មហាមោគ្គលាន
ព្រះមហាមោគ្គលាន មានតំណែងជាអគ្គសាវ័កឆ្វេង មានមហាវីរភាព និងមានកិត្តិគុណដ៍ខ្ទរខ្ទារ ជាសមណៈលេខ១ ផ្នែកខាងមានឫទ្ធិ ដែលលេចធ្លោក្នុងចំណោមមហាសាវ័កទាំងឡាយ។
អតីតជាតិ[កែប្រែ]
ក្នុងជាតិមួយលោកបានកើតជាសិរីវឌ្ឍកុដុម្ពី ដែលជាមិត្តរបស់សរទតាបស (ព្រះសារីបុត្រ)។ ក្រោយពីសរទតាបស បានប្រាថ្នាតំណែងជាអគ្គសាវ័កស្តាំក្នុងសម្នាក់ព្រះពុទ្ធអនោមទស្សីហើយ ក៏នឹកឃើញដល់មិត្តរបស់លោក គឺសិរីវឌ្ឍៈ ហើយក៏មានបំណងអោយមិត្តរបស់លោកបានជាអគ្គសាវ័កឆ្វេងដែរ។ លោកក៏ធ្វើដំណើរទៅកាន់សម្នាក់សិរីវឌ្ឍៈ ហើយប្រាប់ដំណើររឿងសព្វគ្រប់ រួចក៏បបួលអោយសិរីវឌ្ឍប្រាថ្នាតំណែងជាអគ្គសាវ័កឆ្វេងក្នុងសាសនាព្រះគោតមសម្ពុទ្ធជាម្ចាស់។ សិរីវឌ្ឍកុដុម្ពីនិយាយជំទាស់ថា ខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់ តើត្រូវធ្វើយ៉ាងណាអោយបានត្រឹមត្រូវទេ សរទតាបសប្រាប់ថា ការក្រាបទូលចំពោះព្រះពុទ្ធជាម្ចាស់ ជានាទីរបស់យើង សូមសម្លាញ់ឯងត្រៀមអាហារ និងគ្រឿងសក្ការទុកអោយស្រេចបាច់ សិរីវឌ្ឍកុដុម្ពីក៏យល់ក្នុងពាក្យណែនាំនោះ ហើយត្រៀមខាទនីយភោជនីយាហារ និងសាងមណ្ឌប ហើយបានធ្វើមហាទានចំពោះព្រះភិក្ខុសង្ឃ១សែន មានព្រះអនោមទស្សីសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ជាព្រះប្រធាន កាលធ្វើទាន៧ថ្ងៃស្រេចហើយ បានប្រាថ្នាតំណែង អគ្គសាវកទី២ តាមពាក្យណែនាំ របស់សរទតាបសនោះ។
ជាតិចុងក្រោយ[កែប្រែ]
ព្រះមហាមោគ្គលានត្ថេរ បានកើតក្នុងត្រកូលព្រាហ្មណ៍ គឺមោគ្គលានគោត្ត ក្នុងស្រុកកោលិតគ្រាម ក្រុងនាលន្ទា ដែលនៅមិនឆ្ងាយពីក្រុងរាជគ្រឹះ និងស្រុករបស់ព្រះសារីបុត្រ ល្មមទៅមករកគ្នាបានដោយមិនលំបាក។ បិតាលោកជាព្រាហ្មណ៍មានតំណែងជាអភិបាលស្រុក ឬហៅម្យ៉ាងទៀតថា មន្ត្រីថ្នាក់ស្រុក ឈ្មោះកោលិតព្រាហ្មណ៍ មាតាឈ្មោះនាង មោគ្គលីព្រាហ្មណី និងមានទ្រព្យ ៥៦០កោដិកហាបណៈ។ តាំងពីដើមឡើយ លោកមានឈ្មោះថា កោលិតៈ និងហៅតាមឈ្មោះរបស់ស្រុកព្រោះលោកជាបុត្ររបស់ត្រកូលធំក្នុងស្រុកកោលិតគ្រាម ម្យ៉ាងទៀតហៅតាមឈ្មោះ គោត្ត គឺឈ្មោះត្រកូលថា មោគ្គល្លាន។
ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភស្មើនឹងឧបតិស្សមាណពដែរ ហើយត្រកូលទាំងពីរនេះជាមិត្រជាប់តគ្នាមកអស់៧តំណបុព្វបុរសហើយ ធ្វើអោយអ្នកទាំងពីរដែលមានអាយុស្រករគ្នា បានជាមិត្រនឹងគ្នាទៀត។
