Jump to content

បួរ គ្រី

ពីវិគីភីឌា
បួរ គ្រី
សម្តេចព្រះអភិសិរីសុគន្ធា​មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា
ព័ត៌មាន​មួយ​ចំនួន
ព្រះនាម បួរ គ្រី
ព្រះគោរមងារ សម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឋានៈ សម្ដេច​ព្រះ​មហាសង្ឃ​រាជ
ប្រសូត ១១ មករា ១៩៤៥
ព្រះបិតា បួរ វ៉ាន
ព្រះមាតា ជា ជួន
សញ្ជាតិ កម្ពុជា
បន្តពី
សាសនា ព្រះពុទ្ធសាសនាថេរវាទ

thumb|220px|​​សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី, ថតចេញពីផ្ទាំងគំនូរ​ដ៏​ចំណាស់មួយ thumb|220px|សម្តេចព្រះសង្ឃរាជ បួរ គ្រី ក្រោយ​ពេល​សាង​ផ្នួស​បាន​មួយ​រយៈ​ខ្លី ក្រោយឆ្នាំ​១៩៦៣ thumb|220px|សម្តេចព្រះសង្ឃរាជ បួរ គ្រី ទទួលនិមន្តប្រគេនភត្តកឋិនទាន ឆ្នាំ​១៩៧៤


វត្តខេមរារាម ឆ្នាំ២០០៣

សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Bour Kry) ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃ​ទី១១ ខែមករា ឆ្នាំ១៩៤៥។ ព្រះបិតា​ព្រះនាម បួរ វ៉ាន ព្រះមាតា​ព្រះនាម ជា ជួន។

បឋមវ័យ

[កែប្រែ]

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់ប្រសូតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងព្រះជន្ម​៧ព្រះវស្សា ព្រះអង្គ​បាន​សិក្សាអក្សរ និងលេខនព្វន្ត នៅសាលា​បឋមសិក្សា ឃុំ​ស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅក្នុង​ឆ្នាំកុរ ឯកស័ក ព.ស. ២៥០៣ គ.ស. ១៩៥៩ ព្រះអង្គ​បាន​ប្រឡង​ចូលសិក្សា​នៅ​វិទ្យាល័យ​បាត់ដំបង។ លុះដល់​ឆ្នាំ​ថោះ គ.ស. ១៩៦៣ ព្រះអង្គ​បានប្រឡង​ជាប់សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ (ឌីប្លូម)។

បព្វជ្ជា

[កែប្រែ]

នៅឆ្នាំ១៩៦៣ ព្រះអង្គបាន​សម្រេចសុំអនុញ្ញាតលាមាតាបិតា និងក្រុមញាតិ ដើម្បីបានបព្វជ្ជាជាសាមណេរ និងឧបសម្ប័ទជាភិក្ខុភាវៈ នៅវត្ត​បុប្ផារាម ក្នុងឃុំ​ស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមាន​ឧបជ្ឈាយ៍​​ព្រះនាម ព្រះមហារាជធម្ម នាមបញ្ញត្តិ ព្រះធម្មរក្ខិតោ ស៊ីវ ទន់ ជាព្រះរាជាគណៈ​ថ្នាក់ចត្វា និងកម្មវាចា ព្រះមង្គលមុនី ចែង ស្មិន។ បន្ទាប់មក ព្រះអង្គ​បានគង់​នៅ​ក្នុងវត្ត​បុប្ផារាម និងវត្តបទុមវតីរាជវរារាម ដើម្បីសិក្សារៀនសូត្រភាសាបាលី ប្រែគម្ពីរ​ធម្មបទ និង​មង្គលត្ថទីបនីចប់សព្វគ្រប់។ ក្រោយមក ព្រះអង្គ​ត្រូវបាន​តែងតាំង​ជា​ព្រះលេខាធិការគណ ប្រចាំខេត្ត​បាត់ដំបង ព្រមទាំង​បានទទួលនូវ​សេចក្តីគោរព​ស្រឡាញ់ និងកោតសរសើរ​ពីព្រះសង្ឃ និងពុទ្ធបរិស័ទ​យ៉ាងច្រើន។ មិនយូរប៉ុន្មាន ព្រះអង្គ​ត្រូវបានទទួលការ​តែងតាំង​បន្ថែម​​លើមុខងារ​ដែលព្រះអង្គ​កំពុង​បំពេញ ជាអ្នក​បដិបត្តិនាទីជំនួស​ព្រះមេគណគណៈធម្មយុត្ត ខេត្តបាត់ដំបង និងនិមន្ត​ឡើងចុះ មើលការខុសត្រូវ ​ក្នុងការ​កសាងវត្ត គណៈធម្មយុត្ត នៅប៉ោយប៉ែត (ទល់ដែន​កម្ពុជា-ថៃ)។

ការភៀសព្រះកាយទៅប្រទេសបារាំង

[កែប្រែ]

