយ​កម្ទេច​ក្រុង​ឧដុង្គ[] ហើយក៏​ត្រឡប់ទៅប្រទេសសៀមវិញ ខណៈដែលឧត្តមសេនីយ៍វៀតណាមឈ្មោះ ឡេ វ៉ាន់យៀក បាននាំព្រះអង្គចន្ទមកសោយរាជ្យនៅក្រុងភ្នំពេញតែត្រូវស្ថិតក្រោមឥទ្ធិពលវៀតណាម។[២០]

នៅវេលាព្រឹកប្រលឹមនៃថ្ងៃទី១៩ ខែមករា, ង្វៀន-ហ៊ូបានបញ្ជូនកងនាវាតូចមួយដោយមានទង់ជាតិសនៅពីលើតំណាងឱ្យការចុះចាញ់ដើម្បីទាក់សៀមឱ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន។ ដោយទទួលបានជ័យជម្នះជាច្រើនលើកច្រើនសារ សៀមគិតថាវាគឺជាការសូមទទួលចុះចាញ់ពិតប្រាកដ ក៏ចូលទៅធ្វើកិច្ចចរចាក្នុងកូននាវានោះ។ ក្រោយមក កងទ័ពរបស់ហ៊ូក៏នាំគ្នាបើកការវាយប្រហារមកលើទ័ពរបស់សៀមដោយដំបូងបានសម្លាប់បេសកជនសៀមនៅក្នុងនាវាតូចនោះចោល រួចហើយបានបោះសញ្ញាឱ្យទ័ពបម្រុងចេញមកវាយទ័ពសៀមដោយទ័ពសៀមម្នាក់ៗមិននឹកស្មាន់ថាវាគឺជាអន្ទាក់របស់ហ៊ូសោះ។ ជាលទ្ធផល សៀមត្រូវបាត់បង់ទ័ពជាច្រើន សំពៅទាំងប៉ុន្មានរបស់ខ្លួនត្រូវកំទេចខូចខាត ហើយមានកងទ័ពតែ ១,០០០ នាក់ប៉ុណ្ណោះដែលបានរត់គេចខ្លួនមកដល់សៀមវិញរួច។

សេដ្ឋកិច្ច វប្បធម៌ និងសាសនា

[កែប្រែ]
វត្តព្រះកែវ (วัดพระแก้ว) ថតពីក្រៅព្រះរាជវាំង (ថៃ) (พระบรมมหาราชวัง)។

ជនអន្តោប្រវេសន៍ចិនបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលព្រះបាទរាមាទី១ ដោយព្រះអង្គបានរក្សានូវគោលនយោបាយរបស់តាកស៊ីនក្នុងការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។ ជនជាតិចិនត្រូវអាចគេរកឃើញជាចម្បងនៅក្នុងវិស័យពាណិជ្ជកម្មនិងអាជីវកម្មហើយនៅក្នុងរជ្ជកាលរបស់បុត្រនិងចៅរបស់ទ្រង់ គេបានឃើញថាផ្លូវទឹកទីក្រុងបាងកកគឺពោរពេញទៅដោយសំពៅចិនគ្រប់ទំហំនិងខ្នាត។[២១]

វត្តព្រះកែវ, ជាស្នាព្រះហស្ថដ៏មានតម្លៃមួយរបស់ព្រះបាទរាមាទី១។

រាមាទី១ បានផ្លាស់រាជធានីពីធនបុរីមកត្រើយមួយខាងទៀតនៃទន្លេហើយក៏បានវិវត្តមកក្លាយជាទីក្រុងបាងកកសព្វថ្ងៃ។ ក្នុងរយៈពេលពីរបីឆ្នាំដំបូងបន្ទាប់ពីផ្លាស់រាជធានីមកបាងកក ព្រះអង្គបានចំណាយពេលវេលាត្រួតពិនិត្យមើលដំណើរនៃការសាងសង់ព្រះបរមរាជវាំងរបស់ទ្រង់ ជាពិសេសគឺវត្តព្រះកែវនោះឯងដែលត្រូវជាទីកន្លែងដែលរូបបដិមាព្រះកែវមរកតតម្កល់ទុក។ ក្រោយពីបានកសាងក្រុងរួចហើយ ព្រះអង្គក៏ចាប់ប្រារព្ធពិធីដាក់នាមឱ្យរាជធានីថ្មីរបស់ទ្រង់។[២២]

ក្នុងឆ្នាំ១៨០៤ ព្រះបាទរាមាទី១ បានចាប់ផ្តើមចងក្រង'ច្បាប់ត្រាទាំង ៣' ដែលក្នុងនោះរួមមានច្បាប់ចាស់ៗដែលបានបន្សល់ទុកតាំងពីសម័យអយុធ្យាមកម្លេះ។[២៣]:9, 30) ព្រះអង្គក៏បានចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋាភិបាល និងបែបផែននៃភាពជាក្សត្រផងដែរ។

"ហនុមាននៅលើរទេះសេះ" គំនូសគូរលើជញ្ជាំងវត្តព្រះកែវ។

រាមាទី១ ទ្រង់បានធ្វើកំណែទម្រង់សំខាន់ៗខាងសាសនាមានដូចជា ការស្តារនូវវិន័យសីលធម៌សម្រាប់ព្រះសង្ឃឡើងវិញព្រោះថាចាប់តាំងពីនគរអយុធ្យាបានដួលរលំមក វិន័យសីលធម៌របស់ព្រះសង្ឃបានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ។ ពេលដែលទ្រង់បានឡើងសោយរាជ្យ ព្រះសង្ឃថៃភាគច្រើនគឺមិនសូវមានស្មារតីជឿលើជំនឿអ្វីទៀតឡើយ។ ដូច្នេះ ព្រះបាទរាមាទី១ បានបង្កើតច្បាប់មួយដែលតម្រូវឱ្យព្រះសង្ឃណាដែលមានបំណងចង់និមន្តទៅរៀនបន្ថែមនៅក្រុងបុរីផ្សេង ព្រះសង្ឃនោះនឹងត្រូវមានវិញ្ញាបនប័ត្រផ្ទាល់របស់ខ្លួនដើម្បីបញ្ជាក់ថាពួកគេបានបួសត្រឹមត្រូវនិងនៅមានជំនឿដិតជាប់ជាមួយនឹងសាសនាព្រះពុទ្ធ។[២៤]:221-222

ព្រះរាជាទ្រង់បានតែងតាំងសម្តេចសង្ឃរាជដំបូងបង្អស់សម្រាប់សាសនាព្រះពុទ្ធហើយសម្តេចមានទំនួលខុសត្រូវដូចជា ធានាថាច្បាប់របស់ព្រះមហាក្សត្រនឹងរក្សាជាប់ជាមួយនឹងព្រះសង្ឃពុទ្ធសាសនា។[២៤]:222 រាមាទី១ គឺជាអ្នកដែលជម្រុញឱ្យមានការបកប្រែភាសាបាលីបុរាណនិងគម្ពីរព្រះត្រៃបិដកទាំងប៉ុន្មានដែលបានបាត់បង់ទៅដោយសារការលុកលុយរបស់ភូមាមកជាភាសាសៀមឡើងវិញ។ ព្រះអង្គក៏បាននិពន្ធរឿងរាមកេរ្តិ៍តាមទៅបែបវប្បធម៌និងប្រពៃណីថៃផងដែរ។[២៤]:221

រាមាទី១ បានបង្កើតទំនាក់ទំនងសារជាថ្មីជាមួយនឹងពួកវ៉ាទីកង់និងគ្រិស្តសាសនិក។ អ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានគេបណ្តេញចេញនៅក្នុងរជ្ជកាលតាកស៊ីនត្រូវបានគេអញ្ជើញឱ្យត្រឡប់មកប្រទេសសៀមវិញ ហើយសកម្មភាពអ្នកឃោសនាសាសនាកាតូលិកក៏បានបន្តនៅប្រទេសថៃ។ ចំនួនអ្នកកាន់សាសនាកាតូលិកក្នុងតំបន់បានកើនឡើងជាលំដាប់រហូតដល់រាប់ពាន់នាក់បន្ទាប់ពីព្រះវិហាររបស់ពួកគេបានទទួលការការពារនិងសេរីភាពនៅក្នុងការផ្សព្វផ្សាយជំនឿម្តងទៀត។[២៥]

សន្តិភាព (១៨០៩–១៨២៤)

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ ព្រះបាទពុទ្ធលើសឡានភាល័យ (ព្រះរាមាទី២)

