សិង្ហបុរី
ឈ្មោះផ្លូវការចំនួនបួនទៀត៖ Republic of Singapore (អង់គ្លេស) Republik Singapura (ម៉ាឡេ) 新加坡共和国 (ចិន) சிங்கப்பூர் குடியரசு (ទមិឡ) | |
---|---|
បាវចនា Majulah Singapura ("សិង្ហបុរីឆ្ពោះទៅមុខ") | |
ទីតាំងប្រទេសសិង្ហបុរី (ក្រហម) នៅលើភូគោល | |
ភាសាផ្លូវការ | |
ភាសាជាតិ | ភាសាម៉ាឡេ |
ក្រុមជនជាតិ (ឆ្នាំ ២០២០)[១] | |
សាសនា (ឆ្នាំ ២០២០)[១] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
តារម័ណ ស្ហានមុករត្នណាម | |
ឡរ៉ែនស៍ វ័ង | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ ពីសហរាជាណាចក្រ និងម៉ាឡេស៊ី | |
១៦ កញ្ញា ១៩៦៣ | |
៩ សីហា ១៩៦៥ | |
៨ សីហា ១៩៦៧ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៧២៨.៦ គ.ម២ [២] (ទី១៧៦) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៥,៤៥៣,៦០០[lower-alpha ១] (ទី១១៥) |
- ដង់ស៊ីតេ | ៧,៨០៤ នាក់/គ.ម២ (ទី២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | $៦០០.០៦៣ ពាន់លាន[៤] (ទី៣៨) |
- ក្នុងម្នាក់ | $១០២,៧៤២[៤] (ទី២) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | $៣៧៤.៣៩៤ ពាន់លាន[៤] (ទី៣៨) |
- ក្នុងម្នាក់ | $៦៤,១០៣[៤] (ទី៨) |
ជីនី (២០១៧) |
45.9[៥] មធ្យម |
HDI (២០១៩) | 0.938[៦] ខ្ពស់ណាស់ · ទី១១ |
រូបិយវត្ថុ | ដុល្លារសិង្ហបុរី (S$) (SGD) |
ល្វែងម៉ោង | UTC+៨ (ម៉ោងស្តង់ដាសិង្ហបុរី) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
បណ្ដាញចែកចាយអគ្គិសនី | ២៣០ V–៥០ Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៥ |
កូដ ISO 3166 | SG |
ដែនកម្រិតខ្ពស់ | .sg |
ប្រទេសសិង្ហបុរី (ឬសាំងហ្គាពួរ), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសិង្ហបុរី (ជាភាសាអង់គ្លេស៖ Republic of Singapore, ជាភាសាចិន៖ 新加坡共和国, ជាភាសាម៉ាឡេ៖ Republik Singapura, ជាភាសាតាមិល៖ சிங்கப்பூர் குடியரச) ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចម្ងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧១០,២ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។ សិង្ហបុរីខ័ណ្ឌចែកពីឧបទ្វីបម៉ាឡេ ដោយច្រកសមុទ្រចូហរដែលនៅខាងជើង និងចែកពីកំរងកោះរ្យៅ (ឥណ្ឌូនេស៊ី) ដោយច្រកសិង្ហបុរីដែលនៅខាងត្បូង។ សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក[៧] ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។ កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។[៨]
សិង្ហបុរីមានប្រវត្តិយូរអង្វែងអំពីជនចំណូលស្រុក។ ក្នុងចំណោមប្រជាជនជាងប្រាំលាននាក់របស់សិង្ហបុរី មានតែ ២,៩១ លាននាក់ទេដែលកើតនៅទីនោះ។ មានន័យថា ៤៣% នៃប្រជាជនសិង្ហបុរីមកពីបរទេស។[៩] ប្រជាជនសិង្ហបុរីជាចម្បងចម្រុះដោយជាតិសាសន៍នៅអាស៊ី (ជាពិសេស ចិន ម៉ាឡេ ឥណ្ឌា ជាដើម) និងអំបូរជនជាតិកូកាស់។[១០] កម្លាំងពលកម្មក្នុងវិស័យសេវាកម្ម ៥០% ជាជនបរទេស។[១១][១២]
នៅមុនឯករាជ្យឆ្នាំ១៩៦៥ សិង្ហបុរីមាន GDP (ផលិតផលក្នុងស្រុកក្នុងម្នាក់) តែត្រឹម ៥១១ ដុល្លារ (លេខបីនៅនាពេលនោះ)។ បន្ទាប់ពីទទួលឯករាជ្យ ដោយមានការវិនិយោគផ្ទាល់ពីបរទេសនិងការជំរុញឧស្សាហកម្មដោយរដ្ឋ សេដ្ឋកិច្ចសិង្ហបុរីរីកចំរើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពីធ្លាក់ចុះ -៦,៨% នៅត្រីមាសទីបួនឆ្នាំ២០០៩[១៣] GDP សិង្ហបុរីបានកើនឡើងវិញចំនួន ១៤,៥% នៅឆ្នាំ២០១០។
អំពីឈ្មោះ
[កែប្រែ]«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំណាលថា មានស្ដេចមួយអង្គបានជួបព្យុះសង្ឃរាពេលធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅកោះនោះ។ ស្ដេចនោះក៏បានប្រទះឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ា[១៤][១៥]។
ប្រវត្តិសាស្ត្រ
[កែប្រែ]ការតាំងទីលំនៅដំបូង
[កែប្រែ]តាមឯកសារបញ្ជាក់ថា មានមនុស្សមករស់នៅកោះសិង្ហបុរីតាំងពីសតវត្សរ៍ទី២នៃគ.ស[១៦]។ កោះនេះដើមឡើយជាដែនដីរបស់ ចក្រភពស៊ូម៉ាត្រានស្រីវិចាយ៉ា (នគរស្រីវិជ័យ) និងមានឈ្មោះដើមជាភាសាជ្វាថា តេម៉ាសេក (Temasek៖ ទីក្រុងសមុទ្រ)។ តេម៉ាសេកធ្លាប់ជាតំបន់ជំនួញដ៏មមាញឹក មុននឹងធ្លាក់ចុះខ្សោយនៅចុងសតវត្សរ៍ទី១៤។ នៅរវាងសតវត្សរ៍ទី១៦និងទី១៩ កោះសិង្ហបុរីជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់ចូហរ។ ពួកព័រទុយហ្គាល់និងហុល្លង់ បានមកគ្រប់គ្រងកោះនេះនៅសតវត្សរ៍ទី១៧។ ក្នុងអំឡុងពេលនោះ ប្រជាជននៅលើកោះនេះ ភាគច្រើនជាអ្នកនេសាទ។
សម័យអាណានិគម
[កែប្រែ]លោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល (Sir Thomas Stamford Raffles) ដែលបានចុះចតនៅសិង្ហបុរីនៅថ្ងៃទី ២៨ មករា ១៨១៩ បានកត់សំគាល់ឃើញថា សិង្ហបុរីជាទីតាំងជំនួញដ៏មានសក្ដានុភាពនៅអាស៊ី។ តំនាងអោយក្រុមហ៊ុន British East India លោកក៏បានចុះសន្ឋិសញ្ញាជាមួយ ព្រះចៅស៊ុលតង់ ហ៊ូសសេន ស្សា (Sultan Hussein Shah) នៅថ្ងៃទី៦ កុម្ភៈ ១៨១៩ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ខាងត្បូងរបស់សិង្ហបុរីអោយក្លាយជាទីតាំងជំនួញនិងស្នាក់នៅរបស់ចក្រភពអង់គ្លេស ។ នៅថ្ងៃទី២ សីហា ១៨២៤ សិង្ហបុរីបានក្លាយជាដែនដីអាណានិគមពេញសិទ្ធិរបស់ចក្រភពអង់គ្លេស បន្ទាប់ពីរេស៊ីដង់ទី២របស់សិង្ហបុរីឈ្មោះ ចន ក្រហ្វើដ (John Crawfurd) បានចុះកិច្ចព្រមព្រៀងជាមួយព្រះចៅស៊ុលតង់ ហ៊ូសសេន ស្សា ដែលក្នុងនោះព្រះចៅស៊ុលតង់យល់ព្រមប្រគល់កោះសិង្ហបុរីទាំងមូលទៅអោយក្រុមហ៊ុន British East India ។ មកទល់ឆ្នាំ១៨៦៩ មានមនុស្សប្រហែល១សែននាក់រស់នៅលើកោះនេះ។