នៅក្នុងឆ្នាំថោះ សប្តស័ក ព.ស. ២៥១៩ គ.ស. ១៩៧៥ បន្ទាប់​ពី​មានការធ្វើ​រដ្ឋប្រហារ​ទម្លាក់ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុប្រទេស​កម្ពុជា ធ្លាក់ចូល​ក្នុងរបបខ្មែរក្រហម ដែល​បង្កឲ្យមានភាពវឹកវរយ៉ាងធំ។ ព្រះពុទ្ធសាសនា​ក្នុង​ពេលនោះ បានធ្លាក់ចុះ​យ៉ាងខ្លាំង។ ព្រះសង្ឃខ្មែរទាំងឡាយ ខ្លះ​ត្រូវបាន​គេចាប់​ផ្សឹក ខ្លះទៀត​ត្រូវបាន​គេសម្លាប់​ចោល។ សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី បាន​សម្រេច​ភៀស​ព្រះកាយ យាង​​​ទៅ​ដល់​ប្រទេស​បារាំង​នៅឆ្នាំ​១៩៧៦។ នៅក្នុងកិច្ច​សម្ភាសជាមួយ​នឹងសម្តេចសង្ឃ ផប ​ជីន ផោល ទី២ ( Pope Jean Paul II) ដែលជា​ព្រះសង្ឃរាជ​កាតូលិក នៅទីក្រុងវ៉ាទីកង់ (Vatican), សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បាន​ស្នើឲ្យព្រះវិហារ​កាតូលិក​ធ្វើការ​ថ្កោលទោសជាផ្លូវការ ចំពោះ​​គោល​នយោបាយ(សម្លាប់រង្គាល) នៃរបបខ្មែរក្រហម ប៉ុល ពត។ ដោយ​សារ​​ប្រទេសកម្ពុជា​ធ្លាប់ស្ថិត​នៅ​ក្រោមការត្រួតត្រា​របស់​ប្រទេសបារាំង ហើយមាន​ទំនាក់ទំនង​នឹងគ្នាច្រើន​ជាងមួយ​សតវត្សរ៍​មកហើយ ហេតុនេះ​ធ្វើឲ្យមាន​ការងាយស្រួល​សំរាប់​​ជនភៀស​ខ្លួនខ្មែរ ​ក្នុងការសុំសិទ្ធ​ជ្រកកោន ក្នុង​ប្រទេសបារាំង។ នៅឆ្នាំ១៩៧៧ ព្រះអង្គ រួមជាមួយនឹង​ក្រុមព្រះសង្ឃ​មួយចំនួនតូច ព្រមទាំង​ជនភៀសខ្លួនខ្មែរ បានបង្កើត​សមាគមន៍​សាសនាដំបូង មានឈ្មោះថា ពុទ្ធិកសមាគមខ្មែរ ដែល​មានលក្ខណៈ​ផ្លូវច្បាប់​ខាង​សាសនា​សុទ្ធសាធ។ សមាគមនេះ ស្ថិត​នៅ​ទីក្រុង​ក្រេតីយ៍ (Créteil) ប្រទេសបារាំង។ ប៉ុន្មានឆ្នាំក្រោយមក សមាគមន៏នេះ មានការរីកចំរើន​ខ្លាំងឡើង។ ​នៅថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ១៩៨០ ព្រះអង្គ​បានបង្កើតវត្ត​ដំបូង​បង្អស់មួយ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ឈ្មោះថា ​វត្តខេមរារាម នៅក្នុងទីក្រុងក្រេតីយ៍ (Créteil) នៅជាយ​នៃទីក្រុងបារីស ក្រោមការ​ដឹកនាំ​គ្រប់គ្រង​របស់​ព្រះអង្គ​ផ្ទាល់ ដោយមាន​ពិធី​បញ្ចុះសីមាជាវត្ត​ត្រឹមត្រូវ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​នានា តាម​បែប​ព្រះពុទ្ធសាសនា

នៅថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​១៩៨១ ព្រះករុណា ព្រះបាទ​សម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​នៅជាព្រះអង្គម្ចាស់​នៅ​ឡើយ ទ្រង់បាន​យាង​សាង​ព្រះផ្នួស ឧបសម្បទាជា​ភិក្ខុភាវៈ មាននាមបញ្ញត្តិថា ពុទ្ធរក្ខិតោ នាវត្ត​ខេមរារាម ដោយមាន​សម្តេច​ព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា ពេលនោះ ជាលោកគ្រូម្ចាស់ បួរ គ្រី ស្តេចជា​ព្រះរាជ​ឧបជ្ឈាយ៍បំបួសផ្ទាល់។