នៅក្នុងរជ្ជកាលរបស់ព្រះបាទពុទ្ធលើសឡានភាល័យ (រាមាទី២) ដែលទ្រង់ត្រូវជាបុត្ររបស់រាមាទី១ គឺមិនសូវមានព្រឹត្តិការណ៍អ្វីធំដុំកើតឡើងនោះទេ។ ក្នុងពេលនោះ គ្រួសាររាជវង្សចក្រីគឺមានអំណាចគ្រប់គ្រងលើគ្រប់វិស័យដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល — ទាំងអស់នេះគឺដោយសារតែព្រះបាទរាមាទី១ មានរាជបច្ឆាញាតិរហូតដល់ទៅ ៤២ អង្គហើយប្អូនប្រុសរបស់ទ្រង់ (ព្រះឧបរាជ) មាន ៤៣ អង្គ ចំណែកឯរាមាទី២ វិញគឺមានរហូតដល់ទៅ ៧៣ អង្គ។ រាជបច្ឆាញាតិភាគច្រើនគឺត្រូវជាកូនចៅរបស់ស្រីស្នំព្រះរាជា (ពោលគឺគ្មានឈាមរាជវង្ស) ដែលជាហេតុនាំឱ្យពួកគេគ្មានសិទ្ធិទទួលមរតករាជបល្ល័ង្ក ដូច្នេះ ព្រះរាជាក៏ចាត់ឱ្យពួកគេចូលធ្វើការក្នុងវិស័យរដ្ឋាភិបាល។ ក្នុងរជ្ជកាលរបស់សម្តេចព្រះរាមាទី២ នេះដែរ ប្រទេសសៀមក៏ចាប់កើតមានជម្លោះបន្តិចបន្តួចជាមួយនឹងវៀតណាមក្រោយពីវៀតណាមបានលេបត្របាក់ទឹកដីមួយផ្នែកធំនៃកម្ពុជាហើយលេចឡើងជាមហាអំណាចថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈកាលនេះ ឥទ្ធិពលលោកខាងលិចក៏ជ្រាបចូលបន្តិចម្តងៗចូលក្នុងប្រទេសសៀមដែរ។

នៅក្នុងឆ្នាំ១៧៨៦ ក្រុមហ៊ុនឥណ្ឌាខាងលិចប្រឺតាញបានសម្រេចកាន់កាប់តំបន់ប៉េណាំង (ភាគខាងត្បូងប្រទេសសៀម) ហើយក្នុងឆ្នាំ១៨១៩ ពួកគេក៏ស្ថាបនាក្រុងសិង្ហបុរី។ មិនយូរប៉ុន្មាន ពួកអង់គ្លេសក៏ក្លាយមហាអំណាចលោកខាងលិចថ្មីដែលមានឥទ្ធិពលច្រើនជាគេនៅប្រទេសសៀមជំនួសឱ្យពួកព័រទុយកាល់និងហុល្លង់។ អង់គ្លេសក៏ចាប់ប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់សៀមដែលក្នុងនោះ៖ អាជីវកម្មផ្តាច់មុខត្រូវបានកាន់កាប់ដោយសមាជិកគ្រួសាររាជវង្សនិងមុខជំនួញនានាត្រូវស្ថិតក្រោមការយកពន្ធតាមអំពើចិត្ត។ នៅឆ្នាំ១៨២១ ក្រុមហ៊ុនឥណ្ឌាខាងលិចបានបញ្ជូនអ្នកតំណាងម្នាក់ឈ្មោះចន ក្រលហ្វឺតទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹងប្រទេសសៀម។[២៦]

សិល្បៈ និងអក្សរសាស្ត្រ

[កែប្រែ]
បដិមាករព្រះអភ័យមនីនៅកោះសាមីត

រាមាទី២ គឺជាអង្គក្សត្រដែលស្រឡាញ់វិជ្ជាសិល្បៈនិងអក្សរសាស្ត្រ។ ព្រះអង្គគឺជាកវីដ៏ឆ្នើមមួយរូបហើយមានសមត្ថភាពសរសេរកំណាព្យល្អៗជាច្រើន។ ដូច្នេះហើយបានជាគេដាក់រហសនាមឱ្យព្រះអង្គថា"ស្តេចកំណាព្យ"។ ដោយសារតែបរិបាលភាពរបស់រាមាទី២ កវីដ៏ពូកែម្នាក់ឈ្មោះស៊ុនថន ភូក៏ត្រូវព្រះអង្គតែងតាំងពីឋានៈជា"ឃុន"ទៅ"ព្រះ" (ប្រា ឬ បូជាចារ្យ (พระ))។ ស៊ុនថនគឺជាអ្នកដែលនិពន្ធកំណាព្យថៃដ៏ប្រជាប្រិយមួយចំណងជើងថាព្រះអភ័យមនី (พระอภัยมณี)។

រាមាទី២ បាននិពន្ធឡើងវិញនូវអក្សរសិល្ប៍ប្រជាប្រិយជាច្រើនពីរជ្ជកាលព្រះបាទរាមាទី១។ ស្នាដៃនិពន្ធរបស់ព្រះអង្គត្រូវបានប្រជាជនថៃជាច្រើនកោតសរសើរ ឧទាហរណ៍៖ រឿងរាមកេរ្តិ៍ (ថៃ) និងរបាំល្ខោនមួយចំនួន...។ ព្រះអង្គក៏ជាវាទកៈ (អ្នកលេងភ្លេង) ដ៏ប្រពៃម្នាក់ផងដែរ ជាពិសេសគឺឧបករណ៍ភ្លេងដែលមានខ្សែ (ឧទាហរណ៍៖ ទ្រ)។ មិនតែប៉ុណ្ណោះ ទ្រង់ថែមទាំងមានវិជ្ជាជាអ្នកចម្លាក់ទៀតផង រូបសំណាក់ព្រះពុទ្ធមួយអង្គនៅវត្តអរុណ (ផ្នែកមុខ) គឺត្រូវបានឆ្លាក់ដោយព្រះបាទរាមាទី២ ផ្ទាល់។ ដោយសារតែស្នាព្រះហស្ថខាងផ្នែកសិល្បៈដ៏អស្ចារ្យរបស់ទ្រង់ គេក៏បានចាត់ទុកថ្ងៃចម្រើនជន្មាយុព្រះអង្គជា"ទិវាសិល្បៈជាតិ" ដែលប្រារព្ធធ្វើឡើងដើម្បីជាការគោរពរំលឹកដល់សិល្បករទាំងឡាយដែលបានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌នៃរាជអាណាចក្រថៃ។

ការបង្រួបបង្រួម (១៨២៤–១៨៥១)

[កែប្រែ]
រូបបដិមាព្រះចៅណាង់ក្លៅ (ព្រះបាទរាមាទី៣)។

ព្រះរាមាទី២ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨២៤ ហើយត្រូវបុត្ររបស់ព្រះអង្គនាម'ចេស្ដាបតិន្ទ្រ'ឡើងស្នងរាជ្យសម្បត្តិបន្តក្រោមព្រះនាមថ្មីថា'សម្តេចព្រះណាង់ក្លៅ' ឬអាចហៅជាទូទៅបានថា'ព្រះរាមាទី៣'។ ចំណែកឯប្អូនរបស់ចេស្តាបតិន្ទ្រព្រះនាមមង្កុដត្រូវបាន"ជម្រុញ"ឱ្យបួសជាព្រះសង្ឃដែលជាហេតុនាំឱ្យព្រះអង្គលែងមានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ។

នៅឆ្នាំ១៨២៥ ពួកអង់គ្លេសនៅឥណ្ឌាបានបញ្ជូនបេសកជនមួយរូបទៀតឈ្មោះហិនរី ប៊ឺនីមកទីក្រុងបាងកក។ អង់គ្លេសនាពេលនោះបានដាក់បញ្ចូលភូមាក្រោមអាណានិគមរបស់ខ្លួនរួចទៅហើយ និងកំពុងពង្រីកការគ្រប់គ្រងរបស់ពួកគេនៅតំបន់ម៉ាឡេ។ ព្រះរាជាសៀមមានភាពស្ទាក់ស្ទើរជាខ្លាំងក្នុងការទទួលយកសេចក្តីទាមទាររបស់អង់គ្លេសអំពីរឿងពាណិជ្ជកម្ម ប៉ុន្តែឱវាទរបស់ព្រះអង្គបានទូន្មានប្រាប់ទ្រង់ថា ព្រះអង្គត្រូវតែទទួលនិងធ្វើម្តេចឱ្យពួកអង់គ្លេសវាពេញចិត្ត បើមិនអញ្ចឹងទេនោះ អាណាចក្រសៀមនឹងមានវាសនាដូចគ្នានឹងប្រទេសភូមាដែរ។ ដូច្នេះហើយ នៅក្នុងឆ្នាំ១៨២៦ សៀមបានចុះលើសន្ធិសញ្ញាពាណិជ្ជកម្មដំបូងបង្អស់ជាមួយនឹងមហាអំណាចលោកខាងលិចដែលគេតែងហៅថាសន្ធិសញ្ញាប៊ឺនី។ នៅក្រោមសន្ធិសញ្ញាប៊ឺនីនេះ សៀមបានយល់ព្រមបង្កើតប្រព័ន្ធពន្ធដារដូចលោកខាងលិច កាត់បន្ថយពន្ធលើពាណិជ្ជកម្មបរទេស និងលុបចោលនូវឯកាធិភាពមួយចំនួនរបស់គ្រួសាររាជវង្ស។ ជាលទ្ធផល វិស័យពាណិជ្ជកម្មរបស់សៀមបានកើនឡើងយ៉ាងឆាប់រហ័សហើយជនបរទេសជាច្រើនបានមកតាំងទីលំនៅថ្មីនៅទីក្រុងបាងកក ចំណែកឯឥទ្ធិពលវប្បធម៌លោកខាងលិចក៏កើនរាលដាលជាលំដាប់ផងដែរ។ អាណាចក្រសៀមក៏ក្លាយជារដ្ឋដ៏ទំនើបមួយនៅអាស៊ីអាគ្នេយ៍ ហើយបានទទួលនូវគ្រឿងសព្វាវុធទាន់សម័យច្រើនជាងមុន។