ការគ្រប់គ្រងនគរូបនីយកម្មរបស់សិង្ហបុរីនៅសម័យអាណានិគមមានលក្ខណៈជា «ការបែកចែកដើម្បីគ្រប់គ្រង»។ មានន័យថាក្រុមមនុស្សប្រភេទផ្សេងគ្នារស់នៅតាមតំបន់ផ្សេងគ្នា។ ស្ទឹងសិង្ហបុរីដែលជាតំបន់ពាណិជ្ជកម្មដ៏ធំ ជាទីតាំងនៅរបស់ពួកពាណិជ្ជករ ម្ចាស់ធនាគារចំរុះជាតិសាសន៍ និងកម្មករលើកដាក់ទំនិញជនជាតិចិននិងឥណ្ឌា។ ជនជាតិម៉ាឡេ ដែលភាគច្រើនជាអ្នកនេសាទនិងអ្នកដើរសមុទ្រ រស់នៅប៉ែកអាគ្នេយ៍ខាងចុងស្ទឹង ជាមួយពាណិជ្ជករនិងបញ្ញាវ័នជនជាតិអារ៉ាប់។ ជនជាតិអឺរ៉ុបដែលមានតិចតួចនៅឡើយនាពេលនោះ រស់នៅម្ដុំ Fort Canning Hill និងនៅខាងដើមស្ទឹងសិង្ហបុរី។
សម័យសង្គ្រាមលោកលើកទី២
[កែប្រែ]នៅក្នុងសង្គ្រាមលោកលើកទី២ កងទ័ពព្រះចៅអធិរាជជប៉ុនបានឈ្លានពានតំបន់ម៉ាឡាយ៉ា និងបានបំផ្ទុះសមរភូមិសិង្ហបុរី។ កងទ័ពអង់គ្លេសដែលមិនបានត្រៀមខ្លួនជាមុនបានចុះចាញ់ក្នុងរយៈពេល៦ថ្ងៃនៃការប្រយុទ្ឋ គឺនៅថ្ងៃទី១៥ កុម្ភៈ ១៩៤២។ កងទ័ពជប៉ុនបានប្ដូរឈ្មោះសិង្ហបុរីទៅជា ស្សូណាន់តូ (昭南島 ជាពាក្យកាត់នៃពាក្យ 昭和の時代に得た南の島 បានន័យថា កោះនៅភាគខាងត្បូងដែលបានមកនៅសករាជស្សូវ៉ាក់)[១៧]។ រយៈពេល១ខែក្រោយពីជប៉ុនចាញ់សង្គ្រាមលោក ពួកអង់គ្លេសបានវិលត្រលប់មកវិញនៅថ្ងៃទី១២ កញ្ញា ១៩៤៥។
ការប្រកាសឯករាជ្យ
[កែប្រែ]បន្ទាប់ពីសង្គ្រាម រដ្ឋាភិបាលអង់គ្លេសបានផ្ដល់សិទ្ធិអោយសិង្ហបុរីរៀបចំការបោះឆ្នោតសកលដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥។ អ្នកឈ្នះឆ្នោតជាបេក្ខជនគាំទ្រឯករាជ្យភាពឈ្មោះ ដេវីដ ម៉ារស្សល (David Marshall) មេដឹកនាំគណបក្សរណសិរ្សពលកម្ម (Labour Front Party)។ ដើម្បីសុំស្វ័យភាពបរិបូណ៌ ម៉ារស្សលបានដឹកនាំប្រតិភូមួយក្រុមទៅក្រុងឡិនដិន ប៉ុន្តែត្រូវអង់គ្លេសបដិសេដ។ លោកបានលាលែងពីដំណែងពេលត្រលប់មកសិង្ហបុរីវិញភ្លាម ហើយតំណែងលោកត្រូវជំនួសដោយលោក លីម យូហុក (Lim Yew Hock)។ សិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រងក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៩ ដោយមាននាយករដ្ឋមន្ត្រីនិងគណរដ្ឋមន្ត្រីផ្ទាល់ខ្លួន សំរាប់មើលការខុសត្រូវកិច្ចការរដ្ឋាភិបាល លើកលែងតែវិស័យការពារជាតិនិងកិច្ចការបរទេសប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតថ្ងៃទី៣០ ឧសភា ឆ្នាំ១៩៥៩ គណបក្សសកម្មភាពប្រជាជន (People's Action Party) បានឈ្នះឆ្នោតយ៉ាងភ្លោកទឹកភ្លោកដី។ ក្រោយមកសិង្ហបុរីបានក្លាយជារដ្ឋស្វ័យគ្រប់គ្រងនៅក្នុងខំមិនវ៉ែល ហើយលោក លី ក្វាន់យូ (Lee Kuan Yew) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងគេនៅថ្ងៃទី៣ មិថុនា ១៩៥៩[១៨]។ សិង្ហបុរីប្រកាសឯករាជ្យពីអង់គ្លេសជាឯកត្តោភាគីនៅថ្ងៃទី ៣១ សីហា ១៩៦៣ មុនពេលចូលជាសមាជិកសហព័ន្ឋម៉ាឡេស៊ីក្នុងខែកញ្ញា។ រយៈពេល២ឆ្នាំក្រោយមក សិង្ហបុរីបានដើរចេញពីសហព័ន្ឋ បន្ទាប់ពីមានការខ្វែងគំនិតយ៉ាងក្ដៅគគុគជាមួយរដ្ឋាភិបាលសហព័ន្ឋ។ សិង្ហបុរីបានទទួលអធិបតេយ្យភាពជាផ្លូវការនៅថ្ងៃទី ៩ សីហា ១៩៦៥។ លោក យូសូហ្វ ប៊ីន អ៊ីស្សាក (Yusof bin Ishak)បានចូលស្បថកាន់តំនែងជាប្រធានាធិបតី ដោយលោក លី ក្វាន់យូ នៅតែជានាយករដ្ឋមន្ត្រី។
រដ្ឋដ៏ក្មេងខ្ចីនេះបានជួបនឹងវិបត្តិជាច្រើនដូចជា ភាពខ្វះការងារធ្វើយ៉ាងធ្ងន់ធ្ងរ កង្វះលំនៅដ្ឋាន និងកង្វះផ្ទៃដីដាំដុះនិងធនធានធម្មជាតិ។ នៅក្នុងអាណត្តិរបស់លោក លី ក្វាន់យូ ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាលរបស់លោកបានលុបបំបាត់ភាពអត់ការងារធ្វើមួយភាគធំ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងបានបង្កើតអោយមានកម្មវិធីផ្ដល់ជំរកសាធារណៈក្នុងទ្រង់ទ្រាយធំ។ សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានអភិវឌ្ឍ។ ភាពតានតឹងនៃជំលោះជាតិសាសន៍បានធូរស្រាល។ សិង្ហបុរីបានបង្កើតអោយមានប្រព័ន្ឋការពារឯករាជ្យជាតិ តាមរយៈការបង្កើតច្បាប់ស្ដីអំពីកាតព្វកិច្ចយោធាចំពោះបុរសៗ។
នៅឆ្នាំ១៩៩០ លោក ហ្គោស ចុកតុង (Goh Chok Tong) បានបន្ដតំនែងពីលោក លី ក្វាន់យូ។ ក្នុងអាណត្តិរបស់លោក សិង្ហបុរីក៏ដូចជាប្រទេសនៅអាស៊ីមួយចំនួន បានជួបនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ ការរីករាលដាលនៃជំងឺសារស៍ (SARS)នៅឆ្នាំ២០០៣ និងការគំរាមគំហែងភារវកម្មពីក្រុមចាម៉ាស់ អ៊ីស្លាមីយ៉ាស។ នៅឆ្នាំ២០០៤ លោក លី សៀនលូង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី[១៩]។ លោកបានបង្កើតអោយមានគំរោងសាងសង់បនល្បែង (កាស៊ីណូ) ដើម្បីទាក់ទាញទេសចរណ៍បរទេសអោយបានច្រើនថែមទៀត។
នយោបាយ
[កែប្រែ]សិង្ហបុរីកាន់របបប្រជាធិបតេយ្យអាស្រ័យសភា ដោយមានសភាតែមួយតាមប្រព័ន្ធវេស្ទមីនស្ទើ។ អំណាចនីតិប្រតិបត្តិស្ថិតនៅក្នុងដៃគណរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប្រធានាធិបតីដែលជាប្រវត្តិសាស្ត្រគ្រាន់តែជានិមិត្តរូប មានអំនាចខ្លះដែរដូចជាការប្រើសិទ្ឋិវេតូក្នុងការសំរេចចិត្តថ្នាក់ជាតិសំខាន់ៗ (ឧ៖ឆ្នាំ១៩៩១ ប្រធានាធិបតីបានប្រើសិទ្ឋិវេតូក្នុងការសំរេចស្ដីអំពីការប្រើប្រាស់ថវិកាជាតិ) និងការជ្រើសតាំងតំនែងនានាក្នុងប្រព័ន្ឋតុលាការ។ អំនាចនីតិបញ្ញត្តិគឺសភា។