ក្រោយមក ពុទ្ធិកសមាគមខ្មែរ ត្រូវបាននិយាយដោយបើកចំហ មិនមាន​ការប្រណាំង មិនមាន​ការរើសអើង​​ពូជសាសន៍ ឬសមាជិក​សាសនាដទៃ។ ​អាស្រ័យ​នូវទឹកព្រះទ័យ​មេត្តាករុណា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានបង្កើតអង្គការ​មនុស្សធម៌​មួយ ដែល​មាន​ឈ្មោះ​ថា សមាគមពុទ្ធិសង្គ្រោះអន្តរជាតិ (Secours Bouddhique International) នៅក្នុងឆ្នាំ១៩៨២ ដែលមាន​លក្ខណៈ​ផ្លូវច្បាប់​ខុសពីការ​បង្កើតវត្ត ដើម្បី​ផ្តល់​ជំនួយមនុស្សធម៌ ដល់ជនរងគ្រោះ និងទីទ័លក្រ។ ព្រះអង្គ នៅតែបន្តយកព្រះទ័យទុកដាក់ យាងសួរសុខទុក្ខប្រជារាស្ត្រ នៅ​ជំរំ​ជនភៀសខ្លួន​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផ្តល់ជាសម្ភារៈ ក៏ដូចជាកម្លាំងស្មារតី ដល់ជន​ភៀសខ្លួន ដែលរង​ការឈឺចាប់​ផ្លូវកាយ និងផ្លូវចិត្ត ប្រាសចាកលំនៅស្ថាន ចាកមាតុប្រទេសរបស់ខ្លួន។

ការតែងតាំងព្រះរាជក្រឹត្យ

[កែប្រែ]

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​១៩៨៥ (ឯកសារខ្លះថា ឆ្នាំ១៩៨៤) សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានរៀបចំធ្វើពិធី​សម្ភោធ ឆ្លងវត្តខេមរារាម-ពុទ្ធិកសមាគមខ្មែរ ក្រោម​ព្រះរាជាធិបតីដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេច​ព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតាជាតិខ្មែរ។ នៅពេលនោះ ព្រះករុណា ព្រះមហាវីរក្សត្រ បានតម្លើងព្រះកិត្តិយសថ្វាយ​ព្រះអង្គជា ព្រះសុវរធម្មខេមរសាសនវង្សាចារ្យ ព្រះចៅអធិការ វត្តខេមរារាម។

ព្រះអង្គបានខិតខំកសាងវត្តអារាម និងពុទ្ធមណ្ឌល​ជាច្រើននៅក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង (នៅទីក្រុង Créteil, Toul Nancy Lille) ប្រទេស​ប៊ែលហ្សីក (ទីក្រុង​Brussels) ប្រទេសអាល្លឺម៉ង់ (ទីក្រុង Stuttgart) និងនៅសហរដ្ឋអាមេរិក (នៅទីក្រុង Ohio និង Washington)។

ដោយមានការកត់សំគាល់នូវ​រាល់​កិច្ច​ខិតខំប្រឹងប្រែងឥត​ឈប់ឈរ របស់​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណា ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ទ្រង់ប្រោសប្រទានថ្វាយគោរមងារជា​សម្តេច​ព្រះអង្គគ្រូ (Spiritual Eminence Master) ទីក្រុង​ប៉េកាំង (ប្រទេសចិន) នៅថ្ងៃចន្ទ ០៦រោច ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៣២ ត្រូវនឹងថ្ងៃទី​៣១ ខែតុលា ឆ្នាំ១៩៨៧។ ។

នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា, បាន​តែងតាំង​សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី ជា​ប្រមុខ​​នៃគណៈធម្មយុត្ត មានងារថា សម្តេច​ព្រះសុគន្ធាធិបតី សម្តេច​ព្រះសង្ឃរាជ (ព្រះសង្ឃរាជ​កំពូល) នៃ​ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០០៧, ព្រះបាទ​នរោត្តម សីហមុនី បានថ្វាយងារក្នុង​ដំណែងកំពូលជា សម្តេច​ព្រះអភិសិរី សុគន្ធា មហាសង្ឃរាជា ធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចព្រះសង្ឃរាជ បួរ គ្រី បាន​មានសកម្មភាពជាច្រើនក្នុង​ព្រះពុទ្ធសាសនា​ដោយ​ពេញ​ព្រះរាជហឫទ័យ ដោយ​ហេតុនោះ ព្រះអង្គ​បាន​ទទួល​ការទទួលស្គាល់​ពី​បណ្តា​ប្រទេស​មួយចំនួន ដូច​ជា ស្រីលង្កា ថៃ ជាដើម ដែល​បាន​ថ្វាយ​ចំណាត់ថ្នាក់​សញ្ញាប័ត្រ​ជានខ្ពស់ ដូចជា បណ្ឌិតអូណូរីខាវសា (Doctor Honoris Causa), ផ្នែកព្រះពុទ្ធសាសនា ពីមហាវិទ្យាល័យ​មហាមកុដរាជវិទ្យាល័យ (២៥ តុលា ២០០៣ ប្រទេសថៃ) ក៏ដូចជាងារដ៏ខ្ពង់ខ្ពស់​ក្នុង​សាសនាថា មហាសទ្ធម្ម ជោតិកធាចារ នៃព្រះសង្ឃភូមា។