ការបះបោរមួយនៅឡាវដែលដឹកនាំដោយចៅអនុវង្សត្រូវសៀមបង្ក្រាបនៅក្នុងឆ្នាំ១៨២៧ ដែលជាដើមហេតុបណ្តាលឱ្យសៀមចូលវាយបំផ្លាញនគរវៀងចន្ទន៍។ មិនតែប៉ុណ្ណោះ សៀមបានបង្ខំប្រជាជននៅនគរវៀងចន្ទន៍ឱ្យផ្លាស់ទីលំនៅមកតំបន់ឥសាន្ត ហើយបានបែងចែកមឿង (ស្រុក) ឡាវជាក្រុមតូចៗដើម្បីកុំឱ្យកើតមានឧទ្ទាមកម្មនៅពេលខាងមុខទៀត។ ពីឆ្នាំ១៨៤២ ដល់ឆ្នាំ១៨៤៥ សៀមបានយកឈ្នះនៅក្នុងសង្គ្រាមមួយជាមួយនឹងវៀតណាមដែលធ្វើឱ្យការគ្រប់គ្រងរបស់សៀមនៅកម្ពុជាកាន់តែតឹងណែនបន្ថែម។ ស្នាព្រះហស្ថដ៏មានតម្លៃអស្ចារ្យរបស់ព្រះរាមាទី៣ នៅទីក្រុងបាងកក គឺការពង្រីកបរិវេណវត្តផូ និងទុកជាទីសក្ការៈថ្មី។

ព្រះរាមាទី៣ តែងចាត់ទុកប្អូនប្រុសរបស់ព្រះអង្គព្រះនាម'មង្កុដ'ជាអ្នកឡើងស្នងរាជសម្បត្តិបន្តទោះបីជាដឹងថាព្រះសង្ឃមិនអាចកាន់តំណែងជាស្តេចបានក៏ដោយ ហើយម៉្យាងទៀតនោះ មង្កុដគឺមានប្រជាប្រិយភាពខ្លាំងចំពោះពួកអង់គ្លេស។ ព្រះអង្គមង្កុដបានប្រើការសំចតជាព្រះសង្ឃរបស់ទ្រង់ដើម្បីទទួលចំណេះដឹងបែបលោកខាងលិចពីអ្នកផ្សព្វផ្សាយសាសនាជនជាតិបារាំងនិងអាមេរិក ហើយនិងអ្នកជំនួញអង់គ្លេស។ មង្កុដត្រូវបានគេចាត់ទុកថាជាជនជាតិសៀមដំបូងបង្អស់ដែលទទួលការអប់រំពីលោកខាងលិច។ ព្រះអង្គបានរៀនភាសាអង់គ្លេសនិងអក្សរឡាតាំង ហើយខាងវិជ្ជាវិញគឺព្រះអង្គបានសិក្សាពីវិទ្យាសាស្ត្រនិងគណិតសាស្ត្រ។ អ្នកផ្សព្វផ្សាយសាសនាដែលបង្រៀនព្រះអង្គទាំងនោះបានសង្ឃឹមថាទ្រង់នឹងបរិវត្តទៅជាគ្រិស្តសាសនិកប៉ុន្តែបានទទួលបរាជ័យព្រោះថាមង្កុដគឺជាបុគ្គលដែលប្រកាន់សាសនាព្រះពុទ្ធយ៉ាងតឹងរឹងនិងជាអ្នកជាតិនិយមសៀមមួយរូប។ មង្កុដបានប្រើប្រាស់ចំណេះដឹងដែលរៀនសូត្រពីលោកខាងលិចមកដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជាតិសៀមនៅពេលដែលព្រះអង្គមានឱកាសបានឡើងគ្រងរាជ្យ។

វាពិតជាច្បាស់ណាស់ថាឯករាជ្យភាពរបស់សៀមនៅអំឡុងទស្សវត្តឆ្នាំ១៨៤០ គឺកំពុងតែសាបទៅៗ៖ ទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសង្គ្រាមអាភៀនលើកទី១ រវាងអង់គ្លេសនឹងចិនដែលបានចាប់ផ្ទុះឡើងនៅឆ្នាំ១៨៣៩ ហើយបញ្ចប់ទៅវិញក្នុងឆ្នាំ១៨៤២។ នៅឆ្នាំ១៨៥០ អង់គ្លេសនិងអាមេរិកបានបញ្ជូនបេសកជនមកទីក្រុងបាងកកម្តងទៀតដោយលើកនេះបានទាមទារឱ្យមានការបញ្ឈប់រាល់លក្ខខណ្ឌតឹងរឹងទាំងប៉ុន្មានលើវិស័យពាណិជ្ជកម្មរបស់សៀម ការបង្កើតរដ្ឋាភិបាលបែបបស្ចឹមប្រទេស (លោកខាងលិច) និងជួយរំដោះប្រជាជនរបស់ពួកគេឱ្យរួចផុតពីច្បាប់នៃអាណាចក្រសៀម។ រដ្ឋាភិបាលរបស់សម្តេចព្រះរាមាទី៣ បានបដិសេដនូវការទាមទារនេះដែលធ្វើឱ្យអ្នកស្នងតំណែងបន្តពីទ្រង់អាចស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់។ គេបានឱ្យដឹងថា ខណៈពេលដែលព្រះអង្គជិតចូលព្រះទិវង្គត ទ្រង់បានមានព្រះបន្ទូលថា៖"សង្គ្រាមជាមួយនឹងភូមាហើយវៀតណាមគឺលែងមានទៀតហើយ ព្រោះពួកវាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចបស្ចឹមប្រទេសរួចទៅហើយ។"[២៧]

តាំងពីបានស្ថាបនាចេញមក សេដ្ឋកិច្ចនៃអាណាចក្ររតនកោសិន្ទ្រ៍បានទទួលបានការរីកចម្រើនយ៉ាងខ្លាំងដោយសារតែគោលនយោបាយដំបូងរបស់តាកស៊ីនដែលអនុញ្ញាត្តឱ្យពួកឈ្មួញចិនចូលមកធ្វើសេដ្ឋកិច្ចជាមួយ។[២៨] ក្រៅពីឈ្មួញ កសិករចិនក៏បានធ្វើដំណើរមកប្រទេសសៀមដើម្បីបន្តប្រកបរបរកសិកម្មរបស់ពួកគេផងដែរ អ្នកដឹកនាំប្រទេសសៀមគ្រប់ជាន់ថ្នាក់គឺតែងតែស្វាគមន៍ជនអន្តោប្រវេសន៍ចិនជានិច្ច។ ឈ្មួញចិនមួយចំនួនត្រូវបានតែងតាំងឋានៈជាមន្រ្តីតុលាការសៀមក៏មានផង វប្បធម៌ចិនត្រូវបានទទួលស្គាល់និងផ្សព្វផ្សាយ ស្នាដៃរបស់ជនជាតិចិនជាច្រើនត្រូវបានបកប្រែដោយឥស្សរជនតុលាការជាប់សញ្ជាតិចិន។ ទំនាក់ទំនងរវាងសៀមនឹងចិនគឺមានសភាពល្អប្រសើរខ្លាំង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តរហូតដល់រជ្ជកាលព្រះរាមាទី៤

សម័យត្រាស់ដឹង (បំភ្លឺ) (១៨៥១–១៨៦៨)

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ព្រះបាទមង្កុដ (ព្រះរាមាទី៤)។
ដំរីសមួយក្បាលនៅលើផ្ទៃពណ៌ក្រហម។ ទង់ជាតិសៀមដែលប្រកាសឱ្យប្រើដោយព្រះរាមាទី៤។

មង្កុដបានឡើងសោយរាជ្យជាព្រះបាទរាមាទី៤ នៅក្នុងឆ្នាំ១៨៥១។ ព្រះអង្គបានប្តេជ្ញាចិត្តថានឹងការពារសៀមកុំឱ្យធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមមហាអំណាចអាណានិគមអឺរ៉ុបដោយបង្ខំធ្វើទំនើបកម្មខាងវិជ្ជានិងវិស័យទាំងឡាយណាដែលសៀមខ្សោយខ្លាំង។ ក្រោមទ្រឹស្តី មង្កុដគឺត្រូវជាព្រះមហាក្សត្រផ្តាច់ការ ក៏ប៉ុន្តែអំណាចរបស់ព្រះអង្គគឺមានការកំណត់។ សកម្មភាពដំបូងរបស់ព្រះអង្គក្នុងនាមជាព្រះមហាក្សត្រគឺការប៉ុនប៉ងធ្វើកំណែទម្រង់បង្កើតប្រព័ន្ធរដ្ឋបាលទំនើបនិងលើកតម្កើងជីវភាពទាសករបំណុល ប៉ុន្តែលទ្ធផលគឺមិនបានដូចការំពឹងទុកឡើយ។