វិស័យនយោបាននៅសិង្ហបុរីត្រូវបានគ្រប់គ្រងដោយ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) តាំងតែពីពេលក្លាយជារដ្ឋស្វ័យគ្រប់គ្រង។ ហេតុនេះគណបក្សប្រឆាំងផ្សេងទៀតដូចជា គណបក្សកម្មករសិង្ហបុរី (Workers' Party of Singapore) គណបក្សប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Party ហៅកាត់ថា SDP) និង សំព័ន្ឋអ្នកប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Alliance ហៅកាត់ថា SDA) បានហៅប្រទេសសិង្ហបុរីថាជា រដ្ឋមានគណបក្សតែ១។ ទោះបីជាមានការបោះឆ្នោតដោយសេរី និងមានតំលាភាព យ៉ាងណាក៏ដោយ ក៏សិង្ហបុរីមិនទាន់ជារដ្ឋប្រជាធិបតេយ្យ១០០%ទេ។ មានការរិះគន់តុលាការសិង្ហបុរីដែលមាននិន្នាការនិយមទៅគណបក្ស PAP។ អំណាចតុលាការមិនត្រូវបានដាក់អោយឯករាជ្យទេ។ តែទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីនៅតែជាប្រទេសមានអំពើពុករលួយតិចតួចជាងគេនៅអាស៊ី។
សិង្ហបុរីមានច្បាប់និងការពិន័យដោយមាន ការធ្វើទណ្ឌកម្មតាមនីតិវិធីលើរាងកាយដោយប្រើរំពាត់ខ្សែតី សំរាប់បទល្មើសរំលោភសេពសន្ធវៈ អំពើហឹង្សា កុបកម្ម ការសេពគ្រឿងញៀន បំផ្លាសសម្បត្តិសាធារណៈ និងបទល្មើសអន្តោរប្រវេសន៍[២០][២១]។ សិង្ហបុរីក៏នៅមានប្រើទោសប្រហារជីវិតសំរាប់បទល្មើសសំលាប់មនុស្សកំរិតទី១ ការជួញដូរថ្នាំញៀន និងការប្រើកាំភ្លើងប្រដាប់អាវុធខុសច្បាប់[២២]។
ភូមិសាស្ត្រ
[កែប្រែ]សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ កោះសិង្ហបុរីមានឈ្មោះជាផ្លូវការថា ពូឡៅអ៊ូជុង (ជាភាសាម៉ាឡេដែលមានន័យថា កោះនៅចុងដី[នៃឧបទ្វីប])។ កោះសិង្ហបុរីភ្ជាប់ទៅខេត្តចូហរ (ម៉ាឡេស៊ី) ដោយផ្លូវសិប្បនិម្មិត២ គឺJohor–Singapore Causeway នៅខាងជើង និង Tuas Second Link នៅខាងលិច។ កោះសំខាន់ៗផ្សេងទៀតមាន កោះជូរុង(Jurong Island) កោះតេកុង(Pulau Tekong) កោះអ៊ូប៊ីន(Pulau Ubin) និងកោះសេនតូសា(Sentosa)។ ចំនុចធម្មជាតិខ្ពស់ជាងគេនៅសិង្ហបុរី គឺកូនភ្នំប៊ូគីត ទីម៉ា(Bukit Timah Hill)ដែលមានកំពស់ ១៦៦ ម៉ែត[២៣]។
តាំងពីឆ្នាំ ១៩៦០ រដ្ឋាភិបាលសិង្ហបុរីបានខិតខំប្រឹងប្រែងក្នុងការកសាងក្រុង ដែលជាលទ្ឋផលសិង្ហបុរីបច្ចុប្បន្នមានទេសភាពជាទីក្រុងទាំងស្រុង។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០[២៤]។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗនានាទៅកាន់កោះធំៗ តាមរយៈការចាក់ដីតភ្ជាប់ផងដែរ។
ប្រហែល២៣%នៃផ្ទៃដីសិង្ហបុរីត្រូវបានរក្សាអោយនៅជាព្រៃនិងឧទ្យានជាតិ[២៥]។ ឧទ្យានជាតិធំជាងគេដែលត្រូវបានការពារគឺ ឧទ្យានរុក្ខជាតិសិង្ហបុរី (Singapore Botanic Gardens) ដែលមានទំហំ ៦៧,៣ ហិកតា។
សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេគឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុងអាងសិប្បនិម្មិត។ ទឹកភ្លៀងផ្គត់ផ្គង់ទឹកសាបប្រមាណ ៥០% ហើយនៅសល់៥០%ទៀត គឺនាំចូលពីប្រទេសជិតខាង និង បានពីរោងចក្រចំរាញ់ទឹកស្អាត ប្រើប្រាស់ឡើងវិញ។ រដ្ឋាភិបាលមានគំរោងបង្កើនចំនួនរោងចក្រចំរាញ់ទឹកសមុទ្រដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកនាំចូល។
សិង្ហបុរីមានអាកាសធាតុត្រូពិច។ សិង្ហបុរីគ្មានរដូវដាច់គ្នាស្រលះទេ។ សីតុណ្ហភាពនិងសំពាធថេរ សំនើមខ្ពស់ និង កំពស់ទឹកភ្លៀងខ្ពស់។ សីតុណ្ហភាពប្រែប្រួលពី ២២ ទៅ ៣៤អង្សាសេ។ សំនើមជាមធ្យម គឺ ៩០%នៅពេលព្រឹក និង ៦០%នៅពេលរសៀល។ សីតុណ្ហភាពទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ១៩,៤ និង ខ្ពស់បំផុត ៣៦.០។ ខែឧសភានិងមិថុនាជាខែក្ដៅជាងគេ ហើយខែវិច្ឆិកានិងធ្នូជាខែដែលមានសំនើមខ្ពស់ជាងគេ។ ពីខែសីហាដល់ខែតុលា ខ្យល់មានលក្ខណៈស្ងួតបណ្ដាល មកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីដែលនៅជិតខាង។
សេដ្ឋកិច្ច
[កែប្រែ]សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម។ វិស័យឧស្សាហកម្មចែកចេញជា វិស័យអេឡិចត្រូនិច ការចំរាញ់ប្រេងកាត វិស័យគីមី វិស្វកម្មមេកានិក និង បច្ចេកទេសជីវវេជ្ជសាស្ត្រ។ សិង្ហបុរីជាកំពង់ផែមមាញឹកជាងគេក្នុងពិភពលោក។ សិង្ហបុរីជាមជ្ឍមណ្ឌលពាណិជ្ជកម្មរូបិយប័ណ្ឌបរទេស ធំទី៤លើពិភពលោក បន្ទាប់ពី ឡិនដិន ញូយ៉ក និង តូក្យូ។
ផលិតផលក្នុងស្រុកសរុប(GDP)នៅក្នុងឆ្នាំ២០០៦កើនដល់ ២៩៤៧៤ US$។ អត្រានៃភាពអត់ការងារធ្វើក្នុងឆ្នាំ២០០៧គឺ ១,៧%។ កំនើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៧គឺ ៧,៥%។
សិង្ហបុរីបានបង្កើតអោយមានពន្ធលើទំនិញនិងសេវា(Goods and Service Tax ហៅកាត់ថា GST) តាំងពីថ្ងៃទី១ មេសា ១៩៩៤។ នៅពេលនោះវាមានអត្រាតែ៣% តែបានរកចំនូលអោយរដ្ឋភិបាលបាន ១៦០០លានដុល្លាសិង្ហបុរី និងជួយផ្ដល់លំនឹងហិរញ្ញវត្ថុដល់រដ្ឋ។ ពន្ឋនេះបានកើនឡើងដល់ ៤%ក្នុងឆ្នាំ២០០៣ ៥%ក្នុងឆ្នាំ២០០៤ និង ៧%ក្នុងឆ្នាំ២០០៧។
វិស័យទេសចរណ៍