ការបួស[កែប្រែ]
បន្ទាប់ពីបានដំណឹងអំពីព្រះសារីបុត្រ អ្នកទាំងពីរក៏នាំគ្នាទៅសម្នាក់ព្រះសាស្តា សុំអនុញ្ញាតការបព្វជ្ជាឧបសម្បទាក្នុងសម្នាក់ព្រះមានព្រះភាគ។ ក្រោយពេលបួសបាន៧ថ្ងៃ កោលិតៈ ក៏បានសម្រេចអរហត្តផលជាព្រះអរហន្ត ក្រោយពេលលោកបានបួសហើយ លោកក៏មានឈ្មោះថ្មីថា មោគ្គល្លាន ចំណែកឈ្មោះកោលិតៈពីដើម ក៏បាត់ទៅ។
តំណែងកំពូល[កែប្រែ]
ដោយសារព្រះមហាមោគ្គល្លាន លោកមានមហិទ្ធានុភាព ទើបបានទទួលកាលសរសើរអំពីព្រះបរមសាស្តា និងតែងតាំងលោកក្នុងចំណោមព្រះអរិយទាំងឡាយ ជាអ្នកច្រើនទៅដោយឫទ្ធិ។
ការសំដែងឫទ្ធិ[កែប្រែ]
ភាវៈជាអ្នកមានឫទ្ធិច្រើនរបស់ព្រះមោគ្គល្លាន ចាត់ទុកជាប្រយោជន៍ក្នុងការជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្នែកដែលត្រូវប្រើឥទ្ធិបាដិហារិយ៍ គឺការសម្តែងឫទ្ធិបានដ៏អស្ចារ្យ ដើម្បីទូន្មានអ្នកដែលវង្វេង ប្រកាន់ខ្លួន យល់ខុសថា មានតែអញនៅក្នុងលោកនេះ និងអ្នកដែលមើលងាយព្រះពុទ្ធសាសនា អោយប្តូរចិត្ត និងបានទទួលផលល្អវិញ។ ដូចជាទៅឋានទេវតា សួរពីបុព្វហេតុដែលទេវតាទាំងនោះបានកើតជាទេវតា ឬក៏ចុះទៅឋាននរក ហើយមកប្រាប់ញាតិរបស់សត្វនរកនោះវិញ ដើម្បីញុំាងអោយមនុស្សទាំងឡាយខ្លាចបាន និងមានចិត្តធ្វើបុណ្យកាន់តែច្រើន។ លោកបានសម្តែងរឺទ្ធិទូន្មានដល់ស្តេចនាគកំណាចមួយក្បាលឈ្មោះ នន្ទោបនន្ទនាគរាជ ដែលជាសត្វមានមិច្ឆាទិដ្ឋិ អោយមកជាសត្វមានសមាទិដិ្ឋវិញ។
ទូន្មានស្រីពេស្យា[កែប្រែ]
កាលនោះ ព្រះមហាមោគ្គល្លាន ទ្រង់គង់នៅក្នុងព្រៃ មានស្រីពេស្យាម្នាក់មកប្រលោមលួងលោមលោក លោកក៏បានទូន្មានស្រីនោះ ដូច្នេះថា នែស្រីផ្កាមាស ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃដែលជាខ្ទម គឺរាងឆ្អឹង មានសាច់និងសរសៃរួបរិតហើយ ពេញដោយគ្រឿងមិនស្អាត មានក្លិនស្អុយ។ ម្នាលនាងមានពកនៅទ្រូង ដូចបិសាច ក្នុងពោះរបស់នាង ដែលពោរពេញដោយលាមក ស្រោបដោយស្បែក មានទ្វារសំរាប់បង្ហូរចេញ៩ តែងហៀរហូរគ្រប់ពេល។ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដូចជាបុគ្គលដើរវាងលាមក។ កាលស្រីពេស្យានោះបានស្តាប់ហើយ ក៏កើតសេចក្តីសង្វេក