ព្រះរាមាទី៤ គឺជាក្សត្រដែលតែងតែស្វាគមន៍ពួកលោកខាងលិចជានិច្ច ជាពិសេសគឺពួកអង់គ្លេស។ ការណ៍នេះត្រូវបានបញ្ជាក់យ៉ាងស្តែងនៅឆ្នាំ១៨៥៥៖ នៅពេលដែលអភិបាលទឹកដីហុងកុងលោកចន បោរីងជាមួយនឹងកងកម្លាំងជើកទឹកបានមកដល់ក្រុងបាងកកហើយទាមទារឱ្យមានការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្មសៀមភ្លាមៗ។ ព្រះរាជាសៀមបានយល់ព្រមទៅនឹងការទាមទាររបស់អង់គ្លេសភ្លាមដោយចុះព្រះហត្ថលេខាលើសន្ធិសញ្ញាមួយហៅថាសន្ធិសញ្ញាបោរីង។ សន្ធិសញ្ញានេះបានបន្តឹងពន្ធនាំចូលឱ្យឡើងចំនួន ៣ ភាគរយ លុបចោលនូវភាពផ្តាច់មុខរបស់គ្រួសាររាជវង្សលើវិស័យពាណិជ្ជកម្ម និងផ្តល់ទឹកដីមួយភាគតូចទៅអង់គ្លេស។ ដោយឃើញបែបនេះ មហាអំណាចលោកខាងលិចផ្សេងៗទៀតក៏បានយកត្រាប់តាមអង់គ្លេសហើយទទួលបាននូវលទ្ធផលស្រដៀងៗគ្នា។

មង្កុដក៏ចាប់ផ្តើមយល់ឃើញថាសត្រូវដែលចង់ឆក់យកទឹកដីខ្លួនពិតប្រាកដនោះគឺបារាំង មិនមែនពួកអង់គ្លេសទេ។ ព្រោះថា ពួកអង់គ្លេសគឺមានចំណាប់អារម្មណ៍មកលើប្រយោជន៍ពាណិជ្ជកម្មច្រើនជាជាងការដាក់អាណានិគមចំណែកឯបារាំងវិញគឺកំពុងតែដើរពង្រីកទឹកដីអាណានិគមរបស់ខ្លួន។ បារាំងបានចូលកាន់កាប់ទីក្រុងព្រៃនគរនៅក្នុងឆ្នាំ១៨៥៩ ហើយនៅឆ្នាំ១៨៦៧ បារាំងបានសម្រេចកាន់កាប់ភាគខាងត្បូងប្រទេសវៀតណាមនិងភាគខាងកើតប្រទេសកម្ពុជា។ ព្រះរាមាទី៤ សង្ឃឹមថាអង់គ្លេសនឹងជួយប្រទេសជាតិរបស់ទ្រង់ឱ្យគេចផុតពីអាណានិគមបារាំងប្រសិនបើព្រះអង្គបន្តផ្តល់សម្បទានពាណិជ្ជកម្មដែលត្រូវនឹងអ្វីដែលពួកអង់គ្លេសបានទាមទារ។ ជាលទ្ធផលវាមានរាងស្មុគស្មាញបន្តិចនៅក្រោមរជ្ជកាលស្តេចបន្ទាប់តែទោះជាយ៉ាងណាអង់គ្លេសនូវតែចុះជួយសៀមដោយមើលឃើញថាសៀមអាចជារដ្ឋទ្រនាប់ដែលបំបែកទឹកដីអង់គ្លេសភូមានិងទឹកដីឥណ្ឌូចិនរបស់បារាំង

អ្នកកំណែទម្រង់ (១៨៦៨–១៩១០)

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ស្តេចចុល្លាង្ករណ៍ (ព្រះបាទរាមាទី៥) កំពុងអង្គុយក្បែរត្សារ នីកូឡាសទី២ នៃប្រទេសរុស្ស៊ីនៅទីក្រុងសង់ពីទ័របួរក្នុងឆ្នាំ១៨៩៧។
ព្រះលញ្ឆករនៃរាជអាណាចក្រសៀមដែលដាក់ឱ្យប្រើដោយស្តេចចុល្លាង្ករណ៍។ វាគឺជានិមិត្តសញ្ញាជាតិសៀមពីឆ្នាំ១៨៧៨ រហូតដល់ឆ្នាំ១៩១០។

ព្រះរាមាទី៤ បានចូលទិវង្គតនៅក្នុងឆ្នាំ១៨៦៨ ហើយត្រូវបានស្នងរាជ្យបន្តដោយបុត្រាវ័យ ១៥ វស្សារបស់ទ្រង់ព្រះនាមថាស្តេចចុល្លាង្ករណ៍ (ព្រះរាមាទី៥)។ ព្រះរាមាទី៥ គឺជាអង្គក្សត្រសៀមដំបូងបង្អស់ដែលទទួលបានការអប់រំពេញលេញបែបលោកខាងលិច ព្រះអង្គត្រូវបានបង្រៀនដោយទេសាភិបាលជនជាតិអង់គ្លេសម្នាក់គឺលោកស្រីអែនណា លីអូណូវេន។ ក្នុងរជ្ជកាលដំបូងរបស់ព្រះអង្គ កិច្ចការទាំងឡាយត្រូវបានកាន់កាប់ជំនួសដោយរាជានុសិទ្ធិមួយរូបឈ្មោះស្រីសុរិយ៉ាវង្សស៍។ នៅឆ្នាំ១៨៧៣ កិច្ចការទាំងនោះក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់ព្រះចុល្លាង្ករណ៍វិញ។ ពេលបានកាន់អំណាចពេញលេញ ព្រះរាមាទី៥ ក៏ចាប់បង្កើតក្រុមប្រឹក្សាឯកជននិងក្រុមប្រឹក្សារដ្ឋ ប្រព័ន្ធតុលាការផ្លូវការ ហើយនិងការិយាល័យសមុច្ច័យ។ ព្រះអង្គបានប្រកាសលុបបំបាត់ចោលជាបណ្តើរៗនូវទាសភាពនិងលក្ខខ័ណ្ឌបន្តឹងបំណុល។

ដំបូងឡើយ អង្គក្សត្រសៀមនិងអ្នកអភិរក្សនិយមជើងចាស់ទាំងឡាយបានសម្រេចក្នុងការហាមឃាត់ព្រះរាជាដ៏វ័យក្មេងពីការធ្វើកំណែទម្រង់ទាំងនោះ ប៉ុន្តែយូរៗទៅ អ្នកទាំងអស់នោះត្រូវបានជំនួសដោយអ្នកថ្មីដែលសុទ្ធតែទទួលបានការអប់រំតាមលោកខាងលិច។ ដោយមានអ្នកថ្មីអមសងខាងព្រះអង្គបែបនេះ កំណែទម្រង់របស់ទ្រង់ក៏ប្រព្រឹត្តិទៅបានសម្រេចដូចបំណងប្រាថ្នា។ នៅឆ្នាំ១៨៨៧ បងប្អូនសាច់ថ្លៃព្រះអង្គព្រះនាមតេវ៉ាវង្ស៍បានធ្វើទស្សនកិច្ចទៅសិក្សាប្រព័ន្ធរដ្ឋាភិបាលនៅអឺរ៉ុប។ តាមអនុសាសន៍របស់តេវ៉ាវង្ស៍ ព្រះរាជាក៏យល់ព្រមបង្កើតគណៈរដ្ឋមន្រ្តីរដ្ឋាភិបាល ការិយាល័យសវនកម្ម និងនាយកដ្ឋានអប់រំ។ តំបន់ឈៀងម៉ៃត្រូវបានដាក់បញ្ចូលជាទឹកដីថៃជាផ្លូវការ វិស័យយោធាត្រូវបានរៀបចំឡើងវិញនិងធ្វើទំនើបកម្ម។

ផែនទីបង្ហាញពីទឹកដីសៀមដែលត្រូវបាត់បង់ ឬត្រូវកាន់កាប់ដោយមហាអំណាចអាណានិគមទៅតាមឆ្នាំ។

នៅឆ្នាំ១៨៩៣ អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានប្រើជម្លោះព្រំដែនខ្នាតតូចដើម្បីបង្កឱ្យមានវិបត្តិធំកើតឡើង។ នាវាចម្បាំងរបស់បារាំងក៏លេចខ្លួនឡើងនៅទីក្រុងបាងកកដោយទាមទារឱ្យសៀមចូលប្រគល់ទឹកដីឡាវនៅខាងកើតនៃទន្លេមេគង្គ។ ព្រះរាមាទី៥ បានទៅអំពាវនាវដល់ចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋមន្រ្តីអង់គ្លេសបានប្រាប់ព្រះអង្គឱ្យដោះស្រាយរឿងនោះទៅតាមលក្ខខ័ណ្ឌអ្វីដែលទ្រង់មាន។ កាលណាគ្មានជម្រើស ព្រះរាមាទី៥ ក៏ទទួលយល់ព្រម។ វីរកម្មតែមួយគត់របស់អង់គ្លេសគឺកិច្ចព្រមព្រៀងជាមួយបារាំងក្នុងការរក្សានូវទឹកដីដើមរបស់ថៃ។ ជាលទ្ធផល សៀមត្រូវបោះបង់តំបន់សានដែលស្ថិតនៅភាគឥសាន្តនៃប្រទេសភូមាសព្វថ្ងៃទៅឱ្យចក្រភពអង់គ្លេស។