[កែប្រែ]វិស័យទេសចរណ៍ជាឧស្សាហកម្មដ៏ធំមួយរបស់សិង្ហបុរី។ សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ភ្ញៀវទេសចរចំនួន ១០,២លាននាក់បានមកទស្សនាសិង្ហបុរីក្នុងឆ្នាំ ២០០៧ [២៦]។ កន្លែងដែលទាក់ទាញទេសចរណ៍ល្បីជាងគេនៅសិង្ហបុរីគឺ ទីប្រជុំហាងលក់ទំនិញនៅផ្លូវអកឆាដ (Orchad Road shopping districts)។ ដើម្បីទាក់ទាញទេសចរណ៍បន្ថែម រដ្ឋាភិបាលបានសំរេចចិត្ត ក្នុងឆ្នាំ២០០៥ ក្នុងការអោយការលេងល្បែងស៊ីសងក្លាយជាស្របច្បាប់។ រដ្ឋបានអនុញ្ញាតអោយមានការបើកបនល្បែង២នៅ តំបន់ម៉ារីណាខាងត្បូង(Marina South) និង តំបន់សេនតូសា(Sentosa) [២៧]។ ដើម្បីប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតក្នុងតំបន់ដូចជា ហុងកុង តូក្យូ និង សៀងហៃ រដ្ឋបានប្រកាសបង្កើនភាពទាក់ទាញតាមរយៈការបំភ្លឺលំអអគារនានា។ ចំណីអាហារក៏ត្រូវបានជំរុញអោយក្លាយជាធនធានទេសចរណ៍ផងដែរ ដោយរដ្ឋរៀបចំអោយមានបុណ្យម្ហូបអាហារនៅរាល់ខែមិថុនា។ ព្រឹត្តិការណ៍ប្រចាំឆ្នាំផ្សេងទៀតមានដូចជា បុណ្យព្រះអាទិត្យ ការតែងភ្លើងលំអបុណ្យណូអែល និង បុណ្យអលង្ការ ជាដើម[២៨]។
សិង្ហបុរីមានភាពរហ័សរហួនក្នុងការប្រែក្លាយខ្លួនជាស្នូលទេសចរណ៍វេជ្ជសាស្ត្រ។ មានអ្នកទេសចរប្រមាណ២សែននាក់ក្នុងមួយឆ្នាំ ចូលមកស្វែងរកសេវាសុខាភិបាលក្នុងប្រទេសសិង្ហបុរី។ សិង្ហបុរីមានបំណងពង្រីកសេវាសុខាភិបាលអោយមានលទ្ធភាពទទួលអ្នកជំងីបរទេស១លាននាក់ក្នុងមួយឆ្នាំ អោយបានមុន ឆ្នាំ២០១២ ដែលអាចរកថវិកាជូនរដ្ឋចំនួន ៣០០០ USD។ រដ្ឋាភិបាលសង្ឃឹមថាការផ្ដួចផ្ដើមនេះនឹងផ្ដល់ការងារថ្មីចំនួន ១៣០០០ ទៀតក្នុងវិស័យសុខាភិបាល។
រូបិយវត្ថុ
[កែប្រែ]រូបិយវត្ថុសិង្ហបុរីគឺ ដុល្លាសិង្ហបុរី ដែលមាននិមិត្តសញ្ញា S$ និងមានអក្សរកាត់ថា SGD។ ធនាគារកណ្ដាលនៃសិង្ហបុរី (The Central Bank of Singapore) ជាអាជ្ញាធររូបិយប័ណ្ណសិង្ហបុរី ដែលមាននាទីបោះផ្សាយក្រដាសប្រាក់។ សិង្ហបុរីបោះពុម្ភកាក់និងក្រដាសប្រាក់លើកដំបូងនៅឆ្នាំ១៩៦៧។
ធនធានធម្មជាតិ
[កែប្រែ]ធនធានទឹក
[កែប្រែ]ដោយសារគ្មានទឹកសាបពីបឹងបួរឬទន្លេ ទឹកភ្លៀងជាប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកជាបឋម នៅសិង្ហបុរី។ ទឹកពាក់កណ្ដាលនៅសិង្ហបុរីបានពីទឹកភ្លៀងដែលត្រូវបានគេត្រងនិងរក្សាទុកក្នុងអាង ហើយសល់ពីនោះជាទឹកនាំចូលពីម៉ាឡេស៊ី។ ក៏ប៉ុន្តែកិច្ចសន្យាស្ដីពីផ្គត់ផ្គង់ទឹក២ និងត្រូវអស់សុពលភាពនៅឆ្នាំ២០១១ និងឆ្នាំ២០១៦ ជាបន្ដបន្ទាប់។ ភាពមិនចុះសំរុងពីតំលៃទឹក ធ្វើអោយរដ្ឋាភិបាលសិង្ហបុរីងាកមករកវិធានការដោះស្រាយការខ្វះខាតទឹកផ្សេងទៀត។ បច្ចុប្បន្នរដ្ឋកំពុងសាងសង់ តំបន់ត្រងទឹកភ្លៀង រោងចក្រសំអាតទឹក និង រោងចក្រកែច្នៃទឹកសមុទ្រជាទឹកសាប បន្ថែមទៀត។
ទំនាក់ទំនងការបរទេស
[កែប្រែ]សិង្ហបុរីរក្សាទំនាក់ទំនងការទូតជាមួយប្រទេស១៧៥ ទោះជាវាមិនមានឧត្តមស្នងការជាន់ខ្ពស់ឬស្ថានទូតនៅបណ្ដាប្រទេសមួយចំនួនក្នុងចំនោមនោះក៏ដោយ។ វាជាសមាជិករបស់ អង្គការសហប្រជាតិ ខំមិនវ៉ែល អាស៊ាន និង ចលនាមិនចូលបក្សសម្ព័ន្ធ។ ដោយសារលក្ខខណ្ឌភូមិវិទ្យា ទំនាក់ទំនងជាមួយម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមានសារសំខាន់ណាស់។ សិង្ហបុរីមានទំនាក់ទំនងស្អិតរមួតជាមួយប្រទេសនៅអឺរ៉ុបជាពិសេសបារាំង អាល្លឺម៉ង់និងអង់គ្លេស។ ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកផ្ដល់អោយសិង្ហបុរីនួវការរក្សាលំនឹងជាមួយកំលាំងយោធាក្នុងតំបន់។
សិង្ហបុរីគាំទ្រនូវគោលគំនិងតំបន់អាស៊ីអាគ្នេយ៍និយម និងដើរតួទានីសំខាន់ក្នុងអាស៊ាន ដែលសិង្ហបុរីជាប្រជាជាតិស្ថាបនិកមួយរបស់អាស៊ាន។ សិង្ហបុរីក៏រក្សាទំនាក់ទំនងជិតស្និទ្ឋជាមួយប្រ៊ុយណេ ដោយរក្សាទុកអោយមានបរិក្ខាហ្វឹកហាត់យោធានៅក្នុងរដ្ឋស៊ុលតង់មួយនេះ។
ជម្លោះ
[កែប្រែ]សិង្ហបុរីមានជម្លោះជាច្រើនលើកនិងយូរអង្វែងជាមួយម៉ាឡេស៊ីជុំវិញបញ្ហាមួយចំនួនដូចជា៖
- ការផ្គត់ផ្គង់ទឹកមកសិង្ហបុរី
- ព្រំដែនទឹក
- ផ្លូវអាកាសរវាងអាកាសយានដ្ឋានចាងហ្គី និង អាកាសយានដ្ឋានកូឡាឡាំពួរ
- កោះប៉េដ្រា ប្រង់កា
- ការប្ដូរទីតាំងស្ថានីយ៍សិង្ហបុរី របស់ក្រុមហ៊ុនផ្លូវដែកកេរេតាពី តាណាស់ ម៉ាឡាយូ របស់ម៉ាឡេស៊ី
វិស័យការពារជាតិ
[កែប្រែ]ក្រសួងការពារជាតិសិង្ហបុរីគ្រប់គ្រងលើ កងយោធពលសិង្ហបុរី រួមមាន កងទ័ពជើងគោកសិង្ហបុរី កងទ័ពជើងទឹក និង កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី ដោយមានការទ្រទ្រង់ដោយស្ម័គ្រចិត្តពីសំនាក់ក្រុមហ៊ុនឯកជនមួយចំនួន។ កងកំលាំងប្រដាប់អាវុធសិង្ហបុរីមាននាទីចំបងក្នុងការប្រឆាំងជាមួយអ្នកឈ្លានពាននិងផ្ដល់នូវជំនួយការមនុស្សធម៌ទៅបណ្ដាប្រទេសដទៃ។ រដ្ឋាភិបាលប្រើប្រាស់ទឹកប្រាក់ ៤,៩% នៃGDP ក្នុងវិស័យការពារជាតិនេះ។
បន្ទាប់ពីបានឯករាជ្យភ្លាម សិង្ហបុរីមានទាហានជើងគោកតែ២កងពលប៉ុណ្ណោះ ដែលដឹកនាំដោយមេបញ្ជាការអង់គ្លេស។ សិង្ហបុរីយល់ឃើញថា កំលាំងនេះវាតូចតាចណាស់មិនអាចផ្ដល់សុវត្ថិភាពដល់ខ្លួន ហេតុនេះទើបការពង្រឹងកំលាំងយោធាក្លាយជាយុទ្ធសាស្ត្រអថិភាពរបស់រដ្ឋ។ ទាហានត្រូវហ្វឹកហាត់តាក់តិចប្រយុទ្ធក្នុងព្រៃ ដើម្បីប្រយុទ្ធនៅក្រៅប្រទេសផងដែរ។ សំភារៈសឹកដូចជារថក្រោះភាគច្រើនបានមកពីអ៊ីស្រាអែល។
សិង្ហបុរីមានកតិកសញ្ញាការពារជាតិទៅវិញទៅមកជាមួយប្រទេសជាច្រើនជាពិសេសប្រទេសហត្ថលេខីក្នុង Five Power Defence Arrangements។ សិង្ហបុរីមានមូលដ្ឋានហ្វឹកហ្វឺនរាយប៉ាយនៅបរទេសដូចជានៅ សហរដ្ឋអាមេរិក អូស្ត្រាលី តៃវ៉ាន់ ញូហ្សៀលែន បារាំង ថៃ ប្រ៊ុយណេ ឥណ្ឌា និង អាហ្វ្រិកខាងត្បួង។ តាំងពីឆ្នាំ១៩៨០ សិង្ហបុរីបានបញ្ជូលគោលគតិក្នុងការពង្រឹងសន្តិសុខ ដើម្បីការពារខ្លួនពីការប៉ុនប៉ងគ្រប់រូបភាព។
ធនធាននានារបស់កងកំលាំងការពារជាតិសិង្ហបុរីត្រូវបានប្រើផងដែរក្នុងបេសកកម្មជំនួយមនុស្សធម៌អន្តរជាតិនានារួមមាន កិច្ចការពារសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេស១១។ នៅខែកញ្ញា ២០០៥ កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរីបានបញ្ជួនឧទ្ឋម្ភាគចក្រ CH-47 Chinook ៣គ្រឿងទៅរដ្ឋល្វីសៀណា (ស.រ.អា) ក្នុងប្រតិបត្តិការជួយក្នុងគ្រោះធម្មជាតិខ្យល់ព្យុះកាទ្រីណា។