មានភាពតក់ស្លុតផ្លូវចិត្ត ទើបក្រាបទូលតបថា លោកមានថេរវាចាយ៉ាងណា បពិត្រលោកអ្នកមានព្យាយាមច្រើន ហេតុនោះក៏យ៉ាងនឹងមែនហើយ តែមានជនខ្លះ លិចនៅក្នុងសរីរៈនោះដែរ ដូចគោចាស់លិចនៅក្នុងភក់។ ព្រះមហាមោគ្គល្លានក៏មានថេរដីកាបន្តថា នរណាសម្គាល់ ដើម្បីជ្រលក់នូវអាកាស ដោយរមៀតឬដោយគ្រឿងជ្រលក់ឯទៀត ការងាររបស់អ្នកនោះ នាំអោយតែកើតការលំបាកទេ។ ចិត្តដែលតម្កល់ល្អ ក៏ស្មើនឹងអាកាស នាងកុំត្រេកអរនឹងយើង ដោយចិត្តលាមក ដូចសត្វមមាចត្រេកអរនឹងភ្លើងឡើយ។ នាងចូរមើលរាងកាយ ដែលធ្វើអោយវិចិត្រហើយ ជាទីប្រជុំនៃដំបៅ ដែលឆ្អឹង៣០០កំណាត់ផ្តុំគ្នាហើយ ឈឺជានិច្ច ដែលពួកជនពាល(មនុស្សល្ងង់) ប្រាថ្នាដោយច្រើន សេចក្តីទៀងទាត់និងការមាំមួន របស់រាងកាយនេះមិនមានឡើយ។
ការបរិនិព្វាន[កែប្រែ]
ព្រះមហាមោគ្គល្លានបានធ្វើអោយមនុស្សទំាងឡាយជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងច្រើន ក៏បានធ្វើអោយពួកតិរ្ថីយ៍ (ពួកក្រៅពុទ្ធសាសនា) មានការច្រណែននឹងព្រះពុទ្ធសាសនា ពួកគេក៏បានប្រជុំគ្នារកវិធីសំលាប់ព្រះមហាមោគ្គល្លាន។ ពួកតិរ្ថីយ៍ក៏បានជួលចោរដោយប្រាក់១ពាន់កហាបណៈ អោយទៅសំលាប់លោកនៅតំបន់កាឡសិលាក្នុងដែនមគធៈ។ ពួកចោរទាំងនោះក៏ទៅឡោមព័ទ្ធកុដិរបស់ព្រះថេរៈ ៗក៏ដឹងខ្លួន លោកក៏គេចចេញទៅតាមប្រហោងកូនសោរដោយអានុភាពឫទ្ធិ។ ថ្ងៃបន្ទាប់ពួកចោរក៏ព័ទ្ធទៀត ព្រះថេរៈក៏ប្រើឥទ្ធិឫទ្ធិទំលាយហោជាងហោះទៅលើអាកាស។ ពួកចោរបានព្យាយាមរហូតអស់២ទៅ៣ខែ នៅតែចាប់ព្រះថេរៈមិនបាន។ ព្រះមហាមោគ្គល្លានក៏ពិចារណាហេតុផលរបស់កម្ម ធ្វើអោយលោកជ្រាបដល់ភាវៈនៃបាបកម្មដែលខ្លួនធ្លាប់ធើ្វទុក ទើបមិនគេចទៅណាដើម្បីប្រឈមមុខនឹងកម្មអាក្រក់របស់លោក។ ពួកចោរក៏ចាប់បានព្រះថេរៈ ហើយក៏នាំគ្នាទះតប់រហូតឆ្អឹងទាំងឡាយរបស់លោកបែកខ្ទេចទៅជាចំណិតតូចៗប្រមាណប៉ុនគ្រាប់អង្ករ ពួកចោរយល់ថា ព្រះថេរៈធ្វើមរណកាលហើយ ក៏សែងយកលោកទៅចោលក្នុងគុម្ពព្រៃមួយ ហើយក៏គេចទៅ។ ព្រះមហាមោគ្គល្លានបានទទួលការឈឺចាប់ក្រៃលែង តែលោកសង្រួមចិត្តគិតពិចារណាថា យើងគួរទៅគាល់ព្រះមានព្រះភាគជាមុនសិន ហើយនឹងបរិនិព្វានក្នុងកាលជាខាងក្រោយ។ លុះគិតហើយ លោកបានប្រមូលអត្តភាពដោយកម្លាំងនៃឫទ្ធិ ធ្វើអោយរាងកាយមាំទាំល្អ ហោះទៅកាន់សំណាក់ព្រះមានព្រះភាគ ថ្វាយបង្គំព្រះអង្គទូលលាបរិនិព្វាន។ ព្រះតថាគតក៏អោយព្រះមហាមោគ្គល្លានសម្តែងធម៌ជាលើកចុងក្រោយមុននឹងបរិនិព្វាន។ ព្រះមហាមោគ្គល្លានក៏បានធ្វើតាមព្រះពុទ្ធតម្រាស់ ហើយក៏បរិនិព្វានក្នុងថ្ងៃ ១៥រោច ខែកត្តិក។