ទោះជាយ៉ាងណាក្តី បារាំងនូវតែបន្តដាក់សម្ពាធមកលើសៀមហើយនៅរវាងឆ្នាំ១៩០៦–១៩០៧ បារាំងក៏បានបង្កើតជម្លោះវិបត្តិទឹកដីម្តងទៀត។ លើកនេះ សៀមត្រូវប្រគល់តំបន់ច្រាំងខាងលិចទន្លេមេគង្គ តំបន់ចម្ប៉ាសាក់នៅភាគខាងត្បូងប្រទេសឡាវ និងភាគខាងលិចប្រទេសកម្ពុជាមកឱ្យបារាំង។ ចក្រភពអង់គ្លេសក៏ចូលធ្វើអន្តរាគមន៍ដើម្បីកុំឱ្យបារាំងដាក់សម្ពាធបន្ថែមទៀតមកលើសៀមប៉ុន្តែជាការតបស្នងគុណអង់គ្លេសវិញ សៀមត្រូវប្រគល់តំបន់កេដា ភឺលីស កេឡានតាន និងតេរេងហ្កានូមកឱ្យអង់គ្លេសនៅក្រោមសន្ធិសញ្ញាអង់គ្លេស–សៀម ឆ្នាំ១៩០៩។ ទឹកដីដែលបានបាត់បង់ទាំងអស់នេះគឺសុទ្ធតែស្ថិតនៅជាយដែននៃឥទ្ធិពលរបស់អាណាចក្រសៀមនិងមិនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេផ្ទាល់នោះទេ។ ការបង្ខំឱ្យបោះបង់ចោលទឹកដីទាំងអស់នោះដោយមហាអំណាចអាណានិគមគឺជារឿងដ៏គួរឱ្យអាម៉ាស់បំផុតសម្រាប់ព្រះមហាក្សត្រនិងប្រជាជាតិថៃទាំងមូល។

ទន្ទឹមនឹងនេះដែរ ការធ្វើកំណែទម្រង់ប្រទេសជាតិនូវតែបន្តឥតឈប់ឥតឈរដែលជាហេតុនាំឱ្យសៀមដែលធ្លាប់ជារដ្ឋពឹងផ្អែកលើរបបរាជាធិបតេយ្យផ្តាច់ការទាំងស្រុងទៅជាប្រទេសជាតិទំនើបទាន់សម័យមួយ។ ដំណើរនេះបានកើនឡើងជាលំដាប់នៅក្នុងរជ្ជកាលបុត្រារបស់ព្រះរាមាទី៥។ ផ្លូវដែកនិងប្រព័ន្ធគមនាគមន៍ត្រូវបានភ្ជាប់ទៅគ្រប់ទិសទីនៃប្រទេសថៃ។ ដុំមាសត្រូវបានដាក់ឱ្យប្រើជារូបិយវត្ថុ ហើយការប្រើកម្លាំងពលកម្មជាទម្ងន់ត្រូវបានជំនួសមកវិញនូវប្រព័ន្ធពន្ធដារសម័យ។ បញ្ហាដ៏ធំបំផុតគឺកង្វះមន្រ្តីរាជការដែលប្រកបដោយសីលធម៌និងចំណេះដឹងទូទៅ ដោយហេតុនេះហើយទើបសៀមត្រូវប្រគល់តំណែងទាំងនោះទៅជនបរទេសជាបណ្តោះអាសន្នសិន។ សៀមក៏ចាប់កសាងវិទ្យាស្ថានអប់រំនិងសាលារៀននៅទូទាំងផ្ទៃប្រទេសហើយបន្ទាប់មកត្រូវរងចាំនិស្សិតពួកគេរៀនចប់អស់សិនទើបនិស្សិតទាំងនោះអាចឡើងបន្តជាមន្រ្តីរាជការជំនួសឱ្យបរទេសបាន។ ត្រឹមឆ្នាំ១៩១០ និងជាឆ្នាំដែលព្រះរាមាទី៥ ត្រូវចូលព្រះទិវង្គត ប្រទេសសៀមក៏បានក្លាយជាប្រទេសជាតិដ៏ទំនើបមួយនៅក្នុងចំណោមរដ្ឋប្រទេសអធិបតេយ្យទាំងប៉ុន្មាននៅលើពិភពលោក។

ដំណាក់កាលក្លាយជារដ្ឋទាន់សម័យ (១៩១០–១៩២៥)

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ព្រះបាទវជិរាវុធ (ព្រះរាមាទី៦)។

កំណែទម្រង់មួយរបស់ព្រះរាមាទី៥ គឺការណែនាំនូវច្បាប់ឡើងស្នងរាជ្យតាមបែបបស្ចិមប្រទេស ដូច្នេះនៅឆ្នាំ១៩១០ ព្រះអង្គត្រូវបានបុត្រារបស់ទ្រង់ឡើងស្នងរាជ្យជាសន្តិវិធីដោយមាននាមថាសម្តេចព្រះបាទរាមាទី៦។ រជិរាវុធ ឬរាមាទី៦ បានទទួលការអប់រំនៅឯសាលាយោធាសានហឺសត៍ និងនៅសកលវិទ្យាល័យអកស៍ហ្វត។ គេបានចាត់ទុកព្រះអង្គគឺជាសភាពបុរសម្នាក់នៅសម័យអែដវើដនៃចក្រភពអង់គ្លេស។

នៅក្នុងរជ្ជកាលព្រះរាមាទី៦ ក៏មានកំណែទម្រង់ខ្លះៗផងដែរក៏ប៉ុន្តែ ទ្រង់គឺនូវតែជាព្រះមហាក្សត្រផ្តាច់ការដែលដើរតួជាប្រមុខគណៈរដ្ឋមន្រ្តីនិងកាន់កាប់ទីភ្នាក់ងារទាំងអស់របស់រដ្ឋជាមួយនឹងសាច់ញាតិរបស់ព្រះអង្គ។ ដោយទទួលបានការអប់រំនិងចំណេះដឹងពីលោកខាងលិច រជិរាវុធដឹងថាប្រទេសជាតិ"ថ្មី"របស់ទ្រង់គឺមិនអាចគម្លៀតចេញពីអំណាចរដ្ឋាភិបាលទាំងស្រុងបានទេ ហើយព្រះអង្គមានជំនឿថា ប្រទេសសៀមគឺនឹងមិនងាយទទួលបាននូវលទ្ធិប្រជាធិបតេយ្យពេញលេញស្រួលៗនោះទេ។ តែទោះជាយ៉ាងណា ទ្រង់នូវតែធ្វើទំនើបកម្មជាតិបន្តពីព្រះបិតា។

ទីក្រុងបាងកកក៏ក្លាយជារាជធានីផ្លូវការនៃប្រជាជាតិថ្មីរបស់រជិរាវុធ។ រដ្ឋាភិបាលរបស់ទ្រង់បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើននៅទូទាំងប្រទេសទោះបីជាមានបញ្ហាខាងហិរញ្ញវត្ថុជាតិក្តី។ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក មន្ទីរពេទ្យ និងសាលារៀនត្រូវបានលេចចេញឡើងនៅគ្រប់ជ្រង់ជ្រោយនៃប្រទេសថៃ។

ព្រះរាជាទ្រង់បានបង្កើតកងអង្គទ័ពខ្លាព្រៃ (กองเสือป่า) ដែលជាយោធាប្រតិព័ន្ធមួយរបស់សៀមក្នុងគោលបំណងចង់ដោះស្រាយបុព្វហេតុជាតិ។ ព្រះអង្គថែមទាំងបានបង្កើតអង្គការកាយរិទ្ធជាតិថៃទៀតផងដែលនៅមានអត្ថិភាពរហូតមកដល់សព្វថ្ងៃ។ ព្រះរាជាបានចំណាយពេលភាគច្រើនធ្វើកិច្ចការទាំងនេះព្រោះទ្រង់ដឹងថាវាជាឱកាសតែមួយគត់ដែលទ្រង់អាចបង្កើតចំណងរវាងខ្លួនព្រះអង្គនឹងពលរដ្ឋដ៏ស្មោះត្រង់របស់ទ្រង់ផ្ទាល់។

ចលនាយោធាប្រតិព័ន្ធរបស់រជិរាវុធបានបាត់ឥទ្ធិពលបន្តិចម្តងៗនៅត្រឹមឆ្នាំ១៩២៧ ប៉ុន្តែត្រូវលើកឡើងមកវិញហើយវិវត្តទៅជាកងអង្គទ័ពអ្នកស្ម័គ្រចិត្តការពារ ឬអាចហៅថា"កាយរិទ្ធភូមិ" (ลูกเสือบ้าน)។[២៩]

ព្រះទីនាំងអាណាន់តាសមាគមន៍នៅក្រុងបាងកក។

របៀបរបបដឹកនាំរបស់រជិរាវុធគឺមានលក្ខណៈខុសគ្នាពីព្រះបិតារបស់ទ្រង់។ ជាជាងលើកឡើងនូវក្រុមដឹកនាំថ្មី រជិរាវុធនូវតែបន្តសហការណ៍ជាមួយក្រុមអ្នកដឹកនាំចាស់ៗ (ពោលក្រុមដឹកនាំរបស់ព្រះបិតាទ្រង់) នៅក្នុងរជ្ជកាលដំបូងៗរបស់ព្រះអង្គ។ កិច្ចការងារប្រចាំថ្ងៃភាគច្រើនគឺបានចាត់ឱ្យអ្នកមានបទពិសោធន៍និងអ្នកមានសមត្ថភាពធ្វើ។ សម្រាប់អ្នកទាំងនោះនិងព្រះរាជាផ្ទាល់ សៀមនូវមានកង្វះការអភិវឌ្ឍន៍ផែនការជាតិដូចជាផ្តល់នូវការអប់រំជូនប្រជាជនទាំងមូល ការបង្កើតគ្លីនិកដើម្បីផ្តាល់ថ្នាំវ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីបង្ការជំងឺអុតធំ និងការពង្រីកប្រព័ន្ធផ្លូវដែក។