កងយោធពលសិង្ហបុរី
[កែប្រែ]កងយោធពលសិង្ហបុរីជាកំលាំងយោធារបស់សិង្ហបុរី មាននាទីការពារប្រទេសក្នុងគ្រប់វិស័យ។ វាចែកចេញជា៣ផ្នែកគឺ កងទ័ពជើងគោកសិង្ហបុរី កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរី និង កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី។ កងទ័ពជើងគោកសិង្ហបុរីគ្រប់គ្រងដោយអគ្គបញ្ជាការកងទ័ពជើងគោក មានតូនាទីអភិវឌ្ឍបច្ចេកវិទ្យាអាវុធនិងយុទ្ឋសាស្ត្រ។ កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរីមាននាទីការពារសិង្ហបុរី ពីការគំរាមគំហែងលើផ្ទៃសមុទ្រ និង ការពារផ្លូវដឹកជញ្ជូនសមុទ្ររបស់ខ្លួន។ កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរីមាននាទីការពារដែនអាកាសសិង្ហបុរី។
កម្លាំងនគរបាលសិង្ហបុរី
[កែប្រែ]កម្លាំងនគរបាលសិង្ហបុរីជាភ្នាក់ងារសំខាន់ក្នុងការរក្សាច្បាប់និងសណ្ដាប់ធ្នាប់ក្នុងប្រទេស។
កម្លាំងការពារស៊ីវិលសិង្ហបុរី
[កែប្រែ]កម្លាំងការពារស៊ីវិលសិង្ហបុរីមាននាទីក្នុងការផ្ដល់នូវសេវាកម្មពេលមានអាសន្ន រួមមានរថគិលានសង្គ្រោះ(ឡានពេទ្រ) ឡានទឹក និង សេវាកម្មឆ្លើយតបពេលមានគ្រោះថ្នាក់ផ្សេងៗទៀត។
កាតព្វកិច្ចយោធា
[កែប្រែ]តាមច្បាប់សិង្ហបុរី ពលរដ្ឋសិង្ហបុរីជាបុរសនិងកូនចៅជំនាន់ទី២របស់អ្នកមានសិទ្ឋរស់នៅអចិន្ត្រៃយ៍ ដែលមានកាយសម្បទាមរឹងមាំ ចាំបាច់ត្រូវតែទទួលយកកាតព្វកិច្ចយោធាយ៉ាងតិច២ឆ្នាំ បន្ទាប់ពីគេមានអាយុ១៨ឆ្នាំ ឬ បញ្ចប់ការសិក្សា (មួយណាដែលដល់មុន)។ ករណីលើកលែងមានចំពោះករណីពិសេសមួយចំនួនដូចជា មានបញ្ហាសុខភាព មានប្រវត្តិធ្វើឧក្រិដកម្ម អាចបញ្ជាក់ថាការទៅធ្វើយោធាអាចធ្វើអោយគ្រួសារគេមានការលំបាក់យ៉ាប់យឺនខ្លាំង អាចជាប់ឈ្មោះចូលរៀនក្នុងស្ថាប័នអប់រំពេញច្បាប់ណាមួយ។ បន្ទាប់ពីរយៈពេល២ឆ្នាំនោះ បុរសទាំងអស់ត្រូវចាត់ទុកថាមានសមត្ថភាពពេញលេញ និង រួចរាល់ក្នុងការចូលបំរើយោធាវិញរហូតដល់អាយុ៤០ឆ្នាំ(៥០ឆ្នាំសំរាប់មេបញ្ជាការ)។
សម្រាប់នារី គេមិនតម្រូវឱ្យចូលធ្វើយោធាជាចាំបាច់នោះទេ។ ក៏ប៉ុន្តែគេឃើញមានកំណើនយោធានារីនាពេលប៉ុន្មានឆ្នាំនេះ។ មុនពេលបែងចែកចូលទៅក្នុងកងពលណាមួយ បុរសតម្រូវឱ្យហាត់មូលដ្ឋានគ្រឹះរយៈពេលបីខែ (នារីរយៈពេលបីសប្ដាហ៍)[២៩]។
ប្រជាសាស្ត្រ
[កែប្រែ]តាមស្ថិតិរបស់រដ្ឋាភិបាលសិង្ហបុរី ប្រជាជនសិង្ហបុរីនៅឆ្នាំ២០០៩ មានចំនួនប្រហែល ៤,៩៩លាននាក់ និងមានដង់ស៊ីតេ ៧០២២នាក់/គម២[៣០]។ ៣,៧៣លាននាក់ជាពលរដ្ឋសិង្ហបុរីនិងអ្នកមានសិទ្ឋិរស់នៅអចិន្ត្រៃយ៍ ដែលក្នុងនោះ៣,២លាននាក់ជាពលរដ្ឋមានសញ្ជាតិសិង្ហបុរី។ អ្នករស់នៅសិង្ហបុរី ៧៤,២%មានដើមកំនើតចិន ១៣,៤%មានដើមកំនើតម៉ាឡេ ៩,២%មានដើមកំនើតឥណ្ឌា និង ៣,២%ជាជនជាតិដទៃ[៣០]។ នៅមុនឆ្នាំ២០១០ ពលរដ្ឋម្នាក់ៗអាចជ្រើសរើសសាសន៍របស់ខ្លួនបានតែមួយប៉ុណ្ណោះ (ដែលជាទូទៅដូចឪពុក)។ ប៉ុន្តែបច្ចុប្បន្ន គេអាចដាក់ «ជាតិសាសន៍ទី១» និង «ជាតិសាសន៍ទី២» បាន។
នៅឆ្នាំ២០០៦ អត្រាកំនើតគឺ ១០,១លើ១០០០ អត្រាមរណៈគឺ ៤,៣លើ១០០០ (តិចជាងគេក្នុងតំបន់)។ កំនើនប្រជាជនសរុបគឺ ៤,៤% និងកំនើនអ្នកមានសិទ្ឋិរស់នៅអចិន្ត្រៃយ៍គឺ ១,៨%។ នៅឆ្នាំ២០១០ អត្រាបង្កើតកូនសំរាប់ស្ត្រីម្នាក់គឺ ១,១នាក់ តិចជាងគេលំដាប់ទី៣លើពិភពលោក[៣១]។ អត្រានេះមិនគ្រប់គ្រាន់ក្នុងការរក្សាកំនើនប្រជាជនទេ។ ហេតុនេះរដ្ឋាភិបាលមានវិធានការលើកទឹកចិត្តជនបរទេសអោយធ្វើអន្តោប្រវេសន៍មកសិង្ហបុរី។
សាសនា
[កែប្រែ]សិង្ហបុរីជាប្រទេសចំរុះសាសនា។ តាមស្ថិតិជំរឿនឆ្នាំ២០១០ អ្នកកាន់សាសនាព្រះពុទ្ឋមាន ៣៣,៣% , សាសនាគ្រិស្តមាន ១៨,០% , អ្នកគ្មានសាសនាមាន ១៧,០% , សាសនាឥស្លាមមាន ១៥,០% , សាសនាតាវមាន ១១,០% , សាសនាហិណ្ឌូមាន ៥,១% និងផ្សេងទៀត០,៩% [៣២]។ សំភារៈសាសនានិងពិធីប្រតិបត្តិសាសនាមួយចំនួនត្រូវបានហាមប្រាមនៅសិង្ហបុរី។
នៅសិង្ហបុរី គេឃើញមានវត្តនិងមណ្ឌលសាសនាសាសនាព្រះពុទ្ធទាំង៣និកាយ៖ ហីនយាន មហាយាន និង វជិរយាន។ ពុទ្ធសាសនិកភាគច្រើនជាជនជាតិចិន និងកាន់និកាយមហាយាន។
វិស័យអប់រំ
[កែប្រែ]វិស័យអប់រំថ្នាកបឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ជាទូទៅត្រូវបានគាំទ្រដោយរដ្ឋ។ រាល់ស្ថាប័នអប់រំ ទាំងសាធារណៈនិងរដ្ឋ ត្រូវតែចុះឈ្មោះនៅក្រសួងអប់រំ។ ភាសាអង់គ្លេសជាភាសាទី១ដែលក្មេងៗពាក់កណ្ដាលរៀននៅអាយុមុនចូលសាលា។ ចាប់ពីសាលាបឋមទៅ ភាសាអង់គ្លេសត្រូវបានប្រើជាភាសាយានក្នុងការបង្រៀននៅសាលាសាធារណៈ ដោយគ្រប់មុខវិជ្ជាត្រូវបានបង្រៀននិងប្រលងជាភាសាអង់គ្លេស (លើកលែងតែមុខវិជ្ជា«ភាសាកំណើត»)។ នៅបណ្ដាប្រទេសដទៃ ពាក្យ«ភាសាកំណើត»ជាទូទៅសំដៅលើភាសាទី១, ប៉ុន្តែសំរាប់ប្រព័ន្ធអប់រំនៅសិង្ហបុរីវិញ វាសំដៅលើភាសាទី២ ដោយភាសាអង់គ្លេសជាភាសាទី១។ សិស្សដែលស្នាក់នៅបរទេសមួយរយៈ ឬមានការលំបាកខ្លាំងជាមួយ«ភាសាកំណើត»នេះ ត្រូវតំរូវអោយរៀនតាមកម្មវិធីសិក្សាស្រួលជាងនេះ ឬបោះបង់មុខវិជ្ជានេះចោលក៏បាន។ ប្រព័ន្ធអប់រំចែកចេញជា៣កំរិត «កំរិតបឋមសិក្សា» (ចាំបាច់) «កំរិតមធ្យមសិក្សា» និង «កំរិតត្រៀមមហាវិទ្យល័យ»។ សិស្សចូលសាលាបឋមនៅអាយុ៦ឆ្នាំ។ បឋមសិក្សាមានរយៈពេល៦ឆ្នាំ ចែកចេញជា២ផ្នែក៖ ៤ឆ្នាំដំបូងជាថ្នាក់មូលដ្ឋាន និង ២ឆ្នាំទៀតជាថ្នាក់តំរង់ទិស។ កម្មវិធីសិក្សាសង្កត់ធ្ងន់លើមុខវិជ្ជាស្តង់ដារ៤គឺ ភាសាអង់គ្លេស ភាសាកំណើត គណិតវិទ្យា និងវិទ្យាសាស្ត្រ។ កំរិតមធ្យមសិក្សាមានរយៈពេលពី៤ទៅ៥ឆ្នាំ ដោយចែកចេញជា៤ប្រភេទ (តាមកំរិតសមត្ថភាពរបស់សិស្ស)៖ «ពិសេស» «អិចស្ព្រេស» «ធម្មតា(សិក្សាធិកា)» និង «ធម្មតា(បច្ចេកទេស)»។ កំរិតត្រៀមមហាវិទ្យាល័យមានរយៈពេលពី២ទៅ៣ឆ្នាំ។