នៅខែកញ្ញា ឆ្នាំ​២០០៧ (ឯកសារពីទំព័រគណៈធម្មយុត្តកម្ពុជាថ្ងៃនេះ ថា ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០០៧) សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិត​សភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្វាយ​មេដាយជាន់ខ្ពស់ ថ្នាក់ ជាតូបការ ដល់​សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី ដែលជាមេដាយថ្នាក់ខ្ពស់បំផុត នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បីតបព្រះរាជគុណ ដែលព្រះអង្គមានស្នាព្រះហស្តជាច្រើន លះបង់ព្រះកាយពល ដើម្បីប្រយោជន៍ដល់ព្រះពុទ្ធសាសនាបែបថេរវាទ ​និងដោយព្រះទ័យ​សប្បុរស ចំពោះ​ប្រជាជនខ្មែរ

នៅថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១០ សម្តេច​ព្រះ​អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានទទួល​ការប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យតែងតាំង​ទទួលខុសត្រូវ​បន្ថែមជា ព្រះប្រធានគណៈ​សង្ឃនាយក នៃគណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០០៧ សម្តេចព្រះមហាសង្ឃរាជ បានទទួល​ការតែងតាំង​ដោយព្រះរាជក្រឹត្យ ជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ពី​ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជា។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ សម្តេចព្រះមហាសង្ឃរាជ ព្រះអង្គបានទទួល​ព្រះរាជទាន​ព្រះរាជក្រឹត្យ ថ្វាយ​ព្រះបរមងារជា សម្តេច​ព្រះ​អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះរាជ​បញ្ញត្តិ ទូលតបជាភាសារាជស័ព្ទ ហើយ​ព្រះអង្គមាន​សិទ្ធិ​ប្រើផ្លិត​យសពិសេស។

សង្គម និងការងារសាសនា

[កែប្រែ]

បន្ទាប់ពីកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស រវាងគ្រប់ភាគីទាំងអស់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេច​ព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ បានស្នើ​សុំយាង​សម្តេច​ព្រះមហា​សង្ឃរាជ បួរ គ្រី មកកាន់មាតុភូមិ​កម្ពុជាវិញ។

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​១៩៩១ ក្រោមការស្នើ​សុំពីសំណាក់​សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធ បណ្ឌិត ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នៅពេលនោះ ជា​ឯកឧត្តម ជា ស៊ីម ប្រធាន​រដ្ឋសភា នៃរដ្ឋកម្ពុជា ប្រធាន​រណសិរ្សសង្គ្រោះមាតុភូមិកម្ពុជា និងជាប្រធាន​គណៈ​បក្ស​ប្រជាជនកម្ពុជា ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះ ព្រះអង្គជា ព្រះប្រធាន​ក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយ​ព្រះឋានៈជា សម្តេចព្រះសុគន្ធាធិបតី សម្តេច​ព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា។ ពេលនោះ ពុំទាន់មាន​វត្ត និង​ព្រះសង្ឃគណៈ​ធម្មយុត្ត​នៅឡើយ សម្តេចព្រះមហាសង្ឃរាជ ទ្រង់​ប្រថាប់​នៅក្នុងវត្តឧណ្ណាលោម អស់រយៈពេល​៣ខែ រហូតដល់ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​១៩៩២ ទើបស្តេចយាង​មកគង់នៅ​វត្តបទុមវតីរាជវរារាម ប្រារព្ធ​ពីធី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់​ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង​សម្តេច​ព្រះមហា​ក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសម្តេច​អគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងមន្ត្រីរាជការ​ជាន់ខ្ពស់ដទៃទៀតជាច្រើនរូប។ ចំណែក​ខាង​ព្រះសង្ឃ មាន សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងមន្ត្រីសង្ឃ ព្រមទាំង​ពុទ្ធបរិស័ទ យាង និង​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ។ នៅថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​១៩៩២ ព្រះអង្គបានបំបួស​កុលបុត្រ ដែល​មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាភិក្ខុ សាមណេរ រាប់រយអង្គ ព្រមទាំងបាន​ជួសជុល កសាងវត្តអារាមនានា សាលារៀន ដែល​ត្រូវ​បាន​​បោះបង់​ចោល​ក្នុង​អំឡុង​ទសវត្សរ៍នៃ​សង្គ្រាម​។ នៅក្នុង​គម្រោងការ​កសាងជាតិ​​ឡើងវិញ សម្តេច​ព្រះមហាសង្ឃរាជ បួរ គ្រី មាន​ព្រះបំណង​ឲ្យ​ព្រះពុទ្ធសាសនាចូលរួម​ចំណែក​នៅក្នុង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​ជនបទ។ សម្តេចព្រះមហាសង្ឃរាជ ពិចារណាថា ព្រះពុទ្ធសាសនា​គួរ​មាននាទី​អប់រំ​​ជា​ច្រើន​ឡើង​វិញ ក្នុង​សង្គមខ្មែរ និង​គួរ​ស្ថិតនៅ​ក្នុង​សន្តាន​ចិត្ត​​របស់​ក្មេង​ជំនាន់​ក្រោយ។ ក្នុងរយៈ​​ពេល​ដ៏ខ្លី ព្រះអង្គបាន​បញ្ជូន​ព្រះសង្ឃ​ក្មេងៗ​ជាច្រើន​​ទៅក្រៅ​ប្រទេស ដូចជា ប្រទេសបារាំង ស្រីលង្កា ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម ដើម្បី​ឲ្យ​ព្រះសង្ឃ​ក្មេងៗ​ទាំងនោះ ទទួល​បាន​ចំណេះ​ដឹង​ទូលំទូលាយ ដើម្បី​ជួយក្នុងការ​កើតឡើងជាថ្មី​នៃ​ព្រះពុទ្ធសាសនាធម្មយុត្ត