មិនយូរប៉ុន្មាន អ្នកដែលកាន់តំណែងជាន់ខ្ពស់ជើងចាស់ទាំងនោះក៏ត្រូវជំនួសមកវិញដោយសមាជិកថ្មីៗ ហើយគិតត្រឹមឆ្នាំ១៩១៥ សមាជិកគណៈរដ្ឋមន្រ្តីជាងពាក់កណ្តាលគឺសុទ្ធតែជាអ្នកមកថ្មីទាំងអស់។

កំណែទម្រង់វិស័យអប់រំ

[កែប្រែ]

ព្រះរាមាទី៦ គឺជាស្តេចសៀមដំបូងគេបង្អស់ដែលបានបង្កើតនូវគំរូរដ្ឋធម្មនុញ្ញ។ ព្រះអង្គចង់ដឹងថាតើប្រទេសសៀមនឹងដើរទៅមុខដូចម្តេចនៅក្រោមប្រព័ន្ធគ្រប់គ្រងបែបបស្ចឹមលោក។ ព្រះអង្គក៏បានប្រទះឃើញនូវគុណសម្បត្តិនៅក្នុងប្រព័ន្ធនោះហើយគិតថាសៀមអាចឈានទៅមុខបន្តិចម្តងៗបាន ប៉ុន្តែមិនអាចទទួលយកបានភ្លាមៗនោះទេ ព្រោះថាប្រជាជនខ្លួនភាគច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីយល់ពីបម្លាស់ប្តូរបែបនេះនោះឡើយ។ នៅក្នុងឆ្នាំ១៩១៦ វិស័យអប់រំជាន់ខ្ពស់ក៏ចាប់ដំណើរការនៅប្រទេសសៀម។ ព្រះរាមាទី៦ បានបើកមហាវិទ្យាល័យរជិរាវុធ ហើយនិងសកលវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសថៃគឺសកលវិទ្យាល័យចុល្លាង្ករណ៍[៣០]

សង្គ្រាមលោកលើកទី១

[កែប្រែ]
ព្រះបាទរាមាទី៦ នៃសៀម បានចេញព្រះរាជបញ្ជានៅក្នុងឆ្នាំ១៩១៧ ថាឱ្យផ្លាស់ប្តូរទង់ជាតិថៃពីទង់ក្រហមដែលមានដំរីសនៅពីលើទៅទង់ដែលមានឆ្នូតពណ៌។
កងកម្លាំងបេសនកម្មសៀមនៅឯទីក្រុងប៉ារីស ឆ្នាំ១៩១៩។

ដើម្បីធ្វើឱ្យទំនាក់ទំនងសៀមនឹងអង់គ្លេសកាន់តែជិតស្និទ, នៅក្នុងឆ្នាំ១៩១៧ ប្រទេសសៀមក៏បានប្រកាសសង្គ្រាមលើប្រទេសអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី។ ការចូលរួមរបស់សៀមនៅក្នុងសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យសៀមទទួលបានអាសនៈមួយនៅឯសន្និសីទសន្តិភាពទីក្រុងវែសៃ។ រដ្ឋមន្រ្តីការបរទេសរបស់សៀមឈ្មោះតេវ៉ាវង្ស៍បានប្រើឱកាសនេះដើម្បីបដិសេដទៅនឹងសន្ធិសញ្ញាទាំងប៉ុន្មានដែលសៀមបានចុះនាសតវត្សទី១៩ និងការស្តារអធិបតេយ្យភាពរបស់សៀមទាំងស្រុងឡើងវិញ។ សហរដ្ឋអាមេរិកក៏បានយល់ស្របទៅនឹងសំណើរបស់សៀមនៅឆ្នាំ១៩២០ ហើយក្រោយមក បារាំងនិងអង់គ្លេសនៅឆ្នាំ១៩២៥។ ជ័យជម្នះរបស់សៀមនៅក្នុងសង្គ្រាមលោកនោះបានផ្តល់នូវប្រជាប្រិយភាពជាខ្លាំងដល់ព្រះរាជា ប៉ុន្តែមិនយូរប៉ុន្មាន វាក៏រំសាយទៅវិញដោយសារតែបញ្ហាផ្សេងៗទៀតមានដូចជា ការចំណាយប្រាក់ចំណូលជាតិហួសប្រមាណទៅលើសង្គ្រាមលោកដែលជាហេតុនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ១៩១៩។ ជាតិសៀមក៏កើតមានការព្រួយបារម្ភមួយទៀតបន្ទាប់ពីបានដឹងឮថាព្រះរាជាគឺពុំមានបុត្រាស្នងតំណែង។ រឿងនេះបានបណ្តាលឱ្យមានអស្ថេរភាពដល់រាជាធិបតេយ្យសៀមនាពេលនោះព្រោះតែអវត្តមាននៃរជ្ជទាយាទ។

រជារិវុធ (ព្រះរាមាទី៦) ក៏ចូលព្រះទិវង្គតនៅឆ្នាំ១៩២៥ ក្នុងព្រះជន្មាយុត្រឹម ៤៤ ព្រះវស្សា។ ការចូលទិវង្គតរបស់ព្រះអង្គបានធ្វើឱ្យរាជាធិបតេយ្យនៅប្រទេសសៀមមានភាពចុះខ្សោយជាខ្លាំង។ តែទោះបីជាយ៉ាងណា រជារិវុធត្រូវបានប្អូនប្រុសរបស់ព្រះអង្គ ព្រះនាមប្រជាធិផុកឡើងស្នងរាជ្យសម្បត្តិបន្តពីទ្រង់។

ទីបញ្ចប់នៃរាជាធិបតេយ្យផ្តាច់ការ (១៩២៥–១៩៣២)

[កែប្រែ]
ព្រះឆាយ៉ាលក្ខណ៍ សម្តេចព្រះបាទប្រជាធិផុក (ព្រះរាមាទី៧) ដែលបានឡើងស្នងរាជ្យបន្តពីបងប្រុសរបស់ព្រះអង្គនៅក្នុងឆ្នាំ១៩២៥។

ទោះជាមិនបានត្រៀមខ្លួនឡើងសោយរាជ្យជាមុនមែន តែព្រះបាទប្រជាធិផុកទ្រង់មានគុណសម្បត្តិច្រើនដូចជា៖ មានប្រាជ្ញាឈ្លាសវៃ មានភាពប៉ិនប្រសប់ខាងការទូតទំនាក់ទំនងជាមួយនឹងបរទេស មានភាពរម្យទមនិងមានឆន្ទៈឧស្សាហ៍ព្យាយាមរៀនសូត្រ។

ខុសពីអង្គក្សត្រមុនៗ ព្រះរាមាទី៧ គឺតែងតែអានរាល់ឯកសាររដ្ឋដែលបញ្ជូនមកទ្រង់ ទាំងសេចក្តីប្រតិបាទន៍របស់រដ្ឋមន្រ្តីនិងបដ្ឋាលិខិតរបស់ប្រជាពលរដ្ឋ។ ត្រឹមតែរយៈពេលកន្លះឆ្នាំចូលក្នុងរជ្ជកាលរបស់ព្រះអង្គប៉ុណ្ណោះ រដ្ឋមន្រ្តីរបស់អតីតអង្គក្សត្រវជិរាវុធតែចំនួន ៣ នាក់ទេដែលនូវរក្សាតំណែងរបស់ពួកគេបាន ចំណែកឯ ៩ រូបទៀតត្រូវបានជំនួសដោយសមាជិកគ្រួសាររាជវង្សទាំងអស់។ សកម្មភាពនេះបានផ្តល់ទាំងផលប្រយោជន៍និងគុណប្រយោជន៍។ សម្រាប់ផលប្រយោជន៍ កិច្ចការរបស់រដ្ឋាភិបាលនឹងត្រូវអនុវត្តដោយបុគ្គលដែលមានសមត្ថភាពខ្ពស់និងបទពិសោធន៍ច្រើន តែសម្រាប់គុណប្រយោជន៍វិញ វាគឺជាសញ្ញាបង្ហាញពីការវិលត្រឡប់មកវិញនៃអប្បជនាធិបតេយ្យ។ វាពិតជាច្បាស់ណាស់ថា ព្រះបាទប្រជាធិផុកមានគោលបំណងចង់បណ្តេញសមាជិករដ្ឋាភិបាលរបស់វជិរាវុធទាំងអស់ចោលហើយបុគ្គលដែលត្រូវជំនួសតំណែងរបស់អ្នកទាំងនោះវិញគឺជាក្រុមសមាជិកនៃគ្រួសាររាជវង្សចក្រី ពោលគឺព្រះបាទប្រជាធិផុក ទ្រង់ចង់ឱ្យរដ្ឋាភិបាលរបស់ព្រះអង្គមានលក្ខណៈដូចនឹងរដ្ឋាភិបាលរបស់ព្រះបាទចុល្លាង្ករណ៍ (ព្រះរាមាទី៥)។

រាល់បញ្ហានៅក្នុងរជ្ជកាលរបស់បងប្រុសព្រះអង្គត្រូវបានធ្លាក់មកនៅក្នុងដៃទ្រង់ទាំងស្រុង។ វិបត្តិបញ្ហាដែលអាក្រក់ជាងគេបំផុតគឺវិបត្តិសេដ្ឋកិច្ច៖ ហិរញ្ញវត្ថុរបស់រដ្ឋគឺកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បំផុត ឱនភាពថវិការជាតិត្រូវបានកើនឡើងជាលំដាប់ ហើយដោយមានសមាជិកគ្រួសាររាជវង្សគ្រប់គ្រងប្រទេសបែបនេះ ប្រជាជនថៃរឹតតែមានភាពព្រួយបារម្ភខ្លាំងទៅទៀត។ មិនយូរប៉ុន្មាន សម័យមហាឱនភាពក៏បានមកដល់ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែចុះខ្សោយបន្ថែម។