ការប្រលងថ្នាក់ជាតិត្រូវធ្វើរួមនៅរាល់សាលា ដែលតំរូវអោយប្រលងបន្ទាប់ពីបញ្ចប់កំរិតនីមួយៗ។ បន្ទាប់ពីបឋមសិក្សាររយៈពេល៦ឆ្នាំ សិស្សត្រូវធ្វើការប្រលងបញ្ចប់កំរិតបឋមសិក្សា(Primary School Leaving Examination) ដែលលទ្ធផលនេះនឹងសំរេចសាលាមធ្យមសិក្សាអោយពួកគេ។ បន្ទាប់ពីនោះគេធ្វើការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទូទៅ (General Certificate of Secondary Education ហៅកាត់ថា GCSE) ដែលចែកជា កំរិតអូ(O levels)សំរាប់កំរិតមធ្យម និង កំរិតអេ(A levels)សំរាប់ថ្នាក់ត្រៀមមហាវិទ្យាល័យ។
សាកលវិទ្យាល័យរដ្ឋមានចំនួន៥នៅសិង្ហបុរីគឺ៖
- សាកលវិទ្យាល័យជាតិនៃសិង្ហបុរី (National University of Singapore ហៅកាត់ថា NUS)
- សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University ហៅកាត់ថា NTU)
- សាកលទ្យាល័យគ្រប់គ្រងសិង្ហបុរី (Singapore Management University ហៅកាត់ថា SMU)
- សាកលវិទ្យាល័យបច្ចេកវិទ្យានិងរចនាសិង្ហបុរី (Singapore University of Technology and Design ហៅកាត់ថា SUTD)
- វិទ្យាស្ថានបច្ចេកវិទ្យាសិង្ហបុរី (Singapore Institute of Technology ហៅកាត់ថា SIT)
សាកលវិទ្យាល័យឯកជនមានច្រើនរួមមានសាកលវិទ្យាល័យបរទេសដែលមកដាក់សាខានៅសិង្ហបុរី ដូចជា សាលាពាណិជ្ជកម្មឈីកាហ្គោ (Chicago Business School) និង សាកលវិទ្យាល័យបច្ចេកវិទ្យាមឿនហិន(Technical University Munich) ជាដើម។
សាលាពហុបច្ចេកទេសមានចំនួន៥គឺ៖
- សាលាពហុបច្ចេកទេសតេម៉ាសេក (Temasek Polytechnic)
- សាលាពហុបច្ចេកទេសសិង្ហបុរី (Singapore Polytechnic)
- សាលាពហុបច្ចេកទេសងីអាន់ (Ngee Ann Polytechnic)
- សាលាពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic)
- សាលាពហុបច្ចេកទេសសាធារណរដ្ឋ (Republic Polytechnic)
ភាសា
[កែប្រែ]រដ្ឋាភិបាលសិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ និងភាសាតាមិល។ ៨០%នៃជនជាតិសិង្ហបុរីចេះភាសាអង់គ្លេសជាភាសាទី១ឬទី២។ ចិនជាភាសាបន្ទាប់ដែលមានមនុស្សនិយាយច្រើន។
ភាសាអង់គ្លេសជាភាសាចំបងគេ។ ភាសាអង់គ្លេសត្រូវបានគេជ្រើសរើសធ្វើជាភាសាប្រើក្នុងរដ្ឋបាលជាតិតាំងពីពេលបានឯករាជ្យ។ ភាសាអង់គ្លេសសិង្ហបុរីក្លាយពីភាសាអង់គ្លេសដើម។ ភាសាអង់គ្លេសនិយាយនៅសិង្ហបុរី មានតាំងពីភាសាអង់គ្លេសស្តង់ដារ ដល់ភាសាអង់គ្លេសលាយឡំ (ដែលគេហៅថា «ស៊ីងហ្គ្លីស»)។ ស៊ីងហ្គ្លីស ជាភាសាអង់គ្លេសបែបសិង្ហបុរី ដែលវាក្យស័ព្ទនិងវេយ្យាករណ៍មួយចំនួនធំជាកំចីឬយកលំនាំតាមភាសាផ្លូវការ៣ផ្សេងទៀត។ រដ្ឋាភិបាលមិនលើកទឹកចិត្តអោយប្រើស៊ីងហ្គ្លីសទេ ដោយចាត់«យុទ្ធនាការនិយាយអង់គ្លេសអោយបានត្រឹមត្រូវ»ជាដើម។ តាមជំរឿនឆ្នាំ២០១០ ១ភាគ៣នៃពលរដ្ឋសិក្សាបុរីនិយាយភាសាអង់គ្លេសជា«ភាសាក្នុងផ្ទះ»។ ភាសាអង់គ្លេសបានរីកសាយភាយនៅសិង្ហបុរីចាប់ពីពេលមានការដាក់អោយប្រើប្រាស់ភាសាអង់គ្លេសជាភាសាយានក្នុងវិស័យអប់រំ។ នៅសាលាសិស្សានុសិស្សត្រូវតែរៀនភាសាអង់គ្លេសជាចាំបាច់ បូកបន្ថែមភាសា១ក្នុងចំនោមភាសាផ្លូវការ៣ផ្សេងទៀត។
ភាសាចិនជាភាសាដែលពលរដ្ឋសិង្ហបុរីពាក់កណ្ដាលនិយាយតាមផ្ទះពួកគេ។ ភាសាសិនកុកងឺ(បែបសិង្ហបុរី) ជាគ្រៀមភាសាប្រើច្រើនជាងគេ (១,២លាននាក់) និង ប្រហែលកន្លះលាននាក់ប្រើគ្រៀមភាសាផ្សេងទៀតដូចជា ហុកគាន ទាជីវ និង កន្តាំង។
ភាសាម៉ាឡេជាភាសាជាតិ ដោយសារហេតុផលប្រវត្តិសាស្ត្រ។ ភាសាម៉ាឡេត្រូវបានប្រើនៅក្នុងចំរៀងជាតិសិង្ហបុរី និងនៅក្នុងបទបញ្ជាយោធា។ សព្វថ្ងៃ ភាសាម៉ាឡេត្រូវគេប្រើជាទូទៅក្នុងសហគមន៍ម៉ាឡេនៅសិង្ហបុរី ដោយមានអ្នកចេះម៉ាឡេ ១៦,៨%នៃប្រជាជនសរុប។ ១២%នៃប្រជាជនសរុបប្រើភាសាម៉ាឡេជាភាសានៅផ្ទះ។
ប្រហែល១សែននាក់ឬ៣%នៃជនជាតិសិង្ហបុរីនិយាមភាសាតាមិលជាភាសានៅផ្ទះ។
វប្បធម៌
[កែប្រែ]សិង្ហបុរីជាប្រទេសមានវប្បធម៌ចំរុះ លាយឡំរវាងវប្បធម៌ចិន ម៉ាឡេ និង ឥណ្ឌា។ សិង្ហបុរីមានជោគជ័យក្នុងការស្ថាបនាអត្តសញ្ញាណខ្លួនដោយធ្វើអោយមានភាពសុខដុមរវាងជាតិសាសន៍និងសាសនាទាំងនេះ។
ម្ហូបអាហារ
[កែប្រែ]ម្ហូបអាហារនៅសិង្ហបុរីជាឧទាហរណ៍មួយនៃភាពសំបូរបែប និងការរលាយចូលគ្នានៃវប្បធម៌ចិន ឥណ្ឌា ម៉ាឡេ និង តាមិល។ ជាក់ស្ដែង នៅមជ្ឍមណ្ឌលម្ហូបអាហារ គេអាចឃើញស្តង់អាហារម៉ាឡេលក់ម្ហូបហាឡាល់(ម្ហូបប្រតិបត្តិតាមច្បាប់ឥស្លាម) ក្នុងរូបភាពជាអាហារតាមិល។ ស្ដង់អាហារចិនអាចមានប្រើគ្រឿងផ្សំម៉ាឡេនិងរបៀបចំអិនម្ហូបរបស់ម៉ាឡេ។ កត្តានេះធ្វើអោយម្ហូបអាហារសិង្ហបុរីក្លាយជាកត្តាទាក់ទាញទេសចរណ៍វប្បធម៌យ៉ាងសំខាន់ផងដែរ។
ម្ហូបអាហារក្នុងស្រុកមានភាពសំបូរបែប មានតាំងពីបាយមាន់ហៃណានដល់សាច់ចង្កាក់អាំង។ ប្រជាជនសិង្ហបុរីក៏ចូលចិត្តទទួលទានអាហារសមុទ្រមានក្ដាម គ្រំ មឹកយក្ស ងាវ ជាដើមផងដែរ។
បណ្ដាញព័ត៌មាន
[កែប្រែ]ការឃ្លាំមើលបណ្ដាញព័ត៌មាននៅសិង្ហបុរីនៅមានកំរិតតឹងរឹងនៅឡើយ។ រដ្ឋនឹងប្រើគំនាបនៅលើបណ្ដាញព័ត៌មានណាដែលធ្វើការរិះគន់ដល់មន្ត្រីក្នុងជួររដ្ឋាភិបាល។ អាជ្ញាធម៌អភិវឌ្ឍបណ្ដាញព័ត៌មាន (Media Development Authority) គ្រប់គ្រងបណ្ដាញព័ត៌មាននៅសិង្ហបុរី ដោយរក្សាលំនឹងរវាងតំរូវការសិទ្ធិជ្រើសរើសនិងការបង្ការព័ត៌មានមិនសមរម្យ។ គេហាមប្រាមមិនអោយមានខ្ទះផ្កាយរណបជាឯកជនទេ ហើយអ៊ីនធឺណិតក៏ត្រូវគេដាក់កំហិតដែរ។