នៅឆ្នាំ​១៩៩៥ ព្រះអង្គ​បាន​ផ្តួចផ្តើម​បង្កើត​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រះសីហនុធម្មាធិរាជ។ វិទ្យាស្ថាននេះ ស្ថិតនៅភូមិចំបក់ ខេត្ត​កំពង់ស្ពឺ ​៤៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គោលបំណង​ក្នុង​ការ​បង្កើត​វិទ្យាស្ថាននេះ គឺ​៖

  1. ដើម្បីអប់រំ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដល់​ក្មេងក្រីក្រ​
  2. ធ្វើឲ្យមាន​ដំណើរ​ការ​ឡើងវិញ នូវការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ
  3. ដើម្បីណែនាំ​ពី​វប្បធម៌ និងប្រពៃណី​ជាតិខ្មែរ ដល់យុវជនកម្ពុជា

វិទ្យាស្ថាននេះ ជាពុទ្ធិកវិទ្យាល័យ ផ្តោតសំខាន់ទៅលើការ​អប់រំ​វប្បធម៌​ប្រពៃណីព្រះពុទ្ធសាសនាដល់ក្មេងក្រីក្រ និង​ស្តារតម្លៃនៃ​ក្រុមគួរសារខ្មែរ។ បច្ចុប្បន្ននេះ វិទ្យាស្ថានបានទទួលក្មេងៗប្រមាណជាង១០០នាក់ ដែល​ឪពុកម្តាយ​គ្មានលទ្ធភាព​ចិញ្ចឹម​ឲ្យរៀនសូត្រ មក​អប់រំទូន្មាន និងផ្តល់ការសិក្សា។ មូលនិធិ​សម្រាប់ផ្គត់ផ្គង់ដល់កុមារក្រីក្រកម្ពុជានេះ ត្រូវបានឧបត្ថម្ភដោយ​សិស្ស​របស់​សម្តេច​ព្រះមហាសង្ឃរាជ ដែលរស់នៅក្នុង​ និងក្រៅប្រទេស។

ព្រះអង្គបានបង្កើតសាលាជាច្រើនដូចជា :

ពុទ្ធិកវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី នៅរាជធានីភ្នំពេញ ដែលជាសាលាអនុវិទ្យាល័យ និងវិទ្យាល័យភាសាបាលី ដែលមូលនិធិភាគច្រើនបានមកពី​សទ្ធាជ្រះថ្លារបស់​ពុទ្ធបរិស័ទ និង​សិស្សរបស់ទ្រង់។ វិទ្យាស្ថាននេះ ត្រូវបាន​បង្កើតឡើង​ ដើម្បី​អប់រំបណ្តុះបណ្តាលភិក្ខុ សាមណេរ ផ្នែកសាសនា និងការសិក្សាថ្នាក់អនុវិទ្យាល័យ។ វិទ្យាស្ថាននេះ មានទីតាំងស្ថិតនៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ។ វិទ្យាល័យនេះ មាន៣ថ្នាក់។ ក្រោយពីបញ្ចប់ការ​សិក្សា​អស់​៣ឆ្នាំ សិស្សានុសិស្សទាំងអស់ ត្រូវ​ចូលរួមការប្រឡង ដើម្បីទទួលបាន​សញ្ញាប័ត្របឋមភូមិ (ឌីប្លូម៌) ដែល​ត្រូវបានទទួលស្គាល់ដោយ​រាជរដ្ឋាភិបាល។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (រាជធានីភ្នំពេញ) ស្ថិតនៅក្រោមការឧបត្ថម្ភ​ របស់ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថាននេះ ក៏មានទីតាំងនៅក្នុង​វត្តស្វាយពពែដែរ ។ សាសលវិទ្យាល័យនេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ឆ្លើយ​តបនូវតម្រូវការ​របស់​យុវសិស្ស យុវនិស្សិតបព្វជិត និងគ្រហស្ថ ដែល​គ្មានធនធាន ហើយចង់បន្តការសិក្សារបស់ពួកគេ។