យ៉ាងជាក់ស្តែង សកម្មភាពដំបូងរបស់ព្រះបាទប្រជាធិផុកក្នុងនាមជាព្រះមហាក្សត្រគឺការបង្កើតនូវឧត្តមក្រុមប្រឹក្សានៃរដ្ឋដើម្បីស្តារទំនុកចិត្តទៅលើរាជាធិបតេយ្យ។ ក្រុមប្រឹក្សាឯកជនមួយនេះរួមមានសមាជិកដែលមានបទពិសោធន៍និងមានសមត្ថភាពខ្ពស់បំផុតនៃគ្រួសាររាជវង្សដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏ចំណានម្នាក់ (និងត្រូវជាដៃស្តាំរបស់ព្រះបាទចុល្លាង្ករណ៍) គឺព្រះអង្គម្ចាស់ដំរង។ បន្តិចម្តងៗ អង្គក្សត្រទាំងនោះក៏កំណត់តំណែងរដ្ឋមន្រ្តីសំខាន់ៗទាំងអស់ឱ្យស្ថិតនៅក្រោមការកាន់កាប់ផ្តាច់មុខរបស់ពួកគេ។ អង្គក្សត្រទាំងនោះភាគច្រើនយល់ឃើញថាវាគឺជាកាតព្វកិច្ចរបស់ពួកគេនីមួយៗក្នុងការធ្វើកំណែតម្រូវចំពោះកំហុសដែលបន្សល់ពីរជ្ជកាលមុនៗ ប៉ុន្តែសកម្មភាពទាំងអស់នេះមិនសូវជាបានទទួលស្គាល់ដោយប្រជាជនថៃទូទៅនោះទេ។

ដោយមានជំនួយពីក្រុមប្រឹក្សានោះ ព្រះមហាក្សត្រក៏ទទួលបានសម្រេចក្នុងការស្តារស្ថេរភាពសេដ្ឋកិច្ចជាតិឡើងវិញ ប៉ុន្តែក្នុងដំណើរនេះ មន្រ្តីស៊ីវិលមួយចំនួនធំត្រូវបានដកចេញពីតំណែងហើយចំណែកឯអ្នកដែលនៅសល់គឺត្រូវបានរដ្ឋាភិបាលកាត់ប្រាក់ខែអស់ជាច្រើន។ សកម្មភាពនេះគឺទទួលបាននូវការមិនពេញចិត្តជាខ្លាំងពីសំណាក់ក្រុមមន្រ្តីទាំងនោះហើយវាគឺជាកត្តាមួយដែលបង្កឱ្យមានរដ្ឋប្រហារនៃឆ្នាំ១៩៣២ កើតឡើង។

ក្រោយមក សម្តេចប្រជាធិផុកក៏បានបង្វែរចំណាប់អារម្មណ៍របស់ទ្រង់មកលើសំណួរនយោបាយនាពេលអនាគតនៅក្នុងប្រទេសសៀម។ ដោយយកគំរូតាមចក្រភពអង់គ្លេស ព្រះអង្គចង់ឱ្យប្រជាជនសាមញ្ញៗមានសម្លេងនៅក្នុងកិច្ចការប្រទេសជាតិ ដូច្នេះទ្រង់ក៏បានរៀបគម្រោងបង្កើតសភាឡើង។ រដ្ឋធម្មនុញ្ញដែលបានស្នើឡើងត្រូវបានព្រះរាជាបញ្ជាឱ្យមានការត្រួតពិនិត្យមើលយ៉ាងផ្ទៀងផ្ទាត់ ប៉ុន្តែវាត្រូវបានបដិសេដដោយទីប្រឹក្សារបស់ព្រះអង្គផ្ទាល់ដោយគេយល់ឃើញថាប្រជាជនថៃគឺមិនទាន់បានត្រៀមខ្លួនសម្រាប់លទ្ធិប្រជាធិបតេយ្យនៅឡើយទេ។

បដិវត្តន៍

[កែប្រែ]
ក្រុមទាហានថៃកំពុងឈររងចាំទទួលបញ្ជានៅឯទីលានព្រះរាជវាំងឌូស៊ីតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២។

នៅក្នុងឆ្នាំ១៩៣២ ដោយសារតែប្រទេសសៀមកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឧត្តមក្រុមប្រឹក្សាក៏ចេញសេចក្តីសម្រេចកាត់បន្ថយការចំណាយរបស់ជាតិហើយក្នុងនោះរួមមានទាំងថវិកាយោធាផងដែរ។ ប្រជាធិផុកទ្រង់ដឹងថាការប្រកាន់គោលនយោបាយបែបនេះនឹងបង្កើតការមិនពេញចិត្តច្រើន ជាពិសេសគឺនៅក្នុងជួរកងទ័ព។ ដូច្នេះហើយបានជាព្រះអង្គបានកោះប្រជុំក្រុមមន្រ្តីពិសេសដើម្បីពន្យល់ពិភាក្សាអំពីមូលហេតុអ្វីបានជាការកាត់បន្ថយការចំណាយនោះគឺជារឿងចាំបាច់និងសំខាន់។ នៅក្នុងសុន្ទរកថារបស់ព្រះអង្គ ទ្រង់បានថ្លែងថា៖ "ខ្លួនខ្ញុំនេះផ្ទាល់គឺមិនដឹងអ្វីអំពីរឿងហិរញ្ញវត្ថុនោះទេ ខ្ញុំគ្រាន់តែស្តាប់តាមយោបល់របស់អ្នកដទៃហើយជ្រើសយកជម្រើសដែលខ្ញុំគិតថាល្អជាងគេប៉ុណ្ណោះ...ប្រសិនបើខ្ញុំរើសជម្រើសណាខុសនោះ ខ្ញុំពិតជាសមនឹងទទួលបានការលើកលែងទោសពីប្រជាជនសៀមណាស់។"

គ្មានស្តេចសៀមអង្គណាដែលធ្លាប់ថ្លែងសេចក្តីចេញមកបែបនេះនោះទេតាំងពីរដ្ឋសៀមទំនើបកើតចេញមក។ មនុស្សមួយចំនួនបាននាំគ្នាបកស្រាយថា សុន្ទរកថាដែលបានថ្លែងដោយប្រជាធិផុកនោះគឺមិនដូចអ្វីដែលទ្រង់ស្មាន់នោះទេ វាគឺជាការអំពាវនាវត្រង់ៗឱ្យប្រជាជនថៃមានការយោគយល់និងចូលធ្វើសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលទ្រង់។ ពួកអ្នកទាំងនោះយល់ឃើញវាថាជាសញ្ញានៃភាពទន់ខ្សោយនិងជាភ័ស្តុតាងបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងរបស់សៀមក្រោមព្រះបាទប្រជាធិផុកដែលនូវតែបន្តរក្សារបបអត្ថាធិបតេយ្យនេះគួរតែលុបបំបាត់ចោលភ្លាម។ ភាពចលាចលផ្នែកនយោបាយនៅឯរាជធានីក៏កើតមានឡើងហើយនៅក្នុងខែមេសា ព្រះរាជាក៏បានយល់ព្រមក្នុងការណែនាំនូវរដ្ឋធម្មនុញ្ញមួយដែលតម្រូវឱ្យទ្រង់ចែករំលែកអំណាចជាមួយនឹងនាយករដ្ឋមន្ត្រី។ តែទោះបីជាយ៉ាងណា វាគឺនូវតែមិនគ្រប់គ្រាន់សម្រាប់ពួកមូលវិវដ្តនៅក្នុងជួរយោធា។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ខណៈពេលដែលព្រះរាជាយាងទៅលេងមាត់សមុទ្រ កងពលទីក្រុងបាងកកក៏ចាប់ផ្តើមធ្វើការបះបោរហើយក៏ដណ្តើមអំណាចបានពីព្រះរាជា។ ការបះបោរនោះគឺបានដឹកនាំដោយក្រុមមន្រ្តីចំនួន ៤៩ រូបដែលត្រូវបានគេស្គាល់ថា"គណរដ្ឋសាដន" (ឬបកប្រែមកថា គណបក្សប្រជាជន)។ រាជាធិបតេយ្យផ្តាច់ការនៅថៃដែលមានអាយុកាលជាង ៨០០ ឆ្នាំក៏ត្រូវបានបញ្ចប់នៅថ្ងៃនោះ។

វប្បធម៌

[កែប្រែ]

សម្លៀកបំពាក់

[កែប្រែ]

ដើមរតនកោសិន្ទ្រ៍

[កែប្រែ]