ការឃ្លាំមើលបណ្ដាញព័ត៌មានពីរដ្ឋាភិបាលមិនបណ្ដាលអោយមានការរអាក់រអួលដល់កំនើនសេដ្ឋកិច្ចទេ។ មេឌាខប(MediaCorp)ជាសហគ្រាសព័ត៌មានសំណើរការដោយរដ្ឋ ដែលកាន់កាប់ប៉ុស្តិ៍ទូរទស្សន៍និងវិទ្យុស្ទើរទាំងអស់។ ស៊ីងហ្គាពួរប្រេសហូលឌីង(Singapore Press Holdings) ជាក្រុមហ៊ុនមានទំនាក់ទំនងជិតដិតនឹងរដ្ឋាភិបាល គ្រប់គ្រប់លើវិស័យសារព័ត៌មានស្ទើរទាំងអស់ ដោយបោះផ្សាយកាសែត១៥ និងទស្សនាវដ្ដី៦។ មានអ្នកប្រើប្រាស់អ៊ីនធឺណិត៣,៤លាននាក់នៅសិង្ហបុរី។
សិល្បៈ
[កែប្រែ]តាំងពីទសវត្សរ៍ឆ្នាំ៩០ រដ្ឋភិបាលបានប្រឹងប្រែងក្នុងការជំរុញសិង្ហបុរីអោយក្លាយជាមជ្ឍមណ្ឌលសិល្បៈនិងវប្បធម៌ (ជាពិសេសសិល្បៈសំដែង) និងប្រែក្លាយសិង្ហបុរីអោយក្លាយជាក្លោងទ្វារសកលរវាងវប្បធម៌បស្ចិមនិងវប្បធម៌បូព៌ា។
បុណ្យវប្បធម៌មួយត្រូវបានក្រុមប្រឹក្សាសិល្បៈជាតិធ្វើឡើងជារៀងរាល់ឆ្នាំ ដោយរៀបចំអោយមានការសំដែងសិល្បៈមហោស្រព របាំ តន្ត្រី ...។
កីឡានិងការកំសាន្ត
[កែប្រែ]ប្រជាជនសិង្ហបុរីរីករាយក្នុងសកម្មភាពកីឡានិងកំសាន្តច្រើនសណ្ឋាន។ កីឡាពេញនិយមមាន បាល់ទាត់ គ្រីកខិត ហែលទឹក វាយសី បាល់បោះ បាល់អោប បាល់ទះ និង វាយកូនឃ្លីលើតុ។ កីឡាលើទឹកដូចជា ជិះទូកក្ដោង ប្រណាំងទូកកាយ៉ាក់ និង ជិះស្គីលើទឹក ក៏ត្រូវបានគេនិយមលេងដែរ។ ក្រៅពីនេះ ការជ្រមុជទឹកលេងកំសាន្តជាការពេញនិយមនៅតាមបណ្ដាកោះភាគខាងត្បូង។
កីឡាវាយកូនហ្គោលកំពុងចាប់ផ្ដើមមានប្រជាប្រិយភាពក្នុងចំនោមប្រជាជនសិង្ហបុរី។ មានក្លឹមវាយកូនហ្គោល១៥កន្លែងនៅសិង្ហបុរី។ អ្នកលេងហ្គោលខ្លះចូលចិត្តធ្វើដំនើរទៅលេងនៅតំបន់ផ្សេងដូចជានៅ ចូហរ(ម៉ាឡេស៊ី) ដោយសារទីនោះយកថ្លៃសមាជិកភាពតិចជាង។
សិង្ហបុរីមានលីហ្គបាល់ទាត់ផ្ទាល់ខ្លួន (S-League) តាំងពិឆ្នាំ១៩៩៤។ សព្វថ្ងៃមានក្លឹបចំនួន១២នៅក្នុងលីហ្គ។
ចាប់ពីឆ្នាំ២០០៨ សិង្ហបុរីផ្ដើមធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកហ្វម្ញូឡាវ័នពិភពលោក (Formula One World Championship) នាពេលយប់។ នេះជាលើកទី១ហើយ ដែលការប្រកួតF1 ធ្វើឡើងនៅពេលយប់ និងនៅអាស៊ី។
វិស័យគមនាគមន៍និងដឹកជញ្ជូន
[កែប្រែ]ហេដ្ឋារចនាសំព័ន្ឋគមនាគមន៍ក្នុងស្រុកមានបណ្ដាញផ្លូវថ្នល់ពាសពេញកោះទាំងមូល ប្រវែលសរុប ៣៣៥៦គម រាប់បញ្ចូលទាំងបណ្ដាញផ្លូវអិចស្ព្រេសវេយប្រវែង១៦១គម ផងដែរ។ បណ្ដាញដឹកជញ្ជួនសាធារណៈបំរើការដោយ សេវ៉ាកម្មឡានក្រុងរបស់រដ្ឋ និងក្រុមហ៊ុនតាក់ស៊ីមានអាជ្ញាបណ្ឌមួយចំនួន។ ប្រជាជនសិង្ហបុរីអាស្រ័យខ្លាំងលើសេវ៉ាកម្មឡានក្រុង ក្នុងការធ្វើដំនើរទៅសាលាឬកន្លែងធ្វើការ។ បណ្ដាញផ្លូវដែកចែកចេញជា MRT(Mass Rapid Transit ៖ បណ្ដាញដឹកជញ្ជូនផ្លូវដែកខ្នាតធំ) និង LRT(Light Rail Transit ៖ បណ្ដាញដឹកជញ្ជូនផ្លូវដែកខ្នាតតូច)។ ជារៀងរាល់ថ្ងៃ ប្រជាជន២.៨៥លាននាក់ប្រើប្រាស់ឡានក្រុង ១,៥លាននាក់ប្រើប្រាស់ LRT ឬ MRT និងប្រហែល១លាននាក់ប្រើប្រាស់តាក់ស៊ី។ ការប្រើប្រាស់មធ្យោបាយធ្វើដំនើរឯកជនមិនត្រូវបានគេលើកទឹកចិត្តទេ ដោយរដ្ឋបានដាក់អោយមានប្រព័ន្ឋប្រមូលថ្លៃប្រើប្រាស់ផ្លូវអេឡិកត្រូនិក នៅម៉ោងដែលមានចរាចរណ៍មមាញឹក បង្ខំអោយបង់ពន្ឋយានយន្តក្នុងតំលៃថ្លៃ និងដាក់អោយមានកូតាក្នុងការទិញយានយន្ត។ នៅឆ្នាំ២០០១ បណ្ដាញគមនាគមន៍សាធារណៈបានដាក់ប្រើប្រព័ន្ធEZ-Link ដែលអនុញ្ញាតអោយគេប្រើកាតអាចបញ្ចូលទឹកប្រាក់បាន ធ្វើជាសំបុត្រ។
អន្តរជាតិ
[កែប្រែ]សិង្ហបុរីជាមជ្ឍមណ្ឌលដឹកជញ្ជូនយ៉ាងសំខាន់មួយនៅអាស៊ី ដោយប្រទេសនេះស្ថិតនៅចំលើផ្លូវជំនួញតាមសមុទ្រនិងអាកាសជាច្រើន។
កំពង់ផែសិង្ហបុរីជាកំពង់ផែមមាញឹកជាងគេលើពិភពលោកនៅឆ្នាំ២០០៥។ កំពង់ផែនេះគ្រប់គ្រងដោយក្រុមហ៊ុងប្រតិបត្តិការកំពង់ផែចំនួន២គឺ ក្រុមហ៊ុន ភីអេសអេ អ៊ីនធឺណាស្សិណល (PSA International) និង ក្រុមហ៊ុនជូរុងផត (Jurong Port)។
សិង្ហបុរីជាច្រកឆ្លងកាត់អាកាសសំរាប់តំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងផ្ទេរយន្ដហោះនៅលើផ្លូវកង់ហ្គារូ រវាងប្រទេសអូស្ត្រាលីនិងអឺរ៉ុប។ អាកាសយានដ្ឋានចាងហ្គីសិង្ហបុរីមានបណ្ដាញក្រុមហ៊ុនអាកាសចរណ៍៨០ តភ្ជាប់សិង្ហបុរីទៅទីក្រុង២០០នៅ៦៨ប្រទេស។ វាត្រូវបានគេចាត់ថ្នាក់ជាអាកាសយានដ្ឋានអន្តរជាតិល្អជាងគេ១ ដោយទស្សនាវដ្ដីធ្វើដំនើរអន្តរជាតិនានា និងត្រូវបានទីភ្នាក់ងារស្កាយថាក់(Skytax)ចាត់ថ្នាក់ជាអាកាសយានដ្ឋានអន្តរជាតិល្អផុតគេនៅឆ្នាំ២០០៦។ អាកាសយានដ្ឋាននេះមានធើមីណលចំនួន៣។ អាកាសយានដ្ឋាននេះក្លាយជាឯកជននៅឆ្នាំ២០០៩ និងគ្រប់គ្រងដោយក្រុមហ៊ុនចាងហ្គីអ៊ែរផតហ្គ្រុប (Changi Airport Group)។ ក្រុមហ៊ុនអាកាសចរណ៍ជាតិគឺ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines មានកូដ SIA)។
សិង្ហបុរីតភ្ជាប់ទៅចូហរ(ម៉ាឡេស៊ី) តាមរយៈផ្លូវកាត់សមុទ្រ ចូហរ-សិង្ហបុរី ខសវេយ និង ស្ពានទួស ក៏ដូចជាក្រុមហ៊ុនផ្លូវដែកកេរ៉េតាពី តាណាស់ ម៉ាឡាយូ របស់ម៉ាឡេស៊ី។ គេក៏ឃើញមានសាឡាងជាច្រើនសំរាប់ដឹកជញ្ជូនទៅកំពុងផែឥណ្ឌូនេស៊ីក្បែរៗនោះផងដែរ។
កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ "Census 2020" (PDF). Singapore Department of Statistics. Retrieved 15 វិច្ឆិកា 2021.