ស្ថិតក្រោមការគ្រប់គ្រងរបស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី គេឃើញ​មានការវិវត្តន៍ទៅមុខជាលំដាប់។ តាំងពីឆ្នាំ​១៩៩៧ រហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញ​ការកសាងវត្តអារាមនានា ផ្នែក​ធម្មយុត្ត មាន​ចំនួនកើនឡើងជាលំដាប់ ផ្សាយពេញទូទាំង​ប្រទេស ជាពិសេស ក្នុងខេត្តប៉ៃលិន ជាខេត្តឯករាជ្យមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា។ វត្តអារាមធម្មយុត្តទាំងឡាយ មានចំនួន​១៦១ និងមានព្រះសង្ឃ​ចំនួន​២៥០០អង្គ គិតមកដល់​ខែមករា ឆ្នាំ​២០១១។ ក្រៅពីនេះ មនុស្ស​ចាស់ កុមារកំព្រា និងជនទុគ៌ត ក៏មានការ​ជួយ​ឧបត្ថម្ភ ដើម្បីការរស់នៅ ​ដោយ​ទឹកព្រះទ័យសប្បុរស និងភាពមេត្តា ពី​សម្តេចព្រះមហាសង្ឃរាជ​បច្ចុប្បន្ននេះដែរ។

សម្តេចព្រះមហាសង្ឃរាជ បាន​ចេញផ្សាយ​សៀវភៅ​ព្រះពុទ្ធសាសនាជាច្រើន ជាភាសាខ្មែរ និង​សំនួរចម្លើយសង្គម ស្តីអំពីសន្តិភាព ការ​អភិវឌ្ឍន៍សង្គម។ល។ ដើម្បី​ផ្តល់ភាពសុខដុម និងសន្តិភាពនៅក្នុងសង្គម​បច្ចុប្បន្នរបស់យើង។

ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥ សម្តេចព្រះអភសិរី​សុគន្ធាមហា​សង្ឃរាជា​ធិបតី​កិត្តិឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះមហា​សង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជា​ណាចក្រកម្ពុជា ទ្រង់បាន​ចូលរួម​វិសាខបូជាអន្តរជាតិ លើកទី ១២ នៅ​ប្រទេសថៃ។

ព្រះរាជបេសកកម្មអន្តរជាតិ

[កែប្រែ]

សម្តេច​ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេច​ព្រះ​មហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តេច​បាន​យាង​បំពេញព្រះរាជ​បេសកកម្ម​ ដើម្បីបង្កបង្កើតនូវ​ទំនាក់ទំនង​ជាមួយបណ្តា​ប្រទេសអ្នកកាន់​ព្រះពុទ្ធសាសនា​ជាច្រើន ក្នុងព្រះរាជ​បំណង​បណ្តុះបណ្តាល និងបង្កើននូវវប្បធម៌សន្តិភាព។ ព្រះអង្គបានយាងទៅ​ប្រទេស​ជាច្រើនក្នុង​ទ្វីបអឺរ៉ុប មានដូចជា ប្រទេស​បារាំង (Creteil, Toul-Nancy, Lille), ប៊ែលស្សីក (Brussels), អាល្លឺម៉ង (Stuttgart), និងសហរដ្ឋអាមេរិក (Ohio, Los Angeles/California, Washington State)។

នៅខែធ្នូ ឆ្នាំ១៩៩០ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើព្យុហយាត្រាសន្តិភាព នៅក្នុងប្រទេសឥណ្ឌា ដែល​ជា​ទីស្ថាន​ប្រសូត របស់​ព្រះសម្មាសម្ពុទ្ធ ។ សម្តេចព្រះមហាសង្ឃរាជ បានចូលរួម​សន្និសិទអន្តរជាតិ នៅប្រទេស​មួយចំនួន ដូចជា បារាំង ជប៉ុន នេប៉ាល ឥណ្ឌា ស្រីលង្កា អូស្ត្រាលី វៀតណាម តៃវ៉ាន់ ឥណ្ឌូនេស៊ី និងប្រទេសថៃ។ សាររបស់​ព្រះអង្គបានធ្វើឲ្យអ្នក​ទាំងនោះ​ រំភើប រំជួលចិត្ត ដឹងពី​ទឹក​ព្រះទ័យ​​មេត្តា​ករុណារបស់ព្រះអង្គ ដែលប្រាថ្នា​នូវ​សន្តិភាព សុខុមាលភាព សុភមង្គល ក្នុងសហស្សវត្យរ៍ថ្មី។ នៅក្នុង​កិច្ច​ប្រជុំកំពូល​សាសនាពិភពលោក លើក​ទី៣ មេដឹកនាំសាសនាទាំងអស់ បានសម្រេចជា​ឯកច្ឆន្ទ ផ្តល់​សច្ចានុមតិ ដោះស្រាយ ដោយសង្កត់ធ្ងន់​លើសារ​របស់​ព្រះអង្គ ដែល​ប្រាថ្នានូវសន្តិភាព ក្នុង​រាជធានីភ្នំពេញ នៅដើមសតវត្សរ៍ទី២១។