ដូចនឹងសម័យអយុធ្យាដែរ ទាំងប្រុសទាំងស្រីគឺស្លៀកសំពត់ចងចង្កេះដែរគេតែងហៅថាសំពត់ចងក្បិន។ សម្រាប់បុរសៗសំពត់ចងក្បិនគឺគេពាក់វាពីត្រឹមចង្កេះរហូតទៅដល់ភ្លៅហើយចំណែកឯស្រ្តីវិញគឺពាក់វាបិតបាំងពីដើមទ្រូងហូរទៅដល់ក្រោមជង្គង់។[៣១] ការស្លៀកពាក់បង្ហាញទ្រូងឬជើងក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាផ្នែកមួយនៃច្បាប់នៃការស្លៀកពាក់ផ្លូវការរបស់ថៃ។[៣១] ក្រោយពីនគរអយុធ្យាត្រូវបានដួលរលំទាំងស្រុង ស្ត្រីជនជាតិថៃក៏បាននាំគ្នាកាត់សក់ខ្លីហើយក្រោយមកវាក៏ក្លាយជាម៉ូដសក់ដ៏និយមមួយសម្រាប់ស្ត្រីៗរហូតដល់សតវត្សទី២០។[៣២] មុនសតវត្សទី២០ ដើម្បីមើលសម្គាល់មនុស្សទៅតាមវណ្ណៈ គឺគេមើលតាមស្បែកក្រណាត់នៃសម្លៀកបំពាក់មានដូចជា ក្រណាត់កប្បាស និងក្រណាត់សូត្រជាដើម។[៣៣]

រតនកោសិន្ទ្រ៍សម័យ

[កែប្រែ]

នៅកំឡុងទស្សវត្តឆ្នាំ១៨៦០ សមាជិករាជវង្សសៀមក៏ជ្រើសយកម៉ូតសម្លៀកបំពាក់តាមជនជាតិអង់គ្លេស។"[៣៣] សម្លៀកបំពាក់ដែលពាក់នៅក្នុងរាជវាំងនិងឯកសណ្ឋានសម្រាប់ពាក់នៅក្នុងពិធីបុណ្យផ្សេងៗគឺសុទ្ធតែច្នៃបង្កើតឡើងនៅក្នុងរជ្ជកាលព្រះបាទចុល្លាង្ករណ៍ទាំងអស់។[៣៣] ការស្លៀកពាក់បែបពួកបស្ចឹមបូព៌ាក៏ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នករស់នៅឯទីក្រុងបាងកក។[៣៣] នៅដើមទស្សវត្តឆ្នាំ១៩០០ ស្តេចវជិរាវុធបានចេញយុទ្ធនាការជម្រុញឱ្យនារីថៃចូលទុកសក់ឱ្យវែងហើយស្លៀកសារ៉ុងជំនួសឱ្យសំពត់ចងក្បិនវិញ។[៣៤]

ស្ថាបត្យកម្ម

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Lieberman, Victor (2003). Strange Parallels: Volume 1, Integration on the Mainland: Southeast Asia in Global Context, c.800–1830 (Studies in Comparative World History) (Kindle រ.រ.). ល.ស.ប.អ. 978-0521800860. 
  2. ២,០ ២,១ Baker, Chris; Phongpaichit, Pasuk. A History of Thailand Fourth Edition. Cambridge University Press.
  3. Lieberman, Victor (2003). Strange Parallels: Volume 1, Integration on the Mainland: Southeast Asia in Global Context, c.800–1830 (Studies in Comparative World History) (Kindle រ.រ.). p. 295. ល.ស.ប.អ. 978-0521800860.  "Siam's population must have increased from c. 2,500,000 in 1600 to 4,000,000 in 1800."
  4. Thailand, economy and politics. Kuala Lumpur; New York : Oxford University Press. 1995. ល.ស.ប.អ. 978-967-65-3097-4. https://archive.org/details/thailandeconomyp0000pasu_w7w9/page/8/mode/2up?view=theater. 
  5. Baker, Chris; Phongpaichit, Pasuk (7 April 2022). A History of Thailand. Cambridge University Press. pp. 26. ល.ស.ប.អ. 978-1-009-01483-0. https://books.google.com/books?id=sxNkEAAAQBAJ. 
  6. "Number of population in Thailand : 1911 - 1990 census years". web.nso.go.th. National Statistical Office. 2004. Archived from the original on 24 មីនា 2022. Retrieved 19 សីហា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  7. Lieberman, Victor B.; Victor, Lieberman (14 May 2014). Strange Parallels: Southeast Asia in Global Context, C 800-1830. Cambridge University Press. ល.ស.ប.អ. 978-0-511-65854-9. https://books.google.com/books?id=vQl2AQAACAAJ. 
  8. "Rattanakosin Period (1782 -present)". GlobalSecurity.org. Archived from the original on 7 ខែវិច្ឆិកា 2015. Retrieved 1 ខែវិច្ឆិកា 2015.
  9. ៩,០ ៩,១ ៩,២ ៩,៣ ៩,៤ ៩,៥ ៩,៦ ៩,៧ ៩,៨ David K. Wyatt (2004). Thailand: A Short History (2nd រ.រ.). Silkworm Books. 
  10. ១០,០ ១០,១ ១០,២ ១០,៣ ១០,៤ ១០,៥ ១០,៦ ១០,៧ ១០,៨ Cite error: Invalid <ref> tag; no text was provided for refs named Rama I
  11. Cite error: Invalid <ref> tag; no text was provided for refs named :5
  12. ១២,០ ១២,១ ១២,២ Phraison Salarak (Thien Subindu), Luang (25 July 1919). Intercourse between Burma and Siam as recorded in Hmannan Yazawindawgyi. Bangkok. 
  13. ១៣,០ ១៣,១ ១៣,២ Low, James (1835). "History of Tenasserim". Journal of the Royal Asiatic Society of Great Britain & Ireland.
  14. Baker, Chris (20 Apr 2005). A History of Thailand. Cambridge University Press. 
  15. Gerini, G.E. (1905). "Historical Retrospect of Junkceylon Island". Journal of the Siam Society.
  16. Ngaosyvathn, Mayoury (6 August 2018). Paths to Conflagration: Fifty Years of Diplomacy and Warfare in Laos, Thailand, and Vietnam. Cornell University Press. 
  17. Cite error: Invalid <ref> tag; no text was provided for refs named :4
  18. Askew, Marc (7 Dec 2006). Vientiane: Transformations of a Lao Landscape. Routledge. 
  19. Cœdès, George (1983). The Making of South East Asia. University of California Press. 
  20. Choi Byung Wook (31 May 2018). Southern Vietnam under the Reign of Minh Mang (1820–1841): Central Policies and Local Response. Cornell University Press.. 
  21. Chris Baker, Pasuk Phongpaichit (2005). A History of Thailand. Cambridge University Press. pp. 32–33. ល.ស.ប.អ. 0-521-81615-7. https://archive.org/details/historyofthailan00bake/page/32. 
  22. Urban Council. Sculptures from Thailand: 16.10.82–12.12.82, Hong Kong Museum. University of California. pp. 33. 
  23. (1955). "The Reconstruction of Rama I of the Chakri Dynasty". Journal of the Siam Society 43 (1). Retrieved on 17 January 2013.
  24. ២៤,០ ២៤,១ ២៤,២ Nicholas Tarling (1999). The Cambridge History of Southeast Asia. Cambridge University Press. ល.ស.ប.អ. 0-521-35505-2. https://archive.org/details/chronologyorigi01munsgoog. 
  25. "Archived copy". Archived from the original on 6 ខែឧសភា 2017. Retrieved 17 ខែមេសា 2017.{{cite web}}: CS1 maint: archived copy as title (link)
  26. "The Crawford Papers — A Collection of Official Records relating to the Mission of Dr. John Crawfurd sent to Siam by the Government of India in the year 1821". Cambridge.org. Cambridge Journals Online. 1971. p. 285. Archived from the original on 27 ខែកញ្ញា 2015. Retrieved 27 ខែកញ្ញា 2015. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  27. David K. Wyatt (2004). Thailand: A Short History (2nd រ.រ.). Silkworm Books. p. 165. 
  28. Dilokwanich, Malinee. "A STUDY OF SAMKOK: The First Thai Translation of a Chinese Novel" (PDF). Siamese Heritage. p. 78. Archived from the original (PDF) on 29 ខែមីនា 2017. Retrieved 12 ខែមករា 2018. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  29. "Southern Thailand: The Problem with Paramilitaries" (PDF). Asia Report. 23 ខែតុលា 2007. Archived from the original (PDF) on 29 ខែកុម្ភៈ 2012. Retrieved 27 ខែកញ្ញា 2015.
  30. Bing Soravij BhiromBhakdi. "Rama VI of the Chakri Dynasty". The Siamese Collection. Archived from the original on 27 ខែតុលា 2016. Retrieved 18 ខែមេសា 2017.
  31. ៣១,០ ៣១,១ Terwiel, Barend Jan (2007). "The Body and Sexuality in Siam: A First Exploration in Early Sources". Manusya: Journal of Humanities 10 (14): 42–55. DOI:10.1163/26659077-01004003.
  32. Jotisalikorn, Chami (2013) (ជាen). Thailand's Luxury Spas: Pampering Yourself in Paradise. Tuttle Publishing. pp. 183. 
  33. ៣៣,០ ៣៣,១ ៣៣,២ ៣៣,៣ Peleggi, Maurizio (2010). Mina Roces. រៀ. The Politics of Dress in Asia and the Americas. Sussex Academic Press. ល.ស.ប.អ. 9781845193997. 
  34. Sarutta (10 ខែកញ្ញា 2002). "Women's Status in Thai Society". Thaiways Magazine. Archived from the original on 31 ខែតុលា 2016. Retrieved 7 ខែវិច្ឆិកា 2016. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)