- ↑ "Environment". Base. Retrieved 15 វិច្ឆិកា 2021.
- ↑ "Population and Population Structure". Singstat. នាយកដ្ឋានស្ថិតិសិង្ហបុរី. Retrieved 15 វិច្ឆិកា 2021.
- ↑ ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2019". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 15 វិច្ឆិកា 2021.
- ↑ "DISTRIBUTION OF FAMILY INCOME – GINI INDEX". Central Intelligence Agency. Archived from the original on 2018-11-30. Retrieved 15 វិច្ឆិកា 2021.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 15 វិច្ឆិកា 2021.
- ↑ "មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក៧", ក្រុងឡិនដិន, មិនា ២០១០
- ↑ ខែលី, រ៉ាស្សែល (១០ មករា ២០០៨). "សិង្ហបុរីរក្សាងារជាកំពង់ផែមមាញឹកជាងគេលើលោក". ឆាណែល ញូស៍ អេស៊ា (Singapore). http://www.channelnewsasia.com/stories/singaporebusinessnews/view/321856/1/.html.
- ↑ "ជំរឿនប្រជាជនឆ្នាំ២០១០, ស្ថិតិផ្ដល់លើកទី១, បុគ្គលិកលក្ខណៈប្រជាសាស្ត្រ, ភាសានិងសាសនា" (PDF). 2010. Archived from the original (PDF) on 2011-06-07. Retrieved ១៩ កុម្ភៈ ២០១១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "ស្ថិតិសិង្ហបុរី - ទិន្នន័យថ្មីបំផុត". Singstat.gov.sg. Archived from the original on 2018-12-26. Retrieved ២៣ សីហា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "និន្នាការក្នុងទីផ្សារអន្តោប្រវេសន៍អន្តរជាតិ៖ កំណែឆ្នាំ២០០៨", អង្គការសហប្រជាជាតិ, នាយកដ្ឋានសេដ្ឋកិច្ចនិងកិច្ចការសង្គម, ផ្នែកចំនួនប្រជាជន (២០០៩)
- ↑ "និន្នាការប្រជាជនឆ្នាំ២០០៩", នាយកដ្ឋានស្ថិតិសិង្ហបុរី។ ISSN 1793-2424
- ↑ "GDPសិង្ហបុរីធ្លាក់ចុះនៅត្រីមាសទី៤". ក្រុមអង្កេតរដ្ឋាភិបាល. ៣ មករា ២០១០. Retrieved ១ វិច្ឆិកា ២០១០.
{{cite web}}
: Check date values in:|accessdate=
and|date=
(help) - ↑ "ការសិក្សាពីសិង្ហបុរី". Singapore Schools Directory. Archived from the original on 2011-05-21. Retrieved ១៤ មេសា ២០០៦.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Sang Nila Utama" (PDF). 24hr Art. Archived from the original (PDF) on 2006-08-19. Retrieved ១៤ មេសា ២០០៦.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Country Studies". បណ្ណាល័យសភាជាតិអាមេរិច. Retrieved ១ ឧសភា ២០០៧.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ទំព័រគំរូ:Cite w, ស្សូណាន់៖ ពន្លឺនៅខាងត្បូង
- ↑ "Headliners; Retiring, Semi". ញូយ៉កថែមស៍. ២ ធ្នូ ១៩៩០. http://query.nytimes.com/gst/fullpage.html?res=9D0CE4DD123DF931A35751C1A966958260។ បានយកមក ២៧ ធ្នូ ២០០៨.
- ↑ "ប្រវត្តិរូបប្រទេស៖ សិង្ហបុរី". ប៊ីប៊ីស៊ី ញូស៍. ១៥ កក្កដា ២០០៩. http://news.bbc.co.uk/1/hi/world/asia-pacific/country_profiles/1143240.stm។ បានយកមក ២២ មេសា ២០១០.
- ↑ "ការធ្វើទណ្ឌកម្មតាមនីតិវិធីដោយប្រើខ្សែតីនៅសិង្ហបុរី ម៉ាឡេស៊ី និង ប៊្រុយណេ". ក្រុមស្រាវជ្រាវការធ្វើទណ្ឌកម្មលើរាងកាយលើពិភពលោក. ២០០៨.
- ↑ ថម ខាន់ (២៦ មិថុនា ១៩៩៤). "គំនិតនិងនិន្នាការ ; គ្រប់យ៉ាងអំពីការធ្វើទណ្ឌកម្មលើរាងកាយនៅសិង្ហបុរី". ញូយ៉កថែមស៍. http://www.nytimes.com/1994/06/26/weekinreview/ideas-trends-beyond-singapore-corporal-punishment-a-to-z.html?scp=29&sq=?pagewanted=1.
- ↑ "ព័ត៌មានអំពីប្រទេសសិង្ហបុរី". ការិយាល័យកុងស៊ុល នៃក្រសួងការបរទេសអាមេរិច. ១៩ មិនា ២០១០. Archived from the original on 2004-12-30. Retrieved 2011-02-27.
{{cite web}}
: Check date values in:|date=
(help) - ↑ "Heritage Trails: Bukit Timah Hill". Heritage trails. Archived from the original on 2010-02-05. Retrieved ២២ មេសា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "ឆ្ពោះទៅកាន់និរន្តរភាពបរិស្ថាន, របាយការណ៍បរិស្ថានឆ្នាំ២០០៥ (PDF)" (PDF). ក្រសួងបរិស្ថាននិងធនធានទឹក, សិង្ហបុរី. Archived from the original on 2011-06-23. Retrieved ២២ មេសា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Earthtrends country profile" (PDF). Archived from the original (PDF) on 2005-06-01. Retrieved 2011-02-27.
- ↑ សៀវភៅស្ថិតិប្រចាំឆ្នាំ, សិង្ហបុរី។ គណកម្មាធិការទេសចរណ៍សិង្ហបុរី។
- ↑ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, សិង្ហបុរី (១៨ មេសា ២០០៥)។ "សំណើក្នុងការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ – សេចក្ដីថ្លែងការជាផ្លូវការដោយនាយករដ្ឋមន្ត្រី លី សៀនលូង"។ Press release។ បានដាក់ទុកឯកសារ ពី[១] នៅថ្ងៃ 2007-11-27។ https://web.archive.org/web/20071127000719/http://app.mti.gov.sg/data/pages/606/doc/Ministerial%20Statement%20-%20PM%2018apr05.pdf។ បានយកមក ២២ មេសា ២០១០។
- ↑ YourSingapore.com - What's On in Singapore
- ↑ "សិង្ហបុរី - ការជ្រើសរើសនិងហ្វឹកហាត់ទាហាន". Country-data.com. ធ្នូ ១៩៨៩. Retrieved ១៩ មករា ២០១១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ៣០,០ ៣០,១ "ស្ថិតិសិង្ហបុរី" (PDF). ស្ថិតិសិង្ហបុរី. Archived from the original (PDF) on 2009-10-07. Retrieved ២៨ សីហា ២០០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ The World Factbook. "សិង្ហបុរី". Archived from the original on 2009-10-28. Retrieved ១៦ មករា ២០១១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ នាយកដ្ឋានស្ថិតិសិង្ហបុរី (១២ មករា ២០១១). "ជំរឿនប្រជាជនឆ្នាំ២០១០៖ ស្ថិតិចេញលើកទី១ ស្ដីអំពីបុគ្គលិកលក្ខណប្រជាសាស្ត្រ អប់រំ ភាសា និងសាសនា" (PDF). Archived from the original (PDF) on 2011-01-24. Retrieved ១៦ មករា ២០១១.
{{cite web}}
: Check date values in:|accessdate=
and|date=
(help)
|
|
|
- Pages using duplicate arguments in template calls
- Pages containing cite templates with deprecated parameters
- CS1 errors: dates
- Pages which use infobox templates with ignored data cells
- Articles with hatnote templates targeting a nonexistent page
- សិង្ហបុរី
- រដ្ឋបុរី
- ប្រទេសកោះ
- រដ្ឋសមាជិកអាស៊ាន
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- ប្រទេសអាស៊ីអាគ្នេយ៍
- ប្រទេសនៅអាស៊ី