បុព្វកម្មក្នុងអតីតជាតិ[កែប្រែ]
ក្នុងអតីតជាតិ មានកុលបុត្រម្នាក់ជាអ្នកក្រុងពារាណសី បានធ្វើកិច្ចការផ្សេងៗ មានដាំបាយជាដើមបម្រើឪពុកម្តាយពិការភ្នែក។ លុះកន្លងតមក មាតាបិតាបុរសនោះអាណិតកូន ទើបរកគូស្រករអោយកូនដើម្បីអោយបានជួយជាដៃជើងខ្លះក្នុងផ្ទះ។ ស្រីនោះកាលចូលមកជាកូនប្រសារ តាំងចិត្តធ្វើនាទីបម្រើឪពុកម្តាយក្មេកបានល្អត្រឹម២.៣ថ្ងៃប៉ុណ្ណោះ ក្រោយមកបន្តិច មិនព្រមបម្រើ ទាំងមិនចង់ឃើញអ្នកទាំងពីរនោះទៀតផង ទើបប្រាប់ដល់ស្វាមីថា មិនចង់នៅរួមជាមួយឪពុកម្តាយក្មេក រកហេតុផលផ្សេងៗមកនិយាយ តែស្វាមីមិនជឿ។ ក្នុងពេលស្វាមីចេញទៅធ្វើការក្រៅផ្ទះ នាងយកសម្រាម និងពពុះបបរចោលប្រតេកប្រតាក លុះស្វាមីត្រឡប់មកឃើញ នាងក៏ថា មនុស្សចាស់ទាំងពីរនោះជាអ្នកធ្វើ។ កាលស្រីនោះរៀបរាប់ត្អូញត្អែរមិនចេះចប់មិនចេះហើយ កុលបុត្រនោះជាអ្នកបំពេញបារមីពេញហើយក៏ដោយ ធ្វើអោយអស់សេចក្តីស្រឡាញ់ម្តាយឪពុករបស់ខ្លួនបាន គេនិយាយនឹងស្រីនោះថា ខ្ញុំនឹងដឹងកិច្ចដែលគួរធ្វើដល់អ្នកទាំងពីរនោះ ថាហើយ គេអញ្ជើញឪពុកម្តាយអោយបរិភោគស្រេចហើយ ក៏នាំទៅលេងញាតិនៅស្រុកឯណោះ។ លុះទៅដល់កណ្តាលព្រៃ គេនិយាយបញ្ឆោតថា សូមលោកឪពុកកាន់ខ្សែគោ គោទាំងពីរនឹងទៅតាមសញ្ញារបស់ជន្លួញ ព្រោះក្នុងទីនេះមានចោរលាក់ខ្លួន ខ្ញុំនឹងចុះដើរទៅ ថាហើយក៏បញ្ជូនខ្សែអោយឪពុកកាន់ កាលគេដើរទៅបានបន្តិច ក៏ក្លែងធ្វើជាសម្លេងចោរ។ មាតាបិតាឮសម្លេង ស្មានថាជាចោរពិត ក៏ស្រែកប្រាប់កូនថា "កូនអើយ ពុកម៉ែចាស់ហើយ ចូរកូនរក្សាចំពោះខ្លួនកូនអោយផុតចាកភយន្តរាយចុះ"។ កូនប្រុសនោះបានធ្វើសម្លេងអោយដូចជាចោរ ហើយវាយមាតាបិតាអោយស្លាប់ហើយចោលសព្វពួកគាត់ទីនោះ រួចត្រឡប់មកផ្ទះវិញ។
ដោយសារកម្មនេះ ព្រះមហាមោគ្គល្លានសូម្បីបានជាព្រះអរហន្តហើយក៏ដោយ ក៏មិនអាចគេចរួចពីកម្មដែលលោកបានប្រព្រឹត្តកន្លង។ ហេតុដូចនេះ បុគ្គលគប្បីរឭកពាក្យទូន្មានរបស់ព្រះបរមសាស្តាថា នត្ថិ កម្មំ សមំ ពលំ កម្លំាងអ្វី ស្មើនឹងកម្លាំងកម្មមិនមាន។
|