សម្តេច​ព្រះមហាសង្ឃរាជ មិនដែល​បំភ្លេចនូវ​បញ្ហាយ៉ាងធំ ដែល​សង្គមខ្មែរកំពុងប្រឈមមុខ គឺ​ជំងឺអេដស៍។ ដោយ​ហេតុនេះ ព្រះអង្គ បាន​ទទួល​ការនិមន្តពីសេតវិមាន នៅក្នុង​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សារកដំណោះស្រាយ ចំពោះបញ្ហានេះ។ នៅខែមិនា ឆ្នាំ២០០១ ព្រះអង្គ​បាន​យាងទៅឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិភាក្សា​លើ​បញ្ហានេះដែរ។ ព្រះអង្គបាន​ចូលរួម​ ក្នុងសកម្មភាព​ប្រឆាំង​ថ្នាំជក់ - គ្រឿងញាណផង​ដែរ។ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បាន​ធ្វើការពង្រឹង​ទំនាក់ទំនងជាមួយ​នឹង​ព្រះសង្ឃថៃគណៈ​ធម្មយុត្តិកនិកាកយ។ ក្រោយមក ខាងគណៈធម្មយុត្តិកនិកាយថៃ បាន​ផ្តល់ជំនួយ​សៀវភៅ​ព្រះត្រៃបិដក សម្រាប់ដម្កល់​ក្នុង​បណ្ណាល័យ​សាកលវិទ្យាល័យព្រះសង្ឃរាជ បួរ គ្រី។ ទន្ទឹមនឹងនោះដែរ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួល​ការនិមន្ត ពីគណៈ​កម្មការរៀបចំ​ខួប​កំណើត ​លើក​ទី​៩០ នៃ​សម្តេច​ព្រះ​នីយានាសំវរ (Somdet Phra Nyanasamvara) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០០៣ នៅវត្តBovoranives, ទីក្រុងបាងកក

ឆ្នាំ១៩៨៨ ព្រះអង្គត្រូវបានគណៈមហាសង្ឃនាយក នៃប្រទេស​ស្រីលង្កា ថ្វាយព្រះបរមងារជា ព្រះបិដកសោភ័ណសង្ឃនាយក។​ ឆ្នាំ២០០៤ ព្រះអង្គត្រូវបានរាជរដ្ឋាភិបាល នៃប្រទេសភូមា ថ្វាយព្រះ​បរមងារជា ព្រះធម្មបិដកសង្ឃនាយក និងព្រះរាជលញ្ឆករ សម្រាប់​ប្រើប្រាស់ក្នុងការ​ទំនាក់ទំនង​ រវាង​គណៈសង្ឃពុទ្ធសាសនា នៃប្រទេសភូមា

សមណស័ក្តិ

[កែប្រែ]
  • ត្រូវបានតែងតាំងជា លេខាធិការគណ ខេត្តបាត់ដំបង សម័យព្រះរាជាណាចក្រកម្ពុជា។
  • ត្រូវបានតែងតាំង​ជាអ្នកបដិបត្តិនាទីជំនួសព្រះមេគណ​ខេត្តបាត់ដំបង សម័យព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៤ ត្រូវបានតែងតាំង ជាព្រះសុវរធម្មខេមរសាសនវង្សាចារ្យ ព្រះចៅអធិការ វត្តខេមរារាម ប្រទេសបារាំង។
  • ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៧ បានទទួលការថ្វាយបរមងារ ជាសម្តេចព្រះអង្គគ្រូ ទីក្រុងប៉េកាំង ប្រទេសចិន។
  • ឆ្នាំ១៩៨៨ ព្រះអង្គត្រូវបានគណៈ​មហាសង្ឃនាយក នៃប្រទេស​ស្រីលង្កា ថ្វាយព្រះបរមងារ ជា ព្រះបិដកសោភ័ណសង្ឃនាយក។
  • ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ បានទទួលការថ្វាយ​ព្រះឋានៈ ជាសម្តេចព្រះសុគន្ធាធិបតី សម្តេច​ព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
  • ឆ្នាំ២០០៤ ទ្រង់ត្រូវបានរដ្ឋាភិបាល នៃប្រទេសភូមា ថ្វាយព្រះបរមងារ ជា ព្រះធម្មបិដកសង្ឃនាយក និងព្រះរាជ​លញ្ឆករ។
  • ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០០៧ ទ្រង់ទទួលព្រះរាជដំណែង​ ជា​ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ​សីហមុនីរាជា
  • ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួល​ព្រះបរមងារជា​សម្តេច​ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ​២០១០ ទ្រង់បានទទួលព្រះឋានៈ​បន្ថែមទៀត ជា​ព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា។

ស្នាព្រះហស្ត

[កែប្រែ]

ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍សង្គម សម្តេចព្រះអភិសិរីសុគន្ធា​មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា]] បាននិពន្ធ​នូវសៀវភៅព្រះធម៌ សម្រាប់​ពុទ្ធសាសនិក ដើម្បី​អប់រំបណ្តុះបណ្តាល​នូវខន្តី អំណត់ធ្មត់ អហិង្សា និងភាពសុខដុមរមនា ក្នុងផ្លូវចិត្ត ក៏ដូចជាក្នុងសង្គមជាតិ មាន​ដូចជា​សៀវភៅ ពុទ្ធធម៌ ប្រទីបនៃជីវិត ប្រទីបធម៌ ប្រជុំសន្និបាត១២៥០អរហន្តសាវ័ក ព្រមទាំងអត្ថបទស្តីអំពី​សន្តិភាព និងការអភិវឌ្ឍន៍​មនុស្ស និង​សង្គម​ប្រជាធិបតេយ្យ។ ព្រះអង្គ ក៏បាន​ជួសជុល វត្តអារាមចាស់ៗជាច្រើន និងកសាងវត្តថ្មី និងសាលាសម្រាប់​ប្រជាជនក្រីក្របាន​មានឱកាស​ដើម្បីចូលសិក្សារៀនសូត្រ មានជាដើមដូចជាៈ

ស្នាព្រះហស្តក្នុងប្រទេស

[កែប្រែ]
  • ពុទ្ធសាសនមណ្ឌលព្រះសីហនុធម្មាធិរាជ (ខេត្តកំពង់ស្ពឺ)
  • ពុទ្ធិកវិទ្យាល័យព្រះសង្ឃរាជ បួរ គ្រី (រាជធានីភ្នំពេញ)
  • ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា (រាជធានីភ្នំពេញ)
  • ពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (ខេត្តកណ្តាល)
  • កសាងព្រះមហាកុដិ ក្នុងវត្តបទុមវតី ធម្មយុត្ត (រាជធានីភ្នំពេញ)
  • កសាងព្រះរាជដំណាក់អនុស្សាវរីយ៍ ក្នុងវត្តស្វាយពពែ (រាជធានីភ្នំពេញ)
  • កសាង​សាលាបុញ្ញសភាថ្មី ក្នុងវត្តស្វាយពពែ
  • កសាងសមិទ្ធិផលជាច្រើនក្នុងវត្តស្វាយពពែ
  • កសាងវត្តព្រះឥន្ទសាមគ្គីធម៌ (ខេត្តកណ្តាល) ជាដើម​។បេ។

ស្នាព្រះហស្តក្រៅប្រទេស

[កែប្រែ]
  • ឆ្នាំ១៩៩៧៧ ទ្រង់បានបង្កើត​ពុទ្ធិកសមាគមខ្មែរដំបូងបង្អស់មួយ ឈ្មោះថា ពុទ្ធិកសមាគមខ្មែរ នៅទីក្រុងក្រេតីយ៍ ប្រទេស​បារាំង
  • ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨០ ទ្រង់បានកសាងវត្តដំបូងបង្អស់មួួយ ឈ្មោះថា វត្តខេមរារាម ពុទ្ធិកសមាគមខ្មែរ នៅទីក្រុងក្រេតីយ៍ ប្រទេស​បារាំង រួមទាំងសាខាក្នុងខេត្តនានា ដូចជា លីល រូបេ ទួលណង់ស៊ី (ប្រទេសបារាំង)
  • ឆ្នាំ១៩៨១ ទ្រង់បានបង្កើតសាខា វត្តខេមរារាមពុទ្ធិកសមាគមខ្មែរ នៅប្រទេសអាល្លឺម៉ង់
  • ឆ្នាំ១៩៨២ ទ្រង់បានបង្កើតនូវ​សមាគមពុទ្ធិកសង្គ្រោះអន្តរជាតិ នៅប្រទេសបារាំង
  • ឆ្នាំ១៩៨៦ ទ្រង់បានបង្កើតសាខាវត្តខេមរារាមពុទ្ធិកសមាគមខ្មែរ នៅប្រទេសប៊ែលហ្សីក
  • ឆ្នាំ២០០៣ ទ្រង់បានបង្កើតវត្តនៅសហរដ្ឋអាមេរិក (រដ្ឋអូហាយូ និងវ៉ាស៊ីនតោន) ឈ្មោះវត្តខេមរារាម ស្នូហូមីស្ស
  • ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០០៧ ទ្រង់បានបង្កើតវត្តនៅទីក្រុងម៉ាកាសារ ប្រទេស​ឥណ្ឌូនេស៊ី ឈ្មោះ គិរីនាគា។

មើលផងដែរ

[កែប្រែ]

យោង/ពិគ្រោះ

[កែប្រែ]
  • បានទទួលការជួយជ្រោមជ្រែង និងត្រួតពិនិត្យ និងឯកសារ​សំខាន់ៗមួយចំនួន ពីសម្តេច ព្រះពុទ្ធាចារ្យ ទូច សុខវោហារ សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
  • ឯកសារពី លោកស្រី ម៉ង តារា ព្រះរាជលេខាសម្តេចព្រះមហាសង្ឃរាជនៅបារាំង
  • រូបភាពឯកសារពីឧបាសកTy Sophat
  • គណៈធម្មយុត្តិកម្ពុជា ថ្ងៃនេះ
  • វត្តខេមរារាម[តំណភ្ជាប់ខូច]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]